រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

កំណើន​ទិន្នផល​វារីវប្បកម្មកើន​ជិត​២០០​ភាគរយ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ

2021/06/21 04:13:53 am        317
ភ្នំពេញ ៖ កំណើន​ទិន្នផល​វារីវប្បកម្ម​នៅ​កម្ពុជា បាន​កើន​១៩៧​ភាគរយ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០​។​ ការកើនឡើង​នៃ​ទិន្នផល​វារីវប្បកម្ម ឬ​ត្រី​ចិញ្ចឹម​នេះ គឺ​ដោយសារ ​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ទាំង​បច្ចេកទេស​។ឯកឧត្តម វេ​ង សាខុន ​រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និង​នេសាទ​ មានប្រសាសន៍ថា កំណើន​ឡើងជា​លំដាប់​នៃ​ទិន្នផល​វារីវប្បកម្ម​នេះ ​ដោយសារ​តែ​មាន​ការចាប់​អារម្មណ៍ ​និង​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ ​និង​បងប្អូន​វា​រី​វប្បករ​កម្ពុជា​យើង​ គួបផ្សំ​នឹង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ទាំង​បច្ចេកទេស និង​ទុន​ជា​ប្រាក់កម្ចី ​និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ផងដែរ​ ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​វារីវប្បកម្ម​នៅ​កម្ពុជា​។បើទោះបី​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​នៅ​សេសសល់​ទាក់ទង​ទៅ​នឹង​ការធ្វើ​វារីវប្បកម្ម និង​បញ្ហា​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​ការ​ធ្វើ​វារីវប្បកម្ម​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ (២០១៥-២០២០)​ បាន​ប្រព្រឹត្តទៅ​ ទទួល​បាន​វឌ្ឍនភាព ដោយមាន​សន្ទុះ​គួរ​ឱ្យ​កត់សំគាល់ ដែល​ទិន្នផល​វារីវប្បកម្ម​ប្រមូល​ប្រចាំឆ្នាំ​៖ ឆ្នាំ២០១៥ ទទួលបាន ១៤៣ ១៤១ តោន ឆ្នាំ២០១៦ ទទួលបាន ១៧២ ៥០០ តោន ,២០១៧ ទទួល​បាន ២០៧ ៤៤៣ តោន​ ,២០១៨ ទទួលបាន ២៥៤ ០៤៨ តោន​ ,២០១៩ ទទួលបាន ៣០៧ ៤០៨ តោន មាន​កំណើន​ទិន្នផល​វារីវប្បកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម ២០,៦% ចាប់ពី​ឆ្នាំ​២០១៥-២០១៩ និង នៅ​ឆ្នាំ​២០២០ កើនឡើង​ដល់ ៤០០ ៤០០ តោន មាន​កំណើន ៣០% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​។ឯកឧត្តម វេ​ង សាខុន ​បញ្ជាក់ថា ការធ្វើ​វារីវប្បកម្ម​នា​ពេល​បច្ចុប្បន្ន​គឺ​ស្ថិតនៅ​រាយប៉ាយ​ ខ្វះ​ទុន ខ្វះ​ប្រភព​ទឹក​ការចិញ្ចឹម​មិនបាន​ដាក់​ចេញ​នូវ​ការ​ចិញ្ចឹម​ជា​លក្ខណៈ​បណ្តាក់​ត​គ្នា​បាន​ល្អ​នោះទេ ​ហើយ​ការ​ប្រមូល​ផល​ជួប​ការលំបាក​ ត្រូវ​ប្រើពេល​យូរ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ដែល​ត្រូវការ​ពេលវេលា​ច្រើន ​ដើម្បី​ប្រមូល​ធ្វើការ​ផ្គត់ផ្គង់​ទីផ្សារ ​និង​ការ​ដឹកជញ្ជូន​មកកាន់​ទីផ្សារ​ចែកចាយ​។ នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​បាន​និងកំពុង​ពិនិត្យ និង​ដោះស្រាយ​ជា​លក្ខណៈ​អន្តរក្រសួង​ជា​បណ្តើរៗ​ ក្នុងនេះ​មាន​ក្រសួង និង​ស្ថាប័ន​។ទោះយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​រៀបចំ​នូវ​វិធានការ​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង​បង្កើន​ផលិតភាព​វារីវប្បកម្ម​ឱ្យមាន​ការប្រកួតប្រជែង ​បរិ​យា​ប័ន្ន ​និង​និរន្តរភាព​៕អត្ថបទ​៖ វណ្ណៈ

CamGAP បាន​កំពុង​ចូលរួម​លើកកម្ពស់​កសិផល សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ

2021/06/19 02:40:33 pm        400
ភ្នំពេញ ៖ ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា CamGAP បាន​កំពុង​ចូលរួម​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ស្រុក ​ថែមទាំង​បាន​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើកកម្ពស់​ការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ក្នុងនោះ​ការចុះបញ្ជី CamGAP ​បាន​ក្លាយ​ជា​យន្តការ​បច្ចេកទេស​ដ៏​សំខាន់​ ដើម្បី​ធានា​នូវ​ការ​គោរព​ប្រតិបត្តិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ​ត្រឹមត្រូវច្បាស់លាស់ តាម​និយាម​សុវត្ថិភាព​ចំណីអាហារ ។ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ បានលើកឡើងលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​ឯកឧត្តម ស្តីពី​ប្រព័ន្ធ QR Code ភ្ជាប់​ជាមួយ​ស្លាក​សញ្ញា​សម្គាល់​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ (CamGAP) នៅ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ នេះ​ថា ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព កំណើនប្រជាជន ព្រម​គ្នា​នឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​កន្លងមក ​ធ្វើ​ឲ្យ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ ដែលជា​ហេតុ​ឈាន​ទៅ​ធ្វើការ​កែប្រែ​ទម្លាប់​នៃ​ការ​បរិភោគ​បន្លែ ផ្លែឈើ ត្រី សាច់ ដោយ​ផ្តោត​ភ្ជង់​ជា​សំខាន់​លើ​គុណភាព ​និង​សុវត្ថិភាព​ជា​ចម្បង ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ ​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើ​ការដាំដុះ ​ជំរុញ​ការផលិត​រួមមាន​ការ​ចិញ្ចឹម​ជ្រូក មាន់ ទា ត្រី និង​ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក ។ពាក់ព័ន្ធ CamGAP ត្រូវបាន​ក្រុមការងារ​ជំនាញ​អាស៊ាន​វាយ​តម្លៃថា បាន​អនុលោម​ពេញលេញ​តាម​វិធាន​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​អាស៊ាន ​ដែលជា​ស្តង់ដារ​ស្ម័គ្រចិត្ត​មួយ ត្រូវ​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន អនុម័ត​ឱ្យ​ប្រើ​ប្រាស់​ដើម្បី​លើកកម្ពស់​គុណភាព ​សុវត្ថិភាព និង​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កសិកម្ម​។ បច្ចុប្បន្ននេះ​ ការជំរុញ​ការអនុវត្ត CamGAP មិន​ត្រឹមតែ​បាន​និងកំពុង​ចូលរួម​លើកកម្ពស់​គុណភាព ​និង​សុវត្ថិភាព​ចំណីអាហារ នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​និងកំពុង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​លើកកម្ពស់​កា​រ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ ដោយឡែក​ការចុះបញ្ជី​វិញ​, ការចុះបញ្ជី​កសិដ្ឋាន​អនុវត្តតាម CamGAP បាន​ក្លាយ​ជា​យន្តការ​បច្ចេកទេស​ដ៏​សំខាន់​មួយ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​ប្រតិបត្តិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ត្រឹមត្រូវ ច្បាស់លាស់ ​តាម​និយាម​សុវត្ថិភាព​ចំណីអាហារ ​ចំពោះ​ប្រទេស​នាំចូល​កសិផល​សំខាន់ៗ​របស់​កម្ពុជា​។ ជាក់​ស្តែង​សម្រាប់​ផលិតកម្ម​ស្វាយ​ និង​ចេកអំបូង​លឿង ការ​ជំរុញ ​និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន សហគមន៍ និង​ម្ចាស់​ចម្ការ​ ចុះបញ្ជី​កសិដ្ឋាន​អនុវត្តតាម ​CamGAP សំខាន់​គឺ​ជួយ​ឲ្យ​ការ​ចរចារ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ជាមួយ​ភាគី​ចិន ​និង​ភាគី​កូរ៉េ អំពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​។ ចំណែក​ការប្រើប្រាស់​ប្រព័ន្ធ QR Code នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កំណត់​បាន​នូវ​ផលិតផល ដែល​ទទួល​បាន​ការពិនិត្យ និង​បញ្ជាក់​ត្រឹមត្រូវ ការ​ក្លែងបន្លំ​រូប​សញ្ញា​ ព្រមទាំង​ផ្តល់​នូវ​សុក្រឹតភាព តម្លាភាព និង​បង្កើន​ភាព​ជឿជាក់​លើ​ផលិតផល ​ដែលមាន​បិទ​រូប​សញ្ញា​ជាតិ CamGAP ។ម្យ៉ាងវិញទៀត តាមរយៈ​ប្រព័ន្ធ QR Code នេះ​អ្នក​បរិភោគ អាច​ដឹង​ពី​ប្រភព​កសិផល​ច្បាស់លាស់ កសិករ​ដាំ​ដុះ ​និង​ទីតាំង​ចម្ការ​ជាដើម​។សូម​បញ្ជាក់​បន្ថែម​ថា កសិផល​ចេញពី​ចំការ ឬ​ពី​កសិដ្ឋាន​ដែល​ទទួល​បាន​ការចុះបញ្ជី​ជា​ចំការ ឬ​កសិដ្ឋាន​ការអនុវត្ត​តាម ​CamGAP ​គឺមាន​ស្លាក​សញ្ញា​ CamGAP និង QR code បិទ​លើ​ផលិតផល​នោះ​៕​អត្ថបទ​៖ សុន រ៉ា​ឌី

កូកា-កូឡា «ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយការចាប់ផ្តើមពីអ្នក»

2021/06/18 09:54:28 am        462
កំពត ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមប្លាស្ទិកដល់រដ្ឋបាលខេត្តកំពត និងខេត្តកែប តាមរយៈក្រសួងបរិស្ថាន ដើម្បីគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិក។​ពិធីប្រគល់-ទទួល បានធ្វើឡើងក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ គម្រោង «រួមគ្នាដើម្បីបរិស្ថានស្អាត» នេះផ្តោតសំខាន់ទៅលើការអប់រំ ការបំផុសស្មារតី និងការអនុវត្តការគ្រប់គ្រង់សំរាមប្លាស្ទិក ដោយចាប់ផ្តើមពីការបញ្ជ្រាបចំណេះដឹងស្តីពីការគ្រប់គ្រងសំរាម រហូតដល់ការដាក់ធុងសំរាមតាមទីសាធារណៈចំនួន១៦ កន្លែង នៅក្នុងខេត្តកំពត និងខេត្តកែប។ក្នុងនាមក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រាសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាននិងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យបរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ នេះគឺជាការចូលរួមទទួលខុសត្រូវរបស់ក្រុមហ៊ុនកូកា-កូឡាលើវិស័យ បរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានចាត់ទុកទ្រុងដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុននាពេលនេះគឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ជាមួយគ្នានោះដែរ លោក អូត ចាន់ឌី បានលើកឡើងថា ការនាំយកធុងបែងចែកសំរាមជូនដល់រដ្ឋបាលខេត្តកំពត និងខេត្តកែបនាថ្ងៃនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាសាកលដែលក្រុមហ៊ុន កូកា-កូឡាបាននិងកំពុងអនុវត្ត។ ប្រសិនបើគ្មានការចូលរួមអនុវត្តពីប្រជាពលរដ្ឋ ការផ្តល់ធុងតែមួយមុខមិនគ្រប់គ្រាន់ទេ ក្នុងការសម្រេចឱ្យបាននូវការបែងចែកសំរាមប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយការចាប់ផ្តើមពី អ្នក! »៕ ​អត្ថបទ៖ រដ្ឋា

តម្រូវការ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ខេត្តកំពត​ធ្លាក់ចុះ​ ខណៈ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​កើនឡើង

2021/06/18 12:30:55 pm        443
កំពត ៖ មន្ត្រី​ជំនាញ ​បាន​លើកឡើង ថា​តម្រូវការ​សាច់​នៅ​លើ​ទីផ្សារ​ខេត្តកំពត​ មានការ​ធ្លាក់ចុះ​ដោយសារ​ពេល​រដ្ឋ​មិនសូវ​ហានចូល​ផ្សារ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ-​១៩​។ ​បើតាម​អាជីវករ​លក់​សាច់ជ្រូក​ថា ការលក់​សាច់ជ្រូក​បច្ចុប្បន្ន​ធ្លាក់ចុះ​ ប្រមាណ​៣ ភាគរយ ធៀប​នឹង​ការ​លក់​កាលពីមុន​ផ្ទុះ​កូ​វីដ​-១៩ ។ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពត ​លោក ម៉េង សន្តិភាព ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ចាប់ពី​មានការ​ផ្ទុះ​កូ​វីដ​-១៩ ចំនួន​អ្នក​ឆ្លង​នៅ​កាស៊ីណូ ​បាន​កើនឡើង ​ តម្រូវការ​សាច់​នៅលើ​ទីផ្សារ​ខេត្តកំពត ​បាន​ថយចុះ​ច្រើន ​ជាពិសេស​សាច់ជ្រូក ​ដោយសារ​ការភ័យខ្លាច​កូ​វីដ​-១៩ , អាជីវករ​ខ្លះ​បិទតូប ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ និង​៣កុំ ​ភាគច្រើន​មិន​ហ៊ាន​ចូល​ផ្សារ​ធំៗ​ ដែល​មាន​មនុស្ស​ច្រើន​អ៊ូអរ​នោះទេ​។លោក ​បាន​បន្តទៀតថា ​ជា​ធម្មតា តម្រូវការ​សាច់​នៅ​លើ​ទីផ្សារ​ខេត្តកំពត​ប្រើប្រាស់ ​សរុប​ប្រមាណ ២៧០​តោន​ក្នុង​មួយខែ​។ ​ប៉ុន្តែ​សម្រាប់​ខែ​នេះ ទោះ​មិនទានបាន​បូក​ទិន្នន័យ​រួចរាល់ ​ក៏​អាច​វាយតម្លៃ​ដឹង​មុន​ថា មានការ​ថយ​ចុះ​ច្រើន ដោយសារ​តម្រូវការ​សាច់​ជ្រូក​បាន​ថយ​ចុះ​ខ្លាំង​។អាជីវករ​លក់​សាច់ជ្រូក​នៅ​ផ្សារ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ បាន​ប្រាប់​ឲ្យ​ដឹងថា​ ការ​ផ្ទុះ​ជំងឺ​កូវីដ​-១៩ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​ផ្សារ​ស្ងប់ស្ងាត់​ណាស់ ​ពីមុន​លក់​អស់សាច់​ជ្រូក​ពីរ​ក្នុង​មួយថ្ងៃ តែ​ឥឡូវ​សាច់ជ្រូក​មួយ​ចំហៀង​លក់​មិន​អស់ ​ហើយ​តម្លៃ​ក៏​ចុះថោក​ជាង​មុន​ដែរ​។យ៉ាងណាក៏ដោយ ស្ថិតនៅក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ក្រសួង​កសិកមុ្ម ​ពិសេស​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត​ បាន​ជំរុញ​មន្ត្រី​ជំនាញ​ ឲ្យ​ចុះទៅ​ជួយ​លើកទឹកចិត្ត និង​ផ្តល់​លក្ខណៈ​បច្ចេកទេស ​ដល់​កសិករ ​និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ឲ្យ​បាន​ច្រើន ​ពិសេស​តាមដាន​ទប់ស្កាត់​ជំងឺឆ្លង ​ ពង្រឹង​ការ​ត្រួត​ពិនិត្យ​អនាម័យ​សត្វ និង​សាច់​នៅ​តាម​សត្តឃាតដ្ឋាន ​ និង​ទីផ្សារ​នានា​ទូទាំង​ខេត្ត​៕​អត្ថបទ ​៖ អន សារឹម

រាជរដ្ឋាភិបាល​ប្រកាស​អនុវត្ត ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥

2021/06/18 11:37:06 am        60
ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា ​បានប្រកាស​ដាក់​អនុវត្ត​ជា​ផ្លូវការ នៃ “​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋ​-​កិច្ច និង សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥” ដែល​កំណត់​យក​វិស័យ​ឌីជីថល ជា​ម៉ូ​ដែល​កំណើន​សេដ្ឋកិច្ច​ថ្មី ​ដែលមាន​ភាព​ឆ្លើយតប និង ភាព​ធន់​ខ្ពស់​ទៅ​នឹង​ការផ្លាស់ប្ដូរ​និម្មាបនកម្ម​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​អន្តរជាតិ​នាពេល​អនាគត​ផង ​ជាពិសេស​ការស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។យោងតាម​សេចក្តីប្រកាស​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​ ខែមិថុនា “​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥” ត្រូវបាន​រៀបចំ ស្របតាម​តម្រូវការ​ជាក់​-​ស្ដែង សក្តានុពល ធនធាន និង សមត្ថភាព ទាំង​នៅ​ក្នុង​វិស័យ​សាធារណៈ និង ទាំង​នៅ​ក្នុង​វិស័យ​ឯកជន ដើម្បី​ធ្វើ​-​ការតម្រង់ទិស​ការអភិវឌ្ឍ ​និង ដំណើរ​នៃ​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​សុខ​សន្តិភាព​ពេញលេញ បូរណភាព​ទឹកដី សាមគ្គីភាព​ជាតិ និង ស្ថិរភាព​នយោបាយ​ ក៏ដូចជា ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង សង្គម ដែល​កម្ពុជា​សម្រេច​បាន​ជាង​បី​ទសវត្សរ៍​កន្លងទៅ​។តាមរយៈក្របខណ្ឌ​គោលនយោបាយ​នេះ កម្ពុជា​កំណត់​យក​ចក្ខុវិស័យ “​កសាង​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​រស់​រវើក តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការ​ទទួលយក និង បរិវត្ត​កម្ម​ឌីជីថល​នៅ​ក្នុង​គ្រប់​តួអង្គ​សង្គម ទាំង​រដ្ឋ ទាំង​ពលរដ្ឋ និង ទាំង​ធុរជន ​ដើម្បី​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ថ្មី និង លើកកម្ពស់​សុខុមាលភាព​សង្គម តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​” ក្នុង​គោលបំណង​កសាង​សេដ្ឋ​-​កិច្ច​ឌីជីថល​ឱ្យ​ក្លាយ​ជា​ចន្ទល់​កំណើន​សេដ្ឋកិច្ច​ថ្មី​ផង និង ជា​ប្រព័ន្ធ​អេកូឡូស៊ី​រួមចំណែក​បង្កើន​ផលិតភាព និង ប្រសិទ្ធភាព​សេដ្ឋកិច្ច និង ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៃ​សង្គម​ឌីជីថល​កម្ពុជា​ផង ។ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ និង គោលបំណង​នេះ​, ក្របខណ្ឌ​គោលនយោបាយ​នេះ​កំណត់​យក​គោលដៅ​ចម្បងៗ ដែល​ជា​គ្រឹះ និង សសរស្ដម្ភ នៃ​ការ​កសាង​សេដ្ឋកិច្ច និង សង្គម​ឌីជីថល​កម្ពុជា ដោយ​ក្នុងនោះ គ្រឹះ​ចំនួន ២ រួមមាន​៖ (១). ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, និង (២). ការកសាង​ទំនុកចិត្ត​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ឌីជីថល និង សសរស្ដម្ភ​ចំនួន ៣ រួមមាន​៖ (១). ការកសាង​ពលរដ្ឋ​ឌីជីថល​, (២). ការកសាង​រដ្ឋាភិបាល​ឌីជីថល និង (៣). ការ​ជំរុញ​ធុរកិច្ច​ឌីជីថល ក្នុង​រយៈពេល ១៥ ឆ្នាំ ចាប់ផ្ដើម​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០៣៥ ។យ៉ាងណាមិញ ភាព​ជោគជ័យ​នៃ​ក្រប​ខណ្ឌ​គោលនយោបាយ​នេះ នឹង​សម្រេច​បាន​ដោយ​ទាមទារ​នូវ​កិច្ច​សហប្រតិបត្តិការ និង ការ​សម្របសម្រួល​រវាង​ក្រសួង​-​ស្ថាប័ន​ទទួលបន្ទុក​អនុវត្ត ​ក្នុង​ស្មារតី​ម្ចាស់ការ សាមគ្គី​-​ភាព​រឹងមាំ និង ការទទួលខុសត្រូវ​ខ្ពស់ ​ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​ភាគី​ពាក់ព័ន្ធ ដែល​រួមមាន​ វិស័យ​ឯកជន និង ប្រជាពលរដ្ឋ​ទាំងអស់ ។ ​ជាមួយគ្នានេះ កម្ពុជា​ក៏​នឹង​ទាញ​យក​ផលប្រយោជន៍​បន្ថែម​ពី​ការចូលរួម​ក្នុង​កិច្ច​សហ​-​ប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ​ក៏ដូចជា​គំនិត​ផ្ដួចផ្ដើម​ឌីជីថល​អន្តរជាតិ ស្ដីពី​សេដ្ឋកិច្ច​, សង្គម​, ធុរកិច្ច​, ហិរញ្ញ​-​វត្ថុ​, ការសិក្សា​ស្រាវជ្រាវ​, និង ការប្រើប្រាស់ ព្រមទាំង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង ពហុភាគី ទាំង​ក្នុង​កម្រិត​អនុតំបន់ ​តំបន់ និង សកល​៕​អត្ថ​ប​ទ ៖ វណ្ណៈ

រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម ​ស្នើ​ប្រទេស​សមាជិក​អាស៊ាន រៀបចំ​គម្រោង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩

2021/06/18 11:27:48 am        57
ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ស្នើ​សុំ​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ​និង​លេខាធិការដ្ឋាន​អាស៊ាន ​ធ្វើការ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​បរិយាបន្ន ​និង​សមធម៌ ​ក្នុង​ការ​រៀបចំ​នូវ​គម្រោង​សម្រាប់​តំបន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នៃ​រោគរាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​លើក​ទី១១ រដ្ឋមន្ត្រី​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (​វ​.​ប​.​ន​) នៅ​ថ្ងៃទី ១៧ ខែមិថុនា ​ឆ្នាំ​២០២១ នេះ​ថា​ ជុំវិញ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈមមុខ​ នឹង​ការ​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ក្នុង​កម្រិត​មួយ​គួរឱ្យ​បារម្ភ ដែល​បញ្ហា​នេះ​សុំ​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ និង​លេខាធិការដ្ឋាន​អាស៊ាន​ ធ្វើការ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​បរិ​យាប​ន្ន និង​សមធម៌ ក្នុង​ការ​រៀបចំ​នូវ​គម្រោង​សម្រាប់​តំបន់​។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី សង្ឃឹមថា ប្រទេស​ជា​សមាជិក​ទាំងអស់ ​អាច​ចូលរួម​រិះរក​យន្តការ​បន្ថែម​ប្រកបដោយ​ប្រសិទ្ធភាព ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ឯកឧត្តម Anek Laothamatas រដ្ឋមន្ត្រី​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ (​វ​.​ប​.​ន​) បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចសហការ​ក្នុង​តំបន់​ និង​តួនាទី​ដ៏​សំខាន់​របស់ វ​.​ប​.​ន​. ក្នុង​ការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​ ។ ដើម្បី​បង្កើន​នូវ​ភាព​ប្រកួតប្រជែង​របស់​អាស៊ាន ​ក្នុងដំណាក់កាល​ក្រោយ​កូ​វីដ​-១៩ ​និង​បាន​ឯកភាព​លើ​ការ​កសាង​នូវ​ផែនការ​តំបន់​មួយ សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​អាស៊ាន​ផ្នែក វ​.​ប​.​ន ​នេះ​ផងដែរ ។ជុំវិញ​ផែនការ​សកម្មភាព​, រដ្ឋមន្ត្រី​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ (​វ​.​ប​.​ន​.) ក៏បាន​ឯកភាព​កំណត់​អាទិភាព​សម្រាប់​ឆ្នាំ ២០២១ ​លើ​វិស័យ វ​.​ប​.​ន​. មួយ​ចំនួន​ដូច​ដូចជា ​៖ អនុម័ត​គម្រោង​យ៉ាងតិច​ពីរ សម្រាប់​កសាង​សមត្ថភាព​អាស៊ាន​ក្នុង​ការ​ប្រឆាំង​កូ​វីដ​-១៩, អនុវត្ត​វគ្គ​សិក្សា​រយៈពេល​ខ្លី​លើ High Performance Computing, បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​បច្ចេកវិទ្យា និង​ការអនុវត្ត​គម្រោង​យ៉ាងតិច​ពីរ ដែល​ឆ្លើយតប​នឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​៕​អត្ថបទ​៖ សុន រ៉ា​ឌី

កំណើន​សេដ្ឋកិច្ច​កម្ពុជា រំពឹង​ងើបឡើង​វិញ​ក្នុង​អត្រា​វិជ្ជមាន​ក្នុង​ឆ្នាំ​២០២១

2021/06/18 11:15:25 am        125
ភ្នំពេញ ៖ ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ នៅក្នុង​ឆ្នាំ២០២១ រំពឹងថា ​មាន​សន្ទុះ​ក្នុង​អត្រា​វិជ្ជមាន​ឡើងវិញ ដោយ​គាំទ្រ​ដោយ​វិស័យ​ដែល​ជា​ជន្ទល់​សេដ្ឋកិច្ច​មួយ​ចំនួន ​បាន​កំពុង​មាន​សន្ទុះ​ឡើងជា​បណ្តើរៗ​។ ទោះបី​ស្ថិតនៅក្នុង​ការប៉ះពាល់​ដោយសារ​រោគរាតត្បាត​ជំងឺ​កូ​វីដ​-១៩ នេះ​ក៏ដោយ ការ​ពន្លឿន​កម្មវិធី​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បង្កើន​ទំនុក​ចិត្ត​ទីផ្សារ​។ឯកឧត្តម មាស សុខ​សេន​សាន្ត អ្នកនាំពាក្យ​ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មានBTV ស្តីពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ២០២១ នេះ​ថា ​ តាម​ការព្យាករណ៍​របស់​រាជ​រដ្ឋាភិបាល ​ចាប់តាំងពី​ដើមឆ្នាំ២០២១នេះ​មក ​បាន​បង្ហាញថា ​សេដ្ឋកិច្ចកម្ពុជា នឹង​ងើប​ឡើងវិញ​ក្នុង​កំណើន​វិជ្ជមាន ​គឺ​នៅក្នុង​រង្វង់ ៣,៥ ភាគរយ ទៅ ៤ ភាគរយ គឺ​ប្រហាក់​ប្រហែល​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក​។ឯកឧត្តម ​បញ្ជាក់ថា កំណើន​សេដ្ឋកិច្ច​ ឆ្នាំ​២០២១ នេះ ទ្រទ្រង់​ដោយ​វិស័យ និង​អនុវិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​៖ វិស័យ​កសិកម្ម​, អនុវិស័យ​កម្មន្តសាល​, អនុវិស័យ​ដឹកជញ្ជូន ​និង​គមនាគមន៍ ដែល​បាន​បង្ហាញ​នូវក្នុង​អត្រា​វិជ្ជមាន ក្នុងនោះ​យើង​នៅ​មាន​វិស័យ​ដែល​ជួយ​ទ្រទ្រង់​បន្ថែម​មួយ​ចំនួនទៀត​ដូចជា​ ៖ វិស័យ​លក់ដុំ​លក់រាយ​, អនុវិស័យ​អចលនទ្រព្យ និង​អនុវិស័យ​កាត់ដេរ ​ដែល​អាចមាន​កំណើន​ថមថយ​បន្តិច ខុស​នឹង​ការរំពឹងទុក​។លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា ​យល់ឃើញថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០២១ គឺ​ទាក់ទង​នឹង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ ប្រសិន​ការ​ចាក់​វ៉ា​ក់​សាំង​បង្ការ​របស់​រាជរដ្ឋាភិបាល ​អនុវត្តបាន​កាន់តែ​លឿន សង្ឃឹមថា ​សន្ទុះ​កំណើន​សេដ្ឋកិច្ច អាច​នឹង​ងើបឡើង​តាម​ការ​រំពឹងទុក ​ហើយនឹង​អាច​បន្ត​ងើប​ដល់ ៦ ភាគរយ នៅ​ឆ្នាំ ២០២២ ខាងមុខ​ផងដែរ ។សូមបញ្ជាក់ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ធនាគារពិភពលោក ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​ នឹង​ទទួល​បាន​កំណើន​ជិត ៤ ភាគរយ ក្នុង​ឆ្នាំ ២០២១ ដោយសារ​ការ​រំពឹងទុក​នៃ​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​នៃ​សេដ្ឋកិច្ច​រួមមាន​ ៖ ផ្នែក​ឧស្សាហកម្ម​ផលិត​, អាច​ងើប​ឡើងវិញ​ជា​បណ្តើរៗ ខណៈដែល​អាជីវកម្ម​បោះ​ដុំ​និង​លក់រាយ​បាន​កំពុង​ប្រឹង​ងើបឡើង​វិញ​ក្នុង​ល្បឿន​យឺត ។ដោយឡែក​ផ្នែក​នានា​នៃ​វិស័យ​សេវា​ដូចជា ​៖ ការ​ស្នាក់នៅ​, ភោជនីយដ្ឋាន ​និង​ផ្នែក​ដឹកជញ្ជូន នៅ​បន្ត​រង​ការ​ប៉ះទង្គិច​ខ្លាំង ​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ទេសចរណ៍​ក្នុងស្រុក និង​អន្តរជាតិ រីឯ​ការ​វិនិយោគ​ផ្ទា​ល់​ពី​បរទេស នៅតែ​បន្ត​ហូរ​ចូល ព្រមទាំង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ក្រៅ​ប្រទេស​ផងដែរ​, តែ​ទោះយ៉ាង​ណា​ការ​ងើប​ឡើងវិញ​នេះ ស្ថិតនៅក្នុង​សភាព​ផុយស្រួយ ​ខណៈ​វិធាន​ការ​បិទ​ខ្ទប់​នៅតែ​បន្ត​អនុវត្ត ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ការឆ្លង​វីរុស​កូ​វីដ​-១៩៕​អត្ថបទ​ ៖ សុន រ៉ា​ឌី

សហជីព​វិស័យ​កាត់ដេរ រិះគន់​រោងចក្រ​មួយ​ចំនួន​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​មានកម្រិត

2021/06/18 11:06:51 am        174
ភ្នំពេញ ៖ មេ​សហជីព​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​បាន​លើកឡើងថា​ ក្នុង​វិបត្តិ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ការ​យកចិត្តទុកដាក់​របស់​និយោជក ​ថៅកែ​រោងចក្រ​មួយ​ចំនួន ​ទៅកាន់​កម្មករ​និយោជិត​នៅ​មានកម្រិត ​ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុជា​បានខិតខំ​ប្រឹងប្រែង​ណាស់​ក្នុង​ការ​ទប់ស្កាត់​។លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ​មិថុនា​ ឆ្នាំ​២០២១​នេះ បាន​គាំទ្រ និង​សាទរ​ចំពោះ ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ ។ ប៉ុន្តែ លោក​មើល​ឃើញថា ភាគី​រោងចក្រ​ខ្លះ​ក៏​មាន​ការ​យកចិត្តទុកដាក់​ និង​ខ្លះទៀត​មិនសូវ​ជា​យកចិត្តទុកដាក់ ​ជាពិសេស​មិនសូវ​បាន​អនុវត្ត​ទៅតាម​វិធានការ​សុខាភិបាល​។លើកឡើង​ក្នុង​កម្មវិធី​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​លើក​ទី​១០៩​ កាលពីពេល​កន្លងទៅ​ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា ​នៅតែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​យកចិត្តទុកដាក់​ខ្ពស់​លើក​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ និង​លក្ខខណ្ឌ​សុខភាព​និង​សុវត្ថិភាព​ការងារ​, ការពារ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​, ថែរក្សា​នូវ​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​, និង​ផ្តល់​កិច្ច​គាំពារ​សង្គម​ជូន​ដល់​កម្មករ​និយោជិត​ក្នុងស្រុក រួមទាំង​ផ្តល់​កិច្ចការពារ​ជាពិសេស​ចំពោះ​ពលករ​ទេ​សន្តរ​-​ប្រវេសន៍​កម្ពុជា ដោយ​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ថ្នាក់ជាតិ​និង​កម្រិត​តំបន់ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​, ច្បាប់​និង​បទប្បញ្ញត្តិ​ជាតិ​ជា​ធរមាន ​និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

ប្រជាកសិករ​នៅ​ស្រុក​សេសា​ន បាន​ងាក​ដាំ​ដំណាំ​ទុរេ​ន​សម្រេចបាន​ជោគជ័យ

2021/06/17 02:11:01 pm        538
ស្ទឹងត្រែង ៖ សមាជិក​ក្រុម​បណ្តុំ​កសិករ​នៅ​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង ព្យាយាម​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​សម្រេច​បាន​ជោគជ័យ ​ធ្វើឱ្យ​ខេត្តស្ទឹងត្រែង​ មាន​ចំណាត់ថ្នាក់​និង​កេរ្តិ៍ឈ្មោះថា​ ជា​ខេត្ត​មាន​ផលិតផល​ទុរេ​ន​ផ្អែម មិន​ចាញ់​បណ្តា​ខេត្ត​នានា ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​​ឡើយ ។ក្នុងឱកាស​ចុះ​សិក្សា​ពី​ភាព​ជោគជ័យ​ទៅលើ​ការ​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​របស់​កសិករ​នៅ​ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៦​មិថុនា ម្សិលមិញ ​លោក​ សុវណ្ណ​ ពិ​សេដ្ឋ​ អភិបាលស្រុក ​បាន​បញ្ជាក់ថា ភាពជោគជ័យ​នេះ​ ចាត់ទុកជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​កសិករ​យើង​ខិតខំ​ធ្វើ​បាន​សម្រេច​ក្នុង​វិស័យ​កសិកម្ម ​ព្រោះ​ដំណាំ​ទុរេ​ន​ខេត្តស្ទឹងត្រែង ​មិន​ធ្លាប់មាន​ឡើយ ។លោក​បន្តថា ដើម្បី​លើកទឹកចិត្ត​កសិករ​គំរូ អាជ្ញាធរ​ស្រុក​ជំរុញឲ្យ​ប្រជាកសិករ​ផ្សេងៗ​ទៀត​ឱ្យមក​សិក្សា​យក​បច្ចេកទេស ​ដើម្បី​ទៅ​អនុវត្ត​ដាំ​ដុះ​ទទួល​ផល​បាន​ជោគ​ជ័យ ។សម្រាប់​លោក​ ឃិន សុខា ម្ចាស់​ចំការ​ទុរេ​ន​នៅ​ឃុំ​កំ​ភុ​ន​ បាន​គាំទ្រ​នៅ​ផែនការ​របស់​អាជ្ញាធរ​ស្រុក ព្រោះ​បច្ចុប្បន្ន​ កសិករ​ភាគច្រើន បាន​ផ្លាស់ប្តូរ​មុខ​របស់ខ្លួន ​ពី​ការ​ពឹង​ផ្អែកលើ​ផល​អនុផល​ព្រៃឈើ និង​ធ្វើ​នេសាទ ​មក​ដាំ​ដំណាំ​ផ្សេងៗ​ពីគ្នា​។លោក​ បន្តថា កត្តា​ជោគជ័យ​លើ​ការ​ដាំ​ដំណាំ​គឺ​ភាព​ឧស្សា​ព្យាយាម​-​ការថែទាំ​-​និង​មានការ​គាំទ្រ​ពី​ស្ថាប័ន​ជំនាញ​ ជួយ​ផ្នែក​បច្ចេកទេស ​ទើប​ផលដំណាំ​ផលិត​បាន​មាន​ទីផ្សារ​ល្អ (​សំឡេង​) យើង​ចង់បាន​មន្ត្រី​ជំនាញ​គាត់​ជួយ​ថែមទៀត​លើ​បទ​ពិសោធន៍ ​ ដើម្បី​ឱ្យ​ទុរេ​ន​ខេត្តស្ទឹងត្រែង​ បាន​នាំចេញ​ចូល​ទៅ​ខេត្តផ្សេងៗ​ទៀត ​ជាពិសេស​នាំ​ចូល​ទៅ​ទីក្រុង​ភ្នំពេញ​ឱ្យ​ច្រើន​។លោក​ ទំ​ នី​រ៉ូ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត បាន​ទទួលយក​ការ​ស្នើ​ឡើង​នេះ​ ព្រោះ​នៅ​ចំពោះមុ​ខ​ផែនការ​របស់​មន្ទីរ ​នៅពេលដែល​ប្រជាកសិករ​ផលិតផល​បាន​ផលិតផល​ច្រើន​មុខមន្ត្រី​ជំនាញ​ និង​ជំរុញ​ផ្នែក​ដាំ​ដុះ​បន្ថែម ​ ហើយ​រៀបចំ​ឱ្យ​មាន​មន្ទីរ​ពិសោធន៍​ពិនិត្យ​គុណភាព​ទៅតាម​បច្ចេកទេស​ស្របតាម​ស្ដង់ដារ ។លោក​ បន្តថា​ នៅពេល​ខាងមុខនេះ ​យើង​មាន​មន្ទីរ​ពិសោធ​ន៍​ យើង​នឹង​ពិនិត្យមើល​ជាតិគីមី​អី​ផ្សេងៗ​ ជួយ​ពិនិត្យមើល​ដំណាំ​របស់​គាត់​ ហើយ​បញ្ជាក់​​វិញ្ញាបនបត្រ​​ដំណាំ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាកសិករ​នៅ​ខេត្តស្ទឹងត្រែង​​។សូម​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ​ ដែល​ខេត្តស្ទឹងត្រែង​ មាន​កសិករ​នៅ​ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​ដាំ​ដំណាំ​ទុរេ​ន​ ទទួលបាន​ផ្លែផ្កា​ល្អ​ និង​នាំយកមក​លក់​នៅលើ​ទីផ្សារ ​និង​គ្រោង​នាំ​ចេញទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា ​និង​រាជធានី​ភ្នំពេញ​ផងដែរ​៕​អ​ត្ថបទ ៖ មាស ផល្លា

អាជីវក​របោះ​ដុំ​បន្លែ​ជាង​៣០​ភាគរយ​ប៉ុណ្ណោះ​បន្ត​លក់​នៅ​ទីតាំង​ចាស់​ក្រោយ​អាជ្ញាធរ​បើក​ផ្សារ​រដ្ឋ​ឡើងវិញ​

2021/06/17 12:33:39 pm        154
ភ្នំពេញ ៖ អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ បាន​និយាយថា គិត​ចាប់ពី​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការលក់​ឡើងវិញ ក្រោយពី​ផ្អាក​មួយ​រយៈ​ពេល​ដោយសារ​ការ​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ-​១៩ មកដល់ពេលនេះ ​មាន​អាជីវករ​ប្រមាណ​៣០%​ប៉ុណ្ណោះ ​ដែល​បាន​បើក​លក់​ឡើងវិញ ខ​ណៈ​អាជីវករ​ខ្លះ​បាន​ផ្លាស់ប្តូរ​ទីតាំង​លក់​។អ្នកស្រី មុំ ណាន អ្នក​ចែកចាយ​បន្លែ​បោះ​ដុំ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ថា ការបើក​ការលក់ដូរ​ឡើងវិញ​នៅពេលនេះ ​មិនសូវ​ដាច់​ដូច​មុន​នោះទេ​ តែ​យ៉ាងណា​អ្នកស្រី​អាច​រក​ចំណូលបាន​ខ្លះ​ប្រសើរ​ជាង​ពេល​ដែល​អាជ្ញាធរ​បិទ​មិន​ឲ្យ​លក់​ដោយសារ​បញ្ហា​កូ​វីដ-១៩​។ អ្នកស្រី បញ្ជាក់ថា ​មកដល់ពេលនេះ​ នៅ​មិន​ទាន់មាន​អាជីវករ​ច្រើន​បើក​លក់​បន្លែ​ឡើងវិញ​ដូច​កាលពី​មុនពេល​បិទ​ផ្សារ​នោះឡើយ​។ក្រុមអាជីវករ​ផ្សេងទៀត បានលើកឡើង​ស្រដៀង​គ្នា​ថា ​ក្នុងអំឡុង​បិទ​ខ្ទប់ ​និង​ផ្អាក​លក់​មួយ​រយៈ​ពេល​កន្លងមក ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល​ខ្លះ ​ហើយ​ក្រោយ​បាន​ត្រឡប់​មក​លក់​នៅ​ទីតាំង​ចាស់​ឡើងវិញ​ ក៏​មិនសូវ​ដាច់​ច្រើន​ដូច​មុន​នោះដែ​រ ព្រោះថា​ ការលក់​មិនមែន​មានតែ​មួយកន្លែង​និង​ផ្តុំគ្នា​ដូច​ពីមុន​ទេ ​ហើយ​អ្នកទិញ​ខ្លះ​ក៏បាន​ងាក​ទៅ​ទិញ​នៅ​កន្លែង​ផ្សេង​ដែរ ​ដូចជា​ នៅ​រង្វង់​មូល​គួរ​ស្រូវ​ជាដើម ​ដែល​អាជីវករ​មួយ​ចំនួនធំ​បាន​រើ​ទៅ​លក់​នៅ​ទីនោះ​ជំនួស​ឲ្យ​ទីតាំង​ចាស់​។​ តែ​យ៉ាងណា ក្រុម​អាជីវករ​សប្បាយ​ចិត្ត​ដែល​អាជ្ញាធរ​បើក​ឲ្យ​លក់​ឡើងវិញ​ និង​សន្យា​គោរព​នូវ​វិធានការ​អនាម័យ ដើម្បី​ទប់ស្កាត់​កូ​វីដ-១៩​។កាលពី​ថ្ងៃទី​១៥ ខែមិថុនា​កន្លងទៅនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម ការលក់ដូរ​ជា​ប្រក្រតី​ឡើងវិញ​ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ ​នៅ​រាជធានី​ភ្នំពេញ ​និង​តម្រូវ​ឲ្យ​អនុវត្តតាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល ​ជាពិសេស​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕​អត្ថបទ​៖ឈិ​ត បូរ៉ា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM