សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត​ពីប្រទេសកម្ពុជា

2023/12/18 12:27:05 pm        352
នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់​ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះសម្តេចធិបតី ដែល​ត្រូវ​បាន​រដ្ឋសភាបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជាសមាជិកសភា នៃ​​សម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​ជូន​អំពី​សកម្មភាព​របស់​សម្ព័ន្ធសភា ដែលកន្លងមកបាន​សហការ​បំពេញ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ស្ថាន​ទូត​កម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់​តែ​ស្អិត​រមួត​ថែម​ទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមានជាអាទិ៍÷ វិស័យកសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ។ ពាក់ព័ន្ធ​នឹង​ផលិត​ផល​កសិកម្ម សម្ព័ន្ធសភា បានគូសបញ្ជាក់ថា ក្រុមហ៊ុន​ជប៉ុន​មាន​បំណង​បង្កើន​ការ​នាំ​ចូល​គ្រាប់​ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។ជាការ​ឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមន្សរីករាយ ដែលបានជួបឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា សាជាថ្មី បន្ទាប់ពីជំនួបចំនួន ២ លើក​កន្លង​មក នៅពេលដែល សម្តេចធិបតី បំពេញកិច្ចការយុវជន និង​ក្នុង​មុខ​តំណែង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ សម្តេចធិបតី បានលើកឡើងថា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ នៃចំណង​ការ​ទូត និងជាឆ្នាំដ៏ពិសេសដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា “ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតល្អប្រសើរបំផុត នៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយក៏បានរំឭកផងដែរអំពីការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុន នៅក្នុងដំណើរការកសាង និង​អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រាប់ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព។ ក្នុង​ន័យនេះ សម្តេចធិបតី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរឹងមាំ និង​ភាព​រីក​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថាប័ន​នីតិប្រតិបត្តិ, ធុរកិច្ច និងធុរកិច្ច ក៏ដូចជារវាងប្រជាជន និងប្រជាជន ព្រមទាំង​បាន​គូស​បញ្ជាក់​ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះប្រទេសជប៉ុន ត្រូវ​បាន​រក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់​ទំនង​ដែល​មាន​ស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះ ឱ្យបានកាន់​តែ​រឹងមាំ​បន្ថែម​ទៀត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ

2023/12/18 09:32:45 am        656
តូក្យូ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធា​នក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាស​នៃ​ការ​ចូលរួ​ម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះ លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង​ការ​គួរ​សម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំ​យក​កម្ម​សិក្សា​ការី​ខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន ។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏​បាន​បើក​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែង​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការ​ផ្សព្វ​ផ្សាយ​អំ​ពី​ផលិត​ផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និង​ការ​សម្រ​ប​សម្រួល​ធុរកិច្ចពាណិជ្ជកម្ម ជាដើម ។ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនផងដែរ អំពី​គម្រោង​នៃ​ការពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់​បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បី​បង្កើន​នូវ​ការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅ​លើ​ក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ និងក្តីរីករាយ ចំពោះជំនួបជាមួយ កូជីម៉ា ម៉ាសាណូប៊ូ និងសហការី ព្រមជាមួយនឹងការអរគុណចំពោះក្រុមហ៊ុន ដែល​បាន​បណ្តាក់​ទុន​វិ​និយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនេះ គឺជាការ​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងអំណរ​គុណ​ក្រុម​ហ៊ុន​ផងដែរ ចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូន​កម្ម​សិក្សា​ការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួង​ពាណិជ្ជ​កម្មកម្ពុជា ដែលនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំង​ចំពោះ​មុខ និងរយៈពេលវែង ។ ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល​ និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹង​ក្លាយ​ជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់​ប្រទេស​កម្ពុជា​នាពេលអនាគត៕

ប្រធាន ICAPP៖ គណបក្សប្រជាជនកម្ពុជា​ដើរតួនាទីយ៉ាងសំខាន់​ចូលរួម​ពង្រឹងលទ្ធិប្រជាធិបតេយ្យ​នៅអាស៊ី

2023/12/15 01:36:59 pm        199
គណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយ ឯកឧត្តម ជុង អ៊ីយ៉ុង ប្រធាន ICAPP បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែ​ធ្នូ ឆ្នាំ២០២៣ ដើម្បី ពិភាក្សាអំពី «ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២​» របស់គណបក្សប្រជាជនកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងឱកាសនេះ គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹង សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្តេច​មហា​រដ្ឋ​សភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធាន ICAPP និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។ឯកឧត្តម ជុង អ៊ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្រោម​ការ​​ដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិត​ជា​បាន​រួមចំណែកយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមគាំទ្រ និងពូនជ្រំកិច្ចសហប្រតិបត្តិការ និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យនៅអាស៊ី ចាប់ពីថ្ងៃបង្កើត ICAPP នៅឆ្នាំ២០០០ អង្គការ​នេះ​បាន​ក្លាយ​ជា​វេទិកា​នយោបាយកាន់តែមានឥទ្ធិពល និងមានសារៈសំខាន់ចាំបាច់ ក្នុងសភាព​ការណ៍​ពិភព​លោក​នៃ​ការ​ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់។ ឯកឧត្តម ជុង អ៊ីយ៉ុង ថ្លែងថា គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​ចូល​រួម​ដឹកនាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បី​ការ​ត​ភ្ជាប់​វប្បធម៌​ចម្រុះ​នៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និង ការគោរពគ្នា ជា​ពិសេសការបង្កើតភាពជាដៃគូជាមួយនឹងអង្គការ UNESCO។ឯកឧត្តមបន្តថា មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ICAPP លើកទី៤២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកា​សារព័ត៌មាន ​ICAPP លើកទី៧ នៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៤នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ និងជោគជ័យមួយ​បន្ថែម​ទៀត​នៃ​ការ​ជួប​ជុំ​មហា​គ្រួសារ​គណបក្ស​នយោបាយ​នៅ​អាស៊ី​តំណាងឱ្យ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ។ សូមបញ្ជាក់ ផងដែរថា គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែល​បានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះហើយ សម្តេចតេជោ បានសម្រេចប្រគល់ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជា​ប្រធាន​មហា​សន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP។គណបក្ស​ប្រជាជនកម្ពុជានឹងជំរុញអង្គការ ICAPP បង្កើនតួនាទីយុវជន និងជំរុញបរិវត្តកម្ម​ឌីជីថល​នៅ​ក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ច ហើយបន្តចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​ដើម្បី​ទ្វីប​អាស៊ី​ប្រកបដោយសន្តិភាព និងវិបុលភាព និងចង់ឃើញឧបទ្វីបកូរ៉េមានសន្តិភាពយូរអង្វែង។គណៈប្រតិភូ ICAPP វាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ភាព​ចាស់​ទុំ និង ការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោម​ការ​ដឹកនាំ​ដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ និងជាអនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រទេសកម្ពុជានឹងសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត សម្រាប់​ជាតិ​ និង​ប្រជាជន​កម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយ​កម្ពុជា​នឹង​ដើរ​តួនាទី​កាន់​តែសំខាន់​សម្រាប់​តំបន់ និង​ពិភព​លោក​ទាំង​ក្នុងវេទិកាអន្តរគណបក្ស រដ្ឋាភិបាល និងសភា។ នៅក្នុងឱកាសនេះផងដែរ គណៈប្រតិភូ ICAPP ក៏បានធ្វើទស្សនកិច្ច នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​ទីតាំង នៃ​មហាសន្និបាត ICAPP លើកទី១២៕

សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះធនាគារ BIDV ដែលបានរួមចំណែកលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា

2023/12/12 05:18:31 pm        92
រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ក្នុងជំនួបនេះ លោក ផាន ឌុច ទូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ធនាគារ BIDV ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ហើយនៅក្នុងប្រទេសកម្ពុជា ធនាគារ BIDC ក៏មានសកម្មភាពអាជីវកម្មផ្សេងទៀត ក្រៅពីសេវាកម្មធនាគារ ដើម្បីគាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ។ លើសពីនេះ ធនាគារក៏បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យធនាគារ និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត ផងដែរ ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំរបស់ធនាគារ BIDV និងបានសម្តែងនូវការអរគុណចំពោះការបណ្តាក់ទុនវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយដែលក្នុងរយៈកាលកន្លងមកនេះ ធនាគារ BIDV បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពង្រីកវិសាលភាពនៃសេវាកម្ម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត។ ដោយឡែក សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមចំណែករបស់ធនាគារ BIDV នៅក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់នូវអាហារូបករណ៍សម្រាប់សិស្ស-និស្សិតកម្ពុជា ៕ ដោយ ៖ ដារា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ

2023/12/12 05:14:41 pm        104
វៀតណាម ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ក្នុងជំនួបនេះ លោក ជិន បា សឿង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមគ្នានេះ លោក ជិន បា សឿង ក៏បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេស ការដុះដំណាំហូបផ្លែ, ដំណាំឧស្សាហកម្ម, រោងចក្រកែច្នៃ និងការចិញ្ចឹមសត្វ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ ។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកអំពីវិធានការមុតស្រួចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ នៅក្នុងការធ្វើធុរកិច្ច ដោយសំដៅធ្វើយ៉ាងណាទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀត ទាំងប្រភពក្នុងស្រុក និងមកពីបរទេស ៕ ដោយ ៖ ដារា

សម្ដេចធិបតី៖រាជរដ្ឋាភិបាលយកចិត្តទុកដាក់រាល់ការវិនិយោគទាំងថ្មី និងមានស្រាប់នៅកម្ពុជា

2023/12/12 03:49:14 pm        109
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនផ្តោតតែទៅលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា។ ​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងសហការី ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសវៀតណាម ។ក្នុងជំនួបនេះ លោក ជិន កុងខា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន នៅក្នុងការវិនិយោគដំណាំកៅស៊ូនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាម្ព័ន្ធនានា ជាអាទិ៍ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្លូវថ្នល់ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញឧស្សាហកម្មកៅស៊ូ ផងដែរ។ លើសពីនេះ លោក ជិន កុងខា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានបង្កលក្ខណៈងាយស្រួលដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈកាលកន្លងមកនេះ រហូតក្រុមហ៊ុនមានការរីកចម្រើន និងមានលទ្ធភាពចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន VRG និងបានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការនាំចូលនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងផ្នែកកសិ-ឧស្សាហកម្ម ដែលបានជួយផងដែរដល់ការលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យនេះ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់នូវកិច្ចគាំពារនានាដែលចាំបាច់ ពីព្រោះរាជរដ្ឋាភិបាលមិនផ្តោតតែទៅលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា ផងដែរ ។ មួយវិញទៀត សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការនៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ ៕ ដោយ ៖ ដារា

សម្តេចធិបតី៖ជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាបជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាមដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ

2023/12/12 02:56:43 pm        164
ភ្នំពេញ ៖នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។​ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ។ លើសពីនេះ លោក ង្វៀន ថាញ់ ហ៊ុង ក៏បានសម្តែងនូវសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះប្រទេសកម្ពុជា នឹងកាន់តែមានការរីកចម្រើងរុងរឿងប្រកបដោយវិបុលភាពជាក់ជាមិនខាន ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ និងបានសម្តែងនូវការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូ ២០២៣ ឆាប់ៗខាងមុខ ដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការផ្តល់នូវកិច្ចគាំទ្រសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ៕ ដោយ ៖ ដារា

ប្រធានរដ្ឋវៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីកម្ពុជានឹងបន្តការអភិវឌ្ឍ​កាន់តែខ្លាំងក្លា

2023/12/12 10:05:16 am        163
រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង​ (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ជាកិច្ចចាប់​ផ្តើម ឯកឧត្តម វ៉ វ៉ាន់ធឿង បានសម្តែងនូវកិច្ចស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូ​វ​ការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយ​នឹង​ក្តីសោ​មនស្ស​រីករាយដែលបានជួប សម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពី​ជំនួប​នៅ​ក្នុង​វេទិកា​គំនិត​ផ្តួ​ច​ផ្តើម​ខ្សែក្រ​វ៉ាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះ សម្តេច​ធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើក​ទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយ​នេះ​ពិត​បាន​បង្ហាញយ៉ាងមុតមាំអំពីជំនឿទុកចិត្តរបស់គណបក្សមកលើសមត្ថភាពនៃការដឹកនាំរបស់ សម្តេច​ធិបតី ។ ដោយ​ឡែក ឯកឧត្តមប្រធានរដ្ឋ ក៏​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ ដែលបាន​ឆ្លុះប​ញ្ចាំង​យ៉ាង​ច្បាស់​អំពី​ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុង​ស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជន ទាំងពីរ ។ លើសពីនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង ក៏បានបង្ហាញនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជា​នឹ​ង​បន្ត​ការ​អភិវឌ្ឍ​របស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋ និងបញ្ជាក់ផងដែរថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុង​តំបន់​អាស៊ាន​ដែលសម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បី​លើក​កម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ក្នុង​ជំនួបនេះ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម អំពី​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​នៃកិច្ចប្រជុំពិភាក្សាជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេស​ការ​បង្កើត​នូវ​យន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម “កញ្ចប់​ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)​” ជាដើម ។ជាចុងបញ្ចប់ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ និងការ​គាំទ្រ​ចំពោះ​លទ្ធផល​នៃ​ជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ និងបានផ្តាំ​ផ្ញើ​នូវ​ការ​សាកសួរ​សុខ​ទុក្ខ​ថ្វាយ​អង្គ​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រម​ទាំងជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា ព្រមជា​មួយ​នឹង​ការ​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម នឹងរង់ចាំស្វាគមន៍​ជា​និច្ច​នូវ​ព្រះរាជ​ដំណើរ​យាង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រប​ស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង​ពេល​ខាង​មុខ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា​ឈរលើនិរន្តភាព និងសង្គតិភាព

2023/12/12 09:52:02 am        149
រដ្ឋធានីហាណូយ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​គូស​បញ្ជាក់​ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឈរលើនិរន្តភាព និង​សង្គតិ​ភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត និងអង្គនីតិប្រតិបត្តិ ក៏​ដូច​ជា​ទំនាក់​ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើ​យ៉ាង​ណាធា​នា​បាន​នូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក សម្រាប់ប្រជាជាតិទាំងពីរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធាន​រដ្ឋសភានៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល​ ២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋ​សង្គម​និយម​វៀតណាម​។ជាកិច្ចចាប់ផ្តើម ឯកឧត្តម វឿង ឌិញហ្វេ បានសម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយ​នឹង​ការ​ចូល​រួម​អបអរ​សាទរ​ចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏ដូចជាការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​សន្ធឹក​សន្ធាប់ ដូចដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេចធិបតី នាឱកាសនេះ គឺពិតជា​បាន​ចូលរួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជាប្រពៃណីកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមម្លប់ដ៏ត្រជាក់​របស់​អង្គ​ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខ ហើយ​នឹង​ឈាន​ទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ដោយឡែក ឯកឧត្តម វឿង ឌិញហ្វេ ក៏បានរំឭកអំពីអនុស្សាវរីយ៍ល្អៗ ដែលរូបឯកឧត្តម ទទួល​បាន​ពី​ការចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជា បាន​ធ្វើ​ជាម្ចាស់ផ្ទះ ព្រមជាមួយនឹងឱកាសនៃជំនួបសម្តែងការគួរសមជាមួយនឹង សម្តេចតេជោ ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅផងដែរ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍ និងបាន​គូស​រំលេច​អំពី​ទំនាក់ទំនងដ៏យូរអង្វែង និងជាលក្ខណៈប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាល​នៃ​ចំណង​ការ​ទូតប្រមាណ ៥៦ ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បាននាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខពីសំណាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជូនចំពោះ ឯកឧត្តម ប្រធាន​រដ្ឋសភា​វៀតណាម និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋសភាវៀតណាម ដែល​បាន​ផ្តល់​ការ​ជួយ​ឧបត្ថម្ភដល់រដ្ឋសភាកម្ពុជា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុន Viettel ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

2023/12/12 09:30:39 am        124
រដ្ឋធានីហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម ក្នុងឱកាស នៃ​ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម ។ក្នុង​ជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​សម្តែង​នូវ​ការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវ​បាន​អង្គ​សន្និបាត​គណៈកម្មាធិការ​កណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុ​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។ លោកប្រធាន​អគ្គនាយកក្រុមហ៊ុន Viettel បានជម្រាបជូនសម្តេចធិបតី អំពីការអភិវឌ្ឍ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​នៅ​វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងបានអរគុណ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងការ​សម្រប​សម្រួល​បង្ក​លក្ខណៈ​ដល់​ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន Viettel ដែលទទួល​បាន​ជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា និង​បាន​អរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំង​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍តាមរយៈក្រុមហ៊ុនមិត្តហ្វូន (Metfone) ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏​បានកត់សម្គាល់ផងដែរ អំពីការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុននៅក្នុងការងារសង្គម និង​មនុស្ស​ធម៌ នៅក្នុងប្រទេសកម្ពុជា និងបានលើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត ទាំងនៅក្នុងវិស័យទូរគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM