សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

2024/07/24 02:55:32 am        225
ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុកត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្តេចចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រួតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវកិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។ អ្នកដែលនិយាយថាគំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់។សម្តេចតេជោ ហ៊ុន សែន បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តួចផ្តើមគំនិតដោយវៀតណាម។ សម្តេចតេជោបានថ្លែងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺផ្តួចផ្តើមឡើងផ្ទាល់ដោយសម្តេច។ ដំបូងគឺសម្តេចស្នើសុំការគាំទ្រពីឡាវ បន្ទាប់មកទៅស្នើការគាំទ្រពីវៀតណាម។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីទាំងពីររូប គឺឡាវ និងវៀតណាម ដែលសម្តេចស្នើឱ្យមានការគាំទ្រនោះ បានទទួលមរណភាពអស់ហើយ។សម្តេចតេជោបានមានប្រសាសន៍ថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្រាប់កម្ពុជាវិញ នៅចុងសតវត្សរ៍ទី២០ ឆ្លងចូល២១ ខេត្តមណ្ឌលគិរី រតនគិរី មិនមានផ្លូវទៅដល់នោះទេ គឺត្រូវស្នើសុំវៀតណាម ឆ្លងចូល។សម្តេចតេជោបានមានប្រសាសន៍ទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។ មុនពេលអគ្គិសនីកម្ពុជាទៅដល់ នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ត្រូវទទួលភ្លើងពីវៀតណាម។ រីឯខេត្តស្ទឹងត្រែង ពឹងពាក់ភ្លើងពីវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានជួយដល់កិច្ចសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោលគឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូច។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កាលពីពេលមុនពលរដ្ឋកម្ពុជាក្នុងខេត្តទាំង៤ បានទទួលសេវាសុខាភិបាលជាច្រើនពីខាងឡាវ និងវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩។ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំលើកទី២នោះហើយ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការ។​កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីឡាវ ហើយឡាវ ទទួលបានការផ្គត់ផ្គង់អំបិលពីកម្ពុជា។អធិបតេយ្យនៃប្រទេសនីមួយៗមានការបោះ​បង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា។ សម្តេចតេជោសង្ឃឹមថា រាជរដ្ឋាភិបាលអាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់កន្ទុយនាគ ប្រវែង ៦៦គីឡូម៉ែត្រ បានឆាប់។ សម្តេចតេជោ បានថ្លែងថា សម្តេចចង់ទៅឈរនៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមានកិច្ចព្រមព្រៀងណាមួយ នាំឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះឡើយ។ ខេត្តទាំង៤របស់កម្ពុជានៅភាគឦសាន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អស់ហើយ ដែលធ្វើឱ្យខេត្តទាំងនេះមិនកាត់ផ្តាច់ពីគ្នានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុតចំពោះបុគ្គលអុជអាលរឿងនេះ ហើយគ្មានការបន្ធូរបន្ថយទោសនោះឡើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖១-​ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។២-​ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម៤-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ៥-​ អនុស្សារណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ផ្ទុយគ្នាស្រឡះពីកិច្ចព្រមព្រៀងរវាងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមួយកុក(ស)។ កម្ពុជា គ្មានជនជាតិភាគតិចដេហ្គា និងមានមេដឹកនាំជាកុក(ស)នោះទេ។ ក្នុងឋានៈជាមេដឹកនាំប្រទេសពេលទៅដល់ប្រទេសណា ក៏តែងមានការរៀបចំដាក់តាំងទង់ជាតិ។ សម្តេចបញ្ជាក់ត្រង់ចំណុច ដើម្បីបំភ្លឺតបនឹងការបង្ហោះមួយចំនួនបង្ហាញទង់ជាតិវៀតណាម នៅពេលប្រមុខរដ្ឋវៀតណាមទស្សនកិច្ចនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្ហោះនោះ ជាចេតនាបង្ករឿង។ទោះបីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរ តែសម្តេចមិនទាន់អស់ឥទ្ធិពល ពីនយោបាយនៅក្នុងប្រទេសនោះទេ។​ សម្តេចតេជោបានថ្លែងថា រចនាសម្ព័ន្ធនៃការគ្រប់គ្រងអំណាចរដ្ឋ គឺព្រះមហាក្សត្រទី១ ប្រធានព្រឹទ្ធសភាទី២ ប្រធានរដ្ឋសភាទី៣ និងនាយករដ្ឋមន្ត្រីទី៤ ប៉ុន្តែអំណាចលើនាយករដ្ឋមន្ត្រី។ សម្តេចមិនអនុញ្ញាតឱ្យមានការបង្កចលាចលណាមួយ ពីក្រុមបង្កការញុះញង់នោះឡើយ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង

2024/07/24 01:47:47 am        87
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែកក្កដានេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។ក្នុងឱកាសនោះ សម្ដេចធិបតី បានឧទ្ទិស ចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ាទាំងពីរ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាសទ្ធាភិរ័ត្នញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បរទេសកុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា

2024/07/24 01:45:34 am        201
ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏ បានបន្តអំពាវនាវដល់បរទេស កុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ខណៈបច្ចុប្បន្ននៅកម្ពុជាគ្មានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងមានទោសព្រហ្មទណ្ឌ។ ​សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា កន្លងទៅក្រុមប្រឆាំងជ្រុលនិយម តែងតែយករឿងបរិស្ថាន និងសិទ្ធិមនុស្ស មកធ្វើជាឈ្នាន់នយោបាយ បង្កភាពវឹកវរ បង្កចលាចល និងអស្ថិរភាពដល់ប្រទេសកម្ពុជា ដោយជ្រកក្រោមផ្លាកអង្គការក្រៅរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាដើម ប៉ុន្ដែពួកគេកំពុងធ្វើការបម្រើឱ្យនយោបាយរបស់បរទេស មានបំណងប្រឆាំងរាជរដ្ឋាភិបាល។ សម្ដេចតេជោលើកឡើងថា ប្រទេសដទៃអាចអនុវត្តន៍ច្បាប់បាន ហេតុអ្វីកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ប្រទេសបាន? ដូច្នេះសម្តេចស្នើមិត្តភក្តិបរទេសយោគយល់ ពីព្រោះកម្ពុជាមិនអនុញ្ញាតឱ្យកើតមានភាពចលាចលនៅក្នុងប្រទេសឡើយ។ សម្តេចតេជោ បញ្ជាក់ថា ការឃាត់ខ្លួនសកម្មជនខុសច្បាប់នាពេលកន្លងទៅ គឺគ្មានជនណាមួយពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននោះទេ ប៉ុន្ដែពួកគេសុទ្ធតែពាក់ព័ន្ធនឹងអំពើក្បត់ និងការប្រមាថព្រះមហាក្សត្រ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឲ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះសម្តេចក៏បានស្នើរឲ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវឱ្យឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនចំពោះក្រុមណាបង្កើតចលនាបះបោរនៅកម្ពុជាឡើយ

2024/07/24 01:41:49 am        95
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏បានប្រកាសថាសម្ដេចនៅតែមានឥទ្ធិពលក្នុងកិច្ចការងារដឹកនាំប្រទេសកម្ពុជា ជាពិសេសរឿងនយោបាយ ដូច្នេះសម្ដេចនឹងមិនអត់ឱនចំពោះក្រុមណាដែលមានបំណងបង្កើតចលនាបះបោរ បង្កចលាចលនៅកម្ពុជាឡើយ។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច នៅតែមានបំណងធ្វើធ្វើចលនា បង្កើតភាពវឹកវរ បំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជានឹងមិនអត់ឱនឱ្យជនណាដែលបង្កើតភាពវឹងវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាដែលខិតខំរកមកបានដោយលំបាកនាពេលនេះដាច់ខាត។សូមជម្រាបថា ក្រុមប្រឆាំងមួយក្ដាប់តូច តែងតែមានគំនិតបង្កើតភាពចលាចល វឹងវរដល់សង្គមកម្ពុជា តាមរយៈការប្រឌិតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត វាយប្រហារមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ដើម្បីលំបំបាត់ក្រុមជ្រុលនិយមទាំងនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដាច់ណាត់ គឺមិនអនុញ្ញាតឱ្យក្រុមណាមួយបង្កអស្ថិរភាពដល់ប្រទេសកម្ពុជាដាច់ខាត៕

សម្ដេចតេជោ៖គ្មានការកាត់ដី៤ខេត្តឱ្យវៀតណាមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ CLV ឡើយ

2024/07/24 01:38:27 am        159
ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាស កម្ពុជា គ្មានការកាត់ដី៤ខេត្តឱ្យវៀតណាមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដូចជនប្រឆាំងជ្រុលនិយមបានលើកឡើងបំពុលសង្គមនោះឡើយ។ ​សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។ ការចេញមកបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា ក្រោយមានជនមួយចំនួនបំភ្លៃការពិត និងពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ទៅក្នុងដែនដីរបស់រៀតណាម។បើតាមការបញ្ជាក់របស់សម្ដេចតេជោ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជំរុញ និងសម្រួលពណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។ កិច្ចព្រមព្រៀងស្ដីពីការដឹកញ្ជូនតាមផ្លូវគោក កម្ពុជា-វៀតណាម និងកម្ពុជាឡាវជាដើមមិនមែនជាការកាត់ដីឱ្យគេដូចជនជ្រុលនិយមបំពុលសង្គមនិយាយនោះទេ៕

សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្មរបស់ឯកអគ្គរដ្ឋទូតស្រីលង្កាដែលចប់អាណត្តិបេសកកម្ម

2024/07/23 02:31:04 am        164
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបជម្រាបលានេះ លោកជំទាវ Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញាក្នុងការបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា។ ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា។ សម្ដេចធិបតីបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានលទ្ធភាពជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ជាដើម ។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីស្រីលង្កាប្រចាំកម្ពុជា៕

សម្ដេចតេជោស្នើសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់លើហ្វេសប៊ុកក្លែងក្លាយដែលមានដាក់រូបសម្ដេច

2024/07/23 02:19:18 am        166
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានសរសេរសារនៅលើហ្វេសប៊ុកផ្ទាល់របស់សម្ដេចថា សូមកុំរពឹស ! មាន Facebook មួយឈ្មោះអរគុណសន្តិភាព ដែលមាន Profile ជារូបខ្ញុំ(សម្ដេចតេជោ) និងបានយកសារដែលខ្ញុំ(សម្ដេចតេជោ)បង្ហោះកាលពីឆ្នាំ២០១៩ ជាពេលដែលខ្ញុំ(សម្ដេចតេជោ)របួសស្មា និងត្រូវទៅព្យាបាលនៅសិង្ហបុរី មកបង្ហោះឡើងវិញ។សម្ដេចតេជោបន្តថា ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយ ជាការបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមប្រជាជនថា ខ្ញុំ(សម្ដេចតេជោ)កំពុងត្រូវរបួស និងចាកចេញពីប្រទេស។ពាក់ព័ន្ធបញ្ហានេះ សម្ដេចតេជោ បានស្នើដល់សមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះ ដើម្បីឈានទៅបំបាត់ Facebook ក្លែងក្លាយ និងព័ត៌មានក្លែងក្លាយ៕​ដោយ៖ គង់ ឌិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត ស្រីលង្កា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/22 10:01:59 pm        216
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម​និយម​ប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​និងប្រកបដោយ​ផ្លែផ្កា​បន្ថែមទៀត

2024/07/22 08:26:54 pm        154
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤​នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្ម​ការ​ទូតរបស់​ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និង​ពង្រីកបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការសម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត​ជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមាន​ការអ​ភិវឌ្ឍ​​រីក​ចម្រើន​ខ្លាំង​ក្លា​បន្ថែម​ទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកឧត្តមប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និង​ពិភាក្សាអំពីការបន្តជំរុញការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​រឹងមាំ​លើ​គ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យ​ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យ​កសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រក​របៀង​មច្ឆា និងអង្ករ៕

ផ្លូវក្រវាត់ក្រុងទី៣ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព​ដែកថែបកម្ពុជា-ចិន

2024/07/19 06:07:28 pm        462
នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលចិន បានរៀបចំពិធីសម្ពោធ​បង្គោលផ្លាក​ផ្លូវ​ក្រវាត់ក្រុងទី៣ ដោយ​ប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនង​មិត្តភាព​ដែក​ថែបកម្ពុជា-ចិន។នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធីសម្ពោធបង្គោលផ្លាកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ស្ថិតនៅចំណុចរង្វង់មូលមហាវិថីឈ្នះ ឈ្នះ ខាងត្បូងស្ពានអាកាសផ្លូវជាតិលេខ៤ ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវ​ក្រវាត់​ក្រុងទី៣ ត្រូវ​បាន​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន​ភាព​ជា​ប្រធាន​ព្រឹទ្ធសភា និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថា ផ្លូវ​ក្រវាត់​ក្រុង​ទី៣​ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើពិធីប្រកាសពីប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង» កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ នៅវិមានសន្តិភាព។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៣ ប្រសិទ្ធនាមឈ្មោះថា មហាវិថី ស៊ី ជីនពីង ដើម្បីបង្ហាញការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ និងដឹង​គុណពី​រាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន និង​ជំនួយ​ផ្សេង​ៗដល់កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ​ដែល​ដាក់​ចេញ​ដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ជាការពិតណាស់ ការប្រសិទ្ធនាមមហាវិថី ស៊ី ជីនពីង​នេះ ស្របពេលខួប៦៦ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន បន្ទាប់ពីកម្ពុជា-ចិន​បាន​ចាប់​ផ្ដើម​ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៨ ហើយទំនាក់ទំនង​នេះ​បន្ត​មាន​ភាពល្អ​ប្រសើ​រ​ឡើង​រហូត​ក្លាយ​ជាទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេល​ប្រមុខ​រដ្ឋាភិបាលប្រទេសទាំងពីរកំណត់យកឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បី​លើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ។សូមជម្រាបថា មហាវិថី ស៊ី ជីនពីង ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​​រាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ និងចំណាយ​ថវិ​កា​សាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក។ មហាវិថី ស៊ី ជិនពីន នេះជាការតភ្ជាប់ផ្ទៃក្នុង និង​សមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់​អភិវឌ្ឍ​ថែម​ទៀតផង​៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM