សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តព្រះវិហារ
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា និងឃីត ដល់បណ្តាខេត្ត សម្រាប់ឧបត្ថម្ភពលរដ្ឋកម្ពុជា ដែលវិលត្រឡប់មកស្រុកកំណើតវិញ

2021/04/27 02:59:58 am        208
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាបន្ថែមសរុបចំនួន១,៧៦០,០០០,០០០រៀល(មួយពាន់ ប្រាំពីររយ ហុកសិបលានរៀល) ដល់បណ្តាខេត្តចំនួន១៩ និងឃីត សរុបចំនួន៣០០០ ជូនដល់បណ្តាខេត្តចំនួន១១ផ្សេងទៀត សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ដើម្បីធ្វើចត្តាឡីស័ក។បើតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មាននារសៀលនេះថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តបានឲ្យរៀបចំចាត់ចែង ថវិកា និងឃីតបន្ថែម ជូនទៅកាន់បណ្តាខេត្តនានា សម្រាប់ត្រៀមពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ លោកជំទាវ វេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ខេត្ត ដែលទទួលបានថវិកា និងសម្ភារៈឃីតបន្ថែមរបស់សម្តេចតេជោ រួមមាន៖១. ខេត្តបាត់ដំបង ទទួលបានថវិកា១៥០លានរៀល និងឃីត ចំនួន៤០០២. ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា២០០លានរៀល និងឃីត ចំនួន៤០០៣. ខេត្តប៉ៃលិន ទទួលបានថវិកា ៦០លានរៀល ៤. ខេត្តកោះកុង ទទួលបានថវិកា ២០លានរៀល៥. ខេត្តពោធិ៍សាត់ ទទួលបានថវិកា ២០០លានរៀល និងឃីត ចំនួន៥០០៦. ខេត្តព្រះវិហារ ទទួលបានថវិកា៤០លានរៀល និងឃីត ចំនួន២០០៧.ខេត្តកណ្តាល ទទួលបានថវិកា ១៨០លានរៀល ៨.ខេត្តស្វាយរៀង ទទួលបានថវិកា ៦០លានរៀល និងឃីត ចំនួន២០០៩.ខេត្តព្រៃវែង ទទួលបានថវិកា ២២០លានរៀល និងឃីត ចំនួន៣០០១០. ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៨០លានរៀល១១. ខេត្តក្រចេះ ទទួលបានថវិកា ៧០លានរៀល និងឃីត ចំនួន១០០១២. ខេត្តតាកែវ ទទួលបានថវិកា ២០លានរៀល១៣. ខេត្តកំពង់ចាម ទទួលបានថវិកា ៥០លានរៀល១៤. ខេត្តកែប ទទួលបានឃីត ចំនួន១០០១៥. ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ២០លានរៀល១៦. ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ៥០លានរៀល និងឃីត ចំនួន២០០១៧.ខេត្តកំពង់ធំ ទទួលបានថវិកា ៣០លានរៀល និងឃីត ចំនួន៤០០១៨. ខេត្តស្ទឹងត្រែង ទទលបានថវិកា ១០លានរៀល១៩. ខេត្តព្រះសីហនុ ទទួលបានថវិកា ១៥០លានរៀល២០. ខេត្តសៀមរាប ទទួលបានថវិកា ១៥០លានរៀលហើយខេត្តដែលទទួលបានថវិកាទាំង១៩នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន១៦២៧៩នាក់ និងខេត្ត ដែលទទួលបានសម្ភារៈឃីត ទាំង១១នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន៧៤០៧នាក់៕អត្ថបទ ៖ រដ្ឋា

កង​កម្លាំង​សន្តិសុខ​​មី​យ៉ាន់​ម៉ា​បាញ់​សម្លាប់​បាតុករ ១៥​នាក់ ខណៈ​របប​យោធា​ចោទ​ពួកគេ​ថា​កំពុង​បំផ្លាញ​ប្រទេស​ជាតិ​

2021/04/27 02:59:58 am        177
​មី​យ៉ាន់​ម៉ា​៖ កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ១៥​នាក់ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស ស្រប​ពេល​ដែល​របប​សឹក​យោធា​ចោទប្រកាន់​ពួកគេ​ថា ​កំពុង​បំផ្លាញ​ប្រទេសជាតិ។​​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង ដែល​ជា​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា ផ្តួល​រំលំ​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លង​ទៅ​បាន​និយាយ​ថា គោល​បំណង​ចលនា​បះបោរ​របស់​ជន​ស៊ីវិល ​គឺ​ដើម្បី​បំផ្លិចបំផ្លាញ​ប្រទេសជាតិ។​ ​ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា យោធា​កំពុង​បាត់បង់​ការ​គ្រប់​គ្រង​របស់​ខ្លួន។​ ​មាន​នូវ​ករណី​ផ្ទុះ​ទ្រង់ទ្រាយ​តូច​ផង​ដែរ ​នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​យ៉ាង​ហ្គោ​ន ហើយ​រោងចក្រ​ចិនរង​ការ​ដុត​បំផ្លាញ។​ យោង​តាម​ការ​អះ​អាងរ​បស់​ក្រុម​សកម្មជន​បាន​ឲ្យ​ដឹង​ថា ជន​ស៊ីវិល​ប្រហែល ៦០០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ អំឡុង​ភាព​ច្របូកច្របល់​មួយ​នេះចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ។ ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​នៅតែ​បន្ត​ទូទាំង​ប្រទេស ថ្វីត្បិតតែ​មានការ​បង្ហូរ​ឈាម​គ្នា​ក៏ដោយ។​​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ ​(AAPP) បាន​និយាយ​ថា បច្ចុប្បន្ន​យោធា​ផ្តោត​សំខាន់​លើ​វិធានការ​បង្ក្រាប​របស់​ខ្លួន ​នៅ​តាម​តំបន់​ជនបទ។​ នៅ​ទីក្រុង​ភាគ​ពាយព្យកាឡេ កងកម្លាំង​សន្តិសុខបាន​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត គ្រាប់បែក និង​កាំភ្លើងយន្តបាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ ដែល​ទាមទារ​ឲ្យ​ស្តារ​ឡើង​វិញ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី។ មនុស្ស​យ៉ាង​ហោច ៨​នាក់​បាន​ស្លាប់​នៅ​ទីនោះ៕អត្ថបទ៖ សារ៉ាត់

ថវិកា​២០០​លាន​រៀល​ជា​អំណោយ​ដ៏​មហា​សប្បុរស​របស់​មហា​ឧបាសិក ប៊ុន ស៊ាងលី ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

2021/04/27 02:59:58 am        118
ភ្នំពេញ ៖ ថវិកា​ចំនួន ២០០​លាន​រៀល ឬ​ខ្ទង់ ៥​ម៉ឺន​ដុល្លារ ដែល​ជា​អំណោយ​ដ៏​មហា​សប្បុរស​របស់​អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី មាតា​បង្កើត​របស់​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​នេះ។អំណោយ​ជា​ថវិកា​នេះ ត្រូវ​បាន​លោ​ក​ជំទាវ ប៊ុន សុថា ប្អូន​ស្រី​ពៅ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តំណាង​របស់​សម្ដេច​ទាំង​ពីរ នាំ​យក​ទៅ​ប្រគល់​ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​មាន​តំណាង​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ឯកឧត្ដម ចន ណារិទ្ធ និង​តំណាង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent)។លោក​ជំទាវ ប៊ុន សុថា មាន​ប្រសាសន៍​ថា អំណោយ​ដ៏​មហា​សប្បុរស​នេះ គឺ​ជា​ការ​ចូលរួម​ចំណែក​ជួយ​ទ្រ​ទ្រង់​ដល់​ការ​ផ្ដល់​សេវា​ព្យបាល​ដល់​កុមារ​កម្ពុជា ដែល​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ។លោកជំទាវ​បាន​មាន​ប្រសាសន៍​បន្ត​ថា អំណោយ​ជា​ថវិកា​នេះ បាន​មក​ពី​បច្ច័យ​នៃ​មហា​បុណ្យ​កុសល​របស់​អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី សម្រាប់​ទុក​បរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។បើ​តាម​លោក​ជំទាវ ប៊ុន សុថា អំណោយ​មហា​សប្បុរស​របស់​​​អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវ​បាន​ប្រគល់​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធាបុប្ផា​ចំនួន ២​លើក​​ហើយ ក្នុង​នោះ​អំណោយ​ជា​ថវិកា​លើក​ទី​១​មាន​ចំនួន​ ៥​ម៉ឺន​ដុល្លារ​ផង​ដែរ។ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា ឯកឧត្ដម ចន ណារិទ្ធ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​នាំ​យក​អំណោយ​ជា​ថវិកា​នេះ​ប្រគល់​ជូន​ដល់​មូលនិធិ​គន្ធ​បុប្ផា និង​តែង​តែ​គិត​គូ​ដល់​ចិរភាព​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ដើម្បី​ផ្ដល់​ការ​ព្យាបាល​ជូន​ដល់​កុមារ​កម្ពុជា​ទូទាំង​ប្រទេស។ឯកឧត្ដម ចន ណារិទ្ធ ក៏​បាន​បួង​សួង​ដល់​ទេវតា​ជួយ​ប្រសិទ្ធពរ​ជ័យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​​អ្នក​ឧកញ៉ា​មហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី សូម​បាន​ស្ថិត​ក្នុង​ទី​ឋាន​ដ៏​បរម​សុខ​៕អត្ថបទ ៖ សុខធី

WHO៖ អត្ថប្រយោជន៍​វ៉ាក់សាំង​បង្ការ​ COVID-19​ របស់​ក្រុមហ៊ុន AstraZeneca មាន​ច្រើនជាង​ហានិភ័យ​

2021/04/27 02:59:58 am        475
​ស្វីស៖ លោក ​រ៉ូ​ហ្គេ​រី​យ៉ូ ហ្គា​ស្ប៉ា ​ប្រធាន​និយតកម្ម​អង្គការ​សុខភាព​ពិភពលោក ​(WHO) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អង្គការ​របស់​លោករំពឹង​ថា គ្មាន​ហេតុផល​ត្រូវ​ផ្លាស់ប្ដូរ​ការវាយតម្លៃ​ចុង​ក្រោយ​របស់​ខ្លួន​ថា អត្ថប្រយោជន៍វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​របស់​ក្រុមហ៊ុន Astra​Zeneca ដែល​ជា​ក្រុមហ៊ុន​សហការ​រួមគ្នា​រវាង​អង់គ្លេស និង​ស៊ុយអែត​មាន​ច្រើនជាង​ហានិភ័យ​នោះ​ទេ។​​លោក ​ហ្គា​ស្ប៉ា បាន​និយាយ​ថា អង្គការ WHO ​កំពុង​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ទិន្នន័យ​ចុង​ក្រោយ​គេ​ជាមួយ​នឹង​អឺរ៉ុប និង​ក្រុម​និយតករ​ផ្សេងទៀត ក្រោយ​មាន​របាយការណ៍​ពី​បញ្ហា​ឈាមកក​ នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ទទួល​បាន​វ៉ាក់សាំង​ខាងលើ។​ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​និយតករ​ឱសថ​អឺរ៉ុប​បាន​និយាយ​ថា មាន​នូវ​ការ​ផ្សារភ្ជាប់​ច្បាស់លាស់​រវាង​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​របស់​ក្រុមហ៊ុន AstraZeneca និង​បញ្ហា​ឈាមកក​ដ៏​កម្រ​នៅ​ក្នុង​ខួរក្បាល ថ្វីត្បិតតែ​មូលហេតុ​ដោយ​ផ្ទាល់នៅ​មិនទាន់​បាន​ដឹង​ក៏ដោយ។​ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប ​(EMA) បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ ក្រោយ​សេចក្តី​អធិប្បាយ​របស់​លោក ម៉ា​កូ កា​វ៉ា​លឺ​រី ប្រធាន​​ក្រុម​វាយតម្លៃ​វ៉ាក់សាំង​ថា ពួកគេ​នៅ​ពិនិត្យមើល​វ៉ាក់សាំង​មួយ​នេះ ហើយ​រំពឹង​ថា​នឹង​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​រក​ឃើញ​នៅ​ថ្ងៃ​ពុធ ឬ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។​​លោក​ ហ្គា​ស្ប៉ា បន្ត​ទៀត​ថា អង្គការ WHO រំពឹង​ថា​នឹង​ឈាន​ដល់​ការវាយតម្លៃ​ថ្មី​នៅ​ថ្ងៃ​ពុធ ឬ​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ជំនួប​របស់​ក្រុមប្រឹក្សា​សុវត្ថិភាព​ឱសថ ប៉ុន្តែ​ពួកគេ​គ្មាន​ជំនឿ​ថា មាន​ហេតុផល​ត្រូវ​ផ្លាស់ប្ដូរសេចក្តី​ណែនាំ​របស់​ពួកគេ​ដែល​ថា អត្ថប្រយោជន៍​របស់​វ៉ាក់សាំង មាន​ច្រើនជាង​ហានិភ័យ​នោះ​ទេ។​ លោក​បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រ​ទស​ស្វី​ស​ថា អ្វី​ដែល​យើង​អាច​និយាយ​បាន គឺ​ការវាយតម្លៃ​ដែល​យើង​មាន​សម្រាប់​ពេលនេះ គឺ​ការ​វាយ​តម្លៃ​ថា អត្ថប្រយោជន៍​-​ហានិភ័យ​សម្រាប់​វ៉ាក់សាំងនៅតែ​វិជ្ជមាន​ដដែល ៕អត្ថបទ៖ សារ៉ាត់

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ពិភព​លោក​ជួប​ជុំគ្នា​នៅ​ទីក្រុង​វី​យែ​ន​ពិភាក្សា​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

2021/04/27 02:59:58 am        78
​អូទ្រីស៖ គណៈប្រតិភូ​មកពី​ទីក្រុង​វ៉ា​ស៊ីនតោន និង​ទីក្រុង​តេ​អេ​រ៉ង់​បាន​ជួប​គ្នា​ដោយ​ប្រយោល ពិភាក្សា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈ​ដែល​សហរដ្ឋអាមេរិក​មិន​រំពឹង​ថា ​នឹង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ភ្លាមៗ​នោះ។​​កាលពី​ថ្ងៃ​អង្គារ ប្រទេស​ម្ចាស់​ហត្ថលេខី​ដែល​សេសសល់ ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ បាន​ជួបជុំគ្នា​នៅ​ក្នុង​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស សម្រាប់​កិច្ចពិភាក្សា​ជុំ​ដំបូង ចាប់​តាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិក លោក​ ចូ បៃ​ដិ​ន ឡើង​កាន់​អំណាច។ គណៈប្រតិភូ​សហ​រដ្ឋអាមេរិកមិនបាន​ចូលរួម​ដោយ​ផ្ទាល់​នោះ​ទេ។​ ​មន្ត្រី​ការទូត​ជាន់ខ្ពស់​មកពី​រុស្ស៊ី ចិន បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​ជួប​ប្រជុំ​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ សម្រាប់​ការពិគ្រោះ​យោបល់​ដែល​មាន​គោលដៅ​ ត្រួស​ត្រាយផ្លូវ​ឲ្យ​ទីក្រុង​វ៉ា​ស៊ីនតោនវិលត្រឡប់​ មកកាន់​កិច្ចព្រមព្រៀង​នុយ​ក្លេ​អ៊ែរ​អ៊ីរ៉ង់។​ ​ទីក្រុង​តេ​អេ​រ៉ង់​បាន​និយាយ​នៅមុន​ជំនួប​នេះ​ថា មាន​នូវ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ប្រយោល​រវាង​មន្ត្រី​ការទូត​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក ក្នុងនាម​មិន​មែន​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​មួយ​នេះ ប៉ុន្តែ​ពួកគេ​នឹង​រក្សា​បច្ចុប្បន្នភាព ពេល​ដែល​កិច្ចប្រជុំ​នៅ​តែ​បន្ត​ទៅមុខ។​​លោក អា​លី រ៉ា​ប៊ី​អេ អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ នៅ​ថ្ងៃ​អង្គារបាន​ស្វាគមន៍​សេចក្តី​អធិប្បាយ​កាល​ពី​ពេល​កន្លងទៅ ​រប​ស់​ទីក្រុង​វ៉ា​ស៊ីន​តោន​ថា ពួកគេ​អាច​នឹង​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញពី​អ៊ីរ៉ង់។​ ​លោក ​រ៉ា​ប៊ី​អេ បាន​និយាយ​ថា ពួក​យើង​យល់​ឃើញ​ថា ជំហរ​មួយ​នេះ​ប្រាកដនិយម និង​ជោគជ័យ​។ វា​នឹង​អាច​ចាប់ផ្ដើម​កែកុន​រឿងរ៉ាវ​អាក្រក់​ ដែល​បាន​បញ្ចប់​វិស័យ​ការទូត​រវាង​ប្រទេស​ទាំង​២។​ ​ខណៈ​ពេល​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោក ណេ​ដ ប្រាយ បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កិច្ចប្រជុំ​ដំបូង​ធ្វើឡើង​ដោយ​ប្រទេស​ជា​ដៃគូ​សហរដ្ឋអាមេរិកនៅ​ទីក្រុង​វី​យែ​ន ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ីរ៉ង់គឺជា​ជំហាន​ស្ថាបនា និង​ស្វាគមន៍ បើ​ទោះ​បី​វា​ជា​កិច្ចប្រជុំ​ដោយ​ប្រយោល​ក៏ដោយ។ ​សូម​បញ្ជាក់​ថា អ៊ីរ៉ង់បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ​ជាមួយ​ប្រទេស​មហាអំណាច​ ៥+១ (​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស + អាល្លឺម៉ង់​) កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​អតីត​លោក​ប្រធានាធិបតី ​ដូ​ណា​ល់ ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​មួយ​នេះ​វិញ ​កាលពី​ឆ្នាំ​២០១៨ ​កន្លងទៅ៕អត្ថបទ៖ សារ៉ាត់

សម្ដេច​តេជោ​ ហ៊ុន សែន កោត​សរសើរ​រដ្ឋ​មន្ត្រី ជា សុផារ៉ា ដែល​បាន​​​ផ្ដល់​វ៉ាក់សាំង​​ទៅ​ដល់​​បុគ្គលិក​ថែ​សួន និង​អនាម័យ

2021/04/27 02:59:58 am        594
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯក​ឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កៀរ​គរ​មន្ត្រី​រាជការ​ និង​បុគ្គលិក​ក្រោម​ឱវាទ​ក្រសួង ឱ្យ​ចាក់​វ៉ាក់សាំង​លើស​ពីចំនួន​កំណត់។សម្ដេច​តេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯកឧត្ដម ជា សុផារ៉ា ដោយ​ផ្ទាល់​មាត់​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​តេឡេក្រាម​នៅ​យប់​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «តែ​មាន​ក្រសួង​មួយ​គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​របស់​ឯកឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា គឺ​បែរ​ជា​ចាក់​វ៉ាក់សាំង​លើស​ចំនួន​ ដោយសារ​តែ​មន្ត្រី​ជាប់​កិច្ច​សន្យា អ្នក​ថែ​សួន អ្នក​ធ្វើ​អនាម័យ ក៏​មក​សុំ​ចាក់​វ៉ាក់សាំង​ដែរ។សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា​៖ «នេះ​គឹ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​មួយ​ដែល​​ខ្ញុំ​យក​ឱកាស​នេះ​កោត​សរសើរ។ ​ឯកឧត្ដម ជា សុផារ៉ា មាន​ការព្រួយ​បារម្ភ​ថា ចាក់​វ៉ាក់សាំង​លើស​ចំនួន តែ​ខ្ញុំ​ប្រាប់​ថា នេះ​គឺ​ជា​កាយ​វិការ​ដ៏​ល្អ​ដែល​សូម្បី​តែ​អ្នក​ថែ​សួន សូម្បី​តែ​អ្នក​ធ្វើ​អនាម័យ​នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​បាន​ចាក់​ទាំងអ្នក​បម្រើការ​បែបនេះ»។ចំណែក​ឯ​កង​ទ័ព​ស្ថិត​ក្រោម​ក្រសួង​ការពារ​ជាតិ​វិញ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ផង​ដែរ​ថា បាន​ចាក់​ស្ទើរ​តែ​ទាំង​អស់​ហើយ​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​ម៉ឺង​ម៉ាត់​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

សម្ដេច​តេជោ​ ហ៊ុន សែន ព្រមាន​ដកការងារ​ពី​​មន្ត្រី​ និង​កម្លាំង​ប្រដាប់​អាវុធ​រូប​ណា​ខក​ខាន​ចាក់​វ៉ាក់សាំង​ដោយ​ចេតនា

2021/04/27 02:59:58 am        548
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​នៅ​យប់​នេះ​ថា មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ នឹង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​ងារ​នា​ពេល​ខាង​មុខ ប្រសិន​បើ​ពួកគេ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ទេ​នោះ។សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​បែប​នេះ​នៅ​ក្នុង​សារ​សំឡេង​របស់​លោក​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​នៅ​យប់​នេះ​តាម​ប្រព័ន្ធ​បញ្ជូន​សារ​តេឡេក្រាម។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ទៅ​មន្ត្រី​រាជការ​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ជ្រាប​ថា នៅ​ពេល​ណា​ដែល​គ្រប់​ស្ថាប័ន​​ចាក់​បាន​ពី ៧០​ភាគរយ​ឡើង​លើ មន្ត្រី​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ប្រហែល​ជា​មិន​អាច​ចូល​ធ្វើការ​បាន​ទេ សូម​ដេក​ផ្ទះ​ចុះ ហើយ​បើ​ថ្នាក់​ដែល​ត្រូវ​ចូល​ប្រជុំ ក៏​មិន​ចាំ​បាច់​ឱ្យ​ប្រធាន​ស្ថាប័ន​អញ្ចើញ​ចូលរួម​​ដែរ ទុក​ឱ្យ​ដេក​​ផ្ទះ​នោះ​ទៅ ព្រោះ​គ្រាន់​តែ​វ៉ាក់សាំង​ចាក់​ដើម្បី​ការពារ​ជីវិត​ខ្លួន​ឯង​ និង​ចូលរួម​ការពារ​ប្រយុទ្ធ​នឹង​កូវីដ​១៩ ធ្វើ​មិន​បាន​ផង តើ​ចាំ​បាច់​បន្ត​ធ្វើ​ជា​ទាហាន ជា​ប៉ូលិស ឬ​ក៏​​ធ្វើជា​មន្ត្រី​រាជការ​ធ្វើ​អ្វី​ត​ទៅ​ទៀត គ្មាន​ការ​ចាំ​បាច់​ទេ»។សម្ដេច​តេជោមាន​ប្រសាសន៍​បន្ត​ថា៖ «អ៊ីចឹង ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​ឱ្យ​ក្រសួង​ស្ថាប័ន​បូក​សរុប​មន្ត្រី​របស់​ខ្លួន​មាន​ប៉ុន្មាន​ភាគរយ​ដែល​បាន​ចាក់​រួច​ហើយ ហើយ​នៅ​សល់​ប៉ុន្មាន។ អ្នក​ដែល​មិន​បាន​ចាក់​បន្ទាប់​ពី​ដូស​ទី​ពីរ​នៃ​អ្នក​បាន​ទទួល​ហើយ។ អ្នក​មិន​ទាន់​បាន​ចាក់ គប្បី​កុំ​ឱ្យ​ចូល​មក​ក្រសួង​ដែល​នាំ​ជំងឺ​ចូល​មក​កាន់​ក្រសួង​របស់​ខ្លួន ទុក​ឱ្យ​គាត់​ដេក​នៅ​ផ្ទះ​រង់ចាំ​ចាក់​វ៉ាក់សាំង​ហើយ​សិន​ចាំ​ចូល​មក​ក៏​មិន​ទាន់​យឺត​ពេល»។សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង​ដោយ​ចេតនា នឹង​ត្រូវ​អនុញ្ញាត​ដាក់​ឱ្យ​ទំនេរ​ពី​ការងារ ហើយ​ក្រសួង និង​ស្ថាប័ន​នោះ នឹង​ជ្រើស​រើស​មន្ត្រី​ថ្មី​យក​មក​ជំនួស​វិញ។សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​នៅ​ផ្ទះ។ យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​ចាក​ចេញ​ពី​ការងារ ហើយ​យើង​ជ្រើស​រើស​មន្ត្រី​ថ្មី​ចូល​ធ្វើការ​ជំនួស​វិញ ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ»។សម្ដេច​តេជោ​​បាន​ដាក់​បញ្ជាទៅ​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ត្រួត​ពិនិត្យ​កិច្ចការ​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​បញ្ចៀស​ការ​គេច​វេស​ណា​មួយ​ពីសំណាក់មន្ត្រី​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន ដែល​សម្ដេច​ចាត់​ទុក​ទង្វើ​គេច​វេស​នោះ​ថា «មិន​ត្រឹម​តែ​បំផ្លា​ជីវិត​របស់​ពួកគាត់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ បាន​ចូលរួម​ចំណែក​បំផ្លាញ​ជីិវិត​អ្នក​ដទៃ​នៅ​តាម​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ»។សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​ណា​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង សម្ដេច​តេជោ​តម្រូវ​ឱ្យ​មាន​ការ​បញ្ជាក់​ដោយ​ត្រឹម​ត្រូវ​ដែល​ចេញ​ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នីមួយៗ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានាថា គ្មាន​ការ​ស៊ុំ​គ្រលំ​គ្នា​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

រាជរដ្ឋាភិបាល៖យើងត្រូវគ្រប់គ្រងស្ថានភាពកូវីដ១៩នៅភ្នំពេញនិងខេត្តកណ្តាលឲ្យទាល់តែបាននាពេលខាងមុខ

2021/04/27 02:59:58 am        384
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស់ថា គោលការខាងមុខទៀត គណកម្មការវ៉ាងសាំងប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវតែគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នេះ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឲ្យទាល់តែបាន បើទោះបីជាបច្ចុប្បន្ននេះ រាជធានី-ខេត្តទាំងពីរនេះបានកំពុងតែដំណើរការចាក់វ៉ាស់សាំងយ៉ាងណាក៏ដោយនោះ ប៉ុន្តែវាមិនទាន់ឆ្លើយតបនឹងសាំរបស់មេរោគដ៏កាចសាហាវនេះបាននៅឡើយនោះទេ។ ថ្លែងតាមរយៈសារអេឡិចត្រូនិច (តេលេក្រាម) នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលវ៉ាក់សាំងថ្មីមកដល់ប្រទេសកម្ពុជាភ្លាមនោះ គណកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំងគឺត្រូវតែផ្តល់ការចាក់មនុស្សនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងអស់មិនថាមនុស្សនោះមកពីណានោះទេ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងស្ថានភាពនៃការរីករាលដាលនូវមេរោគកូវីដ១៩នេះឲ្យបាន និងមិនត្រូវធ្វេសប្រហែសចំពោះរាជធានីភ្នំពេញ និងខេត្តកណ្តាលនេះបន្តទៀតបាននោះឡើយ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាដល់គណកម្មការចំពោះកិច្ចឲ្យមានការសហការគ្នាជាមួយក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាលធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះអ្នករស់នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាពិសេសបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រសហគ្រាស់នៃផ្លូវជាតិទាំងនោះ ដោយត្រូវធ្វើការចាក់ជូនពួកគាត់ជាអាទិភាពផងដែរក្រោយវ៉ាក់សាំងថ្មីមកដល់ ហើយសម្តេចរំពឹងថា បន្ទាប់ពីចាក់ដល់ពួកគាត់ហើយនឹងមិនសូវមានហានិភ័យខ្ពស់បន្តទៀតចំពោះការចម្លងគ្នាទៅវិញទៅមករវាងរាជធានីភ្នំពេញ ទៅបណ្តាខេត្ត និងពីទីប្រជុំជនទៅកាន់កន្លែងជនបទជាដើមនោះ។ តាមរយៈសារអេឡិចត្រូនិចនេះដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍នៃការចាក់វ៉ាក់សាំងនាពេលនេះ គឺជាគោលការណ៍ស្ម័គ្រចិត្ត ហើយនាពេលខាងមុខឆាប់ៗនេះ សម្តេចតេជោ បារម្ភថាវានឹងក្លាយជាវ៉ាក់សំាងកតព្វកិច្ច ដោយមានន័យថាប្រសិនបើបុគ្គលណាមិនមានការចាក់វ៉ាក់សាំង នឹងមិនអាចទទួលបានការងារធ្វើនៅតាមបណ្តាក្រុមហ៊ុនឯកជន ឬស្ថានប័នរដ្ឋ ឬពេលចេញទៅក្រៅប្រទេស ប្រទេសគេនឹងមិនឲ្យចូលជាដើមនោះ ជាក់ស្តែងដូចនៅប្រទេសឥណ្ឌូនេស៊ី នាពេលនេះគឺគេត្រូវបានអនុវត្តន៍រួចទៅហើយចំពោះវ៉ាក់សាំងកតព្វកិច្ចនេះ ដោយមិនបានចាក់នឹងត្រូវអត់មានការងារធ្វើ៕អត្ថបទ ៖ បាន ចក

