រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានប្រមាណ ១៧ពាន់លានដុល្លារក្នុងត្រីមាសទី១
ADBព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,៥% ក្នុងឆ្នាំ២០២៦ នាំមុខដោយវិស័យ​កម្មន្តសាល
រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញឱ្យសហគ្រាសបង្កើនធាតុចូលក្នុងស្រុក ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក

សេដ្ឋកិច្ច និង កសិកម្ម

ធនាគារជាតិនៃកម្ពុជា រំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ មានកំណើន ៥,៥ ភាគរយ

2023/07/07 10:42:46 am        252
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ព្យាករសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ នឹងមានកំណើន ៥,៥ ភាគរយ ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២ ភាគរយ ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ស្ថានភាព ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២២ នៅថ្ងៃទី ៦ ខែ កក្តដា ឆ្នាំ២០២៣នេះថា ហានិភ័យសក្តានុពលចម្បងៗមានប្រភពពីកត្តាខាងក្រៅ ដោយសារការ​បើក​ចំហរសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ សម្រាប់​កំណើន​សេដ្ឋកិច្ចកម្ពុជា។ដោយហានិភ័យមួយមានដូចជា៖ ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា។ ក្រៅបញ្ហាខាងលើ គឺមានការអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់​កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ​និងការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើន​ឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន អាចកាត់បន្ថយការវិនិយោគ​ក្នុងស្រុកផងដែរ។ទន្ទឹម​នឹងហានិភ័យខាងក្រៅ, ហានិភ័យសក្តានុពលខាងក្នុង ក៏ត្រូវយកចិត្តទុកដាក់ និងតាមដាន​ផងដែរ ដែលក្នុងនោះអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ ជាក់ស្តែងក្នុងរយៈពេលប្រមាណ ១ ទសវត្សរ៍មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាង​ឆាប់រហ័ស។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុក ដោយសារវិបត្តិកូវីដ និងការងើប​ឡើងក្នុង​ស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។ ស្ថានភាពនេះ​ទាមទារឱ្យ​មានការ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន ​ជាពិសេសលើការផ្តល់​ឥណទានទៅ​កាន់​វិស័យ​អចលនទ្រព្យ ព្រមទាំង​ពង្រឹងកិច្ច​សហការយ៉ាង​ជិតស្និត​រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បី​គ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញអង្ករបាន ៣៣ម៉ឺនតោន ទទួលចំណូល ២២៩លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៣

2023/07/07 07:06:07 am        592
ភ្នំពេញ៖ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលBTV ទទួលបាននៅថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២៣។សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន ៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨,៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន៨៨.៩៦លានដុល្លាសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ បានចំនួន ១២២,១១៧ តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧លានដុល្លាសហរដ្ខអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤បរិមាណចំនួន ២៨,១១០ តោន គិតជាទឹកប្រាក់មានចំនួន ១៨.៨៧លានដុល្លាសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងៗ នៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-និងចំនួន២១ គោលដៅបានបរិមាណចំនួន ៤១,០៤២ តោន គិតជាទឹកប្រាក់មានចំនួន៣៤.៧៣លានដុល្លាសហរដ្ឋអាមេរិក ។សូមបញ្ជាក់ថា ក្នុងឆមាសទី០១នេះ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើន​ឡើងរួមមាន ហ្វីលីពីន និង ព្រុយណេ។ ក្នុងនោះដែរអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨% អង្ករសគ្រាប់វែង ១១.៣៤% អង្ករសគ្រាប់ខ្លីចំនួន ០.១៤% អង្ករចំហ៊ុយ ២.៤២% អង្ករសរីរាង្គចំនួន ១.០២%។ចំណែកការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង ចំនួន ២ ២២៤ ៩១៣ តោន គិតជាទឹកប្រាក់សរុបនៃការនាំចេញស្រូវចំនួន ៥៧៨.៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះចំនួន ៥៥% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ជំរុញការនាំចេញផលិតផល សំលៀកបំពាក់ ស្បែកជើង ទៅទីផ្សារអាមេរិក

2023/07/06 01:10:28 pm        140
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ផាទ្រីក មូរហ៊្វី (W.Patrick Murphy) លើកឡើងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) ដែលជំរុញឱ្យការបញ្ជាទិញពីទីផ្សារសហរដ្ឋអាមេរិកកាន់តែមានកំណើន កំណើននេះគឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងបន្ថែមនូវការនាំចេញផលិតផលកាបូប និងសម្ភារធ្វើដំណើរទៀតផង។ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ផាទ្រីក លើកឡើងបែបនេះ ក្នុងជំនួប​ជាមួយនឹង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។កម្ពុជាបានខិតខំទាញបានផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាមេរិក បានចំណាត់ថ្នាក់​ជា​ប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាមេរិក ​និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួល​អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីសហរដ្ឋអាមេរិក។ក្នុងជំនួបនោះផងដែរ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ​សំដៅ​ពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិកឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើន​វិនិយោគទុនរបស់ខ្លួននៅកម្ពុជាក្នុងវិស័យជាច្រើនទៀត​។ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាលើអនុសាសន៍មួយចំនួន ​ដូចជាករណីពលកម្មកុមារ អំពើ​ជួញដូរមនុស្ស ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ​ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍​ស្របច្បាប់របស់ពលករ ការធានានិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យ​ប្រសើរឡើង​នូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងបន្តអនុលោមភាពស្របតាមបទដ្ឋានការងារ​អន្តរជាតិ​ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។តាមរបាយការណ៍ ​ពីការិយាល័យស្ថិតិសហរដ្ឋអាមេរិក កម្ពុជាបាននាំចេញទំនិញមាន​ទឹកប្រាក់​ប្រមាណ ១២​,២ពាន់លានដុល្លារ ​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ​ក្នុងឆ្នាំ២០២២ កើនឡើង ប្រមាណ ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ទំនិញសំខាន់ៗដែលប្រទេសកម្ពុជា នាំចេញទៅសហរដ្ឋអាមេរិក ​មានដូចជា ផលិតផល​សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ​ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ MFN និង GSP៕អត្ថបទ ឈិត បូរ៉ាវី 

កម្ចីឥណទានប្រើប្រាស់ចំគោលដៅ នឹងជួយបង្កើនចំណូលដល់ជីវភាពក្នុងគ្រួសារប្រសើរឡើង

2023/07/06 01:01:07 pm        335
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកឡើងថា ការខ្ចីប្រាក់ពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ត្រឹមត្រូវមិនមែនជារឿងអាក្រក់នោះទេ ក្នុងនោះប្រសិន បើកម្ចីទៅប្រើប្រាស់ចំគោលដៅ មិនត្រឹមតែមានលទ្ធភាពក្នុងការសងត្រឡប់នោះទេ ថែមទាំងជួយបង្កើនចំណូលដែលអាចជួយដល់ជីវភាពក្រុមគ្រួសារបានល្អប្រសើរផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងកម្មវិធីជំនួប​ជាមួយ​អ្នកសារព័ត៌មាន ក្រោមប្រធានបទ៖ ការត្រួតពិនិត្យស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ ​សាលាបច្ចេកទេសធនាគារ (CBS) ថ្ងៃទី៥ ​ខែកក្កដា ឆ្នាំ ២០២៣ ​នេះថា ជុំវិញការខ្ចីប្រាក់របស់ប្រជាពលរដ្ឋនៅតាមគ្រឹះស្ថានធនាគារ ​ក៏ដូចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនា គារជាតិនៃកម្ពុជា ​តែងតែ​បញ្ជ្រាប​ចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់​កម្ចីចំគោលដៅ ពីការ​កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានត្រឹមត្រូវ ដោយមានការថ្លឹងថ្លែងឲ្យបាន​ច្បាស់លាស់ ដើម្បីយកប្រាក់​ទាំងនោះប្រើប្រាស់ឲ្យមានតម្លាភាព ពោលគឺការប្រាក់​ទៅអាចរក​ចំណូល និងមានលទ្ធភាពសង់ត្រឡប់។ លោកជំទាវបណ្ឌិត បន្តថា ទាក់ទងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានចែករំលែកចំណេះដឹង​អំពីផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដល់ក្រុមអ្នកសារព័ត៌មាន ក្នុងគោលបំណងដើម្បីផ្សាយបន្តប្រាប់​ដល់ពលរដ្ឋ ​អំពីការដាក់ប្រាក់សន្សំតាមធនាគារ ​និងហិរញ្ញវត្ថុ ដែលផ្ដល់ទាំងសុវត្ថិភាព និង​ការប្រាក់ ពោលគឺចៀសជាងការខ្ចីលុយមានការប្រាក់ខ្ពស់ពេក និងគ្មានច្បាប់ត្រឹមត្រូវ ដែលអាចបង្កជាហានិភ័យ។ លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថា ជុំវិញការខ្ចីនេះ ធនាគារជាតិនៃកម្ពុជា តែងតែលើកទឹកចិត្ត​ប្រជាពលរដ្ឋឲ្យសន្សំលុយ តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្លូវការ ដោយមានការចុះកិច្ចសន្យាត្រឹមត្រូវ ក្នុងនោះចំពោះការសន្សំលុយនៅធនាគារពាណិជ្ជ នឹងទទួលបានការប្រាក់ទៀតផង។ សម្រាប់បញ្ហានេះ ប្រសិនបើកម្ចីទៅលើការរកស៊ី ដើម្បីបាន​ចំណូល បង្កើនចំណូល ហើយមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុល ​នោះការជំពាក់ ឬខ្ចីលុយគេជារឿងល្អ ​ក៏ប៉ុន្ដែប្រសិនបើការខ្ចីលុយយកទៅប្រើប្រាស់ខុសគោលដៅដូចជា ឡើង​ស៊េរីទូរស័ព្ទ, ទិញម៉ូតូ ឬឡានថ្មី ទាំងនេះជាហានិភ័យ បង្កគ្រោះថ្នាក់ឈានដល់ការ​ជាប់​បំណុលវ័ណ្ឌក៕អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចកម្ពុជា រំពឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% នៅឆ្នាំក្រោយ

