ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ចប្រទេសកម្ពុជា ​ត្រូវបានព្យាករថា នឹងកើនឡើង ៤,០% នៅឆ្នាំនេះ

2021/04/28 12:04:31 pm        61
ភ្នំពេញ ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការ ងើបឡើង វិញ នៃសេដ្ឋកិច្ចប្រទេស​ដៃគូពាណិជ្ជកម្ម​សំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។ នេះបើយោង​តាម​របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃនេះ។នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamal បាន​មាន​ប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការ​រាតត្បាត​ជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតប យ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗ ដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ​និងតំបន់​ទាំងអស់ នឹងទទួលបានប្រយោជន៍នេះ ស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាម​ដាន​មើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិត ដល់។”យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្ម​ត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ២០២២ ដោយសារ​ការងើប ឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើ​​ដំណើរ ក៏ដូចជា​កំណើន នៃឧស្សហកម្មធនស្រាលផ្សេង ទៀតដូចជា ផលិតផល​អេឡិចត្រូនិច និងកង់។ វិស័យកសិកម្មត្រូវបានរំពឹង ថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការ​ខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម ​និងការហក់ឡើង នៃការនាំចេញ​ផលិតផលកសិកម្ម ទៅ កាន់ សាធារណរដ្ឋប្រជាមានិតចិន។វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបាន ចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹត បន្តឹងការធ្វើ ដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើនផ្នែក​សេវាកម្ម​នៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាល​ពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹង ឧស្សាហកម្មសំណង់​។ ល្បឿនមិនស្មើគ្នា​នៃការងើប​ឡើងវិញនៃវិស័យនានា ​នឹងបន្តជាសម្ពាធលើគ្រួសារនិងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋ កិច្ច រួមមានការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ​​ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាមសហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជា អាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈម​របស់​សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។លោកស្រី Sunniya Durrani បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ។បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែល​មានតម្លៃជាង ២,១ ពាន់ លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧ លានដុល្លារ ហើយបានកៀគរ​ថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេស​កម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមាន កម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បី គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាល​ដាល​នៃជំងឺរាតត្បាត កូវីដ១៩ ។ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុប​បំបាត់​ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕អត្ថបទ៖ ដាវណ្ណ 

ក្រសួងពាណិជ្ជ បញ្ជាក់ថា ការលក់ និងផ្គត់ផ្គង់​ទំនិញសព្វថ្ងៃ ជូនពលរដ្ឋក្នុងតំបន់ក្រហម មិនមែនជាឱកាសឆ្លៀតចំណេញនោះទេ

2021/04/27 08:41:33 am        233
ភ្នំពេញ ៖ ដោយមានការលើកឡើងជាមតិយោបល់វាយប្រហារ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានអះអាងថា ការងារផ្គត់ផ្គង់ និងចែកចាយលក់ស្បៀងអាហារចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញនៅលើទីផ្សារ ពោលមិនមែនជាការឆ្លៀតឱកាសផលប្រយោជន៍ ឬកេងចំណេញអ្វីនោះទេ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឆ្លាស់វេន នៅរសៀលថ្ងៃទី២៧ មេសា ឆ្នាំ២០២១នេះ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្មលក់ស្បៀងមូលដ្ឋានជាបន្ទាន់ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយហេតុថាទីផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន និងក្នុងកំឡុងពេលដែលប្រជាពលរដ្ឋក្នុងតំបន់ក្រហមត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ក្រសួង បញ្ជាក់ថា ទំនិញទាំងអស់នេះ ជាទំនិញដែលមិនមានលក់យកចំណេញអីទេ គឺលក់ត្រឹមតែកំណត់ថ្លៃដើមទំនិញដែលយើងយកចេញពីស្តុកយើងលក់ត្រឹមតែថ្លៃដើមដែលយើងទិញពីរោងចក្រ ឧទាហរណ៍ដូចមី មីជាតិដែលយើងទិញពីរោងចក្រ ទិញប៉ុន្មានយើងលក់ប៉ុណ្ណឹងដើម្បីដោះស្រាយជីវភាពរបស់បងប្អូនក្នុងគ្រាលំបាកនេះ។ ហើយសួរថាហេតុអី លក់ដោយសារទំនិញអស់នេះយកចេញពីស្តុកស្បៀងបម្រុងរដ្ឋ យើងលក់ដើម្បីទិញស្តុកបម្រុងរដ្ឋបំពេញវិញ ពីព្រោះស្តុកស្បៀងបម្រុងរដ្ឋមិនមែនសម្រាប់តែការលក់នេះទេ គឺបម្រើសម្រាប់ចែកជូនប្រជាពលរដ្ឋក្រោមរូបភាពជាស្បៀង ជំនួយឧបត្ថម្ភផ្គត់ផ្គង់នៅពេលមានគ្រោះអាសន្ន។បើយោងតាមសេចក្តីបំភ្លឺ ស្តីពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សម្រាប់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់នេះ គឺលក់ក្នុងតម្លៃទាបជាងទីផ្សារ និងស្បៀងមួយចំនួនទៀតដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួង មានផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់ដោយមិនគិតថ្លៃឈ្នួលផងដែរ ដោយគិតមកដល់ថ្ងៃនេះ ក្រសួងបានទទួលការបញ្ជាទិញយ៉ាងច្រើនពីប្រជាជនលើទីផ្សារអនឡាញរហូត ៦០០ការបញ្ជាទិញ។ ទន្ទឹមនេះ ដើម្បីបម្រើតម្រូវការទំនិញជាស្បៀង និងគ្រឿងឧបភោគបរិភោគដទៃទៀតក្រៅពីស្បៀងដែលក្រសួងលក់ផ្គត់ផ្គង់ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលជាមួយក្រុមហ៊ុនឯកជន និងអាជីវករមួយចំនួន ដើម្បីចូលរួមផ្គត់ផ្គង់ទំនិញចាំបាច់ដទៃទៀតជូនដល់ប្រជាពលរដ្ឋ។ តាមរយៈការសម្របសម្រួលនេះ ក្រសួងបានតម្រូវឲ្យមានការលក់តែទំនិញដែលមានតម្រូវការចាំបាច់បំផុត ដូចជា មាន់ ត្រី សាច់ បន្លែ ផ្លែឈើ អាហារសម្រាប់កុមារ និងម្ហូបក្រៀមផ្សេងៗក្នុងតម្លៃសមស្រប និងតម្រូវឲ្យការលក់មានរបៀបរៀបរយតាមវិធានការការពាររបស់សុខាភិបាល។គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំស្តង់លក់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគចំនួន ២២ស្តង់,រថយន្តចល័តចំនួន ៨គ្រឿង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញ។សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២២ ដល់២៦ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានលក់ស្បៀងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម បានអង្ករ ជាង ១ ៤០០បាវ, មីជាង ៤ ២០០កេស, ត្រីខកំប៉ុងជាង ២ពាន់យួរ, ទឹកត្រីជាង ១ពាន់យួរ, ទឹកស៊ីអ៊ីវជាង ១ពាន់យួរ, ទឹកបរិសុទ្ធ ២៣០យួរ, ឆៃប៉ូវជាង ៦០០ថង់ (១ថង់ ២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត៕អត្ថបទ ៖ ឈិត បូរ៉ាវី 

កសិករនៅបាត់ដំបង ចាប់ផ្ដើមបង្កបង្កើនដំណាំស្រូវ ខណៈស្ថានភាពទឹកភ្លៀងធ្លាក់រាយប៉ាយល្អ

2021/04/27 06:47:51 am        125
បាត់ដំបង ៖ ទោះបីជារដូវវស្សាមិនទាន់ឈានមកដល់ តែដោយសារស្ថានភាពទឹកភ្លៀង នៅដើមឆ្នាំ២០២១នេះ បានធ្លាក់រាយប៉ាយល្អនៅទូទាំងខេត្ត ធ្វើឲ្យកសិករក្នុងខេត្តបាត់ដំបង បាននាំគ្នាចាប់ផ្ដើមបង្កបង្កើនដំណាំស្រូវ ពិសេសប្រភេទស្រូវស្រាល បានលឿនជាងឆ្នាំកន្លងទៅ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ឆ្នាំនេះអាចមិនមានកូនរដូវប្រាំង ។កសិករម្នាក់ឈ្មោះ ង៉ែ រឿត រស់នៅភូមិបាយដំរ៉ាំ ឃុំបាយដំរ៉ាំ ស្រុកបាណន់ លើកឡើងថា នៅក្នុងតំបន់នេះ កសិករភាគច្រើនធ្វើស្រូវចំនួន២ប្រភេទ គឺប្រភេទស្រូវស្រាល និងស្រូវ កណ្ដាល ប៉ុន្តែចំពោះស្រូវស្រាល (ស្រូវប្រាំង) គឺមិនសូវទទួលបានផលល្អទេ ព្រោះប្រភពទឹកនៅឆ្ងាយ និងភ្លៀងធ្លាក់មិនគ្រប់គ្រាន ។លោក បានបន្តថា នៅដើមឆ្នាំនេះ ឃើញថាស្ថានភាពទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់ជាងឆ្នាំកន្លងទៅ ហើយកសិករកំពុងសម្រុកបង្កបង្កើនដំណាំស្រូវក៏បានច្រើន ។ ដោយកសិកររូបនេះចាត់ទុកថា ក្នុងឆ្នាំនេះការធ្វើស្រែបានលឿនផង និងស្ថានភាពទឹកភ្លៀងធ្លាក់ក៏គ្រាន់ រំពឹងថាអាចនឹងទទួលផលស្រូវបានល្អ ជាងរាល់ឆ្នាំ ។នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដាខេត្តតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៃភាគខាងត្បូង និងភាគពាយ័ព្យមានភ្លៀង មានកម្រិតបរិមាណទឹកភ្លៀងច្រើន ខណៈខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់ទំនាបកណ្ដាលផងដែរ ។ដោយឡែកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងធនធានទឹក ក៏បានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២១ នឹងចូលមកដល់នៅសប្ដាហ៍ទី១ នៃខែឧសភា ដោយមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្គួរ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ, នៅពាក់កណ្ដាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញាភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងនៅចុងរដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ ។ សម្រាប់កូនរដូវប្រាំងវិញ នៅឆ្នាំ២០២១នេះ អាចនឹងមិនកើតមាននោះទេ ៕អត្ថបទ ៖ សុខរិទ្ធ 

ក្រសួង​ពាណិជ្ជកម្ម​ដំណើរការ​ផ្សារ​អនឡាញ​លក់​គ្រឿង​ឧបភោគ​បរិភោគ​ចាំ​បាច់​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់

2021/04/27 02:59:58 am        1469
ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ឱ្យ​ដឹង​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​លក់​ស្បៀង​អហារ​តាម​អនឡាញ ដែល​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​អាច​បញ្ជា​ទិញ​ស្បៀង​អាហារ​ពី​ចម្ងាយ​បាន។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា ក្រសួង​ដាក់​ឱ្យ​ដំណើរការ​ផ្សា​អនឡាញ​សម្រាប់​លក់​គ្រឿង​ឧបភោគ​បរិភោគ​ចាំ​បាច់​អំឡុង​ពេល​ដែល​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ស្ថិត​នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់។ក្រសួង​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ទាំង២​នេះ អាច​បញ្ជា​ទិញ​​ស្បៀង​អាហារ​តាម​រយៈ shop.moc.gov.kh ឬ​​ក៏​ស្គែន QR Code ក៏​បាន​ដែរ។ក្រសួង​ពាណិជ្ជកម្ម​បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ផ្សារ​អនឡាញ​បែប​នេះ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​មួយ​នេះ​ឱ្យ​សម្រប​សម្រួល​ការ​ដឹក​ជញ្ជូន និង​ការ​លក់​ស្បៀង​អាហារ​ទៅ​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្ថិតក្រោម​វិធានការ​បិទ​ខ្ទប់៕

តម្លៃ​នាំចូល​រថយន្ត មាន​ជាង​១,១​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២០

2021/04/27 02:59:58 am        38
ភ្នំពេញ ​៖ ការ​នាំចូល​រថយន្ត​ពី​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ​មានតម្លៃ​ប្រមាណ​ជិត ១,១ ពាន់​លាន​ដុល្លារ ​ធ្លាក់ចុះ​ជាង ៣៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩​។យោងតាម របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២១ របស់​ក្រសួងពាណិជ្ជកម្ម​ ​បាន​ឱ្យដឹងថា ​កម្ពុជា​បាន​នាំចូល​រថយន្ត​មានតម្លៃ ១ ០៩៩ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០ ធ្លាក់ចុះ​ពី ​១ ៧៣៤ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩​។របាយការណ៍​ដដែល​បញ្ជាក់ថា ​រថយន្ត​គឺ​ប្រភេទ​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា​បាន​នាំចូល ដែល​នាំមុខ​ដោយ​ផលិតផល​វាយនភ័ណ្ឌ​, សម្ភារ​សំណង់​, ដែក​, ស៊ីម៉ងត៍​, ទឹក (​ទឹករ៉ែ​ និង​ទឹក​មាន​ឧស្ម័ន​), និង​ស្រា​បៀរ​។ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​ចំណាយ​ប្រាក់លើ​ការ​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ សរុប ១៨ ៥៩០ លាន​ដុល្លារ ធ្លាក់ចុះ ៧,៨៤ ភាគរយ​ពី​ចំនួន ២០ ១៧១ លាន​ដុល្លារ ​កាលពី​ឆ្នាំ ២០១៩​។​ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា​ ក្នុង​ឆ្នាំ ២០២០ អង្គភាព​នេះ​ប្រមូល​ចំណូល​បាន ២ ៤១៩ លាន​ដុល្លារ ធ្លាក់ចុះ ​២៤,៨ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​។ដើម្បី​ជំរុញ និង​លើកកម្ពស់​ការប្រមូល​ចំណូល​ពន្ធគយ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាត់បន្ថយ​អត្រាពន្ធគយ​ចន្លោះ​ពី ១០ ដល់ ២០ ភាគរយ ដោយ​បាន​ចាប់​ផ្តើម​អនុវត្ត​ចាប់​តាំងពី​ដើមខែ​មីនា ឆ្នាំ ២០២១ តទៅ​៕​អត្ថ​ប​ទ ៖ ​ វណ្ណៈ

ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ទឹក​ប្រាក់​សរុប​ជាង ៧ ៧០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០

2021/04/27 02:59:58 am        31
ភ្នំពេញ ៖ ​ តម្លៃ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ នៅក្នុង​ឆ្នាំ ២០២០ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៧ ៧៥៣ លាន​ដុល្លារ ​ដោយ​បាន​សាងសង់​នៅ​លើ​ចំនួន​ផ្ទៃក្រឡា​សរុប ​មាន​ចំនួន​ជិត ១៧ លាន​ម៉ែត្រការ៉េ ។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​អំពី​គម្រោង​សាងសង់​វិស័យ​សំណង់ ដែល​បាន​អនុញ្ញាត​លើ​សំណើរ​សុំ​សាងសង់​ ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ក្នុង​ឆ្នាំ ២០២០ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ៧ ៧៥៣ លាន​ដុល្លារ បាន​ធ្លាក់ចុះ​ ៣២,១% ធៀប​នឹង​ឆ្នាំ ២០១៩, និង​មាន​ចំនួន​ផ្ទៃក្រឡា​សាងសង់​សរុប​ជិត ​១៧ លាន​ម៉ែត្រការ៉េ បាន​ធ្លាក់​ចុះ​ជិត ២៧% ធៀប​ទៅនឹង​ឆ្នាំ ២០១៩​។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករណ៍​ថា វិស័យ​សំណង់​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា​កំណើន​ទាប លើ​រង្វង់ ២,៩% ក្នុង​ឆ្នាំ​២០២១ និង ៧,៨% ក្នុង​ឆ្នាំ ២០២២​ ដោយសារ​ការ​រំពឹង​ទុក​នូវ​ការ​ត្រឡប់មកវិញ ​នៃ​រំហូរ​ទុនវិ​និយោគ​ពី​បរទេស និង​ការ​ងើបឡើង​វិញ​នូវ​តម្រូវការ​ក្នុងស្រុក ។ ​ចំពោះ​ការ​បន្ត​រីក​ធំ​នៃ​ឥណទាន​ផ្តល់​ទៅ​អនុ​វិស័យ​សំណង់​, អាច​នឹង​ជួយ​ប៉ះប៉ូវ​បាន​មួយ​ផ្នែក​តូច ពី​ការ​រំពឹងទុក​នូវ​ការ​រឹតត្បិត​រំហូរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន តាមរយៈ​ការ​កើន​ឡើង​នូវ​ហិរញ្ញប្បទាន​ក្នុងស្រុក​, ប៉ុន្តែ​ការ​បន្ត​កំណើន​ខ្ពស់​នៃ​ឥណទាន​ក្នុងស្រុក​នេះ​ អាច​បង្ក​ជា​ហានិភ័យ​ដល់​អនុវិស័យ​សំណង់ និង​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ជារួម ​បាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​កម្រិត​ទាប ។រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ការ​វិវត្ត​នៃ​អនុវិស័យ​សំណង់ ដើម្បី​ដាក់​ចេញ​គោលនយោបាយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា ​សំដៅ​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើតឡើង​។ ជា​រួម​អត្រា​កំណើន នេះ​ស្ថិត​ក្នុង​និន្នាការ​ទាប​ជាង​ធម្មតា​នៅឡើយ ​ដោយហេតុថា​អនុវិស័យ​នេះ ​ត្រូវការ​ពេលវេលា​ដើម្បី​ស្តារ​ទំនុក​ចិត្ត​ក្នុងការ​វិនិយោគ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និក​

2021/04/27 02:59:58 am        136
ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​ថ្មី​មួយ ស្តីពី​ស្តីពី​ការអនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។អនុក្រឹត្យ​នេះ គោលបំណង និង​គោលដៅ កំណត់​អំពី​លក្ខខណ្ឌ​ពិសេស ​និង​ដាក់​ចេញ​នូវ​យន្តការ អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​លើ​ទំនិញ ​ឌីជីថល​ និង​សេវា​ឌីជីថល​ ដែល​ធ្វើ​ពាណិជ្ជកម្ម ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ​និង​ធ្វើការ​ផ្គត់ផ្គង់​ដោយ​អ្នក​ជាប់ពន្ធ​អនិវាស​ន​ជន ដែល​មិនមាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​កម្ពុជា ​ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ស្របតាម​មាត្រា​៧៥ នៃ​ច្បាប់​ស្តីពី​សារពើ​ព័ន្ធ ។អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត ចំពោះ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ រាល់​សកម្មភាព​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដែល​ធ្វើឡើង​ដោយ​អ្នកផ្គត់ផ្គង់​អ​និវាស​ន​ជន ​នៅក្រៅ​ប្រទេស​កម្ពុជា​ មក​ក្នុងប្រទេស​កម្ពុជា​។ ​ដោយឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​អនុវត្តតាម​បទប្បញ្ញត្តិ ស្តីពី​អាករ​លើ​តម្លៃ​បន្ថែម​ជា​ធរមាន។​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​សិក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើក​បញ្ហា​ផ្លូវច្បាប់​ទាំង​ច្បាប់​ជាតិ​ និង​អន្តរជាតិ ដើម្បី​ឈាន​ទៅដល់​ការ​ប្រមូល​ពន្ធ​លើ​សេវាកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន ​ក៏ដូចជា​បច្ចេកវិទ្យា​បរទេស​ ដែល​មិន​ចុះបញ្ជី​នៅ​កម្ពុជា​។ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ជួប​ជាមួយ​ភាគី​ពាក់​ពន្ធ​ជាច្រើន​ហើយ​ក្នុងនោះ មាន​ជាអាទិ៍ ​៖ ក្រុមហ៊ុន ​Facebook, Google, Amazon, Visa, Huawei Cambodia, San Data Systems, Cisco និង IBM ជាដើម​។ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្លាប់បាន​បញ្ជាក់ថា​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ត្រៀម​អនុវត្ត​យន្តការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ លើ​វិស័យ​មួយ​ចំនួន​បន្ថែមទៀត​ ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​មាន​ភាព​ប្រកួតប្រជែង​សម្រាប់​ថ្ងៃ​អនាគត​៕​អត្ថបទ​៖ វណ្ណៈ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឡាវ មាន​ទឹកប្រាក់​សរុប ជាង​១០០​លាន​ដុល្លារ ឆ្នាំ​២០២០

2021/04/27 02:59:58 am        121
ភ្នំពេញ ​៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ឡាវ បាន​ឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កើនឡើង​ថែមទៀត ស្រប​ពេល​ដែល​ការដោះដូរ​ទំនិញ​រវាង​ប្រទេសជិតខាង​ទាំងពីរ ​នៅមាន​ទំហំ​ទាប​នៅឡើយ​។យោងតាម​របាយការណ៍​ផ្លូវ​ការណ៍ ការដោះដូរ​ទំនិញ​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​ឡាវ សម្រេច​បាន ១០៤​លាន​ដុល្លារ ឆ្នាំ​២០២០២ កើន​ឡើង​៩៤០​ភាគរយ ​ធៀប​នឹង​ឆ្នាំ​២០១៩​។​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​តាមរយៈ​វីដេអូ​អន​ឡាញ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ផន​ខាំ រី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​ឡាវ​ថ្មី បាន​ឯកភាព​គ្នា​ពន្លឿ​ន​ការចរចា​រលើ «​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​» ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​សន្ទុះ​កើនឡើង​។នាយករដ្ឋមន្ត្រី​នៃ​ប្រទេសជិតខាង​ទាំងពីរ បាន​ធ្វើឡើង​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ​ដោយ​ក្នុងនោះ ក្រសួងការបរទេស បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​៖ «​ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ពន្លឿន​ការចរចា​រលើ «​កិច្ចព្រមព្រៀង​ស្តីពី​ការ​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា​»​។ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាព​ជំរុញ​បញ្ចប់​ឱ្យបាន​ឆាប់​នូវ​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដូចជា វិស័យ​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ ​និង​វប្បធម៌​ផងដែរ​។​ ទំនិញ​សំខាន់ៗ​ដែល​ប្រទេស​ទាំងពីរ​នាំចេញ​-​ចូល​ទៅវិញទៅមក គឺជា​ផលិត​ផលកម្ម​។ ​ប៉ុន្តែ​ឡាវ​ជា​ប្រទេស​ផ្គត់ផ្គង់​ថាមពល​ដល់​កម្ពុជា រួមមាន​ថៃ និង​វៀតណាម​៕​អត្ថបទ​ ៖ វណ្ណៈ

រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ ​និង​ពន្ធគយ ​បាន​១.៦​ពាន់​លាន​ដុល្លារ​ត្រីមាស​ទី​១ ​ឆ្នាំ​២០២១

2021/04/27 02:59:58 am        130
ភ្នំពេញ ​៖ ក្នុង​រយៈពេល​បី​ខែ ដើមឆ្នាំ​២០២១ រដ្ឋ​ប្រមូល​ចំណូល​សារពើពន្ធ​សរុប​ជាង ១,៦ ​ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​ ចំណូល​ពន្ធដារ ​មាន​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ ​និង​ចំណូល​ពន្ធគយ​មាន​ប្រមាណ​៦០០​លាន​ដុល្លារ​។តួលេខ​ចំណូល​សារពើពន្ធ​នេះ​ត្រូវបាន​ប្រកាស​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងអំឡុងពេល​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ​នៅ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។សម្តេច​តេ​ជោ​ លើកឡើងថា ចំណូល​ពន្ធដារ​ក្នុង​មីនា ប្រមូល​បាន​ជាង ៦០០​លាន​ដុល្លារ បូក​នឹង​ចំណូល​ពន្ធដារ ទាំងបី​ខែ​ដើមឆ្នាំ ​សម្រេច​បាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​។ ​ចំណូល​ពន្ធដារ ​កើនឡើង​ ធៀប​នឹង​រយៈពេល​បី​ខែ ឆ្នាំ​២០២០ ​មាន​ត្រឹមតែ ​៤៤៥​លាន​ដុល្លារ​។​​ចំណែក​ចំណូល​ពន្ធគយ​ប្រមូល​ក្នុង​រយៈពេល​បី​ខែ ​សម្រេច​បាន​ក្នុង​រង្វង់​ជាង ៦០០​លាន​ដុល្លារ ធ្លាក់​ចុះ​ពី ៧២៩​ដុល្លារ ក្នុង​រយៈពេល​បី​ខែ​កាលពី​ឆ្នាំមុន​។​ សរុប​ចំណូល​សារពើពន្ធ​ក្នុង​រយៈពេល​បី​ខែ​ឆ្នាំ​២០២១ កើនឡើង​ធៀប​នឹង​ចំណូល​សារពើពន្ធ​ប្រមូល​ឆ្នាំ​២០២០​ បើទោះបីជា​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​កំពុង​បន្ត​។​​ជាមួយ​នឹង​ការប្រមូល​ចំណូល​សារពើពន្ធ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា​ រាជរដ្ឋាភិបាល មាន​សាច់​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ចរន្ត ជាពិសេស​សាច់ប្រាក់​ដែល​រាជរដ្ឋាភិបាល​មាន គឺអាច​ទ្រទ្រង់​បើក​ប្រាក់ខែ​មន្ត្រីរាជការ បាន​យ៉ាងតិច​បី​ឆ្នាំ​ទៀត​៕ អត្ថ​ប​ទ ៖ វណ្ណៈ ​

ការ​បង់ពន្ធ ​ជា​ការ​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ

2021/04/27 02:59:58 am        29
ភ្នំពេញ ៖ ​តំណាង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ ​អំពាវនាវ​ដល់​អ្នក​ជាប់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់ ​គោរព​បទប្បញ្ញត្តិ ​ស្តីពី​ពន្ធដារ ​និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ទៀងទាត់ ​ព្រោះ​ការចូលរួម​បង់ពន្ធ​របស់​អស់​លោកអ្នក គឺជា​ការ​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​ របស់​ប្រទេសជាតិ​យើង ។លោក សុង កុសល ប្រធាន​ការិយាល័យ​ចាត់ចែង​លិខិត​ប្រកាស ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ​លើកឡើង​នៅ​ក្នុង​កម្មវិធី​ពន្ធដារ​កម្ពុជា ស្តីពី ​ពន្ធ​លើ​ប្រាក់​បៀវត្ស ​នៅ​ចុង​សប្តាហ៍​កន្លងមកនេះ​ថា ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​គឺជា​ពន្ធ​ត្រូវ​បង់​ប្រចាំខែ​ ដែល​បានកំណត់​បៀវត្ស​លើ​រូបវន្ត​បុគ្គល បាន​ទទួល​នៅក្នុង​ក្រប ខណ្ឌ​បំពេញការងារ​ ក្នុងនោះ​រូបវន្ត​បុគ្គល​និវាសនជន​នៅ​កម្ពុជា ​គឺ​ត្រូវ​ជាប់​ពន្ធ​លើ​ប្រាក់​បៀវត្ស​គ្រប់​ប្រភព ​ទាំង​ប្រភព​នៅ​កម្ពុជា ​និង​ប្រភព​បរទេស​។ ​ដោយឡែក​អ​និវាសនជន​កម្ពុជា​ក៏ត្រូវ​ជាប់ពន្ធ​នៅ​កម្ពុជា​ផងដែរ​ ប្រសិន​រូបវន្ត​បុគ្គល​នោះ ​មាន​សកម្មភាព​បំពេញការងារ ​ដើម្បី​ទទួល​បាន​ប្រាក់​បៀរ​វត្ស ។លោក បន្តថា និយោជក​ត្រូវ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​នេះ ទោះបី​និយោជ​បើកប្រាក់​បៀរ​វត្ស ប្រចាំ​អាទិត្យ​ ឬ​ ពាក់​កណ្តាលខែ​ ក្នុងនោះ ​ទូរលេខ​ប្រាក់​បៀរ​វត្ស​ដែល​បំពេញ​បាន​ក្នុង​មួយខែ​ គឺ​ត្រូវ​បូក​បញ្ចូល​គ្នា ​ហើយ​ប្រកាស​មក​រដ្ឋបាល​សារពើពន្ធ ​យ៉ាង​យូរបំផុត​ត្រឹម​ថ្ងៃទី ២០ ​ខែ​បន្ទាប់ ។ ដូច្នេះ​និយោជក ឬ​អង្គភាព ស្ថាប័ន អ្នក​កាន់​បញ្ជី​ការ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់ ​សូម​គោរព​បទប្បញ្ញត្តិ ​ស្តីពី​ពន្ធដារ ​ដើម្បី​ចៀសវាង​ការ​ពិន័យ​ផ្សេងៗ​, ​ការចូលរួម​បង់ពន្ធ​របស់​អស់​លោកអ្នក ​គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង ។សូមបញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាពេល​កន្លងមកនេះ ​បាន​ប្រកាស​ណែនាំ​នៃ​ការអនុវត្តន៍​អត្រាពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ថ្មី លើ​ការអនុវត្តន៍​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី ចំពោះ​សហគ្រាស​អ្នក​ជាប់​ពន្ធ​និវាស​ន​ជន ស្ថាប័នរដ្ឋ និង​អង្គភាព​នានា ដែល​មាន​កាតព្វកិច្ច​កាត់ទុក​និង​បង់ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ដែល​ត្រូវ​អនុវត្តន៍​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី ​ក្នុងនោះ​ ចំពោះ​បៀរ​វត្ស​ជាប់​ពន្ធ​ប្រចាំខែ ​ដោយ​ប្រាក់​បៀរ​វត្ស ចាប់ពី ១ ៣០០ ០០ រៀល ដល់ ២ ០០០ ០០០ មាន​អត្រាពន្ធ ៥%, បៀរ​វត្ស​ពី ​២ ០០០ ០០១ រៀល​ ដល់ ៨ ៥០០ ០០០ រៀល អត្រា ១០%, និង​ពី ៨ ៥០០ ០០១ រៀល ដល់ ​១២ ០០០ ០០០ រៀល ​អត្រាពន្ធ ១៥% និង​លើស​ពី ១២ ៥០០ ០០០ រៀល គឺ​មាន​អត្រា​ប្រាក់ ២០% ៕អត្ថបទ​៖ សុន រ៉ា​ឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump៖ ការជជែកជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គឺល្អ ខណៈសង្ឃឹមដោះស្រាយសង្គ្រាម
04/27/2026 04:04 PM
ចិនប្ដេជ្ញាថា នឹងចាត់វិធានការតបតវិញ ប្រសិនបើ EU អនុវត្តផែនការ «ផលិតនៅអឺរ៉ុប»
04/27/2026 04:04 PM
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
04/27/2026 04:04 PM
ធុរកិច្ចជប៉ុនមានសុទិដ្ឋិនិយមខ្ពស់លើរាជរដ្ឋាភិបាល និងបរិយាកាសវិនិយោគនៅកម្ពុជា
04/27/2026 04:04 PM
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ធ្វើដំណើរទៅដល់រុស្ស៊ីសម្រាប់កិច្ចប្រជុំជាមួយលោក Putin
04/27/2026 04:04 PM
ផែនការបញ្ចប់សង្គ្រាមរបស់អ៊ីរ៉ង់ មាន ៣ដំណាក់កាល ខណៈភាពតានតឹងនៅច្រកសមុទ្រ Hormuz កើនឡើង
04/27/2026 04:04 PM
លោក Trump ពិពណ៌នាអំពីការបាញ់ប្រហារថា ជាភស្តុតាងនៃអំណាចប្រធានាធិបតីរបស់លោក
04/27/2026 04:04 PM
ក្រសួងការងារ ចុះដោះស្រាយភ្លាមៗនូវការទាមទាររបស់បងប្អូនកម្មករ រោងចក្រ អឹមអិល ដោយគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករជាអាទិភាព
04/27/2026 04:04 PM
ហេសបូឡា៖ កងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ
04/27/2026 04:04 PM
មេដឹកនាំអ៊ុយក្រែន រិះគន់ការវាយប្រហាររបស់រុស្ស៊ីនៅឆ្នាំ២០២៥ លើរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl
04/27/2026 04:04 PM