ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ត្រូវបានរំពឹងថា នឹងថយចុះ បើគ្មានជំនួយថ្មីពីលោកខាងលិច

2024/02/12 08:35:47 pm        293
សមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនក្នុងការស្ទាក់ចាប់មីស៊ីល និងយានដ្រូនរបស់រុស្ស៊ីត្រូវបានគេរំពឹងថានឹងថយចុះ លុះត្រាតែប្រទេសនេះទទួលបានការផ្គត់ផ្គង់អាវុធបន្ថែមពីប្រទេសលោកខាងលិច។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើម្តងហើយម្តងទៀត ដល់មេដឹកនាំប្រទេសលោកខាងលិច សម្រាប់ជំនួយយោធាថ្មី ដើម្បីធ្វើឲ្យប្រសើរប្រព័ន្ធការការពារដែនអាកាស របស់ប្រទេសលោក។ទោះជាយ៉ាងណា សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ពុំទាន់បានបញ្ជូនជំនួយថ្មីដល់ទីក្រុងគីវនៅឡើយទេ ដោយសារភាពជាប់គាំងនៅក្នុងសភាជុំវិញសេចក្តីស្នើច្បាប់ថវិកាសង្គ្រោះបន្ទាន់ ដែលរួមមានទាំងជំនួយដល់អ៊ុយក្រែន។ សារព័ត៌មាន The New York Times បានរាយការណ៍ថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានវាយតម្លៃថា អ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ដើម្បីបន្តរហូតដល់ខែក្រោយ លុះត្រាតែទទួលបានការផ្គត់ផ្គង់ឡើងវិញ។វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបង្កើនយុទ្ធនាការវាយប្រហាររបស់រុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទំនងជាដាក់សម្ពាធបន្ថែមទៀតទៅលើឆ័ត្រការពារដែនអាកាសរបស់អ៊ុយក្រែន។ វិទ្យាស្ថាននេះបានព្រមានថា ប្រសិនបើយោធារុស្ស៊ី ធ្វើប្រតិបត្តិការដែនអាកាសទ្រង់ទ្រាយធំ ដែលគាំទ្រការវាយលុកតាមជើងគោករបស់រុស្ស៊ីនៅអ៊ុយក្រែន នោះនឹងបង្ហាញពីការគំរាមកំហែងខ្លាំងចំពោះអ៊ុយក្រែន។លោក Zelenskyy កាលពីថ្ងៃអាទិត្យ បានតែងតាំងអតីតអនុរដ្ឋមន្ត្រីការពារជាតិទីមួយ លោក អូឡេកសានឌឺ ប៉ាវលីក(Oleksandr Pavliuk) ជាមេបញ្ជាការថ្មីរបស់កងកម្លាំងទ័ពជើងគោកអ៊ុយក្រែន។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសឱ្យជនបង្កគ្រោះថ្នាក់ចរាចរណ៍​នៅផ្លូវ៦០ហើយរត់គេច ចូលខ្លួនមកសារភាព និងដោះស្រាយ

2024/02/12 07:10:55 pm        1048
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែកុម្ភៈនេះ បានប្រកាសឲ្យ​អ្នក​បើក​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូម​ចូល​ខ្លួន​មក​សារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌ​ដង្កោ បណ្ដាលឱ្យរង របួស ស្រាល ចំនួន ២ នាក់ និងស្លាប់ ក្មេងស្រីចំនួន ១ នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​នៅ​កន្លែង​កើត​ហេតុ​នោះ​ហើយ​ដើម្បី​ប្រមូល​ភស្ថុតាង​ក្នុង​ការ​តាម​ស្វែង​រក​រថយន្ត​បង្ក​យក​មក​អនុវត្ត​តាម​នីតិវិធី៕

ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ West Bank ព្រួយបារម្ភការបិទទីភ្នាក់ងារ UNRWA

2024/02/12 06:37:30 pm        251
នៅក្នុងជំរុំជនភៀសខ្លួននៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនដែលពឹងផ្អែកលើទីភ្នាក់ងារអង្គការសហប្រជាជាតិ UNRWA សម្រាប់ការអប់រំ និងការថែទាំសុខភាព ព្រួយបារម្ភថា សេវាសំខាន់ៗនឹងបញ្ឈប់ដោយសារម្ចាស់ជំនួយបានផ្អាកការផ្តល់មូលនិធិ ជុំវិញការចោទប្រកាន់សមាជិកបុគ្គលិកថាបានចូលរួមក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា ជាមួយក្រុមហាម៉ាស។ ការផ្តោតសំខាន់ភាគច្រើនគឺទៅលើជោគវាសនារបស់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន គឺនៅលើប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ទីភ្នាក់ងារនេះនៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ជាកន្លែងមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសម្រាប់ប្រជាជនចំនួន ២,៣ លាននាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។ ប៉ុន្តែទីភ្នាក់ងារ ក៏ជាជីវិតរស់រានសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅទូទាំងតំបន់មជ្ឈឹមបូព៌ាផងដែរ រួមទាំងនៅតំបន់ West Bank ដែលទីភ្នាក់ងារបម្រើមនុស្សជាង ៨៧០.០០០នាក់ បម្រើដល់សាលារៀនចំនួន៩៦កន្លែង និងមណ្ឌលថែទាំសុខភាពបឋមចំនួន៤៣កន្លែង។ លោក ម៉ូហាម៉េដ អាល់ ម៉ាស្រ៊ី(Mohammad al-Masri) ពលរដ្ឋនៅជំរំជនភៀសខ្លួន ដេសេ(Dheisheh) បាននិយាយថា ប្រសិនបើពួកគេកាត់ផ្តាច់ជំនួយពីទីភ្នាក់ងារ UNRWA នោះនឹងគ្មានជំនួយណាមួយឡើយសម្រាប់ប្រជាជន ជាពិសេសនៅក្នុងជំរំជនភៀសខ្លួន ដោយសារតែពួកគេពឹងផ្អែកលើទីភ្នាក់ងារ UNRWA។ ទីភ្នាក់ងារ UNRWA បានប្រកាសកាលពីខែមុនថា ខ្លួនបានបណ្តេញបុគ្គលិកមួយចំនួន បន្ទាប់ពីអ៊ីស្រាអែល ចោទប្រកាន់បុគ្គលិក ១២នាក់ ក្នុងចំណោមបុគ្គលិក១៣.០០០នាក់របស់ខ្លួននៅហ្កាហ្សាថាបានចូលរួមក្នុងការវាយប្រហារនៅអ៊ីស្រាអែល។

អ្នកតវ៉ាក្នុងខួបបដិវត្តន៍អ៊ីរ៉ង់ ដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល

2024/02/12 06:34:36 pm        272
មនុស្សរាប់ម៉ឺននាក់បានស្រែកថា «ស្លាប់ទៅអ៊ីស្រាអែល» នៅក្នុងការប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី ៤៥ នៃបដិវត្តន៍អ៊ីស្លាម កាលពីថ្ងៃអាទិត្យ ដោយបានដុតទង់ជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងពេលសង្រ្គាមនៅបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់។ប្រធានាធិបតី លោក Ebrahim Raisi នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ បានចោទប្រកាន់សត្រូវរបស់ទីក្រុងតេអេរ៉ង់ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនបានគាំទ្រ «ឧក្រិដ្ឋកម្មរបស់របប ជ្វីស ប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្កាហ្សា។សង្គ្រាមរយៈពេលបួនខែរបស់អ៊ីស្រាអែលលើក្រុមហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាបានវាយលុកពាសពេញមជ្ឈិមបូព៌ា ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារលើគោលដៅអ៊ីស្រាអែលនិងអាមេរិក។ការគាំទ្របុព្វហេតុប៉ាឡេស្ទីន គឺជាសសរស្តម្ភនៃសាធារណរដ្ឋឥស្លាម ចាប់តាំងពីការធ្វើបដិវត្តន៍ដែលបានផ្ដួលរំលំរបបរាជវង្ស Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងជាមធ្យោបាយសម្រាប់ប្រទេសដែលមានច្រើនលើសលប់ទៅដោយនិកាយស៊ីអ៊ីត ដើម្បីបង្ហាញថាខ្លួនជាមេដឹកនាំនៃពិភពមូស្លីម។ក្រុមហាម៉ាស គឺជាផ្នែកមួយនៃ «សម្ព័ន្ធនៃការតស៊ូ» របស់អ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តក្នុងតំបន់ដែលរួមមានក្រុមហេសបូឡានៅប្រទេសលីបង់ រដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតីលោក Bashar al-Assad ក្រុមជីវពល ស៊ីអ៊ីតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងក្រុមហ៊ូទី ដែលគ្រប់គ្រងមួយផ្នែកធំនៅប្រទេសយេម៉ែន។

WHO ផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្ត្រដល់មន្ទីរពេទ្យហ្កាហ្សាជាលើកដំបូង ក្នុងរយៈពេលជិតមួយខែមកនេះ

2024/02/12 06:26:22 pm        256
អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ការផ្គត់ផ្គង់ដល់អ្នករងរបួស មានថ្នាំពេទ្យ និងវ៉ាក់សាំងដល់មន្ទីរពេទ្យ Al Aqsa នៅតំបន់ហ្កាហ្សាភាគកណ្តាល ជាលើកដំបូងក្នុងរយៈពេលជិតមួយខែមកនេះ។អង្គការសុខភាពពិភពលោក បាននិយាយថា មន្ទីរពេទ្យមានគ្រែចំនួន២៧០គ្រែ ដែលបច្ចុប្បន្នផ្ទុកអ្នកជំងឺ រហូតដល់៤០០នាក់ និងមនុស្សជាង ៥.០០០នាក់កំពុងស្វែងរកទីជម្រកនៅទីនេះ ដោយមួយភាគបីនៃអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិនអាចចាកចេញពីមន្ទីរពេទ្យបាន ដោយសារតែខ្វះកន្លែងសុវត្ថិភាពត្រូវទៅ។មន្ទីរពេទ្យ Al Aqsa បានស្តារឲ្យមានដំណើរការឡើងវិញជាបណ្តើរៗ ដោយបន្ថែមវេជ្ជបណ្ឌិតដែលមានតែ ៥ នាក់កាលពីខែមករា រហូតដល់មានគ្រូពេទ្យប្រមាណ ៣០០នាក់ និងគិលានុបដ្ឋាយិកា ៤០០ នាក់ ប៉ុន្តែអង្គការសុខភាពពិភពលោក បាននិយាយថាមន្ទីរពេទ្យនៅតែមានតម្រូវការច្រើនក្នុងការផ្គត់ផ្គង់ និងការសម្របសម្រួល សម្រាប់ការផ្ទេរអ្នកជំងឺនៅខាងក្រៅតំបន់ហ្កាហ្សា។អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប៉ាន់ប្រមាណថា ពលរដ្ឋប៉ាឡេស្ទីនប្រហែល ២៨.០០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ ចាប់តាំងពីជម្លោះចាប់ផ្តើមនៅក្នុងខែតុលា។

មនុស្សបីនាក់ ស្លាប់ក្នុងការតវ៉ានៅសេណេហ្គាល់ ជុំវិញការពន្យារពេលការបោះឆ្នោតប្រធានាធិបតី

2024/02/12 06:20:52 pm        283
ចំនួនអ្នកស្លាប់ ស្របពេលមានការតវ៉ានៅក្នុងប្រទេសសេណេហ្គាល់ ជុំវិញការពន្យារពេលការបោះឆ្នោតប្រធានាធិបតី រហូតដល់ខែធ្នូ បានកើនឡើងដល់ ៣នាក់ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសលទ្ធិប្រជាធិបតេយ្យមួយក្នុងចំណោមមលទ្ធិប្រជាធិបតេយ្យដែលនៅសេសសល់ក្នុងអាហ្រ្វិកខាងលិចដែលប៉ះពាល់ដោយរដ្ឋប្រហារ កំពុងរងការគំរាមកំហែង។ការប្រកាសពន្យារពេលត្រឹមតែបីសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ ដែលបានគ្រោងទុក បានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃសុក្រ រវាងក្រុមបាតុករ និងនគរបាលក្នុងទីក្រុងដាកា និងទីក្រុងមួយចំនួនទៀតនៅក្នុងរលកនៃភាពចលាចល ដែលមនុស្សជាច្រើនភ័យខ្លាចនឹងរាលដាលចូលទៅក្នុងអស្ថិរភាពយូរអង្វែង។លោកប្រធានាធិបតី មែកឃី សាល (Macky Sall) បាននិយាយថា ការពន្យារពេលនេះគឺចាំបាច់ ដោយសារតែជម្លោះការបោះឆ្នោតបានគំរាមកំហែងដល់ភាពជឿជាក់នៃការស្ទង់មតិ ប៉ុន្តែសមាជិកសភាបក្សប្រឆាំងមួយចំនួនបានរិះគន់ទង្វើនេះថាជា «រដ្ឋប្រហារតាមស្ថាប័ន»។នៅពេលដែលការតវ៉ាជាសាធារណៈកើនឡើងខ្លាំង ប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS និងមហាអំណាចបរទេសបានជំរុញឱ្យលោកប្រធានាធិបតី សាល ដាក់ប្រទេសឲ្យដំណើរការបោះឆ្នោតជាទៀងទាត់ឡើងវិញ៕

ជនជាតិរុស្ស៊ី វាយប្រហារទៅលើទីក្រុងខាគីវ នៃប្រទេសអ៊ុយក្រែន ដោយមីស៊ីលជាច្រើនគ្រាប់

2024/02/12 06:12:28 pm        297
ការផ្ទុះ បានកើតឡើង នៅក្រុងខាគីវ( Kharkiv) នៅល្ងាចថ្ងៃអាទិត្យ ខណៈដែលប្រជាជនរុស្ស៊ី បានវាយប្រហារទីក្រុងនេះ។ នៅម៉ោង ២៣:០២ កងទ័ពអាកាស បានរាយការណ៍ពីការគម្រាមកំហែងដោយមីស៊ីលនៅតំបន់ខាគីវ (Kharkiv)។ យោងតាមសារព័ត៌មាន Suspilne សំឡេងគ្រាប់ផ្ទុះ ត្រូវបានគេឮ នៅក្នុងទីក្រុងនេះ។លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) ប្រធានរដ្ឋបាលយោធាតំបន់ខាគីវ បានបង្ហោះនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថា៖«អ្នកកាន់កាប់ទាំង កំពុងធ្វើការវាយប្រហារ សូមស្នាក់នៅក្នុងជម្រក ដើម្បីសុវត្ថិភាព!»អភិបាលក្រុងខាគីវ លោក អ៊ីហ័រ តេរេកហូវ ( Ihor Terekhov) ក៏បានរាយការណ៍ថា សំឡេងគ្រាប់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានគេឮនៅក្នុងទីក្រុង។ក្រោយមក លោក ស៊ីនីហ៊ុបូវ បានបន្ថែមថា ជនជាតិរុស្ស៊ី បានវាយលុកទីក្រុងលីអ៊ុបូទីន ( Lyubotyn) នៅក្នុងតំបន់ខាគីវ។របាយការណ៍ដំបូង បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីល S-300 ពីទីក្រុងបែលហ្គោរូដ ( Belgorod) ។ ពុំមានព័ត៌មានអំពីការស្លាប់ និងរបួសទេ។លោកបានសរសេរថា៖«ផ្នែកខាងមុខនៃអគារដែលមិនមែនជាលំនៅដ្ឋាន ត្រូវបានខូចខាត។ ការត្រួតពិនិត្យទីតាំង[វាយប្រហារ] កំពុងដំណើរការ»។

ក្រុមមន្ត្រីសុខាភិបាល៖ អ៊ីស្រាអែលវាយប្រហារជំរំជនភៀសខ្លួនរ៉ាហ្វាសម្លាប់មនុស្ស៣៧នាក់

2024/02/12 05:15:44 pm        160
មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា(Rafah) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា (Gaza)បានសម្លាប់មនុស្ស ៣៧ នាក់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារក្រុងរ៉ាហ្វា ដោយគ្មានផែនការដ៏គួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល។ ក្រុមអ្នកស្រុកដែលត្រូវបានទាក់ទងដោយសារព័ត៌មាន Reuters ដោយប្រើកម្មវិធីជជែក បាននិយាយថា ការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំងបានបង្កឱ្យមានការភ័យស្លន់ស្លោរីករាលដាលនៅក្នុងទីក្រុងរ៉ាហ្វា ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេកនៅពេលការវាយប្រហារបានចាប់ផ្តើម។ អ្នកខ្លះភ័យខ្លាចថាអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកដោយថ្មើជើងរបស់ខ្លួនលើរ៉ាហ្វារួចហើ យ។ យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ដែលឥឡូវនេះបាន សន្និដ្ឋានដោយពុំផ្តល់ព័ត៌មានលម្អិតបន្ថែម។មុនពេលការវាយលុកកាលពីកន្លងទៅលើទីក្រុងហ្កាហ្សា យោធាអ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលចាកចេញដោយមិនបានរៀបចំផែនការជម្លៀសជាក់លាក់ណាមួយឡើយ។ ភ្នាក់ងារជំនួយនិយាយថា ការវាយប្រហារលើក្រុង Rafah នឹងក្លាយជាមហន្តរាយ។ ទោះនោះជាកន្លែងសុវត្ថិភាពចុងក្រោយនៅក្នុងតំបន់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយលុករបស់យោធាអ៊ីស្រាអែល៕

យប់ថ្ងៃទី១១កុម្ភៈ នគរបាលនៅភ្នំពេញឃាត់យានយន្តល្មើសបាន ៩៧គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៤៩គ្រឿង

2024/02/12 04:52:50 pm        218
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នគរបាល នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និង​ត្រួត​ពិនិត្យ​ជាតិ​អាល់​កុល​ជាលទ្ធផល ឃាត់យានយន្តល្មើសបាន ៩៧ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៤៩ គ្រឿង។ យោងតាមរបាយករណ៍របស់ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ស្ដីពី​លទ្ធផល​ការអ​នុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បាន​ឱ្យ​ដឹងថា ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ តាម​បណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួត​ពិនិត្យ​ជាតិ​អាល់កុល ដោយឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង ក្នុងនោះ រថយន្ត ចំនួន ៣៧គ្រឿង, ម៉ូតូ ចំនួន ៦០ គ្រឿង។ ក្នុងនោះ រថយន្ត និងម៉ូតូ ល្មើសជាតិស្រវឹង ចំនួន ៤៩ គ្រឿង ដោយមាន កម្រិតជាតិអាល់កុល ០.២៥ - ០.៣៩ mg/L ចំនួន ១៣ គ្រឿង ក្នុងនោះមានអ្នកបើកបរម៉ូតូ ចំនួន ៣ នាក់ និង​អ្នក​បើកបររថយន្តចំនួន១០ នាក់ ដែលមានកម្រិតជាតិអាល់កុល ០.៤០ mg/L ឡើង ចំនួន ៣៦ គ្រឿង។ សរុបក្នុងករណីនេះ មានអ្នកបើកបរម៉ូតូ ចំនួន ២០ នាក់ និងអ្នកបើកបររថយន្ត ចំនួន ១៦នាក់។ នៅ​យប់មិញនេះដែរ សមត្ថកិច្ចក៏ឃាត់បាន បទល្មើសផ្សេងៗ ចំនួន ៤៨ គ្រឿង ក្នុង​នោះអ​ត់​មួក​សុវត្ថិភាព ចំនួន ៣៣ គ្រឿង, ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន ៣ គ្រឿង, ម៉ូតូជិះបញ្រ្ចាស ចំនួន ១ គ្រឿង និងរថយន្តគ្មានប័ណ្ណបើកបរ ចំនួន ១១ គ្រឿង៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅហ្វីលីពីន ឡើងដល់ ៥៤នាក់ ខណៈរាប់សិបនាក់បន្តបាត់ខ្លួន

2024/02/12 04:25:57 pm        146
រដ្ឋាភិបាលខេត្តបាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាចំនួនមនុស្សស្លាប់ដោយសារបំណាក់ដីនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥៤ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានជីកយកសាកសពបន្ថែមទៀតពីល្បប់ភក់។ បំណាក់ដីបានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅជិតអណ្តូងរ៉ែមាសមួយក្នុងទីក្រុង ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺអូរ៉ូ (Davao de Oro) ដោយបានកប់លំនៅឋានជាច្រើនខ្នង និងរថយន្ត ដែលដឹកបុគ្គលិកទៅកន្លែងប្រតិបត្តិការដោយក្រុមហ៊ុនជីករ៉ែ អេភីក ម៉ាញនីង (Apex Mining)។អ្នកបាត់ខ្លួនមានចំនួន ៦៣ នាក់ ដោយរដ្ឋាភិបាលខេត្តបាននិយាយថា ចំនួននេះនៅមិនទាន់ផ្ទៀងផ្ទាត់នៅឡើយ ហើយមនុស្សសរុប ៣២ នាក់បានរងរបួសក្នុងបំណាក់ដីនេះ។លោក អេដវើត ម៉ាខាភីលី (Edward Macapili) មន្ត្រីនៅខេត្ត ដាវ៉ាវ ដឺអូរ៉ូ បាននិយាយថា មនុស្សជាង ៣០០ នាក់បានចូលរួមក្នុងការជួយសង្គ្រោះ ប៉ុន្តែប្រតិបត្តិការនេះកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង ល្បប់ភក់ដ៏ក្រាស់ និងការគំរាមកំហែងនៃបំណាក់ដីបន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួង ស្ថាប័ននានា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបសម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
11/08/2026 05:11 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មានសំឡេងផ្ទុះត្រូវគេឮក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
11/08/2026 03:11 PM
គុណភាពខ្យល់នៅរដ្ឋធានីឥណ្ឌាយ៉ាប់យ៉ឺនខ្លាំង ខណៈពិធីបុណ្យឌីវ៉ាលីបង្កក្តីបារម្ភកាន់តែខ្លាំងពីការបំពុលបរិស្ថាន
11/08/2026 03:11 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ណែនាំអាជ្ញាធរ​សង្កាត់​ឱ្យព​ង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និង​បន្ត​ផ្តល់​សេវា​ជូនពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត
11/08/2026 03:11 PM
អ៊ីរ៉ង់អះអាងថា កងកម្លាំងរបស់ខ្លួនមានភាព «រឹងមាំជាង» មុនពេលចាប់ផ្តើមសង្គ្រាម
11/08/2026 03:11 PM
ពលរដ្ឋវ័យចំណាស់ បង្ហាញមោទនភាពចំពោះសន្ទុះ នៃការអភិវឌ្ឍផលិតផលក្នុងស្រុកកាន់តែល្អ
11/08/2026 02:11 PM
ក្រុម AOT ចុះសង្កេតការណ៍ និងសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខណៈពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសារថៃឈ្លានពាន
11/08/2026 02:11 PM
រុស្ស៊ីវាយប្រហាររោងចក្រថាមពលនៅជុំវិញទីក្រុងគីវ បំផ្លាញស្ពានសំខាន់ៗ និងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់
11/08/2026 02:11 PM
យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០
11/08/2026 02:11 PM
ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
11/08/2026 02:11 PM