2023/07/05 10:42:57 am        208
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤ ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុក នៅបន្តរក្សាបាននូវនិន្នាការកំណើនល្អជាវិជ្ជមាន ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុ និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ​សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤, ជុំវិញវិស័យសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបាន​ប៉ាន់ស្មានឡើងវិញថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦%, ដោយអនុវិស័យគាំទ្រកំណើន​មានការ​ប្រែប្រួល បើធៀបនឹងការរំពឹងទុកកាលពីដើមឆ្នាំ ។ ចំណែកសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ វិញ ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ស្របពេលការអនុវត្តក្របខណ្ឌ​យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ។ទន្ទឹមនេះ, ការបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ និងការដាក់​ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីជួយប្រជាកសិករ នឹងជួយជំរុញកំណើន ជារួម តាមរយៈការធ្វើទំនើបកម្មកសិកម្មកម្ពុជាឱ្យកាន់​តែមានភាព​ប្រកួតប្រជែង, បរិយាបន្ន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ចំណែកវិស័យឧស្សាហកម្ម ក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលរំពឹងថា នឹងសម្រេចបានកំណើន ៥,០% ដោយសារការថមថយកំណើនអនុវិស័យកាត់ដេរ និងការបន្តកំណើនទាប​នៃអនុវិស័យ​សំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អប្រសើរ ។ សម្រាប់ឆ្នាំ ២០២៤ វិញ, វិស័យឧស្សាហកម្មនេះ ត្រូវបានព្យាករថា សម្រេចបានកំណើនក្នុងអត្រា ៨,៥% ទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែល​អនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិជំងឺកូវីដ-១៩ ។ដោយឡែកវិស័យសេវាកម្មវិញ ​ត្រូវបានព្យាករថា ​នឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា ៨,១% ក្នុងឆ្នាំ ២០២៣ និង ៦,៩% ក្នុងឆ្នាំ ២០២៤ ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និង​ភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀតដូចជា ​អនុវិស័យលក់ដុំ-រាយ និង​អនុវិស័យ​ដឹកជញ្ចូន និងគមនាគមន៍ ខណៈដែលអនុវិស័យអចលនទ្រព្យរំពឹងថា នៅបន្តសម្រេចបានកំណើន​ទាប​ជាងនិន្នាការធម្មតា៕អត្ថបទ៖ សុន រ៉ាឌី

ដំណើរសេដ្ឋកិច្ចនៅកម្ពុជាមានសភាពជាប្រក្រតី នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/05 10:37:07 am        632
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកឡើងថា លំហូររូបិយវត្ថុ ការវិនិយោគ ក៏ដូចជាធ្វើពាណិជ្ជកម្ម មានដំណើរការធម្មតា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលប្រការទាំងនេះបង្ហាញឲ្យឃើញនូវមោទនភាព អំពីស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញនៃប្រទេសកម្ពុជាទាំងមូល។លោកជំទាវ ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានលើកឡើង នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣នេះថា ប្រសិនមានព្រឹត្តិការណ៍អ្វីកើតឡើង ទោះបីមិនមានការប៉ះពាល់ដល់រូបិយវត្ថុ​ក៏ដោយ អ្នកវិនិយោគ ជាពិសេសប្រជាពលរដ្ឋដែលដាក់ប្រាក់បញ្ញើរ តែងតែមានសភាពជ្រួលជ្រាល ដើម្បីដកប្រាក់យកទៅទុកផ្ទាល់ខ្លួន។ បើតាមការសង្កេតមើលឃើញជាក់ស្តែង ជាពិសេសនៅ​ពេលមានការបោះឆ្នោតនៅអណត្តិមុនៗ បញ្ហានេះតែងតែកើតឡើង ប៉ុន្តែនៅក្នុងប៉ុន្មានអាណត្តិ​ចុងក្រោយនេះ ​គឺកិច្ចដំណើរសេដ្ឋកិច្ចនៅកម្ពុជាមានសភាពជាប្រក្រតី ក្នុងនោះលំហូរសាច់នៅក្នុង​សេដ្ឋកិច្ច មានចរន្តជាធម្មតាផងដែរ។លោកជំទាវ ថ្លែងបន្តថា ជាក់ស្តែងនៅក្នុងអាណត្តិនេះជាដើម បរិយាប័ន្នរូបិយវត្ថុ ​ការវិនិយោគ និង​ការធ្វើពាណិជ្ជកម្មផ្សេងៗ មានលំហូរសាច់ប្រាក់ចេញ-ចូលជាធម្មតា ដែលប្រការទាំងនេះបាន​បង្ហាញឲ្យឃើញនូវមោទនភាព​ សុខសុវត្ថិភាព ​ស្ថិរភាពនយោបាយរបស់កម្ពុជា ដែលបញ្ហាទាំងនេះ បានផ្តល់​នូវបរិយាកាសវិនិយោគ ការរកស៊ីទទួលទានផ្សេងៗ​បាន​ដំណើរការទៅដោយរលូន ពោល​គឺមិនមានប៉ះពាល់ដល់លំហូររូបិយវត្ថុ ឬចរន្តនៃសេដ្ឋកិច្ចនោះឡើយ។ទាក់ទិនបញ្ហានេះដែរ,លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃរាជបណ្ឌិតសភាកម្ពុជា ​មើលឃើញថា ជុំវិញព្រឹត្តិការណ៍ចេញឃោសនារកសំឡេងឆ្នោត របស់​បក្សនយោបាយក្នុងអណត្តិនេះនៅកម្ពុជា​ ក្នុងនោះពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការនាំចេញ-ចូលជាដើម មានសភាពប្រក្រតីជាធម្មតា, ពោលគឺជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍នេះ​ ពួកគេសម្លឹងមើលអំពីស្ថានភាពយោបាយ និងការអភិវឌ្ឍ​នៅកម្ពុជារួចជាស្រាច់ ទើបពួកគេហ៊ានចេញ-ចូល ជាក់ស្តែងដូចនៅក្នុងពេល​នេះជាដើម​ វិនិយោគិនបានបន្តវិនិយោគបណ្តាក់ទុនរកស៊ីទទួលទានជាធម្មតា៕អត្ថបទ៖ សុន រ៉ាឌី

NBCដាក់ឲ្យដំណើរការ ប្រព័ន្ធខេមបូឌានស៊ែស្វីច សម្រាប់ប្រតិបត្តិការសាច់ប្រាក់

2023/07/04 01:49:07 pm        307
ភ្នំពេញ៖​ធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច ហៅកាត់ថា CSS ជាប្រព័ន្ធទូទាត់យ៉ាងសំខាន់ ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈផ្តល់នូវការទូទាត់ប្រកបដោយប្រសិទ្ធភាព សម្រាប់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់ជាដើម។ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច នៅថ្ងៃទី ៤ ខែកក្តដា ឆ្នាំ ២០២៣ នេះ ដោយប្រព័ន្ធ CSS នេះ បានដំណើរការទូទាត់លើឧបករណ៍ទូទាត់ប័ណ្ណឥណពន្ធ ក្នុងនោះប្រតិបត្តិការផ្ទេរមូលនិធិនៃឧបករណ៍នេះ កើតឡើងដោយប្រើប្រាស់ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) និងម៉ាស៊ីន POS ជាភ្នាក់ងារប្រតិបត្តិការ។ ប្រព័ន្ធខេមបូឌានស៊ែស្វីច CSS បានដំណើរការទូទាត់លើប្រតិបត្តិការចំនួន ៣ ប្រភេទធំៗគឺ៖ ប្រតិបត្តិការផ្ទេរប្រាក់ (ATM) ប្រតិបត្តិការដកប្រាក់ (ATM និង POS) ប្រតិបត្តិការទិញទំនិញ (POS) និងមានប្រតិបត្តិការមិនមែនហិរញ្ញវត្ថុចំនួន ៣ ផ្សេងទៀតដូចជា៖ ប្រតិបត្តិការពិនិត្យសមតុល្យ ប្រតិបត្តិការរបាយការណ៍សង្ខេប និងប្រតិបត្តិការប្ដូរលេខសម្ងាត់ ។សូមបញ្ជាក់ថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) គឺជាប្រព័ន្ធមួយសម្រាប់ជួយសម្រួលដល់​សាធារណជន ក្នុងការដកប្រាក់ឆ្លងធនាគារបានដោយមិនអស់សេវា។​ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ​ជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ​ផ្តល់ភាពងាយស្រួល និងសុវត្ថិភាព​ដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ​ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និង​អន្តរជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថល ប្រកបដោយបរិយាបន្ន និងស្ថិរភាព៕អត្ថបទ៖ សុន រ៉ាឌី

ការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សនយោបាយ ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច

2023/07/03 11:18:02 am        234
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា នៅក្នុងយុទ្ធនាការឃោសនារកសំឡេងនេះ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់​ ដែលត្រូវបានចំណាយដោយគណបក្សនយោបាយ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច និងសង្គម ជាពិសេសបានជួយដល់អាជីវកម្ម សិប្បកម្ម​មួយចំនួន ដែល​ផលិត ឬវេចខ្ចប់សម្ភារៈផ្សេងៗ​សម្រាប់បម្រើដល់យុទ្ធនាការនេះ។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភា​កម្ពុជាលើកឡើងក្នុងកិច្ចសម្ភាសន៍ជាភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីកិច្ចដំណើរការសេដ្ឋកិច្ច និងសង្គម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី ៣ខែកក្កដា ឆ្នាំ២០២៣នេះថា ព្រឹត្តិការណ៍​ឃោសនារកសំឡេងឆ្នោត ​របស់បក្សនយោបាយក្នុងនីតិកាលទី ៧​ ឆ្នាំ ២០២៣​ នេះ គណបក្ស​នយោបាយ ត្រូវការជាចាំបាច់នូវឧបករណ៍ ឬសម្ភារៈផ្សេងៗ ដើម្បីចេញឃោសនារកសំឡេងគាំទ្រ ដែលតាមរយៈនេះ ថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច និងសង្គម ដោយបានជួយជ្រោមជ្រែងដល់អាជីវកម្ម សិប្បកម្ម សេវាកម្ម អ្នកផលិត និងវេចខ្ចប់នានា ក៏ដូចជាអ្នកលក់ដូរនូវមុខទំនិញមួយចំនួន ដោយអាចរកចំណូលបានសមរម្យផងដែរ។លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់បន្ថែមថា ទាក់ទិននិងសកម្មភាពសេដ្ឋកិច្ចនេះ នៅក្នុងការចេញ​ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នារយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមិនមានប៉ះពាល់ ការបង្កើតចលាចល ឬភាពអសកម្មណាមួយដល់ដំណើរអភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះឡើយ ទាំងការធ្វើអាជីវកម្មក្នុងស្រុក ក៏ដូចជាការវិនិយោគផងដែរ ពោលគឺសកម្មភាពក្នុង​សេដ្ឋកិច្ច និងសង្គម បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយបរិយាកាសល្អប្រសើរ។ចំណែក ឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងថា ស្ថិតក្នុងការ​ឃោសនា​រកសំឡេងនេះ ចំពោះសកម្មភាពនៃកិច្ចដំណើរការអភិវឌ្ឍ​របស់រោងចក្រ សហគ្រាស បានដំណើរជាធម្មតា​ ហើយចំណែកការធ្វើពាណិជ្ជកម្ម និងការវិនិយោគ បានប្រាស្រ័យ​ទាក់ទងគ្នាជាធម្មតា ។ ឧកញ៉ា លឹម ហេងបន្តថា ក្រៅពីនេះ ផ្នែកសេវាកម្មក៏បានប្រព្រឹត្តទៅដោយរលូនផងដែរ ដែល​កត្តាទាំងនេះ បង្ហាញឲ្យឃើញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីលទ្ធិប្រជាធិបតេយ្យ ដែលកំពុងជ្រកក្រោមដំបូលនៃសន្តិភាព៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិ ពង្រីកប្រព័ន្ធទូទាត់បន្ថែមជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា

2023/06/30 02:37:45 pm        167
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុង ពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ជាមួយប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុកជំនួស​ឱ្យប្រាក់ដុល្លារអាមេរិក ​នៅក្នុងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុនិងប្រព័ន្ធបាគង” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកសន្ទុក ខេត្តកំពង់ធំ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ​លើកឡើងថា ​កម្ពុជា ​បាន​តភ្ជាប់ជាមួយប្រទេសថៃ ​និងម៉ាឡេស៊ី ដោយ​ប្រជាជនកម្ពុជា​អាចស្កេនទូទាត់​នៅប្រទេសថៃ ​ចេញពីគណនីលុយរៀលរបស់ខ្លួន​នៅ​កម្ពុជា​បាន ហើយប្រជាជនថៃ ក៏អាចស្កេនទូទាត់ជាប្រាក់រៀលនៅកម្ពុជាផងដែរ។ ទេសាភិបាលរង បន្តថា យន្តការនេះ តម្រូវឱ្យ​អ្នក​ទិញនិងអ្នកលក់​ជាប្រជាជន​កម្ពុជា​មាន​គណនីជាប្រាក់រៀល​ ជាកត្តាជំរុញការប្រើប្រាស់​ប្រាក់រៀល​នៅកម្ពុជា។ បន្ថែមពីលើនេះ​ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ធនាគារជាតិនៃកម្ពុជា ​ក៏បាននិងកំពុង សហការជាមួយ​ប្រទេសជាច្រើនទៀត ​ទាំងក្នុងតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន ​និងអឺរ៉ុប ដើម្បី​បង្កើន​វិសាលភាពក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ​ចំណាយទាប ​និង​ទទួល​បានប្រាក់ឆាប់រហ័ស​ សំដៅគាំទ្រនិងជំរុញវិស័យទេសចរណ៍ ​ការវិនិយោគ ​ពាណិជ្ជកម្ម និង​ការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ​ជាពិសេសពលករដែលកំពុងបម្រើការនៅក្រៅប្រទេស។ ទាក់ទងនឹងការលើកកម្ពស់ប្រាក់រៀលវិញ ​លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា តម្រូវការ​ប្រាក់រៀល បានកើនឡើងជាលំដាប់​ ដែល​ឆ្លុះបញ្ចាំង​តាម​រយៈកំណើន​ប្រាក់រៀល​ក្នុង​ចរាចរណ៍ ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពី​ប្រមាណ ​៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២៕ អត្ថបទ៖ ជា វណ្ណៈ 

ក្រសួងពាណិជ្ជកម្ម ចង់លុបបំបាត់ការប្រកួតប្រជែងដែលមិនស្មោះត្រង់

2023/06/30 01:03:05 pm        259
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើសុំដល់សមាជិក សមាជិកា ចូលរួមពិនិត្យ និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ​ស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្ដសិទ្ធិកម្មសិទ្ធិបញ្ញា កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្នើសុំឲ្យ​ចូលរួម​ការងារ​ខាងលើនេះ ដើម្បីធានាបានកិច្ចការពារឱ្យមានប្រសិទ្ធភាព នៃសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ញា ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ប្រឆាំងនឹងការធ្វើចរាចរនៃផលិតផលក្លែងក្លាយ ជាពិសេសការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ​ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដោយជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាចំណោមសាធារណៈទូទៅ បង្កើនជំនឿទុកចិត្ត​ពីអតិថិជន ពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាជិក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិ​គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត រហូតទទួលបាន​លទ្ធផល​ការងារគួរជាទីមោទន ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព​ទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ , ការចូលជាសមាជិកនៃកិច្ចព្រមព្រៀងអនុសញ្ញា និង​សន្ធិសញ្ញាអន្តរជាតិ និងទទួលជោគជ័យក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញា ដែលមានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ជាដើម។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្ពុជាសម្រេចបាននូវលទ្ធផលគួរជាទីមោទនលើ​វិស័យ​កម្មសិទ្ធិបញ្ញា ដោយឆ្នាំកន្លងទៅក្រុមការងារចរចាជំពូកកម្មសិទ្ធិបញ្ញា បានចូលរួមយ៉ាង​សកម្មនៅក្នុងកិច្ចចរចា​ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលទើបនឹងចូលជាធរមានកាលពីឆ្នាំ២០២២ និងកិច្ចចរចាកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០២២ និងទើបបាន​ចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅថ្មីនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM