គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

សម្តេចតេជោជំរុញបង្កើនការដាំដុះ ដើម្បីធានាសន្តិសុខស្បៀងក្នុងស្រុក និងនាំចេញ

2023/03/06 01:29:00 pm        395
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញការបង្កបង្កើនផល ដើម្បីធានា​បានសន្តិសុខស្បៀងក្នុងស្រុក និងអាចមានលទ្ធភាពនាំចេញទៅក្រៅប្រទេស​កាន់តែច្រើន​ ដោយការដាំដុះលើដំណាំសក្តានុពល រួមមានស្រូវ ដំឡូងមី និងបន្លែជាដើម ត្រូវគិតគូដល់​សុខភាពរបស់អ្នកប្រើប្រាស់​ តាមរយៈការប្រើប្រាស់ជីក្នុងកម្រិតសមស្រប ឬជី​ធម្មជាតិ។ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ ​និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី​សរុបជិត​២ពាន់នាក់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា កម្ពុជា នៅសល់​ស្រូវ​ប្រមាណ៦តោន ឬស្មើនឹងអង្ករ ៤លានតោន ក្នុងមួយឆ្នាំ សម្រាប់នាំចេញ ដោយមិនទាន់គិត​ពីស្បៀងដទៃទៀត ​ដូចជាដំឡូងមី ឬពោតជាដើម។សម្តេចតេជោ បានវាយតម្លៃខ្ពស់ ​ដល់ការបង្កបង្កើនផលរបស់កសិករ ​ដែលបានជួយ ឱ្យកម្ពុជា មាន​ស្បៀងគ្រប់គ្រងដូចសព្វថ្ងៃ ​ងើបចេញពីប្រទេស​ដែលធ្លាប់ខ្វះស្បៀង គាំទ្រ​ដោយប្រព័ន្ធ​ស្រោចស្រព​​មានកាន់តែច្រើន​ អនុញ្ញាត​ឱ្យកសិករ បង្កបង្កើនផលលើសពីមួយដងក្នុងមួយរដូវ។សម្តេចតេជោ មានប្រសាសន៍ថា៖ “ឥឡូវនេះ កំពុងតែគិតអំពីសុវត្ថិភាពនៃអ្នកប្រើប្រាស់ គ្រប់ផ្នែក​ទាំងអស់​ត្រូវគិតលើសុវត្ថិភាពនៃអ្នកប្រប្រាស់ដែលជាចំណុចត្រូវយកចិត្តទុកដាក់ ជាមួយនឹងការ​ផលិតដោយមិនប្រើជីគីមីហួសជ្រុល​ ប៉ុន្តែលើកទឹកចិត្តឱ្យផលិតដោយជីសរីរាង្គ ដែលវាធានា​ដល់សុខភាពប្រជាជនយើង។ យើងកំពុងគិតដល់ធានាសន្តិសុខស្បៀងផង​ និងធានាដល់សុត្ថិភាព និង​សុខភាពនៃអ្នកប្រើប្រាស់ផងដែរ”។ សូមបញ្ជាក់ថា កម្ពុជា បាននាំចេញ​​កសិផលចំនួន ៧,៦២ ​លានតោនក្នុងរយៈពេល ១០ ខែទៅ​ទីផ្សារ​ក្រៅប្រទេស​។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតផលសំខាន់ៗ​ដែលកម្ពុជានាំចេញ​រួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច ជាដើម៕ អត្ថបទ៖ វណ្ណៈ

សហគ្រាសផ្នែកវេចខ្ចប់ និងកែច្នៃក្នុងស្រុក កំពុងងើបឡើងល្អប្រសើរជាងឆ្នាំមុន

2023/03/03 11:18:39 am        326
ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា នៅក្នុងឆ្នាំ ២០២៣ នេះ សកម្មភាពរបស់សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា កំពុងងើបឡើងកាន់តែល្អប្រសើរ នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ជាពិសេសការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារ និងមានកំណើនកាន់តែល្អប្រសើរថែមទៀត។លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងនៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៣ នេះថា ​ជុំវិញការប្រើប្រាស់ប្រចាំថ្ងៃ ប្រជាពលរដ្ឋ ត្រូវការទំនិញដែលមានអនាម័យ និងមាន​គុណភាព ដើម្បីសុខុមាលភាពសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ។ ស្របពេលបរិបទកំពុងរីកចម្រើននេះដែរ សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា កំពុងបង្កើននូវ​ការផលិត និងវេចខ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។លោកជំទាវ បន្តថា ក្នុងឆ្នាំ ២០២២ បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញ សកម្មភាពនៅក្នុងខ្សែ​ច្រវ៉ាក់ផលិត និងការលក់ដូរនៅតាមទីផ្សារ មានកំណើនគួរឲ្យកត់សម្គាល់ ។ ចំណែកនៅក្នុងឆ្នាំ ២០២៣ នេះវិញ លោកជំទាវ មានការរំពឹងថា សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា និងមានសកម្មភាពកាន់តែមមាញឹកជាងមុន។ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានបង្ហាញឲ្យដឹងថា​ គិតត្រឹមបំណាច់ឆ្នាំ ២០២២ មូលដ្ឋានសហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីនៅក្រសួង ​បានបង្កើតថ្មីមានចំនួន ១ ២២៩ មូលដ្ឋាន និងបង្កើតការងារថ្មី​បានចំនួនជាង ២ ម៉ឺនកន្លែង និងមានករណីបិតទ្វារ មានចំនួន ៤៩០ ក្នុងនោះបើគិតសរុប កម្ពុជា​មាន​ចំនួនសហគ្រាសជាង ៤៣ ពាន់មូលដ្ឋាន និងមានពលកម្មសរុប ជាង ៤៥ ម៉ឺនកន្លែង ។ ទាក់ទងវិស័យយសហគ្រាសធុនតូច​ និងមធ្យមនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនប្រើប្រាស់ស្លាកសញ្ញាមានគុណភាពលើផលិតផល មានចំនួន ១៤០ មុខផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចឲ្យខ្លាំងក្លា

2023/03/03 11:14:43 am        361
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លើកឡើងថា កម្ពុជាមានភាពចាំបាច់ ត្រូវការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារដែលមាន ប្រាក់ឈ្នូលសមរម្យ, ស្តងដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ ​និងជំរុញការធ្វើពិពិធកម្មក្នុងសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគបៃតង ​ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុលើកឡើង នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Sebastian Eckardt មន្រ្តីជាន់ខ្ពស់ WB ទទួលបន្ទុកកិច្ចការម៉ាក្រូសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក​ និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងWB ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ថា កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ ត្រូវបានព្យាការថា អាចនឹងសម្រេចបានក្នុងអត្រាខ្ពស់​ជាងរំពឹងទុកកាលពីពេលកន្លងទៅ ក្នុងអត្រា ៥,៦% ហើយការព្យាករណ៍នេះ ក៏មានកម្រិតប្រហាក់ប្រហែលទៅនឹងការវាយតម្លៃចុងក្រោយរបស់ដៃគូអភិវឌ្ឍន៍នានាផងដែរ។កំណើននេះ ដោយសារការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម ត្រូវបាន​រំពឹងថា នឹងបន្តមានកំណើន ល្អ ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ ​ជាពិសេសតម្រូវការពីទីផ្សារចិន ដែលទើបតែបានបើកប្រទេសឡើងវិញ និងអាចបំពេញបន្ថែមការនាំ ចេញផលិតផលកាត់ដេរ ដែលមាននិន្នាការថមថយ។ ឯកឧត្តម បានបន្តថា ជាទស្សនវិស័យ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ, កម្ពុជាមានភាព​ចាំបាច់ក្នុងការទាក់ ទាញ នូវការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារ​ដែលមានប្រាក់ឈ្នូលសមរម្យ, ស្តងដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ និងជំរុញការធ្វើពិពិធកម្ម​ក្នុងសេដ្ឋកិច្ច ។ កន្លងមក កម្ពុជាបានធ្វើកិច្ចការនេះជាច្រើនរួចមកហើយ ដូចជាការអនុវត្តច្បាប់វិនិយោគថ្មីជាដើម។ ទន្ទឹមនេះ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយ​កខ្វក់ ដោយអង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ក៏នឹងជួយ​ទាក់ទាញការវិនិយោគ ពីក្រៅប្រទេសបន្ថែមទៀតផងដែរ ហើយកម្ពុជានៅមានលំហរច្រើន​នៅ​ឡើយ ដើម្បីជំរុញការអនុវត្តសកម្មភាព ឱ្យបានល្អជាងនេះ ដើម្បីអាចទាក់ទាញការវិនិយោគពីក្រៅ ដែលមានគុណភាពឱ្យបានច្រើន ពិសេសនៅក្នុងការបរិការណ៍ការផ្លាស់ប្តូទីតាំងវិនិយោគ ក្នុងតំបន់៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកបន្តវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា

2023/03/02 09:41:56 am        391
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ខណៈដែលកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយឯកឧត្តម Michael Malacka ឯកអគ្គរដ្ឋទូតអាមេរិក និងជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញនៅដើមសប្តាហ៍នេះ។ឯកឧត្តម ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សា​ធុរកិច្ចអាមេរិក​អាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ច​ជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិក​មកកម្ពុជា។ឯកឧត្តមបានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱយបន្តវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។ឯកឧត្តមឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ របស់ក្រុមប្រឹក្សា​ធុរកិច្ចអាមេរិក-អាស៊ាន បានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាស​លើកដំបូងបំផុតដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ​បន្ទាប់ពីឯកឧត្តមត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុក​ចិត្តជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ ឯកឧត្តមបានអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ​ផ្សេងៗទៀតកាលពីឆ្នាំ២០២២ កន្លងទៅ ដែលនេះបាននាំកិច្ចទំនាក់ទំនង​អាមេរិក-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានមានអាយុកាលជាង ៣៧ ឆ្នាំ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ ក្រុមហ៊ុន បានទទួលការសម្រប​សម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ានហើយបច្ចុប្បន្នក្រុមហ៊ុនជាង ១០ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា​ជាពិសេស​ជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាពទទួល​ហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជននិង SME ជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជំរុញ​ផលិតករ​បង្កើន​គំនិត​ច្នៃប្រឌិត​ថ្មីៗ ខណៈ​ទីផ្សារ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​

2023/02/25 09:19:31 am        481
សៀមរាប៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ដល់​ផលិតករ ពាណិជ្ជករ​កម្ពុជា ត្រូវ​ខិតខំ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​បន្ថែម​ទៀត និង​រៀបចំ​ទំនិញ​សម្រាប់​បម្រើ​ទីផ្សារ​ត្រូវ​តែ​មាន​គុណភាព មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដោយ​អនុលោម​តាម​ស្តង់ដារ​អនាម័យ និង​មាន​តម្លៃ​សមរម្យ ទើប​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សេរី​បាន​។ការ​អំពាវនាវ​ខាងលើនេះ ធ្វើឡើង​ក្នុងឱកាស​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​បើក​ពិធី​សម្ពោធ​ពិព័រណ៍​ផលិត​ផល​ខ្មែរ និង​បន្លែ​ផ្លែឈើ​លើក​ទី​១៦ ក្នុង​ឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៨ ឆ្នាំ​២០២៣ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​កន្លងទៅ​នៅ​ខេត្ត​សៀមរាប ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​, អភិបាលរង​ខេត្ត​សៀមរាប ផលិតករ ពាណិជ្ជករ កសិករ និស្សិត និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ ៣០០​នាក់​។ នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បញ្ជាក់​ថា យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ​របស់​ក្រសួងពាណិជ្ជកម្ម​។ យុទ្ធនាការ​នេះ​គឺជា​សំឡេង​ជួយ​ដាស់​ស្មារតី​ប្រជាជន​កម្ពុជា ឱ្យ​ងាក​មក​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​ជា​ជំហាន​ៗ​។ឯកឧត្តម​បាន​បន្តថា តាមរយៈ​ការ​រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ចំនួន ៧​រដូវ​កាល​កន្លងមកនេះ​បាន​ជួយ​ពង្រឹង​ខ្សែ​សង្វាក់​ផលិត​កម្ម​ក្នុងស្រុក​ជា​បណ្តើរៗ ហើយ​ផលិតករ​កម្ពុជា​ក៏មាន​ចំណេះដឹង ចំណេះ​ធ្វើ និង​ទទួល​បាន​បទពិសោធន៍​ល្អៗ​ជាច្រើន សម្រាប់​ពង្រឹង និង​ពង្រីក​ផលិតកម្ម អភិវឌ្ឍន៍​ផលិតផល និង​សេវា​របស់​ខ្លួន​បម្រើ​ឱ្យ​ទីផ្សារ​។ ជា​លទ្ធផល​សង្កេតឃើញ​ថា ផលិតផល​ខ្មែរ​មាន​វត្តមាន​នៅលើ​ទីផ្សារ​កាន់​តែ​ច្រើន ទាំង​ទីផ្សារ​ក្នុងស្រុក ហាង​លក់ទំនិញ​ក្នុង​អាកាសយានដ្ឋាន និង​ទីផ្សារ​នៅ​បរទេស និង​មាន​ការ​រីកចម្រើន​ទៅមុខ​ទាំង​គុណភាព សុវត្ថិភាព សោភ័ណភាព និង​អនាម័យ ដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​រួមគ្នា​ជួយ​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក ជំរុញ​ការផ្សព្វផ្សាយ និង​ប្រើប្រាស់​ឱ្យបាន​ទូលំទូលាយ ខណៈដែល​ក្រសួងពាណិជ្ជកម្ម​កំពុង​ខិតខំ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​បន្ថែម​លើ​ទីផ្សារ​ដែលមាន​ស្រាប់ តាមរយៈ​ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​, កម្ពុជា​-​កូរ៉េ​, កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​អេ​មី​រ៉ាត់​អារ៉ាប់​រួម ដែល​នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​នេះ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​នានា​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​ទីផ្សារ​ទំនិញ សេវាកម្ម និង​វិនិយោគ​កម្ពុជា​កាន់តែ​ទូលំទូលាយ​។​សូម​ជម្រាប​ថា ពិព័រណ៍​ផលិតផល​ខ្មែរ និង​បន្លែ​ផ្លែឈើ​លើក​ទី​១៦ ធ្វើឡើង​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ក្រុង​/​ខេត្តសៀមរាប ដោយមាន​ការដាក់​តាំង​បង្ហាញ និង​លក់​ផលិតផល​ខ្មែរ បន្លែ ផ្លែឈើ វត្ថុ​អនុស្សាវរីយ៍ ផលិតផល​របស់​សហគមន៍ និង​ផលិតផល​ភូមិ​១ ផលិត​ផល​១ មកពី​រាជធានី​-​ខេត្ត​ចំនួន​១២ ដោយមាន​ក្រុមហ៊ុន សហគ្រាស និង​អាជីករ​ក្នុងស្រុក​ចូលរួម​ចំនួន​ជាង​១០០​។ ក្នុងអំឡុងពេល​នេះ​ដែរ ក្រសួងពាណិជ្ជកម្ម​ក៏​មាន​រៀបចំ​ព្រឹត្តិការណ៍​អម​មួយ​ចំនួន​ទៀត​ផង​ដែរ ដូចជា ការ​ចម្អិន​ម្ហូបអាហារ​ខ្មែរ កម្មវិធី​សិក្ខាសាលា​ស្តីពី​ការកំណត់​អត្តសញ្ញាណ និង​ការ​ផ្សព្វផ្សាយ​ផលិតផល​សក្កានុព​ល​កម្ពុជា កម្មវិធី​ផ្គូផ្គង​ពាណិជ្ជកម្ម កិច្ចពិភាក្សា​ស្តីពី​បន្លែ​សុវត្ថិភាព​សម្រាប់​កុមារ និង​ការ​លេង​សិល្បៈ​ខ្មែរ​កំដរ​ក្នុង​ពេល​រាត្រី​ផងដែរ​៕

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ឥណ្ឌា រំពឹងបន្តកើនឡើង

2023/02/23 02:46:45 pm        281
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំាកម្ពុជា បង្ហាញនូវក្តីរំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា នៅឆ្នាំនេះ នឹងបន្តកើនឡើងថែមទៀត ពោលគឺទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរ នឹង​កើនឡើងលើស ២៥០ លានដុល្លារអាមេរិក ដែលសម្រេចបានក្នុងឆ្នាំ២០២២។លោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា លើកឡើងនៅក្នុង​ពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស) នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា ទំនាក់ទំនង់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ពិតជាមានភាពរីកលូតលាស់ល្អប្រសើរ ​ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២២ កន្លងទៅនេះ មានប្រមាណ ២៥០លានដុល្លារអាមេរិក ។លោកជំទាវ បន្តថា មានក្រុមហ៊ុនឥណ្ឌា ដែលបានចូលមករកស៊ីនៅកម្ពុជា ​មានចំនួនកើន​ឡើង​ល្អប្រសើរ បច្ចុប្បន្នមានចំនួនប្រហែល ៥០ ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅស្ថានទូតប្រចំានៅកម្ពុជា ហើយប្រសិនបើមានការទំនាក់ទំនងផ្សារភ្ជាប់ នៅការកសាងផ្លូវកាន់តែល្អប្រសើរនោះ នឹងធ្វើឱ្យ​ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរ ​កាន់តែមានការកើនឡើងថែមទៀត នៅក្នុងរយៈពេលខាង​មុខជា​បន្តបន្ទាប់។សូមបញ្ជាក់ថា ពាក់ព័ន្ធនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា​ និងឥណ្ឌា ​បើតាមរបាយការណ៍គយ និង​រដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នៅក្នុងខែ​ មករា ឆ្នំា២០២៣ នេះ កម្ពុជាបាន​នាំ​ចេញផលិតផលទៅប្រទេសឥណ្ឌា​ មានទំហំទឹកប្រាក់ប្រមាណជាង ២២ ​លានដុល្លារអាមេរិក កើន​ឡើងជាង ១០០ ភាគរយ ក្នុងនោះភាគីឥណ្ឌានាំចូលមកវិញ ​មានទឹកប្រាកប្រមាណ ១៥ លាន​ដុល្លារអាមេរិក ធ្លាក់ចុះជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

ខេត្តប៉ៃលិន កំពុងទទួលការវិនិយោគ លើការសម្ងួតផ្លែស្វាយ និងមៀន

2023/02/23 11:56:15 am        417
ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា អ្នកវិនិយោគចិនបានបោះទុន ធ្វើការវិនិយោគរោងចក្រសម្ងួតផ្លែស្វាយ និងផ្លែមៀន នៅក្នុងខេត្តប៉ៃលិន ដែលអាចនាំចេញទៅទីផ្សារខាងក្រៅ ។ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា ក្រៅពីដំណាំស្រូវ ខេត្តប៉ៃលិន សម្រាប់វិស័យកសិកម្ម គឺមានដំណាំដំឡូងមី ពោតក្រហម និងស្វាយកែវរមៀត ហើយដំណាំដែលល្បី គឺមៀនប៉ៃលិន ហើយតម្លៃកសិផលទាំងអស់នេះ មានការកើតឡើងគួរឲ្យកត់សម្គាល់ ។លោកជំទាវ បានបន្តថា នៅខេត្តប៉ៃលិន មានវិនិយោគចិន បានបោះទុនវិនិយោគ ដើម្បី​សម្ងួតផ្លែមៀន និងផ្លែស្វាយ ហើយកែច្នៃផ្លែស្វាយ និងមៀន ធ្វើជាដំណាប់ ធ្វើស្រាជាដើម ដែល​បច្ចុប្បន្នខេត្តក៏មានខ្វះខាតនូវកសិផលទាំងអស់នេះ ដើម្បីធ្វើការកែច្នៃផងដែរ និងកំពុងប្រមូល​ទិញពីខេត្តខាងក្រៅ ដោយរោងចក្រកែច្នៃកសិផលទាំងអស់នេះ បានបង្កើតជាការងារដល់​ពលរដ្ឋជាច្រើននាក់ផងដែរ ។លោកជំទាវអភិបាលខេត្ត បន្ថែមថា ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញកសិកផលកសិកម្ម ពីខេត្តប៉ៃលិន ទៅទីផ្សារក្រៅប្រទេសបានជាង ២លានតោន ក្នុងនោះស្វាយកែវរមៀត បានប្រមាណជាង ៥២ម៉ឺនតោន ដែលតម្លៃបច្ចុប្បន្ន ១គីឡូក្រាម បានតម្លៃ៥បាត និងផ្លែស្វាយរមៀតខ្ចប់តម្លៃ១២បាត ។ ចំណែកផ្លែមៀនប៉ៃលិន បាននាំចេញត្រឹមរយៈពេល ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បានចំនួន ៦ ៩០៧តោន ។ លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា ខេត្តប៉ៃលិន មានផ្ទៃដីដំណាំស្រូវជិត ៩ពាន់ហិកតា, ដំណាំសាវប្បកម្មចំនួនជាង ១២ ០០០ហិកតា និងផ្ទៃដីដំណាំឧស្សាហកម្មចំនួនជាង ៥ពាន់ហិកតា ហើយរដ្ឋបាលខេត្តកំពុងជំរុញនូវយន្តការអភិវឌ្ឍ ដូចជាអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស​ក្នុងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងជំរុញការប្រើប្រាស់ពូជប្រកបដោយគុណភាព ដល់ប្រជាកសិករ ក្នុងគោលបំណងបង្កើនទិន្នផល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ៕ អត្ថបទ បាន សុខរិទ្ធិ

សប្ដាហ៍ទី៣ខែកុម្ភៈកម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុងជិត ៥ ម៉ឺននាក់

2023/02/22 11:09:06 am        472
ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ ពាន់នាក់ ចេញដំណើរមកពីប្រទេសថៃបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២២ ខែកុម្ភៈដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ខណៈក្នុងសប្ដាហ៍ទី៣ នៃខែកុម្ភៈនេះកម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុងជិត ៥ ម៉ឺននាក់។បើតាមរបាយការណ៍ក្រសួងទេសចរណ៍ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប ៣៦០,១៣៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៣១៣,៦៨២ នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៤៦,៤៥៣ នាក់។ របាយការណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទៅលេងកម្សាន្តនោះរួមមាន ខេត្តព្រះសីហនុ ៧២,០៥៦ នាក់, ខេត្តត្បូងឃ្មុំ ៦៥,៣៨៥ នាក់, ខេត្តសៀមរាប ៣៩,៨០០ នាក់, រាជធានីភ្នំពេញ ៣៤,២៦៩នាក់, ខេត្តកំពត ២៥,១៣២ នាក់, ខេត្តបាត់ដំបង ២១,១៩២ នាក់, ខេត្តកំពង់ចាម ១៧,៨៨៤ នាក់, ខេត្តស្វាយរៀង ១៧,៨៦៩ នាក់។បើតាមក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយ​ភាពសុទិដ្ឋិនិយមជាមួយចំនួនជាង ៣៦ ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមក​កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ ២៩ ម៉ឺននាក់។ដោយឡែកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិ​សាសន៍​ជិត ១.០០០ នាក់ចូលចតធ្វើទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា និងអារ៉ាប់រួម​ បើកកិច្ចចចារនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជុំទីបី

2023/02/21 03:01:50 pm        814
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី៣ នៃ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ​ឆ្នាំ២០២៣ ​នៅទីក្រុងឌុយបៃ ​អេមីរ៉ាតអារ៉ាប់រួម។ ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី២០ ខែកុម្ភៈនេះ បានឲ្យដឹងថា កិច្ចចចារនេះបាន​ប្រព្រឹត្ត​ក្រោមវត្តមាន​របស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា​ប្រធាន​ក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា​ និងឯកឧត្តម ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់​ភាគី​អេមីរ៉ាតអារ៉ាប់រួម ដោយ​មានការ​អញ្ជើញ​ចូលរួមរបស់​ក្រុមការងារចរចារបស់​ភាគីទាំងពីរសរុប​ប្រមាណ ១០០រូប។ ក្នុងអង្គប្រជុំនេះ លោកជំទាវ ​បានកោតសរសើរ និងបង្ហាញនូវក្តីសោមនស្សរីករាយ ដែលដំណើរ​ការចរចាលើកិច្ចព្រមព្រៀង ​បានឈានដល់ការចរចាជុំទី៣ បន្ទាប់ពីភាគីទាំងពីរសម្រេចបាន​នូវ​លទ្ធផលជាផ្លែផ្កាក្នុងការចរចាជុំទី១ ​នៅអាប៊ុយដាប៊ី និងជុំទី២​ នៅភ្នំពេញកន្លងទៅ។ ទន្ទឹមនោះ ​ភាគីទាំងពីរបានគាំទ្រចំពោះបំណង ដែលភាគីទាំងពីរគ្រោងនឹងបញ្ចប់​ការចរចាកិច្ច​ព្រមព្រៀងខាងលើ ​ឱ្យបានត្រឹមជុំទី៣នេះ ​និងឈានដល់ការប្រកាសបិទ​បញ្ចប់ការចរចាជាផ្លូវការ​នាពេលឆាប់ៗ​ខាងមុខ។ តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា ​និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាកម្លាំងចលករ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើន​សេដ្ឋកិច្ចជាតិ ​និងការអភិវឌ្ឍប្រកបដោយចីរភាព ​និងបរិយាប័ន្ន។ ស្របគ្នានោះដែរ ឯកឧត្តម ជូម៉ា អាល់ កាត បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ​និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធផ្តល់ដោយភាគីកម្ពុជាកន្លងមក។ឯកឧត្តម ​បានកត់សម្គាល់នូវ​សញ្ញាណ​ជាវិជ្ជមានក្នុងពាណិជ្ជកម្មទ្វេភាគី ​ដែលសម្រេចបានប្រមាណ ៤០០ ​លានដុលា្លរអាម៉េរិកក្នុងឆ្នាំ២០២២ ​កើនឡើងប្រមាណ ​៣០% ធៀបនឹងឆ្នាំ២០២១ និងរំពឹងថាកិច្ចព្រមព្រៀងនេះ នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់​កើនតែប្រសើរ​ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

វិស័យហិរញ្ញវត្ថុឆ្នាំ២០២៣នេះ នៅតែមានកំណើនល្អប្រសើរ ទោះប្រឈមនឹងវិបត្តិសកល

2023/02/21 02:42:24 pm        617
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា រំពឹងថា ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងឆ្នាំ ២០២៣នេះ នឹងមានភាពរីកចម្រើន ​ល្អប្រសើរជាងមុន​ បើទោះបីជាវិបត្តិសកល សង្រ្គាមនៅ​អ៊ុយក្រែន នៅបន្តអូសបន្លាយ ។លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយក បច្ចេកទេសធនាគារជាតិ​នៃកម្ពុជា លើកឡើងនៅក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តំណភ្ជាប់សម្រាប់ស្វែងរក​មើលព័ត៌មានចាក់វាក់សាំងកូវីដ-១៩​ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ​នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះថា ​ក្នុងឆ្នាំ ២០២៣ រំពឹងថា ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងមានភាព​រីកចម្រើន​ល្អប្រសើរជាមុន ខណៈដែលទំនោទីផ្សារថ្លៃប្រេងឥន្ធនៈ ​បានថយចុះ ដែលជួយសម្រួល​ដល់ប្រតិបត្តិការផ្សេងៗ ជាពិសេសថ្លៃម្ហូបអាហារ តែទោះបីយ៉ាងណាក៏នៅប្រឈមនឹងភាព​មិនច្បាស់លាស់ដូចជា ​សង្គ្រាមរុស្សី-អ៊ុយក្រែន​ និងការ​គំរាមកំហែង​នៅ​បែកអាស៊ីជាដើម ប៉ុន្តែប្រសិន​ការប៉ះពាល់នេះវាតូច ​វានឹងអាចជួយដល់ការរីកចម្រើនរបស់កម្ពុជា។ជុំវិញស្ថានភាពហិរញ្ញវត្ថុនេះ ​តាមទស្សនវិស័យ ​និងទិសដៅរបស់ធនាគារជាតិនៃកម្ពុជា តាមការ​រំពឹងទុក​ ប្រកបដោយភាព​សុទិដ្ឋិនិយម ការវិលទៅរកភាពប្រក្រតីឡើងវិញ​នៃ​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក និងកំណើនតម្រូវការពីខាងក្រៅ​ នឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា​ឱ្យសម្រេច​បានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣, កំណើននេះ អាចរួមចំណែកដោយវិស័យចម្បងៗដូចជា៖ វិស័យកាត់ដេរត្រូវបានរំពឹងថា មានកំណើន ៦,៩%, វិស័យទេសចរណ៍ត្រូវបានរំពឹងថា​នឹង​បន្តមាន​កំណើនខ្ពស់ ១៨,៥%, និងវិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ១,១% ។ ស្ថិតក្នុងដំណាក់កាលនៃការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រព័ន្ធធនាគារត្រូវ​បានរំពឹងថា ​នឹងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រកំណើន​វិស័យសំខាន់ៗ​នៃសេដ្ឋកិច្ច តាមរយៈការផ្តល់ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា ដោយឥណទាន ត្រូវបាន​រំពឹងថា នឹងមានកំណើនក្នុងអត្រា ២២% គួបផ្សំនឹងការបន្តអនុវត្តវិធានការគាំទ្រដទៃទៀត៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM