រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានប្រមាណ ១៧ពាន់លានដុល្លារក្នុងត្រីមាសទី១
ADBព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,៥% ក្នុងឆ្នាំ២០២៦ នាំមុខដោយវិស័យ​កម្មន្តសាល
រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញឱ្យសហគ្រាសបង្កើនធាតុចូលក្នុងស្រុក ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាលដោះស្រាយកង្វល់វិស័យឯកជនសំដៅលើកកម្ពស់ការធ្វើធុរកិច្ច និងប្រកួតប្រជែងស្មើភាពគ្នា

2023/09/19 03:39:29 pm        168
ភ្នំពេញ៖ កិច្ចប្រជុំការងារក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ​បានដោះស្រាយ​សំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យ​ឯកជនជួបប្រទះ និងការស្វែងរកដំណោះស្រាយ​សមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែង​ស្មើភាពគ្នា ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ​ពន្ធដារ ​និងអភិបាលកិច្ច “ក្រុម ឃ” (តំណាងរាជរដ្ឋាភិបាល) ​និងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅថ្ងៃទី ១៨ ខែកញ្ញា នេះបានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ​និងស្តាប់សំណូមពរ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយឱ្យ​បាន​សមស្របជូនវិស័យឯកជន ​វិនិយោគិន ​និងធុរជននៅក្នុងប្រទេសកម្ពុជា ។ ជុំវិញកិច្ចប្រជុំនេះដែរ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាត​ឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន ​និងរាជរដ្ឋាភិបាល លើបញ្ហាប្រឈម កង្វល់ ​និងសំណូមពររបស់វិស័យឯកជន, ​ហើយកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាលើ​របៀបវារៈមួយ​ចំនួនរួមមាន៖ ការអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើផលិតផលបារីនាំចូល, ​ពាណិជ្ជកម្មខុសច្បាប់, សិទ្ធិផ្តាច់មុខ ​និងការនាំចូលរថយន្តម៉ូដែលចុងក្រោយស្ថិតក្រោមសិទ្ធិផ្តាច់មុខ, ការធ្វើបច្ចុប្បន្នភាព​ព័ត៌មានរបស់អ្នកជាប់ពន្ធតូច ​ឬសហគ្រាស​ដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ, និងការបញ្ចូល​ភាគហ៊ុននិកបន្ថែមរបស់​អ្នកជាប់ពន្ធតូច ឬសហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ និង​សហគ្រាសឯកបុគ្គល ។ កិច្ចប្រជុំក៏បានពិភាក្សាលើការស្នើសុំរៀបចំ “សៀវភៅ ស” ដែលជាការ​ចងក្រងនូវកំណត់ហេតុបូកសរុប និងការសម្រេចរបស់អង្គប្រជុំមុនៗផងដែរ ។ជាលទ្ធផល, អង្គប្រជុំបានដោះស្រាយសំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យឯកជន​បានលើកឡើង ​និងបានស្នើឲ្យក្រ សួង-ស្ថាប័នពាក់ព័ន្ធ រៀបចំដាក់ចេញនូវវិធានការ​យន្តការ​សមស្រប សម្រាប់ដោះស្រាយតាមសមត្ថកិច្ច ​និងភារកិច្ចរៀងខ្លួនៗ ដើម្បីស្វែងរកដំណោះស្រាយ​សមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែង​ស្មើភាពគ្នា​ តម្លាភាព ​ព្រមទាំងរក្សាបាននូវការអនុវត្តច្បាប់ ​និងបទប្បញ្ញាត្តិ ដែលមានជាធរមាន​៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងពាក់ព័ន្ធគិតគូរលើការនាំចេញផលិតផលកសិកម្ម

2023/09/19 01:39:43 pm        147
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនឹងភាគីពាក់ព័ន្ធត្រូវគិតគូរអំពីក្របខណ្ឌ ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ខណៈបច្ចុប្បន្ន​កម្ពុជា​កំពុងមានទីផ្សារនាំចេញច្រើន​ទៅកាន់ប្រទេសនានា ប៉ុន្ដែអ្វីដែលត្រូវពង្រឹង​បន្ថែមគឺផលិផលសម្រាប់នាំចេញ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស​អញ្ជើញ​ចុះជួបសំណេះសំណាលជាមួយកម្មករ ​និយោជិត តាមរោងចក្រ ​សហគ្រាសជិត ២ ម៉ឺននាក់ មកពីរោងចក្រ​ សហគ្រាសចំនួន ១៨ ​ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី​ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ។សម្ដេចធិបតី បានផ្ដល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុរួចហើយ ក្នុងការ​គិតគូរ​អំពីក្របខណ្ឌការជំរុញការនាំចេញ​ផលិតផលកសិកម្មរបស់កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ​នានានេះ។ ក្នុងនោះ សម្ដេចនាយករដ្ឋមន្រ្ដីបានដាក់ទិសដៅឱ្យធ្វើការសាកល្បងដំបូង​លើ​ផលលិផល​ស្រូវអង្កររបស់កម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវគោលការណ៍ឱ្យមានការប្រជុំជាបន្ទាន់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយនឹងវិស័យឯកជនត្រូវសហការគ្នារកវិធី​សាស្រ្ដឱ្យមានប្រសិទ្ធភាព ជា​សំឡេងមួយ ជាយុទ្ធសាស្រ្ដមួយ​ជាផែនការ​សកម្មភាពមួយលើការនាំចេញផលិតផល​កសិកម្មរបស់​កម្ពុជានេះ៕អត្ថបទ៖ វ៉ន ដារ៉ា

ទីផ្សារនាំចេញផ្លែមៀនកម្ពុជាមានស្ថិរភាពល្អទាំងតម្លៃ និងកំណើននៃការនាំចេញ

2023/09/18 04:09:29 pm        91
ភ្នំពេញ៖ អ្នកនាំចេញផ្លែមៀនស្រស់ រំពឹងថា ការនាំចេញផ្លែមៀនរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងអាចជួយដល់ស្ថិរភាពតម្លៃ, ការរក្សាកំណើននៃការ​នាំចេញ,ការលើកទឹកចិត្ត​ដល់​កសិករអ្នកដាំដុះ ​និងការលើកកម្ពស់ផលិតភាព​ភាព​នៃការនាំចេញ​កសិផល​របស់កម្ពុជាផងដែរ។លោកស្រី ច្រាន់ ប៉ុន្នី ​អគ្គនាយិការក្រុមហ៊ុន Season Fresh ​ដែលនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅ​កាន់ទីផ្សារចិន លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយសារព័ត៌មានស្តីពីការដាំដុះ និងការនាំចេញ​ផ្លែមៀន​ស្រស់របស់កម្ពុជាថា ​ទីផ្សាររបស់កម្ពុជាពីមុន ​ភាគច្រើននាំចេញទៅកាន់ទីផ្សារប្រទេសថៃ ហើយក្នុងនោះថៃ និងធ្វើការនាំចេញទៅកាន់ប្រទេសទី៣ជាបន្តទៀត ​ដែលការនំាចេញរបៀបនេះ ធ្វើឲ្យកសិករច្រើនជួបបញ្ហាទីផ្សារ ​លើការលក់កសិផលរបស់ពួកគាត់។លោកស្រី បន្តថា ​បន្ទាប់ពីកម្ពុជាបានសិទ្ធនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ តាមរយៈនៃកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​ឃើញថា កំណើននៃការនាំចេញផ្លែមៀន​របស់​កម្ពុជាបានហក់ឡើងគួឲ្យកត់សម្គាល់ ​ដោយតាមរយៈនៃទីផ្សារនាំចេញនេះ និងអាចជួយ​ដល់ស្ថិរភាពតម្លៃ, លើកទឹកចិត្តដល់កសិករដាំដុះ និងការលើកកម្ពស់ផលិតភាពភាព​នៃការនាំចេញកសិផលរបស់កម្ពុជា ខណៈដែលប្រជាជនចិនៅភាគច្រើននិយម​ទទួលទានផ្លែមៀន។ពាក់ព័ន្ធការនាំចេញផ្លៃមៀននេះដែរ, ឧកញ៉ាបណ្ឌិត ឈិន កេន ​អ្នកសម្របសម្រួលទីផ្សារនាំចេញ និងជាតំណាង Alibaba នៅកម្ពុជា លើកឡើងថា ​តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន បានធ្វើឲ្យទំនិញរបស់កម្ពុជា ​ជាពិសេស​ការ​នាំចេញ​កសិផល​របស់កម្ពុជា​ បានហូរចូល​ទៅ​កាន់ទីផ្សារចិនជាបន្តបន្ទាប់ ​ជាក់ស្តែងការនាំចេញផ្លែមៀន​ស្រស់នេះជាដើម ខណៈបច្ចុប្បន្ន​កសិផលទាំងនេះ ​ត្រូវបាន​ឈ្មួញ​កណ្តាល​ និងប្រជាជនចិនគាំទ្រយ៉ាងខ្លាំង។របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានបង្ហាញ​ឲ្យដឹងថា​ នៅក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៣ នេះ ​កម្ពុជាបាននាំចេញកសិផលមាន​បរិមាណ​សរុបជាង ៥ លានតោន មានទំហំទឹកប្រាក់ប្រមាណជិត ៣​ ពាន់លានដុល្លារអាមេរិក ក្នុងនោះ​សម្រាប់ការនាំចេញផ្លែមៀន​ស្រស់របស់កម្ពុជា​ទៅកាន់ទីផ្សារចិន ​មានចំនួនជាង ​៨ ពាន់តោន កើនឡើង​ប្រមាណ​ជិត ៤ ពាន់ភាគរយ នេះជាកំណើនមួយមិនធ្លាប់មានពីមុនមក៕អត្ថបទ៖ សុន រ៉ាឌី

តម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់ ផ្តល់ក្តីសង្ឃឹមដល់កសិករថៃ ដែលជាប់បំណុល និងជួបគ្រោះរាំងស្ងួត

2023/09/18 01:38:38 pm        162
ស្របពេលដែលការផ្គត់ផ្គង់ស្រូវ-អង្ករ កាន់តែលំបាកខ្លាំង បន្ទាប់ពីបំរាមនាំចេញស្រូវ-អង្កររបស់ប្រទេសឥណ្ឌា ក្រុមកសិករនៅក្នុងប្រទេសថៃ នាំគ្នាប្រញាប់ប្រញាល់បង្កើនការផលិតស្រូវរបស់ខ្លួន ដើម្បីយកគុណសម្បត្តិពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់នៅលើទីផ្សារសកលោក ។ ធ្វើការយ៉ាងប្រញាប់ប្រញាល់ទាំងថ្ងៃក្តៅអំឡុងខែសីហា ក្រុមប្រជាកសិករនៅខេត្តឆៃណាត ដែលមានចម្ងាយប្រហែល ២០០គ.មភាគខាងជើងទីក្រុងបាងកក បានភ្ជួររាស់ដីស្រែដែលប្រមូលផលរួចកាលពីឆ្នាំមុន ដើម្បីរៀបចំធ្វើស្រែថ្មី ។ តាមធម្មតា មានការធ្វើស្រែ ២រដូវក្នុង១ឆ្នាំ ហើយនៅពាក់កណ្តាលឆ្នាំ ប្រជាកសិករពុំបានស្ទូងស្រូវនោះទេ ដើម្បីរក្សាទឹក ។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ អ្នកស្រី Sripai Kaeo-eam អាចធ្វើស្រែលើកទី ៣បាន ដើម្បីបង្កើនផលិតផលផ្លូវ ។ អ្នកស្រី Sripai ដែលជាកសិកររស់នៅខេត្តភាគកណ្តាលឆៃណាត និយាយថា បច្ចុប្បន្នខ្ញុំសង្ឃឹមថានឹងលក់ស្រូវបានតម្លៃពី ១ម៉ឺនបាតទៅ ២ម៉ឺនបាតក្នុង១តោន ។ អ្នកស្រីបន្តថា នោះហើយគឺជាហេតុផលដែលពួកយើងប្រញាប់ប្រញាល់ស្ទូងស្រូវបែបនេះ ។ ពួកយើងជាកសិករ ចេះជួយគ្នាទៅវិញទៅមក ពេលដែលពួកយើងមមាញឹកខ្លាំង ។ សន្ទស្សន៍តម្លៃស្រូវ-អង្ករអង្គការកសិកម្ម និងស្បៀងអាហារ ឃើញកើនឡើង ៩,៨ភាគរយក្នុងខែសីហា ឆ្នាំ ២០២៣ ធ្វើឲ្យប្រជាកសិករប្រញាប់ប្រញាល់ធ្វើស្រែនៅក្នុងប្រទេសថៃ ដែលជាប្រទេសនាំចេញស្រូវ-អង្ករធំជាងគេបំផុតលំដាប់ទី ២របស់ពិភពលោក ៕

សហភាពអឺរ៉ុប អាចនឹងត្រូវការធុងអាគុយរបស់ចិន ខណៈដែលខ្លួនពឹងលើថាមពលរបស់រុស្ស៊ី

2023/09/18 01:22:34 pm        142
ឯកសារមួយដែលរៀបចំសម្រាប់មេដឹកនាំសហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុប អាចពឹងផ្អែកលើប្រទេសចិនសម្រាប់ ធុងអាគុយលីចូម-អ៊ីយ៉ុង និងប្រអប់ផ្ទុកថាមពលនៅឆ្នាំ២០៣០ ដូចដែលខ្លួនធ្លាប់ពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ថាមពល មុនពេលសង្រ្គាមនៅអ៊ុយក្រែន ប្រសិនខ្លួនមិនចាត់វិធានការឲ្យបានខ្លាំងក្លាទេនោះ។ឯកសារនេះទទួលបានដោយសារព័ត៌មានរ៉យទ័រ នឹងក្លាយជាមូលដ្ឋាននៃការពិភាក្សាអំពីសន្តិសុខសេដ្ឋកិច្ចរបស់អឺរ៉ុបក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងហ្គ្រាណាដា( Granada)ក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែតុលា។ដោយបារម្ភពីការអះអាងជាសកលនិងឥទ្ធិពលសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេសចិន ក្រុមមេដឹកនាំនេះ នឹងពិភាក្សាអំពីសំណើរបស់គណៈកម្មការអឺរ៉ុប ដើម្បីកាត់បន្ថយហានិភ័យ ដែលអឺរ៉ុបពឹងផ្អែកខ្លាំងពេកលើប្រទេសចិន និងតម្រូវការបង្វែរទៅទៅអាហ្វ្រិកនិងអាមេរិកឡាទីន។ឯកសារនេះ បាននិយាយទៀតថា ដោយសារតែលក្ខខណ្ឌមិនទៀតទាត់នៃប្រភពថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ឬខ្យល់ អឺរ៉ុប នឹងត្រូវការមធ្យោបាយ ដើម្បីស្តុកទុកថាមពល ដើម្បីឈានដល់គោលដៅនៃការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមឆ្នាំ២០៥០។

EU អំពាវនាវឲ្យប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី មាន«លក្ខណៈស្ថាបនា» អំពីការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន

2023/09/18 12:15:16 pm        135
គណៈកម្មការអឺរ៉ុប បានអំពាវនាវឲ្យប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី មានលក្ខណៈស្ថាបនា បន្ទាប់ពីបានប្រកាសពន្យារពេលជាឯកតោភាគីនៃការហាមឃាត់លើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។យើងដឹងពីសេចក្តីប្រកាសរបស់រដ្ឋសមាជិកមួយចំនួនទាក់ទងនឹងវិធានការឯកតោភាគី។ អ្វីដែលសំខាន់នៅពេលនេះ គឺប្រទេសទាំងអស់ ធ្វើការក្នុងស្មារតីនៃការសម្របសម្រួល និងចូលរួមក្នុងការស្ថាបនា»។គណៈកម្មការនេះ បានបន្ថែមថា នៅពេលនេះ ខ្លួនផ្តោតលើការអនុវត្តប្រព័ន្ធថ្មី ដែលបានប្រកាសនៅថ្ងៃទី ១៥ ខែកញ្ញា និងធ្វើឲ្យវាដំណើរការ។លើសពីនេះទៅទៀតនោះ កិច្ចប្រជុំជាមួយតំណាងនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ដែលពាក់ព័ន្ធ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៨ ខែកញ្ញានេះ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

សមាគមចុងភៅកម្ពុជា បើកការប្រកួតប្រជែងម្ហូបខ្មែរថ្នាក់ជាតិ ក្នុងពិព័រណ៍ម្ហូបអាហារ នៅកោះពេជ្រ

2023/09/15 01:53:11 pm        673
ភ្នំពេញ៖ សមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានកំពុងរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្នុងពិធីពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ និងសណ្ឋាគារ ឬហៅថា CamFood CamHotel ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។លោក សុង តេង ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា គោលបំណងកម្មវិធីការប្រកួតប្រជែងធ្វើម្ហូបខ្មែរ​ថ្នាក់ជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិស័យទេសចរណ៍​ ក៏ដូចជា ដើម្បីលើកតម្កើង​នូវតម្លៃ​របស់ម្ហូបខ្មែរតាំងពីបុរាណកាល និងធ្វើការជំរុញបន្ថែមនូវការ​ប្រើប្រាស់ផលិតផល និងគ្រឿងទេសរបស់ខ្មែរ ​ដែលប្រជាកសិករកំពុងដាំដុះ ​ហើយក៏ជាកត្តាមួយ ក្នុងការធ្វើឲ្យប្រជាកសិករ​មានជីវភាពកាន់តែល្អប្រសើរផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់វិញ្ញាសាការប្រកូតមុខម្ហូបខ្មែរ ​មានដូចជា នំបញ្ចុកសៀមរាប, សម្លកកូរ និងអាម៉ុក។លោក សុង តេង ក៏បានលើកទឹកចិត្ត និងអំពាវនាវ​ទៅដល់អ្នកដែលស្រលាញ់ចូលចិត្តវិស័យ​ម្ហូប​អាហារនេះ ចូលរួមឲ្យបានច្រើនកុះករថែមទៀត​ ដើម្បីបញ្ចេញសមត្ថភាព និងទេពកោសល្យ​ដែលកំពុងមាន ​ដើម្បីបង្ហាញទៅកាន់ទស្សនិកជន ​ក៏ដូចជាលើកកម្ពស់វិស័យម្ហូបអាហារ។ ជាពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជា​កាន់តែច្រើនឡើង​ថែមទៀត តាមរយៈម្ហូបអាហារដ៏​ឆ្ងុយឆ្ងាញ់​ពិសារ។សូមជម្រាបថា ​ការប្រកួតធ្វើម្ហូបខ្មែរនេះ គណៈកម្មាការនឹងដាក់ពិន្ទុទៅលើរសជាតិ ហើយ​នឹងឲ្យពិន្ទុទៅលើការ​ចំអិន​ និងការរៀបចំទុកដាក់។ ​ដោយទ្បែកសម្រាប់រង្វាន់ជ័យលាភី ​លេខ១ នឹងទទូលបានប្រាក់រង្វាន់លើកទឹកចិត្ត​ ២លានរៀល​ រួមជាមួយ មេដាយមាស និងលិខិតសរសើរ៕

ចិនបដិសេធបម្រាមលើទូរស័ព្ទអាយហ្វូន ខណៈមានក្ដីបារម្ភពីសង្រ្គាមបច្ចេកវិទ្យាជាមួយអាមេរិក

2023/09/15 01:42:41 pm        217
ប្រទេសចិនបានបដិសេធរបាយការណ៍នៃការហាមប្រាមលើប្រភេទទូរស័ព្ទអាយហ្វូន របស់ក្រុមហ៊ុន អេបផល (Apple) នៅក្នុងការិយាល័យរដ្ឋាភិបាល ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន អេបផល បាត់បង់ប្រាក់រាប់លានដុល្លារកាលពីសប្តាហ៍មុន។ ការបដិសេធនេះ បានកើតឡើងបន្ទាប់ពីមានសកម្មភាពសងសឹកជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងចិន ដែលបង្កើនការព្រួយបារម្ភនៃសង្រ្គាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចទាំងពីរ។ការហាមប្រាមលើផលិតផល Huawei នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា ជាមូលហេតុមួយសម្រាប់ជម្លោះ ដែលកំពុងបន្តនេះ។ ការចេញលក់ ទូរស័ព្ទអាយហ្វូន១៥ ចុងក្រោយបង្អស់របស់ក្រុមហ៊ុន អេបផល ស្របពេលជាមួយនឹងការចេញទូរស័ព្ទថ្មីប្រើប្រព័ន្ធ ហ្វាយជី (5G) ពីក្រុមហ៊ុន Huawei បានបង្កឲ្យមានជាសំណួរអំពីមធ្យោបាយដែលក្រុមហ៊ុន Huawei ទទួលបានបច្ចេកវិទ្យានេះ។ជាការឆ្លើយតប រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់កំហិតលើក្រុមហ៊ុនអាមេរិក ដែលលក់កម្មវិធី និងឧបករណ៍ទៅឱ្យក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនចិនផងដែរ។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន អេបផល ដែលមានចំនួនប្រហែល២០ភាគរយនៃការលក់សរុបរបស់ខ្លួន ហើយរបាយការណ៍នៃបម្រាមការប្រើប្រាស់ទូរស័ព្ទ អាយហ្វូន បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមវិនិយោគិន ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុន អេបផល ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារប្រទេសចិន៕

ផលិតផលជលផល២មុខដំបូងគេរបស់កម្ពុជា បាននាំចេញទៅទីផ្សារប្រទេសចិន

2023/09/15 01:08:32 pm        244
ភ្នំពេញ៖ ផលិតផលជលផលទឹកសាបចំនួន២ប្រភេទរបស់កម្ពុជារួមមាន៖ កំពឹសបង្កក និងអន្ទង់បង្កក១កុងតឺនឺ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង និងប្រកបដោយភាពជគជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​បានលើកឡើងថា បន្ទាប់ពីកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រុមហ៊ុន ​ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញទីកាន់ទីផ្សារប្រទេសចិននេះ ​គឺជា«ជើងដំបូង» ​របស់កម្ពុជា ហើយ​ក៏​នៅមានការងារច្រើនទៀតដែលត្រូវធ្វើផងដែរ។ លោកជំទាវ បានបញ្ជាក់ថា ការងារអាទិភាពដំបូង ​គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាម​ស្តង់ដារ​អនាម័យ និងភូតគាមអនាម័យ ​កំណត់ដោយរដ្ឋបាលគយចិន​ ដើម្បីធានាឲ្យបានថា ផលិតផល​ជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ ​គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ ​មានគុណភាពកាន់តែខ្ពស់ មាន​សោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព ​និងមានរសជាតិកាន់តែឆ្ងាញ់​ ក្នុងគោលដៅពង្រឹង និង​ពង្រីកតម្រូវការរបស់​អតិថិជន​នៅលើទីផ្សារប្រទេសចិន។លោកជំទាវ អ៊ឹម រចនា បានលើកឡើងបន្តថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិន​កើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជា​ទៅកាន់ប្រទេសចិន នឹងមានកំណើន។ ចំណែក​ប្រជានេសាទ វារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ ​នឹងមានការងារធ្វើកាន់តែច្រើន។ តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់​ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូន​ប្រជានេសាទ​និងវារីវប្បករ​នៅស្រុកខ្មែរ​យើងឲ្យកាន់តែមានការរីកចំរើនទៅមុខ ​និងរួមចំណែកជួយ​ដល់កំណើន​សេដ្ឋកិច្ចជាតិផងដែរ៕

សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និងSMEs ជប៉ុនបន្ថែមមកអភិវឌ្ឍន៍នៅកម្ពុជា

2023/09/14 05:11:28 pm        127
ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាស​ធុនតូច និងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យ​បានច្រើន​បន្ថែមទៀត ​ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា​ឱ្យកាន់តែ​មានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន នាពេលបច្ចុប្បន្ន និងអនាគត។ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ជាមួយលោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ​និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួងការងារ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ​ប្រទេសជប៉ុន​បានចូលរួមចំណែកយ៉ាងសំខាន់​ក្នុង​ការ​នាំ​មកសន្តិភាពនៅកម្ពុជា។ ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើន​កិច្ចសហប្រតិបត្តិការ​ដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ​មួយវិញទៀត រំហូរពាណិជ្ជករជប៉ុនបានចូល​មក​វិនិយោគកាន់តែច្រើន​លើគ្រប់វិស័យ ហើយក៏បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ ដែលនេះជាការបង្ហាញពី​សក្តានុពល​ និងភាពទាក់ទាញរបស់កម្ពុជា។ ឯកឧត្តម យល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះ ជាការជំរុញ​ទាក់ទាញអ្នក​វិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ខាងភាគីជប៉ុនសហការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា​ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងឱកាសការងារ ដែលស្របទៅនឹងយុទ្ធសាស្រ្ដ​បញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពិសេសគឺការផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់យុវជន១លាន៥សែននាក់​មកពីក្រុមគ្រួសារក្រីក្រ​ និងងាយរងគ្រោះ តាមរយៈការបន្តគាំទ្រ​ស្ថាប័ន TVET ដែលកំពុង​សហការស្រាប់​ជាមួយភាគីជប៉ុន។ជាការឆ្លើយតប លោក ហ៊្វុមីអាគិ និងប្រតិភូដែលជាសមាជិករបស់សមាគម JCA បានទទួលយក​សំណូមពរនេះ និងបានបញ្ជាក់ថា ​រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍​នៅកម្ពុជា​មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញថែទាំ និងជួសជុលរថយន្តទាំងនោះ ​ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព។ ជាមួយគ្នានេះដែរ ភាគីជប៉ុនក៏ចង់ផ្តល់ការបណ្តុះបណ្តាលជំនាញកែ​សម្ជស្ស ដែលជាជំនាញមួយ​កំពុង​តែពេញនិយម ​និងអាចផ្តល់ចំណូលបានប្រសើរផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីថែមទាំងបានបញ្ជាក់ពីឆន្ទៈក្នុងការផ្ដល់កិច្ច​សហប្រតិបត្តិជាមួយភាគីជប៉ុន នៅ​ពេលដែលប្រតិភូវិនិយោគជប៉ុនមកទស្សនកិច្ចនៅប្រទេសកម្ពុជា ​នាខែវិច្ឆិកា ឆ្នាំ២០២៣ ​ខាងមុខ ពោលនឹងត្រៀមចាំសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់តំបន់សក្តានុពល​សម្រាប់ការបង្កើត​អាជីវកម្ម ​ក៏ដូចជាជួយសហការក្នុងការជ្រើសរើស ​និងបណ្ដុះបណ្ដាលកម្មករនិយោជិត ត្រៀមខ្លួនមុនចូលបម្រើការងារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការ៖ស្ថានភាពសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានភាពល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងទេ
04/15/2026 08:04 PM
ក្រុមការងារគោលដៅបាសាក់លែន អំពាវនាវទេសចរជាតិ អន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើន
04/15/2026 08:04 PM
ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត
04/15/2026 06:04 PM
អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ
04/15/2026 04:04 PM
ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
04/15/2026 03:04 PM
ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ីជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់
04/15/2026 02:04 PM
កម្ពុជា បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលនេះជាព័ត៌មានក្លែងក្លាយ
04/15/2026 02:04 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួម ព្រឹត្តិការណ៍លៀសហាល ចំនួន ៥តោន ជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ចាម
04/15/2026 02:04 PM
នាវាដឹកប្រេងចិនរងទណ្ឌកម្មអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
04/15/2026 01:04 PM
ធានាធិបតីកូរ៉េខាងត្បូង ព្រមានថាជម្លោះមជ្ឈិមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងនៅតែហក់ឡើងខ្ពស់ប្រធ
04/15/2026 01:04 PM