សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានសំខាន់ៗ

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៩លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់វិស័យដីធ្លី

2023/10/26 09:59:55 pm        686
នៅថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៩,៧លានដុល្លារ ដើម្បី​ពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង​សេវា​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ដីធ្លី​នៅ​កម្ពុជា។ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះធ្វើឡើង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ តាមរយៈ​ពិធី​ចុះហត្ថ​លេខា​រវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បន្តថា រាល់ជំនួយជប៉ុនគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីន ជា​ដើម​។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា នេះឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការ​រួម​ចំណែក​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។គោលបំណង នៃគម្រោងផ្តល់ហិរញ្ញប្បទាននេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រម​ទាំង​ពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈ​ការ​ដំឡើង​ស្ថានីយ​វាស់​វែង​អចិន្រ្តៃយ៍​ដោយ​ផ្កាយរណប ដើម្បីរួមចំណែក​ដល់​ការ​លើក​កម្ពស់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​។លើសពីនេះ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ចាត់ទុកកាយវិការដ៏សប្បុរសនេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥតងាករេរបស់ជប៉ុន ក្នុងការជួយដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្ត​បន្ទាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួម​ចំណែក​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” រវាង​ប្រទេស​ទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕ អត្ថបទ សេក ឧត្តមគម្រោងនេះមានគោលបំណងគការអង្កេតពស់វែងសុរិយោដើម និងពង្រឹងសេវារដ្ឋបាល ពាក់ព័ន្ធនិងការចុះបញ្ជីដីធ្លី, តារយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយដោយ ដើម្បីរួម ចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធ៣៣។ ខណៈដែលប្រទេសកម្ពុជាកំពុងមានការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងដីធ្លីយ៉ាងឆាប់រហ័ស ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍រំដោយផ្កាយ ដោយនៅទូទាំងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់។

គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ ផ្សេងទៀត ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នា

2023/10/25 06:01:55 pm        456
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ។​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។ គណបក្សទាំង ២៨ រួមមាន ៖១- គណបក្សប្រជាជនកម្ពុជា ២- គណបក្សខ្មែររួបរួមជាតិ, ៣- គណបក្សពន្លឺថ្មី ៤- គណបក្សសញ្ជាតិកម្ពុជា ៥- គណបក្សខ្មែរក្រោក ៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧- គណបក្សរស្មីខេមរា ៨- គណបក្សខ្មែរសាធារណរដ្ឋ ៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១០- គណបក្សយុវជនកម្ពុជា ១១- គណបក្សធម្មាធិបតេយ្យ ១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣- គណបក្សខ្មែរតែមួយ ១៤- គណបក្សឯកភាពជាតិខ្មែរ ១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦- គណបក្សកសិករ ១៧- គណបក្សស្ត្រីដើម្បីស្ត្រី ១៨- គណបក្សបំណងពលរដ្ឋ ១៩- គណបក្សខ្មែរអភិរក្ស ២០- គណបក្សមហាសាមគ្គីជាតិខ្មែរ ២១- គណបក្សនគរប្រជាធិបតេយ្យ ២២- គណបក្សអំណាចប្រជាពលរដ្ឋ ២៣- គណបក្សខ្មែរអង្គរ ២៤- គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ២៥- គណបក្សម៉ូលីណាកា ២៦- គណបក្សចលនាប្រជាធិបតេយ្យ ២៧- គណបក្សអភិវឌ្ឍន៍កម្ពុជា ២៨- គណបក្សមហានគរ។កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នានេះចំនួន ៨ចំណុចរួមមាន៖១- ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។២- ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។៣- ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។៤- រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។៥- សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ។៦- គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ច សហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំង គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែល ប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។៧- កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី ។៨- បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ៕

សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយដោយបណ្ដាគណបក្សនយោបាយចំនួន២៨ បាន​ចងសម្ព័ន្ធភាព​ជាមួយគ្នា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា

2023/10/25 04:43:37 pm        143
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសប្បាយរីករាយ ដោយ​បាន​ឃើញ​បណ្ដា​គណបក្ស​នយោបាយនៅកម្ពុជា ចំនួន២៧ ផ្សេងទៀត ដែលបាន​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។ សម្ដេចតេជោបន្តថា មាន​ជនមួយ​ក្រុម​កំពុង​នាំគ្នាចង់​មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះគណបក្សប្រជាជន និង​បណ្ដា​គណបក្ស​នយោបាយ​នៅកម្ពុជាចំនួន ២៧ ផ្សេងទៀត ត្រូវរួម​គ្នា​រក្សា​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​ឱ្យបាន។ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារ​ទៅ​កាន់​បរទេស​មួយ​ចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពនៃការបញ្ចេញមតិ និងចលនា​ក្នុង​ការ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​ក្រៅប្រព័ន្ធថា សព្វថ្ងៃនេះនៅ​កម្ពុជា​មាន​សេស​សល់​ក្រុម​ដែល​ធ្វើ​ចលនា​បដិវត្ត​ពណ៌​ដោយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចបញ្ជាក់​ទៅកាន់​ក្រុម​នេះ​ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ ពីព្រោះ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ណាមួ​យ​មក​ធ្វើចលនា​បំផ្លាញ​សន្ដិភាព​របស់​កម្ពុជា​បាន​ឡើយ​។

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា

2023/10/25 12:51:59 am        203
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្អែក នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ចំនួន ២៨ គណបក្ស នៅវិមាន ៧មករា។គណបក្សនយោបាយទាំង២៨ នោះរួមមាន៖១- គណបក្សប្រជាជនកម្ពុជា២- គណបក្សខ្មែររួបរួមជាតិ៣- គណបក្សពន្លឺថ្មី៤- គណបក្សសញ្ជាតិកម្ពុជា៥- គណបក្សខ្មែរក្រោក៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៧- គណបក្សរស្មីខេមរា ៨- គណបក្សខ្មែរសាធារណរដ្ឋ៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១០- គណបក្សយុវជនកម្ពុជា១១- គណបក្សធម្មាធិបតេយ្យ១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១៣- គណបក្សខ្មែរតែមួយ១៤- គណបក្សឯកភាពជាតិខ្មែរ១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ១៦- គណបក្សកសិករ១៧- គណបក្សស្ត្រីដើម្បីស្ត្រី១៨- គណបក្សបំណងពលរដ្ឋ១៩- គណបក្សខ្មែរអភិរក្ស២០- គណបក្សមហាសាមគ្គីជាតិខ្មែរ២១- គណបក្សនគរប្រជាធិបតេយ្យ២២- គណបក្សអំណាចប្រជាពលរដ្ឋ២៣- គណបក្សខ្មែរអង្គរ២៤- គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ២៥- គណបក្សម៉ូលីណាកា២៦- គណបក្សចលនាប្រជាធិបតេយ្យ២៧- គណបក្សអភិវឌ្ឍន៍កម្ពុជា២៨- គណបក្សមហានគរ។

ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាល​ជាមួយកម្មករនិយោជិតជាង ១ម៉ឺន២ពាន់នាក់នៅខេត្តកំពង់ចាម

2023/10/24 11:22:04 pm        194
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​កម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមាន​មូល​ដ្ឋាន​នៅ​ក្នុង​ស្រុក​ព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៧ រោងចក្រ​ដេរស្បែកជើង ចំនួន ៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងរោង​ចក្រ​តម្បាញ​ ចំនួន ១ ។សូមជម្រាបថា នេះគឺជាលើកទី៦ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចធិបតី ជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់រួមគ្នាគិតគូរខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ

2023/10/24 06:09:12 pm        162
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ទៅ​គ្រប់​ផ្នែកទាំងអស់ ត្រូវរួមគ្នាគិតគូរឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ លុបបំបាត់​ការ​ផលិត នាំចូល និងចែកចាយផលិតផលក្លែងក្លាយ និងខូចគុណភាព ។ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” នៅថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ ចំពោះ​សុវត្ថិភាព​ចំណី​អាហារ និងថ្នាំសង្កូវដែលជាចំណុចសំខាន់ណាស់ ព្រោះគ្មាន​នរណា​ម្នាក់​សុទ្ធ​តែ​ជា​អ្នក​ផ្គត់ផ្គង់ទាំងអស់ ដោយអ្នកផ្គត់ផ្គង់ក៏ជាអ្នកប្រើប្រាស់ ហើយពលរដ្ឋទាំងអស់ គឺសុ​ទ្ធតែ​ជា​អ្នក​ប្រើ​ប្រាស់ បរិភោគអាហារ និងលេបថ្នាំ ។សម្ដេចធិបតី បានបន្តថា ការចង់ឲ្យម្ហូបអាហារ ថ្នាំ មានសុវត្ថិភាព គឺជា​គោ​ល​ដៅ​គ្រប់​ភាគី​ទាំងអស់ ទាំងប្រជាពលរដ្ឋ អ្នកផ្គត់ផ្គង់ និងរាជរដ្ឋាភិបាលចង់បាន ប៉ុន្តែចំពោះការងារនេះ នៅ​មាន​ភាព​ចន្លោះ​ប្រហោង ដែលត្រូវនាំគ្នាពិនិត្យឡើងវិញ ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពាក់ព័ន្ធនឹងការងារសុវត្ថិភាពម្ហូបអាហារនេះ គឺត្រូវ​មាន​ការ​អប់​រំ​បណ្ដុះបណ្ដាល សម្រាប់វិស័យឯកជន ដែលពេលខ្លះពួកគេ ក៏ត្រូវកាជួយ​ពី​ខាង​វិស័យ​រដ្ឋ លើជំនួយបច្ចេកទេស ឬជំនួយផ្សេងៗ ដូចនេះក្រសួងសុខាភិបាល ត្រូវ​ធ្វើ​ការ​ជា​មួយ​គណៈសហគមន៍ និងជាមួយសមាគមទាំងនោះ ដើម្បីជួយដល់ពួកគេ ។នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា បានគូសបញ្ជាក់ថា អ្នកលក់ផលិតផលអនឡាញភាគច្រើន គឺនៅក្រៅ​ប្រព័ន្ធ ដែលកន្លងមកសម្ដេចប្រកាសគោលនយោយបាយជួយអ្នកក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធ ក៏​មាន​អ្នកលក់អាហារបំប៉ន និងលក់ទំនិញផ្សេងៗផងដែរ គឺពួកគេក៏ត្រូវការជួយ និងការតម្រង​ទិស ព្រោះរាជរដ្ឋាភិបាលត្រូវការវិស័យឯកជន ជួយស្រាវជ្រាវ និង​ផលិត​នូវ​ផលិត​ផល​ដែល​សម្បូរ​បែប​ មានគុណភាព និងមានតម្លៃសមរម្យ ។ពាក់ព័ន្ធចំណីអាហារសុវត្ថិភាព និងថ្នាំសង្កូវនេះ សម្ដេចធិបតី បានណែនាំទៅក្រសួងមហាផ្ទៃ ក្រសួង​ពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យ និងវាយតម្លៃ​ឡើង​វិញ​ពីយន្តការដែលមានស្រាប ហើយគិតគូរក្នុងក្របខណ្ឌ ក្នុងការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ​ មានប្រសិទ្ធភាព រួមគ្នាកុំឲ្យធ្វើដាច់ដោយដុំ ហើយជួយគ្នា និងត្រូវការចូលរួមពីវិស័យឯកជន ដោយ​រដ្ឋ​មិនមែនចាប់អាជីវករនោះទេ តែត្រូវជួយពង្រឹងវិស័យសុខាភិបាលទាំងអស់គ្នា៕  អត្ថបទ បាន សុខរិទ្ធិ

សម្តេចធិបតី៖ កុំខ្លាចមកទទួលសេវា ពេទ្យធំខ្នាតអន្តរជាតិ គឺសម្រាប់ពលរដ្ឋទាំងអស់

2023/10/24 05:48:05 pm        191
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​កម្ម​នៅ​មន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបើកសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្តេច​ចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់​អាច​ទៅ​កាន់​មន្ទីរពេទ្យតេជោសន្តិភាព។សម្តេចធិបតី៖ «បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែល​នឹង​ទទួល​ផល»​។ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» គឺជាការ​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​កម្មវិធីគោលនយោបាយអាទិភាពទី១ នៃគោលនយោបាយជាអាទិភាពទាំង ៦ របស់​រដ្ឋាភិបាល​អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺ «ការ​ពង្រីក​វិសាល​ភាព​មូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។សូមជម្រាបជូនថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយ​ក្រុមហ៊ុន​ ស៊ីជេអ៊ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែ​សរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នក​ជំងឺ​មាន​ចំនួន​សរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែ​សម្រាប់​បុគ្គលិក​ស្នាក់​នៅ​ចំនួន​២០៦​គ្រែ។មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុប​ចំនួន​៥២៧​គ្រែ,​ អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារ​បច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារ​ស្នាក់​នៅ​សម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួន​ច្បារ​ពណ៌​បៃតង​ទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕

តើកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ មានអ្វីខ្លះ?

2023/10/24 05:42:37 pm        458
កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម​ក្នុងឆ្នាំ២០២៣​នេះ រួមមាន៖កម្មវិធីទី១. ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយចាប់​ផ្តើម​ពី (១). ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺន​គ្រួសារ​ ស្មើនឹងសមាជិកសរុបជាង ១.៥ លាននាក់ តាមរយៈ​ការ​ប្រើប្រាស់​មូល​និធិ​សមធម៌​សុខាភិបាល​ (២). ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស ទាំងសម្រាប់កម្មករ-និយោជិត និង​សម្រាប់​មន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នក​នៅ​ក្នុង​បន្ទុក​ប្រមាណ​ជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើ​ឱ្យ​ប្រជាជន​ប្រមាណ ៧,៤ លាននាក់ មានលទ្ធភាពទទួល​បាន​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​សេវា​ថែទាំង​សុខភាព។កម្មវិធីទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណជាង ១,៥ លាននាក់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្មវិធីទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជន​ងាយ​រង​គ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រា​មាន​​គ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាម​ស្ថានភាព​ជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែល​នឹង​គ្រប​ដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣ លាននាក់។ កម្មវិធីទី៤. ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមាន​លទ្ធភាព​ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវ​ការ​តាមរយៈ (១). ការផ្តល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផល សម្រាប់​ធុរកិច្ច និងពាណិជ្ជកម្ម ព្រម​ជាមួយនឹ​ង​ការ​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជា​ជីវៈ​ដល់​ក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និង(២). ការផ្តល់ការ​គាំពារ​សង្គម​ដល់​បុគ្គល​ស្វ័យ​និយោជន៍ ក្នុងសេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​បឋម​លើ​ការ​ផ្តល់​សេវា​ថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។ កម្មវិធីទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក​ស្ទួយ​ផលិត​កម្ម​ រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈ​ការ​ដាក់​ចេញ​កញ្ចប់​ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភា​ជ​ថវិកា​បន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​ក្នុង​ការ​ទិញ​កសិផល​ពី​ប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។ កម្មវិធីទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារ​កសិក​រ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹង​យក​ចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ដើម្បី​រក្សា​កម្លាំង​រប​ស់​កសិករក្នុងការផលិត ក៏ដូចជា ការតថ្លៃជាមួយអ្នកទទួលទិញ៕

សម្ដេចធិបតី ចាត់ទុកវិសាលភាពទូទាំងប្រទេស នៃមូលនិធិសមធម៌សុខាភិបាលថា ជាការបែងចែកផលលាភដល់ដៃពលរដ្ឋ

2023/10/24 05:03:35 pm        63
ភ្នំពេញ៖ ពីវេទិកាអធីបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និង​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ​ការ​ពង្រីក​វិសាល​ភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២៣​នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញ​ក្ដីរីក​រាយ​ចំពោះ​វិសាលភាព នៃការអនុវត្តបានទូទាំងប្រទេស នូវ មូលនិធិសមធម៌​សម្រាប់​គ្រួសារ​ក្រីក្រ​។សម្ដេចបានរម្លឹកដោយទាញការកត់សម្គាល់ជូនអង្គពិធីថា«គ្រាន់តែក្នុងឆ្នាំ២០១៨ ដល់​ឆ្នាំ​២០២២ ប្រជាពលរដ្ឋដែលទទួលការគាំពារដោយមូលនិធិសមធម៌ និងបានប្រើប្រាស់សេវានេះ មាន​ជាង១៤លានករណី ក្នុងនោះមានសំរាកពេទ្យមានជា៨១ម៉ឺនករណី។ ខ្ញុំ​បាន​ចុះ​ទៅ​តាម​បណ្ដា​រាជធានី ខេត្តជាច្រើន ខ្ញុំជួបជាមួយលោកតា លោកយាយ អ៊ំ ពូមីង តាមខេត្ត កន្លែងខ្លះ ខ្ញុំ​សួរ​ទៅ គាត់ថាពេលឈឺ គាត់ទៅពេទ្យ គាត់មានបណ្ណសមធ៌ អត់ចេញលុយទេ ព្រោះ​មាន​បណ្ណ​សមធម៌ ឬបណ្ណក្រីក្រ»។ គួរកត់សម្គាល់ថានិធិសមធម៌សម្រាប់គ្រួសារក្រីក្រ បានចាប់ផ្ដើមអនុវត្តដំបូងនៅឆ្នាំ២០០០ ហើយ​បន្ត​ពង្រីកជាបន្តបន្ទាប់ដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរ​ពេទ្យ​បង្អែក​ទូទាំង​ប្រទេស​នា​ឆ្នាំ​២០១៥​។ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២៣​នេះ ថាមូលនិធិនេះ បានពង្រីកការគ្រប់ដណ្ដប់លើគោលដៅប្រជាជន ដោយ​កំណត់​តាមប្រព័ន្ធកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទុកជាមុនរបស់ក្រសួងផែនការ រួមមាន គ្រួសារក្រីក្រ ចំនួន៧៧៩ ៥១៤គ្រួសារ ស្មើនឹងជាង ៣លាន ២សែននាក់។សម្ដេចធិបតី បានចាត់ទុកវិសាលភាព នៃការ​អនុវត្ត​យន្តការ​នេះ​ថា​ជាផ្នែ​ក​មួយ​នៃ​ការ​បែង​ចែក​ផល​លាភ​ជូនដល់ដៃប្រជាពលរដ្ឋ និងចាត់​ទុកការងារ​នេះ​ជា​ការ​អាទិភាព​ដែល​ត្រូវ​ពង្រីក​បន្ត​ទៀត​៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»

2023/10/24 02:53:15 pm        936
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាព​មូលនិធិ​សមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលនេះជាកម្មវិធីទី១ នៃ​គោល​នយោបាយ​ជា​អាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ការកសាងមន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាស្នាដៃដ៏ឧត្តុង្គឧត្តម និង​ជា​គំនិត​ផ្តួច​ផ្តើម​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​​ជា​​សមិទ្ធផល​មាន​គុណតម្លៃដ៏ធំធេង​ក្នុង​វិស័យសុខាភិបាល​ដែល​ចារជាប្រវត្តិសាស្ត្រ នៃ​ការ​សាងសង់​មន្ទីរពេទ្យជាតិពហុឯកទស នៅកម្ពុជា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាជាតិ​ទាំង​មូល​​ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ​មានទីតាំងនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM