អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស
មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

សេដ្ឋកិច្ច និង កសិកម្ម

ខេត្តប៉ៃលិន កំពុងទទួលការវិនិយោគ លើការសម្ងួតផ្លែស្វាយ និងមៀន

2023/02/23 06:56:15 pm        446
ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា អ្នកវិនិយោគចិនបានបោះទុន ធ្វើការវិនិយោគរោងចក្រសម្ងួតផ្លែស្វាយ និងផ្លែមៀន នៅក្នុងខេត្តប៉ៃលិន ដែលអាចនាំចេញទៅទីផ្សារខាងក្រៅ ។ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា ក្រៅពីដំណាំស្រូវ ខេត្តប៉ៃលិន សម្រាប់វិស័យកសិកម្ម គឺមានដំណាំដំឡូងមី ពោតក្រហម និងស្វាយកែវរមៀត ហើយដំណាំដែលល្បី គឺមៀនប៉ៃលិន ហើយតម្លៃកសិផលទាំងអស់នេះ មានការកើតឡើងគួរឲ្យកត់សម្គាល់ ។លោកជំទាវ បានបន្តថា នៅខេត្តប៉ៃលិន មានវិនិយោគចិន បានបោះទុនវិនិយោគ ដើម្បី​សម្ងួតផ្លែមៀន និងផ្លែស្វាយ ហើយកែច្នៃផ្លែស្វាយ និងមៀន ធ្វើជាដំណាប់ ធ្វើស្រាជាដើម ដែល​បច្ចុប្បន្នខេត្តក៏មានខ្វះខាតនូវកសិផលទាំងអស់នេះ ដើម្បីធ្វើការកែច្នៃផងដែរ និងកំពុងប្រមូល​ទិញពីខេត្តខាងក្រៅ ដោយរោងចក្រកែច្នៃកសិផលទាំងអស់នេះ បានបង្កើតជាការងារដល់​ពលរដ្ឋជាច្រើននាក់ផងដែរ ។លោកជំទាវអភិបាលខេត្ត បន្ថែមថា ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញកសិកផលកសិកម្ម ពីខេត្តប៉ៃលិន ទៅទីផ្សារក្រៅប្រទេសបានជាង ២លានតោន ក្នុងនោះស្វាយកែវរមៀត បានប្រមាណជាង ៥២ម៉ឺនតោន ដែលតម្លៃបច្ចុប្បន្ន ១គីឡូក្រាម បានតម្លៃ៥បាត និងផ្លែស្វាយរមៀតខ្ចប់តម្លៃ១២បាត ។ ចំណែកផ្លែមៀនប៉ៃលិន បាននាំចេញត្រឹមរយៈពេល ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បានចំនួន ៦ ៩០៧តោន ។ លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា ខេត្តប៉ៃលិន មានផ្ទៃដីដំណាំស្រូវជិត ៩ពាន់ហិកតា, ដំណាំសាវប្បកម្មចំនួនជាង ១២ ០០០ហិកតា និងផ្ទៃដីដំណាំឧស្សាហកម្មចំនួនជាង ៥ពាន់ហិកតា ហើយរដ្ឋបាលខេត្តកំពុងជំរុញនូវយន្តការអភិវឌ្ឍ ដូចជាអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស​ក្នុងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងជំរុញការប្រើប្រាស់ពូជប្រកបដោយគុណភាព ដល់ប្រជាកសិករ ក្នុងគោលបំណងបង្កើនទិន្នផល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ៕ អត្ថបទ បាន សុខរិទ្ធិ

សប្ដាហ៍ទី៣ខែកុម្ភៈកម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុងជិត ៥ ម៉ឺននាក់

2023/02/22 06:09:06 pm        529
ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ ពាន់នាក់ ចេញដំណើរមកពីប្រទេសថៃបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២២ ខែកុម្ភៈដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ខណៈក្នុងសប្ដាហ៍ទី៣ នៃខែកុម្ភៈនេះកម្ពុជាទទួលបានទេសចរជាង ៣៦ ម៉ឺននាក់ ភ្ញៀវបរទេសផ្ទៃក្នុងជិត ៥ ម៉ឺននាក់។បើតាមរបាយការណ៍ក្រសួងទេសចរណ៍ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប ៣៦០,១៣៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៣១៣,៦៨២ នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៤៦,៤៥៣ នាក់។ របាយការណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទៅលេងកម្សាន្តនោះរួមមាន ខេត្តព្រះសីហនុ ៧២,០៥៦ នាក់, ខេត្តត្បូងឃ្មុំ ៦៥,៣៨៥ នាក់, ខេត្តសៀមរាប ៣៩,៨០០ នាក់, រាជធានីភ្នំពេញ ៣៤,២៦៩នាក់, ខេត្តកំពត ២៥,១៣២ នាក់, ខេត្តបាត់ដំបង ២១,១៩២ នាក់, ខេត្តកំពង់ចាម ១៧,៨៨៤ នាក់, ខេត្តស្វាយរៀង ១៧,៨៦៩ នាក់។បើតាមក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយ​ភាពសុទិដ្ឋិនិយមជាមួយចំនួនជាង ៣៦ ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមក​កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ ២៩ ម៉ឺននាក់។ដោយឡែកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិ​សាសន៍​ជិត ១.០០០ នាក់ចូលចតធ្វើទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា និងអារ៉ាប់រួម​ បើកកិច្ចចចារនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជុំទីបី

2023/02/21 10:01:50 pm        917
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី៣ នៃ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ​ឆ្នាំ២០២៣ ​នៅទីក្រុងឌុយបៃ ​អេមីរ៉ាតអារ៉ាប់រួម។ ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី២០ ខែកុម្ភៈនេះ បានឲ្យដឹងថា កិច្ចចចារនេះបាន​ប្រព្រឹត្ត​ក្រោមវត្តមាន​របស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា​ប្រធាន​ក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា​ និងឯកឧត្តម ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់​ភាគី​អេមីរ៉ាតអារ៉ាប់រួម ដោយ​មានការ​អញ្ជើញ​ចូលរួមរបស់​ក្រុមការងារចរចារបស់​ភាគីទាំងពីរសរុប​ប្រមាណ ១០០រូប។ ក្នុងអង្គប្រជុំនេះ លោកជំទាវ ​បានកោតសរសើរ និងបង្ហាញនូវក្តីសោមនស្សរីករាយ ដែលដំណើរ​ការចរចាលើកិច្ចព្រមព្រៀង ​បានឈានដល់ការចរចាជុំទី៣ បន្ទាប់ពីភាគីទាំងពីរសម្រេចបាន​នូវ​លទ្ធផលជាផ្លែផ្កាក្នុងការចរចាជុំទី១ ​នៅអាប៊ុយដាប៊ី និងជុំទី២​ នៅភ្នំពេញកន្លងទៅ។ ទន្ទឹមនោះ ​ភាគីទាំងពីរបានគាំទ្រចំពោះបំណង ដែលភាគីទាំងពីរគ្រោងនឹងបញ្ចប់​ការចរចាកិច្ច​ព្រមព្រៀងខាងលើ ​ឱ្យបានត្រឹមជុំទី៣នេះ ​និងឈានដល់ការប្រកាសបិទ​បញ្ចប់ការចរចាជាផ្លូវការ​នាពេលឆាប់ៗ​ខាងមុខ។ តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា ​និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាកម្លាំងចលករ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើន​សេដ្ឋកិច្ចជាតិ ​និងការអភិវឌ្ឍប្រកបដោយចីរភាព ​និងបរិយាប័ន្ន។ ស្របគ្នានោះដែរ ឯកឧត្តម ជូម៉ា អាល់ កាត បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ​និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធផ្តល់ដោយភាគីកម្ពុជាកន្លងមក។ឯកឧត្តម ​បានកត់សម្គាល់នូវ​សញ្ញាណ​ជាវិជ្ជមានក្នុងពាណិជ្ជកម្មទ្វេភាគី ​ដែលសម្រេចបានប្រមាណ ៤០០ ​លានដុលា្លរអាម៉េរិកក្នុងឆ្នាំ២០២២ ​កើនឡើងប្រមាណ ​៣០% ធៀបនឹងឆ្នាំ២០២១ និងរំពឹងថាកិច្ចព្រមព្រៀងនេះ នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់​កើនតែប្រសើរ​ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

វិស័យហិរញ្ញវត្ថុឆ្នាំ២០២៣នេះ នៅតែមានកំណើនល្អប្រសើរ ទោះប្រឈមនឹងវិបត្តិសកល

2023/02/21 09:42:24 pm        697
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា រំពឹងថា ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងឆ្នាំ ២០២៣នេះ នឹងមានភាពរីកចម្រើន ​ល្អប្រសើរជាងមុន​ បើទោះបីជាវិបត្តិសកល សង្រ្គាមនៅ​អ៊ុយក្រែន នៅបន្តអូសបន្លាយ ។លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយក បច្ចេកទេសធនាគារជាតិ​នៃកម្ពុជា លើកឡើងនៅក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តំណភ្ជាប់សម្រាប់ស្វែងរក​មើលព័ត៌មានចាក់វាក់សាំងកូវីដ-១៩​ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ​នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះថា ​ក្នុងឆ្នាំ ២០២៣ រំពឹងថា ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងមានភាព​រីកចម្រើន​ល្អប្រសើរជាមុន ខណៈដែលទំនោទីផ្សារថ្លៃប្រេងឥន្ធនៈ ​បានថយចុះ ដែលជួយសម្រួល​ដល់ប្រតិបត្តិការផ្សេងៗ ជាពិសេសថ្លៃម្ហូបអាហារ តែទោះបីយ៉ាងណាក៏នៅប្រឈមនឹងភាព​មិនច្បាស់លាស់ដូចជា ​សង្គ្រាមរុស្សី-អ៊ុយក្រែន​ និងការ​គំរាមកំហែង​នៅ​បែកអាស៊ីជាដើម ប៉ុន្តែប្រសិន​ការប៉ះពាល់នេះវាតូច ​វានឹងអាចជួយដល់ការរីកចម្រើនរបស់កម្ពុជា។ជុំវិញស្ថានភាពហិរញ្ញវត្ថុនេះ ​តាមទស្សនវិស័យ ​និងទិសដៅរបស់ធនាគារជាតិនៃកម្ពុជា តាមការ​រំពឹងទុក​ ប្រកបដោយភាព​សុទិដ្ឋិនិយម ការវិលទៅរកភាពប្រក្រតីឡើងវិញ​នៃ​សកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក និងកំណើនតម្រូវការពីខាងក្រៅ​ នឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា​ឱ្យសម្រេច​បានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣, កំណើននេះ អាចរួមចំណែកដោយវិស័យចម្បងៗដូចជា៖ វិស័យកាត់ដេរត្រូវបានរំពឹងថា មានកំណើន ៦,៩%, វិស័យទេសចរណ៍ត្រូវបានរំពឹងថា​នឹង​បន្តមាន​កំណើនខ្ពស់ ១៨,៥%, និងវិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ១,១% ។ ស្ថិតក្នុងដំណាក់កាលនៃការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រព័ន្ធធនាគារត្រូវ​បានរំពឹងថា ​នឹងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រកំណើន​វិស័យសំខាន់ៗ​នៃសេដ្ឋកិច្ច តាមរយៈការផ្តល់ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា ដោយឥណទាន ត្រូវបាន​រំពឹងថា នឹងមានកំណើនក្នុងអត្រា ២២% គួបផ្សំនឹងការបន្តអនុវត្តវិធានការគាំទ្រដទៃទៀត៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តភ្ជាប់បំពង់មេក្រោមបាតទន្លេ បង្កើនការផ្គត់ផ្គង់ទឹកនៅរាជធានីភ្នំពេញ

2023/02/21 09:36:35 pm        751
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងចាប់ផ្តើមដាក់បំពង់បណ្តោះអាសន្ន ទំហំ ១,៤ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច ក្នុងគោលដៅជំរុញការផ្គត់ផ្គង់​ទឹកនៅតំបន់ដែលមានសម្ពោធទឹកទាប ឲ្យទាន់តាមផែនការ។ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​លើកឡើង​នៅ​ក្នុងពិធី​រៀបចំ​ខួង​ដាក់​ទុយោមេទំហំ ២ ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច​ នៅថ្ងៃទី២០ ខែកុម្ភៈ ​ឆ្នាំ២០២៣ នេះថា​ បើតាមផែនការនៅថ្ងៃទី៥ ខែឧសភា ​ខាងមុខនេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ​នឹងដាក់ឲ្យដំណើររោងចក្របាក់ខែងជំហានទី​ ១ ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ ដែលមាន​សម្ពោធទឹកទាប​ ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែក​ខាងលិច ​និងខាងត្បូង ​រាជធានីភ្នំពេញ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ។ឯកឧត្តម ឡុង ណារ៉ូ បន្តឲ្យដឹងថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ខិតខំប្រឹងប្រែង ​ស្នើសុំទៅរាជរដ្ឋាភិបាល ​និងដៃគូរអភិវឌ្ឍន៍ ដើម្បីដាក់បំពង់បណ្តោះអាសន្ន និងក្លាយជាអចិន្ត្រយ៍ ទំហំ ១,៤ ម៉ែត្រ ​ដែលបច្ចុប្បន្នអនុវត្តសម្រេចបាន ៩៨ ភាគរយ ដើម្បីធានា​ដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឲ្យបានតាមផែនការ​ ក្នុងជំហានទី១, ដោយឡែកបំពង់មេនាំ​ទឹកទំហំ ២ ម៉ែត្រ អាចនឹងដំណើរនៅក្នុងដំណាក់កាលទី ២ ដែលនឹងរុញទឹកស្អាតស្របគ្នា​ទៅភាគខាងលិច ។ជុំវិញវិស័យទឹកស្អាតនេះ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ លើកឡើងថា គម្រោងអភិវឌ្ឍន៍ទឹកស្អាតបាក់ខែង កម្ពុជាបានកម្ខីឥណទានពី AFD ចំនួន ៨៥ លានដុល្លារ និងពីធនាគារអឺរ៉ុប ចំនួន ១០០ លានដុល្លារ ក្នុងនោះសហគមន៍អឺរ៉ុប បានផ្តល់ចំនួន ១៥ លានដុល្លារ គឺជាឥណទានឥតសំណង។សូមបញ្ជាក់ថា នៅក្នុងថ្ងៃម្សិលមិញនេះ គណៈប្រតិភូប្រទេសបារាំងរួមមាន មន្រ្តីជាន់ខ្ពស់​សមាជិក​សភាបារាំង និង AFD, សហគមន៍អឺរ៉ុប, និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមាន គណៈកម្មាធិការ​សភាកម្ពុជា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានអញ្ជើញ​ទស្សនកិច្ចពិនិត្យវឌ្ឍនភាព ​នៅការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្នុង​នោះគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចស្ថានីយមូមទឹកឆៅបាក់ខែង ​នៅទន្លេមេគង្គ, ការទស្សនកិច្ចគម្រោងទឹកស្អាតបាក់ខែង​ និងការចូលរួមបើកការដ្ឋានខួង ដាក់បំពង់មេនាំទឹក​ស្អាតទំហំ ២ ម៉ែត្រក្រោមបាតទន្លសាប៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៣០០ លានដុល្លារ នៅដើមឆ្នាំនេះ

2023/02/17 09:46:21 pm        934
ភ្នំពេញ៖ នៅដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលប្រភេទពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​បានមានចំនួនជាង ១ ២១៧ ប៊ីលានរៀល ត្រូវប្រមាណជាង ៣០០ លានដុល្លារ ស្មើជាង ៨ ភាគរយ នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធប្រចាំខែមករា ឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញឲ្យដឹងថា​ ក្នុងខែមករា ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើន​ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូលជាង​ ២០ ភាគរយ អាករលើតម្លៃបន្ថែមជាង​ ៨ ភាគរយ និងពន្ធលើប្រាក់​បៀវត្សជាង ១៨ ភាករយ។ចំណែកការប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួនជាង ៣៦ ប៊ីលានរៀល ​ត្រូវប្រមាណជាង ៩ លានដុល្លារ​ និងគិតចាប់ពីខែឧសភា ឆ្នាំ២០២២ ​រហូតមកដល់បច្ចុប្បន្ន ចំណូលពន្ធពី E-Commerce ប្រមូលបានសរុបចំនួនជាង ២១៤ ប៊ីលានរៀល ត្រូវប្រមាណជា ៥៣ លានដុល្លារ ។សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ ២០២៣, អគ្គនាយកដ្ឋានពន្ធដារ នឹងយកចិត្តទុកដាក់ បន្ត​អនុវត្តវិធាន​ការបន្ថែមរបស់រាជរដ្ឋាភិបាល ​សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើប​ឡើង​វិញនៃវិស័យទេសចរណ៍ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើ​ស្ថានភាព​សង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម ​និងធុរកិច្ចឱ្យងើបឡើងវិញ។ ពន្ធដារ នឹងបន្តជំរុញបញ្ចប់ការពិនិត្យរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី​ ដែលការរៀបចំនេះ នឹង​អាចធានាបាននូវភាពប្រទាក់ក្រឡា និងបច្ចុប្បន្នភាពបទប្បញ្ញត្តិស្តីពីពន្ធដារ និងបន្តពង្រឹងការ​ផ្សព្វផ្សាយ និងអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធពីវិស័យល្បង ​និងកាស៊ីណូ ។ ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា​ ស្ថានភាព​នៃ​ការប្រមូល​ពន្ធ​ល្អប្រសើរ​ដោយសារ​ការរៀបចំ​កំណែទម្រង់​យ៉ាង​មុត​ស្រួច​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដោយបាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣​ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ធនធានមនុស្ស ការធ្វើ​បច្ចុប្បន្នភាព និង​ការចុះបញ្ជី​ក្នុង​ប្រព័ន្ធ ការពង្រឹង​ការផ្តល់សេវា​ដល់​អ្នកជា​ប់ព​ន្ធ ការដាក់​លិខិត​ប្រកាស​ពន្ធ ការធ្វើ​សវនកម្ម ការគ្រប់គ្រង​បំណុល និង​ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ព័ត៌មាន បានធ្វើឱ្យ​ការប្រមូល​មាន​ភាពល្អប្រសើរ​ក្នុង​រយៈពេល​កន្លងមក​នេះ​។ឯកឧត្តម គង់ វិបុល បានលើកឡើងថា លទ្ធផល​នៃ​ការប្រមូល​ចំណូល​របស់​ពន្ធដារ​នៅក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុងក្រោយនេះ ​នៅតែមាន​ស្ថានភាព​ល្អប្រសើរ​លើស​ការ​គ្រោងទុក បើទោះបី​ជាមានវិបត្តិកូវីដ-១៩​៕ ​អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ាណែត៖ «វិស័យអចលនទ្រព្យដើរតួសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»

2023/02/17 08:22:08 pm        405
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈការព្យាករណ៍កំណើន​សេដ្ឋកិច្ចកម្ពុជា​បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច ដូចរយៈពេលកន្លងមក។ដូច្នេះការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ ​គឺជាគោលដៅដ៏សំខាន់មួយដែលមាន​កំណត់​នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ​ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ «គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)» របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នៅរាជធានី​ភ្នំពេញនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ឯកឧត្ដម បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ​នៅក្រោយការអនុវត្តប្រកបដោយ​ប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ​បានអនុញ្ញាត​ឱ្យកម្ពុជាមានកំណើន​សេដ្ឋកិច្ច​ឡើងវិញ ដែលតាមរយៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ ៥,៦ ភាគរយនៅឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើនកាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។ឯកឧត្ដមបញ្ជាក់ថា៖«តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា វិស័យ​អចលនទ្រព្យ​នឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមក​ផងដែរ។ ដូច្នេះការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់​មួយ​ដែល​មានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី»។ បើតាមឯកឧត្ដម ហ៊ុន ម៉ាណែត ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញ​ប្រកប​ដោយ​ក្តីសង្ឃឹម, ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើន​នៃកម្រិតជីវភាព​របស់​ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនប្រជាជនដែលមាន​ចំណូល​មធ្យម រួមជាមួយ​នឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹង​បរិស្ថាននៃការរស់នៅ៕

ខេត្តកំពតនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិនជាង២០០០តោន ក្នុងមួយខែ

2023/02/16 11:24:57 pm        1081
ភ្នំពេញ៖ ខេត្តកំពតក្នុងពេលបច្ចុប្បន្ននេះ គឺមានលទ្ធភាពនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ប្រមាណជាង ២០០០តោន ក្នុងមួយខែ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់ខេត្ត។ ខេត្តកំពត ក្រៅពីមានភាពល្បីល្បាញ ​លើដំណាំម្រេច និងទុរេន ​បច្ចុប្បន្ននេះ ខេត្តកំពត ក៏មានដំណាំចេកអំបូងលឿងមួយមុខទៀតកំពុងមានសក្ដានុពលជាខ្លាំងផងដែរ។ ជាក់ស្ដែងខេត្តកំពត ​មានលទ្ធភាពនាំចេញចេកអំបូងលឿងចន្លោះពី ​២៣០០តោន ទៅ២៥០០តោន ក្នុងមួយខែ ទៅកាន់ប្រទេសចិន។ នេះជាការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ឯកឧត្តម បញ្ជាក់ថា ការវិនិយោគលើដំណាំចេកអំបូងលឿងនេះ គឺជាការវិនិយោគលើទីតាំង​ដែល​ជាអតីតសមរភូមិ។ ឯកឧត្តមថា នេះជាការកែប្រែដ៏ប្រសើរ ប្រែពីតំបន់ធ្លាប់ជាសមរភូមិ មកជាទីតាំងដាំដុះ ​និងជាកន្លែងទេសចរណ៍ផងដែរនោះ។ ក្នុងនាមជារដ្ឋបាលខេត្ត ឯកឧត្តមក៏គាំទ្រ ដល់គម្រោងពង្រីកផ្ទៃដីដាំចេកអំបូងលឿង​ដែលកំពុង​មានសក្ដានុពលផងដែរ។ ចំណុចសំខាន់មួយទៀត​ ដំណាំចេកអំបូងលឿងនាពេលនេះ គឺជា​ការផ្ដល់ការងារជូនប្រជាពលរដ្ឋរហូតដល់ជាង ២០០០នាក់។ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដែរថា ចេកអំបូងលឿងនៅខេត្តកំពត ក្រៅពីនាំចេញ​ទៅប្រទេសចិន ចេកអំបូងលឿងនេះ ​ក៏បានផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ។ ពិសេសគឺផ្គត់ផ្គង់ទៅតាម​ ភោជនីយដ្ឋានជាច្រើនដែលមានវត្តមានក្នុងខេត្តកំពតផ្ទាល់តែម្ដង។ការដាំចេកអំបូងលឿងនៅខេត្តកំពត ​គិតត្រឹមពេលបច្ចុប្បន្ន គឺក្រុមហ៊ុនចំនួនពីរ ​កំពុងដាំដុះលើផ្ទៃដី ១០៦៣ហិកតា ​ហើយអាចប្រមូលផលបានលើផ្ទៃដី ​៦៦១ហិកតា។នេះជាការបញ្ជាក់បន្ថែម​របស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពត។ លោកលម្អិតថា សម្រាប់ដំណាំចេកអំបូងលឿងដែលកំពុងប្រមូលផលនេះ គឺមានលទ្ធភាព​ប្រមូល​ផល​បានប្រមាណ ៤៣តោនក្នុងមួយហិកតា។ចំពោះដំណាំទុរេន​ ជាដំណាំមានភាពល្បីល្បាញ​ជាយូរមកហើយសម្រាប់​ខេត្តកំពតវិញ បច្ចុប្បន្ននេះ​គឺមានការដាំដុះលើផ្ទៃដីប្រមាណ ​១៧០០ហិកតា ដោយក្នុងនោះ​អាចប្រមូលផលបាន​លើផ្ទៃដី​ប្រមាណជាង ១២០០ហិកតា។ ​លទ្ធភាពប្រមូលវិញ​ គឺអាចទទួលបានក្នុងរង្វង់ ​១៥តោន ក្នុង​មួយហិកតា៕អត្ថបទ៖ គឹមហុក

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តកើនឡើងដល់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣នេះ

2023/02/16 05:19:42 pm        802
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការបើកដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ពេញលេញបានឆាប់ និងការកាត់បន្ថយផលប៉ះពាល់ពី​សង្រ្គាម​រវាង រុស្ស៊ី និង អ៊ុយក្រែន តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល, សេដ្ឋកិច្ច និង សង្គម បានគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា, បានជួយសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងឆាប់ ចេញពីកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២០ ទៅកំណើនវិជ្ជមានប្រមាណ ៣% ក្នុងឆ្នាំ ២០២១, និង បន្តកើនឡើងដល់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ព្រមទាំងត្រូវបានព្យាករថានឹងបន្ត កើនឡើងដល់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ នេះ ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ក្នុងឱកាសនោះដែរឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និង ពន្លឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ឱ្យបានចប់សព្វគ្រប់ និង ទាន់ពេល ដើម្បីចូលរួមចំណែកក្នុង​ការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ឱ្យបានកាន់តែមានប្រសិទ្ធភាព ។ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវ​បានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត។ ជាពិសេស គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីឱ្យគម្រោងដ៏មានសារៈសំខាន់នេះ អាចចាប់ ផ្តើមដំណើរការ បានដោយរលូនតាមការគ្រោងទុក ដែលនឹងមិនត្រឹមតែជួយលើកសម្រស់ និង ទាក់ទាញភ្ញៀវ​ទេសចរ​នៅ​ក្នុងរាជធានីភ្នំពេញរបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោ​មួយ (Landmark) របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្រសួងសេដ្ឋកិច្ច កំណត់ទិសដៅ នៃការចូលរួមវិភាគទាន ធ្វើឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល

2023/02/15 08:37:44 pm        415
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ក្នុងចក្ខុវិស័យ នៅឆ្នាំ ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នឹងងក្លាយជាស្ថាប័ននៃឧត្តមភាព​ ប្រកបដោយសមត្ថភាព ​និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញ​បេសកកម្មស្នូល និងពាក់ព័ន្ធ​ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យ​រាជរដ្ឋាភិបាល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកការផ្សព្វផ្សាយ ចក្ខុវិស័យឆ្នាំ ២០៣០ របស់ក្រសួង ​ដែលមានគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។ ជាក់ស្តែងក្នុងរយៈពេលជិត ៣ ទសវត្សរ៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សម្រេចសមិទ្ឋផលជាច្រើន ដែលបានរួមចំណែកនាំ​ឱ្យកម្ពុជា អភិវឌ្ឍន៍​ប្រកបដោយឯករាជ្យ និងអធិបតេយ្យ។ ក្នុងន័យនេះ ការបន្តកសាង និងពង្រឹងសមត្ថភាព និងអភិបាលកិច្ចស្ថាប័នរដ្ឋរួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ​ពិតជាមានសារៈសំខាន់ និងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធានាការ​អនុវត្តមុខងារ​ និងភារកិច្ចរបស់ក្រសួងប្រកបដោយប្រសិទ្ធភាពខ្ពស់ផង និងចូលរួមចំណែកជំរុញ​ឱ្យ​កម្ពុជាកាន់តែរឹងមាំ និងមានជវភាព ។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានសម្រេចរៀបចំ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ ២០៣០” ។ទាក់ទងកម្មវត្ថុសំខាន់នៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០ គឺកសាងស្ថាប័ន ឱ្យមានសមត្ថភាព ​និងគុណវុឌ្ឈគ្រប់គ្រាន់ ​សម្រាប់អនុវត្តបេសកកម្មរបស់ក្រសួង ផ្សារភ្ជាប់ជាមួយ​គោល​ដៅធំៗដែលមានកំណត់ក្នុងគោលនយោបាយ និងយុទ្ធសាស្ដ្រនានារបស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធ ​នឹងសមត្ថកិច្ចរបស់ក្រសួង, ក្នុងគោលបំណងចូលរួមគាំទ្រឱ្យរាជរដ្ឋាភិបាល សម្រេច​គោលដៅយុទ្ឋសាស្រ្តជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ក្នុងន័យនេះចក្ខុវិស័យក្រសួង ត្រូវបានកំណត់ថា «នៅឆ្នាំ២០៣០ ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ជា​ស្ថាប័ននៃឧត្តមភាព​ ប្រកបដោយសមត្ថភាព ​និងគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល​និងពាក់ព័ន្ឋ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល››។ នៅក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបំពេញ​បេសកកម្ម​រួម​មាន៖ កសាងមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ​កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ដឹកនាំ​ និងសម្របសម្រួលការកសាងប្រព័ន្ធគាំពារសង្គម, និង​ចូលរួមដឹកនាំ សម្របសម្រួលបរិវត្តកម្មឌីជីថល​ និងកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕អត្ថបទ៖ ស៊ុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការលើកឡើងការចោទប្រកាន់ច្រើនរបស់ថៃ មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ
09/15/2026 05:09 PM
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត
09/15/2026 05:09 PM
រុស្ស៊ីបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននៅទីក្រុងគីវ
09/15/2026 05:09 PM
ក្រសួងវប្បធម៌កម្ពុជាអះអាងថា ទាហានថៃបានលួចវត្ថុបុរាណមួយចំនួនចេញពីប្រាសាទខ្មាររបស់ខ្មែរ
09/15/2026 05:09 PM
យន្តហោះចម្បាំងអង្គការណាតូបាញ់ទម្លាក់យានដ្រូន ១គ្រឿងនៅប្រទេសលីទុយអានី
09/15/2026 05:09 PM
UNICEF៖ ការកើនឡើងនៃការប្រយុទ្ធគ្នា នៅយេម៉ែន ប៉ះពាល់ការសិក្សារបស់កុមារជិត ១៤០.០០០នាក់
09/15/2026 05:09 PM
UN ព្រមានពីការជម្លៀសខ្លួន និងគ្រោះថ្នាក់ដល់ជនស៊ីវិល ស្របពេលជម្លោះឡើងកម្តៅខ្លាំងនៅយេម៉ែន
09/15/2026 05:09 PM
ទួរគីនឹងបាញ់បង្ហោះយានអវកាសគោចរជុំវិញឋានព្រះចន្ទនៅដើមឆ្នាំ ២០២៧
09/15/2026 05:09 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេឡើង បង្កការជន់លិចនៅតាមតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា
09/15/2026 04:09 PM
ពលរដ្ឋរស់នៅក្នុងទីក្រុងដាម៉ាស ថ្កោលទោសការដំឡើងតម្លៃប្រេងរបស់រដ្ឋាភិបាលស៊ីរី
09/15/2026 04:09 PM