សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអគ្គលេខាធិការរង UN ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/21 06:35:32 pm        191
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យជួបជាមួយ លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ (Alice Wairimu Ndeeritu) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារបង្ការប្រល័យពូជសាសន៍ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។សូមជម្រាបថាលោកស្រី លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ អញ្ជើញមកកម្ពុជា គឺដើម្បីចូលរួមសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើរប្រល័យពូជសាសន៍ នៅកម្ពុជាផងដែរ៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអគ្គនាយិការងទីភ្នាក់ងារ AFD ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/21 06:29:09 pm        173
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱលោកស្រី ម៉ារី អេឡែន លូអាហ្សង់ (Marie-Hélène LOISON) អគ្គនាយិការង​ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) បានបើកការិយាល័យរបស់ខ្លួន នៅភ្នំពេញកាលពីខែកញ្ញា ឆ្នាំ​១៩៩៣ ដើម្បីធ្វើអន្តរាគមន៍នៅប្រទេសកម្ពុជា។ ដើមឡើយទីភ្នាក់ងារ AFD បានផ្តោត​សកម្មភាព​របស់​ខ្លួន​តែលើការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ការអភិវឌ្ឍទីក្រុង និងសុខាភិបាល​ប៉ុណ្ណោះ​។ ប៉ុន្ដែចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មធ្យោបាយ នៃការធ្វើអន្តរាគមន៍របស់ AFD នៅ​ក​ម្ពុជា បានវិវឌ្ឍគួរឱ្យកត់សម្គាល់។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទីភ្នាក់ងារ AFD បាន​សហការ ជាមួយអាជ្ញាធរ​កម្ពុជា​ដើម្បី​ទ្រទ្រង់​ដល់​ផ្នែក​ផលិតកម្ម​តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​គ្មាន​ការ​ធានា​ពីរដ្ឋមានន័យថា ប្រាក់កម្ចីដែលផ្តល់ដោយផ្ទាល់ដល់សហគ្រាស ឬធនាគារឯកជន ឬ​សាធារណៈដោយមិនមានការធានាពីរាជរដ្ឋាភិបាលកម្ពុជា។ជាង​នេះ​ទៅទៀត ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ ប្រទេសកម្ពុជា អាចទទួល​បាន​កម្ចី​សម្បទាន​ពី AFD បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ប្រសើរជាងមុន ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះ​លទ្ធភាព​ក្នុង​ការសងបំណុលរបស់ប្រទេសនេះ។បច្ចុប្បន្នវិស័យ​អាទិភាពនៃអន្តរាគមន៍ទាំងបួនរបស់ AFD រួមមាន៖ កសិកម្ម និងកសិ​ឧស្សាហកម្ម, ហេរដ្ឋារចនាសម្ព័ន្ធ, ការទ្រទ្រង់វិស័យផលិតកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ (ក្នុងវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ និង កសិកម្ម ប្រសិនបើអាច)។ ចាប់​តាំងពីឆ្នាំ១៩៩៣ មក ក្រុម AFD បានទ្រទ្រង់គម្រោងជាច្រើននៅប្រទេសកម្ពុជាដោយផ្តល់ទឹកប្រាក់ជាង ២៧០ លានអឺរ៉ូ៕

បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា

2024/05/18 04:10:31 am        92
ភ្នំពេញ ÷ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនៃជំនួបនេះ លោក MARN Ki-jeong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍភាពរបស់វេទិកាសម្ព័ន្ធឧស្សាហ៍កម្ម ដោយបានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា វេទិកាសម្ព័ន្ធឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយ និងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ដែលមានបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធនេះបាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា និងបង្ហាញនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធឧស្សាហកម្មដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មីស្ដីពីវិនិយោគ ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។មុននឹងបញ្ចប់ សម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅរាជធានី ភ្នំពេញក្នុងខែវិច្ឆិកាខាងមុខនេះ និងបានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម​ បន្តសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅសាធារដ្ឋកូរ៉េ​ និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ ៕

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យ លោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/05/18 03:55:03 am        83
ភ្នំពេញ ÷ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនៃជំនួបនេះ​ លោកអនុប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះដំណើរទស្សនកិច្ចប្រកបដោយភាពជោគជ័យរបស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកអនុប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Hyosung Group Ltd. ដែលផ្ដោតលើការផលិតសម្ភារអេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនងនិងការអភិវឌ្ឍប្រព័ន្ធ 5G និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ហើយលោកបានបញ្ជាក់ថា ក្រុមហ៊ុនក៏បានផ្គត់ផ្គង់នូវវត្ថុធាតុដើមក្នុងការផលិតសំបកកង់រថយន្តទៅឱ្យក្រុមហ៊ុននៅក្នុងស្រុកនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្គត់ផ្គង់សម្ភារសម្រាប់វិស័យកងទ័ពផងដែរ។ តាមរយៈជំនួបពិភាក្សានាឱកាសនេះ លោកអនុប្រធានក្រុមហ៊ុន មានសង្ឃឹមថានឹងអាចស្វែងយល់បន្ថែមអំពីសក្ដានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក CHO Hyungsang និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ហើយសម្ដេចធិបតីក៏បានបង្ហាញការពេញចិត្តចំពោះការភ្ជាប់នូវទំនាក់ទំនងនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកូរ៉េ ជាមួយនឹងក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី សង្ឃឹមថាក្រុមហ៊ុននឹងពិនិត្យលទ្ធភាព និងស្វែងរកឱកាសនៅក្នុងការបោះទុនវិនិយោគលើវិស័យផ្សេងៗទៀតនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកអនុប្រធានក្រុមហ៊ុនផងដែរថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការមកកាន់សាធារណរដ្ឋកូរ៉េនេះ សម្ដេចធិបតីក៏បានផ្ដួចផ្ដើមនូវគំនិតផ្ដួចផ្ដើមថ្មីពីរ ដើម្បីឱ្យគាំទ្រដល់ក្រុមហ៊ុនវិនិយោគរបស់កូរ៉េនៅកម្ពុជា ដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងយន្តការចាំបាច់មួយចំនួន ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក និងការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនជាប្រចាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិន និងធុរជន និងបានដាក់ឱ្យអនុវត្តនូវច្បាប់ថ្មីស្ដីពីវិនិយោគ ដើម្បីផ្ដល់នូវការលើកទឹកចិត្តបន្ថែមដល់ការវិនិយោគនៅកម្ពុជាផងដែរ។ពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy) ដើម្បីទាក់ទាញការវិនិយោគ និងជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្រៅប្រទេស។ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការតភ្ជាប់កម្ពុជាទៅក្នុងតំបន់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការប្រើប្រាស់នូវថាមពលស្អាត ជាដើម។ មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកនូវឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា៕

ក្រុមហ៊ុន Daewoo E&C បង្ហាញបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា

2024/05/18 03:47:09 am        95
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុនលើវិស័យសំណង់ដែលរួមមាន៖ ការកសាងនូវតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសំណង់ដ៏សម្បូរបែបផ្សេងៗទៀត។ ក្នុងជំនួបនេះ ក្រុមហ៊ុនមានបំណងទទួលបានទស្សនៈបន្ថែមពីសម្ដេចធិបតី អំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យសំណង់ និងថាមពលបៃតងនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនូវសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសកូរ៉េ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានក្រុមហ៊ុន និងសហការី និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចមានជំនឿថា ជំនួបនេះនឹងអនុញ្ញាតឱ្យប្រតិភូកម្ពុជាស្វែងយល់បន្ថែមអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យសំណង់ និងថាមពលស្អាត ខណៈពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាលក៏មានបំណងជំរុញឱ្យមាននូវការធ្វើពិពិធកម្មអចលនទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជានៅមានសក្ដានុពលច្រើនសម្រាប់កាលានុវត្តភាពវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង បន្ថែមពីលើវិស័យសំណង់។ បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថានៅក្នុងអំឡុងពេលនៃអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Daewoo E&C ក៏អាចពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលបៃតង ស្របពេលដែលកម្ពុជាកំពុងធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យនេះផងដែរ។ មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Daewoo E&C ធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពពិត ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នជំនាញក្នុងការស្វែងរកឱកាសវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕

ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញាចិត្តក្នុងការរួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើន

2024/05/18 03:38:08 am        69
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា​ ឆ្នាំ២០២៤។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Daejoo KC Group ដែលកំពុងមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែរ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនក៏បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងរបស់រោងចក្រនៅកម្ពុជា។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវក្តីរីករាយ និងអបអរសាទរ ដែលសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ហើយតាមរយៈកម្រិតទំនាក់ទំនងនេះ លោកជឿជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូរ៉េជាច្រើនទៀតនឹងស្វែងយល់ពីសក្តានុពលនៅកម្ពុជា​​​ និងបន្តវិនិយោគ​ក៏ដូចជាពង្រីកវិនិយោគបន្ថែម​នៅព្រះរាជាណាចក្រកម្ពុជា។​ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងអរគុណចំពោះក្រុមហ៊ុន Daejoo KC Group ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាល វិស្វករកម្ពុជាលើផ្នែកយានយន្ត។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ដោយក្នុងនោះកម្ពុជាមានបំណងចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ “កូរ៉េបូកមួយ” តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការពង្រីកនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញ​និងផ្គត់ផ្គង់ផលិតផល​ នៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗបន្ថែមទៀតផងដែរ៕

ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា

2024/05/18 03:31:07 am        76
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ​​ ពីថ្ងៃទី១៥-១៨​​​ ខែឧសភា​​ ឆ្នាំ២០២៤។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអរគុណចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព នៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Hanshin E&C រយៈពេលប្រមាណ១០ ឆ្នាំនៅកម្ពុជា លើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលប្រមាណ​ ១០ ឆ្នាំមកនេះ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើនអំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនកំពុងតែសិក្សាបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ។ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន Hanshin E&C ដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទុនវិនិយោគ នៅកម្ពុជាលើវិស័យហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់សកម្មភាពវិនិយោគ​​ និងធុរកិច្ច​ នៅព្រះរាជាណាចក្រកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត ៕

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd.៖ ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

2024/05/18 02:13:19 am        90
ភ្ណំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ និងបានរំឮកអំពីប្រសាសន៍ប្រកបដោយអត្ថន័យ របស់ ឯកឧត្តមប្រធានាធិបតី យូន ស៊កយ៉ល (Yoon Suk Yeol) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះថា “ប្រទេសកូរ៉េ និងកម្ពុជា គឺជាបងប្អូននឹងគ្នា”។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន សម្ដេចធិបតី ថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនក្នុងបំណងស្វែងរកប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបជាមួយលោកប្រធានក្រុមប្រឹក្សាភិបាល សាជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ និងអរគុណដល់ក្រុមហ៊ុនដែលបានរួមដល់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យជាច្រើន រួមមាន វិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀត ដែលជាចំណុចខ្លាំងនៃអាជីវកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះសម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលលើកិច្ចការដែលនៅសេសសល់ និងពង្រីកឱកាសវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា ដើម្បីការចម្រើនបន្ថែមទៀតរបស់ក្រុមហ៊ុន ក៏ដូចជាជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។ ៕

ក្រុមហ៊ុន Dunamu របស់កូរ៉េ បង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ

2024/05/17 08:40:35 pm        153
កូរ៉េ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប លោកប្រធានផ្នែកយុទ្ធសាស្ត្រ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ។ លោកប្រធានផ្នែកយុទ្ធសាស្រ្ត បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព​នៃអាជីវកមុ្ម​របស់​ក្រុម​ហ៊ុន Dunamu ដែលមានប្រតិបត្តិការអាជីវកម្មនៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការ​គ្រប់​គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ ជាមួយ​គ្នា​នេះ​លោក​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​បានគោរព​ជម្រាប​សម្ដេច​ធិបតី​អំពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ដែលរួមមានកម្ពុជាជាដើម។ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ផ្នែកយុទ្ធសាស្ត្រ និងសហការី និងអរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រកម្ពុជា លើវិស័យហិរញ្ញវត្ថុ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើ​ទំនើបកម្ម​លើ​បច្ចេក​វិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​សក្ដានុពល​លើ​វិស័យ​ផ្សេង​ៗ​ទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើល​ឱកាស​ក្នុង​ការ​ស្វែង​រក​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​នៅ កម្ពុជាផងដែរ៕

ព្រឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអញ្ជើញជួប ប្រធានក្រុមហ៊ុន វិនិយោគិន និងធុរជនកូរ៉េ​ជាបន្តបន្ទាប់ដើម្បីពិភាក្សាការងារ

2024/05/17 07:22:41 pm        180
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមាន​ជំនួប​ជាមួយ​បណ្ដា​ប្រធាន​ក្រុមហ៊ុន អ្នកវិនិយោគ និងធុរជន កូរ៉េជាបន្តបន្តបន្ទាប់ ដើម្បីទាក់ម៉ូយ ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កាន់​ប្រទេសកម្ពុជា។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Woo Jong JEON នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities, លោក Ahh Young-Min ជាតារា K-pop ជាអ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment, លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C, លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C, លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group, លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងឯកឧត្តម Oh Young-hun អភិបាល​ខេត្តស្វយ័ត​ពិសេស​ជេជូ​នៃ​សាធារណ​រដ្ឋកូរ៉េ​។ ក្នុងឱកាសជំនួបជាមួយលោក Woo Jong JEON នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ក្រុមហ៊ុននេះ បានបង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ខណៈ​ក្រុមហ៊ុន​នេះ គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ ចំណែក​ក្រុមហ៊ុន SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៥ និងបាននាំK-POPទៅកាន់ពិភពលោកឱ្យបានស្គាល់។ កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុម SHINee នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងបាន​បរិច្ចាគ​ថវិកា ១ ម៉ឺនដុល្លារដល់អង្គការ Cambodian Children’s Fund ផងដែរ។រីឯ​ក្រុមហ៊ុន Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់នៅសាធារណរដ្ឋកូរ៉េ ដោយ​មាន អាយុកាលជាង ៥០ឆ្នាំមកហើយ។ ក្រុមហ៊ុន​នេះបាន​ដើរតួនាទី​ដ៏សំ​ខា​ន់​ក្នុង​ការ​ចូលរួម​នូវ​វិវត្ត​សេដ្ឋកិច្ច​យ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការ​អភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល។ ដោយ​ឡែកក្រុមហ៊ុន Hanshin E&C បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និង​ប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។ ក្រុមហ៊ុននេះ ក៏បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់​គុណភាព​ផ្លូវ​ជាតិ​លេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទ ផងដែរ។ចំណែក​ក្រុមហ៊ុន Daejoo KC Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដោយមាន​ប្រតិបត្តិការ​អាជីវកម្ម លើវិស័យដូចជា ឧស្សាហកម្មដែក ភស្តុភារកម្ម (Logistic) ឧស្សាហកម្មគីមី គ្រឿង​បម្លាស់​រថយន្ត សំណង់ និងឧស្សាហកម្មថាមពល។ ក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ CAMKO Motor Co.Ltd., នៅកម្ពុជាផងដែរដោយបានផ្តល់នូវសេវាកម្មថែទាំ និងផ្លាស់ប្តូរ​គ្រឿង​បន្លាស់​រថយន្ត​ម៉ាក​Hyundai ។រីឯក្រុមហ៊ុន Booyoung នៅកម្ពុជា មានគម្រោងចំនួន ៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និង​ទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោង​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​មាន​ដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។ នាពេលកន្លងមកក្រុមហ៊ុននេះក៏បានបរិច្ចាគរថយន្តក្រុងចំនួន ១០០០គ្រឿងដល់រាជរដ្ឋាភិបាល និងបាន​ជួយ​សាង​សង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយនឹងការបរិច្ចាគក្តារខៀនចំនួន ៤០០០០ផងដែរ។ក្រៅ​ពីនេះសម្ដេចធិបតីក៏បានជួបជាមួយ ឯកឧត្តម Oh Young-hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃ​សាធារណរដ្ឋកូរ៉េ ក្នុងជំនួបនេះ សម្ដេចធិបតី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្ស​រណៈ​យោគយល់​គ្នារ​វាង​រដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាល​ខេត្ត​ស្វយ័ត​ពិសេសជេជូ​នៃ​សាធារណ​រដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ក្នុង​ខេត្ត​ទាំង​ពីរ​ឱ្យ​កាន់តែមានការរីកចម្រើនផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM