ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា

សន្តិសុខ និង សង្គម

អ្នកបើករថយន្តដឹកទំនិញកំពុងធ្វើកូដកម្ម បានបិទផ្លូវហាយវ៉េនៅម៉ិកស៊ិក ជុំវិញភាពគ្មានច្បាប់

2024/02/16 10:31:19 am        82
អ្នកបើកបររថយន្តដឹកទំនិញដែលកំពុងធ្វើកូដកម្ម បានបិទផ្លូវដឹកជញ្ជូនសំខាន់ៗនៅប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឲ្យកកស្ទះផ្លូវហាយវ៉េសំខាន់ៗ ក្នុងការតវ៉ាជុំវិញភាពគ្មានច្បាប់នៅ តាមដងផ្លូវ ដែលនាំឱ្យមានការកើនឡើងចោរកម្ម និងការគំរាមទាប្រាក់។អ្នកបើកបររថយន្ត បានជំរុញឱ្យរដ្ឋាភិបាលបង្កើនសន្តិសុខ ដោយបាននិយាយថា អ្នកបើកបររថយន្តដឹកទំនិញ ចន្លោះពីម្នាក់ទៅពីរនាក់ ត្រូវបានសម្លាប់ជារៀងរាល់ខែនៅលើដងផ្លូវដោយសារតែខ្វះសុវត្ថិភាព។យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ចរាចរណ៍នៅលើផ្លូវហាយវ៉េ យ៉ាងហោចណាស់ប្រាំបួនខ្សែ បានរងផលប៉ះពាល់ដោយការតវ៉ានេះ។ មេដឹកនាំសហជីពដឹកជញ្ជូន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កូដកម្មកាន់តែច្រើន អាចត្រូវបានអំពាវនាវ ប្រសិនបើរដ្ឋាភិបាលមិនបំពេញទៅតាមការទាមទាររបស់ពួកគេ។នៅក្នុងសេចក្តីថ្លែងការណ៍ សហជីពAmotac ជាក្រុមរបស់អ្នកបើកបរដែលកំពុងដឹកនាំការធ្វើកូដកម្មបានអំពាវនាវឱ្យរដ្ឋាភិបាល ធានាសុវត្ថិភាពនៅលើដងផ្លូវ ព្រមទាំងបញ្ចប់ការយកថ្លៃឈ្នួលក្នុងការដឹកជញ្ជូនលើផ្លូវហាយវ៉េមួយចំនួន និងការបង់ថ្លៃសេវានៅទីក្រុងសម្រាប់ការផ្ទុកទំនិញ ក្នុងចំណោមវិធានការផ្សេងៗទៀត។រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបិទផ្លូវ ដែលបង្កើតឡើងដោយអ្នកបើកបរធ្វើកូដកម្មគឺ «មិនត្រឹមត្រូវ និងមិនសមហេតុផល» ។

ប្រធាន UNRWA៖ ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន ប្រឈមមុខនឹងវិបត្តិសាច់ប្រាក់យ៉ាងជ្រៅនៅក្នុងខែមេសា

2024/02/16 10:27:52 am        80
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាវិបត្តិសាច់ប្រាក់អវិជ្ជមានដែលខ្លួនកំពុងប្រឈមមុខនៅខែក្រោយនេះ នឹងកាន់តែអាក្រក់ទៅៗក្នុងខែមេសា ប្រសិនបើខ្លួនមិនអាចទទួលបានមូលនិធិថ្មី ឬបញ្ចុះបញ្ចូលម្ចាស់ជំនួយឱ្យបន្តការបរិច្ចាគដែលត្រូវបានផ្អាកនោះទេ។ប្រធានទីភ្នាក់ងារ UNRWA លោក ហ្វីលីប ឡាហ៊្សារីនី (Philippe Lazzarini) បានលើកឡើងបែបនេះនៅទីក្រុងឌុយប្លាំង (Dublin) ជាទីដែលប្រទេសអៀរឡង់ បានប្រកាសផ្តល់ជំនួយដល់ទីភ្នាក់ងារនេះចំនួន ២០ លានអឺរ៉ូ ហើយបានជំរុញបណ្ដាប្រទេសដែលបានផ្អាកការផ្តល់មូលនិធិ ឱ្យ «លុបចោលការសម្រេចនោះជាបន្ទាន់» ហើយបន្ត និងពង្រីកការគាំទ្ររបស់ពួកគេបន្ថែមទៀត។ទីភ្នាក់ងារជនភៀសខ្លួន UNRWA ដែលផ្តល់សេវាថែទាំសុខភាព ការអប់រំ និងសេវាកម្មផ្សេងទៀតដល់ជនជាតិប៉ាឡេស្ទីន បានធ្លាក់ចូលទៅក្នុងវិបត្តិចាប់តាំងពីអ៊ីស្រាអែល បានចោទប្រកាន់ថាបុគ្គលិក ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ របស់ទីភ្នាក់ងារនេះនៅតំបន់ហ្កាហ្សា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដែលដឹកនាំដោយក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល ដែលបានធ្វើឱ្យមានសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។លំហូរសាច់ប្រាក់អវិជ្ជមាន កើតឡើងនៅពេលដែលអង្គការមួយមានលំហូរប្រាក់ចេញ ច្រើនជាងលំហូរប្រាក់ចូល ដែលប៉ះពាល់ដល់សមត្ថភាពក្នុងការទ្រទ្រង់ខ្លួនឯង ហើយអាចនិងបង្ខំផ្អាកប្រតិបត្តិការ៕

ក្រុមហេសបូឡា ប្តេជ្ញាសងសឹក បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏សាហាវរបស់អ៊ីស្រាអែល នៅលីបង់

2024/02/16 10:24:38 am        126
ក្រុមហេសបូឡា បានប្តេជ្ញាសងសឹកអ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដ៏សាហាវ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ថា បានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់។ សារព័ត៌មាន AP បានរាយការណ៍ថា ការសន្យានេះ ធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់លីបង់ បានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់កាលពីថ្ងៃពុធ ដែលជំរុញឲ្យអ៊ីស្រាអែលឆ្លើយតបជាមួយនឹងការវាយបកយ៉ាងសាហាវ ដែលបានវាយប្រហារទីក្រុងណាបាទីយេ (Nabatiyeh) និងភូមិមួយនៅប្រទេសលីបង់ភាគខាងត្បូង។ អ៊ីស្រាអ៊ែល បានស្តីបន្ទោសក្រុមហេសបូឡាចំពោះការវាយប្រហារនេះ ប៉ុន្តែក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ មិនបានអះអាងទទួលខុសត្រូវនោះទេ។ មន្ត្រីជាន់ខ្ពស់ហេសបូឡា និងជាសមាជិកសភា លោក ហាសាន ហ្វាដឡាល់ឡា (Hassan Fadlallah) បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា៖«សត្រូវ [អ៊ីស្រាអែល] នឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ សម្រាប់ឧក្រិដ្ឋកម្មទាំងនេះ»។លោក ហ្វាដឡាល់ឡា ក៏បាននិយាយផងដែរថា ក្រុមហេសបូឡា មាន «សិទ្ធិស្របច្បាប់ក្នុងការការពារប្រជាជនរបស់ខ្លួន ហើយនឹងមិនព្រងើយកន្តើយក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីការពារវា» ហើយបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាម នៅតំបន់ហ្កាហ្សា។លោក អាវី ហ៊ីម៉ាន (Avi Hyman) អ្នកនាំពាក្យការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក៏បាននិយាយផងដែរថា កងទ័ពអ៊ីស្រាអែល នឹងបន្តឆ្លើយតបចំពោះការវាយប្រហារពីក្រុមហេសបូឡា។សារព័ត៌មាន AP បានរាយការណ៍ថា លោកហ៊ីម៉ាន បាននិយាយថា៖«យើងមានសាររបស់យើងទៅកាន់ក្រុមហេសបូឡា ហើយតែងតែថា«កុំសាកល្បងជាមួយពួកយើង»។

ចិន រំពឹងថានឹងមានការចុះត្រជាក់ខ្លាំងភ្លាមៗ ខណៈមនុស្សរាប់លាននាក់ត្រលប់ពីដើរលេងចូលឆ្នាំវិញ

2024/02/16 10:19:54 am        115
ក្រុមសង្កេតការណ៍ជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាអាកាសធាតុចុះត្រជាក់ខ្លាំងភ្លាមៗត្រូវបានគេព្យាករថានឹងបោកបក់ពាសពេញផ្នែកជាច្រើននៃប្រទេសចិន ចាប់ពីចុងសប្តាហ៍នេះ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះប្រហែល ២០ អង្សារសេ ខណៈដែលមនុស្សរាប់លាននាក់ត្រឡប់ពីដំណើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីវិញ។ក្រុមសង្កេតការណ៍នេះបាននិយាយថា ព្រិលធ្លាក់ខ្លាំងនឹងវាយលុកខេត្ត សាន់ស៊ី (Shaanxi) និងខេត្ត សានស៊ី (Shanxi) ភាគខាងជើង, ខេត្ត ហឺណាន (Henan) ភាគកណ្ដាល, និងខេត្ត សានតុង (Shandong) ភាគខាងកើត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកុម្ភៈ ខណៈដែលសីតុណ្ហភាពនៅផ្នែកខ្លះនៃភាគខាងត្បូង ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់សូន្យអង្សាសេនៅសប្តាហ៍ក្រោយនេះ។ភាពត្រជាក់ខ្លាំងភ្លាមៗនេះត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ការដឹកជញ្ជូនផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ខណៈដែលប្រជាជនកំពុងត្រលប់ពីការធ្វើដំណើរកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលអូសបន្លាយរហូតដល់ចុងសប្តាហ៍នេះ។ ការិយាល័យអាកាសធាតុបានបន្ថែមថា ព្រិល និងព្យុះខ្សាច់ត្រូវបានព្យាករថានឹងវាយប្រហារផ្នែកខ្លះនៃតំបន់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

កសិករឥណ្ឌា បន្តការតវ៉ា បន្ទាប់ពីពិភាក្សាជាមួយមន្ត្រីពុំទទួលបានលទ្ធផល

2024/02/16 08:53:05 am        258
កសិករប្រទេសឥណ្ឌានៅថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈនេះ បាននិយាយថា ពួកគេនឹងបន្តការហែក្បួនបាតុកម្មឆ្ពោះទៅកាន់ក្រុងដេលី បន្ទាប់ពីកិច្ចចរចាជុំទីបីជាមួយរដ្ឋាភិបាលនៅទីក្រុង ចានឌីហ្កា(Chandigarh) មិនទទួលបានលទ្ធផល។ ដោយធ្វើដំណើរតាមរថយន្តដឹកទំនិញ និងរម៉កសណ្តោងដែលមានផ្ទុកដោយអាហារ សម្ភារៈសម្រាប់ដេក និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត កសិករបានចាប់ផ្តើមដើរក្បួនបាតុកម្មរបស់ពួកគេឆ្ពោះទៅទីក្រុងដេលី បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលបានបរាជ័យ ក្នុងការមិនទទួលបានការប្តេជ្ញាចិត្តលើតម្លៃអប្បបរមាសម្រាប់ផលដំណាំជាបន្តបន្ទាប់។ កិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ មានការចូលរួមពីមេដឹកនាំសហជីពកសិករដែលកំបុងតវ៉ា និងតំណាងរដ្ឋាភិបាលដែលត្រូវបានជ្រើសរើស រួមទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល់ (Piyush Goyal) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសុខុមាលភាពកសិករលោក លោក អាជុន មុនដា(Arjun Munda) ។ លោក Munda បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សា នឹងបន្តនៅថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ។កសិករប្រទេសឥណ្ឌាដែលពុំត្រូវបានបង្អាក់ដោយការរងរបួស បន្ទាប់ពីការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ថានឹងបន្តការតវ៉ា។ នគរបាល បានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងរបាំងការពារ ដើម្បីបញ្ឈប់កសិកររាប់ពាន់នាក់ពីការដើរដង្ហែបាតុកម្មទៅកាន់រដ្ឋធានី ញូវ ដែលី ដើម្បីជំរុញការទាមទាររបស់ពួកគេឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់ផលិតផលរបស់ពួកគេទាំងអស់ ដើម្បីធានាបានថា ពួកគេអាចទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេបាន។ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលអ្នករងរបួសនៅកន្លែងតវ៉ា បាននិយាយថា ជំនួយសង្គ្រោះបឋម កំពុងត្រូវបានផ្តល់នៅកន្លែងនោះ ខណៈអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធំ នៅក្នុងទីក្រុងក្បែរនោះ។

