ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

អាមេរិកអនុម័ត ការលក់គ្រាប់រំសេវបន្ទាន់ទៅឲ្យអ៊ីស្រាអែល

2023/12/30 05:14:55 pm        174
សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រកាសការអនុម័តលើការលក់គ្រាប់កាំភ្លើងធំមានផលប៉ះពាល់ខ្លាំង១៥៥មីលីម៉ែត្រក្នុងតម្លៃ ១៤៧,៥ លានដុល្លារ និងយុទ្ធោបករណ៍ពាក់ព័ន្ធ ទៅឲ្យអ៊ីស្រាអែល ក្រោមការផ្តល់ឲ្យបន្ទាន់ ដែលមិនឆ្លងកាត់ការពិនិត្យរបស់សភា។ ការផ្តល់ដូចគ្នានេះ ត្រូវបានប្រើប្រាស់កាលពីដើមខែនេះ ដើម្បីអនុម័តការលក់គ្រាប់កាំភ្លើងរថក្រោះ ១៤.០០០ គ្រាប់ ១២០មីលីម៉ែត្រ ទៅឱ្យអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្នុងជម្លោះបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបានចាប់ផ្តើមដោយការការវាយប្រហារដ៏ភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីខែតុលា។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ីស្រាអែលបានស្នើសុំគ្រាប់រំសេវ ១៥៥មីលីម៉ែត្រ, ឧបករណ៍បំផ្ទុះ ទៅក្នុងករណីលក់របស់យោធាបរទេសកាលពីលើកមុន ដោយបង្កើនការចំណាយសរុបប្រមាណពី ៩៦,៥១ លានដុល្លារដល់ ១៤៧,៥ លានដុល្លារ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសបានកំណត់ថា «មានគ្រាអាសន្នដែលតម្រូវឱ្យលក់បន្ទាន់ទៅឱ្យរដ្ឋាភិបាលអ៊ីស្រាអែល» នូវសព្វាវុធ ដោយបញ្ចៀសតម្រូវការជាធម្មតាសម្រាប់ការពិនិត្យរបស់សភា ដែលត្រូវបានគេនិយាយថា គ្រាប់រំសេវនឹងយកមកពីស្តុករបស់កងទ័ពសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បាននិយាយថា «អ៊ីស្រាអែលនឹងប្រើប្រាស់សមត្ថភាពដែលបានពង្រឹងជាការរារាំងដល់ការគំរាមកំហែងក្នុងតំបន់ និងដើម្បីពង្រឹងការការពារប្រទេសរបស់ខ្លួន» ។យោងតាមក្រសួងសុខាភិបាលនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា បន្ទាប់ពីការវាយប្រហារ សហរដ្ឋអាមេរិក បានប្រញាប់ប្រញាល់ផ្តល់ជំនួយយោធាដល់ប្រទេសអ៊ីស្រាអែល ដែលបានអនុវត្តយុទ្ធនាការឥតឈប់ឈរនៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១.៥០៧ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។

ជនបើករថយន្ដ Hummer បង្កគ្រោះថ្នាក់ស្លាប់ម្តាយ និងកូនតូចនៅខណ្ឌដូនពេញ បានចូលខ្លួនមកសារភាពកំហុសហើយ

2023/12/30 05:10:36 am        3071
ភ្នំពេញ ៖ ជនសង្ស័យជាអ្នកបើករថយន្ត Hummer បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ម្តាយម្នាក់ និងកូនតូចម្នាក់ និងបុរសជាប្តីរងរបួសធ្ងន់ នៅខណ្ឌដូនពេញ បានចូលសារភាពកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះមុខសមត្ថកិច្ច នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ។ ជនបើករថយន្ដបង្កខាងលើមានឈ្មោះ យ៉េត ច័ន្ទគ្រិះ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ41 ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អមខ ណ្ឌសែនសុខមុខរបរនៅផ្ទះ ។ បច្ចុប្បន្នជនរូបនេះ ក្រោយការសាកសួរនាំរួចមក កំពុងត្រូវបានឃុំខ្លួននៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ទល់មុខផ្ទះលេខ 53E ស្ថិតនៅលើកំណាត់វិថីព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានឱ្យដឹងថា ៖ នៅមុនកើតហេតុ ជនរងគ្រោះទាំង០៣នាក់ ដែលជាប្តីប្រពន្ធ និងកូន បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ឌុបគ្នាចេញពីហូបស៊ុប បំណងត្រឡប់ទៅផ្ទះ ។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត hammer ពណ៌ខ្មៅខាងលើ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងល្បឿនលឿន និងក្នុងទិសដៅស្របគ្នា បានបុកពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូ និងមនុស្សខ្ទាតផ្លោងទៅផ្ទប់នឹងដើមឈើ ស្លាប់ស្ត្រីជាម្តាយ និងកូនប្រុសស្លាប់នៅហ្នឹងកន្លែង ចំណែកឯបុរសជាប្តី ត្រូវរងរបួសធ្ងន់ធ្ងរបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ក្រោយកើតហេតុ ភ្លាមៗនោះ រថយន្តបង្ក បានបើករត់គេចចេញពីកន្លែងកើតហេតុភ្លាមៗតែម្តង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗ ក៏បានចេញបទបញ្ជារ ណែនាំដល់នគរបាលដែលកំពុងបំពេញតួនាទីក្នុងការអនុវត្តច្បាប់ចរាចរណ៍ គឺធ្វើយ៉ាងណាត្រូវអនុវត្តឱ្យតឹងរឹង លើជនបើកបរបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ដោយត្រូវចាប់ខ្លួនតែម្តងមិនចាំបាច់សុំគោលការណ៍ពីថ្នាក់លើ ហើយបើមានការតវ៉ា គឺដាក់ខ្នោះតែម្តងទៅ នេះបើក្នុងបទល្មើសជាក់ស្តែង ហើយបងប្អូននគរបាលអនុវត្តត្រឹមត្រូវតាមច្បាប់ ។ សម្តេចបន្ថែមថា បើនគរបាលអនុវត្តត្រឹមតាមច្បាប់ គឺពុំចាំបាច់ខ្លាចអ្វីឡើយ ព្រោះខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្ត្រី ៕ លីហេង

មន្ត្រីជំនាញរកឃើញ សាច់ បង្កក ប្រមាណជិត២០តោន នៅមូលដ្ឋានខណ្ឌច្បារអំពៅ

2023/12/29 09:28:23 pm        631
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្រ្កាប ករណីស្តុកសាច់បង្កក គ្មានច្បាប់អនុញ្ញាតចំនួន០២ទីតាំង និងរកឃើញសាច់ បង្កក ប្រមាណជិត២០តោន។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ការចុះបង្រ្កាបករណីសន្និធិ នាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកគ្មានច្បាប់អនុញ្ញាតិ ធ្វើឡើងចំនួន ០២ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដោយទីតាំងទី១ ស្ថិតនៅ ដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ និងទីតាំងទី២ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដូចគ្នា។   ក្រោយបញ្ចប់ប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់ប្រមាណ ១៨,៨៤៨គីឡូក្រាម ។ សូមបញ្ជាក់ផងដែរចំពោះវត្ថុតាងខាងលើលោកព្រះរាជអាជ្ញារង បានសំរេចឲ្យបិទប្លុំបេរកុងទីន័រក្លាសេ្សទាំង ០២ទីតាំង និងនាំខ្លួនម្ចាស់ទីតាំង ០២នាក់ ទៅនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភៈ

រុស្ស៊ី៖ ប្រទេសមួយចំនួននៅលោកខាងលិច កំពុងបង្ហាញតម្រុយពីការសម្លឹងរកសន្តិភាពនៅអ៊ុយក្រែន

