អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស
មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាទទួលបានចំណូលលើការនាំចេញស្រូវ-អង្ករ ៨៥០លានដុល្លារ ក្នុងរយៈពេល៩ខែ

2022/10/10 08:39:20 pm        502
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករ មានបរិមាណសរុប ៤៤៩ ៣២៥តោន និងស្រូវមានបរិមាណសរុប ២.៣៥លានតោន​ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ​ ទទួលចំណូលជិត ៨៥០ លានដុល្លារ ។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០​ ខែតុលា ​បានបញ្ជាក់ថា នៅរយៈពេល​៩ខែ ឆ្នាំ២០២២នេះ ​កម្ពុជាបាននាំចេញស្រូវ និងអង្ករ ទទួលចំណូលជិត ៨៥០លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០ ភាគរយ ​ដែលមានបរិមាណសរុបចំនួន​ ៤៤៩ ៣២៥ តោន ដែលគិតជាទឹក​ប្រាក់មានចំនួន ២៨៦ ​លានដុល្លារសហរដ្ឋអាមេរិក។ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ​៤៤៩ ៣២៥តោន​ ទៅកាន់គោលដៅចំនួន៥៥ ​ក្នុងនោះ នាំចេញទៅកាន់ប្រទេសចិន​ រួមចំណែក ៤៤.០៩ ភាគរយ ប្រទេសបារាំង ១៤.៨៣ ភាគរយ ប្រទេម៉ាឡេស៊ី​ ៥.៥៨ ភាគរយ ប្រទេសហូឡង់ ៤.៦៥ ភាគរយ ប្រទេសអ៊ីតាលី ​២.៦៥ ភាគរយ ប្រទេសហ្កាប៊ុង ២.៦៣ ភាគរយ ប្រទេសព្រុយណេ ២.៤៤ ភាគរយ ចក្រភពអង់គ្លេស ២.៤៥ ភាគរយ​ និងប្រទេសអាល្លឺម៉ង់ ២.០៨ភាគរយ។ក្នុងចំណោមនៃអង្គរនាំចេញសរុប អង្ករក្រអូបប្រណិត រូមចំណែក ៣៩ ភាគរយ ឬ ១៧៧ ៤៨១ តោន អង្ករសែន​ក្រអូបចំនួនជិត២៩ ភាករយ ឬ១២៨ ៧៥៣ តោន ​អង្ករសគ្រាប់វែងចំនួនជិត ២៨ភាគរយ​ ឬ ១២៣ ៣១៨ តោន អង្ករចំហុយជាង ​២ ភាគរយ ឬ ១០ ៦៨០ តោន និងអង្ករសរីរាង្គ​ចំនួនជិត ២ ភាគរយ ឬ ៨ ១០៦​​ តោន។ចំណែក ការនាំចេញស្រូវ បានចំនួន ២,៣៥ លានតោន ​ដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួន ៥៦៣ លាន ​ដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាម ៕អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញទំនិញជាង១៧ពាន់លានដុល្លារ កើនឡើងជាង ២២ភាគរយ ក្នុងរយៈពេល៩ខែ

2022/10/10 08:28:36 pm        1377
ភ្នំពេញ៖ កម្ពុជា​បាននាំចេញទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១៧,៥២ពាន់លាន​ដុល្លារអាមេរិក ក្នុងរយៈពេលបីត្រីមាស ឆ្នាំ២០២២នេះ ​កើនឡើង២២.១% បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ​នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ទិន្នន័យដដែលនេះបង្ហាញថា ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃ ១៧,៥២ពាន់លានដុល្លារ កើនឡើង ២២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ដោយឡែក ការនាំចូលទំនិញមកកម្ពុជាវិញ ​មានតម្លៃ ២៣.៧៦ ពាន់លានដុល្លារអាមេរិក កើនឡើង​១៥.២ភាគរយ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ​ជាមួយទីផ្សារអន្តរជាតិ ក្នុងរយៈពេល​៩ខែនេះ កើនដល់ ៤១.០២ពាន់លានដុល្លារ ​កើនឡើង១៨ ភាគរយ។ទំនិញដែលកម្ពុជានាំចេញ​ទាំងនោះ រួមមាន ​សំលៀកបំពាក់​ក្នុងទំហំទឹកប្រាក់ជាង ៦.៤ពាន់​លានដុល្លារ, ម៉ាស៊ីន ​និងឧបករណ៍អគ្គិសនី,​ ផលិតផលស្បែកជើង សម្ភារធ្វើពីស្បែកសត្វ យានក្រៅពីអយស្ម័យយាន, គ្រាប់ធញ្ញជាតិ គ្រឿង​សង្ហារឹម កៅស៊ូ, រួមនឹងផលិតផលផ្សេងទៀត ដូចជា​ផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង វត្ថុវាយនភណ្ឌកែច្នៃផ្សេងជាដើម​។អ្នកជំនាញសេដ្ឋកិច្ច​ លើកឡើងថា ​ការកើនឡើងនូវការចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជានេះ ដោយ​សារកម្ពុជា ​បានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ដែល​តាម​រយៈទីផ្សារទាំង១៥​ ប្រទេសជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើនពីកម្ពុជា​ក្រោមអត្រាពន្ធទាប។ ជាមួយគ្នាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ​និងចិន ​ដែលបានចូលជាធរមាន ក៏ត្រូវបាន​អ្នកនាំចេញប្រើប្រាស់អត្ថប្រយោជន៍​កិច្ចព្រមព្រៀងនេះ ​គួរឱ្យកត់សម្គាល់ផងដែរ។តាមអគ្គយកដ្ឋាន​ និងរដ្ឋាករកម្ពុជា ​អាមេរិក ​គឺជាទីផ្សារធំបំផុតរបស់កម្ពុជា ដែលកម្ពុជាបាននាំ​ទំនិញ​ទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៧,០៤ ពាន់ដុល្លារ ​ខណៈវៀតណាម បាននាំចូលទំនិញពីកម្ពុជា​ក្នុងតម្លៃ ១,៥៩ពាន់ដុល្លារ, ជប៉ុននាំចូលទំនិញពីកម្ពុជា ​ក្នុងតម្លៃ ៨៩៧ ​លានដុល្លារ, និងចិន ក្នុងតម្លៃ៨៩៥ ​លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ 

រាជរដ្ឋាភិបាលសម្រេចបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីលើកកម្ពស់ការដាំដុះកែច្នៃ និងនាំចេញ

2022/10/10 07:53:01 pm        430
ភ្នំពេញ៖ អន្តរក្រសួងបានចាប់ផ្តើមប្រជុំអនុម័តសេចក្តីព្រាងចុងក្រោយ ដើម្បីបង្កើតរចនាសម្ព័ន្ធ​ដឹកនាំ និងគ្រប់គ្រងដើម្បីជួយលើកកម្ពស់ផលិតផល ស្វាយចន្ទីនៅកម្ពុជា ខណៈផលិតផលនេះ គឺ​ជាផលិតផលមានសក្តានុពលសម្រាប់សេដ្ឋកិច្ច។សន្និបាតកំណើតដំបូងនៃសហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានធ្វើឡើង នៅថ្ងៃទី១០ ខែតុលានេះ​ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងចុងក្រោយនៃលក្ខន្តិកៈសហព័ន្ធស្វាយចន្ទីកម្ពុជា​ដែល​ត្រូវបាន​រៀបចំ ​និងកែលម្អដោយក្រុមការងារ ​បន្ទាប់ពីបានប្រមែប្រមូល និងបញ្ចូលធាតុចូលដែល​ទទួលបានពីសិក្ខាសាលាណែនាំ ​និងប្រឹក្សាយោបល់ថ្នាក់តំបន់ មានចំនួនពីរលើក ដែល​បាន​ធ្វើឡើង​នៅក្នុងខែធ្នូ​ ឆ្នាំ២០២១ កន្លងមកនេះ។ ចំណែកទាក់ទងនឹងការបង្កើតរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រង គឺធ្វើឡើងតាមរយៈដំណើរ​ការ​បោះឆ្នោត​ដោយសន្និបាត ​ដើម្បីពិភាក្សា ​និងអនុម័តលើផែនការការងារ របស់សហព័ន្ធស្វាយ​ចន្ទីកម្ពុជា សម្រាប់ឆ្នាំខាងមុខ។ លទ្ធផលនៃសន្និបាតកំណើតដំបូងនេះ នឹងត្រូវបានចងក្រងជាឯកសារ និងរៀបចំជារបាយការណ៍​ដែល​ជា​ឯកសារចាំបាច់សម្រាប់ការចុះបញ្ជី​ ជាផ្លូវការនៅទៅក្រសួងមហាផ្ទៃ។សន្និបាតកំណើតដំបូងនសហព័ន្ធស្វាយចន្ទីកម្ពុជា គឺមានការចូលរួមពីកសិករផលិតស្វាយចន្ទី​ប្រមាណពី ​៤០-៥០នាក់ ​ដែលជាអ្នកដឹកនាំ​ ឬតំណាងមកពីសមាគមស្វាយចន្ទីកម្ពុជា សហគមន៍​កសិកម្ម ឬក្រុមអ្នកផលិតស្វាយចន្ទីនៅក្នុងខេត្តទាំង ​១០ ដែលផលិតស្វាយចន្ទីធំជាងគេនៅកម្ពុជា គឺខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ​ក្រចេះ ​ឧត្តរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ។ តំណាងក្រុមហ៊ុនឯកជន មកពីក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុនពាណិជ្ជកម្មស្វាយចន្ទី និងអ្នកផ្គត់ផ្គង់​ធាតុចូលកសិកម្ម​ ប្រមាណពី២៥ ទៅ៣០នាក់ ​ដែលជាតួអង្គនៃខ្សែច្រវាក់តម្លៃស្វាយចន្ទីនឹងត្រូវ​បាន​អញ្ជើញ​ឱ្យចូលរួមក្នុងអង្គសន្និបាតកំណើតដំបូងនេះ៕ 

ភ្ញៀវទេសចរចូលមកលេងក្រុងព្រះសីហនុច្រើនកុះករ ដោយសារការបើកល្បឿនលឿនមិនគិតលុយ

2022/10/10 07:38:32 pm        483
ព្រះសីហនុ៖ ភ្ញៀវទេសចរច្រើនកុះករចូលមកលេងកម្សាន្ដក្រុងព្រះសីហនុ ធ្វើឱ្យមានការកកស្ទះ​ចរាចរណ៍​នៅតាមផ្លូវឆ្នេរ តែអាជីវករលក់ដូរនៅតាមតំបន់ឆ្នេរមានការសប្បាយចិត្តក្នុងការផ្ដល់​សេវា​កម្មទេសចរណ៍ (លក់ដូរចំណីអាហារ) នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២។អាជីវករលក់ដូរនៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុ បានលើកឡើងថា ពួកគាត់សប្បាយរីករាយ​ដែល​ឃើញភ្ញៀវទេសចរ មកលេងកម្សាន្ដច្រើនកុះករនៅចុងសប្ដាហ៍នេះ។ចំពោះតម្លៃសេវាកម្មហូបចុក ​គឺលក់ដូចថ្ងៃធម្មតា​ទៅតាមសៀវភៅបញ្ជីមុខម្ហូប ដែលបានកំណត់​ចាប់ពី ៥ដុល្លារ រហូតជាង ១០ដុល្លារ ឬលើសពីនេះ ទៅតាមតម្រូវការរបស់ភ្ញៀវ។ កន្លងមក ពួកគាត់ បានទទួលការបណ្ដុះបណ្ដាលវគ្គខ្លីពី​បដិសណ្ឋាកិច្ចល្អ និងការផ្ដល់គុណភាព​សេវា​កម្មជូនភ្ញៀវទេសចរ ​ដែលត្រូវបានរៀបចំ ឡើងដោយមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ដូច្នេះពួកគាត់​យល់ដឹងច្បាស់អំពីការរាក់ទាក់ភ្ញៀវ ​ឬការទទួលភ្ញៀវ ​ធ្វើយ៉ាងម៉េច ទាក់ទាញភ្ញៀវ​ឱ្យមក​លេងច្រើន។ ភ្ញៀវខ្លះ ពួកគាត់ មកមុជទឹកលេងលម្ហែនៅតាមឆ្នេរ ​ហូបចុកចំណីអាហារហើយ ក៏​ត្រឡប់​ទៅភ្នំពេញវិញ ​ព្រោះគេជិះតាមផ្លូវល្បឿនលឿន ​ដោយមិនបង់ប្រាក់ហើយផ្លូវល្អ។ពិតណាស់​នៅសប្ដាហ៍នេះ ​មានភ្ញៀវទេសចរចូលមកលេងលម្ហែកម្សាន្ដច្រើនកុះករ ដោយសារ​ផ្លូវល្បឿន​​លឿនបានបើកឱ្យ ពលរដ្ឋប្រើប្រាស់សាកល្បងមិនគិតលុយរយៈពេល១ខែ ដែល​ងាយស្រួល​ដល់ភ្ញៀវក្នុងការធ្វើដំណើរមកលេងកម្សាន្ដនៅ ​ខេត្ដព្រះសីហនុច្រើនបែបនេះ។ចំពោះទិន្នន័យទូរលេខចំនួនភ្ញៀវ ​ដែលបានចូលមកលេងកម្សាន្ដនៅខេត្ដព្រះសីហនុ ​ចំនួនប៉ុន្មាន មិនទាន់​មាននៅឡើយ ដោយលោក តាំង សុចិត្រគ្រឹះស្នា ​ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ថា “មិនធ្វើការបូកសរុបចុងសប្ដាហ៍ទេ​ តែលោកធ្វើការបូកសរុបភ្ញៀវប្រចាំសប្ដាហ៍”។

ទេសចរអន្តរជាតិមកទស្សនាកម្ពុជា តាមកញ្ចប់ទេសចរណ៍កើនជាង៣០% ក្នុងរយៈពេល២ខែកន្លងមកនេះ

2022/10/06 07:57:42 pm        609
ភ្នំពេញ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសបើកទេសចរណ៍ ហើយ​ចុងក្រោយនេះកម្ពុជាដកចេញវិធានការប្រកាសសុខភាពលើអ្នកដំណើរអន្តរជាតិ និង​បណ្ណវ៉ាក់សាំង​កូវីដ១៩​ ក្រសួងទេសចរណ៍​សំគាល់ឃើញថា​ ចាប់ពីខែសីហាដល់​ខែកញ្ញាកន្លងមកនេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា​តាមកញ្ចប់ទេសចរណ៍គឺមានការកើនឡើងល្អជាង​បណ្តាខែមុនៗ។បើតាមលោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍ បានថ្លែងនៅថ្ងៃទី៦ ​ខែកញ្ញាឆ្នាំ២០២២នេះថា នៅក្នុងកំណើនភ្ញៀវទេសចរ​អន្តរជាតិ​មកកម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០២២ មានប្រមាណជាង១លាន២សែននាក់នោះ សំគាល់​ឃើញថា មានតែក្នុងរយៈពេល២ខែចុងក្រោយនេះពោលគឺខែសីហា ​និងខែកញ្ញានេះ ដែលកម្ពុជា​បាន​ទទួលភ្ញៀវទេសចរអន្តរជាតិបានមកទស្សនាកម្ពុជា តាមកញ្ចប់ទេសចរណ៍មានកំណើន​ល្អប្រសើរ​ជាងបណ្តាខែមុនៗកន្លងមក ​ហើយយើងរំពឹងថា ក្នុងឆ្នាំ២០២២នេះ នឹងមានភ្ញៀវអន្តរជាតិ​មក​ទស្សនា​កម្ពុជា ​តាមកញ្ចប់ទេសចរណ៍ប្រមាណ៤០%​ បើប្រៀបធៀបនឹងឆ្នាំ២០១៩ដែលឆ្នាំមិន​ទាន់​មានកូវីដរាតត្បាត។បើតាមលោក រឿន ភូមិរ៉ា ប្រធានក្រុមហ៊ុនទេសចរណ៍ ​តាខ្មៅ ហូលីដេ ​បានថ្លែងថា សម្រាប់​ក្រុម​ហ៊ុនការីទេសចរណ៍លោកក្នុងនៅក្នុងខែកញ្ញានេះ មានទេសចរអន្តរជាតិបានកក់ទិញដើរកញ្ចប់​ទេសចរណ៍មានកំណើនប្រមាណ៣០%ធៀបឆ្នាំ២០១៩ ។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា ​CATA ថ្លែងថា ចាប់តាំង​ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសមក ភ្ញៀវទេសចរអន្តរជាតិបានកក់ទិញកញ្ចប់ទេសចរណ៍​មកទស្សនាកម្ពុជា​នៅក្នុងអំឡុងខែកញ្ញានេះមានចំនួនច្រើន ហើយចំនួននេះនឹងកើនជាបន្តបន្ទាប់​ទៀតរហូតខែមេសាឆ្នាំ២០២៣។លោកស្រី ឆាយ សៀវលីន បន្តថា ​យ៉ាងណាក៏ដោយ ក្នុងចំណោមក្រុមហ៊ុនការីទេសចរណ៍​ដែល​បានព្យួរអាជីវកម្ម ​មកដល់ពេលនេះ ​មានក្រុមហ៊ុនការីទេសចរណ៍ប្រមាណជាង ២០០ក្រុមហ៊ុន​បានបើកដំណើរការអាជីវកម្មឡើងវិញ ​ហើយគេកំពុង​មាន​ភាពម​មាញឹកខ្លាំង​ក្នុងទំនាក់ទំនង​ភ្ញៀវអន្តរជាតិ ​និងរៀបចំកញ្ចប់ទេសចរណ៍តម្លៃ​សមរម្យជូនភ្ញៀវទេសចរអន្តរជាតិមក​ទស្សនាកម្ពុជា នៅក្នុងខែបន្តបន្ទាប់នេះទៀតផងដែរ៕អត្ថបទ ស៊ុម សុខជា

សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ស្នើសុំចូលជាសមាជិក ILO-BFC

2022/10/06 07:29:34 pm        745
ភ្នំពេញ៖ សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលជាសមាជិករបស់​គណៈកម្មការ​គម្រោង​រោងចក្រ​កាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួន​ស្របតាម​ចក្ខុវិស័យ​របស់សមាគម។ ក្នុងជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៥ តុលា​ ឆ្នាំ២០២២កន្លងទៅ ​នៅទីស្តីការក្រសួង លោក Cheng Chin Chun ប្រធាន​សមាគមកាបូប ​ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា​ បានលើកឡើងថា​ សមាគមរបស់លោក បានចុះបញ្ជីកាទទួលស្គាល់​ដោយក្រសួងការងារ ​កាលពីខែសីហាកន្លងទៅ ក្នុងគោលបំណង​រួម​ចំណែក​ធ្វើឲ្យមាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ​និងចូលរួម​ចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ​ទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេស​កម្ពុជាឲ្យ​បានកាន់តែច្រើនបន្ថែមទៀត ​ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជា ព្រមទាំង​ចូលរួម​គោរព​ច្បាប់ ​លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគ បង្កើត រោងចក្រសហគ្រាស​នៅ​ក្នុងប្រទេសកម្ពុជា ​ផ្តល់ឱកាសការងារបានយ៉ាងច្រើនជូន​ដល់កម្មករនិយោជិត ក្នុងការចូលរួម​ចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ ពាក់ព័ន្ធនិងសំណើរភាគីសមាគម ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា បើតាមការគោលការណ៍ណែនាំ​រួម​របស់ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រ​សហគ្រាស ​ផលិតផលស្បែកជើង ​និងកាបូប ​មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួម​បង់​ភាគទាន​ទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់​គម្រោង​រោងចក្រកាន់តែប្រសើរនៅកម្ពុជា ​និងក្រុមអធិការកិច្ចរបស់ក្រសួង។ ចំណែកអត្ថប្រយោជន៍​ដែល​សមាជិករបស់គម្រោងទទួលបាន ​គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រ សហគ្រាស​របស់ខ្លួន​ពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។ ឯកឧត្តម គូសបញ្ជាក់ថា​ អាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា​ គឺរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាព​នយោបាយ ដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ​សន្តិភាព និងការអភិវឌ្ឍ ជាបំណង​ប្រាថ្នារបស់មនុស្សគ្រប់ៗរូប​ បើគ្មានសន្តិភាព​ អស្ថេរភាពនយោបាយ ​នោះអ្នកវិនិយោគ គេក៏មិនហ៊ាន​ចូលមកវិនិយោគនៅក្នុងប្រទេសដែលពោរពេញដោយសង្រ្គាមនោះដែរ៕ អត្ថបទ ៖ឈិត បូរ៉ាវី

ក្រសួងកសិកម្ម អង្គការ UNIDO សហការលើកកម្ពស់គុណភាពផលិតផលជលផល ដើម្បីនាំចេញទៅអឺរ៉ុប

2022/10/05 07:51:43 pm        1663
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ និងអង្គការ UNIDO នឹងបន្តកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ផលិតផលជលផល ​មានគុណភាព ​និងសុវត្ថិភាព ​របស់កម្ពុជា និងអាចនាំមកពីផ្សារអឺរ៉ុប នាពេលអនាគត។ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Ali Badarneh នាយកផ្នែកសុវត្ថិភាពចំណីអាហារ ​និងប្រព័ន្ធស្បៀងអាហារនៃអង្គការ UNIDO បានពិភាក្សាលើ​គម្រោងពង្រឹង​គុណភាព និងសុវត្ថិភាពផលិតផលជលផលនេះ​ នៅក្នុងជំនួបមួយ ​កាលពីថ្ងៃទី៤ ខែតុលា នាទីក្រុងវីយ៉ែន​ ប្រទេសអូទ្រីស (Austria)។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ​លើការអនុវត្តគម្រោងនានាគាំទ្រដោយ UNIDO។ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើដល់អង្គការ UNIDO ពិនិត្យលទ្ធភាពជួយគាំទ្រ និងសហការលើការអភិវឌ្ឍ​អាជីវកម្មកសិកម្ម កសាងសមត្ថភាពលើផ្នែកសុវត្ថិភាពអាហារ ការគាំទ្រដល់ការកែលម្អហេដ្ឋា​រចនា​សម្ព័ន្ធ គុណភាពសេវាមន្ទីរពិសោធន៍​ និងវិញ្ញាបនប័ត្រគាំទ្រ។ជាការឆ្លើយតប លោក Ali Badarneh បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងភាគីទាំងពីរ​ ឈានទៅសម្រេចបាននូវលទ្ធផល​ជាផ្លែផ្កា​គួរ​ជាទីមោទនៈ។ លោកបន្ថែមថា លក្ខណៈពិសេសនៃគម្រោង CAP FISH នេះគឺផ្តោតសំខាន់ទៅលើសុវត្ថិភាព​នៃ​ផលិតផលជលផល ​និងការគាំទ្រដល់ផ្នែក​ហិរញ្ញប្បទាន​ដល់កសិករលើការ​កែច្នៃ​ វេចខ្ចប់ ប្រកបដោយ​គុណភាពនិងសុវត្ថិភាព។លោក បន្តថា អង្គការ UNIDO ពិតជារីករាយក្នុងការពង្រីកគម្រោងនេះ​ថែមមួយកម្រឹតទៀត ដោយ​បាន​ចាប់ផ្តើមជជែកការងារលម្អិតជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជា​សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍​ដទៃ​ទៀតផងដែរ។ លោក Ali Badarneh សង្ឃឹមថា ​ផលិតផលជលផលប្រកបដោយគុណភាព និងសុវត្ថិភាពរបស់​កម្ពុជា​នឹង​អាចនាំមកពីផ្សារអឺរ៉ុបនាពេលអនាគត។ ​ចំពោះសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ​អង្គការ UNIDO នឹងជជែកលម្អិតជាមួយមន្ត្រីជំនាញនៃរដ្ឋបាល​ជលផលក្នុងកិច្ចប្រជុំផ្នែក​បច្ចេកទេស​នារសៀលនេះ៕ អត្ថបទ៖ វណ្ណៈ 

ខេត្តកំពង់ស្ពឺនឹងក្លាយជាតំបន់ទាក់ទាញអ្នកវិនិយោគ និងជាតំបន់ឧស្សាហកម្មដ៏ធំ

2022/10/05 07:31:43 pm        955
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ នឹងកា្លយជាតំបន់ឧស្សាហកម្មធំមួយ និងអាចស្រូបយកសក្តានុពលវិនិយោគ​កាន់តែច្រើន ស្របពេលកម្ពុជាមានផ្លូវល្បឿនលឿន ជាពិសេសខេត្តមួយនេះ ជាចំណុចកណ្តាល​រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ​ងាយដល់ការចរាចរណ៍ទំនិញចុះឡើង។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង​ក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​ស្របពេលកម្ពុជាមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ​ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់សេវាដឹកជញ្ជូន​ កាន់តែលឿន ​និងមានទំនុកចិត្ត ក្នុងនោះ​ចំពោះការវិនិយោគលើវិស័យឧស្សាហកម្ម​ វិនិយោគិននឹងអាចសម្លឹងមើល អំពីសក្តានុពល​វិនិយោគ​របស់ខ្លួននៅខេត្តកំពុងស្ពឺ ​ដោយសារខេត្តមួយនេះមានថ្លៃដីទាប អាចសង់រោងចក្រ​បានច្រើន ​សម្រាប់ផលិតបម្រើទីផ្សារនាំចេញ ​ដែលរំពឹងថា​ នៅពេលខាងមុខ កម្ពុជានឹង​ទទួល​បានរបាយនៃការវិនិយោគតាមតំបន់ផ្សេងៗកាន់ច្រើន ។ទាក់ទងការអភិឌ្ឍន៍នេះ, ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា ​អ្វីដែលកម្ពុជា ​កំពុងទទួលបាន ​ជាពិសេសអ្វីដែលខេត្តកំពង់ស្ពឺកំពុងមានបច្ចុប្បន្ន គឺបានកើត​ចេញពី​សុខ​សន្តិភាព ក្នុងនោះមានសុខសន្តិភាព​ទើប​មាន​ការអភិវឌ្ឍ​លើគ្រប់វិស័យ ជា​ពិសេសការអភវិឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធជាដើម។ ជាក់ស្តែងហេដ្ឋរចនាសម្ព័ន្ធនៅខេត្តកំពង់ស្ពឺ ​បានកំពុងគ្រប់ដណ្តប់កាន់តែល្អប្រសើរ គឺមានផ្លូវ មានទឹក ​មានភ្លើង ​នឹងស្របពេលផ្លូវល្បឿនលឿនបានកើតឡើងជាបន្តបន្ទាប់ទៀតនេះ វិនិយោគិន​អាច​សម្លឹង​ឃើញ ​អំពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។ឯកឧត្តម អភិបាល បានបញ្ជាក់ថា រដ្ឋបាលសាលាខេត្ត ​តែងតែចូលរួមផ្សព្វផ្សាយ ជាពិសេស​ចាប់តាំង​ពីរការ​បើក​សម្ពោធ​សាងសង់​ផ្លូវ​ល្បឿនលឿន អំពីទីតាំង​ ភូមិសាស្រ្ត ធ្វើឲ្យអ្នក​រកស៊ី​ទទួលទានទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ​ដោយកន្លងមកនេះ ខេត្តកំពង់ស្ពឺទទួល​បាន​ឱកាសវិនិយោគជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងសេដ្ឋកិច្ចផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ

2022/10/04 07:46:54 pm        941
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាមួយដើម្បីផ្តល់នូវពុទ្ធិ និងព័ត៌មានស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ អំពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់​អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ​ដើម្បីជាមូលដ្ឋានគ្រឹះ ​ក្នុងការសហការអនុវត្តរវាង គ.ល.ក. និងអាជ្ញាធរសាធារណៈពាក់ព័ន្ធ ​លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនេះប្រកបដោយ​ប្រសិទ្ធភាព ​និងស្មារតីទទួលខុសត្រូវខ្ពស់ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងពិធីបើក​សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មជូនដល់អាជ្ញាធរ​សាធារណៈ​ពាក់ព័ន្ធ ​នៅថ្ងៃទី ៤ខែតុលា ឆ្នាំ ២០២២នេះថា ​ជា​ទិដ្ឋភាព​គតិយុត្តិ, ច្បាប់​ស្តីពីការ​បង្ក្រាប​ល្បែងស៊ីសង​ នៅកម្ពុជាដែលត្រូវបាន​អនុម័ត​ និង​ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល​ ក្នុងការផ្តល់ការ​អនុញ្ញាត​ឱ្យមាន​ល្បែងពាណិជ្ជកម្ម​នៅ​ក្នុងប្រទេសកម្ពុជា ។ នៅក្នុងការអនុវត្តជាក់ស្ដែង​នាពេលកន្លងមក, មុនពេលដែលច្បាប់​ស្តីពីការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម​ចូលជាធរមាន, រាជរដ្ឋាភិបាលមានយន្តការគ្រប់គ្រងវិស័យនេះ ដោយផ្អែកលើ​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយចំនួនដូចជា៖ ​ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​, សេចក្តីសម្រេច និង​សារាចរ​ណែនាំ​របស់រាជរដ្ឋាភិបាល, ​ប្រកាសអន្តរក្រសួង និង ​សៀវភៅបន្ទុក ជាដើម ។ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអនុញ្ញាតឱ្យមាន​ការគ្រប់គ្រងលើវិស័យកាស៊ីណូ ​និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាង​តឹងរ៉ឹង និងប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះដែរ, ដើម្បីធានាភាពរឹងមាំ, តម្លាភាព, សុចរិតភាព និងគណនេយ្យភាព របស់​ប្រតិបត្តិការ​មណ្ឌលល្បែងពាណិជ្ជកម្ម, ច្បាប់នេះ​ក៏បានកំណត់អំពីលក្ខណៈសម្បត្តិ របស់បុគ្គល​ជា​កម្មសិទ្ធិករ ឬប្រតិបត្តិករ​ ដោយផ្តោតសំខាន់លើធនធានហិរញ្ញវត្ថុ, ​សមត្ថភាពធុរកិច្ច, គុណវុឌ្ឍ​របស់​អ្នកកាន់កាប់អាជ្ញាបណ្ណ, ការពង្រឹងសមត្ថភាពស្ថាប័ន,ការកំណត់អំពីប្រភេទអាជ្ញាបណ្ណ, ដែនកំណត់​នៃការលេងល្បែង, ​ការកំណត់អំពីចំណូលកាតព្វកិច្ច, វិធានការនៃការ​ផ្សះផ្សារ​ និងដោះស្រាយវិវាទ, និងការដាក់ទណ្ឌកម្មជាដើម ៕ អត្ថបទ៖ សុន រ៉ាឌី

ជើងហោះហើរកម្ពុជា-ចិន មានការកើនឡើង ខណៈរុញច្រានជើងហោះហើរកម្ពុជាកើនដល់៣៣ភាគរយ

2022/10/04 06:45:31 pm        486
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនជាង១០ក្រុមហ៊ុន ដែលបានដាក់ពាក្យ​ស្នើបើក​ជើងហោះហើរត្រង់មកកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២២ មកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ ចាប់ផ្តើមមានជើងហោះហើរពីចិនមកកម្ពុជាជាបណ្តើរៗហើយ និង​បានរុញច្រានឱ្យចំនួនជើងហោះហើរកម្ពុជា ក្នុងរយៈពេល៩ខែមានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩។បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់BTV នៅថ្ងៃទី៤ ខែតុលានេះថា ​ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុន​អាកាសចរណ៍របស់ប្រទេសចិនមួយចំនួន បានបើកជើងហោះហើរត្រង់​ទៅមកពីបណ្តា​ខេត្ត​ចំនួន៨នៅប្រទេសចិន មកកាន់កម្ពុជា បានចំនួន៣០ជើងក្នុងមួយសប្តាហ៍ ហើយការមាន​ជើង​ហោះហើរ​ត្រង់កម្ពុជាចិននេះ​ បានធ្វើឡើងក្នុងខណៈរដ្ឋាភិបាលចិន កំពុង​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​រឹត បន្តឹង​គោលនយោបាយ Zero Covidនៅក្នុងប្រទេសចិន។ឯកឧត្តម ជា អូន ប៉ាន់ប្រមាណថា ក្នុងខែកញ្ញានេះ ​ចំនួនជើងហោះហើរសរុបមានកំណើន​ប្រមាណ ៣៣%នៃចំនួនជើងហោះហើរសរុប​ ១០ម៉ឺន៤៧៧០ជើងក្នុងឆ្នាំ២០១៩នោះ ក្នុងនោះ អ្នកដំណើរ​អន្តរជាតិមកកម្ពុជា ​នឹងមានកំណើន២៦%បន្ថែមទៀត ​ហើយក្រៅពីនេះជាចំនួនជើងហោះហើរ​យន្តហោះដឹកទំនិញ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ​នៅថ្ងៃស្អែកនេះ នឹងចេញផ្សាយតួលេខផ្លូវការ​នៃ​អ្នកដំណើរ​អន្តរជាតិមកកម្ពុជាសរុប​ ប៉ុន្តែបើតាមតួលេខដែលក្រសួងទេសចរណ៍ប្រមូល​បានមក​ពី​តាមបណ្តាច្រកទា្វរអន្តរជាតិផ្លូវអាកាស​ ផ្លូវគោក​ និងផ្លូវទឹក​ ចំនួន២៦ច្រកទ្វារអន្តរជាតិ បានឲ្យ​ដឹងជា​បណ្តោះអាសន្នថា​ ក្នុងរយៈពេល៩ ខែឆ្នាំ២០២២ ​ទូទាំងប្រទេសទទួលអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន២សែន៥ម៉ឺននាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិ​ចូល​កម្ពុជា​តាមច្រកទ្វារអន្តរជាតិផ្លូវគោកមានចំនួនច្រើនជាងគេ៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ អ៊ីស្រាអែល ខ្វះការគោរពចំពោះអ្នកស្លាប់ដែលកប់ក្រោមគំនរបាក់បែកនៅតំបន់ហ្កាហ្សា
09/16/2026 11:09 AM
តម្លៃប្រេងបានធ្លាក់ចុះ ខណៈស្តុកប្រេងឆៅអាមេរិកកើនឡើង ទោះមានក្ដីបារម្ភការផ្គត់ផ្គង់ពីអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ
09/16/2026 11:09 AM
យន្តហោះ NATO បាញ់ទម្លាក់យានដ្រូនដែលសង្ស័យជារបស់រុស្ស៊ីនៅលើដែនអាកាសលីទុយអានី
09/16/2026 10:09 AM
រុស្ស៊ី និងអ៊ុយក្រែន បើកការវាយប្រហារថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពល ទោះលោកTrumpអះអាងពីបទឈប់បាញ់ក៏ដោយ
09/16/2026 10:09 AM
ការិយាល័យថវិកាសភា៖ ការចំណាយរបស់អាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើងដល់៣៨ពាន់លានដុល្លារ
09/16/2026 08:09 AM
ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ
09/15/2026 06:09 PM
កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
09/15/2026 06:09 PM
អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
09/15/2026 06:09 PM
នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
09/15/2026 06:09 PM
ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
09/15/2026 06:09 PM