ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

តំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើសចំពោះបុរសដែលប្រឌិតរឿងផាកពិន័យបទល្មើសចរាចរណ៍ និងក្លែងឈ្មោះ ម៉ូលីកា

2024/02/17 02:05:05 am        535
ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ិត មឃៈ បានបញ្ជាក់នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះឱ្យដឹងថា សំណុំរឿងជនប្រឌិតរឿង ម៉ូលីកា ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅបើកការស៊ើបសួរ ។ ជនត្រូវចោទរូបនេះមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ តាមមាត្រា៣១១ , មាត្រា៣១២ , មាត្រា៦២៦ និង មាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ ។ សូមបញ្ជាក់ថា ជនត្រូវចោទ ត្រូវបាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធការចូលរួមក្នុងការនិពន្ធរឿងប្រឌិត និងដើរតួជាតួអង្គស្រី ក្នុងរឿងក្លែងបន្លំជាអ្នកលេងបណ្តាញសង្គមឈ្មោះ ម៉ូលីកា សរសេរ និងបង្ហោះធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាល ដែលឈរជើងប្រចាំការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅស្តុបក្តាន់២។ ករណីនេះដែរ លោក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា នៅមានជនពាក់ព័ន្ធដទៃផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ខណៈដែលសមត្ថកិច្ចក៏កំពុងបន្តការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនផងដែរ ។ រឿងរ៉ាវនេះ មុនពេលដែលសមត្ថកិច្ចរកការពិតឃើញ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបែកធ្លាយព័ត៌មានទារប្រាក់ក្នុងពេលអនុវត្តច្បាប់ និងសារឆាតឆ្លើយឆ្លងផ្តោះផ្តោះស្នេហា ពីសំណាក់នគរបាលចរាចរណ៍ នៅស្តុបក្តាន់២ ជាមួយគណនីក្លែងក្លាយ ដោយភ្ជាប់រូបនារីរូបស្រស់ម្នាក់ និងប្រើឈ្មោះ ម៉ូលីកា ខាងលើ ៕ ដោយ ៖ លីហេង

អ៊ីស្រាអែល ស្នើឱ្យតុលាការពិភពលោក បដិសេធសំណើវិធានការបន្ទាន់ ជុំវិញការវាយលុកក្រុងរ៉ាហ្វា

2024/02/16 09:09:56 pm        312
អ៊ីស្រាអែល បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ច្រានចោលសំណើរបស់អាហ្រ្វិកខាងត្បូង ក្នុងការចេញវិធានការបន្ទាន់បន្ថែម ដោយសារតែផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា ចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah)។នៅក្នុងឯកសារ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយតុលាការយុត្តិធម៌ ICJ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក អ៊ីស្រាអែលបានលើកឡើងថាវិធានការគ្រាអាសន្ន ដែលបានចេញកាលពីបីសប្តាហ៍មុន គ្របដណ្តប់ «ស្ថានភាពនៃអរិភាពនៅក្នុងតំបន់ហ្កាហ្សា ទាំងមូលរួចទៅហើយ» ហើយតុលាការគួរតែបដិសេធសំណើរបស់អាហ្វ្រិកខាងត្បូង។កាលពីដើមសប្តាហ៍នេះ អាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការចេញវិធានការបន្ទាន់បន្ថែមទៀតដើម្បីការពារសិទ្ធិរបស់ជនជាតិប៉ាឡេស្ទីន នៅក្រុងរ៉ាហ្វា។ តុលាការយុត្តិធម៌ ICJ កាលពីខែមុនបានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួនដើម្បីការពារកងទ័ពរបស់ខ្លួនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងបណ្ដឹងដែលនាំមកដោយអាហ្វ្រិកខាងត្បូង។គេមិនច្បាស់ទេថានៅពេលណាដែលចៅក្រម នឹងសម្រេចលើសំណើចុងក្រោយរបស់អាហ្វ្រិកខាងត្បូង ឬថាតើពួកគេនឹងកោះហៅសវនាការបន្ថែមដើម្បីពិចារណាការស្នើសុំនោះ ឬយ៉ាងណា៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងសង្រ្គាមហ្កាហ្សា កើនដល់ជាង ២៨.៦០០ នាក់

2024/02/16 09:07:02 pm        327
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨.៦៦៣ នាក់ និងមនុស្ស ៦៨.៣៩៥ នាក់ផ្សេងទៀតបានរងរបួស។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៧ នាក់ និងបង្ករបួស ១០៤ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ទន្ទឹមនឹងនេះដែរ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងអំឡុងពេលប៉ុន្មានម៉ោងកន្លងទៅនេះនៅលើសង្កាត់ អាល់ហ្សាយធួន (Al-Zaytoun) និងសង្កាត់ អាល់សាប្រា (Al-Sabra) ក្នុងទីក្រុងហ្កាហ្សា។ប្រភពដែលនេះបាននិយាយថា យន្តហោះ និងកាំភ្លើងធំរបស់អ៊ីស្រាអែល ក៏បានទម្លាក់គ្រាប់បែកលើលំនៅឋានជាច្រើននៅក្នុងជំរំជនភៀសខ្លួននៅភាគកណ្តាលហ្កាហ្សាស្ទ្រីប ហើយបានវាយលុកមន្ទីរពេទ្យ ណាសសឺ (Nasser) ក្នុងទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូងហ្កាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ និងរបួសជាច្រើននាក់ទៀត៕

កសិករប្រទេសឥណ្ឌា នឹងផ្អាកការហែក្បួនតវ៉ាទៅកាន់ទីក្រុងដេលី ខណៈការចរចាជាមួយរដ្ឋាភិបាលបន្ត

2024/02/16 08:03:46 pm        102
កសិករនៅប្រទេសឥណ្ឌាដែលកំពុងទាមទាមទារតម្លៃខ្ពស់ជាងនេះសម្រាប់ផលដំណាំរបស់ពួកគេ នឹងផ្អាកការហែក្បួនបាតុកម្មតាមផែនការ ទៅកាន់ទីក្រុង ញូវ ដែលី រហូតដល់សហជីព ជួបពិភាក្សាជុំមួយផ្សេងទៀត ជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាល នៅថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អាជុន មុនដា (Arjun Munda) ដែលបានជួបជាមួយតំណាងកសិករ កាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល់ (Piyush Goyal) និងរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង លោក នីតាយ៉ាណាន រ៉ៃ (Nityanand Rai) បាននិយាយថា កិច្ចពិភាក្សានេះគឺ មានភាពវិជ្ជមាន។ លោកបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា «យើងបានសម្រេចថាកិច្ចប្រជុំបន្ទាប់នឹងពិភាក្សាពេលខាងមុខនៅថ្ងៃអាទិត្យ វេលាម៉ោង៦ ល្ងាចម៉ោងក្នុងស្រុក ដែលយើងជឿជាក់ថា យើងទាំងអស់គ្នានឹងស្វែងរកដំណោះស្រាយរួមគ្នាដោយសន្តិវិធី។ មេដឹកនាំបាតុកម្ម លោក ចាកជីត ស៊ីង ដាឡេវ៉ាល(Jagjit Singh Dallewal) បាននិយាយថា កសិករនឹងផ្អាកការហែក្បួនបាតុកម្មរបស់ពួកគេនៅពេលនេះ។ នៅពេលដែលកិច្ចប្រជុំចាប់ផ្តើម ប្រសិនបើយើងធ្វើដំណើរឆ្ពោះទៅមុខទៅកាន់ទីក្រុងដេលី តើកិច្ចប្រជុំនោះនឹងកើតឡើងដោយរបៀបណា? លោក Dallewal និយាយបន្ថែមថា ការតវ៉ានឹងបន្តដោយសន្តិវិធី។ កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនបាតុកម្ម ដែលហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» កាលពីដើមសប្តាហ៍នេះ ដើម្បីដាក់សម្ធាធឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់ផលិតផលរបស់ពួកគេ ប៉ុន្តែពួកគេត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខ ក្នុងចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីរដ្ឋធានី ដែលបង្កឱ្យមានការប៉ះទង្គិចគ្នា។ កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ ពុនចាប (Punjab) និងរដ្ឋហារីយ៉ាណា(Haryana) នៅថ្ងៃសុក្រនេះ។ កងកម្លាំង សន្តិសុខបានប្រើប្រាស់របាំងបេតុង និងដែក ព្រមទាំងយានដ្រូន ដែលផ្ទុកដោយឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបញ្ឈប់ពួកគេមិនឲ្យធ្វើដំណើរទៅមុខ។

កម្មករអាមេរិក សាងសង់របងកាន់តែខ្ពស់នៅតាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិក

2024/02/16 07:51:58 pm        333
កាលពីថ្ងៃព្រហស្បតិ៍ កម្មករសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញកំពុងសាងសង់របងព្រំដែនកាន់តែខ្ពស់នៅតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញពីគ្រឿងចក្រធុនធ្ងន់ កំពុងជីករណ្តៅនៅតាមបណ្តោយរបងដែលមានស្រាប់ និងដំឡើងរនាំងដែកថ្មី ដែលមានកម្ពស់ខ្ពស់ជាងមុនខ្លាំង។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា របងសាងសង់ថ្មី ដែលស្ថិតនៅរវាងព្រំដែនទីក្រុង ទីជូអាណា-សានឌីហ្គោ(Tijuana-San Diego) នឹងមានកម្ពស់រហូតដល់ ១០ ម៉ែត្រ។រនាំការពារ ដែលបានពង្រឹងមានសន្លឹកដែកនៅលើកំពូលរបងព្រំដែន ដែលចង្អុលទៅរកភាគីប្រទេសម៉ិកស៊ិក។ យោងតាមសកម្មជនអន្តោប្រវេសន៍បានឲ្យដឹងថា ការសាងសង់ថ្មីនេះ មានគោលបំណងកាត់បន្ថយលំហូរជនអន្តោប្រវេសន៍នៅក្នុងតំបន់។ចំនួនជនអន្តោរប្រវេសន៍ច្រើនបំផុត បានធ្វើដំណើរឆ្លងកាត់ប្រទេសអាមេរិកកណ្តាល និងប្រទេសម៉ិកស៊ិក ក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងបានទៅដល់សហរដ្ឋអាមេរិក ដោយភៀសខ្លួនចេញពីភាពក្រីក្រ អំពើហិង្សា បម្រែបម្រួលអាកាសធាតុ និងជម្លោះ។

នគរបាលទីក្រុង Kansas ភ្ជាប់ការបាញ់ប្រហារការជួបជុំកីឡា Super Bowl ទៅនឹងជម្លោះ ពុំមែនភេរវកម្មទេ

2024/02/16 07:45:56 pm        64
អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះដែលពាក់ព័ន្ធនឹងមនុស្សជាច្រើន បានបង្កឱ្យមានការបាញ់ប្រហារនៅក្នុងទីក្រុង Kansas បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស២២នាក់ បន្ទាប់ពីការប្រារព្ធពិធីមួយសម្រាប់ក្រុម NFL ដែលទទួលរង្វាន់កីឡា Super Bowl របស់ទីក្រុង ដោយអាជ្ញាធរបង្ហាញថា ពុំមានការជាប់ទាក់ទងទៅនឹងភាពជ្រុលនិយមនោះទេ។ ស្នងការនគរបាល លោកស្រី ស្តាស៊ី ហ្គ្រេវ(Stacey Graves) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Missouri ថា អនីតិជនពីរនាក់ និងមនុស្សពេញវ័យម្នាក់ ត្រូវបានឃុំខ្លួនជាជនសង្ស័យ។ លោកស្រី និយាយថា អាវុធមួយចំនួនត្រូវបានរកឃើញ។ លោកស្រី Graves និយាយថា ជម្លោះ រវាងមនុស្សមួយចំនួន គឺនៅពីក្រោយការបាញ់ប្រហារ ដែលបានប្រែក្លាយការប្រារព្ធពិធីរបស់ក្រុម Chiefs ដែលបានយកឈ្នះលើក្រុម San Francisco 49ers ក្នុងការប្រកួតកីឡា Super Bowl ទៅជាហេតុការណ៍នៃការបង្ហូរឈាម និងការភ័យតក់ស្លុត។ ក្រុមអ្នកគាំទ្ររាប់លាននាក់ បានមកប្រមូលផ្តុំគ្នាសម្រាប់ការហែរក្បួន និងការជួបជុំ ហើយសំឡេងនៃការបាញ់ប្រហារ បានធ្វើឲ្យអ្នកចូលរួមយ៉ាងច្រើន រកន្លែងលាក់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានបង្កើនចំនួនជនរងគ្រោះដោយការបាញ់កាំភ្លើងដល់ ២៣នាក់ និងបាននិយាយថា អាយុរបស់ពួកគេមានចាប់ពី ៨ឆ្នាំ ដល់៤៧ឆ្នាំ ។ នគរបាល នៅតែព្យាយាមកំណត់ថាតើមាននរណាផ្សេងទៀតពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។ លោកស្រីស្នងការ បាននិយាយថា លោកស្រីចង់ឱ្យអ្នកទទួលខុសត្រូវទាំងអស់នេះ ត្រូវបាននាំទៅកាន់តុលាការ ។ មន្ទីរពេទ្យកុមារ បាននិយាយថា ខាងមន្ទីពេទ្យ បានព្យាបាលកុមារចំនួន៩នាក់ ដែលរងការបាញ់ប្រហារ ហើយជនរងគ្រោះទាំងអស់ដែលយើងបានឃើញ ត្រូវបានគេរំពឹងថានឹងជាសះស្បើយឡើងវិញ។

ក្រុមហ៊ុន Google នឹងចាប់ផ្តើមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅមុនការបោះឆ្នោតសហភាពអឺរ៉ុប

2024/02/16 07:38:19 pm        73
ក្រុមហ៊ុន Google កំពុងរៀបចំចាប់ផ្តើមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសចំនួន ៥ ក្នុងសហភាពអឺរ៉ុប ដែលក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Reuters នៅមុនការបោះឆ្នោតសភារបស់ប្លុកនេះ និងការរឹតបន្តឹងច្បាប់ថ្មី សម្រាប់ដោះស្រាយមាតិកា នៅតាមប្រព័ន្ធអនឡាញ។ នៅខែមិថុនា ពលរដ្ឋសហភាពអឺរ៉ុប នឹងបោះឆ្នោតសភាអឺរ៉ុបថ្មី ដើម្បីអនុម័តគោលនយោបាយ និងច្បាប់នានានៅក្នុងតំបន់ ហើយសមាជិកសភា ព្រួយបបារម្ភថាការរាលដាលព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិត អាចជះឥទ្ធិពលដល់អ្នកបោះឆ្នោត។ ប្រទេសបារាំង ប៉ូឡូញ និងអាល្លឺម៉ង់ បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ពីការដាក់បញ្ចូលគ្នានូវបណ្តាញពិនិត្យពិច័យនៃគេហទំព័រ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្ររុស្ស៊ី។ ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ដែលចូលជាធរមានក្នុងសប្តាហ៍នេះ នឹងតម្រូវឱ្យវេទិកាប្រព័ន្ធអនឡាញធំៗ និងម៉ាស៊ីនស្វែងរក ធ្វើការបន្ថែមទៀតដើម្បីដោះស្រាយមាតិកាខុសច្បាប់ និងហានិភ័យចំពោះសន្តិសុខសាធារណៈ។ ចាប់ពីខែមីនា អង្គភាព Jigsaw ផ្ទៃក្នុងរបស់ក្រុមហ៊ុន Google ដែលធ្វើប្រតិបត្តិការដើម្បីដោះស្រាយការគំរាមកំហែងដល់សង្គម នឹងដំណើរការការផ្សាយពាណិជ្ជកម្មដែលមានចលនាជាច្រើនជាបន្តបន្ទាប់ នៅលើវេទិកាដូចជា TikTok និង YouTube នៅក្នុងប្រទេសចំនួន៥ នៅសហភាពអឺរ៉ុប មានប្រទេស បែលហ្សិក បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសប៉ូឡូញ។ ដោយផ្អែកលើយុទ្ធនាការមុនៗ ដែលក្រុមហ៊ុនបានសាកល្បងនៅក្នុងប្រទេសអាល្លឺម៉ង់ និងនៅអឺរ៉ុបកណ្តាល អង្គភាព Jigsaw បាននិយាយថា គម្រោងថ្មីនេះគឺជាឱកាសមួយ ដើម្បីទៅដល់ប្រជាជននៅក្នុងបណ្តាប្រទេសមានចំនួនអ្នកបោះឆ្នោតច្រើនបំផុតនៅក្នុងសហភាពអឺរ៉ុប ដោយប្រើប្រាស់អ្នកជំនាញក្នុងស្រុករបស់ក្រុមហ៊ុន នៅក្នុងតំបន់ទាំងនោះ។ការផ្សាយពាណិជ្ជកម្ម នឹងបង្ហាញនូវបច្ចេកទេសគេហៅថា«យុទ្ធសាស្ត្រថ្មីដើម្បីជួយប្រជាជន» ដែលត្រូវបានបង្កើតឡើង ក្នុងភាពជាដៃគូជាមួយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge និង Bristol ក្នុងគោលបំណងជួយអ្នកចូលមើល កំណត់អត្តសញ្ញាណមាតិកាដែលបំភាន់ មុនពេលជួបប្រទះវា។

ក្រុមសកម្មជនសិទ្ធិមនុស្សឥណ្ឌូណេស៊ី តវ៉ាប្រឆាំងជ័យជម្នះការបោះឆ្នោតរបស់លោក Prabowo

2024/02/16 07:34:58 pm        122
ក្រុមបាតុករ និងសកម្មជនសិទ្ធិមនុស្សក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ១៥ កុម្ភៈ បានតវ៉ាប្រឆាំងនឹងជ័យជម្នះរបស់លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីលទ្ធផលការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ ដែលបានផ្តល់ជ័យជម្នះឱ្យទៅលើអតីតមេបញ្ជាការកងកម្លាំងពិសេស នៅក្នុងការបោះឆ្នោតតែមួយជុំ។ ក្រុមបាតុករបានលើកបដា និងផ្ទាំងប្រកាសនានាមានរូបថតរបស់ជនរងគ្រោះនៃការចាប់ជំរិតនៅក្បែរលោកPrabowo។ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ត្រូវបានរងការចោទប្រកាន់ជាយូរមកហើយពីបទប្រព្រឹត្តខុសកន្លងមក រួមទាំងការជាប់ពាក់ព័ន្ធក្នុងការចាប់ជំរិតសកម្មជននិស្សិតក្នុងឆ្នាំ ១៩៩៨ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសប៉ាពួ និងទីម័រខាងកើត។ ការចោទប្រកាន់ទាំងនេះ ពុំមានភស្តុតាងបញ្ជាក់ទេ ហើយលោកតែងតែបដិសេធមិនទទួលខុសត្រូវណាមួយឡើយ។ លោក Prabowo វ័យ៧២ ឆ្នាំបានប្រកាសជ័យជម្នះនៅចំពោះមុខប្រជាជនឥណ្ឌូនេស៊ីដែលជាអ្នកគាំទ្រលោកដ៏រីករាយទាំងអស់កាលពីល្ងាចថ្ងៃពុធបន្ទាប់ពីអ្វីដែលគេហៅថាការរាប់សន្លឹកឆ្នោតរហ័សដោយក្រុមអ្នកបោះឆ្នោតឯករាជ្យ ត្រឹមត្រូវនៅក្នុងការបោះឆ្នោតកន្លងមក បង្ហាញថារូបបានឈ្នះសំឡេងឆ្នោតជិត ៦០%។ គេរំពឹងថាទីភ្នាក់ងារជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី ២០ ខែមីនា៕

ក្រុមកសិករប៉ូឡូញ គប់ស៊ុតលើការិយាល័យសហភាពអឺរ៉ុប អំឡុងការតវ៉ាប្រឆាំងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប

2024/02/16 07:24:09 pm        91
ក្រុមប្រជាកសិករប៉ូឡូញបានដុតសំបងកង់រថយន្តនៅលើកាំជណ្ដើរការិយាល័យរដ្ឋាភិបាលក្នុងតំបន់ និងបានគប់ស៊ុតទៅលើការិយាល័យគណៈកម្មការអឺរ៉ុប នៅក្នុងទីក្រុង រ៉ូក្លាវ (Wroclaw)ភាគខាងលិចកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១៥ ខែកុម្ភៈ សប្ដាហ៍នេះ ខណៈពួកគេតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប។ កសិករនៅទូទាំងទ្វីបអឺរ៉ុបកំពុងតវ៉ាប្រឆាំងនឹងឧបសគ្គដែលដាក់លើពួកគេដោយវិធានការរបស់សហភាពអឺរ៉ុបដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកើនឡើងនៃការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាអ្វីដែលពួកគេនិយាយថាគឺជាការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស ជាពិសេសអ៊ុយក្រែន។យោងតាមអ្នករៀបចំបាតុកម្ម មានអ្នកតវ៉ាចូលរួមប្រហែល ១ពាន់នាក់ និងត្រាក់ទ័រ ៥០០គ្រឿង និងរថយន្តកសិកម្មផ្សេងទៀតនៅក្នុងបាតុកម្មនោះ។ វីដេអូពីទូរទស្សន៍ឯកជន TVN24 បានបង្ហាញក្រុមបាតុករដើរដង្ហែតាមដងផ្លូវដោយកាន់ទង់ជាតិប៉ូឡូញ បដា និងមានការដុតបំពួកភ្លើងផងដែរ។ ក្រុមប្រជាកសិករបានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការរដ្ឋាភិបាលប្រចាំតំបន់ ជាកន្លែងដែលពួកគេដុតសំបងកង់រថយន្ត បង្កឲ្យមានផ្សែងហុយឡើងលើអាកាស។ទោះបីជាអ្នករៀបចំស្នើឱ្យបំបែកជួរក៏ដោយ វីដេអូបង្ហាញថា មនុស្សជាច្រើនពុំបានបំបែកគ្នានោះទេ។កសិករប៉ូឡូញគ្រោងបិទច្រកព្រំដែនទាំងអស់ជាមួយអ៊ុយក្រែន និងការតវ៉ាដ៏ធំមួយនៅក្នុងរដ្ឋធានី វ៉ាសូវី នៅថ្ងៃទី២០ ខែកុម្ភៈខាងមុខ៕

ពលរដ្ឋប៉ាឡេស្ទីន៖ នឹងមិនចាកចេញពីក្រុង Rafah ទេ ខណៈការវាយលុករបស់អ៊ីស្រាអែជិតមកដល់

2024/02/16 07:15:54 pm        66
ខណៈការគំរាមកំហែងការវាយលុករបស់អ៊ីស្រាអែលនៅទីក្រុង Rafah ជិតមកដល់ ជនភៀសខ្លួនប៉ាឡេស្ទីន ដែលរស់នៅក្នុងជំរំតង់ និងទីជម្រកបណ្តោះអាសន្ន នៅតាមតំបន់ព្រំដែនជាមួយប្រទេសអេហ្ស៊ីបបាននិយាយថា ពួកគេនឹងមិនចាកចេញពីតំបន់ហ្កាហ្សាឡើយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលប្រឈមទៅនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដើម្បីទប់ស្កាត់ការវាយប្រហារតាមផែនការ មិនបានបង្ហាញថាតើពេលណាដែលប្រតិបត្តិការយោធាប្រឆាំងក្រុមហាម៉ាស់នៅទីក្រុង Rafah ដែលជាទីជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងតំបន់ហ្កាហ្សា នឹងធ្វើឡើងនោះទេ។ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនមានបំណងបណ្តេញក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមចេញពីទីតាំងលាក់ខ្លួនក្នុងទីក្រុង Rafah និងដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅទីនោះបន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីផែនការដែលបានស្នើឡើងដើម្បីជម្លៀសជនស៊ីវិលនោះទេ។ ប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់បានប្រមូលផ្តុំគ្នាចូលទៅកាន់ទីក្រុង Rafah នៅចុងភាគខាងត្បូងតំបន់ហ្កាហ្សា។ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍អំពីលទ្ធភាពនៃការហៀរចេញនៃពលរដ្ឋប៉ាឡេស្ទីនដែលបានមកប្រមូលផ្តុំនៅទីក្រុង Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប ប្រសិនបើ អ៊ីស្រាអែលបើកប្រតិបត្តិការយោធានៅទីក្រុងព្រំដែន។ លោក ម៉ាទីន ហ្គ្រីហ្វីត (Martin Griffiths) បានប្រាប់អ្នកការទូតនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា លទ្ធភាពនៃប្រតិបត្តិការយោធានៅទីក្រុង Rafah ជាមួយនឹងលទ្ធភាពនៃការឆ្លងកាត់ព្រំដែនដែលបិទ នឹងលទ្ធភាពនៃការហៀរចេញ គឺជាសុបិន្តអាក្រក់របស់ប្រទេសអេហ្ស៊ីប ប៉ុន្តែជារឿងមួយដែលត្រឹមត្រូវនៅចំពោះមុខយើង។ ប្រភពសន្តិសុខប្រទេសអេហ្ស៊ីបចំនួនពីរ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប្រទេសអេហ្ស៊ីប បានបញ្ជូនរថក្រោះ និងរថពាសដែក ប្រមាណ ៤០ គ្រឿង ទៅកាន់ភាគឦសានឧបទ្វីប Sinai ជាផ្នែកនៃវិធានការណ៍បន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនរបស់ខ្លួនជាមួយតំបន់តំបន់ហ្កាហ្សា ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួង ស្ថាប័ននានា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបសម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
11/08/2026 05:11 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មានសំឡេងផ្ទុះត្រូវគេឮក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
11/08/2026 03:11 PM
គុណភាពខ្យល់នៅរដ្ឋធានីឥណ្ឌាយ៉ាប់យ៉ឺនខ្លាំង ខណៈពិធីបុណ្យឌីវ៉ាលីបង្កក្តីបារម្ភកាន់តែខ្លាំងពីការបំពុលបរិស្ថាន
11/08/2026 03:11 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ណែនាំអាជ្ញាធរ​សង្កាត់​ឱ្យព​ង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និង​បន្ត​ផ្តល់​សេវា​ជូនពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត
11/08/2026 03:11 PM
អ៊ីរ៉ង់អះអាងថា កងកម្លាំងរបស់ខ្លួនមានភាព «រឹងមាំជាង» មុនពេលចាប់ផ្តើមសង្គ្រាម
11/08/2026 03:11 PM
ពលរដ្ឋវ័យចំណាស់ បង្ហាញមោទនភាពចំពោះសន្ទុះ នៃការអភិវឌ្ឍផលិតផលក្នុងស្រុកកាន់តែល្អ
11/08/2026 02:11 PM
ក្រុម AOT ចុះសង្កេតការណ៍ និងសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខណៈពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសារថៃឈ្លានពាន
11/08/2026 02:11 PM
រុស្ស៊ីវាយប្រហាររោងចក្រថាមពលនៅជុំវិញទីក្រុងគីវ បំផ្លាញស្ពានសំខាន់ៗ និងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់
11/08/2026 02:11 PM
យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០
11/08/2026 02:11 PM
ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
11/08/2026 02:11 PM