សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ
TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ចង់​ឱ្យ​មានសាកលវិទ្យាល័យនិងវិនិយោគិនពីចក្រភពអង់គ្លេស

2023/02/20 07:30:54 pm        197
ភ្នំពេញ ៖សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហាញ​ពី​បំណង​ចង់​ឲ្យ​មាន​សាកលវិទ្យាល័យ​របស់​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​ជា​មួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជំរុញ​វិនិយោគិន​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​កាន់​តែ​ច្រើន។នេះ​ជា​ការ​លើក​ឡើង​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ពេល​ដែល​សម្ដេច​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម Dominic Williams ឯក​អគ្គរាជ​ទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស ចូល​ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅវិមានសន្តិភាពនារសៀលថ្ងៃទី២០កុម្ភៈ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ជំនួប​នេះ​ ជាបឋម ឯកឧត្ដម Dominic បាន​គោរព​សុំ​ការ​អនុញ្ញាត​ពី​សម្ដេច​តេជោ​និយាយ​ជា​ភាសាខ្មែរ​ដើម្បី​សម្ដែង​នូវ​ការ​គោរព​ជូន​ចំពោះ​សម្ដេច​តេជោ​និង​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​មក​បំពេញ​បេសកកម្ម​ការ​ទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ឯកឧត្ដម​បាន​ជម្រាប​ជូន​សម្ដេច​តេជោ​ថា ៖ ឯកឧត្ដម​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ទស្សន​កិច្ច​នៅកម្ពុជាកាលពីឆ្នាំ២០១០ ។ នៅ​ពេលនេះ ឯកឧត្ដម​បាន​ឃើញ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា​ហើយ​ក៏​បាន​គោរព​សម្ដែង​នូវ​ការ​គោរព​លើ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​សម្ដេច​តេជោ​នោះ​ទី១.ក្នុង​ការ​នាំ​មក​ជូន​កម្ពុជា​នូវ​សុខ​សន្តិភាព​និង​ស្ថេរ​ភាព,ទី២ ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ បើក​ប្រទេស​និង​បើក​សេដ្ឋកិច្ច​ឡើង​វិញ​បាន​យ៉ាង​ជោគ​ជ័យ,ទី៣. គ្រប់​គ្រង​សេដ្ឋកិច្ច​កម្ពុជា​បាន​យ៉ាង​ល្អ,ទី៤.ដឹក​នាំកិច្ច​ប្រជុំកំ​ពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​និង​ទី៥. ការ​យក​ចិត្ត​ទុក​ដាក់​របស់​សម្ដេច លើ​ការ​ដោះមីន​និង​នាំ​កម្ពុជា​ទៅ​ជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥។ឯកឧត្ដម Dominic បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​បន្ថែម​ថា៖ មហិច្ឆតា​របស់​ឯកឧត្ដម​គឺ​នៅ​ពី​ក្រោយ​កម្ពុជា​ជួយ​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ ​អប់រំ ​ហិរញ្ញវត្ថុ ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​កើត​ឡើង​វិញ​បរិស្ថាន​និង​វិស័យ​ដទៃទៀត​ក្នុង​គោលដៅ​ពង្រីកពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំ​ងពីរ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​ខ្លាំង​ឡើង។សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​និង​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម Dominic ដែល​បាន​តែង​តាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។សម្ដេច​បាន​ថ្លែង​អំណរ​គុណ​ឯកឧត្ដម Dominic ចំពោះ​ពាក្យ​ពេចន៍​ដ៏​ល្អ​និង​ស្ងើច​សរសើរ​ឯកឧត្ដម​ដែល​បាន​និយាយ​ភាសាខ្មែរ​បាន​យ៉ាង​ច្បាស់​ល្អ​ហើយ​​សម្ដេច​ក៏​បា​ន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​បាន​ជួយ​កម្ពុជា​លើ​ការ​ដោះ​មីន​។សម្ដេច​តេជោ​បាន​បន្ត​ថា ៖កម្ពុជា​បាន​រង​នូវ​សោកនាដកម្ម​រយៈ​ពេល​ជាង៤០ ឆ្នាំ​មក​ហើយ​ដោយ​សារ​គ្រាប់មីន ហើយ​នៅ​ពេល​នេះ​កម្ពុជា​កំពុង​តែ​ប្រើ​ប្រាស់​ធនធាន​យ៉ាង​ច្រើន ជា​មួយ​នឹង​ធនធាន​របស់​សប្បុរសជន ​ក៏​ដូច​ជា​ដៃ​គូ ដើម្បី​ដោះ​មីន​ធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥។ឆ្លៀត​ឱកាស​នោះ​ដែរ សម្ដេច​ក៏​បាន​បញ្ជាក់ជូនឯកឧត្តម Dominic នូវ​បំណង​ចង់​ឲ្យ​មាន​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​ជា​មួយ​នឹង​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ជំរុញ​វិនិយោគិន​ពី​ចក្រអង់គ្លេស​មកកម្ពុជា​កាន់តែ​ច្រើន​ថែមទៀត។ជា​ទីបញ្ចប់​សម្ដេច​តេជោ​បានជូនពរឲ្យឯកឧត្តមDominic ឯកអគ្គរាជ​ទូត​ថ្មី​ចក្រ​ភព​អង់គ្លេស​បំពេញ​បេសកកម្មកា​ទូត​នៅ​កម្ពុជាបានទទួលជោគជ័យ៕

មនុស្ស​រាប់សិប​នាក់​ស្លាប់ ខណៈ​ព្យុះ​បង្ក​ជា​ទឹកជំនន់ និង​បំណាក់​ដី​វាយប្រហារ​ទីក្រុង​មួយចំនួន​នៅ​ប្រេ​ស៊ី​ល​

2023/02/20 03:02:31 pm        490
​ប្រេស៊ីល៖ ក្រុម​អាជ្ញាធរ​នៅក្នុង​រដ្ឋ Sao Paulo នៃ​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយថា មនុស្ស​យ៉ាង​ហោច​ណាស់ ​៣៦​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​ និង​បំណាក់​ដី​ដ៏​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឲ្យ​ទីក្រុង​មួយ​ចំនួន​លុបចោល​ការ​ប្រារព្ធ​ពិធីបុណ្យ Carnival ​ប្រចាំ​ឆ្នាំ​។ ​ក្រុម​មន្ត្រី​និយាយ​ថា ភ្លៀង​ធា្លក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ និង​បំណាក់​ដី​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Sao Paulo ភាគ​ខាង​ត្បូង​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​សម្លាប់​មនុស្ស ​៣៦​នាក់ ហើយ​ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ថែមទៀត។ រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា អ្នក​ស្លាប់​ចំនួន ​៣៥​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​រដ្ឋ​នេះ ហើយ​ជនរងគ្រោះ​ម្នាក់ទៀត​ត្រូវ​បាន​រាយការណ៍​ក្បែរ​ទីក្រុង Ubatuba​។ ​ក្រុម​អ្នក​សង្គ្រោះ​បន្ត​ស្វែងរក​ជនរងគ្រោះ ត​ភ្ជាប់​សហគមន៍​ដែល​ត្រូវ​បាន​ដាច់​ការទាក់ទង និង​សម្អាត​ផ្លូវ ហើយ​ផ្លូវ​មួយ​ចំនួន​នៅតែ​ត្រូវ​បាន​បិទ​នៅឡើយ បណ្ដាល​ឲ្យ​អ្នកទេសចរ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Carnival ជាប់​នៅ​ទីនោះ​។ ការ​ព្យាករណ៍​អាកាសធាតុ​បង្ហាញ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បន្ត​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ​របស់​រដ្ឋ Sao Paulo ដែល​ជំរុញ​ឲ្យ​អង្គភាព​ការពារ​ជន​ស៊ីវិល និង​ក្រុម​អ្នក​សង្គ្រោះ​មកពី​ផ្នែក​ពន្លត់​អគ្គិភ័យ​បង្ហាញ​ក្ដី​បារម្ភ​ថា​ អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ថែមទៀត​៕អត្ថបទ៖ សុខមាន

អាមេរិក​និយាយថា ចិន​អាច​ផ្តល់​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី

2023/02/20 02:28:54 pm        649
​អាមេរិក៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken បាន​និយាយថា លោក​បានបង្ហាញ​ពី​ការព្រួយបារម្ភ​របស់លោក​ទៅកាន់​អ្នកការទូត​កំពូល​របស់​ប្រទេស​ចិន អំពី​ការគាំទ្រ​ដែល​អាចធ្វើ​ទៅបាន​របស់​ទីក្រុង​ប៉េកាំង សម្រាប់​យោធា​រុស្ស៊ីក្នុងការ​វាយលុក​នៅ​អ៊ុយ​ក្រែ​ន​ដែល​នៅតែ​បន្ត​។​​លោក Blinken បាន​ជួប​ជាមួយ​លោក Wang Yi នៅ​ខាងក្រៅ​សន្និសីទ​សន្តិសុខ​នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ដែល​ជំនួប​នេះ​មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង​។​ ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ABC News កាល​ពី​ថ្ងៃអាទិត្យ លោក Blinken បាន​និយាយថា ប្រទេស​ចិន​បានផ្តល់​ការគាំទ្រ​ផ្នែក​នយោបាយ និង​ការទូត​ដល់​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​ប៉េកាំង​កំពុង​ពិចារណា​ផ្តល់​ការគាំទ្រ​ដល់​រុស្ស៊ី​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន​។​ ​លោក Blinken និយាយថា វា​ជាការ​សំខាន់​សម្រាប់​លោក​ក្នុងការ​ចែករំលែក​យ៉ាងច្បាស់​ជាមួយលោក Wang Yi ថា នេះ​នឹង​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​។ រដ្ឋាភិបាល​អាមេរិក​បានបង្ហាញ​ថា រុស្ស៊ី​កំពុង​ស្វែងរក​ជំនួយ​ផ្នែក​យោធា​ពី​ប្រទេស​ចិន​។ ជាក់ស្តែង​ទីក្រុង​វ៉ាស៊ីនតោនកំពុង​ព្រមាន​ថា ​ខ្លួន​នឹងមាន​ចំណាត់ការ ប្រសិនបើ​ទីក្រុង​ប៉េកាំង​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ទីក្រុង​មូ​ស្គូ​។​ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​សហរដ្ឋអាមេរិក​-​ចិន​មាន​ភាពមិនច្បាស់លាស់ ចាប់តាំងពី​ទីក្រុង​វ៉ាស៊ីន​តោន​បាន​និយាយ​ថា ប្រទេស​ចិន​បាន​បង្ហោះ​បា​ឡុង​ចារកម្ម​នៅលើ​ទ្វីបអាមេរិក មុនពេល​យន្តហោះ​ចម្បាំង​អាមេរិក​បាន​បាញ់​ទម្លាក់​តាម​ការបញ្ជា​រប​ស់​ប្រធានាធិបតី​លោក Joe Biden។ ជម្លោះ​ក៏បាន​កើតឡើង​នៅពេលដែល​ប្រទេស​លោកខាងលិច​ កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ការឆ្លើយតប​របស់​ក្រុង​ប៉េកាំង​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

អ្នក​នៅ​រស់​ពី​រញ្ជួយ​ដី​ពុះពារ​ការ​លំបាក​ ខណៈ​ការស្វែងរក​នឹង​បញ្ចប់ ​ហើយ​អ្នក​ស្លាប់​កើន​លើស ៤៦,៤០០​នាក់​

2023/02/20 02:10:39 pm        599
​ទួរគី៖ ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន និង​មហន្តរាយ​ប្រទេស​ទួរគី​និយាយ​ថា ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​បាន​បញ្ចប់​ក្នុង​ខេត្ត​ភាគច្រើនដែល​មាន​រយៈពេល​ជិត​ ២​សប្តាហ៍ ​បន្ទាប់ពីរ​ញ្ជួយ​ដី​ដ៏​មហន្តរាយ​ក្នុង​ខែ​នេះ​នៅ​ប្រទេស​ទួរគី និង​ស៊ី​រី​។ មានការ​អបអរចំពោះ​ក្រុម​ជួយសង្គ្រោះ​អន្តរជាតិ ខណៈ​ប្រទេស​ទួរគី​បានបញ្ចប់​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ភាគច្រើន​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការរញ្ជួយ​ដី​កម្រិត ៧.៨រ៉ិច​ទ័​រ​បាន​បំផ្លាញ​នៅ​ភាគ​អាគ្នេយ៍​របស់​ប្រទេស​ទួរគី និង​ប្រទេស​ដែល​នៅ​ជិតខាង​ស៊ី​រី​។ ពលរដ្ឋ​ខេត្ត Hatay ដែល​រងគ្រោះ​ខ្លាំង​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី ​បាន​ឈរ​មើល​គ្រឿងចក្រ​ជីក​កកាយ​ធ្វើការ​ដើម្បី​យកចេញ​កម្ទេច​ថ្ម​នៃ​អគារ​ដែល​ត្រូវបាន​បំផ្លាញ​។ ខណៈ​ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​បាន​ថយ​ចុះ ក្រុមគ្រួសារ​ជាច្រើន​បាន​បួងសួង​សុំឱ្យ​រកឃើញ​សាកសព​អ្នកជា​ទីស្រលាញ់​របស់​​ពួកគេ និង​បាន​និយាយថា យើង​ចង់ឱ្យ​ការស្វែងរក ​និង​ការជួយ​សង្គ្រោះ​បន្ត​រយៈពេល​មួយខែ​។ មនុស្ស​អាច​ស្លាប់​រួចទៅហើយ ប៉ុន្តែ​យ៉ាងហោចណាស់​ពួកគេ​អាច​រកឃើញ​សាកសព​ទាំងនោះ ហើយ​ពួកគេ​នឹងមាន​ផ្នូរ​ និង​ដឹងថា​ ពួកគេ​នៅទីណា​។ រញ្ជួយ​ដី​បណ្តាល​ឲ្យ​មនុស្ស​ជាង ៤៦,៤០០​នាក់​ស្លាប់​នៅក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់បង់​ផ្ទះសម្បែង​។ ទន្ទឹម​នឹងនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Antony Blinken បានធ្វើការ​ស្ទង់​មើល​លើ​ការ​ខូច​ខាត​នៅក្នុង​ប្រទេស​ទួរគី​កាលពី​ថ្ងៃអាទិត្យ និង​បាន​សន្យា​ផ្តល់ជំនួយ​បន្ថែមចំនួន ១០០លាន​ដុល្លារ​សម្រាប់​ការឆ្លើយតប បន្ថែម​លើ​ជំនួយ​ ៨៥លាន​ដុល្លារ​ដែល​ត្រូវបាន​អនុម័ត​រួចហើយ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា​ មនុស្ស​ប្រហែល ២៦​លាន​នាក់​នៅ​ទូទាំងប្រទេស​ទួរគី និង​ស៊ី​រីត្រូវការ​ជំនួយ​មនុស្សធម៌​។ កាល​ពី​ថ្ងៃអាទិត្យ អង្គការ​សប្បុរសធម៌​ផ្នែក​វេជ្ជសាស្ត្រ (MSF) បាន​និយាយថា ក្បួន​រថយន្ត​ដឹកទំនិញ​របស់ខ្លួន​បាន​ចូលទៅក្នុង​ប្រទេស​ស៊ី​រី បន្ទាប់ពី​មានការ​ព្រួយ​បារម្ភ​អំពី​កង្វះ​លទ្ធភាព​ចូល​ទៅដល់​តំបន់ ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម​៕អត្ថបទ៖ ប៊ុនថន

អង់គ្លេសបញ្ជូនឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាលចំនួន៧៧ឲ្យកម្ពុជាវិញ

2023/02/20 01:14:00 pm        340
ភ្នំពេញ៖ គណៈកម្មការទី៧នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍ និងមានសេចក្តីត្រេកអរ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានសម្តេចបញ្ជូនឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន៧៧ មកឲ្យកម្ពុជាវិញ។តាមរយៈផេកហ្វេសបុកផ្ទាល់របស់គណៈកម្មការទី៧នៃរដ្ឋសភា ដែលបានបង្ហោះនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានលើកឡើងថា«សូមអបអរសាទរ និងស្វាគមន៍មាតុភូមិនិវត្តន៍នៃវត្ថុបុរាណទាំង៧៧»។ តាមរយៈផេកនេះបានលើកឡើងទៀតថា គណៈកម្មការទី៧នៃរដ្ឋសភា សូមចូលរួមអបអរសាទរប្រកបដោយក្តីមោទនៈចំពោះដំណើរត្រលប់មកកម្ពុជាវិញនូវឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន ៧៧រូប ពីចក្រភពអង់គ្លេស។ គណៈកម្មការទី៧ នៃរដ្ឋសភា សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ជាបន្តបន្ទាប់ ជាពិសេសការទាមទារត្រឡប់វិញបានដោយជោគជ័យនូវវត្ថុបុរាណខ្មែរនានា ដែលត្រូវបានដឹកចេញពីប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាម។ជាមួយគ្នានេះ គណៈកម្មការទី៧ សូមវាយតម្លៃខ្ពស់ចំពោះទង្វើដ៍ថ្លៃថ្លា និងទឹកចិត្តសប្បុរសទាំងអស់របស់ប្រទេសនានា ព្រមទាំងសប្បុរសជនអន្តរជាតិជាច្រើន ដែលបានប្រគល់ដោយស័្មគ្រចិត្តនូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន បដិមាថ្ម គ្រឿងអលង្ការ ឆ្អឹងសពបុរាណ ព្រះពុទ្ធបដិមា សិលាស្លឹករឹត និងវត្ថុតូច ធំ មួយចំនួនទៀតជាបន្តបន្ទាប់មកកម្ពុជា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ៕ អត្ថបទ៖បាន ចក់

អាមេរិក ទីក្រុង​សេ​អ៊ូ​ល និង​ជប៉ុន​ធ្វើ​សមយុទ្ធ​ ខណៈ​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ​កើន​ឡើង​

2023/02/20 12:17:50 pm        199
កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិក​បានធ្វើ​សម​យុទ្ធ​ដែនអាកាស​រួមគ្នា​ ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ និង​ប្រទេស​ជប៉ុន ​ដែល​ចូលរួម​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រកាលពី​ថ្ងៃអាទិត្យ​។ នាយសេនាធិការ​ចម្រុះ​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា សមយុទ្ធ​នេះ​បានបង្ហាញ​ពី​សមត្ថភាព​ការពារជាតិ​ដ៏​លើសលប់​របស់​សម្ព័ន្ធមិត្ត និង​ស្ថានការណ៍​ត្រៀមខ្លួន​ជាស្រេច​។ យោធា​​កូរ៉េខាងត្បូងនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សមយុទ្ធ​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​ការការពារ​ឧបទ្វីប​កូរ៉េ​។ ​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា នៅក្នុង​សមយុទ្ធ​ដាច់ដោយឡែក​មួយ ប្រទេស​ជប៉ុន​បាន​ហោះហើរ​យន្តហោះ F-15 លើ​សមុទ្រ​ជប៉ុន​ជាមួយនឹង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក ដោយ​ចាត់ទុក​បរិយាកាស​សន្តិ​សុខ​ថា ​កើនឡើង​កាន់តែខ្លាំង​។​ ​សមយុទ្ធ​ដែនអាកាស​នេះធ្វើឡើង​រយៈពេល​មួយថ្ងៃ​ បន្ទាប់ពី​​កូរ៉េខាងជើងបាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយចូលទៅក្នុង​សមុទ្រ នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​ប្រទេស​ជប៉ុន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង KCNA រាយការណ៍​ថា ប្រទេស​នេះ​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​កាលពី​ថ្ងៃ​សៅរ៍ ដែល​ត្រូវ​បានបង្ហាញ​តាម​ទូរទស្សន៍​រដ្ឋ​។​ ​ការបាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការបាញ់​មី​ស៊ី​ល​លើកដំបូង​របស់​កូរ៉េខាងជើង​ ចាប់តាំងពី​ថ្ងៃទី​១ ខែមករាមក​៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​លោកខាងលិច​សន្យា​ផ្ដល់​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ននៅ​សន្និសីទ​សន្តិសុខ​ទីក្រុង Munich

2023/02/20 11:44:05 am        217
​អាល្លឺម៉ង់៖ បណ្ដា​មេដឹកនាំ​លោក​ខាងលិច​បាន​សន្យា​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ​នៅ​សន្និសីទ​ស្ដីពី​សន្តិសុខ​ទីក្រុង Munich ក្នុងប្រទេស​អាល្លឺម៉ង់។ ទោះ​យ៉ាង​ណា​ក៏ដោយគេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​សំណើ​របស់​ទីក្រុង Kyiv​ សម្រាប់​ការផ្គត់ផ្គង់​អាវុធ​ឲ្យ​បាន​ឆាប់រហ័សនឹង​ត្រូវ​បាន​ទទួល ​ឬ​អត់​។ សន្និសីទ​រយៈពេល​ ៣​ថ្ងៃ​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ។ ​ប្រធាន​គោល​នយោបាយ​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ប្រាប់​ក្រុម​អ្នក​ចូលរួម​ថា អ៊ុយ​ក្រែ​ន​កំពុង​ប្រឈម​កង្វះខាត​គ្រាប់រំសេវ និង​បាន​អំពាវនាវ​ឲ្យ​បង្កើន​ល្បឿន​ផ្ដល់​ជំនួយ​ខាង​យោធា​ឲ្យ​បាន​ឆាប់​ជាង​នេះ​។ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំឡើង​មុន​ខួប ១​ឆ្នាំ​ដំបូង​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ។ ​ប្រធាន​សន្និសីទ​នេះ​លោក Christoph Heusgen បាន​ប្រាប់​សារព័ត៌មាន NHK ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ជឿថា យើង​ពុំ​មាន​កម្លាំង​គាំទ្រ​អ៊ុយ​ក្រែ​ន​ទេ​។ ​លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​ចូលរួម​សន្និសីទ​នេះ​តាម​វីដេអូ និង​បាន​អំពាវនាវ​ឲ្យ​ព​ន្លឿ​ន​ការផ្ដល់​អាវុធ​មក​ឲ្យ​ខ្លួន​ឲ្យ​បាន​ឆាប់​ជាង​នេះ។ ​ប៉ុន្តែ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នៅតែ​ប្រុងប្រយ័ត្ន​ដោយ​លើក​ឡើង​ថា ​គ្រប់​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូមិន​ត្រូវ​បណ្ដោយ​ខ្លួន​ធ្លាក់​ចូល​ក្នុង​ជម្លោះ​នេះ​ទេ​៕អត្ថបទ៖ សុខមាន

ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីនទី៨ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2023/02/20 11:21:54 am        237
ស្វាយរៀង ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមានបានទទួលការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ធ្វើការបោសសម្អាតមីនចុងក្រោយដែលបានដឹងនៅខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុបជាង ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន និងបានឈានដល់ការប្រកាសជាខេត្តអស់មីនទី៨។ឯកឧត្តមបន្តទៀតថា ទោះបីខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តមីនក៏ពិតមែន ប៉ុន្តែខេត្តស្វាយរៀង នៅបន្តរងការគំរាមដោយសារគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ក្នុងទំហំផ្ទៃដីសង្ស័យប្រមាណជាង ១០៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧៧១ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត។ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនខេត្តស្វាយរៀងទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីន ហើយកម្ពុជា មុននឹងឈានដល់ថ្ងៃនេះ យើងទាំងអស់គ្នា ត្រូវគោរពដឹងគុណ កត្តញ្ញូតាធម៌ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ជារដ្ឋបុរស បិតាសន្តិភាព និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ក្នុងនោះក៏មានការចូលរួមផងដែរ ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាវីរៈនារីដ៏ឆ្នើមរបស់កម្ពុជាយើង។ នយោបាយ ឈ្នះ ឈ្នះ និងការរក្សាបាននូវសុខសន្តិភាព បានធ្វើជាមូលដ្ឋានគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីនទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។ យើងទាំងអស់គ្នា ត្រូវមានសុទិដ្ឋិនិយម មានក្តីសង្ឃឹម និងត្រូវសម្លឹងមើលទៅមុខជានិច្ច ដោយបន្តឈរឱបយកពន្លឺក្រោមម្លប់សន្តិភាព។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់យើង និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌ រយៈពេល ៣០ ឆ្នាំ មកនេះ។ យើងទាំងអស់ក៏មិនអាចបំភ្លេចបានដែរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេសវីរបុរស-វីរនារីដោះមីនយើង ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏ដូចជាសម្របសម្រួលដល់ការងារសកម្មភាពមីនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តស្វាយរៀង ចំនួន ៤១ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ បានបោសសម្អាតរួច ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៥៦៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៣២ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៧១៨៤៣ គ្រាប់៕

អ៊ីរ៉ង់​ច្រានចោល​ការចោទប្រកាន់​ដែល​ថា​ ខ្លួន​បាន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់​ទៅ​ ៨៤%

2023/02/20 11:13:29 am        226
​អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា​ ខ្លួន​បាន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​រហូតដល់​ទៅ​ ៨៤% ស្របពេល​មាន​បញ្ហា​ជាច្រើន​ដែល​នៅតែ​បន្ត ​ជាមួយ​ក្រុម​ឃ្លាំមើល​អាវុធ​នុយក្លេអ៊ែរ​សកល IAEA និង​ការមិន​ស្របគ្នា​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ​របស់ខ្លួន​។ ​ទីភ្នាក់ងារ​ព័ត៌មាន​ហិរញ្ញវត្ថុ Bloomberg ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​រាយ​ការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ​ក្រុម​អធិការកិច្ច​ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​រក​ឃើញ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់​កម្រិត ៨៤% ក្រោម​កម្រិត​តម្រូវការ ៩០% ក្នុង​ការ​ផលិត​អាវុធ​តែ​បន្តិច​ប៉ុណ្ណោះ ហើយ​កំពុង​ព្យាយាម​កំណត់​ថា ​តើ​ការផលិត​នេះ​ជា​ចេតនា ឬ​យ៉ាង​ណា​។ ​នេះ​គឺជា​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​សុទ្ធ​ខ្ពស់​បំផុត​មិន​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​បង្កើន​ការផលិត​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ មក មួយ​ឆ្នាំ​បន្ទាប់ពី​សហរដ្ឋអាមេរិកបាន​ដក​ខ្លួន​ជា​ឯកតោភាគី​ ចេញពី​កិច្ចព្រមព្រៀង​របស់​ខ្លួន​ជាមួយ​មហាអំណាច​ពិភពលោក ហើយ​អ៊ីរ៉ង់​បាន​ប្រកាស​ថា ​ខ្លួន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​រហូតដល់ ​៦០%​។ ក្រុម​មន្ត្រី​អ៊ីរ៉ង់​បាន​និយាយ​ថា ពួកគេ​ពុំបាន​ស្វែងរក​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយថា​ លោក​ Macron ​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការ​ពិចារណា​សន្ទនា​ជាមួយ​រុស្ស៊ី​

2023/02/20 10:49:17 am        266
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រធានាធិបតី​បារាំង​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​របស់​ខ្លួន​ពិចារណា​លើ​ការសន្ទនា​មួយ​រុស្ស៊ី​។ ​​លោក Zelenskiy ត្រូវ​បាន​សម្ភាសន៍​ដោយសារ​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​អ៊ីតាលី Corriere della Sera ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី​បារាំង Macron ថា រុស្ស៊ី​គួរតែ​ត្រូវ​បាន​បរាជ័យ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការចរចា​។ ប្រធានាធិបតី​ទាំង​២ ​បាន​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​។ លោក Zelenskiy បាន​ប្រាប់​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​អ៊ីតាលី​ថា ការចរចា​គ្មាន​ប្រយោជន៍​ទេ​។ តាមពិត​លោក Macron កំពុងតែ​ខ្ជះខ្ជាយ​ពេលវេលា ខ្ញុំ​ហាន​និយាយ​ថា យើង​មិន​អាច​ផ្លាស់ប្ដូរ​អត្តចរិត​របស់​រុស្ស៊ី​បានទេ​។ លោក​ថា ប្រសិនបើ​ពួកគេ​សម្រេច​ដាក់​ខ្លួនឯង​នៅ​ដាច់​ពី​ពិភពលោក ក្នុង​ក្ដី​ស្រមៃ​ចង់​កសាង​អាណា​ចក្រ​សហភាពសូវៀត​ចាស់​ឡើងវិញ យើង​មិន​អាច​ធ្វើ​អ្វី​បានទេ​។ ​វា​អាស្រ័យ​លើ​ពួកគេ​ក្នុង​ការ​ជ្រើស​រើស ឬ​មិន​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិលើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅវិញទៅមក​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM