រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

ដំណើរការដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើង១៤ភាគរយ នៅដើមឆ្នាំ២០២២នេះ

2022/04/27 02:52:02 pm        905
ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា ការដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងប្រមាណ១៤ភាគរយ នាដើមឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍន៍ទៅមុខឲ្យមានផែជម្រៅទឹកជាង១៧ម៉ែត្រ ដែលអាចឲ្យនាវាធំៗចូលចតបាន ដោយមិនចាំបាច់ផ្ទេរទំនិញនៅកំពង់ផែប្រទេសផ្សេងៗទៀតឡើយ៕

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើតំណាងរដ្ឋាភិបាលម៉ាល់ឌីវ តភ្ជាប់ទេសចរ​ដើរកម្សាន្ត​រវាង​ប្រទេស​ទាំងពីរ

2022/04/27 01:40:50 pm        565
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ជំរុញការតភ្ជាប់ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរទស្សនាបណ្តាកោះឆ្នេរសមុទ្រកម្ពុជា ជាមួយកោះឆ្នេរសមុទ្រ នៃប្រទេសម៉ាល់ឌីវ។ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម Mohamed Jinah ឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាល់ឌីវ នៅល្ងាចថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ប្រទេស​ម៉ាល់ឌីវ គឺជាប្រទេសមួយដែលសំបូរទៅដោយប្រជុំកោះ ឆ្នេរជាច្រើន ហើយមាន​ភ្ញៀវទេសចរ​ជាច្រើនអញ្ជើញជាទៅទស្សនា ហើយឯកឧត្តម ក៏បានស្នើអោយមានផ្លាស់ប្តូរ​បទពិសោធន៍គ្នា​លើការងារអភិវឌ្ឍន៍កោះ ដើម្បី​ជម្រុញ​កំណើនភ្ញៀវទេសចរទស្សនាកោះពីគ្នាទៅវិញទៅមក​រវាង​ប្រទេសទាំងពីរ។នៅក្នុងជំនួបនេះដែរ ឯកឧត្តម ថោង ខុន ក៏បានជម្រុញអោយភាគីប្រទេសទាំងពីរកម្ពុជា ​ម៉ាល់ឌីវ រៀបចំសេចក្តីព្រាងអនុសារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ ហើយឈានចូលទៅរកការចុះហត្ថលេខាព្រមព្រៀងគ្នា​ ដើម្បីបើកផ្លូវទេសចរណ៍អោយកាន់តែទូលំទូលាយថែមទៀត ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា​ បច្ចុប្បន្នកម្ពុជា​បានបើកប្រទេស និងបើកការទទួលយកភ្ញៀវ​ទេសចរ​អន្តរជាតិចាក់វ៉ាក់សាំង ​ដោយតម្រូវឱ្យបង្ហាញតែកាតចាក់វ៉ាក់សាំង​ និងសុំទិដ្ឋាការ ពេលមក​ដល់​កម្ពុជា​ ហើយការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះដែរ កម្ពុជាក៏មានការដកចេញការ​រឹតបន្តឹង​ផ្នែកសុខាភិបាល ​ព្រមទាំងវិធានការមួយចំនួនទៀត។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ Mohamed Jinah បានថ្លែង​ការគាំទ្រប្រសាសន៍​ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន លើការរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ និងតភ្ជាប់ជើងហោះរវាង​ប្រទេស​ពីរ។ ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ​ ដែល​បានគ្រប់គ្រង​ស្ថានភាពឆ្លងរីករាលដាល ​នៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង​ទប់ស្កាត់​កូវីដ១៩​ទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ​បានគាំទ្រឱ្យកម្ពុជា ធ្វើម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំ​គណៈកម្មការ​អង្គការ​ទសចរណ៍​ពិភពលោក​ សម្រាប់តំបន់អាស៊ី ​និងប៉ាស៊ីហ្វិក និង​គណៈកម្មការ​ទេសចរណ៍​ពិភពលោក ​សម្រាប់អាស៊ីបូព៌ា៕ អត្ថបទ ស៊ុម សុខជា

សមាគមស្ករត្នោត GI ខេត្តកំពង់ស្ពឹ មានតម្រូវការខ្ពស់ ជាមួយនឹងតម្លៃល្អប្រសើរ ក្នុងឆ្នាំ២០២២

2022/04/27 01:14:21 pm        592
កំពង់ស្ពឺ៖ នៅឆ្នាំ២០២២នេះ ស្ករត្នោតកំពង់ស្ពឹ មានតម្លៃល្អប្រសើរគឺប្រមាណ ៧ ០០០រៀល កើនឡើង ធៀបនឹងតម្លៃ ឆ្នាំកន្លងទៅ ដោយសារសក្តានុពល ក៏ដូចជាមានតម្រូវការខ្ពស់លើការនាំចេញទៅទីផ្សារក្រៅស្រុក។លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ក្នុងបទសម្ភាសន៍ផ្ទាល់ ជាមួយនឹងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី២៧ មេសា ឆ្នាំ២០២២ មានប្រសាសន៍ថា ស្ករត្នោតកំពង់ស្ពឺ ដែលជាទំនិញសម្គាល់ម៉ាកភូមិសាស្រ្ត (GI) ទទួលបានការបញ្ជាទិញច្រើន​ពីទី​ផ្សារអន្តរជាតិ ជាពិសេសខាងប៉ែកអឺរ៉ុប។ លោកបានបន្តថា តម្លៃស្ករត្នោតឆ្នាំនេះ មានតម្លៃល្អប្រសើរ ប៉ុន្តែបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើន បានរាំងស្ទះដល់ការប្រមូលផល។លោក សំ សារឿន បានអះអាងថា មកដល់ពេលនេះ ទីផ្សារសម្រាប់ស្ករត្នោតកំពង់ស្ពឺ គឺធំទូលាយទៅលើការនាំចេញទៅបណ្តាប្រទេសប្រមាណ ១៥ទៅ២០ប្រទេស ហើយប្រទេសដែលមានតម្រូវការច្រើនជាងគេគឺបារាំង បន្ទាប់អាម៉េរិក និងជប៉ុនជាដើម។ លោកប្រធានសមាគមរូបនេះ បានឲ្យដឹងថា បន្ទាប់ពីស្ករត្នោតកំពង់ស្ពឺ ទទួលបានការចុះបញ្ជី​នៅ​សភាពអឺរ៉ុប ថៃ និងវៀតណាមកន្លងមក​ ទីផ្សារស្ករត្នោតកំពង់ស្ពឺ មានការកើនឡើង​លើការ​នាំចេញ។ ក្នុងឆ្នាំ២០២១កន្លងទៅ ​ស្ករត្នោតប្រមាណ ២០០តោន ត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។លោក បញ្ជាក់ថា អ្នកទិញទាំងអស់ ទាំងនៅក្នុងស្រុក និងក្រៅស្រុកជ្រាបថា មុននឹងទិញស្ករត្នោត សូមឲ្យពិនិត្យ ​និងទទួលស្គាល់ថា ស្ករនេះ ​ពិតជាស្ករត្នោតកំពង់ស្ពឺ ​គឺ​មាន​ស្លាកសញ្ញា និងបាកូតបញ្ជាក់យ៉ាងត្រឹមត្រូវពីសមាគម៕អត្ថបទ៖ឈិត បូរ៉ាវី

កម្ពុជា-អ៊ីតាលី ឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម

2022/04/27 01:05:18 pm        787
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បានប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត តាមរយៈការទាក់ទាញអ្នកវិនិយោគអ៊ីតាលីមកកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើកិច្ចសម្រួលពាណិជ្ជកម្ម និងពិនិត្យពីសក្តានុពលដែលកម្ពុជាមាន ដូចជាវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងវិស័យទេសចរណ៍។ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបការងារជាមួយឯកឧត្តម Lorenzo Galanti ​ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជា ​ដែលទើបតែងតាំងថ្មី កាលពីរសៀល​ថ្ងៃទី២៦​ មេសា​ ឆ្នាំ២០២២កន្លងទៅនេះ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋា​ភិបាល​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ​តាមរយៈវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និង​យុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ​ដែល​អនុញ្ញាតឲ្យកម្ពុជា​អាចបើកប្រទេស ដំណើរការ​សកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ​លើគ្រប់វិស័យ និងថ្មីៗនេះឈានទៅដល់ការ​លើក​លែង​ការពាក់ម៉ាស់នៅ​ទីសាធារណៈទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា​ ខណៈដែលកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅ​ជាមួយ​កូវីដ-១៩​តាមគន្លងប្រក្រតីភាពថ្មី ​និងបដិវត្តឧស្សាហកម្មទី៤ វិស័យពាណិជ្ជកម្មនិងការ​វិនិយោគ ​បានដើរតួយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេសការស្តារសេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិជំងឺកូវីដ-១៩។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្រាប់កិច្ចស្វាគមន៍ និងបានទទួល​ស្គាល់ ​នូវល្បឿន​នៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់កម្ពុជា។ ​ឯកឧត្តម ​បានជូនដំណឹងអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះពិព័រណ៍​ពិភពលោក​នៅទីក្រុងរ៉ូម​ឆ្នាំ២០៣០ខាងមុខ។ សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី សម្រេច​បានប្រមាណជាង​ ៣៤០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ និង​ជាង ៣៧០លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ ​កំណើន ៧.៧៤%។ ដោយទទួល​រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ធ្វើឲ្យ​ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ​បានធ្លាក់ចុះមកត្រឹមជាង ៣៣០លានដុល្លារអាមេរិក ​ក្នុងឆ្នាំ២០២០​ ថយចុះ១១.៦៤% ហើយកើនឡើងវិញបន្តិចបន្តួច​នៅ​ឆ្នាំ២០២១ ដែលមានចំនួន ៣៣៤លានដុល្លារអាមេរិក៕ អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជា-ជប៉ុន ចាប់ផ្តើមពង្រឹងភាពជាដៃគូរក្នុងងការវិនិយោគ និងវិស័យ SME

2022/04/27 12:33:44 pm        551
ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចាប់ដៃគូរជាមួយជប៉ុន ដើម្បីពង្រីកខ្លួនក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ការផ្លាស់ប្តូរបទពិសោធន៍ ការផ្គូផ្គងដៃគូវិនិយោគ ការធ្វើពាណិជកម្ម និងការអភិវឌ្ឍនៅក្នុងសហគ្រាសធុនតូច និងមធ្យម ដើម្បីប្រកួតប្រជែង និងជំរុញទីផ្សារនាំចេញ។លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងនៅក្នុងពិធីផ្គូផ្គងអាជីវកម្ម កម្ពុជា-ជប៉ុន និងការចុះអនុស្សារណៈយោគយល់គ្នា រវាង​សម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា និងសមាគនជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២ នេះថា ជុំវិញការអភិវឌ្ឍន៍កម្ពុជាគឺជាប្រទេសមួយមាន មាន​សក្តានុពល​វិនិយោគ ​ដែលវិនិយោគិនមានឱកាសច្រើន ​លើការកែច្នៃ ​វិចខ្ចប់ ​សម្រាប់​ផ្គត់ផ្គង់​នៅតាមទីផ្សារ ឬការនាំចេញ ព្រោះកម្ពុជាគឺជាប្រទេសកសិកម្ម ដែលបច្ចុប្បន្នវិស័យនេះត្រូវបានរាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់យ៉ាងខ្លាំង ​គឺការផលិតសម្រាប់ផ្គង់ផ្គង់ក្នុងស្រុក ​និងបម្រើទីផ្សារនាំចេញជាដើម។លោកឧកញ៉ា បន្តថា ដោយមើលឃើញពីសក្តានុពលនេះ ការចុះអនុស្សារណៈយោគយល់គ្នា​ជាមួយ​សមាគម​ជប៉ុន-កម្ពុជា ​គឺជាការស្វែងរកដៃគូរពាណិជ្ជកម្ម ការផ្លាស់ប្តូរបទពិសោធន៍រវាង​គ្នាទៅវិញ​ទៅមក​ និងការវិនិយោគជាដើម ​ដើម្បីពង្រីកខ្លួនខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុក ផលិត​សម្រាប់​ផ្គត់ផ្គង់ទីផ្សារ​ និងបម្រើទីផ្សារនាំចេញរវាងប្រទេសទាំងពីរផងដែរ, ហើយក្រៅ​ពី​គោលការណ៍​ខាងលើ​ ការចុះអនុស្សារណៈនេះ​ ក៏ជាការទាក់ទាញវិនិយោគិនជប៉ុន ឲ្យមក​បណ្តាក់ទុន​នៅកម្ពុជាកាន់តែច្រើន ​ជាពិសេសលើវិស័យសហគ្រាសធុនតូច និងមធ្យម។ ក្នុងពិធីនេះ, ឯកឧត្តម TAKAHASHI Fumiaki​ ប្រធាន​សមាគមកម្ពុជា-ជប៉ុន ​បានថ្លែងថា កម្ពុជា គឺជា​ប្រទេសមួយ កំពុងមានការអភិវឌ្ឍន៍រីកចម្រើន ដែលវិនិយោគិនបរទេសជាច្រើនបាន​កំពុង​ចាប់​អារម្មណ៍ ​ជាក់ស្តែងវិនិយោគិនមកពីប្រទេសជប៉ុនជាដើម បានកំពុងសម្លឹងមើលឱកាសវិនិយោគ​នៅ​កម្ពុជាផងដែរ។ ចំណែកទីផ្សារនាំចេញវិញ ឯកឧត្តម TAKAHASHI Fumiaki បញ្ជាក់ថា ផលិតផលរបស់កម្ពុជា​ជាច្រើន បានកំពុងនាំចេញទៅកាន់ទីផ្សារជប៉ុន​ និងកំពុងមានការគាំទ្រពីប្រជាជនជប៉ុន​ផងដែរ, ក្នុងនោះតាមរយៈនៃការចាប់ដៃគូរយោគយល់គ្នា ​ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជានេះ នឹងបង្កើតនូវភាពស្និតស្នាលក្នុងដៃគូរវិនិយោគឲ្យកាន់តែល្អប្រសើរ និងស្វែងរក​ឱកាសវិនិយោគថ្មីៗជាបន្តទៀត ជាពិសេសការអភិវឌ្ឍន៍នៅក្នុងសហគ្រាសធុនតូច និង​មធ្យម​ជាដើម ​ដើម្បីប្រកួតប្រជែង​ និងជម្រុញទីផ្សារនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី

វិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគ និងចាប់ដៃគូពាណិជ្ជកម្មនៅកម្ពុជា

2022/04/26 02:04:48 pm        895
ភ្នំពេញ៖ វិនិយោគិនជប៉ុន សិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាការស្វែងរកដៃគូ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម ក្រោយខកខានរយៈពេលពីរឆ្នាំដោយសារវិបត្តិកូវីដ១៩។នៅក្រោយចប់កិច្ចប្រជុំ រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន កាលពីល្ងាចថ្ងៃទី២៥ មេសា ឆ្នាំ២០២២កន្លងទៅនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីដា ភីអ៊ិលស៊ី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌ថា នេះជាលើកទី២ នៃការរៀបចំ​ឲ្យ​មាន​ការ​ផ្គូផ្គង​ធុរកិច្ចនេះឡើង​ ដោយមានក្រុមហ៊ុនចម្រុះ​ខាងកម្ពុជាចំនួន ​២៩ក្រុមហ៊ុន ​និងភាគីជប៉ុនចំនួន ២៤ក្រុមហ៊ុន ​ដើម្បីស្វែងរកឱកាសវិនិយោគនៅទូទាំង​ឧស្សាហកម្មផ្សេងៗ និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយសហគ្រិនក្នុងស្រុក។លោក បានបន្តថា ព្រឹត្តិការណ៍នេះ ​គឺជាការ​ផ្គូផ្គង​ពាណិជ្ជកម្ម ដែលត្រូវបានផ្តួចផ្តើម​គំនិតដោយ​សមាគម​ជប៉ុន-កម្ពុជា ​និងធនាគារអេស៊ីលីដា​ ដើម្បីដោះស្រាយការបណ្តាក់ទុនថ្មីៗនៅកម្ពុជា ក្នុងគោលបំណងស្វែងរកឱកាសបែបនេះ ឬដៃគូកម្ពុជាសមស្របដើម្បីសម្រេចគោលបំណង​របស់អ្នកវិនិយោគ។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាកាហាឈី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអាចទាក់ទាញការ​វិនិយោគថែមទៀត​ទៅក្នុងវិស័យផ្សេងៗ និងនាំមកនូវចំណេះដឹងផ្នែកបច្ចេកទេស និងឱកាសការងារកាន់តែច្រើនមកកម្ពុជា។ លោកសង្ឃឹមថា តារមយៈកិច្ចជំនួបលើកទី២នេះ នឹងក្លាយជាជំនួបដ៏វិសេសវិសាល ដើម្បីពង្រឹងនិង​បំពេញ​តម្រូវការជូនធុរជនទាំងអស់ ក្នុងការស្វែងយល់អំពីសហគ្រិនភាព ​រវាងប្រទេសកម្ពុជា និងជប៉ុន ដើម្បីរួមចំណែកជាថាមវន្តក្នុងកិច្ចការធុរកិច្ចជាមួយគ្នា។សូមបញ្ជាក់ថា ជំនួបធុរកិច្ចខាងលើនេះ មានការចូលរួមពីសំណាក់វិនិយោគិនពហុវិស័យ​ រួមមាន វិស័យកាត់ដេរ អង្ករ ​ភោជនីយដ្ឋាន​ សំណង់ ការប្រឹក្សាយោបល់ ​ការគ្រប់គ្រងធុរកិច្ច ​ទេសចរណ៍ អេឡិចត្រូនិច ​អាហារសុខភាព ​ដឹកជញ្ជូន ​ហិរញ្ញវត្ថុ ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ចជាដើម។លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា នាពេលអនាគត ប្រសិនបើមានការស្នើរសុំពីពាណិជ្ជករ ឬសមាគម​ដទៃផ្សេងទៀតក្រៅពីជប៉ុន​ ដូចជាកូរ៉េ ​និងចិនជាដើម ​លោកនឹងជួយរៀបចំ​ឲ្យ​មាន​កិច្ចប្រជុំដូចគ្នាខាងលើនេះ ខណៈដែលប្រទេសទាំងពីរបានបង្កើត​ឲ្យមានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយគ្នា ​ដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និ​ងបង្កើនឱកាសវិនិយោគជាដើម។ល៕អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងសាធារណការ ទាក់ទាញក្រុមហ៊ុនអាមេរិកផលិតថយន្តអគ្គិសនីចូលមកម្ពុជា

2022/04/26 01:55:05 pm        978
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនរថយន្តល្បីៗរបស់អាមេរិក ចូលមកវិនិយោគ និងបើកហាងលក់រថយន្តអគ្គិសនីនៅកម្ពុជា។ ការទាក់ទាញក្រុមហ៊ុនរថយន្តល្បីៗអាមេរិកនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយលើថ្លៃប្រេងឥន្ទនៈ របស់ប្រជាពលរដ្ឋ​ និងចូលរួមកាត់បន្ថយការបំពុលដល់បរិស្ថាន។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ​បញ្ចូល​ថាមពលសម្រាប់យានយន្តអគ្គិសនី និង​ប្រេងឥន្ធនៈ កាល់តិចទី៥០ នៅថ្ងៃទី២៦ ខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើ​ដល់​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម W. Patrick Murphy ជួយទាក់ទាញក្រុមហ៊ុន​រថយន្តធំៗរបស់អាមេរិក ដែលផលិតរថយន្តអគ្គិសនី ចូលមកកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល៖ កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី​នៅកម្ពុជា ​បានកើនឡើងខ្ពស់ ឆ្លុះ​បញ្ចាំង​ពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ​និងអ្នកប្រើប្រាស់ ​លើការប្រើប្រាស់រយន្តអគ្គិសនី និង​ការចូលរួមកាត់​បន្ថយការបំពុលដោយឧស្ម័នចេញពីយានយន្តដល់បរិស្ថាន។ក្នុងរយៈពេលត្រីមាសទី១ ចំនួនរថយន្តអគ្គិសនី ចុះបញ្ជីនៅក្រសួងសាធារណការ​ និងដឹកជញ្ជូន បាន​កើនឡើង ៧០០ភាគរយ ​ពី៧គ្រឿងក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដល់ ៤៧គ្រឿង ក្នុងត្រីមាសទី១ឆ្នាំនេះ។សូមបញ្ជាក់ថា បច្ចុប្បន្ន មានស្ថានីយ​បញ្ចូលថាមពល​រថយន្តចំនួនពីរទីតាំង គឺនៅ​ក្រសួងសាធារណការ ​និងស្ថានីយប្រេងឥន្ទនៈ​ Caltex ​ខណៈបីទីតាំងផ្សេងទៀត គ្រោង​បើកដំណើរការនៅក្រុងព្រះសីហនុ ​បាត់ដំបង​ និងសៀមរាប៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាពិគ្រោះយោបល់ជាលើកដំបូងរៀបចំគោលនយោបាយ និងទិសដៅបច្ចេកវិទ្យាហិរញ្ញវត្ថុ

2022/04/26 01:37:06 pm        626
ភ្នំពេញ៖ កម្ពុជាបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីប្រមូលធាតុចូលពីដៃ គូពាក់ព័ន្ធ សម្រាប់ការរៀបចំសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២នេះ អញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា​។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ សម្រាប់​ការ​រៀបចំ​សេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, លើក​កម្ពស់​ការយល់​ដឹងអំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន​ និងបញ្ហាប្រឈម, ​និងចែករំលែកគំនិត និងទស្សន​វិស័យរបស់អ្នកជំនាញ ដែលមាន​គោលដៅ​ក្នុងការ​ជំរុញ​ការអភិវឌ្ឍវិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុនៅកម្ពុជា។សិក្ខាសាលានឹងប្រារព្ធឡើង រយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី ២៦ និង ២៧ ខែមេសា ឆ្នាំ២០២២ ដោយ​មានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ​ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថាន​ហិរញ្ញវត្ថុធនាគារនិងមិនមែនធនាគារ, សមាគម, និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បី​ជម្រុញ​បង្កើតគោលនយោបាយ​ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ​បានគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ​សម្រាប់បម្រើក្នុងវិស័យហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព៕ អត្ថបទ៖ ស៊ុន រ៉ាឌី

កម្ពុជា-ឥណ្ឌូនេស៊ី សន្យារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច

2022/04/25 12:24:56 pm        728
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី បានឯកភាពគ្នា ជំរុញការពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឱ្យរឹតតែប្រសើរទ្បើងបន្ថែមទៀត។ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា កិច្ចសន្យាខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ​រវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដី​ក្រសួងពាណិជ្ជកម្ម ​និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ​និងឯកឧត្តម ម៉ូម៉ាម៉េត ឡូហ្វី (Muhammad Lutfi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញ​ការធ្វើ​ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន​ ចំពោះទំនិញ​សក្តានុពល​នានា​របស់រដ្ឋជា​សមាជិកអាស៊ាន សំដៅ​ពន្លឿនការស្តារទ្បើងវិញនូវសេដ្ឋកិច្ចតំបន់។ ក្នុងនោះកិច្ចពិភាក្សា ក៏បានផ្តោតសំខាន់លើការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Special Meeting) ​ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែឧសភា​ ឆ្នាំ២០២២ខាងមុខនេះ នៅ​ទីក្រុងបាលី ​ប្រទេសឥណ្ឌូនេស៊ី ផងដែរ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី​ បានផ្តល់ការគាំទ្រយ៉ាងពេញលេញ និង​ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​កម្ពុជា-ឥណ្ឌូនេស៊ី ​ជាពិសេសការគាំទ្រ​ដល់​កម្ពុជា​ក្នុងនាមជាប្រធានអាស៊ាន​ឆ្នាំ២០២២។ ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តមយល់ស្រប និងគាំទ្រផងដែរ ចំពោះយន្តការជំរុញការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់អាស៊ាន ​ដើម្បីអាចប្រើប្រាស់​ពាណិជ្ជកម្មអាស៊ានឱ្យសក្តានុពល ដោយផ្អែក​លើ​គោលការណ៍មជ្ឍភាពអាស៊ាន។ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវ​ការ​ប្តេជ្ញាចិត្ត​ លើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគីបន្ថែមទៀត​លើ​វិស័យ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម និង​ជាពិសេសការសម្រេចបាននូវ​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ និង​អាទិភាព​ការងារ​ប្រចាំឆ្នាំ២០២២ ​ក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុង​ពេល​ដែល​កម្ពុជា​ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ៕អត្ថបទ៖ បូរ៉ាវី

ក្រុមហ៊ុនវិនិយោគរបស់ចិនចំនួន៣ សុំស្វែងយល់ពីសម្តេចតេជោ នូវបរិយាកាសវិនិយោគនៅកម្ពុជា

2022/04/25 11:56:38 am        1010
ភ្នំពេញ៖ គណៈប្រតិភូវិនិយោគចំនួន ៣ ក្រុមហ៊ុន ដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥មេសានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក ចេន ហ្ស៊ី និងថ្នាក់​ដឹកនាំ​ក្រុមហ៊ុន វ៉េសមិន .ក្រុមហ៊ុន អ៊ីស្ទើរ និងក្រុមហ៊ុនគូអាន បាន​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ដែលបានឆ្លៀតឱកាសដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បានចូលជួបសំដែងការគួរសម និងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។ជាការឆ្លើយតបសម្ដេចតេជោ បានស្វាគមន៍លោក ចេន ហ្ស៊ី និងថ្នាក់ដឹកនាំក្រុមហ៊ុន china វ៉េសមិន .ក្រុមហ៊ុនអ៊ីស្ទើរ ​និងក្រុមហ៊ុនគូអាន​ ដោយបានជម្រាបជូនថា បរិយាកាសវិនិយោគនៅកម្ពុជា​មាន​ភាពល្អ​ប្រសើរដោយមូលហេតុ ទី១.កម្ពុជាមានសុខសន្តិភាព និងស្ថេរភាពដែលជាមូលដ្ឋាន​គ្រឹះសម្រាប់​ការវិនិយោគ.ទី២.កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់​ការងាយស្រួលដល់អ្នក​វិនិយោគ.ទី៣. កម្ពុជាមាន​ក្បាល​ម៉ាស៊ីនគ្រប់គ្រង​ច្រកចេញ​ចូលតែមួយសម្រាប់​ជួយសម្រួល​ដល់​ការវិនិយោគ.ទី៤.កម្ពុជាមិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀលសម្រាប់បើកប្រាក់​ខែអោយ​បុគ្គលិក​ទេកម្ពុជា​គឺអនុញ្ញាតអោយប្រើប្រាក់​ដទៃទៀត​ដូចជា​ដុល្លារជាដើម ដើម្បីបើកប្រាក់ខែ​ឱ្យ​បុគ្គលិក​ផង​និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ផងនិងទី៥.កម្ពុជា​មានកម្លាំងពលកម្មវ័យក្មេងច្រើន។ជាទីបញ្ចប់សម្ដេច បាន​ណែនាំឲ្យលោក ចេន ហ្ស៊ី និងប្រតិភូធ្វើការស្វែងយល់បន្ថែមទៀត​ពី​ឯកឧត្តម សុខចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​(CDC)​អំពី​ទិសដៅ​វិនិយោគនៅកម្ពុជា៕ អត្ថបទ មុត សុត

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច
04/25/2026 11:04 AM
ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានគម្រោងវិនិយោគថ្មី ចុះបញ្ជីដើមទុនលើស ៤,៨០០លានដុល្លារ
04/25/2026 10:04 AM
អ៊ីស្រាអែល បន្តវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានការបន្ថែមពេលបទឈប់បាញ់ក៏ដោយ
04/25/2026 10:04 AM
ប្រមុខមន្ទីរបញ្ចកោណ លោក Hegseth និយាយថា អ៊ីរ៉ង់មានឱកាសបង្កើត «កិច្ចព្រមព្រៀងដ៏ល្អ»
04/25/2026 10:04 AM
កម្ពុជាចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ជាមូលដ្ឋាន ខណៈកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុស្សរណៈនេះ
04/25/2026 09:04 AM
សហរដ្ឋអាមេរិក បន្ថែមពេលការលើកលែងការដឹកជញ្ជូនដើម្បីជួយដល់ការផ្គត់ផ្គង់ថាមពល
04/25/2026 09:04 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅដល់ប៉ាគីស្ថាន ដែលបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាសន្តិភាពជាមួយអាមេរិក
04/25/2026 09:04 AM
ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវ ស្ពានបេតុង និងសំណង់សិល្បការ្យ ចំនួន ២គម្រោង តាមបណ្តោយខ្សែព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង
04/25/2026 09:04 AM
ករណីការទន្រ្ទានកាន់កាប់ដីខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវអនុវត្តវិធានការច្បាប់
04/25/2026 09:04 AM
កម្ពុជាសម្រេចបានតាមការគ្រោងទុកក្នុងការលុបបំបាត់នូវជងឺគ្រុនចាញ់ដោយចាប់ពីត្រីមាសទី៤ឆ្នាំ២០២៥មករហូតដល់សព្វថ្ងៃកម្ពុជាអត់មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ
04/25/2026 08:04 AM