ក្រុមហ៊ូទី ប្តេជ្ញាបន្តការវាយប្រហារនៅសមុទ្រក្រហម ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន

2024/02/16 08:49:06 am        188
ក្រុមហ៊ូទី (Houthis) ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន នឹងបន្តវាយប្រហារលើការដឹកជញ្ជូនសមុទ្រក្រហមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដរាបណាអ៊ីស្រាអែលនៅតែបន្តប្រព្រឹត្ត «ឧក្រិដ្ឋកម្ម» ប្រឆាំងនឹងពួកគេ នេះបើយោងតាមមេដឹកនាំរបស់ក្រុមនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ)។លោក អាបឌុលម៉ាលីក អាល់ហ៊ូទី (Abdulmalik al-Houthi) បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «ប្រតិបត្តិការរបស់យើងមានឥទ្ធិពលយ៉ាងធំទៅលើសត្រូវ ដែលបង្កើតបានជាជោគជ័យដ៏អស្ចារ្យ និងជាជ័យជំនះពិតប្រាកដ»។លោកបាននិយាយថា ក្រុមនឹងប្ដេជ្ញាបន្តគាំទ្រប៉ាឡេស្ទីន ទោះបីជាសហរដ្ឋអាមេរិក និងអង់គ្លេស វាយប្រហារលើគោលដៅហ៊ូទី ក្នុងប្រទេសយេម៉ែន ក្នុងការសងសឹកចំពោះការវាយប្រហាររបស់ក្រុមនេះលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមក៏ដោយ។ការវាយប្រហារនៅសមុទ្រក្រហមបានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ហើយបានបង្ខំក្រុមហ៊ុននានាឱ្យផ្លាស់ប្ដូរផ្លូវទៅកាន់ការធ្វើដំណើរដែលវែងឆ្ងាយជាងមុន និងតម្លៃថ្លៃជាងមុននៅជុំវិញទ្វីបអាហ្វ្រិកខាងត្បូង ហើយបានបង្កការភ័យខ្លាចថាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចរីករាលដាល និងបង្កអស្ថិរភាពដល់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ៕

ប្រធានជំនួយ UN ព្រមានពីលទ្ធភាពនៃការរីករាលដាលរបស់ពលរដ្ឋហ្កាហ្សា ចូលទៅក្នុងប្រទេសអេហ្ស៊ីប

