សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

ព័ត៌មានសំខាន់ៗ

មនុស្ស​ពីរ​នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​នៅ​រស់ បន្ទាប់ពី​ជនជាតិ​អាមេរិក​ត្រូវ​បាន​ចាប់ជំរិត​នៅ​ម៉ិ​ក​ស៊ិ​ក​

2023/03/08 09:39:28 pm        516
​ម៉ិកស៊ិក៖ មន្ត្រី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ និង​សហរដ្ឋអាមេរិក​និយាយថា​ ជនជាតិ​អាមេរិក ​២​នាក់​ក្នុងចំណោម ៤​នាក់​ដែល​ត្រូវ​បាន​ចាប់ជំរិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​សប្តាហ៍​មុន​បាន​ស្លាប់ ហើយ​ពីរ​នាក់​ទៀត​នៅ​រស់ ដែល​ពេលនេះ​បាន​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ​។ ពលរដ្ឋ​អាមេរិក​ ៤​នាក់​ដែល​ត្រូវ​បាន​ចាប់ជំរិត​ដោយ​ជន​ប្រដាប់​អាវុធ​កាលពី​ថ្ងៃទី​៣ ខែមីនា ខណៈ​កំពុង​បើកបរ​រថយន្ត​ចូល​ទៅ​ក្នុង​ទីក្រុង Matamoros រដ្ឋ Tamaulizas ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឆ្លងកាត់​ព្រំដែន​ពីរ​ដ្ឋ Texas។ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះថា José មកពី​រដ្ឋ Tamaulizas ត្រូវ​បាន​ចាប់ខ្លួន​។ អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន លោក John Kirby និយាយ​ថា យើង​ចូលរួម​រំលែក​មរណទុក្ខ​ចំពោះ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​នេះ​។​ ​អគ្គមេធាវី​រដ្ឋលោក​ Mouseiros Mojica និយាយ​នៅ​លើ​បណ្តាញ Twitter ថា ជនរងគ្រោះ​ដែល​រួច​ផុត​ពី​ការ​ស្លាប់ ​២​នាក់​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាន​កុងស៊ុល​ក្នុង​ទីក្រុង Matamoros​។ ពួកគេ​ត្រូវ​បាន​នាំទៅ​ក្រោម​ការ​អម​ការពារ​ប្រដាប់​អាវុធ​ ដោយ​ក្បួន​យោធា​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ​ការិយាល័យ​ស៊ើបអង្កេត FBI បាន​បញ្ជាក់​ថា ​ជនជាតិ​អាមេរិក ២​នាក់​ត្រូវបាន​គេ​រកឃើញថា​បាន​ស្លាប់ ហើយ​ពីរ​នាក់​ទៀត​ត្រូវបាន​គេ​នាំទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។ FBI និយាយ​ថា ជន​រង​គ្រោះ​ដែល​នៅ​រស់​ម្នាក់​មាន​របួសធ្ងន់​អំឡុង​ការវាយប្រហារ​។ សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា ទីភ្នាក់ងារ​ FBI នឹង​ធ្វើ​ការ​ជាមួយ​ដៃគូ​អន្តរជាតិ​ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ផ្សេងទៀត ដើម្បី​នាំ​យក​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដ៏​រន្ធត់ ​និង​អំពើ​ហិង្សា​ដ៏​ឃោរ​ឃៅ​នេះ​មក​កាត់ទោស​សម្រាប់​បទឧក្រិដ្ឋ​របស់​ពួកគេ៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២

2023/03/08 06:11:49 pm        466
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារ អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣។ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូននារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយក្នុងថ្ងៃឈប់សម្រាកនេះ៕

រុស្ស៊ី​និយាយថា កិច្ចខិតខំ​របស់លោក​ខាងលិច ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​សង្គ្រាម​អ៊ុយ​ក្រែ​ន​បាន​បរាជ័យ​

2023/03/08 05:38:48 pm        300
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ប្រឈម​ការរិះគន់​ ចំពោះ​កង្វះ​បច្ចុប្បន្នភាព​ការពិត​នៃ​ការប្រយុទ្ធនៅ​អ៊ុយ​ក្រែ​ន​។ លោក Sergei Shoigu មានគុណ​វិបត្តិ​សម្រាប់​កង្វះ​បទពិសោធន៍​យោធា​របស់លោក​។ ប៉ុន្តែ​ពេលនេះ​លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​សមរភូមិ​មុខ ហើយ​បាន​វិល​ត្រឡប់​មក​លំនៅឋាន​វិញ​ដោយ​មាន​ការរៀបចំ​ផែនការ​។ លោក Shoigu បាន​និយាយ​ទៅកាន់​មន្ត្រី​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​អង្គា​រថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រទេស​លោកខាងលិច ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​សង្គ្រាម​អ៊ុយ​ក្រែ​ន​បាន​បរាជ័យ ហើយ​លោក​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មេបញ្ជាការ​បាន​លះបង់​ធនធាន​ជាច្រើន ​ដើម្បី​ដណ្តើមយក​ទីក្រុង Bakhmut ភាគ​ខាងកើត​។​ ​លោក Shoigu និយាយថា ទីក្រុង​នេះ​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់ Donbas។ ការគ្រប់គ្រង​បាន​ទីក្រុង​នេះនឹងធ្វើ​ឱ្យ​យើង​ធ្វើ​សកម្មភាព​វាយលុក​បន្ថែមទៀត ​ចូល​ជ្រៅ​ទៅក្នុង​បន្ទាត់​ការពារ​របស់​ពួកគេ​។​ ​ទោះជា​យ៉ាងណា ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ប្រុងប្រៀប​នៅតាម​បន្ទាត់​សមរភូមិ​ទាំងនោះ​និយាយថា រុស្ស៊ី​ជា​ទាហាន​ទន់ខ្សោយ ហើយ​ទាហាន​អ៊ុយ​ក្រែ​ន​និយាយថា ​ពួកគេ​នឹងមិន​ចាកចេញ​នោះទេ​។ ទាហាន​អ៊ុយ​ក្រែ​ន​ម្នាក់​ដែល​ឈរជើង​នៅ​សមរភូមិ​មុខ​និយាយថា ដរាបណា​រុស្ស៊ី​កំពុង​បង្កើត​សម្ពាធ វា​អាច​ត្រូវបាន​បណ្តេញ និង​បង្វែរ​ទិសដៅ​។ ប្រជាជន​ជាង ៧០.០០០នាក់​រស់នៅក្នុង​ទីក្រុង Bakhmut មុនពេល​សង្គ្រាម ប៉ុន្តែឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោកស្រី Iryna Vereshchuk បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មាន​ពលរដ្ឋ​នៅសល់​មិន​ដល់ ៤​ពាន់​នាក់​នោះទេ​។ លោកស្រី​និយាយថា មនុស្ស​ជាច្រើន​កំពុង​លាក់ខ្លួន​នៅក្នុង​បន្ទប់ក្រោមដី ដែល​អាចធ្វើឱ្យ​ពិបាក​ក្នុងការ​ជម្លៀស​អ្នក​ដែល​ចង់​ចាកចេញ៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតលើកទី៤២ បូកសរុបសមិទ្ធផលសុខាភិបាល

2023/03/07 10:26:02 pm        113
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ដែលប្រពឹត្ដទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ ,កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងគ្រូពេទ្យគ្រប់រូប ដែលបានប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។ សម្តេចតេជោ បានប្រកាសថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក និងអង្គការដៃគូនានា ដែលបានជួយកម្ពុជាលើវិស័យសុខាភិបាល និងសុខភាពសាធារណៈរបស់ប្រជាពលដ្ឋ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរវ៉ាក់សាំងចំនួន១៥លានដូស(ដប់ប្រាំលាន) ដែលមិនទាន់ដឹកមកកម្ពុជា ទៅឱ្យមិត្តចិនវិញ ដើម្បីចែកជូនទៅដល់ប្រទេសដទៃ។សម្ដេចប្រកាសថា ក្រោយរបប ប៉ុល ពត ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ធ្វើម៉េចឱ្យបានឆ្អែត។ ក្រោយមកយើងធ្វើម៉េចឱ្យបានឆ្អែត ហើយឆ្ងាញ់។ ឥឡូវដល់ដំណាក់កាលឆ្អែត ឆ្ងាញ់ ហើយប្រកប ដោយសុវត្ថិភាពថែមទៀត។សម្ដេចតេជោបានប្រកាសសូមកុំឱ្យប្រជាជនកម្ពុជា ក្លាយជាឧបករណ៍ធ្វើតេស្តឱសថរបស់ប្រទេស ណាទាំងអស់។សម្ដេចបន្តរម្លឹកឡើងវិញថា កម្ពុជាមិនមែនជាធុងសំរាម សម្រាប់បោះចោលវត្ថុហួ សសម័យកាលប្រើប្រាស់នោះទេ៕

ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ជំរំ ​Cox's Bazar ចាប់ផ្ដើម​សាងសង់​លំនៅឋាន​ឡើងវិញ ក្រោយ​អគ្គិភ័យ​ដ៏​ធំ​

2023/03/07 05:30:01 pm        343
​បង់ក្លាដែស៖ ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ក្នុង​ជំរំ Cox's Bazar នៃ​ប្រទេស​បង់​ក្លា​ដែ​ស​កាល​ពី​ថ្ងៃ​ចន្ទ បាន​កំពុង​សាង​សង់​លំនៅឋាន​របស់​ខ្លួន​ឡើងវិញ មួយថ្ងៃ​ក្រោយ​អគ្គិភ័យ​ឆេះ​បំផ្លាញ​ជំរំ​ខ្ទេច​គ្មាន​សល់​។ ​មនុស្ស​រាប់ពាន់​នាក់​បាន​ព្យា​យាម​រើ​កកាយ​របស់របរ​នា​នា​របស់​ពួកគេ​ចេញពី​គំនរ​ផេះ​។​ ​អគ្គិភ័យ​ដ៏​ធំ​បាន​ឆេះ​បំផ្លាញ​លំនៅឋាន​ទូទាំង​ជំរំ​ស្នាក់នៅ​កាលពី​ថ្ងៃអាទិត្យ ​ទី​៥​មីនា មុន​ពេល​ពន្លត់​បាន​។​ ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នេះ​បាន​ឆាបឆេះ​នៅ​ជំរំ ​១១ ​ឬ Camp 11 ក្នុង​តំបន់ Cox's Bazar ជា​ស្រុក​មួយ​ស្ថិត​នៅ​តាម​ព្រំដែន​ភាគ​ភាគ​អាគ្នេយ៍ ជាទី​ដែល​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង ១​លាន​នាក់​រស់នៅ​។ ភាគច្រើន​នៃ​ជនភៀសខ្លួន​ទាំងនេះ​បាន​រត់គេច​ចេញពី​ការ​បង្ក្រាប ​ដឹកនាំ​ដោយ​យោធា​សហភាព​មីយ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧ និង​បាន​បណ្ដាល​ឲ្យ​ពួកគេ​មួយ​ចំនួន​គ្មាន​ទីជម្រក​ជាថ្មី​។ ​ជំរំ​ជនភៀសខ្លួន​នៅក្នុង​តំបន់ Cox's Bazar ងាយ​នឹង​រង​ការ​ឆាប​ឆេះ​បែបនេះ​ណាស់​។ អគ្គិភ័យ​ដ៏​ធំ​កាល​ខែ​មីនា ​ឆ្នាំ​២០២១ បាន​សម្លាប់​ជនភៀសខ្លួន​យ៉ាងហោចណាស់​ ៥​នាក់​ និង​បំផ្លាញ​លំនៅឋាន​ជាង​ ១០.០០០​កន្លែង​។ គណៈ​កម្មការ​ទទួលបន្ទុក​ជន​ភៀស​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​បង់​ក្លា​ដែ​ស​បាន​និយាយថា អគ្គិភ័យ​ត្រូវ​បាន​រលត់​ក្រោយ​ការ​ប្រឹង​ប្រែង​រយៈពេល ​៣​ម៉ោង ប៉ុន្តែ​ព្រះវិហារ​អ៊ីស្លាម​យ៉ាង​ហោចណាស់​ ៣៥​កន្លែង និង​មជ្ឈមណ្ឌល​បង្រៀន​ជនភៀសខ្លួន​ចំនួន ​២១ ក៏​ត្រូវ​បាន​បំផ្លាញ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

ប្អូនស្រី​លោក ​Kim Jong Un ព្រមាន​ថា ​កូរ៉េខាងជើង​ត្រៀម​វិធានការ​រួចរាល់​ប្រឆាំង​អាមេរិក និង​កូរ៉េខាងត្បូង

2023/03/07 04:54:24 pm        294
​កូរ៉េខាងជើង៖ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ប្រទេស​របស់​ខ្លួន​ត្រៀម​រួចរាល់​ក្នុង​ការ​ចាត់វិធានការ​ខ្លាំងក្លា​ភ្លាមៗប្រឆាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ស្របពេល​សម្ព័ន្ធមិត្ត​ទាំង​២ ​នេះ​ពង្រីក​សកម្មភាព​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​។​ ​សេចក្ដីថ្លែងការណ៍​របស់​លោក​ស្រី Kim Yo Jong បាន​កើតមានឡើង មួយថ្ងៃ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​មាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ B-52 ទៅកាន់​ឧបទ្វីប​កូរ៉េ ដើម្បី​ធ្វើ​សម​យុទ្ធ​រួមគ្នា​ជាមួយ​យន្តហោះ​ចម្បាំង​របស់​កូរ៉េខាងត្បូង។ យោធា​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ក៏​កំពុង​ត្រៀមខ្លួន​ផង​ដែរ ក្នុង​ការបន្ត​សមយុទ្ធ​ដ៏​ធំ​បំផុត​របស់​ពួកគេ​នៅ​ក្នុង​ខែ​នេះ​។ ​លោកស្រី Kim Yo Jong បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ធ្វើឡើង​ដោយ​សារ​ព័ត៌មាន​រដ្ឋ​ថា យើង​តែងតែ​តាមដាន​លើ​សកម្មភាព​យោធា​ឥត​ឈប់​ឈរ​របស់​កង​កម្លាំង​សហរដ្ឋ​អាមេរិក ​និង​យោធា​អាយ៉ង​កូរ៉េខាងត្បូង និង​តែងតែ​ត្រៀម​ជានិច្ច​ក្នុង​ការ​ចាត់វិធានការ​សមស្រប ឆាប់​រហ័ស និង​ខ្លាំងក្លា​គ្រប់​ពេល​វេលា​ដោយ​ផ្អែកលើ​ការវិនិច្ឆ័យ​របស់​យើង​។ ​លោកស្រី​ពុំបាន​បញ្ជាក់​លម្អិត​ពី​ចំណាត់​ការដែល​កូរ៉េខាងជើង​បាន​គ្រោង​នោះ​ទេ ប៉ុន្តែ​ប្រទេស​នេះជារឿយៗ​តែង​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​របស់​អាមេរិក ​និង​កូរ៉េខាងត្បូង ព្រោះ​ខ្លួន​ចាត់​ទុក​សកម្មភាព​ទាំងនោះ​ជា​ការ​សម​ត្រៀម​ឈ្លានពាន​។​ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រាល់​សកម្មភាព​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​ខ្លួន​បាន​សាកល្បង​នឹង​ត្រូវ​ចាត់ទុកថា​ ជា​ការ​ប្រកាសសង្គ្រាម និង​បាន​ស្ដីបន្ទោស​សម​យុទ្ធ​យោធា​រួមគ្នារវាង​អាមេរិក និង​កូរ៉េខាងត្បូង​ ជា​ដើមចម​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កើន​ឡើង​ឥត​ឈប់ឈរ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយថា ក្រុម​អ្នកការពារ​ទីក្រុង Bakhmut កំពុង​ប្រឹងប្រែង​ទ្វេដង ​ខណៈ​រុស្ស៊ី​សម្រុក​ខ្លាំង​

2023/03/07 04:36:19 pm        331
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយថា ប្រតិបត្តិការ​ដើម្បី​ការពារ​ទីក្រុង Bakhmut ភាគ​ខាងកើត​ដែល​ត្រូវ​បាន​ខ្ទេចខ្ទាំ​នឹង​នៅតែ​បន្ត​ទ្វេដង និង​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​។ ​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​កាលពី​ចុង​សប្ដាហ៍​ថា ប្រទេស​អ៊ុយ​ក្រែ​ន​អាច​ដក​កងទ័ព​មួយ​ចំនួន​ចេញ​ ខណៈ​កង​កម្លាំង​រុស្ស៊ី​ចូលកាន់​តែ​ជិត​ក្នុង​ទីក្រុង​នេះ​។​ ទីក្រុង Moscow កំពុង​ព្យាយាម​ដណ្ដើម​យក​ទីក្រុង Bakhmut ជាច្រើន​ខែ​មក​ហើយ ស្រប​ពេល​ដែល​ភាគី​ទាំង​២ រង​ការខូចខាត​ និង​បាត់បង់​ធ្ងន់ធ្ងរ​ដូចគ្នា​នៅ​ក្នុង​សង្គ្រាម​ពោ​ពេញ​ដោយ​ការបំផ្លាញ​នេះ​។ ក្រុម​មន្ត្រី​ប្រចាំ​តំបន់​ម្នា​ក់​បាន​និយាយ​ថា ​នៅ​តែ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ប៉ុន្តែ​អភិបាលរង​ទីក្រុង​នេះលោក Oleksandr Marchenko បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​មុន​ថា រុស្ស៊ី​មិនទាន់​ដណ្ដើម​គ្រប់គ្រង​បាន​ទីក្រុង​នេះ​នៅឡើយ​ទេ​។ ​ចំណែក​លោក Yevgeny Prigozhin ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា ក្រុប (Wagner Group) ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ីបាន​ត្អូញត្អែរ​ពី​កង្វះ​គ្រាប់រំសេវ ស្រប​ពេល​មានការ​ប៉ះទង្គិច​ពាក្យសម្ដី​រវាង​ក្រុម​អ្នក​ប្រយុទ្ធ​របស់​លោក ​ជាមួយ​កងកម្លាំង​ក្នុង​ជួរ​កងទ័ព​របស់​រុស្ស៊ី​។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ទីក្រុង Bakhmut មានគុណ​តម្លៃ​យុទ្ធសាស្ត្រ​តិចតួច ប៉ុន្តែ​បាន​ក្លាយ​ជា​ចំណុច​ដ៏​ក្ដៅ​គគុក​សម្រាប់​ក្រុម​មេបញ្ជាការ​រុស្ស៊ី ដែល​បាន​ព្យាយាម​បញ្ជូន​ព័ត៌មាន​វិជ្ជមាន​ឲ្យ​ទៅ​វិមាន​ក្រឹម​ឡាំង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២

2023/03/07 03:42:59 pm        236
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រារព្ធអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ទិវាដ៏សំខាន់នេះ ប្រារព្ធធ្វើឡើង ជារៀង រាល់ ឆ្នាំ ដើម្បីរំលឹកដល់ការតស៊ូ និងគំរូវីរភាពរបស់នារី ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។គួរបញ្ជាក់ថា៖ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ ក្រសួងកិច្ចការនារីបានសម្រេចយកមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ក្នុងការរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បង្កលក្ខណៈ ឱ្យតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុង ការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថល ក្រោយវិបត្តិកូវីដ-១៩ និងកសាងភាពធន់ រឹងមាំ និងអភិវឌ្ឍប្រកបដោយចីរភាព។ប្រធានបទនេះបានគូសបញ្ជាក់ពីសារៈសំខាន់លើការលើកកម្ពស់ និងបន្តជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការ បញ្ជ្រាបយេនឌ័រជាអន្តរវិស័យក្នុងការធានានូវចីរភាព នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០-២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០។ មានសន្តិភាព គឺ មានអ្វីៗគ្រប់យ៉ាង។ក្រសួងកិច្ចការនារី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មបង្កលក្ខណៈឱ្យស្ត្រី ពង្រីកសក្តានុពលរបស់ខ្លួន ក្នុង កិច្ចការពារ និងបន្តស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងកសាងប្រទេសជាតិលើគ្រប់វិស័យ៕

រុស្ស៊ី​បង្កើន​ការវាយលុក​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន

2023/03/06 07:30:13 pm        393
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​កំពុង​បង្កើន​ការវាយលុក​របស់​ពួកគេ​ ដើម្បី​ហ៊ុមព័ទ្ធ​ទីក្រុង​យុទ្ធសាស្ត្រ Bakhmut ក្នុង​បំណង​គ្រប់គ្រង​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ នាយសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទាហាន​រុស្ស៊ី​មិនបាន​បោះ​បង់​ចោល​ការ​ប៉ុនប៉ង​ដើម្បី​ហ៊ុមព័ទ្ធ​ទីក្រុង Bakhmut នោះទេ​។ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​របស់​ខ្លួន​បាន​បំផ្លាញ​ទាហាន​អ៊ុយក្រែ​ន រថពាសដែក និង​គោលដៅ​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ Donetsk។ ក្រសួង​និយាយ​ថា យោធា​របស់​ខ្លួន​បាន​បាញ់​កាំភ្លើង​ធំ​ទៅលើ​ទីក្រុង Kharkiv ភាគ​ខាងកើត និង​ទីក្រុង Zaporizhzhia ភាគ​ខាង​ត្បូង​។​ ការ​បាញ់​ផ្លោង​របស់​រុស្សី​ទៅលើ​អគារ​លំនៅឋាន​បានបណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ និង​រង​របួស​កើន​ឡើង​។ មនុស្ស ១៣​នាក់​បាន​ស្លាប់​បន្ទាប់ពី​អគារ​អឹផាត់​មឹន​កម្ពស់ ៥​ជាន់​មួយ​កន្លែង​ត្រូវ​បាន​បំផ្លាញ​នៅក្នុង​ទីក្រុង Zaporizhzhia ហើយ​មនុស្ស ៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ផ្លោង​លើ​លំនៅឋាន ១​ខ្នង​នៅ​តំបន់​ភាគ​ខាង​ត្បូង​ទីក្រុង Kherson កាលពី​ថ្ងៃ​សៅរ៍​។ ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Andriy Yermak បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ភេរវ​ករ​រុស្ស៊ី​នៅតែ​បន្ត​សម្លាប់​ជន​ស៊ីវិល​។ ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​ថា រុស្ស៊ី​កំពុង​ប្រឈម​នឹង​កង្វះ​ការ​ផ្គត់ផ្គង់​ផ្នែក​យោធា​នៅ​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ ប៊ុនថន

នគរបាល និង​ក្រុម​បាតុករ​បន្ត​ប៉ះទង្គិច​នៅ​ទីក្រុង​អា​តែ​ន ក្រោយ​រថភ្លើង​បុក​គ្នា​សម្លាប់​មនុស្ស​ជិត​ ៦០​នាក់

2023/03/06 06:07:08 pm        394
​ក្រិក៖ ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​រវាង​នគរបាល និង​ក្រុមបាតុករ​នៅ​កណ្ដាល​រដ្ឋធានី​អា​តែ​ន ប្រទេស​ក្រិ​កកាលពី​ថ្ងៃអាទិត្យ ទី​៥​មីនា ក្នុង​ការតវ៉ា​ជា​បន្តបន្ទាប់​បង្កឡើង​ដោយ​និស្សិត​ និង​បុគ្គលិក​ស្ថានីយ​រថភ្លើង​រាប់​ពាន់​នាក់ ទាក់ទង​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ក្រិ​ក​។ ​នគរបាល​បាន​ឆ្លើយតប​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ និង​គ្រាប់​បែកផ្សែង​ទៅលើ​ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម ​ដែល​បាន​គប់​វត្ថុ​ផ្សេងៗ​លើ​នគរបាល​បង្ក្រាប​កុបកម្ម រួម​ទាំង​គ្រាប់បែក​ភ្លើង មុន​ពេល​បំបែក​ជួរ​ទៅកាន់​តាម​ដង​ផ្លូវ​នានា​ក្បែរ​នោះ​។​ ការ​ប៉ះទង្គិច​នានា​ក៏បាន​កើតឡើង​ផង​ដែរ​កាលពី​ថ្ងៃ​សុក្រ​រវាង​នគរបាល​ និង​ក្រុម​អ្នក​តវ៉ា​។ ​មនុស្ស​យ៉ាង​ហោចណាស់​ ៥៧​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​កាលពី​ថ្ងៃ​អង្គារ ​ទី​២៨ ​ខែ​កុម្ភៈ នៅ​ពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដឹក​មនុស្ស​ជាង ​៣៥០​នាក់​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថភ្លើង​ដឹកទំនិញ​ នៅ​លើ​ផ្លូវ​ដូចគ្នា​នៅ​កណ្ដាល​ប្រទេស​ក្រិ​ក​។ ​បន្ទាប់ពី​ការ​តវ៉ា​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ នៅ​ទូទាំង​ប្រទេស​មាន​និស្សិត បុគ្គលិក​ស្ថានីយ​រថភ្លើង និង​ក្រុម​ឆ្វេង​និយម​ប្រមាណ ១​ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​ទីលាន​ចតុរង្គ​អា​តែ​ន​កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​ការបាត់បង់​អាយុជីវិត និង​ទាមទារ​ឲ្យ​មាន​ស្តង់ដារ​សុវត្ថិភាព​ប្រសើរ​ជាង​នេះ​នៅ​លើ​បណ្ដាញ​ផ្លូវ​រថភ្លើង និង​ជា​ការ​ព្រមាន​ដល់​រដ្ឋាភិបាល​ចំពោះ​ការ​ព្រងើយ​កន្តើយ​នឹង​សុវត្ថិភាព​ផ្លូវដែក​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM
ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM
អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM
មេដឹកនាំ៖ កោះតៃវ៉ាន់ ចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិនដោយឈរលើមូលដ្ឋានសមភាព
11/12/2026 04:11 PM
ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវបានរៀបចំដាក់តាំងបង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញឱ្យថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទស្សនា
11/12/2026 04:11 PM
លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ
11/12/2026 04:11 PM
កូរ៉េខាងត្បូងឃើញលទ្ធភាពតិចតួចនៃការ​មាន​ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង នៅ​ APEC
11/12/2026 04:11 PM
អង្គការ MSF៖ ការផ្ទុះ​ជំងឺអេបូឡា នៅកុងហ្គោ នៅតែមិនអាចគ្រប់គ្រងបាន​ ក្រោយ​រយៈពេល ៦ខែ
11/12/2026 04:11 PM