នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់
សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់

សន្តិសុខ និង សង្គម

ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែន ធ្វើឲ្យមានការរិះគន់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

2023/12/30 06:22:59 pm        208
ប្រទេសរុស្ស៊ី បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ សម្រាប់ការបាញ់មីស៊ីលទ្រង់ទ្រាយធំនិងការវាយប្រហារដោយយានដ្រូនទៅលើប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងគីវ និងអ្នកគាំទ្ររបស់ខ្លួន បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃស្ថាប័នដែលមានសមាជិក ១៥រូប ដើម្បីដោះស្រាយការវាយប្រហារនេះ។ ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្របានសម្លាប់ជនស៊ីវិល ៣១ នាក់ និងរងរបួសជាង ១៦០ នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយប្រទេសប៉ូឡូញបាននិយាយថា មីស៊ីលរបស់រុស្ស៊ីទំនងជា បានហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួន មុនពេលងាកទៅរកប្រទេសអ៊ុយក្រែន។សមាជិកក្រុមប្រឹក្សាភាគច្រើន រួមទាំងសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស បានថ្កោលទោសការវាយប្រហារលើអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោក Barbara Woodward បានឆ្លើយតបថា សកម្មភាពរបស់រុស្ស៊ី គឺជាមូលហេតុតែមួយគត់នៃសោកនាដកម្មនៅអ៊ុយក្រែន។ តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ លោក Geng Shuang ពុំបានថ្កោលទោសការវាយប្រហារនេះទេ ហើយបានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយចំពោះសង្គ្រាមនៅអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយនៅក្នុងការឆ្លើយតបដ៏វែងមួយថា រុស្ស៊ីបានបើកការវាយប្រហារតែលើហេដ្ឋារចនាសម្ព័ន្ធយោធាក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ទទួលខុសត្រូវចំពោះការស្លាប់និងរងរបួសជនស៊ីវិល។

វិមានក្រឹមឡាំង៖ រុស្ស៊ី នឹងចាត់វិធានការសងសឹកប្រឆាំងការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន

2023/12/30 06:19:04 pm        283
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី បានវាយតម្លៃរួចហើយនូវ «ចំណាត់ការសងសឹក» ដ៏មានសក្ដានុពល ដែលខ្លួនអាចធ្វើ ប្រសិនបើទ្រព្យសម្បត្តិរបស់ប្រទេសនេះ ត្រូវបានរឹបអូស។លោក Peskov បាននិយាយបែបនេះ ខណៈធ្វើអត្ថាធិប្បាយលើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅក្នុងក្រុមប្រទេស G7 ដែលបានជំរុញឱ្យក្រុមការងារស្វែងរកវិធីដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានតម្លៃ ៣០០ ពាន់លានដុល្លារ។លោក Peskov បាននិយាយថា យើងបានវិភាគចំណាត់ការសងសឹក ដែលអាចកើតមានទាំងអស់ជាមុនហើយទីក្រុងមូស្គូ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបម្រើផលប្រយោជន៍ជាតិរបស់ខ្លួន។លោកនិយាយថា ប្រទេសរុស្ស៊ី នឹងពិចារណាយ៉ាងពេញលេញនូវ ភាពមិនអាចស្មានទុកជាមុនបាន នៃសមភាគីរបស់ខ្លួន និង ទំនោរក្នុងការបំពានច្បាប់អន្តរជាតិ។លោក Peskov និយាយថា ប្រទេសរុស្ស៊ីបានចងក្រងបញ្ជីទ្រព្យសម្បត្តិរបស់លោកខាងលិច ដែលខ្លួនអាចរឹបអូសបាន ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តដ៏មានសក្តានុពល ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន។លោកបានបញ្ជាក់ថា ទ្រឹស្ដីស្របច្បាប់ណាមួយដែលនឹងអនុញ្ញាតឱ្យមានការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ជាសំខាន់គឺ មុខរបរស្របច្បាប់ ហើយការសម្រេចបែបនេះ នឹងធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់ប្រទេសផ្សេងទៀតចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងសេដ្ឋកិច្ចសកលលោកទាំងមូល។

អាហ្រ្វិកខាងត្បូង ប្តឹងអ៊ីស្រាអែលនៅតុលាការអង្គការសហប្រជាជាតិពីបទ «អំពើប្រល័យពូជសាសន៍» នៅហ្កាហ្សា

2023/12/30 06:05:42 pm        197
ប្រទេសអាហ្រ្វិកខាងត្បូង បានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃសុក្រ នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រឆាំងប្រទេសអ៊ីស្រាអែល ពីបទអំពើ «ប្រល័យពូជសាសន៍» របស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ ICJ បានឲ្យដឹងថា ករណីនេះអះអាងថា «ការរំលោភបំពានដោយអ៊ីស្រាអែលតាមដែលបានចោទប្រកាន់ចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ (អនុសញ្ញាប្រល័យពូជសាសន៍) ទាក់ទងនឹងពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។នៅក្នុងពាក្យបណ្តឹងទៅកាន់តុលាការអង្គការសហប្រជាជាតិ ប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា សកម្មភាព និងការបំភ្លេចចោលដោយអ៊ីស្រាអែល គឺជាការប្រល័យពូជសាសន៍នៅក្នុងអាកប្បកិរិយា ខណៈពួកគេបានប្តេជ្ញាជាមួយនឹងបំណងជាក់លាក់ ដើម្បីបំផ្លាញពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ប្រទេសអាហ្វ្រិកខាងត្បូង បានអំពាវនាវដល់តុលាការ ICJ សម្រាប់វិធានការ ដើម្បីធានាបានការអនុវត្តន៍តាមច្បាប់របស់អ៊ីស្រាអែលជាមួយនឹងកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាប្រល័យពូជសាសន៍ មិនឱ្យពាក់ព័ន្ធក្នុងការប្រល័យពូជសាសន៍ និងដើម្បីទប់ស្កាត់ និងដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍។

ពលរដ្ឋភៀសខ្លួនតំបន់ហ្កាហ្សា ភៀសខ្លួនម្តងទៀត ខណៈអ៊ីស្រាអែល វាយលុកថ្មីដោយរថក្រោះ និងតាមអាកាស

2023/12/30 05:29:07 pm        169
ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួន បានស្វែងរកទីជម្រក ខណៈរថក្រោះរបស់អ៊ីស្រាអែល បានរុលចូលឆ្លងកាត់តំបន់ហ្កាហ្សាភាគកណ្តាល ដោយមានមនុស្សជាង ១៨០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោង ក្នុងការវាយប្រហារតាមអាកាស និងការបាញ់រាំងកាំភ្លើងធំ ទៅលើតំបន់ហ៊ុមព័ទ្ធហ្កាហ្សាដែលត្រូវបានបំផ្លាញ។ពលរដ្ឋនិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារភាគខាងត្បូងតំបន់ហ្កាហ្សា បានធ្វើឱ្យលំនៅឋានរាបដល់ដី និងកប់ក្រុមគ្រួសារជាច្រើន ខណៈពួកគេដេកលក់។ការវាយលុកនៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ្កាហ្សា បានជំរុញឱ្យប្រជាជនជម្លៀសខ្លួនជាថ្មី ចេញពីតំបន់ផ្សេងទៀត ជាអ្វីដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានចាត់ទុកថាជាដំណាក់កាលសំខាន់នៃបេសកកម្មរបស់អ៊ីស្រាអែល ដើម្បីកម្ទេចសត្រូវក្រុមហាម៉ាស។ប្រជាជនស្ទើរតែទាំងអស់ចំនួន ២,៣ លាននាក់នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេយ៉ាងហោចណាស់ម្តង ហើយមនុស្សជាច្រើន ពេលនេះកំពុងភៀសខ្លួនម្តងទៀត ដែលបានមកជ្រកកោននៅក្នុងតង់បណ្តោះអាសន្ន ឬជ្រកក្រោមក្រណាត់ប្លាស្ទិក នៅលើដីវាល ។

អាមេរិកអនុម័ត ការលក់គ្រាប់រំសេវបន្ទាន់ទៅឲ្យអ៊ីស្រាអែល

2023/12/30 05:14:55 pm        174
សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រកាសការអនុម័តលើការលក់គ្រាប់កាំភ្លើងធំមានផលប៉ះពាល់ខ្លាំង១៥៥មីលីម៉ែត្រក្នុងតម្លៃ ១៤៧,៥ លានដុល្លារ និងយុទ្ធោបករណ៍ពាក់ព័ន្ធ ទៅឲ្យអ៊ីស្រាអែល ក្រោមការផ្តល់ឲ្យបន្ទាន់ ដែលមិនឆ្លងកាត់ការពិនិត្យរបស់សភា។ ការផ្តល់ដូចគ្នានេះ ត្រូវបានប្រើប្រាស់កាលពីដើមខែនេះ ដើម្បីអនុម័តការលក់គ្រាប់កាំភ្លើងរថក្រោះ ១៤.០០០ គ្រាប់ ១២០មីលីម៉ែត្រ ទៅឱ្យអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្នុងជម្លោះបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបានចាប់ផ្តើមដោយការការវាយប្រហារដ៏ភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីខែតុលា។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ីស្រាអែលបានស្នើសុំគ្រាប់រំសេវ ១៥៥មីលីម៉ែត្រ, ឧបករណ៍បំផ្ទុះ ទៅក្នុងករណីលក់របស់យោធាបរទេសកាលពីលើកមុន ដោយបង្កើនការចំណាយសរុបប្រមាណពី ៩៦,៥១ លានដុល្លារដល់ ១៤៧,៥ លានដុល្លារ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសបានកំណត់ថា «មានគ្រាអាសន្នដែលតម្រូវឱ្យលក់បន្ទាន់ទៅឱ្យរដ្ឋាភិបាលអ៊ីស្រាអែល» នូវសព្វាវុធ ដោយបញ្ចៀសតម្រូវការជាធម្មតាសម្រាប់ការពិនិត្យរបស់សភា ដែលត្រូវបានគេនិយាយថា គ្រាប់រំសេវនឹងយកមកពីស្តុករបស់កងទ័ពសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បាននិយាយថា «អ៊ីស្រាអែលនឹងប្រើប្រាស់សមត្ថភាពដែលបានពង្រឹងជាការរារាំងដល់ការគំរាមកំហែងក្នុងតំបន់ និងដើម្បីពង្រឹងការការពារប្រទេសរបស់ខ្លួន» ។យោងតាមក្រសួងសុខាភិបាលនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា បន្ទាប់ពីការវាយប្រហារ សហរដ្ឋអាមេរិក បានប្រញាប់ប្រញាល់ផ្តល់ជំនួយយោធាដល់ប្រទេសអ៊ីស្រាអែល ដែលបានអនុវត្តយុទ្ធនាការឥតឈប់ឈរនៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១.៥០៧ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។

ជនបើករថយន្ដ Hummer បង្កគ្រោះថ្នាក់ស្លាប់ម្តាយ និងកូនតូចនៅខណ្ឌដូនពេញ បានចូលខ្លួនមកសារភាពកំហុសហើយ

2023/12/30 05:10:36 am        3058
ភ្នំពេញ ៖ ជនសង្ស័យជាអ្នកបើករថយន្ត Hummer បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ម្តាយម្នាក់ និងកូនតូចម្នាក់ និងបុរសជាប្តីរងរបួសធ្ងន់ នៅខណ្ឌដូនពេញ បានចូលសារភាពកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះមុខសមត្ថកិច្ច នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ។ ជនបើករថយន្ដបង្កខាងលើមានឈ្មោះ យ៉េត ច័ន្ទគ្រិះ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ41 ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អមខ ណ្ឌសែនសុខមុខរបរនៅផ្ទះ ។ បច្ចុប្បន្នជនរូបនេះ ក្រោយការសាកសួរនាំរួចមក កំពុងត្រូវបានឃុំខ្លួននៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ទល់មុខផ្ទះលេខ 53E ស្ថិតនៅលើកំណាត់វិថីព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានឱ្យដឹងថា ៖ នៅមុនកើតហេតុ ជនរងគ្រោះទាំង០៣នាក់ ដែលជាប្តីប្រពន្ធ និងកូន បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ឌុបគ្នាចេញពីហូបស៊ុប បំណងត្រឡប់ទៅផ្ទះ ។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត hammer ពណ៌ខ្មៅខាងលើ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងល្បឿនលឿន និងក្នុងទិសដៅស្របគ្នា បានបុកពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូ និងមនុស្សខ្ទាតផ្លោងទៅផ្ទប់នឹងដើមឈើ ស្លាប់ស្ត្រីជាម្តាយ និងកូនប្រុសស្លាប់នៅហ្នឹងកន្លែង ចំណែកឯបុរសជាប្តី ត្រូវរងរបួសធ្ងន់ធ្ងរបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ក្រោយកើតហេតុ ភ្លាមៗនោះ រថយន្តបង្ក បានបើករត់គេចចេញពីកន្លែងកើតហេតុភ្លាមៗតែម្តង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗ ក៏បានចេញបទបញ្ជារ ណែនាំដល់នគរបាលដែលកំពុងបំពេញតួនាទីក្នុងការអនុវត្តច្បាប់ចរាចរណ៍ គឺធ្វើយ៉ាងណាត្រូវអនុវត្តឱ្យតឹងរឹង លើជនបើកបរបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ដោយត្រូវចាប់ខ្លួនតែម្តងមិនចាំបាច់សុំគោលការណ៍ពីថ្នាក់លើ ហើយបើមានការតវ៉ា គឺដាក់ខ្នោះតែម្តងទៅ នេះបើក្នុងបទល្មើសជាក់ស្តែង ហើយបងប្អូននគរបាលអនុវត្តត្រឹមត្រូវតាមច្បាប់ ។ សម្តេចបន្ថែមថា បើនគរបាលអនុវត្តត្រឹមតាមច្បាប់ គឺពុំចាំបាច់ខ្លាចអ្វីឡើយ ព្រោះខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្ត្រី ៕ លីហេង

មន្ត្រីជំនាញរកឃើញ សាច់ បង្កក ប្រមាណជិត២០តោន នៅមូលដ្ឋានខណ្ឌច្បារអំពៅ

2023/12/29 09:28:23 pm        622
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្រ្កាប ករណីស្តុកសាច់បង្កក គ្មានច្បាប់អនុញ្ញាតចំនួន០២ទីតាំង និងរកឃើញសាច់ បង្កក ប្រមាណជិត២០តោន។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ការចុះបង្រ្កាបករណីសន្និធិ នាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកគ្មានច្បាប់អនុញ្ញាតិ ធ្វើឡើងចំនួន ០២ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដោយទីតាំងទី១ ស្ថិតនៅ ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ និងទីតាំងទី២ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដូចគ្នា។   ក្រោយបញ្ចប់ប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់ប្រមាណ ១៨,៨៤៨គីឡូក្រាម ។ សូមបញ្ជាក់ផងដែរចំពោះវត្ថុតាងខាងលើលោកព្រះរាជអាជ្ញារង បានសំរេចឲ្យបិទប្លុំបេរកុងទីន័រក្លាសេ្សទាំង ០២ទីតាំង និងនាំខ្លួនម្ចាស់ទីតាំង ០២នាក់ ទៅនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភៈ

រុស្ស៊ី៖ ប្រទេសមួយចំនួននៅលោកខាងលិច កំពុងបង្ហាញតម្រុយពីការសម្លឹងរកសន្តិភាពនៅអ៊ុយក្រែន

2023/12/29 09:23:20 pm        150
ប្រមុខការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូ ថា ប្រទេសមួយចំនួននៅលោកខាងលិច កំពុងលើកឡើងថា ក្រុងមូស្គូ គួរតែពិភាក្សាពីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ព្រោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបរាជ័យក្នុងការយកឈ្នះកងកម្លាំងរុស្ស៊ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ជិតរយៈពេល២ឆ្នា នៃសង្រ្គាមពេញបន្ទុករបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ទីក្រុងមូស្គូ បានគ្រប់គ្រងដែនដីប្រហែល១៧,៥%នៃទឹកដីរបស់អ៊ុយក្រែន ហើយការវាយបករបស់អ៊ុយក្រែន ទៅលើកងកម្លាំងរុស្ស៊ី នៅឆ្នាំនេះ មិនអាចយកឈ្នះ ឈានទៅរកការដណ្ដើមដែនដីសំខាន់ៗមកវិញពីកងកម្លាំងរុស្ស៊ីដែលបានការពារនៅសមរភូមិមុខដោយហ៊ុព័ទ្ធដោយគ្រាប់មីន និងការវាយប្រហារដោយយានដ្រូន។ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរដ្ឋ RIA និងទូរទស្សន៍ Rossiya 24 លោក Lavrov បាននិយាយថា មានសញ្ញាច្រើនដែលថា ប្រទេសលោកខាងលិចមួយចំនួន កំពុងកែប្រែតាកទិក និង យុទ្ធសាស្ត្ររបស់ខ្លួនលើសង្រ្គាមអ៊ុយក្រែន ។ លោកប្រធានាធិបតី Vladimir Putin បាននិយាយដដែលៗថា លោក ត្រៀមខ្លួនជានិច្ចក្នុងការចរចាសន្តិភាពក្នុងសង្រ្គាមអ៊ុយក្រែន ប៉ុន្តែឈរលើលក្ខខណ្ឌរបស់រុស្ស៊ី។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេគិតថា លោក Putin កំពុងរង់ចាំការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤មកដល់ មុនពេលធ្វើសកម្មភាពធំដុំណាមួយឆ្ពោះទៅរកសន្តិភាព៕

ទួរគី នឹងពង្រឹងមូលដ្ឋានយោធានៅភាគខាងជើងអ៊ីរ៉ាក់ ក្រោយទាហាន ១២នាក់ស្លាប់

2023/12/29 09:17:02 pm        148
ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) ថាប្រទេសទួរគី នឹងពង្រឹងមូលដ្ឋានអចិន្ត្រៃយ៍ថ្មីរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីទាហានទួរគីចំនួន ១២នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់។ អ្នកទាំង ១២នាក់នេះ ត្រូវបានសម្លាប់កាលពីសប្តាហ៍មុននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធនៃគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ និងមានមូលដ្ឋាននៅទីនោះ។លោក អឺដូហ្កាន់ បានប្រាប់កិច្ចប្រជុំតាមទូរទស្សន៍នៅទីក្រុងអង់ការ៉ា ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានសាងសង់ផ្លូវប្រវែងរាប់រយគីឡូម៉ែត្រនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ សម្រាប់មូលដ្ឋានអចិន្ត្រៃយ៍របស់យើង ហើយនៅនិទាឃរដូវខាងមុខ យើងនឹងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធនៃមូលដ្ឋានដែលបានបង្កើតឡើងថ្មីនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងធ្វើឱ្យពួកភេរវករមិនឈានជើងចូលក្នុងតំបន់នេះបាន»។កងកម្លាំងទួរគី បានធ្វើការវាយប្រហារជាប្រចាំនៅក្នុងប្រទេសជិតខាងអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយលុករបស់ប្រទេសប្រឆាំងនឹងពួកសកម្មប្រយុទ្ធបក្សពលករ PKK ។ ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសទួរគីបានចាប់ផ្តើមប្រតិបត្តិការជាបន្តបន្ទាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីការប្រកាសរបស់លោក អឺដូហ្កាន់ អំពី «គំនិតសន្តិសុខថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម» និងផែនការដើម្បី «បំបាត់អំពើភេរវកម្ម និងកម្ចាត់ប្រភពភេរវករ»៕

អូស្ត្រាលី ត្រៀមទប់ទល់រលកកម្ដៅ និងព្យុះផ្គររន្ទះ នៅថ្ងៃវិស្សមកាលឆ្នាំថ្មី នៅចុងសប្ដាហ៍

2023/12/29 09:13:40 pm        123
ប្រទេសអូស្ត្រាលី កំពុងត្រៀមទប់ទល់រលកកម្តៅដ៏ខ្លាំង នៅទូទាំងភាគខាងជើង និងខាងលិច របស់ប្រទេស ក្នុងអំឡុងថ្ងៃវិស្សមកាលឆ្នាំថ្មី នៅចុងសប្តាហ៍នេះ ដោយការព្យាករណ៍សីតុណ្ហភាពថា នឹងឡើងកម្តៅដល់លើសពី ៤៥ អង្សាសេ ខណៈព្យុះផ្គររន្ទះខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាននៅភាគខាងកើតប្រទេស។ រលកកម្តៅ កើតមានឡើងបន្ទាប់ពីប្រព័ន្ធអាកាសធាតុមិនអំណោយផលខ្លាំង ដែលបានវាយលុកនៅភាគខាងកើតប្រទេសក្នុងថ្ងៃបុណ្យណូអែល បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់មនុស្សរាប់ម៉ឺននាក់ និងបន្ទាប់ពីព្យុះស៊ីក្លូន Jasper កាលពីដើមខែនេះ បណ្តាលឱ្យមានទឹកជំនន់ និងការបំផ្លាញរាលដាល។ រដូវក្តៅ ពីខែធ្នូ ដល់ខែកុម្ភៈ នៅប្រទេសអូស្ត្រាលី ស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Nino) ដែលជាធម្មតា នាំមកនូវសីតុណ្ហភាពពេលថ្ងៃ លើសពីកម្រិតមធ្យម ហើយអាចបណ្តាលឱ្យមានអាកាសធាតុមិនអំណោយផលខ្លាំង មានចាប់ពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូនត្រូពិក និងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ។ ការិយាល័យឧតុនិយម បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា ស្ថានភាពរលកកម្តៅខ្លាំង ត្រូវបានព្យាករណ៍សម្រាប់តំបន់ធំៗនៅរដ្ឋភាគខាងលិចប្រទេសអូស្ត្រាលី ដោយមានសីតុណ្ហភាពនៅក្នុងទីក្រុង Marble Bar ជាទីក្រុងចាស់រុករករ៉ែ ដាច់ស្រយាលមួយនៅភាគពាយព្យ ត្រូវគេរំពឹងថានឹងឡើងដល់ ៤៩ អង្សាសេ នៅថ្ងៃសៅរ៍។ នៅទីក្រុងដាច់ស្រយាលនានា នៅរដ្ឋ Queensland មានទីក្រុង Longreach និង Julia Creek នៅភាគឦសាន ត្រូវបានកំណត់ថា មានសីតុណ្ហភាពឡើងដល់៤៧ អង្សាសេនៅចុងសប្តាហ៍នេះ ខណៈសីតុណ្ហភាពនៅពេលយប់ នៅក្នុងផ្នែកជាច្រើននៃដែនដីភាគខាងជើង អាចស្ថិតក្នុងកម្រិតទាប ៣០អង្សាសេ រយៈពេលជាច្រើនថ្ងៃ។ រលកកម្តៅខ្លាំង បានជំរុញឱ្យអាជ្ញាធរ បង្កើនហានិភ័យចំហេះព្រៃ ដោយតំបន់មួយចំនួនស្ថិតក្រោមបម្រាមអគ្គិភ័យទាំងស្រុង។ ប៉ុន្តែនៅភាគខាងកើត ព្យុះផ្គររន្ទះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញ ចាប់ពីថ្ងៃសុក្រនេះ ឆ្លងកាត់ភាគខាងកើតរដ្ឋ Queensland និងភាគឦសានរដ្ឋ New South Wales ដោយបន្តចូលរហូតដល់ឆ្នាំថ្មី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
09/24/2026 06:09 PM
ចារកម្ម​ដាណឺម៉ាក៖ ការឈ្លានពានរបស់រុស្ស៊ីលើសមាជិកណាតូ​ ទំនងមិន​មាន​ តែ​មិនអាចបដិសេធឡើយ
09/24/2026 06:09 PM
អេក្វាឌ័រអំពាវនាវឲ្យ UNចាត់វិធានការលើឧក្រិដ្ឋកម្មអន្តរជាតិ និងចែករំលែកព័ត៌មានចារកម្ម
09/24/2026 06:09 PM
កាសែតលក់ដាច់ជាង​គេ​របស់បារាំង នឹងកាត់បន្ថយការងារ​ជាង ១៥០កន្លែង​
09/24/2026 06:09 PM
អ៊ីរ៉ង់លុបចោលជើងហោះហើរទាំងអស់ទៅកាន់អេមីរ៉ាតអារ៉ាប់រួម
09/24/2026 06:09 PM
មេដឹកនាំដូមីនីកជំរុញ UN ឲ្យបង្កើនការគាំទ្របេសកកម្មនៅប្រទេសហៃទី
09/24/2026 06:09 PM
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
09/24/2026 06:09 PM
អ៊ីរ៉ង់គំរាមពង្រីកសង្គ្រាមទៅដល់​មហាសមុទ្រឥណ្ឌា ប្រសិនបើអាមេរិកវាយប្រហារម្តងទៀត
09/24/2026 06:09 PM
យោធាចិន៖ ជប៉ុនកំពុងព្យាយាមផ្តាច់ខ្លួនចេញពីសណ្តាប់ធ្នាប់ក្រោយសង្គ្រាម
09/24/2026 06:09 PM
កម្ពុជាប្តេជ្ញាចិត្ត​ផ្តល់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​
09/24/2026 05:09 PM