2023/12/29 09:23:20 pm        150
ប្រមុខការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូ ថា ប្រទេសមួយចំនួននៅលោកខាងលិច កំពុងលើកឡើងថា ក្រុងមូស្គូ គួរតែពិភាក្សាពីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ព្រោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបរាជ័យក្នុងការយកឈ្នះកងកម្លាំងរុស្ស៊ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ជិតរយៈពេល២ឆ្នា នៃសង្រ្គាមពេញបន្ទុករបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ទីក្រុងមូស្គូ បានគ្រប់គ្រងដែនដីប្រហែល១៧,៥%នៃទឹកដីរបស់អ៊ុយក្រែន ហើយការវាយបករបស់អ៊ុយក្រែន ទៅលើកងកម្លាំងរុស្ស៊ី នៅឆ្នាំនេះ មិនអាចយកឈ្នះ ឈានទៅរកការដណ្ដើមដែនដីសំខាន់ៗមកវិញពីកងកម្លាំងរុស្ស៊ីដែលបានការពារនៅសមរភូមិមុខដោយហ៊ុព័ទ្ធដោយគ្រាប់មីន និងការវាយប្រហារដោយយានដ្រូន។ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរដ្ឋ RIA និងទូរទស្សន៍ Rossiya 24 លោក Lavrov បាននិយាយថា មានសញ្ញាច្រើនដែលថា ប្រទេសលោកខាងលិចមួយចំនួន កំពុងកែប្រែតាកទិក និង យុទ្ធសាស្ត្ររបស់ខ្លួនលើសង្រ្គាមអ៊ុយក្រែន ។ លោកប្រធានាធិបតី Vladimir Putin បាននិយាយដដែលៗថា លោក ត្រៀមខ្លួនជានិច្ចក្នុងការចរចាសន្តិភាពក្នុងសង្រ្គាមអ៊ុយក្រែន ប៉ុន្តែឈរលើលក្ខខណ្ឌរបស់រុស្ស៊ី។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេគិតថា លោក Putin កំពុងរង់ចាំការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤មកដល់ មុនពេលធ្វើសកម្មភាពធំដុំណាមួយឆ្ពោះទៅរកសន្តិភាព៕

ទួរគី នឹងពង្រឹងមូលដ្ឋានយោធានៅភាគខាងជើងអ៊ីរ៉ាក់ ក្រោយទាហាន ១២នាក់ស្លាប់

2023/12/29 09:17:02 pm        148
ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) ថាប្រទេសទួរគី នឹងពង្រឹងមូលដ្ឋានអចិន្ត្រៃយ៍ថ្មីរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីទាហានទួរគីចំនួន ១២នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់។ អ្នកទាំង ១២នាក់នេះ ត្រូវបានសម្លាប់កាលពីសប្តាហ៍មុននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធនៃគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ និងមានមូលដ្ឋាននៅទីនោះ។លោក អឺដូហ្កាន់ បានប្រាប់កិច្ចប្រជុំតាមទូរទស្សន៍នៅទីក្រុងអង់ការ៉ា ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានសាងសង់ផ្លូវប្រវែងរាប់រយគីឡូម៉ែត្រនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ សម្រាប់មូលដ្ឋានអចិន្ត្រៃយ៍របស់យើង ហើយនៅនិទាឃរដូវខាងមុខ យើងនឹងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធនៃមូលដ្ឋានដែលបានបង្កើតឡើងថ្មីនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងធ្វើឱ្យពួកភេរវករមិនឈានជើងចូលក្នុងតំបន់នេះបាន»។កងកម្លាំងទួរគី បានធ្វើការវាយប្រហារជាប្រចាំនៅក្នុងប្រទេសជិតខាងអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយលុករបស់ប្រទេសប្រឆាំងនឹងពួកសកម្មប្រយុទ្ធបក្សពលករ PKK ។ ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសទួរគីបានចាប់ផ្តើមប្រតិបត្តិការជាបន្តបន្ទាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីការប្រកាសរបស់លោក អឺដូហ្កាន់ អំពី «គំនិតសន្តិសុខថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម» និងផែនការដើម្បី «បំបាត់អំពើភេរវកម្ម និងកម្ចាត់ប្រភពភេរវករ»៕

អូស្ត្រាលី ត្រៀមទប់ទល់រលកកម្ដៅ និងព្យុះផ្គររន្ទះ នៅថ្ងៃវិស្សមកាលឆ្នាំថ្មី នៅចុងសប្ដាហ៍

2023/12/29 09:13:40 pm        123
ប្រទេសអូស្ត្រាលី កំពុងត្រៀមទប់ទល់រលកកម្តៅដ៏ខ្លាំង នៅទូទាំងភាគខាងជើង និងខាងលិច របស់ប្រទេស ក្នុងអំឡុងថ្ងៃវិស្សមកាលឆ្នាំថ្មី នៅចុងសប្តាហ៍នេះ ដោយការព្យាករណ៍សីតុណ្ហភាពថា នឹងឡើងកម្តៅដល់លើសពី ៤៥ អង្សាសេ ខណៈព្យុះផ្គររន្ទះខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាននៅភាគខាងកើតប្រទេស។ រលកកម្តៅ កើតមានឡើងបន្ទាប់ពីប្រព័ន្ធអាកាសធាតុមិនអំណោយផលខ្លាំង ដែលបានវាយលុកនៅភាគខាងកើតប្រទេសក្នុងថ្ងៃបុណ្យណូអែល បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់មនុស្សរាប់ម៉ឺននាក់ និងបន្ទាប់ពីព្យុះស៊ីក្លូន Jasper កាលពីដើមខែនេះ បណ្តាលឱ្យមានទឹកជំនន់ និងការបំផ្លាញរាលដាល។ រដូវក្តៅ ពីខែធ្នូ ដល់ខែកុម្ភៈ នៅប្រទេសអូស្ត្រាលី ស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Nino) ដែលជាធម្មតា នាំមកនូវសីតុណ្ហភាពពេលថ្ងៃ លើសពីកម្រិតមធ្យម ហើយអាចបណ្តាលឱ្យមានអាកាសធាតុមិនអំណោយផលខ្លាំង មានចាប់ពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូនត្រូពិក និងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ។ ការិយាល័យឧតុនិយម បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា ស្ថានភាពរលកកម្តៅខ្លាំង ត្រូវបានព្យាករណ៍សម្រាប់តំបន់ធំៗនៅរដ្ឋភាគខាងលិចប្រទេសអូស្ត្រាលី ដោយមានសីតុណ្ហភាពនៅក្នុងទីក្រុង Marble Bar ជាទីក្រុងចាស់រុករករ៉ែ ដាច់ស្រយាលមួយនៅភាគពាយព្យ ត្រូវគេរំពឹងថានឹងឡើងដល់ ៤៩ អង្សាសេ នៅថ្ងៃសៅរ៍។ នៅទីក្រុងដាច់ស្រយាលនានា នៅរដ្ឋ Queensland មានទីក្រុង Longreach និង Julia Creek នៅភាគឦសាន ត្រូវបានកំណត់ថា មានសីតុណ្ហភាពឡើងដល់៤៧ អង្សាសេនៅចុងសប្តាហ៍នេះ ខណៈសីតុណ្ហភាពនៅពេលយប់ នៅក្នុងផ្នែកជាច្រើននៃដែនដីភាគខាងជើង អាចស្ថិតក្នុងកម្រិតទាប ៣០អង្សាសេ រយៈពេលជាច្រើនថ្ងៃ។ រលកកម្តៅខ្លាំង បានជំរុញឱ្យអាជ្ញាធរ បង្កើនហានិភ័យចំហេះព្រៃ ដោយតំបន់មួយចំនួនស្ថិតក្រោមបម្រាមអគ្គិភ័យទាំងស្រុង។ ប៉ុន្តែនៅភាគខាងកើត ព្យុះផ្គររន្ទះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញ ចាប់ពីថ្ងៃសុក្រនេះ ឆ្លងកាត់ភាគខាងកើតរដ្ឋ Queensland និងភាគឦសានរដ្ឋ New South Wales ដោយបន្តចូលរហូតដល់ឆ្នាំថ្មី។

មេដឹកនាំបក្សប្រឆាំងស៊ែរប៊ី ធ្វើកូដកម្មអត់អាហារធ្វើឲ្យសុខភាពចុះខ្សោយ ពុំអាចចូលរួមជាមួយក្រុមបាតុករ

2023/12/29 09:02:18 pm        113
បន្ទាប់ពីការធ្វើកូដកម្មអត់អាហាររយៈពេល ១១ ថ្ងៃ មេដឹកនាំឈានមុខក្នុងគណបក្សប្រឆាំងធំ របស់ប្រទេសស៊ែរប៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សុខភាពរបស់លោកស្រី កាន់តែចុះខ្សោយខ្លាំង ដែលរារាំងលោកស្រី មិនឱ្យចូលរួមជាមួយមនុស្សរាប់រយនាក់កំពុងតវ៉ាចំពោះលទ្ធផលការបោះឆ្នោត នៅក្នុងទីក្រុងបែលក្រាដ។លោកស្រី Marinika Tepic មិនទទួលទានអាហារ រួមជាមួយសហការី៥នាក់ផ្សេងទៀត បន្ទាប់ពីការបោះឆ្នោតសភា និងការបោះឆ្នោតថ្នាក់តំបន់ កាលពីថ្ងៃទី ១៧ ខែធ្នូ ដើម្បីតវ៉ាប្រឆាំងទៅអ្វីដែលពួកគេនិយាយថាជាការបន្លំការបោះឆ្នោត។ខណៈអ្នកគាំទ្រគណបក្សប្រឆាំង ធ្វើបាតុកម្មនៅខាងក្រៅអគារគណៈកម្មាធិការរៀបចំការបោះឆ្នោត លោកស្រី Tepic អាចស្តាប់ឮសំឡេងស្រែក ការអបអរសាទរ និងហ៊ោកញ្ជ្រៀវ ពីក្នុងបន្ទប់មួយនៅខាងក្នុងអគារ ដែលលោកស្រីបានជ្រើសរើសស្នាក់នៅ អំឡុងពេលធ្វើកូដកម្មបង្អត់អាហារ។គណបក្សប្រឆាំងស៊ែរប៊ី ប្រឆាំងអំពើហឹង្សា ដែលឈរនៅលំដាប់ទីពីរក្នុងការបោះឆ្នោតសកលកាលពីដើមខែនេះ បានចោទប្រកាន់គណបក្សជឿនលឿនស៊ែប៊ី (SNS) ដ៏ពេញនិយមកំពុងកាន់អំណាច ពីបទក្លែងបន្លំសន្លឹកឆ្នោត ដែលអាជ្ញាធរបានបដិសេធ។គណបក្សប្រឆាំង បានរៀបចំការតវ៉ាជារៀងរាល់ថ្ងៃ ជុំវិញលទ្ធផលការបោះឆ្នោត នៅខាងមុខគណៈកម្មការរៀបចំការបោះឆ្នោត ហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ការតវ៉ាបានក្លាយជាអំពើហិង្សា ហើយមនុស្ស៣៨នាក់ ត្រូវបាននគរបាលចាប់ខ្លួន។

ទីក្រុងញូវយ៉ក ស្វែងរកការទប់ស្កាត់រថយន្តក្រុងដឹកជនអន្តោប្រវេសន៍ពីព្រំដែនភាគខាងត្បូង

2023/12/29 08:59:01 pm        113
ទីក្រុងញូវយ៉ក មានចំណាត់ការដើម្បីទប់ស្កាត់គោលនយោបាយរបស់រដ្ឋតិចសាស់ ពីការការដឹកជញ្ជូនជនអន្តោប្រវេសន៍រាប់ពាន់នាក់តាមរថយន្តក្រុង ទៅកាន់ទីក្រុងនេះ ជាផ្នែកមួយនៃការទប់ស្កាត់កាន់តែខ្លាំងឡើងលើការធ្វើអន្តោប្រវេសន៍ ដែលជាបញ្ហាយុទ្ធនាការស្នូលរួចទៅហើយនៅមុនពេលការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។ អភិបាលក្រុង លោក Eric Adams បានចេញបញ្ជាថា រថយន្តក្រុងដឹកជនអន្តោប្រវេសន៍ ពីព្រំដែនភាគខាងត្បូងជាមួយប្រទេសម៉ិកស៊ិក ត្រូវផ្តល់ការជូនដំណឹង ៣២ម៉ោងមុនពេលចូលមកដល់ទីក្រុង ហើយកំណត់ពេលវេលា ដែលសេវាជួលរថយន្តបែបនេះអាចទម្លាក់អ្នកដំណើរចុះបាន។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbot បានជួលរថយន្តដើម្បីដឹកជញ្ជូនជនអន្តោប្រវេសន៍ទើប មកដល់ថ្មីពីព្រំដែនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីតវ៉ាចំពោះអ្វីដែលលោកអះអាងថា គឺជាការបរាជ័យរបស់រដ្ឋាភិបាលប្រទេស ក្នុងការប្រឈមមុខទៅនឹងលំហូរជនអន្តោប្រវេសន៍។ ចំណាត់ការរបស់ទីក្រុងញូវយ៉ក ដែលបានចេញកាលពីល្ងាចថ្ងៃពុធ បានធ្វើឡើងបន្ទាប់ពីលោក Adams បានជួបជាមួយអភិបាលក្រុងឈីកាហ្គោ(Chicago) និងដេនវ័រ(Denver) សមាជិកគណបក្សប្រជាធិបតេយ្យ ដែលទីក្រុងទាំងពីរនេះជាគោលដៅពេញនិយម សម្រាប់ជនអន្តោប្រវេសន៍ ដែលទើបនឹងមកដល់។ ពួកគេបានអំពាវនាវឱ្យមានចំណាត់ការកាន់តែខ្លាំងពីអាជ្ញាធរប្រទេស ដែលលោក Adams បាននិយាយវាយប្រហារម្តងហើយម្តងទៀតចំពោះភាពអសកម្ម។ លោក Adams និយាយថា កាលពីសប្តាហ៍មុន រថយន្តក្រុងដែលត្រូវបានជួលចំនួន ១៤គ្រឿង ដឹកជនអន្តោប្រវេសន៍ បានមកដល់ទីក្រុងញូវយ៉ក កាលពីពេលយប់ មកពីរដ្ឋតិចសាស់ ជាចំនួនច្រើនបំផុត ក្នុងរយៈពេលតែមួយយប់។

ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »

2023/12/29 08:33:01 pm        33454
ក្រុមក្មេងទំនើងចំនួន០៤នាក់ ដែលបានប្រើប្រាស់ហិង្សាប្រើដាវ និងពូថៅ បង្កហិង្សាកាប់​ប្រហារ​ដល់​ជនរង​គ្រោះ​ជាច្រើននាក់ នៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ត្រូវបានលោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ចំនួន​០២​បទ​ល្មើស និងបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធីច្បាប់បន្ត ។ ជនទាំង០៤នាក់ ត្រូវចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ » និងបទ « ប៉ុនប៉ងឃាតកម្ម​ » តាមមាត្រា​ ២១៨​ , មាត្រា​ ២៧​ និងមាត្រា​១៩៩​ នៃក្រមព្រហ្មទណ្ឌ​ ។ ជនជាប់ចោទទាំង០៤នាក់មានឈ្មោះ ទី១៖ ហឿន ប៊ុនលាភ ភេទប្រុស អាយុ ១៨ឆ្នាំ មាន​ទីលំ​នៅ​ផ្ទះ​ជួលគ្មានលេខ ផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ សិស្ស។ ទី២ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ​ស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣ ឈ្មោះ ធី ម៉ា ហៅ ឡា ភេទប្រុស អាយុ​១៨​ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌ​ច្បារ​អំពៅ និងទី៤ ឈ្មោះ នូ សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់​ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស ។ គួររំលឹកថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និង​កម្លាំង​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល កាលពីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​បន្តបន្ទាប់ ០៤ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យក​ដាវ​ចំនួន ០៣ ដើម និងពូថៅ ចំនួន ០១ដើម ព្រួតគ្នាកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស) ចំនួន ០២ ករណី ។  ករណីទី១. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវចំនួន ០៣ ដើម និងពូថៅ ចំនួន ០១ដើម ព្រួតគ្នា​កាប់​លើ​ជនរង​គ្រោះប​ណ្តាល​ឲ្យ​ត្រូវ​ថ្ពាល់​ខាង​ឆ្វេង​រយៈ​ពីគុម្ព​ត្រចៀក​ដល់​ចុង​រង្វះ​មាត់​ ,ត្រូវកំភួនជើងស្តាំដាច់រយៈដល់ឆ្អឹង រងរបួសជាទម្ងន់សន្លប់បាត់ស្មារតី) កើតហេតុ​នៅ​ចំណុច​មាត់​ទន្លេ ផ្លូវទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ១៥ នាទី ។ ករណីទី២ កើតឡើងនៅចំណុចផ្លូវលេខ២១ កែងផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ៤០ នាទី ៕ តារាវុទ្ធី

អាមេរិកដាក់ទណ្ឌកម្មបន្ថែម លើបណ្តាញផ្តល់ប្រាក់កម្ចី ទាក់ទងនឹងក្រុមឧទ្ទាមហ៊ួទី នៅយេម៉ែន

2023/12/29 07:11:26 pm        118
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអង្គភាពសេវាកម្មប្តូរប្រាក់ ពីប្រទេសយេម៉ែន និងទួរគី ដែលត្រូវបានចោទប្រកាន់ថា បានជួយផ្តល់មូលនិធិដល់ក្រុមឧទ្ទាមហ៊ួទី គាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបាននិងកំពុងបើកការវាយប្រហារលើនាវាដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមភាគខាងត្បូង។ដោយត្រូវបានរួមបញ្ចូលនៅក្នុងការដាក់ទណ្ឌកម្ម មានប្រធានអន្តរការីហិរញ្ញវត្ថុ នៅទីក្រុងសាណា( Sana'a) ប្រទេសយេម៉ែន រួមជាមួយនឹងទីតាំងប្តូរប្រាក់ចំនួនបីកន្លែងនៅប្រទេសយេម៉ែន និងទួរគី។ រតនាគារសហរដ្ឋអាមេរិក បានចោទប្រកាន់ថា បុគ្គលនិងក្រុមហ៊ុនជាច្រើន បានជួយផ្ទេរប្រាក់រាប់លានដុល្លារទៅឱ្យក្រុមហ៊ួទី តាមការណែនាំរបស់អ្នកសម្របសម្រួលហិរញ្ញវត្ថុអ៊ីរ៉ង់ដែលត្រូវបានដាក់ទណ្ឌកម្ម លោក Sa'id al-Jamal ។ ការដាក់ទណ្ឌកម្មនេះ រារាំងការចូលទៅប្រើប្រាស់ទ្រព្យធន និងគណនីធនាគារ របស់សហរដ្ឋអាមេរិក និងរារាំងបុគ្គល និងក្រុមហ៊ុនគោលដៅ មិនឱ្យធ្វើពាណិជ្ជកម្មជាមួយពលរដ្ឋអាមេរិក។ ចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ គឺជាជុំចុងក្រោយនៃទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ដែលមានបំណងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ួទី។ កាលពីដើមខែនេះ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងបុគ្គល និងក្រុមហ៊ុនចំនួន ១៣ ដែលត្រូវបានចោទប្រកាន់ថា កំពុងផ្តល់ប្រាក់រាប់សិបលានដុល្លារពីការលក់ និងដឹកជញ្ជូនទំនិញរបស់ប្រទេសអ៊ីរ៉ង់ទៅឱ្យក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។ លោក Brian E Nelson អនុរដ្ឋមន្ត្រីរតនាគារសម្រាប់ការស៊ើបអង្កេតភេរវកម្ម និងហិរញ្ញវត្ថុ បាននិយាយថា ចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ដំណោះស្រាយរបស់យើងក្នុងការរឹតបន្តឹងលំហូរសាច់ប្រាក់ខុសច្បាប់ទៅកាន់ក្រុមហ៊ួទី ដែលបន្តវាយប្រហារដ៏គ្រោះថ្នាក់លើការដឹកជញ្ជូនអន្តរជាតិ និងហានិភ័យធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។លោក Nelson និយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងបន្តកំណត់គោលដៅ បណ្តាញសម្របសម្រួលសំខាន់ៗ ដែលផ្តល់លទ្ធភាពបង្កសកម្មភាពអស្ថិរភាពរបស់ក្រុមឧទ្ទាមហ៊ួទី និងអ្នកគាំទ្ររបស់ក្រុមនេះ នៅក្នុងប្រទេសអ៊ីរ៉ង់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋនៅតែរលឹកគុណធំធេងចំពោះជាតិរបស់ព្រះវររាជបិតាឯករាជ្យជាតិ
11/09/2026 03:11 PM
មន្ត្រីរាជការ និងនិស្សិត៖ ព្រះរាជបូជនីកិច្ចទាមទារ​ឯករាជ្យ​ពីបាំរាំង​ជា​គុណ​ជ្រាល​ជ្រៅ​មិ​ន​អាច​កាត់​ថ្លៃ​បាន
11/09/2026 03:11 PM
កញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
11/09/2026 03:11 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលព្រមានថា បេសកកម្មប្រឆាំងអ៊ីរ៉ង់នៅមិនទាន់បញ្ចប់ឡើយ
11/09/2026 02:11 PM
យុវជន​បំពេញកាតព្វកិច្ចយោធាជំនាន់ទី១ ចាប់ផ្តើមហ្វឹកហ្វឺន ខណៈ​សម្តេចធិបតី​នឹង​អញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​ជា​ប្រវត្តិសាស្ត្រនៅថ្ងៃនេះ
11/09/2026 01:11 PM
ភូមិហ្វ្រង់កូហ្វូនីសាងសង់បាន ៩០ភាគរយ មានស្ថាប័ននៅក្រៅប្រទេសចុះឈ្មោះចូលរួមរៀបចំពន្លាជាតិកើនដល់៧៣
11/09/2026 01:11 PM
ពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ
11/09/2026 12:11 PM
កម្ពុជាអនុម័តគម្រោងវិនិយោគ ៣៧ ក្នុងទំហំទុនវិនិយោគ ២៤៦លានដុល្លារអាម៉េរិក​ក្នុងខែតុលា
11/09/2026 12:11 PM
លោកTrump៖ កងកម្លាំង Iron Gate កំពុងបំពេញការងារពេញលេញកាត់ផ្តាច់ការផ្គត់ផ្គង់ទៅអ៊ីរ៉ង់
11/09/2026 12:11 PM
ជនអន្តោប្រវេសន៍ក្នុងក្បួនដំណើរនៅម៉ិកស៊ិក សង្ឃឹមថានឹងមានឱកាសចូលសហរដ្ឋអាមេរិក
11/09/2026 12:11 PM