សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសុវត្ថិភាព និងវិបុលភាព

2025/09/27 01:32:50 am        433
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងកម្ពុជា និងជំរុញអាទិភាពរួមក្នុងការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។ បើតាម ទំព័រហ្វេសប៊ុក របស់ ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នៅទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសុវត្ថិភាព និងវិបុលភាព។ឯកឧត្ដម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការគោរពនូវបទឈប់បាញ់លើជម្លោះព្រំដែន និងប្រែក្លាយឱ្យទៅជាសន្តិភាពរឹងមាំ និងយូរអង្វែង។ លោកសមាជិកសភា Smith ក៏បានជួបប្រជុំជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ សីហា ដើម្បីពិភាក្សាអំពីសន្តិសុខលំហសមុទ្រ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងការធានាឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។គួរបញ្ជាក់ថា គណៈប្រតិភូសភា ដែលអញ្ជើញជួបពិភាក្សាការងារនេះ ដឹកនាំដោយ ឯកឧត្ដម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington, ឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington, និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

2025/09/26 11:15:40 pm        372
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់សារជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ក៏ដូចជាជាមួយប្រទេសជិតខាងដោយសន្តិវិធី និងច្បាប់អន្តរជាតិ។ ​សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។សម្តេចធិបតី បានគូសបញ្ជាក់ថា បទពិសោធនៃសង្គ្រាមដ៏រ៉ាំរៃរបស់កម្ពុជាបានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេពោលគឺមានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ។ សម្តេចធិបតី បានថ្លែងថា ចំពោះយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋបាលខេត្តទាំង៧ នៅជាប់ព្រំដែនថៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

2025/09/26 04:06:07 am        231
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ១.៨៥០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទួលសុវត្ថិភាព ក្នុងនោះមានចំនួន ៩៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី និងចំនួន ៩០០គ្រួសារ រស់នៅខេត្តរតនគិរី។ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមន្រ្តីតំណាងមកពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកនៅខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ ក្នុងនោះស្រុកកែវសីមា ចំនួន ១៥៩គ្រួសារ និងស្រុកកោះញែក ចំនួន ៧៩១គ្រួសារ។ ដោយឡែក ខេត្តរតនគិរី ចំនួន ៩០០គ្រួសារ ក្នុងនោះ ស្រុកកូនមុំ ចំនួន ៤០០គ្រួសារ និងស្រុកលំផាត់ ចំនួន ៥០០គ្រួសារ។សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

ព្រឹកស្អែកសម្ដេចធិបតី នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន ៧

2025/09/25 11:32:48 pm        566
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ចំនួន ៧។របៀបវារៈទាំង៧នោះរួមមាន៖១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាព ម្ហូបអាហារអាស៊ាន ។២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទី រូបវន្តបុគ្គល។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។៧- បញ្ហាផ្សេងៗ ។

ឯកអគ្គរដ្ឋទូតប្រេស៊ីល គាំទ្រការដោះស្រាយបញ្ហាដោយសន្ដិវិធីរវាងកម្ពុជា និងថៃ និង​ជំរុញ​ការ​អនុវត្ត​បទ​ឈប់បាញ់

2025/09/25 07:08:50 pm        379
លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណ​រដ្ឋ​សហព័ន្ធ​ប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបង្កើតស្ថានទូតថ្មីនៅកម្ពុជា បាន​ប្រកាស​គាំទ្រ​ការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្ដិវិធី និងជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​អនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន។លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បាន​បញ្ជាក់​បែប​នេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា បានអនុញ្ញាតឱ្យជួបប្រគល់សារតាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅ​វិមានព្រឹទ្ធសភា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅ​ក្នុង​ឱ្យ​កាស​ជំនួប​នេះ ​សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក៏បានរំលេចឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានកា​រណ៍​បញ្ហា​ព្រំដែន​រវាងកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់លោកជំទាវ អំពីសារបាន​ដើម​ទង​កើន​ឡើង​នៃ​ជម្លោះ​ព្រំដែនប្រទេសទាំងពីរ។ ឆ្លើយតបទៅ​នឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល បាន​បញ្ជាក់​ថា ប្រេស៊ីល គាំទ្រនូវការដោះស្រាយបញ្ហាដោយសន្ដិវិធី រវាងកម្ពុជា និងថៃ, លោក​ជំទាវ​ក៏​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកកា​រ​ដោះ​ស្រាយ​បញ្ហា​វិល​មក​រក​ប្រក្រតី​ភាពឡើងវិញ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ម្ដងហើយម្ដងទៀត នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និង​ឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ចំពោះជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈ​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ប្រកាន់​ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង​នោះ​ឡើយ៕

ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្ដេជ្ញាជំរុញទំនាក់ទំនងទាំងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ​ជាមួយ​កម្ពុជា​ឱ្យ​រីក​ចម្រើន

2025/09/25 06:53:59 pm        297
លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណ​រដ្ឋ​សហព័ន្ធ​ប្រេស៊ីល​ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបង្កើតស្ថានទូតថ្មីនៅកម្ពុជា បានប្ដេជ្ញា​ជំរុ​ញ​ទំនាក់ទំនងទាំងផ្នែក នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាពិសេសជំរុញវិស័យ សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន។លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បាន​បញ្ជាក់​បែប​នេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បានអនុញ្ញាតឱ្យជួបប្រគល់សារតាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២៥​នេះ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាស​ជំនួប​នោះ​សម្ដេច​តេជោ ហ៊ុន សែន ក្នុងបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បា​ន​ស្វាគមន៍​ចំពោះ​លោកជំទាវ ហើយសម្ដេចបាន​ចាត់​ទុក​វត្ត​មាន​លោក​ជំទាវ​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​នឹង​ក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេច​តេជោ បាន​បង្ហាញ​នូវ​ក្ដីរីករាយ​ដែល​សហព័ន្ធ​ប្រេស៊ីល​បាន​ដាក់​នូវ​ស្ថាន​ទូត​នៅ​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​លើកដំបូង ដែលនេះគឺជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង​ប្រេស៊ីល​ឱ្យកាន់តែរីកចម្រើន។ ក្នុងឱកាសនោះ​លោក​ជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានសម្ដែងនូវការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ​ប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម និង​ប្រគល់​សារ​តាំងជូ​នដល់សម្ដេចក្នុងឱកាសនេះ។ លោកជំទាវជម្រាបជូនសម្ដេចតេជោថា ក្នុង​បេសក​កម្ម​របស់​លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺធ្វើយ៉ាងណាជំរុ​ញ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និងប្រេស៊ីលឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងថែមទៀត ជា​ពិសេស​ការ​ជំរុញ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការកើនឡើង។ លោក​ជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល ក៏បានរំលេច​អំពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​នានា​រវាង​កម្ពុជា និងប្រេស៊ីល ក្នុងនោះក៏មានការពង្រីកទំនាក់ទំនងទាំងរដ្ឋាភិបាលផង និងស្ថាប័ន​នីតិប្បញ្ញត្តិ​ដែរ​ដោយលោក​ជំទាវ​នឹង​ជំរុ​ញ​ឱ្យ​ប្រទេស​ទាំង​ពីរ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ ចំពោះការលើកឡើងរបស់ លោកជំទាវ ឯកអគ្គ​រដ្ឋទូតប្រេស៊ីល ចំពោះការជំរុញនូវវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ភាព​រីក​ចម្រើនកើនឡើង។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងដ៏ល្អទៅ​មុខ​លឿន​បាន​គឺ​អាស្រ័យ​លើ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដូច្នេះឯងប្រសិនបើប្រទេសទាំងពីរ រដ្ឋាភិបាល​ទាំង​ពីរ ខិតខំប្រឹងប្រែងពង្រីកពាណិជ្ជកម្មជាមួយគ្នាឱ្យមានការកើនឡើង គឺជាផ្នែក​នៃ​ការ​រុញ​ច្រាន​ទំនាក់​ទំនង​ឱ្យកាន់តែល្អទៅជាមួយគ្នាផងដែរ។ សម្ដេចតេជោ ក៏បានស្វាគមន៍ចំពោះគំនិតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតប្រេស៊ីល ចំពោះ​ការ​ពង្រីក​ទំនាក់​ទំនងលើផ្នែកស្ថាប័ននីតិប្បញ្ញត្តិ ឬសភារវាងប្រទេសទាំងពីរ ដោយ​សម្ដេច​តេជោ​បាន​បញ្ជាក់​នូវ​គំនិតផ្គួចផ្ដើមថា ប្រទេសទាំងពីរគួរតែ​បង្កើត​នូវ​ក្រុម​មិត្ត​ភាព​សភា​នៃ​ប្រទេស​ទាំង​ពីរ​ទាំង​ស្ថាប័នរដ្ឋសភា និងស្ថាប័នព្រឹទ្ធសភា ដើម្បីឱ្យស្ថាប័ននីតិប្បញ្ញត្តិនេះអាចធ្វើការ និង​ពង្រីក​នូ​​វការទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា៕ 

​​សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិន២៧ឆ្នាំមុន ខ្ញុំស្លាប់ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ

2025/09/25 02:26:14 am        260
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារថា ប្រសិនកាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ សម្ដេចត្រូវបានបាញ់ប្រហារដល់បាត់បង់ជីវិត ឬត្រូវរបួស នោះប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ។សម្តេចបង្ហោះសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ថ្ងៃ២៤ កញ្ញា ២០២៥ នេះ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារដើម្បីសម្លាប់សម្ដេចតេជោ នៅទីរួមខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨-២៤ កញ្ញា ២០២៥)។ ជាសំណាងល្អ ខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ ឈ្នះដើម្បីបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាន នៅថ្ងៃ២៩ ធ្នូ ១៩៩៨។ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវ នាព្រឹកថ្ងៃ២៤ កញ្ញា ១៩៩៨ទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះ បានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួស ក៏ទីរួមខេត្តសៀមរាបនិងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់។គិតពី ថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន ២៧ឆ្នាំ រួចមកហើយ និងសង្ឃឹមថា នឹងរស់បានតិចបំផុត ២៧ឆ្នាំបន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង ៤០ឆ្នាំ និងក្រោម៥០ឆ្នាំ៕

សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ

2025/09/24 01:24:00 am        976
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជំហរកម្ពុជានេះនឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​​​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ។ ថៃអាចបន្តបិទ សូម្បី​១០០​ឆ្នាំ​ទៀត​ក៏​កម្ពុជា​មិន​ស្លាប់​ដែរ។តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែល​កំពុង​ត្រូវ​បាន​សម្រប​សម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និង​របួស​ទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនា​សម្ព័ន្ធ​មិន​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​សង្គ្រាម​ផ្ទុះ​ឡើងវិញនោះឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែល​កន្លងមកនេះមានការនិយាយច្រើន ដែលខាង​កម្ពុជា​ភាគ​ច្រើន​ចេញ​ពី​បង​ប្អូន​អ្នក​លេង​បណ្តាញ​សង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិន​មាន​អ្នក​ណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់​មជ្ឈ​ដ្ឋាន​ចេញ​មក​និយាយ​យ៉ាង​ច្រើន​ដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។»សម្ដេចតេជោ បានរម្លឹកថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជា​មិន​ដែល​បាន​សុំ​ភាគី​ថៃ​បើក​ច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺ​ជា​អ្នក​បើក​មិន​បាច់​ចរចា​ជាមួយកម្ពុជាទេ ហើយកម្ពុជានិងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរកម្ពុជានេះ និងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទ​សូម្បី​១០​០​ឆ្នាំ​ទៀត​ក៏​កម្ពុជា​មិន​ស្លាប់​ដែរ​។ សម្ដេចតេជោគូសបញ្ជាក់ដែរថា សម្ដេច​គួរតែអរគុណថៃ ដែលតាម​រយៈ​ការ​បិទ​ព្រំដែន​ជា​ឯក​តោភា​គី​នេះទំ​និញថៃនាំចូលមិនបាន ធ្វើឲ្យ​ទំនិញ​កម្ពុជា​ដែល​ផលិត​ក្នុង​ស្រុក​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែល​នេះ​ និងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ ជាង៣ខែ​អត់​ទំនិញ​ថៃ​ទីផ្សារ​កម្ពុជា​មាន​ស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណា​ទាប​និយាយ​ដោយ​ឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។សម្ដេចតេជោបន្តទៀតថា សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង ដែល​ត្រូវ​ការ​ដឹក​ទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះ​ភាគី​កម្ពុជា​បាន​ផ្តល់​ការយល់ព្រមរួចហើយ។ សម្ដេចតេជោ ក៏បានអំពាវនាវផងដែរ​សូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុក​លទ្ធភាព​ឲ្យ​រាជ​រដ្ឋាភិបាល​បន្ត​ដោះស្រាយដោយសន្តិវិធី។ យើងមិនអាចយក​សង្រ្គាមដើ​ម្បី​បញ្ចប់​សង្គ្រាម​បាន​ទេ​៕​

សម្ដេចធិបតី រាជរដ្ឋាភិបាលកំពុងអនុវត្តគ្រប់មធ្យោបាយដើម្បីជួយឱ្យយោធិនទាំង១៨រូបបានត្រលប់មកវិញ

2025/09/21 05:32:16 pm        375
ភ្នំពេញ ៖តាមរយៈសារពិសេសផ្ញើជូនជនរួមជាតិកម្ពុជា «ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ» នៅថ្ងៃទី២១ កញ្ញា ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលមិនដែលភ្លេចឡើយនូវយោធិនទាំង១៨រូប ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឃុំគ្រងដោយភាគីថៃ។ ខណៈរាជរដ្ឋាភិបាលកំពុងអនុវត្តគ្រប់មធ្យោបាយដើម្បីព្យាយាមជួយឱ្យពួកគាត់ធ្វើមាតុភូមិនិវត្ត និងជួបជុំគ្រួសារឱ្យបានឆាប់រហ័សជាទីបំផុត និងប្រកបដោយសុវត្ថិភាព។ បើតាមក្រសួងការពារជាតិកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែកញ្ញានេះ គឺមានរយៈពេល ៥៤ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាបន្ត អំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ក្នុងឱកាសភ្ជុំបិណ្ឌនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាលដែលបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ និងស្រុកកំណើត ដើម្បីបម្រើ និងការពារជាតិមាតុភូមិនៅតាមខ្សែត្រៀមជួរមុខទាំងអស់។ដោយសារវីរភាពមិនអាចកាត់ថ្លៃបានរបស់បងប្អូនវីរកងទ័ព និងវីរនគរបាលគ្រប់រូប ទើបប្រជាជនខ្មែរយើងនៅទូទាំងប្រទេសអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនាពេលនេះបាន។

សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋគោរពច្បាប់ចរាចរណ៍ដើម្បីរក្សាសុវត្ថិភាពនៅតាមដងផ្លូវទាំងអស់គ្នា

2025/09/21 05:25:32 pm        190
ភ្នំពេញ ៖ តាមរយៈ សារពិសេសផ្ញើជូនជនរួមជាតិកម្ពុជា «ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃអាទិត្យ ទី២១ កញ្ញា ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវការគោរពច្បាប់ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរក្សាសុវត្ថិភាពនៅតាមដងផ្លូវទាំងអស់គ្នា។ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចូលរួមជាមួយបងប្អូនជនរួមជាតិទាំងអស់ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរប្រកបដោយសេរីសួស្ដី និងជ័យមង្គល។ សម្ដេចធិបតីបានថ្លែងថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក សម្រាប់ប្រជាពលរដ្ឋខ្មែរធ្វើបុណ្យ សាងកុសលដើម្បីឧទ្ទិសជូនបុព្វការីជន និងអ្នកមានគុណ ព្រមទាំងជាឱកាសដ៏ថ្លៃថ្លាសម្រាប់ជួបជុំគ្រួសារ បងប្អូនញាតិមិត្តិជិតឆ្ងាយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះមន្រ្ដីរាជការគ្រប់លំដាក់ថ្នាក់ កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំអស់ដែលនៅប្រចាំការបម្រើការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ។ បើតាមរបាយការណ៍របស់ស្នងការនគរបាលជាតិបានឱ្យដឹងថា រយៈពេល៧ថ្ងៃគិតចាប់តាំងពីថ្ងៃបុណ្យកាន់បិណ្ឌទី១ដល់បិណ្ឌទី៧ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញានេះនៅទូទាំងប្រទេសកម្ពុជា គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៤៥ករណីបណ្តាលឱ្យមានមនុស្សស្លាប់៣៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៥៤នាក់។ ដោយឡែកពីថ្ងៃទី១៨ខែកញ្ញាដល់ថ្ងៃទី១៩ ខែកញ្ញានេះនៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់កើតឡើង១៤ករណី (យប់៨ករណី) បណ្ដាលឱ្យមានមនុស្សស្លាប់១២នាក់ និងរបួស  ធ្ងន់ស្រាលចំនួន ២០ នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM
កម្មករ ៣នាក់ស្លាប់ ក្នុងឧបទ្ទេហេតុក្នុងរោងចក្រផលិតគ្រឿងបង្គុំក្រុមហ៊ុន Tata Electronics ប្រទសឥណ្ឌា
11/10/2026 06:11 PM