មនុស្ស​ ២៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​នាវា​ដឹកអ្នកដំណើរ​បុក​ជាមួយ​នាវា​ដឹក​ប្រេង​នៅ​បង់​ក្លា​ដែ​ស​

2021/04/27 02:59:58 am        111
​បង់​ក្លា​ដែ​ស៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ជួយសង្គ្រោះ​បាន​ស្រង់​សាកសព​មនុស្ស​យ៉ាង​ហោច ​២៥​នាក់ចេញពី​ទន្លេ​នៅ​ក្រៅ​រដ្ឋធានី​ប្រទេស​បង់​ក្លា​ដែ​ស ក្រោយ​នាវា​ចម្លង បុក​ជាមួយ​នាវា​ដឹក​ប្រេង។​ ពួកគេ​បាន​អះ​អាង​ថា នាវា​ចម្លង ML Rabit Al Hasan បាន​លិច​កាលពី​យប់​ថ្ងៃអាទិត្យ ក្រោយ​បុក​ជាមួយ​នាវា​ដឹក​ប្រេង​នៅ​ក្នុង​ទន្លេ​ស៊ី​តា​ឡាក់​យ៉ា ស្ថិត​ក្នុង​ស្រុក​ណា​រ៉ា​យ៉ាន់​ហ្គា​ន់នៅ​ក្រៅ​រដ្ឋធានី​ដា​កា។​​លោក​ អ៊ឺ​សាដ ហូ​សាំង​ ​មន្ត្រី​ការពារ​ជន​ស៊ីវិល និង​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ក្រុមការងារ​សង្គ្រោះ​បាន​ស្រង់​សាកសព​មនុស្ស ៥​នាក់​ទាំង​យប់ និង​រក​ឃើញ​សាកសព​មនុស្ស ២០​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ចន្ទ។ ចំណែក​ឯ​មនុស្ស ៩​នាក់​ផ្សេងទៀតកំពុង​បាត់​ខ្លួន។​ លោក​បន្ត​ថា នាវា​ចម្លង​ ២​ជាន់បានធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្រុក​មាន់​ហ្ស៊ី​ហ្គា​ន់ ជាមួយ​នឹង​អ្នកដំណើរ​ជាង ៥០​នាក់ពេល​ដែល​ឧប្បត្តិហេតុ​កើតឡើង។​ ក្រុម​អាជ្ញាធរបាន​ដាក់​បន្ទុក​លើ​នាវា​ដឹក​ប្រេង​ថា ​ជា​អ្នកបើក​បុក​នាវា​ចម្លង និង​បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​មូលហេតុ​ ដែល​នាំ​ឲ្យ​ហេតុ​ការណ៍​អាក្រក់​នេះ​កើតឡើង។​ សូម​បញ្ជាក់​ថា ឧប្បត្តិហេតុ​លិច​នាវា​ចម្លងបាន​ក្លាយ​ជា​រឿង​ធម្មតា ​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​សារតែ​ការ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ច្បាប់ទម្លាប់​ធូរ​រលង់នៅ​ពាសពេញ ១៣០​ទន្លេ៕អត្ថបទ៖ សារ៉ាត់

ទឹក​ជំនន់ និង​បំណាក់​ដី​សម្លាប់​មនុស្ស​ជាង ​១០០​នាក់​នៅ​ឥណ្ឌូនេស៊ី និង​ទី​ម័​រ​ឡេ​ស្តេ​

2021/04/27 02:59:58 am        144
​ឥណ្ឌូនេស៊ី៖ មនុស្ស​យ៉ាង​ហោច ១១៣​នាក់បាន​ស្លាប់ក្រោយ​ទឹកជំនន់ និង​ហេតុការណ៍​បំណាក់​ដីនៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ទី​ម័​រឡេ​ស្តេកាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​ ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​មានការ​ខូចខាត​ទ្រង់ទ្រាយ​ធំ ​នៅ​ប្រទេសជិតខាង​អាស៊ីអាគ្នេយ៍​ទាំង ​២ ​នេះក្នុង​នោះ​ទឹកបាន​ហូរ​ប្រៀប​អាង​ស្តុ​ប​ទឹក ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ខ្នង។​ ​តំបន់​រងគ្រោះ មាន​ចាប់ពី​កោះ​ផ្ល័​រ​រ៉េ​ស ស្ថិតនៅ​ភាគ​ខាងកើត​ឥណ្ឌូនេស៊ីរហូត​ដល់ទី​ម័​រ​ឡេ​ស្តេ​។​​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មនុស្ស ៨៦​នាក់បាន​ស្លាប់ ក្នុង​នោះ​មនុស្ស​រាប់​សិប​នាក់​ផ្សេងទៀតកំពុង​បាត់​ខ្លួន។ ក្រុមមន្ត្រីបាន​ព្រមាន​ថា ចំនួន​មនុស្ស​ស្លាប់អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត។​ ​លោក រ៉ា​ឌី​ត​យ៉ា ដ្យា​ទី ​អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី បាន​និ​យាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ដី​ភក់ និង​អាកាសធាតុ​អាក្រក់បាន​ក្លាយ​ជា​ការ​ងារ​លំបាក​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​គំនរ​កម្ទេចក​ម្ទីបាន​រារាំង​ ដល់​ប្រតិបត្តិការ​របស់​ក្រុម​រុករក និង​ក្រុមការងារ​សង្គ្រោះ។​ ​ប្រធាន​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ កោះ​ផ្ល័​រ៉េ​ស​ខាងកើតបាន​និយាយ​ថា ពួក​យើង​សង្ស័យ​ថា មនុស្ស​ជាច្រើន​នាក់បាន​កប់​ក្នុង​បំណាក់​ដី ប៉ុន្តែ​នៅ​ពេល​នេះពួក​យើង​មិនទាន់​ច្បាស់​នោះ​ទេ​ថា ​តើ​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​បាត់​ខ្លួន។​​លោក​បន្ត​ថា មនុស្ស​ជាច្រើន​បាន​ជម្លៀស​ខ្លួន ប៉ុន្តែ​អ្នកខ្លះ​បន្ត​ស្នាក់នៅ​ក្នុង​ផ្ទះ​ ពួកគេ​ត្រូវការ​ថ្នាំពេទ្យ ស្បៀងអាហារ និង​ភួយ។​ ​ដោយឡែក​មនុស្ស​យ៉ាង​ហោច ២៧​នាក់​បាន​ស្លាប់​ផង​ដែរ​នៅ​ទី​ម័​រ​ឡេ​ស្តេ ដែល​ភាគច្រើន​នៃ​ករណី​ស្លាប់កើតឡើង​ក្នុង​រដ្ឋធានី​ឌី​លី។​ ​ខណៈ​ពេល​នោះ​ដែរ នាយករដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី លោក​ ចូ​កូ វី​ដូ​ដូ បាន​សម្ដែង​នូវ​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំងអស់ អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រុម​មន្ត្រី អំឡុង​ពេល​ជួប​ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់​បែបនេះ៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព
07/10/2026 08:07 PM
វិបត្តិប្រេងឥន្ធនៈរបស់រុស្ស៊ី ជំរុញពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូ ងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់
07/10/2026 08:07 PM
ទឹកទន្លេ Loire រីងស្ងួតស្ទើរអស់ អំឡុងពេលរលកកម្តៅវាយប្រហារប្រទេសបារំាង
07/10/2026 08:07 PM
លោក Xi ជំរុញឱ្យចិន និងកូរ៉េខាងជើង បន្ត​ដំណោះស្រាយយុទ្ធសាស្ត្រ ក្នុង​ពេល​មាន​ភាពចលាចលសកល
07/10/2026 08:07 PM
លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ
07/10/2026 08:07 PM
ជប៉ុនជំរុញឲ្យពលរដ្ឋរស់នៅក្នុងខេត្ត Okinawa បន្តប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈព្យុះ Bavi បោកបក់ជិតមកដល់
07/10/2026 08:07 PM
បាតុកម្មផ្ទុះឡើងនៅរដ្ឋ West Bengal របស់ឥណ្ឌា ជុំវិញករណីចាប់រំលោភ-សម្លាប់ក្មេងស្រីអានីតិជន
07/10/2026 08:07 PM
ប្រធានសន្តិសុខអ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា «នឹងមិនមានសុវត្ថិភាពដោយសារការឆ្លើយតបឡើយ​»
07/10/2026 08:07 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងទាក់ទងជាមួយទួរគី ពាក់​ព័ន្ធ​ជោគវាសនាប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី
07/10/2026 07:07 PM
វិមាន Elysee៖ លោក Rutte និងលោក Zelenskyy នឹងចូលរួមកិច្ច​ប្រជុំសម្ព័ន្ធឆន្ទៈរួម​គាំទ្រ​អ៊ុយក្រែន
07/10/2026 07:07 PM