កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ ព្រះអង្គ​មាន​រាជ​បន្ទូល​ឆ្លងឆ្លើយ​ជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សូមប្រុងប្រយ័ត្ន!! មានក្រុមជ្រុលនិយមបានឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ បង្កើត​គណនីក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ

2025/06/20 03:51:37 pm        307
ថ្ងៃនេះ​មានពួកក្រុមជ្រុលនិយមបានឆ្លៀតឱកាស ប្រើវិធីបែបស្មោគគ្រោគ ដោយ​​បង្កើត​គណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ ជាមួយរូបរបស់ សម្តេចតេជោ និង​បាន​ផ្ញើ​សារ​ចេញជាភាសាថៃក្នុងអត្ថន័យខាងក្រោម៖« សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ » សូមបញ្ជាក់ថា ផេក Facebook ផ្លូវការរបស់សម្ដេចតេជោមានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក ក្រុមជ្រុលនិយមយ និងឆ្លៀត​ឱកាស​ទាំង​នេះ​៕

TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ

2025/06/20 09:29:26 am        436
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចដើម្បីប្ដូរយកនូវការរស់រានមានជីវិតរបស់ប្រជាជន កសាងសន្តិភាពដោយនយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍជាតិ។ សម្ដេចបានគូសបញ្ជាក់ថា គ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ។តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានសរសេរថា «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែក ខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។»សម្ដេចបន្តថា យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។សម្ដេចតេជោបានរម្លឹកថា សម្ដេចបានយកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។សម្ដេចបានគូសបញ្ជាក់ថា «ចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕»

រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា

2025/06/19 06:53:35 pm        130
ភ្នំពេញ៖ នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato' Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ដែលជាវិស័យមួយចូលរួមចំណែកដល់ការធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។ ដើម្បីជំរុញវិស័យនេះ ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ម៉ាឡេស៊ី ក្នុងការបន្តពង្រឹងនិងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ, ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរនឹងបន្តសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទេសចរណ៍បែបវប្បធម៌ និងសិល្ប: រវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានចូលរួមអបអរសាទរ ម៉ាឡេស៊ី ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងមក។ សម្ដេចបវរធិបតីក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីបានរំលឹកអំពីជំនួបទ្វេភាគីរវាងសម្ដេចបវរធិបតី និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក ដោយបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងវិស័យទេសចរណ៍។ សម្ដេចបវរធិបតីក៏បានបង្ហាញនូវការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់កោះប៉េណាំង និងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជេីងហោះហេីរបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមទាំងជំរុញការបង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា។ក្រៅពីនេះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការស្វែងរកកាលានុវត្តភាព និងការភ្ជាប់ទំនាក់ទំនង ផ្នែកទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដូចជាការភ្ជាប់ទីក្រុងនិងទីក្រុង និង ខេត្តនិងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ វប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ៕

សម្ដេចតេជោប្រាប់ការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រធានប្តូរវេនអាស៊ាន នាយករដ្ឋមន្រ្ដី​ម៉ាឡេស៊ី