2024/02/16 08:45:14 am        192
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) អំពីលទ្ធភាពនៃការរីករាលដាលរបស់ជនជាតិប៉ាឡេស្ទីន ដែលបានប្រមូលផ្តុំនៅទីក្រុងរ៉ាហ្វា (Rafah) ចូលទៅក្នុងប្រទេសអេហ្ស៊ីប ប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងព្រំដែនមួយនេះ។ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ បានប្រមូលផ្តុំគ្នារស់នៅក្នុងក្រុងរ៉ាហ្វា នៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ជាប់ព្រំដែនជាមួយអេហ្ស៊ីប។ មនុស្សជាច្រើនកំពុងរស់នៅក្នុងជំរំតង់ និងជម្រកបណ្តោះអាសន្ន បន្ទាប់ពីបានភៀសខ្លួនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា។ប្រធានជំនួយ UN លោក ម៉ាទីន ហ្គ្រីហ្វីបស៍ (Martin Griffiths) បានប្រាប់អ្នកការទូតនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ថា «លទ្ធភាពនៃប្រតិបត្តិការយោធានៅក្រុងរ៉ាហ្វា ហើយនិងលទ្ធភាពនៃការរាលដាលរបស់ពលរដ្ឋហ្កាហ្សា គឺជាសុបិន្តអាក្រក់សម្រាប់អេហ្ស៊ីប។ ការយល់ឃើញដែលថាប្រជាជននៅហ្កាហ្សា អាចជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព គឺជារឿងបំភាន់តែប៉ុណ្ណោះ»។យោធាអ៊ីស្រាអែលនិយាយថា ខ្លួនចង់បណ្តេញពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីកន្លែងលាក់ខ្លួនក្នុងទីក្រុងរ៉ាហ្វា និងដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅទីនោះ បន្ទាប់ពីការវាយលុករបស់ពួកហាម៉ាសក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការដែលបានស្នើឡើងដើម្បីជម្លៀសជនស៊ីវិលនោះទេ៕

អ៊ីស្រាអែលវាយឆ្មក់មន្ទីរពេទ្យធំក្នុងតំបន់ហ្កាហ្សា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងជុំវិញផែនការវាយលុកចូលក្រុងរ៉ាហ្វា

2024/02/16 08:26:03 am        204
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពបានវាយឆ្មក់ចូលមន្ទីរពេទ្យដែលមានមុខងារធំបំផុតនៅតំបន់ហ្កាហ្សា ខណៈវីដេអូបង្ហោះតាមអ៊ីនធឺណិតបង្ហាញពីភាពចលាចល ការស្រែកត្រហ៊ោយំ និងសំឡេងការបាញ់ប្រហារនៅក្នុងច្រករបៀងដ៏ងងឹតគ្របដណ្ដប់ដោយធូលី និងផ្សែង។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីឯក ដានីញែលហាហ្ការី (Daniel Hagari)បានពណ៌នាការវាយឆ្មក់លើមន្ទីរពេទ្យ ណាស័រ (Nasser)ថា ជាក់លាក់និងមានកម្រិត ហើយបាននិយាយថា ផ្អែកលើព័ត៌មានគួរឱ្យទុកចិត្តដែលថាក្រុមហាម៉ាសកំពុងលាក់ខ្លួននៅកន្លែងនោះ បានឃុំខ្លួនចំណាប់ខ្មាំងនៅទីនោះ ហើយសាកសពចំណាប់ខ្មាំងអាចនៅតែមាននៅទីនោះ។ ចំណែកអ្នកនាំពាក្យក្រុមហាម៉ាស បានហៅការអះអាងរបស់អ៊ីស្រាអែលថាជា រឿងកុហក។ ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែល បានបណ្តេញមនុស្សដែលបានភៀសខ្លួន និងក្រុមគ្រួសារបុគ្គលិកពេទ្យកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ Nasser ដោយមានប្រហែល ២ពាន់នាក់ ដែលបានមកដល់ទីក្រុងព្រំដែន Rafah ភាគខាងត្បូងហ្កាហ្សាទាំងយប់ ហើយមួយចំនួនទៀតបានរុញពីភាគខាងជើងទៅកាន់ ទីក្រុង ឌៀរ អាល់ បាឡា (Deir Al-Balah)នៅកណ្តាលក្រុងហ្កាហ្សា។ កងកម្លាំងអ៊ីស្រាអែល កំពុងរងសម្ពាធខ្លាំងពីអន្តរជាតិឲ្យរក្សាភាពអត់ធ្មត់ បន្ទាប់ពីការប្ដេជ្ញាចិត្តក្នុងការវាយប្រហារលើទីក្រុងរ៉ាហ្វា។ អង្គការសប្បុរសធម៌ក្រុមគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា អ៊ីស្រាអែល បានបាញ់ផ្លោងលើមន្ទីរពេទ្យនេះ នៅពេលព្រឹក ទោះបីជាបានប្រាប់បុគ្គលិក និងអ្នកជំងឺថា ពួកគេអាចស្នាក់នៅក្នុងមន្ទីរពេទ្យនេះបានយ៉ាងណាក៏ដោយ៕

អាជ្ញាធរខណ្ឌដូនពេញចុះត្រួតពិនិត្យ ទីតាំងសង្ស័យមានបង្កប់ល្បែងស៉ីសង ក្នុងមូលដ្ឋាន

2024/02/15 04:48:34 pm        140
ភ្នំពេញ ៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទីតាំងដែលសង្ស័យមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ក្នុងករណីរកឃើញមានបើកល្បែងស៊ីសង និងចាត់វិធានការតាមផ្លូវច្បាប់ ដោយមានការលើកលែងនោះឡើយ។ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដឹកនាំផ្ទាល់ដោយលោក អភិបាលខណ្ឌ បន្ទាប់ពីបើកកិច្ចប្រជុំបន្ទាន់ស្តីពីការត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងខុសច្បាប់គ្រប់ប្រភេទនៅព្រឹកមិញនេះផងដែរ។លោក ជា ខេមា ប្រធានគណបញ្ជាការឯកភាពខណ្ឌដូនពេញ និងជាអភិបាលខណ្ឌ បានប្រាប់BTVឲ្យដឹងថា កម្លាំងអាជ្ញាធរខណ្ឌនិងចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងករណីកម្លាំងអាជ្ញាធរខណ្ឌរកឃើញមានទីតាំងបង្កប់ល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទ ឆ្នោតឡូតូ នោះលោកនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ បន្ថែមទៀតនោះលោកបានប្ដេជ្ញានិងគាំទ្រនៅប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីយ៉ាងពេញទំហឹងក្នុងការបង្ក្រាបនិងបញ្ឈប់នៅល្បែងស៉ីសងផ្សងសំណាងគ្រប់ភេទ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលល្បែងស៊ីសងនេះជាប្រភពនៃអំពើលួចឆក់ប្លន់ ជាដើម។ចុងក្រោយលោកអភិបាលខណ្ឌបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ បើដឹងថាមានទីតាំងណាមួយមានបើកបង្កប់ល្បែងស៊ីសងសូមរាយការណ៍បន្ទាន់មកអាជ្ញាធរនិងចុះបង្ក្រាបបានទាន់ពេលវេលា៕ អត្ថបទ៖ កុម្ភៈ

​ឯកឧត្ដម គួច ចំរើន៖ជនជាតិចិនតៃវ៉ាន់២នាក់ផលិតវីដេអូញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន

2024/02/15 03:32:50 pm        379
ព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ករណី ជនជាតិចិនតៃវ៉ាន់២នាក់ ដែលរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់សន្ដិសុខសង្គម ក្នុងខេត្តព្រះសីហនុ នឹងត្រូវទទួលទោសចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនអាចលើកលែងបានឡើយ។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់បែបនេះតាមរយៈសន្និសីទសារព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ដែលត្រូវបានកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។ សន្និសីទនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។យោងតាមហ្វេសប៊ុករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងនាមអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ។ ករណីនេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល និងទីតាំងផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ខាងលើកម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ, សម្ភារឧបករណ៍ផលិត Video Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM
លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM