សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ

2026/05/02 03:45:28 pm        235
នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺសរុបចំនួន៩៦២នាក់ ដែល​ពិធី​នេះបា​ន​ប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។  យោងតាមរបាយការណ៍របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោម​ដំបូលសុខសន្តិភាព ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ទេសចរណ៍ និងវិនិយោគ ដោយមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ឧស្សាហកម្មកាត់ដេរ និង​ផលិតកម្មសត្វជាដើម។ ទាក់ទងវិស័យឧស្សាហកម្មកាលពីឆ្នាំ២០២៥​កន្លង​ទៅ​គឺ​ទទួល​បាន​គម្រោងវិនិយោគក្រោម៥​លានដុល្លារចំនួន ១២៦គម្រោង ហើយគិតត្រឹមខែមេសា ឆ្នាំ​២០២៦​នេះ ​ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង​វិនិ​យោគ​ក្រោម៥លានដុល្លារ ចំនួន៣៥​គម្រោង​បន្ថែម​ទៀត​។  ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅ​នៃ​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏​ដូច​ជា​ពង្រឹង​គណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូច​ជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ឱ្យកា​ន់​តែ​ជិត​ស្និទ្ធ​ជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។  មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបាន​វិល​មក​ជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ​អង្គ​ភាព​នានា​ក្នុង​ខេត្តកំពង់ស្ពឺនេះសាជាថ្មី។ សម្តេចបន្តថា កំពង់ស្ពឺគឺជាខេត្តទី៣ហើយ ដែលសម្ដេច​បាន​កំណត់​ជា​គោលដៅក្នុងការចុះជួបមន្ត្រីរាជការ។  ពីខេត្តកំពង់ស្ពឺ នៅថ្ងៃនេះសម្ដេចតេជោបានប្រកាសសាងសង់អគារសាលប្រជុំដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បម្រើដល់ការប្រជុំផ្សេងៗ ដែលនឹងត្រូវសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោបានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ដ៏សកម្ម ដែល​នាំ​ឱ្យ​កម្ពុជា​បញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះ គឺខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់​ដែល​​បានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជា​ពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោក៏បានគាំទ្រចំពោះការដាក់ចេញនូវវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីចំពោះវិធានការយកក្មេងទំនើងទៅបម្រើការងារជីកលេណដ្ឋាននៅតាមព្រំដែន ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសាគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​

2026/05/01 04:12:36 pm        278
ព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ​ព្រះ​មហា​ក្សត្រ ​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ មានភាពប្រសើរជាបណ្តើរៗហើយ​ ក្រុម​គ្រូ​ពេទ្យ​​​​ព្រះ​បរមរា​ជា​នុញ្ញាត​ថ្វាយ​ព្រះអង្គ​យាង​​ចេញ​​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ និង​សូមព្រះអង្គ​បន្ត​​គង់​​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន។ នេះបើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងព្រះបរមរាជវាំងចេញផ្សាយនៅថ្ងៃទី១ឧសភានេះ។ក្រសួងព្រះបរមរាជវាំងបានឲ្យដឹងថា ក្រោយ​ពី​ទទួល​បាន​ការ​ព្យាបាល​ព្រះរោគ​ដោយ​ការ​វះ​កាត់​អស់​រយៈ​ពេល​ពីរ​សប្តាហ៍កន្លងមកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ព្រះអង្គបានគង់ប្រថាប់ដើម្បីពិនិត្យ និងថែ​ទាំព្រះ​រាជ​សុខ​ភាព​ក្រោម​ការ​ពិនិត្យ​តាម​ដាន​ថែ​ទាំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ ជាទីបំផុត ពីថ្នាក់ដឹកនាំ លោក លោកស្រី​សាស្ត្រា​ចារ្យ ​វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យប៉េកាំង ​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន។បច្ចុប្បន្ននេះយោងលើវេជ្ជបញ្ញារបស់ក្រុមគ្រូពេទ្យ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើ​ត្បូង​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរជាបណ្តើរៗ។ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ ប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាំទីគោរពសក្ការៈដ៏ ខ្ពង់​ខ្ពស់​បំផុត ស្តេចយាងចេញពីមន្ទីរពេទ្យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ និង​សូម​ព្រះ​អង្គ​បន្ត​គង់ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង និងយាងទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បី​ពិនិត្យ​តាម​ដាន ថ្វាយព្រះឱសថ និងថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត។ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះ​វររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសូមថ្លែងអំណរ ព្រះ​គុណ ​និងអរគុណ ថ្វាយ-ប្រគេនសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង​ជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំង​បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូម​ឱ្យ​ព្រះអង្គ ​បានឆាប់ជាសះស្បើយពីព្រះរោគាពាធ និងសូមឆាប់បាន​យាង​និវត្ត​មក​កាន់​មាតុ​ប្រទេស​វិញ ប្រកបដោយព្រះបរមសុខក្សេមក្សាន្តជារៀងរហូតតទៅ៕

សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា

2026/05/01 12:36:58 am        175
សម្តេចតេជោ ហ៊ុន សែន ចាត់ទុក ឯកឧត្តម ផាម វ៉ាន់ចា (Pham Van Tra) អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជា អតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមិត្តចាស់របស់កម្ពុជា។នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលសម្ដេចបានជួបជាមួយនឹង ឯកឧត្តម Pham Van Tra ។ សម្ដេចបានចាត់ទុកឯកឧត្តមគឺជាមិត្តចាស់របស់កម្ពុជា ជាពិសេសឯកឧត្តមបានចូលរួមចំណែកកន្លងមកក្នុងបេសកកម្មរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងអនុស្សាវរីយ៍ជាច្រើន។ ក្នុងឱកាសនោះ ឯកឧត្តម Pham Van Tra បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសាជាថ្មី បន្ទាប់ពីបែកគ្នាអស់រយៈពេល១០ឆ្នាំ មកហើយ។ ឯកឧត្តមបានលើកឡើងថា ដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺមានពីរសំខាន់៖ទី១. គឺថាចង់មកជួបសួរសុខទុក្ខសម្ដេចតេជោតែម្ដងដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមកនិងធ្លាប់ធ្វើកិច្ចការងារដ៏ច្រើនជាមួយគ្នា ទី២. ឯកឧត្តមចង់មើលនូវទីតាំងមួយចំនួនដែលជាអនុស្សាវរីយ៍ដែលឯកឧត្តមធ្លាប់សហការជាមួយនឹងកម្ពុជានៅក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។  នាឱកាសនេះ សម្ដេចតេជោ ក៏បានអញ្ជើញ ឯកឧត្តម Pham Van Tra ទទួលទានអាហារថ្ងៃត្រង់មួយពេលក្នុងបរិយាកាសរីករាយ៕

សម្ដេចតេជោ និង អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាពីបញ្ហាប្រឈមសកលបច្ចុប្បន្ន

2026/05/01 12:01:17 am        139
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុ និង លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាអំពីបញ្ហាប្រឈមសំខាន់របស់សាកលលោកបច្ចុប្បន្ន។ ការពិភាក្សានេះ ធ្វើឡើង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះនេះ ក្នុងឱកាស ជាសម្តេចតេជោ បានអនុញ្ញាតឱ្យ លោកជំទាវ ជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម។ឯកឧត្តមជា ធី រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងសហការីនៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកជំទាវអ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងញ៉ាំងនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិឱ្យកាន់តែរីកចម្រើនរឹងមាំបន្តទៀត។ សម្ដេចតេជោក៏អរគុណចំពោះអង្គការសហប្រជាជាតិដែលបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។ នាឱកាសនោះ លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ លោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកជំទាវបានលើកឡើងថា កម្ពុជា និងអង្គការសហប្រជាជាតិមានទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំជាមួយគ្នានៅពេលកន្លងមក។ លោកជំទាវ បានបញ្ជាក់នូវចំពោះមុខ សម្ដេចតេជោ ថា អង្គការសហប្រជាជាតិគឺរង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ នៅក្នុងនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ហើយសម្ដេចក៏បានពិភាក្សាជាមួយជាមួយលោកជំទាវ ដោយផ្ដោតទៅលើបញ្ហាពាក់ព័ន្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ហើយទាំងសម្ដេចតេជោ និងលោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈបមួយចំនួនដែលប្រទេសនានានៅលើពិភពលោក ដែលជាសមាជិករបស់អង្គការសហប្រជាជាតិកំពុងជួបប្រទះ។ សម្រាប់ សម្ដេចតេជោ គឺដាក់ជាសំណួរថា តើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០៣០នេះ នឹងសម្រេចបានដូចនូវការគ្រោងទុកឬក៏យ៉ាងណា? ។ ភាគីទាំងពីរបានផ្លាស់ប្ដូរនូវយោបល់គ្នាជុំវិញរឿងនេះ បន្ថែមពីលើនេះ សម្ដេចតេជោ និងលោកជំទាវ ក៏បានពិភាក្សាទៅលើបញ្ហាប្រឈមនាពីបច្ចុប្បន្ន ជាពិសេសគឺបញ្ហាសន្តិសុខថាមពលដែលកំពុងកើតមានឡើង ជាពិសេសពាក់ព័ន្ធទៅនឹងប្រេងឡើងថ្លៃដែលជាកង្វល់មួយសម្រាប់សមាជិករបស់អង្គការសហប្រជាជាតិ ហើយក្នុងនោះក៏មានកម្ពុជាយើងមួយដែរ។ បន្ថែមពីលើនេះសម្ដេចតេជោក៏បានលើកឡើងជាមួយនឹងលោកជំទាវ អំពីការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សានូវសន្តិភាពរបស់ពិភពលោក តាមរយៈការបញ្ជូននូវកងទ័ពមួកខៀវរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសមួយចំនួនក្រោមឆត្រអង្គការសហប្រជាជាតិក្នុងការចូលរួមចំណែកនូវការការពារសន្តិភាពរបស់ពិភពលោកដែលមានប្រមាណ ១ម៉ឺននាក់កន្លងមកនេះដែលជាការរួមចំណែកមួយដ៏ធំ។ លោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្ដែងនូវការអរគុណយ៉ាងខ្លាំង និងសរសើរចំពោះកម្ពុជាដែលបានបញ្ជូនកងទ័ពរបស់ខ្លួនក្នុងបុព្វហេតុនៃការការពារនូវសន្តិភាពរបស់ពិភពលោក ដែលជាចំណុចមួយដែលកម្ពុជាបានធ្វើនៅពេលកន្លងមក។ បន្ថែមពីលើនេះសម្ដេចតេជោ និងលោកជំទាវ ក៏បានពិភាក្សាទៅលើបញ្ហានៃការបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាកង្វល់រួមរបស់ពិភពលោកទាំងមូល ដែលតម្រូវឱ្យអង្គការសហប្រជាជាតិក៏ដូចជាប្រទេសជាសមាជិកនឹងរួមគ្នាគិតគូរអំពីបញ្ហានៃការបម្រែបម្រួលអាកាសធាតុនេះ។ ចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងសហការីទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជា៕

សម្ដេចតេជោប្រាប់យូណេស្កូថា សម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានរងគ្រោះ ពិសេស ប្រាសាទព្រះវិហារ

2026/04/30 10:38:11 pm        132
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូថា សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ ការបង្ហាញនេះ ធ្វើឡើងក្នុងឱកាស សម្តេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះអង្គការ យូណេស្កូ ដែលបានចូលរួមចំណែកជួយដល់កម្ពុជានៅពេលកន្លងមក។ សម្ដេចសង្ឃឹមថា ក្នុងបេសកកម្មរបស់ឯកឧត្តមតំណាងអង្គការយូណេស្កូ នៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូ កាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម Flavio Bonetti បានសម្ដែងនូវការអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងនូវទំនាក់ទំនងរវាងកម្ពុជា និង UNESCO ថា ជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ ឯកឧត្តមបានបញ្ជាក់ថា អង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។នាឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមតំណាងអង្គការយូណេស្កូ សុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃ ហើយ សម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថា សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។  ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយ និងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញ ជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយឯកឧត្តមបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ឯកឧត្តម Flavio Bonetti ហើយក៏បានពិភាក្សាជាមួយឯកឧត្តមទាក់ទងទៅនឹងកត្តាសំខាន់ៗមួយចំនួនដែល UNESCO បានយកចិត្តទៅដាក់ក្នុងការជួយកន្លងមក។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងឱ្យបន្តនូវការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងនោះសម្ដេចលើកឡើងអំពីវិស័យអប់រំនៅកម្ពុជា ដោយសម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកម្ពុជាខ្លាំង ត្រូវតែមានមូលធនមនុស្ស គឺធនធានមនុស្សខ្លាំងហើយមូលធនមនុស្សនោះឯងដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីការវិវត្តនៃវិស័យអប់រំកម្ពុជាចាប់តាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះដែលយើងបានរីកចម្រើនក្នុងស្ថានភាពមួយល្អជាបន្តបន្ទាប់ ក្នុងនោះសម្ដេចក៏បានលើកឡើងអំពីការចូលរួមរបស់ UNESCO ក្នុងការអភិរក្ស និងបន្តជួយគាំទ្របន្ថែមទៀតក្នុងការការពារនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាហើយ និងបន្តដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌទាំងនោះចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។ ឯកឧត្តមតំណាងអង្គការយូណេស្កូក៏បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេចតេជោ ជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យអប់រំ។ បានលើកឡើងថា UNESCO គាំទ្រពេញទំហឹងក្នុងការសហការជាមួយនឹងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាល ជាពិសេសក្រសួងអប់រំក្នុងការពង្រឹងបន្ថែមទៀតនៅក្នុងវិស័យអប់រំកម្ពុជា។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានលើកឡើងអំពីការបន្តការគាំទ្រចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបី និងអរូបី ហើយនិងបន្តជួយដល់កម្ពុជាក្នុងការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌដទៃទៀតទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមតំណាងអង្គការយូណេស្កូ បានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ៕

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ

2026/04/26 12:00:28 am        183
កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្រើនរំលឹកដល់មន្ត្រីទាំងអស់នៅមូលដ្ឋានយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ដោយបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព លុបបំបាត់សកម្មភាពអាណាធិបតេយ្យ និងបទល្មើសផ្សេងៗ ពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ។ ប្រសាសន៍ក្រើនរំលឹករបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ចំនួន១១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ។សម្តេចតេជោ មានប្រសាសន៍ថា ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ខិតខំលុបបំបាត់សកម្មភាពអាណាធិបតេយ្យ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀនជាពិសេសបង្ក្រាបអោយខានតែបាននូវការឆបោកតាមប្រព័ន្ធអនឡាញ។ សម្តេចបន្តថា ខេត្តនីមួយៗ ស្រុកនិមួយៗ ឃុំនីមួយៗ ភូមិនិមួយៗ ត្រូវធ្វើការងារនេះអោយជាប់ជាប្រចាំ ។ ទោះដោយតម្លៃណាក៏ដោយ ត្រូវបង្ក្រាបករណីបទល្មើសអនឡាញកុំអោយងើបឡើងវិញអោយសោះ ត្រូវបោសសំអាត និងលុបបំបាត់អោយអស់ពីកម្ពុជាព្រោះវាគ្រោះថ្នាក់ដល់ជាតិ និងខូចកិត្តិយសជាតិ។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានក្រើនរំលឹកដល់មន្ត្រីខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ ខិតខំកាត់បន្ថយឬលុបបំបាត់ការថ្នាំងថ្នាក់របស់ប្រជាជន។សម្តេចតេជោបានណែនាំដល់ មេឃុំ ជំទប់​ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលនៅជិតជាមួយប្រជាជនត្រូវធ្វើការងារអោយបានល្អ គ្រប់ផ្នែកក៏ដូចគ្នាគឺពង្រឹងសេវាសាធារណៈ ជម្រុញល្បឿនអោយលឿនផ្តល់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោក្រើនរលឹកថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ត្រូវចាត់ទុកថាខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន​។ ការផ្តល់សេវាសាធារណៈនៅតែជាបញ្ហាសំខាន់ សូមបន្តខិតខំធ្វើ និងបម្រើដល់ប្រជាពលរដ្ឋអោយបានល្អ ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន៕ ដោយ ៖ ពៅ រក្សា  

សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន

2026/04/25 11:56:33 pm        171
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់មន្ត្រីថ្នាក់ដឹកនាំខេត្តកំពង់ចាម យកចិត្តទុកដាក់គ្រប់គ្រង និងមើលថែទាំដល់អតីតយុទ្ធជន និងនិវត្តជនដែលមាននៅក្នុងមូលដ្ឋាន។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ចំនួន១១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ។សម្តេចតេជោ មានប្រសាសន៍រលឹកថា ឆ្នាំកន្លងទៅយើងបានច្របាច់បញ្ចូលគ្នា ដោយសារយើងមានសមាគមអតីតយុទ្ធជន ប៉ុន្តែយើងមិនមានសមាគមអតីតនិវត្តជននោះទេ ទើបបានជាយើងធ្វើមហាសន្និបាតមួយរៀបចំបញ្ចូលរវាងយុទ្ធជន និងនិវត្តជន។ សម្តេចតេជោបញ្ជាក់ថា «សូមកុំភ្លេចថាអតីតយុទ្ធជន និងនិវត្តជនត្រូវជួយពួកគាត់ ត្រូវមើលថែពួកគាត់ និងផ្តល់កិត្តិយសដល់ពួកគាត់។ ថ្ងៃបុណ្យថ្ងៃទាន ដូចជា៧មករាជាដើម អញ្ជើញពួកគាត់មកចូលរួមក្នុងឋានៈជាចាស់ទុំ ហើយជួនកាល១ឆ្នាំអាចចំណាយពេលធ្វើកម្មវិធីជួបពួកគាត់ម្តង ឬអញ្ជើញពួកគាត់មកសំណេះសំណាល ដែលពួកគាត់នោះហើយជាអ្នកដឹកដៃពួកយើងជំនាន់ក្រោយនេះ.....»។ សម្តេចតេជោបន្តថា «ពិតមែនតែពួកគាត់មិនឡើងថ្នាក់ធំដូចយើង ប៉ុន្តែកុំភ្លេចសិស្សសាលាខ្លះបង្អាប់គ្រូខ្លួនឯង មើលងាយគ្រូ តែមិនដឹងថាតម្លៃនៃគ្រូបង្រៀនថ្នាក់បឋមទើបអាចអោយយើងអាចទទួលបានបរិញ្ញាបត្រ។ ដូចគ្នានេះដែរមានមន្ត្រីជាន់មុនទោះសមត្ថភាព កម្រិតវប្បធម៌ទាប ប៉ុន្តែពួកគាត់នោះហើយដែលជារបាំងការពារក្នុងដំណាក់កាលសង្គ្រាម មានអាសន្នអន់ក្រ ទឹកជំនន់រាំងស្ងួតជាដើម ទើបបានយើងធ្វើសុខដុមនីយកម្ម​នៃស្ថានភាពចម្រុះ រវាងក្មេង ចាស់ ហើយជីវភាពពួកគាត់ខ្លះ មិនខ្សត់ខ្សោយពេកទេ តែយើងអាចយកយោបល់ពីពួកគាត់ ឬរៀបចំការជួបជុំណាមួយជាមួយពួកគាត់....»។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិកនៃសមាគម ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌនៃអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើដំណើររួមគ្នា​៕ អត្ថបទ៖ ពៅ រក្សា

សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម

2026/04/25 08:36:23 pm        187
កំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងសាលាខេត្តកំពង់ចាម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ អ្វីដែលជាគោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ចាមនេះសាជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចតេជោក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំភ្លេចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។ សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន។នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ចាម ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់៕

កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

2026/04/24 10:03:59 pm        372
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក និង ពង្រឹងបន្ថែមទៀត។  ជាការឆ្លើយតបសម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល, ក៏ដូចជា ការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី បានលើកពីកាលានុវត្តភាព និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ពាក់ព័ន្ធនឹងវិស័យថាមពលនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់អំពីបទពិសោធន៍ និងភាពខ្លាំងរបស់លីទុយអានី ដែលបានអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ និងមានការរីកចម្រើនដូចសព្វថ្ងៃ។ ចំពោះកម្ពុជា, សម្តេចធិបតីបានគូសរំលេចពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ វិស័យថាមពល ដែលមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការប្រើប្រាស់ថាមពលស្អាតរហូតដល់ ៦២% និងមានគោលដៅបង្កើន ឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ, យន្តការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលឱ្យមានសន្ទុះខ្លាំងក្លា និងប្រកបដោយចីរភាព។ ក្នុងន័យនេះ សម្តេចធិបតីបានគូសរំលេចថា កម្ពុជា និងលីទុយអានី មានកាលានុវត្តភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យថាមពល។សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោក ដោយបានបង្ហាញនូវការយល់ស្របគ្នាចំពោះសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ការដោះស្រាយជម្លោះដោយសន្តិវិធី និងការមិនប្រេីប្រាស់កម្លាំង។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការគាំទ្រ និងគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន និងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ ដែលជំហរនេះក៏ស្របទៅនឹងជំហររបស់សាធារណរដ្ឋលីទុយអានី ផងដែរ៕

សម្តេចធិបតី បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ

2026/04/24 07:44:27 pm        263
ភ្នំពេញ៖ នៅ​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តដាក់បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដោយគ្មានបង្អង់ដៃឡើយ។ក្នុងឱកាសនោះ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និង​កង​កម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (Online Scam) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។ទន្ទឹម​នឹង​នេះ សម្តេច ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំង​ពាក់​ព័ន្ធ​ទាំង​អស់​បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។សម្តេចធិបតីបានបញ្ជាក់ថា «ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមាន​ប្រសិទ្ធ​ភាព​ដោយ​មិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺ​មិន​បញ្ឈប់​ត្រឹម​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ»។សូមជម្រាបថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទើបតែប្រកាសដាក់ឱ្យអនុវត្ត «ច្បាប់​ស្តីពី​ការ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីពេលថ្មីៗនេះ ក្រោយច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ករណី​បន្ទាន់​ដែល​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ប្រតិបត្តិ​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការប្រឆាំង Online Scam។ច្បាប់នេះ​មាន​គោលដៅសំខាន់ គឺលើកកម្ពស់ប្រសិទ្ធិភាពនៃការប្រឆាំង Online Scam ដោយ​រួម​ទាំង​ការ​គាំទ្រ​ទៅ​ដល់​ប្រតិបត្តិការ​នៃ​ការ​បោស​សម្អាត​ដែល​កំពុង​អនុវត្តន៍​ក្នុង​ទ្រង់​ទ្រាយ​ជា​យុទ្ធនា​ការ​ទូទាំង​ប្រទេសនាពេលបច្ចុប្បន្ន និងធានាថាដើម្បីរួមចំណែកក្នុងការធ្វើឱ្យច្បាស់លាស់ថា ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញទេក្រោយពីយុទ្ធនា​ការ​នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM
[UPDATE] ការផ្ទុះនៅផ្សារទំនើបក្នុង​ខេត្ត Kumamoto របស់​ជប៉ុន ធ្វើ​ឱ្យមនុស្សជាប់ក្នុង​នោះ​ ក្រោយ​មាន​រញ្ជួយដី​ខ្លាំង​
07/28/2026 06:07 PM
ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
07/28/2026 05:07 PM
[BREAKING NEWS] មនុស្សជាប់នៅ​ក្នុងផ្សារទំនើប ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពីមាន​រញ្ជួយដី
07/28/2026 05:07 PM