2025/06/19 04:37:23 pm        448
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រាប់​ការ​ពិត និងជំហរដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្តរជាតិរបស់កម្ពុជាទៅកាន់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននាពេលបច្ចុប្បន្ន។សម្ដេចតេជោបានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​បែប​នេះ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​។ក្នុងឱកាសនោះសម្ដេចតេជោ បានរំលេចទៅឡើងថា ស្ថានភាពពិត​ប្រាកដ​នៃ​ការ​កើត​ឡើង​នៃ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និងថៃ ជាពិសេសបានកើតឡើង​មក​ពីយោធា​ថៃ​បាន​បាញ់​សម្លាប់​យោធា​ខ្មែរ ​កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ដែលជាការប្រមាថមកលើកម្ពុជា និង​ជា​ការ​ឈ្លាន​ពាន​មក​លើប្រទសកម្ពុជា។ សម្ដេចតេជោ គ៏បានបញ្ជាក់អំពីរឿងរ៉ាវ​នៃ​ជម្លោះ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃជា​ពិសេស​គឺ​តាមរយៈ​កា​​របិទច្រកព្រំដែនរវាងកម្ពុជា និងថៃដោយឯកតោភាគី, ការប្រមាថ​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ​តាមរយៈការគំរាមផ្ដាច់អគ្គិសនី ផ្ដាច់អ៊ិនធឺណិត និងការប្រមាថ​មក​លើ​ពលករ​កម្ពុជា​ជា​ដើម​។ ប៉ុន្ដែ​កម្ពុជា​បាន​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទៅវិញទាន់​ពេល​វេលា​ហើយ​មិន​អនុញ្ញាត​ឱ្យ​បរទេស ​ជាពិសេសប្រទេសថៃប្រមាថមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា ឬប្រមាថ​មក​លើ​បូរណ​ភាព​ដែនដីរបស់កម្ពុជានោះទេ។ សម្ដេចតេជោបានពន្យល់អំពីទិដ្ឋភាពពិតជាក់ស្ដែងអំពីបញ្ហាវិវាទព្រំដែនកម្ពុជា និងថៃនេះទៅ​កាន់​ប្រធាន​អាស៊ាន​ទៀតថា កម្ពុជារក្សាជំហរដោះស្រាយបញ្ហាដោយសន្ដិវិធី ដូច្នេះទើប​កម្ពុជា​អនុវត្ត​នូវ​ការ​ចរចា​ទ្វេភាគី ប៉ុន្ដែការចរចាទ្វេភាគីគ្មានប្រសិទ្ធភាព ទើបកម្ពុជាសម្ដេច​បញ្ជូ​នរឿង​ក្ដី​នេះទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការតាមច្បាប់អន្តរជាតិ ជាយន្តការចាស់ទុំ ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់។ ដូច្នេះ​សម្ដេច​តេជោ​ស្នើ​ឱ្យ​ប្រធាន​អាស៊ាន​មាន​ការ​គាំទ្រ​ចំពោះជំ​ហរ​រប​ស់​កម្ពុជា​លើ​ការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាម និងមិនចង់ប្រយុទ្ធ​ជាមួយ​ប្រទេស​ជិត​ខាង​ទេ ​ប៉ុន្ដែសម្ដេចតេជោបានបញ្ជាក់ថា ក្នុងករណីបើមានការឈ្លានពានមកលើកម្ពុជាបន្តទៀត គឺ​កម្ពុជារក្សាសិទ្ធិនៅក្នុងការការពារខ្លួន និងអាចវាយ​បក​ត្រឡប់​ទៅ​វិញ​បើ​សិន​ជា​ករណី​ថៃ​បន្ត​ឈ្លាន​ពាន​មកលើកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជាបានព្យាយាម​ដោះស្រាយ​ដោយ​សន្ដិវិធី​តាម​ផ្លូវ​ច្បាប់ ​ប៉ុន្ដែខាងភាគីយោធាថៃ តែងតែរុញបញ្ហាបង្កជម្លោះមកកាន់កម្ពុជា។ សម្ដេចតេជោ បាន​បញ្ជាក់​ថា កម្ពុជានាំករណីវិវាទកម្ពុជា-ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយ​សារ​យន្ត​ការ​ច្បាប់អន្តរជាតិ គឺជាយន្តការដែលពិភពលោកត្រូវដោះស្រាយ។ ជាការឆ្លើយ​តប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានសន្យានាំសារ​របស់​សម្ដេច​តេជោ​ទៅ​កាន់នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ដែលជាប្រថានប្ដូរវេនអាស៊ាន ដើម្បីពិនិត្យថា តើម៉ាឡេស៊ី​ក្នុង​នាម​ប្រធានប្ដូរវេនអាស៊ាននឹងចូលរួមដោះស្រាយយ៉ាងដូចម្ដេចចំពោះបញ្ហាកម្ពុជា-ថៃ​នា​ពេល​នេះ៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

2025/06/19 01:29:16 pm        425
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍ចំពោះ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលជួបសម្តែងការគួរសមសម្ដេចនាពេលនេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងវាងកម្ពុជា និងបង់ក្លាដេស ដែលការទំនាក់ទំនងមានភាពល្អប្រសើរ។ សម្ដេចតេជោ រំពឹងថាតាមរយៈបេសកកម្មការងាររបស់ឯកឧត្តមឯក អគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជានឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែនដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបង់ក្លាដេស បានបញ្ជាក់ថា ឯកឧត្តមចង់ឱ្យប្រទេសកម្ពុជា និងបង់ក្លាដេសមានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាកាន់តែច្រើនឡើងថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបែបនេះ ពីព្រោះចំណុចស្នូលនៃទំនាក់ទំនងប្រទេសទាំងពីរគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើននូវការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ជាពិសេសប្រទេសបង់ក្លាដេសជាប្រទេសដែលមានទំហំដីតូច តែប្រជាជនច្រើន។ ចំណែកប្រទេសកម្ពុជា ជាប្រទេសដែលមានទំហំផ្ទៃដីធំ ប៉ុន្ដែមានប្រជាជនតិច ដូច្នេះប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមកតាមរយៈការទិញផលិតផលកសិកម្ម ស្បៀង ពីប្រទេសកម្ពុជាជាដើម។ ក្នុងឱកាសជំនួបនេះ សម្ដេចតេជោ ក៏បានស្នើដល់ប្រទេសបង់ក្លាដេស គាំទ្រចំពោះជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ ពីព្រោះការដោះស្រាយបញ្ហានេះ កម្ពុជាឈរលើការដោះស្រាយដោយសន្ដិវិធី ទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ គឺប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាដើម៕

TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃដែលបែកធ្លាយបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»

2025/06/18 01:11:39 pm        4968
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ បានបញ្ជាក់ថា  សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ សម្ដេចបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ សម្ដេចបានបញ្ជាក់ថា៖«កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ»។សម្ដេចថ្លែងថា៖«សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់»។ សម្ដេចតេជោលើកឡើងថា នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។សម្ដេចបញ្ជាក់បន្ថែមថា៖«ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧៖០៦នាទី»៕

ឯកឧត្ដម ហ៊ុន ម៉ានី៖ សម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» អង្រួនទឹកចិត្ត​ខ្មែរ​គ្រប់​ប្រាណ​ឱ្យមាន​សេចក្តី​ក្លាហាន រួបរួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា

2025/06/18 08:54:30 am        274
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បានអញ្ជើញចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញ​ការ​រួម​គ្នា​ជា​ធ្លុង​មួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ជាមួយបង​ប្អូន​ជន​រួម​ជាតិ​យ៉ាង​ច្រើន​កុះក​រ។​ កម្មវិធីនេះទទួលបានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួម​មាន​ទាំង​ព្រះតេជគុណព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ សិល្បករ កីឡាករ សិស្ស និស្សិត ជាពិសេស អ្នកចូល​រួម​មក​ពី​គណបក្ស​នយោបាយ​នានា​ក៏​បាន​ចូល​រួម​​ផង​ដែរ។ ជាមួយគ្នានេះតាមរយៈហ្វេសប៊ុកឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហោះ​សារមួយ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​បំផុតថា ព្រឹកនេះសម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» ត្រង់ឃ្លា «ថ្ងៃមួយមាន​សត្រូវ​ប្រទូ​ស្ត​រាយ ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី» បាន​​អង្រួន​បេះដូង ទឹក​ចិត្ត​រប​ស់ខ្មែរ​គ្រប់​ប្រាណ​ឱ្យ​មាន​សេចក្តី​ក្លាហាន រួមរួមសាមគ្គី​ជា​ធ្លុង​មួយ​ក្រោម​ទង់​ជាតិ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា។ឯកឧត្ដមបន្តថា ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និង​កោសិកា​សង្គម​ជាតិ​ពិត​ជា​បាន​បង្ហាញ​យ៉ាង​ជាក់​ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និង​កង​យោធ​ពល​ខេមរ​ភូ​មិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និង​ការពារ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​អធិបតេយ្យ និងបូរណភាពដែនដី ដោយប្រើប្រាស់យន្តការទាំងបីមុខព្រួញគឺ ច្បាប់ ការទូត និង​យោធា។ទោះ​បី​ក្រោមកម្តៅថ្ងៃក្តៅ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទ «ដែន​ដីខ្មែរ​» ​ឥតដាច់។ នេះហើយ! ស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជាតិកម្ពុជា!សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមគំនិតរៀបចំ កម្មវិធី​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និង​កង​កម្លាំង​ជួរ​មុខកម្ពុជា ដែលកម្មវិធី​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ៕

សម្តេចតេជោចោទជាសំណួរថា ហេតុអ្វីចាំបាច់បង្កើតក្រុមការងារតាមដានហ្វេសបុករបស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?

2025/06/17 10:25:10 pm        204
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីដ៏មាន ឥទ្ធិពលរបស់កម្ពុជា បានចម្ងល់ចំពោះកាសែត THE NATIONរបស់ថៃថា ហេតុអ្វីចាំបាច់ត្រូវ បង្កើតក្រុមការងារដើម្បីតាមដានហ្វេសបុករបស់សម្តេច ហើយសម្តេចបានចោទជាសំណួរថាបើអ្នកស្អាតស្អំមែននោះ?។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នំា២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«នេះកាសែត THE NATION របស់ថៃបានចេញផ្សាយអំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន»។សម្តេចបានចោទជាសំណួរថា«ហេតុអ្វីចាំបាច់ខ្លាច FACEBOOK របស់ខ្ញុំ !ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ»។ សម្តេចបានបន្ថែមទៀតថា «ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន»៕អត្ថបទបាន ចក់

មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស

2025/06/17 07:54:56 pm        99
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា៖ មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស។ ក្រោយសង្គ្រាមបានបញ្ចប់, កម្ពុជាបានខិតខំកសាងធនធានមនុស្ស, សេដ្ឋកិច្ច និងហេដ្ឋារចនា សម្ព័ន្ធ ដែលពីមុនយើងពឹងគេទាំងស្រុង តែបច្ចុប្បន្នយើងអាចធានាបាន និង ម្ចាស់ការដោយខ្លួនឯង ដែលនេះជាការធានាឯករាជ្យជាតិកម្ពុជារបស់យើង ហើយគោលដៅធំរបស់យើង គឺការទទួលខុសត្រូវចំពោះបូរណភាពទឹកដី, ការទទួលខុសចំពោះ ប្រជាជនកម្ពុជា និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា កម្ពុជា បានរក្សាការអត់ធ្មត់ខ្ពស់ ហើយកម្ពុជាចង់ដោះស្រាយបញ្ហា ដោះសន្តិវិធី និងសន្តិភាព។ កម្ពុជា ជ្រើសយកច្បាប់អន្តរជាតិ ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយឱ្យដាច់ស្រេច, ដើម្បីជៀសវាងមានបញ្ហានាពេលអនាគតបន្តទៀត បើមិនដូច្នោះទេ តំបន់ទាំង៤នេះ នៅតែបន្តមានបញ្ហាមិនចេះចប់ ជាបន្តទៀត។ ពាក់ព័ន្ធនឹងការបើកព្រំដែនវិញ គឺភាគីដែលបិទជាឯកតោភាគីត្រូវបើកវិញដោយខ្លួនឯង ហើយកម្ពុជានឹងបើកតាមក្រោយ ។ កម្ពុជានឹងខិតខំឱ្យអស់លទ្ធភាព ដើម្បីប្តូរផ្តាច់ការពារបូរណភាពទឹកដី, ការពារអធិបតេយ្យ, ការពារផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើងឱ្យបានជាដាច់ខាត នេះគឺជាការប្តេជ្ញារបស់យើង។ ជាមួយគ្នានេះ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រដល់កងទ័ព និងរាជរដ្ឋាភិបាល ដែលនេះ ជាការបង្ហាញនូវស្មារតីសាមគ្គីជាតិដ៏សំខាន់ ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន័មួយចំនួន ដូចខាងក្រោម៖ ទី១. គណៈអភិបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីកសាងសមាជិកកាយរឹទិ្ធនៅមូលដ្ឋានរៀងៗខ្លួនបានរឹងមាំ។ ទី២. កាយរឹទ្ធិជាតិកម្ពុជាត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួង-ស្ថាប័ន, អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និង គ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិនានា, ទាំងថ្នាក់តំបន់ និង ពិភពលោក, សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា, និង អភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និងពិភពលោក ។ ទី៣. ត្រូវបន្តរៀបចំ និង ជួយពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និង សកម្មភាពការងាររបស់កាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ឱ្យមានដំណើរការកាន់តែប្រសើរ ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និង គ្រប់គ្រងកម្លាំងកាយរឹទិ្ធរបស់យើង។ ទី៤. គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ឯកជន ដែលពុំទាន់បានរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង កាយរឹទិ្ធជាតិកម្ពុជា ដើម្បីរៀបចំការផ្សព្វផ្សាយអំពីការងារកាយរឹទិ្ធកម្មដល់ប្អូនៗនិសិ្សត ។ ទី៥. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅតាមគ្រឹះស្ថានសិក្សាឱ្យក្លាយទៅជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ។ ទី៦. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុស និង ផ្សព្វផ្សាយចលនាកាយរឹទិ្ធនៅគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរធនធាន ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំកាយរឹទិ្ធកម្ម និង សកម្មភាពរបស់កាយរឹទិ្ធជាតិកម្ពុជា ។ និង ទី៧. អំពាវនាវដល់សប្បុរសជន, ទាំងវិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និង មធ្យោបាយនានា ដើម្បីជំរុញការងារអប់រំកាយរឹទិ្ធកម្មនេះ ឱ្យកាន់តែរស់រវើក និង មានប្រសិទ្ធភាព ។

សម្ដេចធិបតី៖កត្តារួបរួមគ្នាស្នេហាជាតិ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ

2025/06/17 05:49:14 pm        146
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កត្តារួបរួមគ្នាស្នេហាជាតិនេះ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ មានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ខណៈប្រវត្តិសាស្រ្ដបានបង្ហាញយ៉ាងច្បាស់ថា កត្តាគ្មានសាមគ្គីភាពផ្ទៃក្នុង ការបែកបាក់គ្នា បានធ្វើឱ្យប្រទេសយើងបែកបាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ។​ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីការរួបរួមគ្នា ធ្វើឱ្យកម្ពុជាទទួលបានសុខសន្ដិភាពរយៈពេលជាង ៤០ ឆ្នាំមកនេះ។ ហើយរហូតមកដល់ពេលនេះកម្ពុជាអាចម្ចាស់ការលើការរៀបគោលនយោបាយ និងកិច្ចការងារអភិវឌ្ឍប្រទេសជាតិដោយខ្លួនឯង និងអាចពឹងដង្ហើមរស់ដោយខ្លួនឯងបាន។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរួបរួមសាមគ្គីគ្នា ក្នុងកាលៈទេសៈកម្ពុជា កំពុងប្រឈមមុខជាមួយថៃលើបញ្ហាវិវាទព្រំដែន និងត្រូវចូលរួមលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ កុំចាញ់កលព័ត៌មានប្រឌិតរបស់ក្រុមអ្នកនយោបាយជ្រុលនិយមទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតប​នឹង​ការ​កើន​ឡើង​នៃ​កិ​ច្ច​សហ​ប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ
04/23/2026 02:04 PM
អង់គ្លេស និងបារាំង ឯកភាពគ្នាលើកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំ ដើម្បីបញ្ឈប់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍
04/23/2026 02:04 PM
លោក ERDOGAN សម្តែងការគាំទ្រចំពោះសន្តិភាព និងការទូត នៅក្នុងជម្លោះមជ្ឈិមបូព៌ា
04/23/2026 02:04 PM
បេសកជន UN ជួបជាមួយក្រុមហ៊ួទី ដើម្បីជំរុញកិច្ចប្រឹងប្រែងសន្តិភាពយេម៉ែន និងអំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំ
04/23/2026 02:04 PM
វិនិយោគិនចិនជិត ៣០រូប ចុះមកឈ្វេង​យល់ផ្ទាល់អំពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកាត់ដេរ
04/23/2026 02:04 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខា RBC នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
04/23/2026 01:04 PM
អតីតពលករត្រឡប់មកពីថៃ បន្តអំពាវនាវពលរដ្ឋខ្មែរនៅថៃងាកមកធ្វើការក្នុងស្រុកដែលកំពុងមានតម្រូវការការងារ​ច្រើន​
04/23/2026 01:04 PM
ប្រធានាធិបតីរុស្ស៊ី និយាយថា លោកនឹងជួបមេដឹកនាំអ៊ុយក្រែន តែក្នុងដំណាក់កាលឈានទៅបញ្ចប់សង្គ្រាមប៉ុណ្ណោះ
04/23/2026 12:04 PM
ប្រធានអង្គការដែនសមុទ្រអន្តរជាតិ ជំរុញឱ្យបន្ធូរបន្ថយភាពតានតឹង ខណៈការវាយប្រហារលើការដឹកជញ្ជូនទំនិញកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា
04/23/2026 12:04 PM
ប្រភពព័ត៌មានបាននិយាយថាអាមេរិកស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់បីគ្រឿងនៅក្នុងដែនទឹកអាស៊ី
04/23/2026 12:04 PM