ក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន នាំឱ្យកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន
កម្ពុជា-ម៉ាឡេស៊ី បង្កើនកិច្ចសហប្រតិបត្តិការជំរុញ​បរិយាកាស​ធ្វើធុរកិច្ច​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ជាមួយ​គ្នា
ទូតជប៉ុន អរគុណកម្ពុជា​បានខិតខំ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ចំពោះ​ក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន
កម្ពុជាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

សេដ្ឋកិច្ច និង កសិកម្ម

ពិព័រណ៍កសិកម្មទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកចូលរួមទស្សនា និងស្វែងយល់ផលិតផល​ក្នុងស្រុក

2024/06/03 10:51:52 am        127
រយៈពេល ២ថ្ងៃ នៃ «ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ» ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ​២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បាន​ចូលរួមទស្សនា និងគាំទ្រផលិតផលកសិផលក្នុងស្រុក ព្រមទាំង​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ជា​ការ​បំផុស​គំនិតឱ្យប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីសេដ្ឋកិច្ចជាតិ។ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកស្រី សុខ ឃីម ម្ចាស់សិប្បកម្មកែច្នៃ ហេង ហ៊ត់ ខាង​ផ្នែក​បោះដុំ និងលក់រាយត្រីងៀត ត្រីផាត់ និងប្រហុក បានបង្ហាញអារម្មណ៍សប្បាយរីករាយ និង​មិន​នឹកស្មានទេថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ លោកស្រីបានរៀបរាប់ថា ការ​ចូលរួមតាំងបង្ហាញផលិតផលនេះ មិនមែនជាលើកទី១ទេ ដោយកត់សម្គាល់ឃើញថា កា​រ​ចូលរួ​ម​ពីសាធារណជនមានចំនួនតិច ដោយឡែកសម្ទុះ​នៃការគាំទ្រ​ផលិតផល​ក្នុង​ស្រុក​ក៏​មាន​កម្រិត​ផង​ដែរ​។ ប៉ុន្តែតាមរយៈកម្មវិធីលើកនេះ គឺមានសភាពដាច់គ្នាច្រើនណាស់ បើធៀបនឹង​កម្ម​វិធី​ដទៃ​ផ្សេងទៀត។មិនខុសគ្នានេះ លោក ទូច សុភាព ប្រធានគ្រប់គ្រងសមាជិកភាព នៃសមាគមវារីវប្បករនៅកម្ពុជា បាន​ឲ្យប៊ីធីវី ដឹងដែរថា រយៈពេល២ថ្ងៃ នៃកម្មវិធីពិព័រណ៍នេះ ពិតជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន និងការសួរនាំព័ត៌មាននានាពីសំណាក់អ្នកចូលរួមទស្សនាផងដែរ ដែលធ្វើឲ្យផលិតករ អាជីករ និងកសិករជាដើម មានការសប្បាយរីករាយ និងរំភើបចិត្ត នៅពេល​ដែល​ឃើញ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើនបែបនេះ។ពាក់ព័ន្ធកម្មវិធីខាងលើនេះ អ្នកស្រី ថុន ណាក់ ពលរដ្ឋរស់នៅតំបន់ច្បារអំពៅ និងកញ្ញា រ៉ូហ្សា មក​ពី​តំបន់​ចោមចៅ ដែលបានមកទស្សនាការតាំងពិពណ៌នោះ បានសម្តែងការភ្ញាក់ផ្អើល ដោយ​បាន​ឃើញ​ផលិតផលដែលផលិតក្នុងស្រុកជាច្រើន ដែលភាគច្រើនផលិតពីវត្ថុធាតុដើមកសិកម្ម ដាក់​តាំង​បង្ហាញ​នៅក្នុងពិព័រណ៍នេះ។ ពួកគាត់ បានលើកស្រដៀងគ្នាទៀតថា ចង់ឲ្យមាន​ការរៀបចំ​កម្ម​វិធី​បែបនេះបន្តថែមទៀត ដើម្បីមានឱកាសបានស្វែងយល់ និងចូលរួម​គាំទ្រ​ផលិត​ផល​ជា​របស់​ខ្មែរ ខណៈទាំងគុណភាព និងការវេចខ្ចប់មានភាពល្អប្រសើរជាងមុនច្រើនណាស់។សូមបញ្ជាក់ថា «ពិព័រណ៍កសិកម្ម ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ” ចាប់​ពី​ថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅផ្សារទំនើប ជីបម៉ុង ២៧១ ត្រូវបានរៀបចំ​ឡើង​ក្នុង​គោល​បំណងដើម្បីផ្សារភ្ជាប់ រវាងអ្នកផលិត និងអ្នកមានតម្រូវការ និងលើកទឹក​ចិត្ត​ឱ្យភាគី​ទាំង​ពីរ​សហការគ្នា កសាងទំនុកចិត្ត និងផ្តល់ការគាំទ្រគ្នា ដើម្បីប្រយោជន៍ជារួម៕ អត្ថបទ ឈិត បូរ៉ាវី 

កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់វារីវប្បករ និងអ្នកនេសាទ

2024/05/30 11:20:17 am        65
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៤កន្លងទៅ បានប្រកាសដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF) ដែលនឹងរួមចំណែកជួយដល់វារីវប្បករ និងអ្នកនេសាទ គ្រប់កម្រិត ឱ្យមានលទ្ធភាពកែច្នៃផលិតផលជលផលក្រោយប្រមូលផលប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាពខ្ពស់។ នៅក្នុងអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផលិតផលដែលមានគុណភាពស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សារ ជាពិសេសទីផ្សារក្រៅប្រទេស នឹងផ្ដល់លទ្ធភាពដល់ភាគីពាក់ព័ន្ធពង្រីកផលិតកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដើម្បីសម្រេចនូវគោលដៅ «មានហូប មានប្រើ មានបាន និងមានរហូត»។  នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីនិរន្តរភាពវិស័យជលផល ដែលជាការងារអាទិភាពមួយរបស់ក្រសួង តាមរយៈការគ្រប់គ្រងធនធានជលផលក្នុងធម្មជាតិ និងការពង្រីកវិស័យវារីវប្បកម្ម ហើយឈានទៅចងក្រងជាសហគមន៍ទំនើប។ សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសឱ្យដំណើរការជាផ្លូវការកម្មវធី ISF ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់កត្តិយសអញ្ជើញផ្តល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពនៃផលិតផលជលផលកម្ពុជា(CQS) ដល់សហគ្រាសចំនួន៩ផងដែរ៕

កម្ពុជាកាន់តែអាចនាំផលិតផលចេញទៅលក់លើទីផ្សារអន្តរជាតិ តាមរយៈផ្សារអនឡាញ អាលីបាបា

2024/05/27 01:53:34 pm        164
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុន Alibaba.com" ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាននានាដែលពាក់ព័ន្ធ និងដើម្បីផ្សព្វផ្សាយបន្ថែម​ដល់វិស័យឯកជន ​និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួន និងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផល​ដែល​អតិថិជនកំពុងត្រូវការ។នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍ថា នៅខែកញ្ញាខាងមុខនេះ ក្រសួង នឹងសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការបើកពន្លាជាតិកម្ពុជានៅក្នុងផ្សារពាណិជ្ជកម្មមួយនេះ ​នៅក្នុងព្រឹត្តិការណ៍អមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ព្រមទាំងចូលរួមក្នុងការ​ផ្សព្វផ្សាយ​ផលិតផលកម្ពុជាបន្ថែមទៀត​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗទៀត។ លោកជំទាវ បានបន្តទៀតថា ក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុន​ Alibaba និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការពង្រីកវិសាសភាពចំណេះដឹង ​ចំណេះធ្វើ បទពិសោធន៍ និងពង្រីកបណ្តាញ​អាជីវកម្ម​ក្រៅប្រទេស​ប្រកបដោយភាពជឿជាក់។ ដើម្បីលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់​អនុសាសន៍​មួយចំនួន សំដៅជំរុញការប្រើប្រាស់ថ្នាល Alibaba.com ​មានដូចជា៖ រៀបចំ​គោលការណ៍​ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ​ ដើម្បីវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់, ជំរុញការផ្ស​ព្វផ្សាយ​ឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជន​យើងដែលមានផលិតផលសក្តានុពល ​អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និង​អាចនាំ​ចេញបានតាមរយៈយន្តការនេះ , បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជា​ការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនកំពុងត្រូវការ , បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល​ និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និង​ជួយ​សម្របសម្រួលបន្ថែម​ដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ​ និងស្នើ ក្រសួង-ស្ថាប័ន និងវិស័យឯកជន​ក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសឯកបុគ្គល ពេញហឬទ័យ ប៉ែន យល់ឃើញថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលមកកាន់វិស័យឯកជន ក្នុងការពង្រីកទីផ្សារជាបន្តបន្ទាប់នេះ ពិតជាមានសារៈសំខាន់និងល្អណាស់ ព្រោះអាចបង្កើនការលក់ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិកើនឡើងថែមទៀត ជាពិសេសការជំរុញម៉ាករបស់ផលិតផលខ្មែរឲ្យកាន់តែមានប្រជាប្រយិភាព។សូមបញ្ជាក់ថា នៅខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្នុងបេសកកម្មរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​នៅប្រទេសចិន ដើម្បីចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅ​រដ្ឋធានីប៉េកាំង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើ​អនុស្សារណៈនៃការយោគយល់ ​ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនអនឡាញខ្នាតយក្សមួយគឺ អាលីបាបា ​ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ខណៈបច្ចុប្បន្ន ​អាលីបាបា មានអតិថិជនសរុបចំនួនប្រមាណ ​១ពាន់លាននាក់ នៅទូទាំងសាកលលោក៕

ការវិនិយោគរយៈពេលវែងលើផ្សារមូលបតក្នុងបរិបទបច្ចុប្បន្ន នឹងទទួលបានផលចំណេញច្រើន

2024/05/09 03:34:48 pm        95
ភ្នំពេញ ៖ អគ្គនាយកផ្សារមូលបតកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិន ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន មានតម្លៃភាគហ៊ុនភាគច្រើននៅធូរថ្លៃ ដែលនឹងធ្វើឱ្យវិនិយោគិនអាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើន។​ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបតកម្ពុជា នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក ” នៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៤ នេះថា បានលើក ឡើងពីសក្តានុពលនៃវិស័យអប់រំ ដែលនឹងក្លាយជាវិស័យរីកចម្រើន និងមានតម្រូវការខ្លាំង ស្របតាមសេដ្ឋកិច្ច និងកំណើនប្រជាជន។ បញ្ហានេះ ឯកឧត្តមអំពាវនាវ ឱ្យមានការចូលរួមពីសាធារណជនក្នុងការវិនិយោគមូលបត្រ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍទីផ្សារ ក៍ដូច ជាគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ជាពិសេសវិស័យឯកជន ដែលនឹងអាចបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋ។ឯកឧត្ដមប្រតិភូ ក៏បានលើកចិត្តឱ្យវិនិយោគិនក្នុងផ្សារមូលបត ងាកមកវិនិយោគរយៈពេលវែង ក្នុងបរិបទនៃស្ថានភាពទីផ្សារ បច្ចុប្បន្ន ព្រោះតម្លៃភាគហ៊ុននាពេលបច្ចុប្បន្ន នៅផ្សារមូលបតកម្ពុជាភាគច្រើននៅធូរថ្លៃ ដែលនឹងធ្វើឱ្យវិនិយោគិន អាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើន, ជាក់ស្តែងថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន នៅមានសភាពធូរថ្លៃ បើធៀប ទៅនឹងសក្តានុពលរីកចម្រើនរបស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ជុំវិញបញ្ហានេះ, អ្នកឧកញ៉ាវេជួបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុម ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក លើកឡើងឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានបង្កើតសាខាថ្មីចំនួន ៥ និងគ្រោងពង្រីក សាខាចំនួន៤ទៀត ក្នុងឆ្នាំ២០២៤ នេះ, ជាក់ស្តែងក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនទទួលបានកំណើនអាជីវកម្មខ្លាំង តាមរយៈកំណើន សិស្សានុសិស្សចុះឈ្មោះចូលរៀន និងប្រាក់ចំណេញសុទ្ធកើនឡើងជាង ១០០ ភាគរយ ធៀបនឹងឆ្នាំ២០២២។ សូមបញ្ជាក់ថា វេទិកាក្រុមហ៊ុនចុះបញ្ជី ត្រូវបានរៀបចំឡើង ដើម្បីបើកឱកាសឱ្យវិនិយោគិនបានជួបថ្នាក់ដឹកនាំក្រុមហ៊ុនដោយផ្ទាល់ ក៏ដូចជាការដើម្បីបន្ថែមចំណេះដឹង និងព័ត៌មានល្អៗ ជូនវិនិយោគិន ដើម្បីឱ្យពួកគាត់កាន់តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្ត វិនិយោគបាន ដោយឆ្លាតវៃ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ២៤ឆ្នាំ

2024/05/03 02:21:38 pm        97
ក្រុមហ៊ុនផលិតថាមពលរុស្ស៊ី Gazprom Group បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ២៤ឆ្នាំ ដោយលំហូរថាមពលមានកម្រិតទៅកាន់អឺរ៉ុបដែលជាកត្តាឈានមុខគេ ក្នុងការទាញប្រាក់ចំណូល ឲ្យធ្លាក់ចុះ។ក្រុមហ៊ុន Gazprom ដែលហ៊ុនភាគច្រើនរបស់រដ្ឋាភិបាលរុស្ស៊ី បានឃើញការខាតបង់សុទ្ធចំនួន ៦២៩ ពាន់លានរូប្លិ៍ ស្មើនឹងប្រហែល ៦,៨៤ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១,២៣ពាន់ពាន់លានរូប្លិ៍ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមរបាយការណ៍ប្រាក់ចំណូលដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ និងបានរាយការណ៍ជាលើកដំបូងសារដោយសារព័ត៌មាន Bloomberg។នេះ គឺជាការខាតបង់សុទ្ធប្រចាំឆ្នាំលើកដំបូងសម្រាប់ក្រុមហ៊ុនថាមពលយក្សនេះ ចាប់តាំងពីឆ្នាំ ១៩៩៩ ភាគច្រើនដោយសារតែការរឹតបន្តឹងលំហូរទៅកាន់អឺរ៉ុប និងតម្លៃប្រេងឥន្ធនៈ ធ្លាក់ចុះ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើសង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។ទីផ្សារបានរងការប៉ះពាល់ដោយការជំរុញឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ ៤,៤ភាគរយ ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ។របាយការណ៍របស់ក្រុមហ៊ុន Gazprom ក៏បានបង្ហាញពីការធ្លាក់ចុះ ៤០ភាគរយនៃប្រាក់ចំណូលឧស្ម័នមកត្រឹម ៤,៨៨ពាន់ពាន់លានរូប្លិ៍ (៥២,៦ ពាន់លានដុល្លារ)។ ទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិបង្ហាញថា លំហូរឧស្ម័នទៅកាន់អឺរ៉ុបឈានដល់កម្រិតទាបបំផុត ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០។

ការសង់ស្ពានបាល់ទីម័រ របស់អាមេរិក ដែលបាក់រលំឡើងវិញ អាចចំណាយជិត ២ពាន់លានដុល្លារ

2024/05/03 09:12:28 am        80
រដ្ឋ ម៉ារីលែន (Maryland) របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាគេនឹងត្រូវការចំណាយប្រាក់ពី ១,៧ ពាន់លានដុល្លារ ទៅ ១,៩ ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពាន បាល់ទីម័រ (Baltimore) ដែលបានបាក់រលំ ហើយរំពឹងថាការសាងសង់នឹងបញ្ចប់នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៨។នាយកដ្ឋានដឹកជញ្ជូនរដ្ឋ ម៉ារីលែន បាននិយាយថា «ការប៉ាន់ប្រមាណតម្លៃនៃកម្រិតផែនការរបស់រដ្ឋគឺចន្លោះពី ១,៧ ពាន់លានដុល្លារទៅ ១,៩ ពាន់លានដុល្លារ» ដែល «ស្របតាមគម្រោងស្រដៀងគ្នានៃទំហំ និងរចនាសម្ព័ននៃស្ពាន»។កប៉ាល់ដឹកទំនិញឈ្មោះ ដាលី (Dali) បានបុកស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី (Francis Scott Key) នេះកាលពីថ្ងៃទី២៦ ខែមីនា ដោយបានសម្លាប់មនុស្ស ៦ នាក់ ។ សមាជិកសភានៅក្នុងសភាអាមេរិក កំពុងធ្វើការលើច្បាប់ដែលនឹងលើកលែងតម្រូវការបច្ចុប្បន្ន ដែលរដ្ឋត្រូវបង់ ១០ ភាគរយនៃការចំណាយសរុបលើការកសាងឡើងវិញ និងធានាថាមានប្រាក់គ្រប់គ្រាន់នៅក្នុងមូលនិធិសហព័ន្ធសម្រាប់ការសាងសង់ឡើងវិញ។រដ្ឋ ម៉ារីលែន បាននិយាយថា ខ្លួននឹងស្នើសុំសំណើសាងសង់ស្ពានឡើងវិញនៅចុងខែឧសភា ហើយគ្រោងរៀបចំវេទិកាឧស្សាហកម្មនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានផ្តល់មូលនិធិសង្គ្រោះបន្ទាន់ចំនួន ៦០ លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្អាតកម្ទេចកម្ទី និងចាប់ផ្តើមដំណើរការសាងសង់ស្ពានឡើងវិញ៕

ប្រឡាយមេជ័យត្បូងប្រមាណ ៦០គីឡូម៉ែត្រ នឹងជួយបង្កើន​លទ្ធភាពការងារស្រោចស្រពបន្ថែម​លើផ្ទៃដីបង្កបង្កើនផល​ស្រូវប្រមាណ ៤៨០ហិកតា

2024/05/02 02:31:50 pm        569
កណ្ដាល៖ កសាងឡើងតាំងពីសម័យប៉ុលពត ប្រឡាយមេជ័យត្បូងបានជួបនូវស្ថានភាពគោករាក់ កក​កំណកល្បាប់ស្ទើរតែទាំងស្រុង មិនអាចដំណើរការស្រោចស្រព​បាន​តាម​តម្រូវ​ការ​នៅ​លើ​ផ្ទៃ​ដី​បង្ក​បង្កើន​ផលកសិកម្មដែលមានស្រាប់ បណ្តាលឱ្យប្រជាពលរដ្ឋ​ក្នុងឃុំជ័យធំ​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ស​ម្រាប់វិស័យកសិកម្មក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ផ្អែកតាម​ស្ថានភាពជាក់ស្តែង និងតាមការស្នើសុំរបស់អាជ្ញាធរដែនដីនៅក្នុងតំបន់ និងមន្ទីរ​ធនធាន​ទឹក និងឧតុនិយមខេត្តកណ្តាល ដើម្បីជួយ​រក​ដំណោះ​ស្រាយ​បញ្ហា​ទឹកជូ​នប្រ​ជាពលរដ្ឋ​នៅ​ក្នុង​ឃុំជ័យធំ ក្រសួងធនធានទឹក និងឧតុនិយម ដែលមាននាយកដ្ឋាន​វិស្វកម្ម​ជា​សេនាធិការ​បាន​ចាត់​ក្រុមកា​រងារបច្ចេកទេស ចុះពិនិត្យទីតាំង ស្ថានភាពប្រឡាយមេ និងធ្វើការសិក្សា​វាស់ស្ទង់​ប្រមូល​ទិន្នន័យ ចងក្រងឯកសារតាមលក្ខណៈបច្ចេកទេស ដើម្បីលើក​គម្រោង​ស្តារ​ប្រឡាយ​មេជ័យ​ត្បូង។ក្នុងឆ្នាំ២០២៤ នេះដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹកនាំ​​ប្រកប​ដោយ​ភាពឈ្លាស​វៃ​របស់​សម្តេចធិប​តីនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្រសួង​ធនធានទឹក និងឧតុនិយមបានអនុវត្តគម្រោងស្តារប្រឡាយមេជ័យត្បូង និង​សាង​សង់​សំណង់​សិល្បការ្យមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាទឹកដល់ប្រជាពលរដ្ឋក្នុងឃុំជ័យធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។បើតាមលោក លាង ហួរ ប្រធានការដ្ឋានស្តារប្រឡាយមេជ័យត្បូងបានឱ្យដឹងថា ការងារសំខាន់ៗ ដែល​ត្រូវអនុវត្តរួមមាន៖ ទី១)ស្តារប្រឡាយមេជ័យត្បូង ប្រវែង ៥០០០ម៉ែត្រ ទី២)សាង​សង់​សំណង់​ទ្វារ​ទឹកលើប្រឡាយមេ(ទ្វារ២) ចំនួន ១កន្លែង ទី៣)សាងសង់​សំណង់​លូដោះ​ទឹក​លើ​ភ្លឺ​ប្រឡាយ​មេ​ចំនួន ៩កន្លែង ទី៤) សាងសង់សំណង់លូចម្លងលើប្រឡាយមេចំនួន ៤កន្លែង ទី៥)​សាង​សង់​សំណង់លូយកទឹកលើភ្លឺប្រឡាយមេចំនួន ២កន្លែង និងទី៦)សាង​សង់​សំណង់​ស្ទាក់​ទឹក​លើ​ប្រឡាយមេ(ទ្វារ២)ចំនួន ១កន្លែង។លោក លាង ហួរ បានបន្តឱ្យដឹងថា ការងារស្តារប្រឡាយមេជ័យត្បូងបានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ​២០២៤ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេជ័យត្បូង និង​ការ​សាង​សង់​សំណង់សិល្បការ្យ សម្រេចបានប្រមាណ ៦៨% ហើយការងា​រ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ជាការរំពឹងទុក ក្រោយពីស្តារប្រឡាយមេជ័យត្បូង និងសាងសង់សំណង់សិល្បការ្យ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ័យធំ ស្រុកខ្សាច់កណ្តាល ប្រមាណ ១៩៥០​គ្រួសារ​នឹង​ទទួល​បាន​ប្រឡាយ​មេ​នាំ​ទឹក​មក​ស្រោច​ស្រព​បន្ថែមនៅដើមរដូវ ចុងរដូវវស្សា និងរដូវប្រាំងលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ក្នុង​នោះ​មាន​ស្រូវវស្សាប្រមាណ ៤៨០ហិកតា ស្រូវប្រាំងប្រមាណ ៣០០​ហិកតា​(នៅ​លើ​ផ្ទៃ​ដី​ដដែល​) និងដំណាំរួមផ្សំប្រមាណ ១០ហិតា។ ជាមួយគ្នានេះដែរ ភ្លឺប្រឡាយ​មេ​នឹង​ក្លាយ​ជា​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់សម្រាប់ធ្វើដំណើរនិងដឹកកសិផលក្នុងមូលដ្ឋានទៅទីប្រជុំជន ទីរួមខេត្ត-ក្រុង​។ គម្រោង​នេះ​ក៏នឹងចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហាប្រែប្រួល​អាកាសធាតុ​ដូចជា​គ្រោះ​រាំងស្ងួត និងទឹកជំនន់ និងចូលរួម​ទប់ស្កាត់​បាន​ការ​ទន្ទ្រាន​រំលោភ​យក​ដី​ប្រឡាយ​មេធ្វើជា​កម្មសិទ្ធិពីសំណាក់ជនខិលខូចផងដែរ។សូមជម្រាបថា ប្រឡាយមេជ័យត្បូង ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ប៉ែកខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ ប្រឡាយ​មេ​នេះ បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេតូច ដែលមានសារ​សំខា​ន់​សម្រាប់​ប​ម្រើ​ឱ្យ​ប្រជាជនក្នុងភូមិចំនួន៦ នៃឃុំជ័យធំ ក្នុងការងារស្រោចស្រព​បន្ថែម​លើ​ផ្ទៃ​ដីបង្ក​បង្កើន​ផល​កសិកម្ម​ស្រូវវស្សាប្រមាណ ៤៨០ហិកតា៕

ម៉ាឡេស៊ី គ្រោងដំឡើងប្រាក់ខែ ១៣% សម្រាប់មន្ត្រីរាជការ ខណៈតម្លៃទំនិញឡើងខ្ពស់

2024/05/01 02:29:03 pm        126
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃពុធ (០១ ឧសភា) នេះថា ប្រទេសម៉ាឡេស៊ី នឹងបង្កើនប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការច្រើនជាង ១៣ ភាគរយចាប់ពីខែធ្នូ ខាងមុខនេះតទៅ ស្របពេលដែលតម្លៃទំនិញកើនឡើងខ្ពស់ខ្លាំង រូបិយប័ណ្ណម៉ាឡេស៊ី (រីងហ្គីត) ធ្លាក់ចុះ និងផែនការធ្វើកំណែទម្រង់ប្រាក់ឧបត្ថម្ភ។លោក អាន់វ៉ា កាលពីដើមបានប្តេជ្ញាកាត់បន្ថយការឧបត្ថម្ភធន និងពន្ធខ្ពស់នៅឆ្នាំនេះ ខណៈពេលដែលកំពុងដឹកនាំជំនួយហិរញ្ញវត្ថុឡើងវិញដល់អ្នកខ្វះខាត។ ក្រុមអ្នកវិភាគបានបង្ហាញពីហានិភ័យនៃអតិផរណា និងតម្លៃខ្ពស់នៃប្រេងឥន្ធនៈកាន់តែច្រើន ពីគម្រោងកាត់បន្ថយប្រេងដែលបានគ្រោងទុក ស្របពេលដែលការនាំចេញធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចមធ្យម។លោក អាន់វ៉ា បាននិយាយក្នុងព្រឹត្តិការណ៍ប្រារព្ធទិវាពលកម្មថា ការដំឡើងប្រាក់ខែនេះ នឹងពាក់ព័ន្ធជាមួយនឹងការចាត់ចែងថវិកាចំនួន ១០ ពាន់លានរីងហ្គីត (២,១០ ពាន់លានដុល្លារ)។ លោកបន្ថែមថា រដ្ឋាភិបាលកំពុងបញ្ចប់ផែនការដើម្បីធានាឱ្យមន្ត្រីរាជការទទួលបានប្រាក់ចំណូលប្រចាំខែអប្បបរមាជាង ២០០០ រីងហ្គីត ពោលគឺប្រហែលជាង ៤០០ ដុល្លារ។រដ្ឋាភិបាល និងធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ី រំពឹងថាកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំកើនឡើងពី ៤ ទៅ ៥ ភាគរយនៅឆ្នាំនេះ កើនឡើងលើសពីតួលេខ ៣,៧ ភាគរយក្នុងឆ្នាំ២០២៣ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់រយៈពេល ២២ ឆ្នាំចំនួន ៨,៧ ភាគរយនៅឆ្នាំ២០២២៕

រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន

2024/04/26 02:07:31 pm        108
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ស៊ុនអ៊ីឈិ ស៊ូហ៊្សូគិ (Shunichi Suzuki) បាននិយាយនៅថ្ងៃសុក្រ (២៦ មេសា) នេះថា ប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ថ្លៃខ្លាំងរបស់ប្រាក់យ៉េន ក្នុងការព្រមានថ្មីប្រឆាំងនឹងតម្លៃរូបិយបណ្ណជាតិ ខណៈប្រាក់យ៉េនបានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុត ដែលបានឃើញកាលពីជាងបីទសវត្សរ៍មុន។លោក ស៊ូហ៊្សូគិ បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន មានទាំងផលវិជ្ជមាន និងអវិជ្ជមានលើសេដ្ឋកិច្ច ប៉ុន្តែមានការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់អវិជ្ជមាននាពេលនេះ ខណៈវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងថ្លៃទំនិញ និងតម្លៃចំណាយប្រចាំថ្ងៃ គឺជាអាទិភាពគោលនយោបាយសំខាន់ៗសម្រាប់រដ្ឋាភិបាល»។រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបន្ថែមថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយលើវិធានការគោលនយោបាយជាក់លាក់ស្តីពីការប្តូរប្រាក់បរទេសបានទេ ប៉ុន្តែអាជ្ញាធរកំពុងឃ្លាំមើលយ៉ាងដិតដល់នូវការផ្លាស់ប្តូររូបិយប័ណ្ណ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ។ខណៈពេលដែលប្រាក់យ៉េន ទន់ខ្សោយបានជំរុញការនាំចេញ បញ្ហានេះក៏បានក្លាយទៅជារឿងឈឺក្បាលសម្រាប់អ្នកបង្កើតគោលនយោបាយរបស់ជប៉ុន ដោយសារវាធ្វើឱ្យតម្លៃចំណាយក្នុងការរស់នៅសម្រាប់ប្រជាជនកើនឡើង ដោយការជំរុញតម្លៃនាំចូលកាន់តែខ្ពស់។ ប្រាក់យ៉េន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣៤ ឆ្នាំធៀបនឹងប្រាក់ដុល្លារ ដែលជំរុញដោយភាពខុសគ្នានៃអត្រាការប្រាក់ដ៏ធំទូលាយរវាងសហរដ្ឋអាមេរិក និងជប៉ុន៕

ផ្សារមូលបត្រកម្ពុជា ផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ដើម្បីចាប់យកឱកាសពីទីផ្សារ​មួយនេះ

2024/04/25 03:23:14 pm        196
ផ្សារមូលបត្រកម្ពុជា រៀបចំការផ្សព្វផ្សាយព័ត៌មានបន្ថែម ដល់ក្រុមហ៊ុនចុះបញ្ជី ឬក្រុមហ៊ុន​ដែល​មិន​ទាន់​ចុះបញ្ជី និងសាធារណជន ទូទៅ ដើម្បីធ្វើការស្វែងយល់ និងការ​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ ក្នុងគោលដៅចាប់យកឱកាសពីទីផ្សារមូលបត្រកម្ពុជានេះ។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើក​ឡើង​ក្នុងវេទិកាប្រាក់ ចំណេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះថា ជុំវិញ​ស្ថាន​ភាព​ មិន​ទាន់មានភាពប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ភាព តាន​តឹង​ភូមិ​សាស្រ្ត​នយោបាយ, ការ​រឹង​បណ្តឹង​នយោបាយរូបិយវត្ថុ, ការឆ្លើយតបនិងសម្ពោធអតិផរណា, ការអូសបន្លាយសង្រ្គាមរុស្សី-អ៊ុយក្រែន និងការប្រឈមបញ្ហាផ្សេងៗទៀត រួមជាមួយការប៉ះពាល់ស្ថានភាពក្នុងស្រុកមួយចំនួន បានធ្វើឲ្យទំហំនៃការជួញដូរក្នុងផ្សារ មូលបត្រ ដោយនៅក្នុង ៣ខែដំបូង ដើមឆ្នាំនេះ ការ​ជួញ​ដូរ​មាន​ក្នុងរង្វង់ ១០ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ឯកឧត្តម បន្តថា បច្ចុប្បន្នដោយស្ថានភាពមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗ ការផ្សព្វផ្សាយ​ព័ត៌មាន​បន្ថែម​ដល់ក្រុម ហ៊ុនចុះបញ្ជី ឬក្រុមហ៊ុនដែលមិនទាន់ចុះបញ្ជី ពិតជាមានសារៈ​សំខាន់​ណាស់ ​ដើម្បីផ្សព្វផ្សាយដល់សាធារណជនទូទៅ ធ្វើការស្វែង យល់ និងការទទួល​បាន​ព័ត៌មាន​ផ្សេង​ៗ ​ក្នុងការចាប់យកឱកាសពីទីផ្សារមួយនេះ។ឯកឧត្តម ហុង សុហួរ លើកឡើងបន្ថែមថា ជុំវិញការជួញដូរក្នុងរង្វង់ ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃនេះ បើ​ធៀ​បទៅនិងឆ្នាំមុន ការ ជួញដូរមានក្នុងរង្វង់ ២០ ម៉ឺនដុល្លារ។ តែទោះបីយ៉ាងណា ការ​សម្រេច​បាន​លទ្ធផល​ក្នុងរង្វង់ខាងលើនេះ គឺជាទីផ្សារមួយនៅល្អប្រសើរ នៅឡើយ ហើយការងារនេះ​គណៈ​គ្រប់​គ្រងផ្សារមូលបត្រកម្ពុជា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យ​វិនិយោគិន​មើល​ឃើញ ​ឱកាសឡើងវិញ ព្រោះទីផ្សាយមួយនេះ គឺមានការគ្រប់គ្រងត្រឹមត្រូវ និង​ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់ ខណៈក្រុមហ៊ុនមួយចំនួននៅកំពុង ទទួលបានលទ្ធផលអាជីវកម្មល្អប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM