ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
សហព័ន្ធស្រូវអង្ករកម្ពុជា៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

សេដ្ឋកិច្ច និង កសិកម្ម

រោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែងនៅកម្ពុជា ប្រកាសទទួលទិញស្រូវពីកសិករ​ជាមួយនឹងតម្លៃសមរម្យ

2025/01/16 12:04:40 pm        224
ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឲ្យដឹងថា ក្នុងរដូវកាលប្រមូលផលស្រូវនេះ ក្រុមហ៊ុនរបស់លោកទាំងសាខាខេត្តកំពង់ធំ និងសាខាខេត្តបាត់ដំបង បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាពប្រភេទស្រូវពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ជាមួយនឹងតម្លៃសម្យរម្យទៅតាមប្រភេទ និងគុណភាពស្រូវ។ មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមប្រព័ន្ធទូរស័ព្ទ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី៥ រហូតមកដល់ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០៥នេះ រោងម៉ាស៊ីនស្រូវរបស់លោក បានទទួលទិញស្រូវចំនួនប្រមាណជាង ២ពាន់តោន ភាគច្រើនទទួលទិញស្រូវសែនក្រអូប និងស្រង៉ែ ដោយសារស្រូវទាំងនេះមានទីផ្សារល្អច្រើនជាងស្រូវពូជផ្សេងៗ។ជាមួយនេះ លោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាកសិករព្យាយាមលទ្ធភាពផ្ទេរ និងត្រឡប់ងាកមកដាំស្រូវពូជរបស់ខ្មែរវិញបានគួរតែត្រឡប់ ដោយសារតែស្ថានភាព តម្រូវការរបស់ប្រទេសវៀតណាមមានការធ្លាក់ចុះ តម្រូវការស្រូវរបស់គេក៏គេផលិតបានច្រើន អញ្ចឹងតម្រូវការទីផ្សារគេលក់ក៏ចុះ ដូច្នេះយើងគួរកុំបន្តដាំពូជវៀតណាមទៀតអី គួរព្យាយាមកាត់បន្ថយ មិនមែនឲ្យបញ្ឈប់ទេ គឺកាត់បន្ថយ។ លោកបន្ថែមទៀតថា ទី២គួរកាត់បន្ថយការប្រើថ្នាំ ការប្រើជីគីមីថ្នាំពុល កុំឲ្យចំណាយលុយអស់ច្រើន កុំឲ្យខាតលុយ ដោយព្យាយាមប្រើពូជខ្មែរ អត់សូវប្រើថ្នាំ អត់សូវប្រើជីទេ សូមរួមគ្នាជាក្រុមផលិត ឬជាសហគមន៍កសិកម្មទំនើបកាន់តែល្អ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ កម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជានឹងទម្លុះនូវរបាំងភូតគ្គាមអនាម័យ ជំរុញនាំចេញទឹកមាត់ត្រចៀកកាំចូល​ទៅទីផ្សារចិន​ឆាប់ៗ

2025/01/16 11:32:12 am        227
នៅក្នុងឆ្នាំ ២០២៥ នេះ គឺជាឆ្នាំដែលកម្ពុជានឹងទម្លុះនូវរបាំងភូតគ្គាមអនាម័យ នៃការនាំចេញទឹកមាត់ត្រចៀកកាំ តាមរយៈនៃកិច្ច ព្រមពៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដោយរំពឹងថា ផលិតផលថ្មីមួយនេះនិងអាចហូរចូលទីផ្សារចិនបន្ថែមមួយទៀត ក្នុងពេល ឆាប់ៗនេះ។ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងទាក់ទិនការនាំចេញទឹកមាត់ត្រចៀកកាំរបស់កម្ពុជា ចូល ទៅទីផ្សារប្រទេសចិន នៅក្នុងសន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន (Canton Fair) លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ម្សិលមិញនេះថា ជុំវិញការនំាចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ កន្លងមក កម្ពុជាបាន នាំចេញផ្លែចេក និងមៀនប៉ៃលិន បច្ចុប្បន្នភាគីនៃប្រទេសទាំងពីរ បាននិងកំពុងចរចារដើម្បីជំរុញនាំចេញទឹកមាត់ត្រចៀកកាំ ដែលជា ផលិតផលថ្មីរបស់កម្ពុជាមួយទៀត ចូលទៅកាន់ទីផ្សារប្រទេសចិន។ឯកឧត្តម បន្តថា ជុំវិញការនាំចេញនេះ គឺយើងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (FTA) ក្នុងនោះការ ដែលនាំចេញទៅបាន គឺកម្ពុជាត្រូវតែគោរពតាមភូតគ្គាមអនាម័យ ដែលបញ្ហានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុក ក្នុងការចរចារ, បច្ចុប្បន្នការចរចារនេះស្ទើតែចប់ ១០០ ភាគរយហើយ។ ចំណែកក្រសួងពាណិជ្ជកម្មវិញ គឺមានតួនាទីលើការចរចារបើក ទីផ្សារពន្ធសូន្យ។ ដូច្នេះតាមរយៈនៃការខិតខំប្រឹងប្រែងនេះ ឯកឧត្តម រំពឹងថា កម្ពុជានឹងនាំចេញទឹកមាត់ត្រចៀកកាំទៅតាមកិច្ចព្រម ពៀងចូលទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ។ទាក់ទិនកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន, លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងផងដែរថា បន្ទាប់ពីការដាក់ឱ្យអនុវត្តនូវព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ភាគីទាំងពីរជំរុញ ពាណិជ្ជកម្មប្រកបដោយភាគលាភជាបន្តបន្ទាប់ ជាពិសេសកសិផលគុណភាពខ្ពស់របស់កម្ពុជា បាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដូចជា៖ ផ្លែដូង សត្វទឹកអាចបរិភោគបាន និងជលផលធម្មជាតិរបស់កម្ពុជា បាននាំចេញទៅប្រទេសចិន ក្នុងនោះភាគីទាំងពីរកំពុង ពន្លឿនការជំរុញនីតិវិធីនាំចេញ កសិផលគុណភាពខ្ពស់របស់កម្ពុជា ទៅប្រទេសចិនបន្ថែមទៀតដូចជា៖ ទឹកមាត់ត្រចៀកកាំ ផ្លែធុរេន ផ្លែខ្នុរជាដើម ដែលរំពឹងថា ផលិតផលទាំងនេះនឹងអាចសម្រេចបានតាមការគិតគូក្នុងពេលឆាប់ៗ។ជុំវិញការអភិរក្សត្រចៀកកាំ លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា លើកឡើងថា ការអភិរក្ស ត្រចៀកកាំនៅកម្ពុជានេះ បើធៀបប្រទេសក្នុងអាស៊ាន កម្ពុជាគឺជាប្រទេសកូនពៅដែលបានអភិរក្សផ្ទះត្រចៀកកាំ ក្នុងនោះកម្ពុជាក៏ជា ប្រទេសដែលមានសក្តានុពលខ្លាំង លើការអភិវឌ្ឍលើវិស័យនេះផងដែរ ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាបានអភិរក្សផ្ទះត្រចៀកកាំ មានក្នុងររង្វង់ប្រមាណ ៧ ពាន់ផ្ទះ ដោយការអភិរក្សនេះ ពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនកើនឡើងគួកត់សម្គាល់ ចំណែកការនាំចេញ វិញ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញក្នុងរង្វង់ប្រមាណ ១០០ តោន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ចិនចាប់ផ្តើមជំរុញបន្ថែមលើសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ

2025/01/16 11:03:38 am        210
នៅក្នុងឆ្នាំនេះគឺជាចំណុចនៃការចាប់ផ្ដើមថ្មី លើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេស-កម្ពុជា តាមរយៈ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្ដោតលើវិស័យអាទិភាពចំនួន ៦ ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំង ពីរបន្ថែម។ លោកស្រី ចុង ជា (Zhong Jie) អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងក្នុង សន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន-កម្ពុជា បានឈានទៅមុខកាន់តែស៊ីជម្រៅ កាន់តែជាក់ស្ដែងឥតឈប់ឈរ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង និងកិច្ចសហប្រតិបត្តិការ ខ្សែសង្វាក់ ផ្គត់ផ្គង់ជាដើម។ ការវិនិយោគរបស់ប្រទេសចិន បានជំរុញឱ្យផលិតផលចិន និងបច្ចេកវិទ្យាចិនចូលមកទីផ្សារប្រទេសកម្ពុជា។ ដូចគ្នានេះ ដែរ អតិថិជនចិនបានស្គាល់កាន់តែច្បាស់ នូវផលិតផលគុណភាពខ្ពស់របស់កម្ពុជាដូចជា គ្រាប់ស្វាយចន្ទី អង្ករ និងម្រេចជាដើម។លោកស្រី បានបន្តទៀតថា ឆ្នាំ២០២៥ នេះ គឺជាឆ្នាំទី៣ នៃការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP និងកិច្ចការដាក់ឱ្យអនុវត្តនូវគោលនយោបាយព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ប្រកបដោយ ភាគលាភជាបន្តបន្ទាប់ និងអំណោយផលដល់ប្រទេសចិន ដែលបានរក្សាតំណែងជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេលេខ ១ ក្នុងរយៈ ពេល ១៣ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិន-កម្ពុជា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ មានចំនួនជាង ១៦ ប៊ីលានដុល្លារ កើនឡើងជាង១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ នៅក្នុងឆ្នាំ ២០២៥ នេះដែរ, លោកស្រី ចុង ជា បានបញ្ជាក់ថា ឆ្នាំថ្មីនេះជាចំណុចចាប់ផ្ដើមថ្មី នៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជា។ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ ប្រទេសទាំងពីរបាន ផ្តោតលើវិស័យអាទិភាពចំនួន ០៦ ដោយក្នុងនោះស្ថានទូតចិនប្រចាំកម្ពុជា កំពុងបន្តយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងលើគ្រប់វិស័យរវាងចិន និងកម្ពុជាឱ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរ ក្នុងខែ កុម្ភៈ ឆ្នាំ ២០២៣, កិច្ចសហប្រតិបត្តិការនេះបានផ្តោតលើវិស័យអាទិភាពចំនួន៦រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋាភិបាលទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីរក្សាលំនឹងថ្លៃស្រូវកសិករ

2025/01/16 09:44:59 am        148
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល តាមរយៈ​ធនាគារ អភិវឌ្ឍន៍ជនបទ (ARDB) បានទម្លាក់ថវិកា ៥ លើករួចមកហើយ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ស្រូវអង្ករ និងរក្សាស្ថិរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២០៨ លាន​ដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានបន្តទម្លាក់ថវិកាប្រមាណ ៣០ លាន​ដុល្លារបន្ថែមទៀតដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។ឯកឧត្តម​បណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថាន​ភាព​ថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលរៀបចំ​ឡើងដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៥នេះ។ឯកឧត្តម​បណ្ឌិតថ្លែងថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ ហេតុដូច្នេះហើយ ចាប់តាំង​ពី​ឆ្នាំ​២០១៦ មករាជរដ្ឋាភិ បាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់​បាន​៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និង​ដើម្បីជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកា។ឯកឧត្តមបណ្ឌិតបានបន្តថា គិតមកទល់ពេលនេះ ទុនពិសេសដែលបាន​ទម្លាក់មាន​ទំហំ​ទឹក​ប្រាក់​ជាង ២០៨ លានដុល្លាររួចហើយ ក្នុងនោះទុនវិនិយោគប្រមាណ ៣០ លានដុល្លារប៉ុណ្ណោះ ក្រៅពី​នោះ​គឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់។ឯកឧត្តមបណ្ឌិតបានពន្យល់ថា៖«រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ ទៅលើវិស័យ​កសិកម្ម​ជាពិសេសប្រជាកសិករ ហើយយើងឃើញថានៅសម័យកូវីដមានទុនច្រើនណាស់ ដែល​បាន​ទម្លាក់ដើម្បីឱ្យកសិករមានមានលំនឹងជីវភាព ដែលអាចរស់នៅបាន មិនធ្លាក់ក្រោមបន្ទាត់ក្រីក្រ ឬធ្លាក់ក្រោមបន្ទាត់ក្រីក្រតិចតួច ពោលគឺ មានទុន​ជាច្រើន​ដែល​បាន​ដាក់​ចេញ​មក មានទាំងបន្លែ សាច់ ការចិញ្ចឹមសត្វ និងផ្សេងៗថែមទៀត»។សូមជម្រាបថា ទុនពិសេសដែលបានទម្លាក់រួមមាន៖ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤។ ដោយឡែក សម្រាប់ទុន ៣០ លានដុល្លារទៀត ទើបទម្លាក់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិស្រូវអង្ករប្រភេទអូអឹមរបស់ប្រជាពលរដ្ឋនាពេលនេះ៕

កម្ពុជាកំពុងពិនិត្យសំណើសុំចុះបញ្ជីវិនិយោគចំនួន ១៧ គម្រោង មានទុនសរុប ១៥០លានដុល្លារ

2025/01/15 03:48:42 pm        225
គណៈកម្មាធិការវិនិយោគកម្ពុជា បើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ចំនួន១៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៥០ លាន​ដុល្លារអាមេរិក,,ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា បន្ថែម។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងទី ១៥ ខែ មករា នេះ បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧ គម្រោង មានទុន វិនិយោគសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក ដោយគម្រោងនេះអាចបង្កើតការងារបានចំនួនប្រមាណ ៩ ពាន់កន្លែង ហើយនៅ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធផងដែរ។ជុំវិញនិងគម្រោងវិនិយោគថ្មីនេះរួមមាន៖ ការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១ គម្រោង (បង្កើត រោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦ គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិច ត្រូនិក, ផលិតអំពូល ភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាង និង ឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោក គក់ និងជ្រលក់ពណ៌) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថា ជុំវិញគម្រោងវិនិយោគថ្មីនេះ នៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង វិនិយោគ មានចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៣៨៧ ជាគម្រោងវិនិយោគថ្មី និង ២៧ ជាគម្រោងពង្រីកផលិតកម្ម ដោយវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦៤ គម្រោង និងគម្រោងវិនិយោគដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៥០ គម្រោងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កសិករនៅឃុំស្រះរាំង ប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛/គីឡូក្រាម

2025/01/15 03:43:12 pm        258
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃ​ចុះ​កិច្ច​សន្យា​ទុកជាមុន ១៣៥០៛/គីឡូ សម្រាប់ស្រូវសើមទិញនៅទីវាល។ថ្នាក់ដឹកនាំ​ក្រសួងខាងលើសង្ឃឹមថា ដំណឹង​នេះ​នឹង​អាច​បង្កើនទំ​នុក​ចិត្ត​បន្ថែម​ទៀត​ដល់​បងប្អូ​ន​កសិករ​កម្ពុជា ដែលនៅតែអល់អែករារែក ស្ទាក់ស្ទើរមិនទាន់ហ៊ាន​សម្រេច​ចិត្តងាក​មក​រួមគ្នា​ផលិត​ស្រូវ​សែន​ក្រអូប ក្រោមទម្រង់ជាសហគមន៍កសិកម្មទំនើប។សូមបញ្ជាក់ថា ក្រុមហ៊ុនបៃតង គឺជាក្រុមហ៊ុនតែមួយ ដែលនឹងចុះកិច្ចសន្យាធានាទិញស្រូវសែនក្រអូបពីសហគមន៍កសិកម្មទំនើបខ្នាត៥០០០ហិកតា ដែលគ្រោងនឹងបង្កើតថ្មីនៅខេត្តកំពង់ធំនាពេលខាងមុខនេះ។តាមឯកឧត្តម ឃឹម ហ្វីណង់ «សហគមន៍កសិកម្ម & ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា» បង្ហាញពីភាពច្បាស់លាស់ មានទំនុកចិត្ត និងមិនចាំបាច់បារម្ភពីហានិភ័យទីផ្សារ។ ការធ្វើកសិកម្មនៅដាច់ដោយឡែកៗពីគ្នា តូចៗជាលក្ខណៈគ្រួសារ តែងជួបបញ្ហាប្រឈមច្រើន ជាពិសេសភាពស្រពេចស្រពិលនៃទីផ្សារ និងថ្លៃដើមខ្ពស់។ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាកសិករចងក្រងគ្នាផលិតជាសហគមន៍ ដើម្បីអាចមានលទ្ធភាពចាប់យកកិច្ចសន្យាច្បាស់លាស់មួយ «លក់មុនដាំ» ជាមួយនឹងសមត្ថភាពប្រកួតប្រជែងខ្ពស់ទាំងខាងផ្នែកតម្លៃ បរិមាណ និងគុណភាព។ជាមួយគ្នានោះប្រសិនបើអាចរៀបចំជាសហគមន៍កសិកម្មទំនើបតែម្តង ក្រសួងនឹងសម្រសម្រួលស្វែងរកទុនកម្ចីការប្រាក់ទាបជូន ដោយមិនចាំបាច់ឱ្យកសិករសមាជិកជាប់បំណុលធានាគារ៕

ធនាគារជាតិបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំជួញដូរ ៥០០ប៊ីលានរៀល

2025/01/15 10:42:37 am        124
ធនាគារជាតិនៃកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំ​ជួញ​ដូរ​មាន​ទឹក​ប្រាក់​ប្រមាណ ៥០០ប៊ីលានរៀល កំណត់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតម្លៃ​ចារឹក​ក្នុង​មួយ​ប័ណ្ណ ១ លានរៀល នៅក្នុងឥណប្រតិទានដែលមានកំណត់ នៅតាម ចំនួនឆ្នាំនីមួយៗ។ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបោះផ្សាយមូលបត្ររដ្ឋលើកទី ៣០ ដល់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៃការដាក់ឱ្យដេញថ្លៃមូលបត្ររដ្ឋ ដោយប្រព្រឹត្តទៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ តាមប្រព័ន្ធដេញថ្លៃលើថ្នាលរបស់ ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform - NBCP) ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ២ រសៀល​។ចំពោះការដាក់ដេញថ្លៃនៃការបោះផ្សាយមូលបត្ររដ្ឋនេះ គឺជាភេទមូលបត្រឥណប្រតិទាន (ការ​ទូទាត់​ ឬកាលកំណត់) ១ ឆ្នាំ, ដោយមានទំហំសរុប (មិនមានការកំណត់), មានតម្លៃ​ចារឹក​មួយ​ឯកតា (ឬមួយប័ណ្ណ) ១ លានរៀល, អត្រាគូប៉ុង ២,៨០% (ថេរ), ថ្ងៃទូទាត់នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៥, ចំណែករយៈពេលទូទាត់គូប៉ុង នឹងធ្វើឡើងរៀងរាល់ ៦ ខែម្តង និងមាន​កំណត់​លក្ខ​ខណ្ឌ ជាច្រើនទៀត នៅក្នុងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។ជុំវិញការបោះផ្សាយមូលបត្ររដ្ឋនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាន​ជម្រាប​ជូន​ដំណឹង​ដល់​វិនិយោគិន​សក្កានុពលទាំង អស់ នៃការអនុលោម​តាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៥ ​និងក្របខ័ណ្ឌ​គោល​នយោបាយ ស្តីពីការអភិវឌ្ឍមូលបត្រ រដ្ឋ ២០២៣-២០២៨ របស់​រាជ​រដ្ឋាភិបាល, ក្នុងនោះសម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការ​បោះ​ផ្សាយ​លក់ មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា NBCP ក្នុង​ទំហំ ៥០០ ប៊ីលានរៀល សមមូលប្រមាណ ១២៣ លានដុល្លារអាមេរិក សម្រាប់​ជា​ហិរញ្ញប្ប​ទាន​ចំណាយ​លើកា​រវិនិយោគនៅលើវិស័យជាច្រើន ដែលជាវិស័យអាទិភាពរបស់ រាជរដ្ឋាភិបាល និង​ក៏​ជា​ការ​រក្សាតុល្យភាពថវិកាជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អង្គការ FAO គ្រោងអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

2025/01/14 04:28:46 pm        204
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២៥ បានទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួង។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រោយពី​បានទទួលស្តាប់​ការ​ធ្វើ​បទ​បង្ហាញរួច ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារគម្រោង​ត្រូវចាំ​បាច់​ផ្តោត​ទៅ​ការងារសំខាន់តែមួយមុខជាក់លាក់ ធ្វើយ៉ាងណាឱ្យមានការគ្រប់គ្រងច្បាស់លាស់ មាន​លទ្ធផល​ល្អ មានការអនុវត្តត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ការងារគម្រោងនៅដំណាក់ទី១នេះ គួរមានការយកចិត្តទុកដាក់លើការងារអនុវិស័យសត្វ ដោយត្រូវសហការជាមួយអគ្គនាយកដ្ឋានជំនាញ ក្នុងការសិក្សាពីការប៉ាន់ប្រមាណការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការវិភាគការបំភាយកាបូនក្នុងវិស័យកសិកម្ម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តដល់ក្រុមការងារគម្រោងចាំបាច់ផ្តោតការងារដំណាក់កាលទី១នេះឱ្យទទួលបានលទ្ធផលជោគជ័យជាមុនសិន អាចបញ្ជ្រាបការអនុវត្តដល់កសិករពិតប្រាកដ ងាយស្រួលក្នុងប្រមូលទិន្នន័យពាក់ព័ន្ធ និងមានភាពល្អប្រសើរក្នុងអនុវិស័យសត្វ មុនឈានទៅរកការអនុវត្តគម្រោងដំណាក់កាលទី២ និងទី៣ ដែលជាជំហានបន្ទាប់ក្នុងគម្រោង។បើតាមក្រសួងកសិកម្ម កិច្ចប្រជុំនេះ ធ្វើឡើងដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ក្នុងគោលដៅស្នើសុំគោលការណ៍ណែនាំពី ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបានលើកឡើងខាងលើ និងជំរុញការកសាងសមត្ថភាពធនធានមនុស្សក្នុងដំណាក់កាលទី០២ នៃគម្រោង៕

ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍កសិកម្មទំនើបខ្ចីប្រាក់ក្នុងរង្វង់៥លានដុល្លារ ដើម្បីកុំឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ

2025/01/14 04:12:54 pm        215
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សរសេរ​បញ្ជាក់​នៅ​លើហ្វេសប៊ុកនៅរសៀលថ្ងៃទី១៤ ខែមករានេះថា ក្រសួងកសិកម្មនឹង​ដាក់​ទុន​ឱ្យ​សហគមន៍​កសិកម្ម​ទំនើប​ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់​បំណុល​គេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួង​កសិកម្ម​ព្យាយាម​ផ្តល់​ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយ​កំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ ឯកឧត្តម ឃឹម ហ្វីណង់ បានសរសេរថា ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បង​ប្អូន​កសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រ​ចិត្ត​រួម​គ្នា​ជាមួយ​ឃុំ​កំពង់​គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែន​ក្រអូប​របស់​កម្ពុជា​លើ​ផ្ទៃ​ដី​៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី ១៣០០៛/គីឡូក្រាមឡើងទៅ។ឯកឧត្តម​បញ្ជាក់ថា ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិន​ចាំបាច់​ឱ្យ​កសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ នេះ​គឺ​ជា​ដំណោះស្រា​យបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែល​ធ្លាប់​តែ​ដាំ​ពូជ​ស្រូវ​របស់​ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារ និង​មិន​ទទួល​បាន​តម្លៃល្អ​។ ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវថា បើអាណិតកសិករយើង ហើយពិត​ជា​ចង់​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និង​ដាំ​ពូជ​អង្ករ​ក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាក​ទាំង​ការ​អន្តរាគមន៍ជួយពេលមានបញ្ហា។ ឯកឧត្តមបន្តថា «ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់​យក​ទីផ្សារ​មក​ទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់​ការ​លើ​ជោគ​វាសនា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ហើយ»៕

ឯកឧត្តម ឃឹម ហ្វីណង់៖ «ពេលវេលានេះមិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នាជំរុញឱ្យកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវវៀតណាមវិញ»

2025/01/14 01:18:36 pm        621
ឆ្លើយតបទៅនឹងការផ្សាយបំផុសបំផុល ញុះញង់របស់បណ្ដាញផ្សព្វផ្សាយវិទ្យុបរទេស ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សរសេរ​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​ថា ពេលវេលានេះមិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេល​មូរដៃ​អាវ​ធ្វើ​ការរួមគ្នាជំរុញឱ្យកសិករងាក​មក​ចាប់​យក​ពូជ​អង្ករ​ក្រអូប​របស់​កម្ពុជា​ជំនួស​ពូជ​ស្រូវ​វៀតណាម​វិញ។ឯកឧត្តមបានសរសេរថា «ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែ​ជា​ពេល​មូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយ​ឱ្យ​ត្រូវ​ ជំរុញឱ្យកសិករយើងងាកមកចាប់យក​ពូជ​អង្ករ​ក្រអូប​របស់​កម្ពុជា​ជំនួស​ពូជ​ស្រូវ​របស់​វៀតណាម​វិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយ​ដាក់ចំណងជើងថា «រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ» ក្នុងចេតនា​ព្យាយាម​ធ្វើ​ឱ្យ​មាន​ការ​យល់ច្រឡំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់​ការ​បញ្ចូន​សារ​ដ៏មាន​សារៈសំខាន់​របស់​​ឯកឧត្តម​រដ្ឋមន្ត្រីជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ»។ បើតាមឯកឧត្តមអ្នកនាំពាក្យ ការបកស្រាយ​ពន្យល់​ពី​ស្ថានភាព​ថ្លៃ​ស្រូវ​អូអឹម​មិន​មែន​ជា​ការ​ដោះសារ ឬ​ការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាព​ការណ៍​យ៉ាង​ជាក់​លាក់​នៃ​ទីផ្សារ​អង្ករលើសកលលោកពីសំណាក់អ្នកជំនាញ ដើម្បីផ្តល់ព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​ដល់​បងប្អូន​កសិករ​យើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀស​វាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត។ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា សាធារណៈជន ជាពិសេសពុក​ម៉ែប​ង​ប្អូន​កសិករ​ដែល​កំពុង​ដាំស្រូវអូអឹមទាំងអស់ អាចបើកចំហបេះដូង ហើយស្តាប់បទសម្ភាស​ទាំងមូល​ពី​ប្រភព​ផ្ទាល់​ឱ្យ​បាន​ដល់ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដរបស់ឯកឧត្តរដ្ឋមន្ត្រី។ បើមិនបាន​ជួយ​អ្វី​ដោយ​ផ្ទាល់ដល់កសិករយើងទេយ៉ាងហោចណាស់ សូមធ្វើចំណែកមួយនៃដំណោះស្រាយ ប្រសើរ​ជាងទៅខំប្រឹងបង្កើតបញ្ហាបន្ថែម»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារចុះមូលដ្ឋាន ប្រគល់ផ្ទះដល់ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ
07/01/2025 08:07 AM
អាមេរិក និងកាណាដា ត្រៀមបន្តកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីទីក្រុងអូតាវ៉ា ទម្លាក់ពន្ធឌីជីថល
07/01/2025 08:07 AM
គណ:ប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា
07/01/2025 08:07 AM
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកទូទាំងហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត១០០នាក់ ខណៈមានការជំរុញបទឈប់បាញ់ថ្មី
07/01/2025 08:07 AM
មនុស្សម្នាក់ស្លាប់ ខណៈ ២នាក់បាត់ខ្លួន ក្រោយលិចនាវាដឹកជនអន្តោប្រវេន៍ នៅម្ដុំកោះ Lampedusa របស់អ៊ីតាលី
06/30/2025 08:06 PM
មេដឹកនាំកូរ៉េខាងជើង ត្រូវបានឃើញគ្របមឈូសដោយទង់ជាតិ នៅក្នុងរូបភាពវីដេអូ
06/30/2025 08:06 PM
មន្ត្រី៖ ជម្លោះជាមួយអ៊ីស្រាអែល ឆក់យកជីវិតមនុស្សយ៉ាងតិច ៩៣៥នាក់ នៅអ៊ីរ៉ង់
06/30/2025 08:06 PM
ភាពតានតឹងរវាងរុស្ស៊ី និងអាស៊ែបៃហ្សង់ កើនឡើង ក្រោយវិមានក្រឹមឡាំង ថ្កោលទោសប្រតិកម្មរបស់ទីក្រុងបាគូ ចំពោះការចាប់ខ្លួន
06/30/2025 08:06 PM
ក្រសួងអភិវឌ្ឍន៍ចាត់ទុកការថែទាំផ្លូវជនបទជាការចាំបាច់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
06/30/2025 07:06 PM
មនុស្សយ៉ាងតិច ១២នាក់ ស្លាប់ ខណៈច្រើននាក់នៅតែជាប់ក្នុងនោះ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅឥណ្ឌា
06/30/2025 07:06 PM