មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច និង កសិកម្ម

កម្មករ-កម្មការិនីរោងចក្រសហគ្រាស រំពឹងការដំឡើងប្រាក់ឈ្នួលអតិប្បរមាឆ្នាំ២០២៤

2023/07/26 06:20:53 pm        189
ភ្នំពេញ៖ ខណៈដែលកិច្ចប្រជុំពិភាក្សាប្រាក់អប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិត​ស្បែកជើង​សម្រាប់ឆ្នាំ២០២៤ ​នឹងឈានដល់នាពេលខាងមុខនេះ ​កម្មករ កម្មការិនី រោងចក្រ​សហគ្រាស សង្ឃឹមទុកថា ​នឹងអាចដំឡើងដូចរៀងរាល់ឆ្នាំបន្តទៀត បន្ទាប់គណបក្សប្រជាជនកម្ពុជា​នឹងបន្តដឹកនាំប្រទេសជាតិ ​ក្រោយទទួលសម្លេងគាំទ្រច្រើនលើសលុប ក្នុងការបោះឆ្នោតជាតិកន្លងទៅ។កម្មករកាត់ដេរ នៅសួនឧស្សាហកម្ម ឈុន ហុង ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹក​ថ្ងៃទី២៦ ខែកក្កដានេះ បានលើកឡើងស្រដៀងៗគ្នាថា​ ក្រោយចូលបំពេញការងារក្នុង​វិស័យ​​កាត់ដេរជាច្រើនឆ្នាំមកនេះ ​ប្រាក់ឈ្នួលដែលទទួលបាន ​តែងតែត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។ ពួកគាត់នៅតែរំពឹងទៀតថា​ នឹងទទួលបានការដំឡើងប្រាក់​ឈ្នួលអប្បបរមាខ្ពស់បន្តទៀត​សម្រាប់​ឆ្នាំ២០២៤ខាងមុខនេះ ​ដោយសារជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។បើតាមក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ បានឲ្យ ប៊ីធីវី ដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់​ឈ្នួលអ្បបរមាជូនកម្មករនិយោជិតក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប នៅខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជជែកគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិត អនុវត្តនៅឆ្នាំ២០២៤។គិតរហូតមកដល់ឆ្នាំ២០២៣នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរ​មានចំនួន ២០០ដុល្លារអាម៉េរិក ​ដោយគិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោង​ការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ​កម្មករនិយោជិតម្នាក់​ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ​ឬឈានដល់៣៥០ដុល្លារ ​នៅក្នុងមួយខែៗ៕អត្ថបទ៖ឈិត បូរ៉ាវី 

ADBផ្តល់កម្ចី៤០លានដុល្លារ សម្រាប់កំណែទម្រង់នៅក្នុងវិស័យសាធារណៈនៅកម្ពុជា

2023/07/26 06:02:46 pm        147
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ។កម្ចីកម្មវិធីរងទីពីរ និង ចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹង​តួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយ​ប្រសិទ្ធភាព។ កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រង ចំណូល និង ចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋាន​ដើម្បីផ្តល់​សេវាកម្មប្រសើរឡើង, លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាព​ទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ។នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា «កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការ​កម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្ត សម្រាប់ការផ្តល់សេវាសាធារណៈនៅ​មូលដ្ឋាន​ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និងការអប់រំជាដើម។ វិធានការដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងកម្រិតមូលដ្ឋានផងដែរ។កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADB លើកំណែទម្រង់វិមជ្ឈការ​ក្នុង​ប្រទេសកម្ពុជា​ រួមទាំងការបង្កើតគោលនយោបាយ​ និងក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ដំណើរការ​វិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូល​នៅថ្នាក់ក្រោមជាតិ។ ADB បានជួយបង្កើតការិយាល័យសេវាច្រកចេញចូលតែមួយសម្រាប់ការ​ផ្តល់សេវាដែលឆ្លើយតប​នឹងតម្រូវការ ក៏ដូចជាការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ដើម្បីត្រួតពិនិត្យភាពប្រសើរ​ឡើងនៃវិសាលភាព និងគុណភាពនៃសេវាកម្មដែលបានផ្តល់។កម្មវិធីរងទីពីរនេះផ្តោតលើ ការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការ និង​ប្រកបដោយគណនេយ្យភាព ​និងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយ ដើម្បីបំពេញ​តម្រូវ ការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវ​បានអនុម័ត ក្រោមកម្មវិធីរងទីមួយ ​ដែលមានគោលបំណងអភិវឌ្ឍជំនាញ​រដ្ឋបាលសាធារណៈ និង​សមត្ថភាពសម្រាប់​ មន្ត្រីរដ្ឋបាលមូលដ្ឋាន តាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការចាប់តាំងពីឆ្នាំ ២០០២ ​ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំង វិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍ​សេដ្ឋកិច្ច មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ​ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ​ដែលក្នុងនោះមាន ៤៩ ប្រទេស​ មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ អត្ថបទ សូដាវណ្ណ 

ស្លាករបស់ Twitter ចាប់ផ្ដើមទម្លាក់ចុះ នៅទីស្នាក់ការកណ្តាល ដោយប្តូរឡូហ្គោ X ជំនួសវិញ

2023/07/25 07:23:59 pm        146
អាមេរិក៖ ស្លាក ដែលគេស្គាល់ជាទូទៅរបស់បណ្ដាញសង្គម Twitter ចាប់ផ្តើមទម្លាក់ចុះហើយ នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ដែលការទម្លាក់ចុះនេះ គឺជាផ្នែកនៃការប្តូរស្លាកសញ្ញាពាណិជ្ជកម្មថ្មី។បន្ទាប់ពីប្រើប្រាស់រយៈពេល ១៧ឆ្នាំជាមួយនឹងនិមិត្តសញ្ញាបក្សីពណ៌ខៀវ ដែលតំណាងឲ្យការផ្សព្វផ្សាយគំនិតទៅកាន់ពិភពលោក មហាសេដ្ឋីលោក Elon Musk បានសម្រេចប្តូរឈ្មោះពីអក្សរ Twitter ជាអក្សរ X វិញ ហើយបានបង្ហាញឡូហ្គោថ្មី ដែលផ្ដោតការយកចិត្តទុកដាក់លើការបង្កើត «កម្មវិធីគ្រប់ប្រភេទ»។ចាប់តាំងពីចូលមកគ្រប់គ្រងក្រុមហ៊ុនបណ្ដាញសង្គម Twitter ក្នុងខែតុលា លោក Musk បាននិយាយថា លោកស្រមៃដល់ការបង្កើតកម្មវិធីមួយ ដែលអាចផ្តល់សេវាកម្មជាច្រើនដល់អ្នកប្រើប្រាស់លើសពីបណ្ដាញទំនាក់ទំនងសង្គម ដូចជាការបង់ប្រាក់តាមប្រព័ន្ធកុំព្យូទ័រជាដើម ពោលគឺជាគំនិតមួយ ដែលឆ្លុះបញ្ចាំងពីបណ្ដាញសង្គម WeChat ដ៏ពេញនិយម នៅប្រទេសចិន។តែយ៉ាងណាក្ដី ចាប់តាំងពីមានការកាន់កាប់របស់លោក Musk ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ បានប្រឈមនឹងពេលវេលាច្របូកច្របល់មិនចេះចប់ ដោយមានការបញ្ឈប់បុគ្គលិក ការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នកផ្សាយពាណិជ្ជកម្ម និងការកើនឡើងយ៉ាងឆាប់រហ័សនៃប្រើប្រាស់កម្មវិធីថ្មី Threads ដែលជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពរបស់ក្រុមហ៊ុន Meta ចំពោះក្រុមហ៊ុន Twitter៕

ការដោះដូរទំនិញរវាងកម្ពុជា និងអាស៊ានមានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ក្នុងឆមាសទី១

2023/07/25 06:02:47 pm        509
ភ្នំពេញ៖ ការដោះដូរ​ពាណិជ្ជ​​កម្ម​សរុប​របស់​កម្ពុ​ជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​សម្រេច​បាន​ជាង ៧,១ ពាន់​​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១ ​រួមចំណែកប្រមាណ ៣០ភាគរយ​នៃទំហំពាណិជ្ជអន្តរជាតិសរុប។របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​​ បាន​ធ្លាក់ចុះ ១៧ ភាគរយ ​នៅ​ក្នុង​ឆមាស​ទី​១ ​។ ​ចាប់ពី​ខែមករា ដល់ខែមិថុនា ការនាំចេញ​សរុប​របស់​កម្ពុជាទៅប្រទេសអាស៊ាន​ សម្រេចបានជាង ​២.៤ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៦ ភាគរយ ខណៈ​ការ​នាំចូល​សរុប​មាន​ជាង ៤.៦ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣១ ភាគរយ​។​​ការដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម​ ជាប់​ចំណាត់​ថ្នាក់​កំពូល​ ដែល​មានទឹកប្រាក់ជាង ៣,៣ ​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ប្រទេស​ថៃ​ ជាង ១ ពាន់​លាន​ដុល្លារ និងប្រទេស​សិង្ហបុរី​ជិត ៨០០ លាន​ដុល្លារ។បើ​យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម កម្ពុជា​បាន​នាំចេញ​កសិផល សំលៀកបំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក ​និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ​ខណៈដែល​ការនាំ​​ចូល​មាន​ដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក ​សម្ភារ​សំ​​ណង់ គ្រឿងយន្ត​កសិកម្ម និង​យានជំនិះ​។សូមបញ្ជាក់ថា ​ក្នុងឆមាសទី១ឆ្នាំ២០២៣​ ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មានទឹកប្រាក់​សរុបជាង ២៣.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១៣ភាគរយ ធៀប​នឹងរយៈពេលដូចគ្នា ឆ្នាំមុន៕ ​អត្ថបទ៖ វណ្ណៈ

កម្មករនិយោជិត ជឿជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តផ្តល់អត្ថប្រយោជន៍ និងកម្មវិធីគាំពារសង្គមនានា

2023/07/25 05:48:26 pm        573
ភ្នំពេញ៖ ដោយសារការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានបញ្ចប់ដោយភាព​ល្អប្រសើរ ជាមួយលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រច្រើនជាងគេ កម្មការិនីរោងចក្រកាត់ដេរ បានសម្តែងការសាទរ និងជឿជាក់ថា ក្រោមការដឹកនាំ​របស់​គណបក្សមួយនេះ ពួកគាត់នឹងនៅតែទទួលបាននូវអត្ថប្រយោជន៍ ​និងកម្មវិធីគាំពារសង្គមនានា ដែលប្រមុខថ្នាក់ដឹកនាំប្រកាសដាក់ឲ្យអនុវត្តនាពេលកន្លងមក និងដឹកនាំប្រទេសឲ្យរីកចម្រើនបន្ថែមទៀត។ក្រុមកម្មការនីរោងចក្រកាត់ដេរ ខេម អេភីអាយ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានលើកឡើងនៅព្រឹកថ្ងទី២៥ ខែកក្កដា ថា គិតរហូតមកដល់បច្ចុប្បន្ន អត្ថប្រយោជន៍ដែលពួកគាត់​ទទួល​បានមានដូចជា៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, របបប្រាក់សោធន ដូចមន្ត្រីរាជការ, ការដំឡលងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ​និងប្រាក់ឧបត្ថម្ភនៅពេលពពោះ និងក្រោយសម្រាលកូនជាដើម។ ពួកគាត់ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតជាប់ជានិច្ច ​ធ្វើឱ្យការរស់នៅ និងបំពេញ​ការងារ​សព្វថ្ងៃនេះ ប្រសើរឡើង ទទួលប្រាក់ចំណូល និងអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម​ដែលបានដាក់ចេញ។យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពការងារ​នៅតែបន្តរក្សាបានលំនឹង ​និងបានបន្តចូលរួមចំណែកក្នុងការបង្កើតការងារ ដែល​ឆ្លុះបញ្ចាំង​តាមរយៈកំណើនរោងចក្រ ​សហគ្រាស។ គិតត្រឹមឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលបាន​ចុះបញ្ជី​ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១ ៥០០រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់៕អត្ថបទ៖ បូរ៉ាវី

រាជរដ្ឋាភិបាល នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា ៦,៦ ភាគរយ ឆ្នាំ២០២៤

2023/07/25 05:41:56 pm        365
ភ្នំពេញ៖ ឆ្នាំ២០២៤ ជាឆ្នាំដំបូងនៃអាណត្តិរបស់រាជរដ្ឋភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ខ្ជាប់នូវ ការអនុវត្តគោលការណ៍ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី សំដៅលើកកម្ពស់ការបន្តអភិវឌ្ឍន៍ជាតិប្រកបដោយបរិយាបន្ន, ជាពិសេស ការរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ​គ្រប់គ្រងឆ្នាំ ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចពីទស្សនវិស័យសេដ្ឋកិច្ច​សកល​សម្រាប់ឆ្នាំ ២០២៤ ត្រូវបានរំពឹងថា ​នឹងសម្រេចបានកំណើនល្អ ជាមួយនឹងការថមថយ​អត្រា​អតិផរណា ខណៈដែលឆ្នាំ ២០២៣ ជាចំណុចរបត់មួយ ដែលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់​កម្រិត​ទាបបំផុត ក្នុងបរិការណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ឈរលើមូលដ្ឋាននេះ, កំណើនសេដ្ឋកិច្ច កម្ពុជាក្នុងឆ្នាំ ២០២៤ រំពឹងថា នឹងសម្រេចបានក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណា ​ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា ២,៥% និងការរក្សា​បាន​នូវស្ថិរភាពអត្រាប្តូរប្រាក់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ។ ជុំវិញកំណើន​ខ្ពស់ និងរឹងមាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា និងគាំទ្រដោយលទ្ធភាព​ក្នុងការ​សម្របខ្លួនបានទៅនឹង ​និន្នាការសកល និងតំបន់ ដែលបាននិងកំពុងលេចឡើង, ការត្រៀមខ្លួន​ដោះស្រាយបញ្ហាប្រឈម ​និងហានិភ័យធំៗ, ការទាក់ទាញ វិនិយោគដែលមាន​តម្លៃបន្ថែមខ្ពស់ , ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ និងភាគលាភប្រជាសាស្ត្រកម្ពុជា, ការទាញប្រយោជន៍ពីការ រីកចម្រើនយ៉ាងរហ័សនៃឌីជីថលូបនីយកម្ម, ព្រមទាំងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនានា ។ទាក់ទងការវិនិយោគនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា មើលឃើញថា ក្រោយ ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ កម្ពុជានិងអាចស្រូប​យកឱកាសវិនិយោគកាន់តែច្រើន ខណៈការបោះឆ្នោតនេះ បាន បង្ហាញឲ្យពិភពលោក ជាពិសេសវិនិយោគិនបរទេស មានទំនុកចិត្តកាន់ខ្លាំង ក្នុងការមកបណ្តាក់​ទុនរកស៊ីទទួលទាននៅកម្ពុជា។ ចំពោះ វិស័យបច្ចេកវិទ្យាឌីជីថលូបនីយកម្មវិញ លោកជំទាវ កែវ មុំ ប្រធានសមាគម​សហគ្រិន​ស្រ្តីកម្ពុជា បានលើកឡើងផងដែរថា វិស័យបច្ចក វិទ្យាបានកំពុងជំរុញផ្លាស់ប្តូរ​យ៉ាងលឿន ក្នុងនោះសហគ្រិនជាស្រ្តីបានកំពុងចាប់យកវិស័យនេះផងដែរ ​សម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី

កសិករដំណាំលម៉ើរបស់អ៊ីរ៉ាក់ ទទួលបានផលច្រើន អំឡុងរលកកម្តៅដ៏ក្តៅខ្លាំងនៅរដូវក្តៅនេះ

2023/07/24 10:11:07 pm        273
មិនដូចគ្នានឹងក្រុមមិត្តៗកសិកររបស់គាត់ឡើយ ដែលដំណាំរបស់ពួកគេរងផលប៉ះពាល់ដោយសាររលកកម្តៅក្តៅខ្លាំងបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ លោក Abbas Ali Abdel Latif ដែលជាកសិករដំណាំលម៉ើ និយាយថា លោកទទួលបានផលចំណេញច្រើននៅរដូវក្តៅនេះ ។សីតុណ្ហភាពក្តៅខ្លាំងនៅទីក្រុងភាគខាងត្បូង Basra ប្រទេសអ៊ីរ៉ាក់ ដែលបានកើនឡើងដល់ជិត ៥០អង្សាសេ គឺត្រូវការខ្លាំងសម្រាប់ដំណាំរបស់លោក ដើម្បីឲ្យទុំកាន់តែលឿន ។ សីតុណ្ហភាពខ្ពស់នេះដែរ បានធ្វើឲ្យល្អប្រសើរដល់បរិមាណផលិតផល ។ លោកនិយាយថា លើសពីនេះទៅទៀត សីតុណ្ហភាពខ្ពស់ មានន័យថា លោកអាចប្រមូលផល រួចផលិតជាទឹកស៊ីរ៉ូលម៉ើ គឺជាទឹកស៊ីរ៉ូ ‘Damaa’ ដ៏ពេញនិយមនៅក្នុងចំណោមអ្នកប្រើប្រាស់ ដែលត្រូវការបង្ហាប់ និងហាលក្រោមពន្លឺព្រះអាទិត្យ ។ រយៈពេលជាង ១សប្តាហ៍កន្លងមកនេះ សីតុណ្ហភាពនៅទូទាំងសកលលោក បានហក់ឡើងខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ហើយនិងបង្កឲ្យមានភ្លើងឆេះព្រៃ ខណៈដែលភ្លៀងខ្លាំង បានវាយប្រហារទីក្រុងជាច្រើននៅជុំវិញពិភពលោក ។ យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN)បានឲ្យដឹងថា អ៊ីរ៉ាក់ គឺជាប្រទេសងាយរងគ្រោះបំផុតលំដាប់ទី ៥របស់ពិភពលោក ចំពោះវិបត្តិអាកាសធាតុ ។ គ្រោះរាំងស្ងួត និងសីតុណ្ហភាពក្តៅខ្លាំង ធ្វើឲ្យរីងស្ងួតដីកសិកម្ម និងធ្វើឲ្យតំបន់ជាច្រើនរបស់អ៊ីរ៉ាក់ ស្ទើតែគ្មានមនុស្សរស់នៅ អំឡុងខែរដូវក្តៅ ។ ប្រទេសមួយនេះ រកឃើញសីតុណ្ហភាពខ្ពស់បំផុតយ៉ាងហោច ៥២អង្សាសេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ធនាគារកណ្តាលចិន ចេញសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងសុវត្ថិភាពទិន្នន័យរបស់ខ្លួន

2023/07/24 09:09:25 pm        268
ធនាគារកណ្តាលរបស់ប្រទេសចិន បានចេញសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ​សម្រាប់​ប្រតិបត្តិការផ្ទាល់របស់ធនាគារ នៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុងប៉េកាំង រឹតបន្តឹង​ការ​ក្តោបក្តាប់​របស់ខ្លួន​លើការប្រើប្រាស់​ទិន្នន័យ ​និង​សន្តិសុខ​ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រ​នយោបាយ កើនឡើង និងការព្រួយបារម្ភអំពីភាពឯកជន។ធនាគារប្រជាជនចិន ​កំពុងស្នើសុំមតិសាធារណៈលើសេចក្តីព្រាងគោលការណ៍ណែនាំនេះ រហូតដល់ថ្ងៃទី២៤​ ខែសីហា។ធនាគារកណ្តាល នឹងបង្កើតប្រព័ន្ធគណនេយ្យភាពសម្រាប់សុវត្ថិភាពទិន្នន័យ និងវិធានការដាក់​ទណ្ឌកម្មផងដែរសម្រាប់ការបំពាន ​ដោយស្វែងរកការគ្រប់គ្រងរាល់សកម្មភាពដំណើរការទិន្នន័យ ដោយអនុលោមតាមច្បាប់។នៅក្រោមច្បាប់នេះ ទិន្នន័យរបស់ធនាគារកណ្តាល ដែលប្រមូលបាននៅក្នុងប្រទេស​ ប្រសិន​បើតម្រូវដោយច្បាប់ នឹងត្រូវរក្សាទុកក្នុងប្រទេស ហើយអ្នកដំណើរការទិន្នន័យ ត្រូវបានហាមឃាត់​មិនឲ្យបំបែក ឬកាត់បន្ថយទំហំនៃទិន្នន័យ ដើម្បីជៀសវាងការត្រួតពិនិត្យ​សុវត្ថិភាព​ផ្លូវការ នៅ​ពេលទិន្នន័យ ត្រូវបានយកចេញ។កាលពីខែកក្កដាឆ្នាំមុន ប្រទេសចិនបានបង្ហាញវិធានការត្រួតពិនិត្យទិន្នន័យឆ្លងព្រំដែន ដែល​ទាមទារឲ្យ មានការត្រួតពិនិត្យសុវត្ថិភាពសម្រាប់ការផ្ទេរទិន្នន័យនៅបរទេសដ៏សំខាន់ ជា​ដំណើរការ​ដែលបណ្តាលឲ្យមានការភាន់ច្រឡំ និងបង្កើនការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុន​ហិរញ្ញវត្ថុបរទេស ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ។

កម្ពុជារំពឹងថាកិច្ចព្រមព្រៀង RCEP និង FTA ជួញជំរុញការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង

2023/07/24 06:42:23 pm        496
ភ្នំពេញ៖ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ ជំរុញការនាំចេញទំនិញ​ ជាផលិតផលសំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ​បន្ទាប់ពីការនាំចេញទៅទីផ្សារអឺរ៉ុប​ និងអាមេរិក មាននិន្នាការធ្លាក់ចុះ។ប្រធានសមាគមស្បែកជើងកម្ពុជាឧកញ៉ា លី ឃុនថៃ បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រសាសន៍ថា ការនាំចេញស្បែកជើងទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង បានកើនឡើងគួរឱ្យ​សំគាល់ ចាប់តាំងពីអនុវត្តកិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ជាមួយចិន​ និងកូរ៉េខាងត្បូងចូលជាធរមានកាលពីឆ្នាំមុន។ឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា៖ "ជាមួយនឹងពន្ធអនុគ្រោះ យើងរំពឹងថានឹងទទួលបាន​ការ​បញ្ជាទិញបន្ថែមទៀត​សម្រាប់ផលិតផលសំលៀកបំពាក់​ ស្បែកជើង ​និងកាបូបធ្វើដំណើរ ទៅប្រទេសសមាជិក RCEP ទាំងនោះ" ។ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់ទំនិញ​ផលិតផលសំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ របស់កម្ពុជាគឺអឺរ៉ុប ​សហរដ្ឋអាមេរិក ​និងកាណាដា។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា កម្ពុជា បាននាំចេញទំនិញ ផលិតផល​សំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ មានតម្លៃជាង ​៥ ពាន់លានដុល្លារអាមេរិក ចាប់​ពីខែមករាដល់ខែមិថុនាឆ្នាំនេះ​ ធ្លាក់ចុះជាង១៨ ​ភាគរយពី ជាង៦​ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ។កិច្ចព្រមព្រៀង RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងប្រទេសសមាជិក​អាស៊ាន​ទាំង ១០ ដែលមានប្រ៊ុយណេ ​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ​សិង្ហបុរី ថៃ និងវៀតណាម ​និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕អត្ថបទ៖ វណ្ណៈ 

ហាងលក់ទំនិញ និងផ្សារមួយចំនួននៅភ្នំពេញ បើកដំណើរវិញជាធម្មតាក្រោយការបោះឆ្នោត

2023/07/24 06:23:32 pm        136
ភ្នំពេញ៖ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ១ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ មាន​ស្ថានភាព​សុខសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពលរដ្ឋគ្មានការភ័យខ្លាច បណ្តាហាង​លក់ទំនិញ និងតូបតាមផ្សារសាធារណៈ និងឯកជនមួយចំនួនធំបានបើកដំណើរការ​វិញជាធម្មតា និងខ្លះបន្តបិទ ដើរកម្សាន្តទៅតាមរមណីយដ្ឋានទេសចរណ៍ ​ហើយអាជីវកម្មខ្លះទៀត បន្តបិទ​ដោយសារបុគ្គលិក កម្មករ មិនទាន់ត្រឡប់មកពីស្រុកកំណើតវិញ។បើតាម ប្រធានផ្សារច្បារអំពៅ រាជធានីភ្នំពេញ លោក គួច ចំណាន បានថ្លែងប្រាប់BTVនៅថ្ងៃទី២៤ ខែកក្តដានេះថា​ សម្រាប់ផ្សារច្បារអំពៅ នៅក្រោយការបោះឆ្នោតសកល ​មួយថ្ងៃនេះ គឺមាន​តូប​អាជីវករ​ប្រមាណជាង៦០% ​គឺបានបើកដំណើរការវិញ​ក្នុងទឹកមុខ​សប្បាយរីករាយ ហើយ​អាជីវករខ្លះទៀត ​បានបន្តបិទតូបបន្តដើរ​កម្សាន្ត​ទៅ​គោលដៅ​ទេសចរណ៍នានា។ដោយឡែកសម្រាប់អាជីវករលក់គ្រឿងអលង្កាវិញ​ ក៏បានថ្លែងដែរថា ​នៅក្នុងការបោះឆ្នោតសកល អាណត្តិទី៧នេះ ​យើងមិនមានការភ័យខ្លាចដូចការបោះឆ្នោតអាណត្តិមុនៗនោះទេ ពោលគឺយើង​មាន​ការពេញចិត្តលទ្ធផលការបោះឆ្នោតនេះ ហើយបណ្តាអាជីវករ ​ក៏ស្នើឲ្យការបោះឆ្នោតសកល​នៅអាណត្តិបន្តបន្ទាប់ទៀត​ គឺបន្តមានស្ថានភាព​ស្ងប់ស្ងាត់​ល្អប្រសើរ​ ដូចនេះរហូតទៅ ដើម្បីងផ្តល់​ឱកាសល្អប្រសើរដល់អាជីវករ និងអ្នកវិនិយោគទុនជាតិអន្តរជាតិ​ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​មានរីកចំរើនលឿន។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ​មានពលរដ្ឋ អញ្ជើញ​ទៅបោះឆ្នោតមានប្រមាណជាង៨លាន ​២សែននាក់ ​ស្មើនឹង ៨៤.៥៨%នៃចំនួនអ្នកមាន​ឈ្មោះបោះឆ្នោត​សរុបនៅក្នុងបញ្ជី៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
09/14/2026 08:09 PM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
09/14/2026 07:09 PM
លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
09/14/2026 06:09 PM
មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
09/14/2026 06:09 PM
ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
09/14/2026 06:09 PM
មនុស្សម្នាក់ស្លាប់ និង ២៥នាក់ បាត់ខ្លួន ក្រោយទូកដឹកជនអន្តោប្រវេសលិចនៅជិតតំបន់ឆ្នេរប្រទេសក្រិក
09/14/2026 06:09 PM
IRGC៖ អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-1របស់អាមេរិកលើច្រកសមុទ្រហ័រមូស
09/14/2026 06:09 PM
ប្រធានាធិបតី៖ ហ្វាំងឡង់មិនមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ អំឡុងពេលសន្តិភាពទេ
09/14/2026 06:09 PM
ទូរទស្សន៍រដ្ឋ៖ ប្រមុខ​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានអាមេរិករារាំងមិនឱ្យចូលរួមកិច្ចប្រជុំ IAEA នៅទី​ក្រុងវីយ៉ែន
09/14/2026 06:09 PM
របាយការណ៍៖ តំបន់ហិមាល័យ​ឆ្ពោះ​​ទៅ​ដំណាក់​កាល​សំខាន់​​​ ហើយជីវិត​មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ
09/14/2026 06:09 PM