នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត

សន្តិសុខ និង សង្គម

អ្នករស់នៅទីក្រុងញូវដេលី ប្រឈមនឹងការបង្កកខ្វក់ខ្យល់តាមរដូវ ដែលនៅបន្តមាន

2023/12/02 04:50:55 pm        221
សំណុំផ្សែងអ័ព្ទដ៏ក្រាស់ បានធ្វើឲ្យការមើលគ្នាឃើញពីចម្ងាយមិនសូវច្បាស់ នៅព្រឹកថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ ខណៈដែលអ្នកស្រុកក្រុងញូវដេលីរបស់ប្រទេសឥណ្ឌា មានការលំបាក ក្នុងការបន្តសកម្មភាពចុងសប្តាហ៍របស់ខ្លួន ចំពេលមានការបង្កកខ្វក់យ៉ាងធ្ងន់ធ្ងរ។ផ្លូវ និងអគារនានាត្រូវបានគ្របដណ្ដប់ទៅដោយផ្សែងអ័ព្ទ ខណៈដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ស្ថានទូតសហរដ្ឋអាមេរិក មានក្នុងរង្វង់កម្រិត ២៥៩ ដោយធ្វើឲ្យខ្យល់នេះ ស្ថិតនៅក្នុងប្រភេទ «មិនល្អខ្លាំង»។AQI កម្រិតពី ៤០០-៥០០ ប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អ និងមានគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺស្រាប់ ខណៈដែលកម្រិត ១៥០-២០០ មិនអំណោយផលដល់អ្នកដែលមានជំងឺហឺត សួត និងបេះដូង ហើយកម្រិត ០-៥០ ត្រូវបានចាត់ទុកថា ជាសន្ទស្សន៍គុណភាពខ្យល់ល្អ។ការបំពុលបរិយាកាសនៃរដ្ឋធានីរបស់ប្រទេសឥណ្ឌា មានសភាពកាន់តែអាក្រក់ទៅៗ ក្នុងរដូវរងា នៅពេលដែលល្បឿនខ្យល់ ធ្លាក់ចុះ ហើយខ្យល់ត្រជាក់ ជាប់ទៅដោយជាតិបំពុល ដែលបង្កឡើងដោយយានយន្ត ឧស្សាហកម្ម និងកសិករ ដែលដុតកាកសំណល់កសិកម្ម ក្នុងរដ្ឋនានា នៅជុំវិញ ដើម្បីត្រៀមដាំដំណាំថ្មី៕

តំបន់ហ្កាហ្សា ចាប់ផ្ដើមជួបនឹងសំឡេងផ្ទុះបន្ថែមទៀត បន្ទាប់ពីបទឈប់បាញ់ ដួលរលំ

2023/12/02 03:51:57 pm        252
សំឡេងផ្ទុះបានលាន់ឮឡើង ហើយសំណុំផ្សែង បានហុយយ៉ាងខ្មួលខ្មាញ់ពេញផ្ទៃមេឃលើតំបន់ហ្កាហ្សា នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) ខណៈយោធាអ៊ីស្រាអែល បានចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលជាថ្ងៃទី២ បន្ទាប់ពីបទឈប់បាញ់ត្រូវបានបញ្ចប់។ភាគីជម្លោះបានបន្ទោសគ្នាទៅវិញទៅមកថា បានធ្វើឲ្យដួលរលំបទឈប់បាញ់នេះ ដោយបដិសេធមិនទទួលយកលក្ខខណ្ឌ ក្នុងការបន្ថែមការដោះលែងចំណាប់ថ្នូប្រចាំថ្ងៃ ដែលត្រូវបានឃុំខ្លួន ដោយពួកសកម្មប្រយុទ្ធ ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីន ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។អ៊ីស្រាអែលបាននិយាយថា កងកម្លាំងជើងគោក អាកាស និងជើងទឹករបស់ខ្លួន បានវាយប្រហារលើ «គោលដៅភេរវកម្ម» ជាង ២០០កន្លែង នៅតំបន់ហ្កាហ្សា ហើយគិតត្រឹមល្ងាចថ្ងៃសុក្រ (ទី១ ខែធ្នូ) មន្ត្រីសុខាភិបាល នៅតំបន់ឆ្នេរ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៨៤នាក់ របួសយ៉ាងតិច ៥៨៩នាក់ និងបំផ្លាញផ្ទះសម្បែងជាង ២០ខ្នង។ក្រុមអ្នកសម្របសម្រួល បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កំពុងបង្កការស្មុគស្មាញដល់ការប្រឹងប្រែង ដើម្បីឲ្យមានការផ្អាកអរិភាពជាថ្មីម្ដងទៀត។ បទឈប់បាញ់រយៈពេល ៧ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែវិច្ឆិកា និងដែលត្រូវបានពន្យារពេល ២ដងនោះ បានអនុញ្ញាតឲ្យមានការដោះដូរចំណាប់ថ្នូររាប់សិបនាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ និងជួយសម្រួលដល់ការនាំជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលរងការបំផ្លិចបំផ្លាញនេះ៕

ក្រុមអ្នកសារព័ត៌មានហុងកុង បារម្ភយ៉ាងខ្លាំង ដោយសារអ្នករាយការណ៍ព័ត៌មានមិនបានត្រឡប់ពីដំណើរទៅទីក្រុងប៉េកាំង

2023/12/02 03:33:05 pm        75
សមាគមអ្នកសារព័ត៌មានក្រុងហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ថា ខ្លួនមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីសុវត្ថិភាព និងកន្លែងនៅរបស់អ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន South China Morning Post (SCMP) ដែលមិនអាចទាក់ទងបាននោះឡើយ ចាប់តាំងពីទៅចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប៉េកាំង កាលពីចុងខែតុលា។អ្នកសារព័ត៌មានជាន់ខ្ពស់ម្នាក់ គឺអ្នកនាង Minnie Chan ដែលរាយការណ៍ពីបញ្ហាសន្តិសុខរបស់សារព័ត៌មាននេះ បានធ្វើដំណើរពីទីក្រុងហុងកុងទៅកាន់ទីក្រុងប៉េកាំង ដើម្បីរាយការណ៍នៅក្នុងវេទិកាការពារជាតិរបស់ចិន កាលពីចុងខែតុលា។ នេះបើយោងតាមប្រភព២ ដែលស្និទ្ធនឹងរូបនាង។ប្រភពចំនួន ៤ទៀត ដែលដឹងពីបញ្ហានេះ ដោយក្នុងនោះរួមមានទាំងសហការី SCMP របស់អ្នកនាង Chan និងមិត្តភក្តិរបស់នាងផងដែរ បាននិយាយថា ពួកគេមិនអាចទាក់ទងនាងបានសោះ ចាប់តាំងពីថ្ងៃបន្ទាប់ពីវេទិកានោះ។ ប្រភពទាំងនោះបដិសេធមិនបញ្ចេញឈ្មោះរបស់ខ្លួននោះទេ ដោយសារតែស្ថានការណ៍មិនអំណោយផល។សមាគមអ្នកសារព័ត៌មានហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សមាគមអ្នកសារព័ត៌មានក្រុងហុងកុង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់អ្នកនាង Minnie ហើយកំពុងស្នើសុំព័ត៌មានបន្ថែមពី SCMP»។តែយ៉ាងណាក្ដី SCMP បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកនាង Chan បាន «សុំឈប់សម្រាកផ្ទាល់ខ្លួន»។ សារព័ត៌មាននេះ បានបន្ថែមថា គ្រួសាររបស់អ្នកនាង Chan «បានប្រាប់យើងថា នាងកំពុងនៅទីក្រុងប៉េកាំង ប៉ុន្តែត្រូវការពេលវេលា ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ គ្រួសាររបស់នាង បានប្រាប់យើងថា នាងមានសុវត្ថិភាព ប៉ុន្តែបានស្នើសុំឲ្យយើងគោរពសិទ្ធិឯកជនរបស់នាង»។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា លោក «មិនដឹងពាក់ព័ន្ធនឹងស្ថានភាពនេះទេ» នៅពេលត្រូវបានសួរអំពីករណីរបស់អ្នកនាង Chan នៅក្នុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ។ រីឯការិយាល័យសន្តិសុខក្រុងហុងកុង ក៏មិនមានការអត្ថាធិប្បាយអ្វីភ្លាមៗនោះដែរ៕

អ្នកនាំពាក្យអង្គការយូនីសេហ្វ និយាយថា «នេះជាសង្គ្រាមលើកុមារ»

2023/12/02 03:29:32 pm        118
អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) បានហៅជម្លោះដែលកំពុងបន្តមាន នៅក្នុងតំបន់ហ្កាហ្សាថា ជា «សង្គ្រាមលើកុមារ» ដោយការលើកឡើងនេះ មាននៅក្នុងវីដេអូដែលថតចេញពីខាងក្នុងមន្ទីរពេទ្យ Nasser របស់តំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ)។នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Instagram លោក James Elder បាននិយាយថា៖ «យើងមិនអាចឈរមើលកុមារជាច្រើនបន្ថែមទៀតរងរបួសដោយសារសង្រ្គាម រលាកខ្លួន អំបែងគ្រាប់ខ្ទាតត្រូវរាងកាយ និងបាក់ឆ្អឹងបានទៀតទេ។ ការនៅស្ងៀមមិនធ្វើអ្វីសោះរបស់ពួកអ្នកមានឥទ្ធិពល កំពុងបណ្ដោយឲ្យមានការសម្លាប់កុមារ។ នេះជាសង្រ្គាមលើកុមារ»។ក្រុមអ្នកផ្ដល់ជំនួយ និងអង្គការសហប្រជាជាតិ (UN) និយាយថា ផ្នែកតូចមួយនៃកន្លែងថែទាំសុខភាព នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញ នៅតែដំណើរការ ហើយកន្លែងទាំងនោះមិនមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយរលកថ្មីនៃជនរងគ្រោះបាននោះទេ។អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ដែល UN ចាត់ទុកថា គួរឲ្យទុកចិត្ត បាននិយាយថា អ្នកស្រុកហ្កាហ្សាជាង ១៥.០០០នាក់ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ហើយរាប់ពាន់នាក់ទៀត កំពុងបាត់ខ្លួន និងមានការភ័យខ្លាចថា កប់នៅក្រោមគំនរបាក់បែក។ ជាមួយគ្នានេះ UN ប្រាប់ថា ប្រជាជន ៨០ភាគរយ អាចត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕

សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្កបើករថយន្តព្រូស បុកបុរសម្នាក់បណ្តាលឱ្យស្លាប់ នៅក្នុងកោះពេជ្រ

2023/12/02 03:01:33 pm        7150
ភ្នំពេញ៖ ករណីរថយន្តតូយូព្រូសមិនចាំស្លាកលេខមួយគ្រឿង បើក​បញ្ច្រាស​ទិស ទៅបុកនឹងម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែង នៅក្នុងកោះពេជ្រ កាល​ពី​វេលាទាបភ្លឺថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣នោះ គិតមកទល់ពេលនេះ សមត្ថកិច្ចនគរបាល​ជំនាញ​កំពុងព្យាយាមស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោស ។ លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងថា ​ករណីនេះ សមត្ថកិច្ចការិយាល័យ​ជំនាញ​របស់រាជធានី បានសហការជាមួយនគរបាលខណ្ឌចំការមន​ បើកការស្រាវជ្រាវតាំងពីថ្ងៃកើតហេតុ ជាបន្តបន្ទាប់តាមជំនាញ ​ពិសេសកាមេរ៉ាសុវត្ថិភាព នៅជុំវិញតំបន់កើតហេតុ ។ លោកបន្តថា បច្ចុប្បន្ន ​សមត្ថកិច្ចបានកំណត់បានតម្រុយខ្លះៗហើយ នឹងកំពុង​បន្តស្រាវជ្រាវបន្ថែមទៀត ​ដើម្បីឈានទៅចាប់ឃាត់ខ្លួនអ្នកបើកបរ​ និងរថយន្ត យកមកផ្តន្ទាទោសតាមច្បាប់ ​ឱ្យបាននៅពេលខាងមុខ ។ គួររំលឹកថា ​ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង ​នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅគល់ស្ពានកោះនរាត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន រាជធានីភ្នំពេញ ។ជនរងគ្រោះមានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅភូមិសន្សំកុសល ​សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ​ខាងលើ​ជិះម៉ូតូមួយគ្រឿង​ម៉ាកគុបសេរីចាស់គ្មាន​ស្លាកលេខ ធ្វើដំណើរចេញពីផ្ទះបម្រុងធ្វើដំណើរ​ទៅហាត់ប្រាណនៅកោះនរា ​ក្នុងទិសដៅពីលិចទៅកើត​ លុះដល់ចំណុចកើតហេតុ ក៏មាន​រថយន្តម៉ាកព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ​បានបើក​បរ​បញ្ច្រាសរង្វង់មូលសួនច្បារ ក៏បានបើកលឿនទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង ​បណ្ដាលឲ្យជនរងគ្រោះ បែកក្បាលស្លាប់ភ្លាមៗ​នៅហ្នឹងកន្លែងតែម្តង ។សូមជម្រាបថា បច្ចុប្បន្ននេះសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារ​សាច់ញាតិ រៀបចំ​ធ្វើ​បុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ ​ប៉ុន្តែ​សាច់ញាតិ​ជនរងគ្រោះ​ កំពុង​ដង្ហើយរកពន្លឺយុត្តិធម៌ និងស្នើរឱ្យសមត្ថកិច្ចមេត្តាព្យាយាមស្រាវជ្រាវតាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសឱ្យខាងតែបានផង ​ដើម្បីផ្តល់ភាពសមស្របចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគាត់ ។ គួរបន្ថែមថា អ្វីជាភាពសោកសង្រែង ​ក្នុងមរណះភាពរបស់ជនរងគ្រោះខាងលើ ក៏បានបន្សល់​ទុកនូវភាពឈឺចាប់ធ្ងន់ធ្ងរដល់កូនៗ​ ពិសេសស្ត្រីជាប្រពន្ធ ​ដែលកំពុងមាន​ជម្ងឺមហារីកសុដន់​ធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍មួយផ្នែកទៅហើយ ឥលូវបែរជាមកទទួលបាន​អារម្មណ៍​ប៉ះពាល់​ផ្លូវចិត្តមួយផ្នែកធំបន្ថែមទៀត ​ដែលជាការបាត់បង់មនុស្សជាទីស្រលាញ់​បំផុតក្នុងជីវិត ដែល​បានទៅហើយមិនអាចវិលត្រឡប់មកវិញ ៕ លីហេង

បាតុករគាំទ្រប៉ាឡេស្ទីនដុតខ្លួនឯងនៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល នៅអាត្លង់តា

2023/12/02 01:24:17 pm        141
អាជ្ញាធរបានឲ្យដឹងថា បាតុករម្នាក់ដែលមានទង់ជាតិប៉ាឡេស្ទីន បានដុតខ្លួនឯង កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដោយបានធ្វើឲ្យសន្តិសុខម្នាក់រងរបួស នៅពេលដែលសន្តិសុខរូបនោះ ព្យាយាមចូលទៅអន្តរាគមន៍។មេនគរបាលក្រុងអាត្លង់តា លោក Darin Schierbaum បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលដែលមន្ត្រីមិនបានកំណត់អត្តសញ្ញាណនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយចំណែកស្ថានភាពរបស់សន្តិសុខ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។នគរបាលបាននិយាយបន្ថែមថា បាតុករបានទៅដល់ម៉ោងប្រហែល ១២:១៥នាទី (ម៉ោងនៅសហរដ្ឋអាមេរិក) នៅអគារការិយាល័យ ដែលជាទីកន្លែងសម្រាប់ស្ថានកុងស៊ុល ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀត ហើយបានប្រើសាំងដុត។ ការិយាល័យ នៅក្រុងអាត្លង់តារបស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) បានប្រាប់ថា ខ្លួនកំពុងសម្របសម្រួលជាមួយរដ្ឋបាលអនុវត្តច្បាប់ក្នុងតំបន់។ ស្ថានកុងស៊ុល និងស្ថានទូតអ៊ីស្រាអែលប្រចាំក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។អ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារផ្នែកយោធា នៅតំបន់ហ្កាហ្សាឡើងវិញ កាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សា ដើម្បីបន្តបទឈប់បាញ់រយៈពេល ១សប្តាហ៍ បានបរាជ័យ។ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយនេះ បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៤០នាក់។ចំណែកខាងមន្ត្រីប៉ាឡេស្ទីនវិញ បាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញទឹកដីយ៉ាងច្រើន៕

ប្រជាជនយេម៉ែនធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីន ខណៈក៏មានបាតុកម្មគាំទ្រប៉ាឡេស្ទីន នៅទីក្រុងវ៉ាស៊ីនតោន

2023/12/02 11:16:16 am        156
មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសាណា(Sanaa) របស់ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ទី១ ខែធ្នូ ដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្នុងពេលមានជម្លោះនៅបន្តរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាសប៉ាឡេស្ទីន។ក្រុមបាតុករ បានគ្រវីទង់ជាតិប៉ាឡេស្ទីន អាវុធ និងដាវបុរាណ ខណៈពួកគេបានស្រែកពាក្យគាំទ្រប៉ាឡេស្ទីន។ ការប្រមូលផ្តុំគ្នានេះ ត្រូវបានរៀបចំឡើងដោយចលនាក្រុមហួធី(Houthi) គាំទ្រដោយអ៊ីរ៉ង់ ដែលបានគ្រប់គ្រងភាគច្រើននៅប៉ែកពាយ័ព្យប្រទេសយេម៉ែន រួមទាំងទីក្រុង Sanaa ចាប់តាំងពីចុងឆ្នាំ ២០១៤ មក។ជាមួយគ្នានេះកាលពីថ្ងៃសុក្រ ទី១ ខែធ្នូ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នានិងបួងសួងក្នុងការជួបជុំគ្នាមួយនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី(Washington, D.C.)។ក្រុមបាតុករពាក់កន្សែង keffiyeh ជាកន្សែងក្រឡាមានព័ណ៌ស-ខ្មៅ បែបប្រពៃណី ដែលមានពាក់នៅមជ្ឈិមបូព៌ា ហើយបានគ្រវីទង់ជាតិប៉ាឡេស្ទីន ទាមទារឲ្យបញ្ចប់ការហ៊ុមព័ទ្ធនៅហ្កាហ្សា។ការប្រយុទ្ធជាថ្មីនៅហ្កាហ្សា បានអូសបន្លាយចូលដល់ថ្ងៃទីពីរនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាដើម្បីបន្តបទឈប់បាញ់ដែលមានរយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាស់បានដួលរលំ ហើយអ្នកសម្របសម្រួលបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកំពុងធ្វើឱ្យស្មុគស្មាញដល់ការប៉ុនប៉ងដើម្បីផ្អាកប្រយុទ្ធម្តងទៀត។

នៅកិច្ចប្រជុំ COP28 សកម្មជនបានដាក់ស្បែកជើងកុមារបញ្ជាក់ពីការស្លាប់កុមារនៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល

2023/12/02 11:12:27 am        107
សកម្មជនលោក Nicolas Haeringer បានដាក់ស្បែកជើងកុមារ នៅលើចិញ្ចើមផ្លូវនៅកិច្ចប្រជុំកំពូលអាកាសធាតុ COP28 រួមជាមួយស្លាកដែលសរសេរថា «គ្មានយុត្តិធម៌ផ្នែកអាកាសធាតុទេ បើគ្មានសិទ្ធិមនុស្ស» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះការស្លាប់របស់កុមារនៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ ក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក ការតវ៉ានិងសកម្មភាពសកម្មណាមួយ ពុំត្រូវបានអនុញ្ញាតឲ្យមាននៅខាងក្នុងតំបន់សន្តិសុខខ្ពស់នោះទេ។សកម្មភាពរបស់លោក Haeringer បានកើតឡើងនៅក្នុងតំបន់ខៀវ ឬ Blue Zone ដែលនៅជាប់គ្នានោះ។ សកម្មជន និងអ្នកតវ៉ា មិនត្រូវបានអនុញ្ញាតឱ្យដាក់ឈ្មោះបណ្តាប្រទេស មេដឹកនាំ និងរួមទាំងទង់ជាតិជាមួយនឹងសកម្មភាពរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ(UNFCCC) ដូចជាកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នេះទេ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល៖ ចំណាប់ថ្នូរអ៊ីស្រាអែល៦នាក់ត្រូវបានបញ្ជាក់ថាស្លាប់

2023/12/02 11:09:24 am        147
ទាហាននិយាយថា កងទ័ពអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណសាកសពចំណាប់ថ្នូរម្នាក់ និងបញ្ជាក់ពីការស្លាប់ចំណាប់ថ្នូរ៤នាក់ផ្សេងទៀត ដែលត្រូវបានចាប់ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ខណៈការប្រយុទ្ធបានបន្តនៅតំបន់ហ្កាហ្សា បន្ទាប់ពីបានផ្អាកប្រយុទ្ធរយៈពេលមួយសប្តាហ៍។យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Ofir Tzarfati ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងពិធីជប់លៀងតន្ត្រី Nova នៅស្រុក Re'im ខាងក្រៅតំបន់ហ្កាហ្សា ត្រូវបានរកឃើញដោយកងកម្លាំងអ៊ីស្រាអែលកាលពីពេលថ្មីៗនេះ ហើយត្រូវបានកំណត់អត្តសញ្ញាណកាលពីថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ដោយមន្ត្រីធ្វើកោសល្យវិច្ច័យ។ បន្ថែមលើនេះ អ្នកនាំពាក្យមេបញ្ជាការយោធា ឧត្តមនាវីឯក Daniel Hagari បាននិយាយថា គ្រួសារចំណាប់ថ្នូរមានឈ្មោះ Eliyahu Margalit, Maya Goren, Ronen Engel និង Arye Zalmanovich ត្រូវបានផ្តល់ដំណឹងអំពីការស្លាប់របស់ពួកគេ ដោយផ្អែកលើការស៊ើបការណ៍ដែលអាចទុកចិត្តបាន។ក្រុមតំណាងឱ្យគ្រួសារចំណាប់ថ្នូរបាននិយាយថា ចំណាប់ថ្នូរទី៦ ដែលជាវិស្វករផ្នែកសំឡេងនៅក្នុងកម្មធីបុណ្យតន្ត្រី Nova មានឈ្មោះថា Guy Illouz ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងការជាប់ឃុំឃាំង។យោងតាមអាជ្ញាធរអ៊ីស្រាអែល បានឲ្យដឹងថា ជាសរុប ចំណាប់ថ្នូរប្រហែល ២៤០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ខណៈជនជាតិអ៊ីស្រាអែល និងជនបរទេសប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់។ យោងតាមអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែល បានឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី ៧ តុលា ដោយការទម្លាក់គ្រាប់បែកខ្លាំងបំផុតមិនធ្លាប់មានរបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ដោយមានការវាយលុកតាមដីគោកក្នុងតំបន់ហ៊ុមព័ទ្ធ បណ្តាលឲ្យមនុស្សជាង ១៤.០០០ នាក់ស្លាប់ ប្រហែល ៤០% នៃអ្នកស្លាប់មានអាយុក្រោម ១៨ ឆ្នាំ។

មនុស្សជាង១៨០ នាក់បានស្លាប់ ខណៈអ៊ីស្រាអែលបន្តការវាយលុកតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់ផុតកំណត់

2023/12/02 10:15:01 am        180
យោងតាមមន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា បន្ទាប់ពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានផុតកំណត់ មនុស្សជាង១៨០នាក់ បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ខណៈកងកម្លាំងអ៊ីស្រាអែល បានបន្តការទម្លាក់គ្រាប់បែករបស់ពួកគេទៅលើតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់រយៈពេល១សប្តាហ៍ បានផុតកំណត់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តំបន់ភាគខាងកើត Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា បានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ខណៈពេលវេលាកំណត់បទឈប់បាញ់បានកន្លងផុតភ្លាមៗបន្ទាប់ពីព្រឹកថ្ងៃសុក្រ ដោយមានផ្សែងហុយឡើងទៅលើអាកាស។ ពលរដ្ឋ បាននាំគ្នាឡើងទៅលើដងផ្លូវដោយមានរបស់របរដាក់លើរទេះ ស្វែងរកទីជម្រកឆ្ពោះទៅភាគខាងលិច។ ស៊ីរ៉ែន បានបន្លឺនៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ខណៈក្រុមសកម្មប្រយុទ្ធ បានបាញ់រ៉ុក្កែតចេញពីតំបន់ហ៊ុមព័ទ្ធឆ្នេរចូលទៅក្នុងទីក្រុង។ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Tel Aviv ប៉ុន្តែពុំទាន់មានរបាយការណ៍អំពីអ្នកស្លាប់ រងរបួស ឬការខូចខាតនៅទីនោះនៅឡើយ។ មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស១៨៤នាក់ របួសយ៉ាងតិច៥៨៩នាក់ និងបានបំផ្លាញលំនៅឋានជាង២០ខ្នង។ យោធាអ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណនៅលើទីក្រុងហ្កាហ្សា និងនៅផ្នែកភាគខាងត្បូងតំបន់ហ៊ុមព័ទ្ធកាលពីថ្ងៃសុក្រ ដោយជំរុញឱ្យជនស៊ីវិលភៀសខ្លួនចេញ ដើម្បីបញ្ចៀសពីការប្រយុទ្ធគ្នា ប៉ុន្តែក្រុមសិទ្ធិមនុស្ស បានព្រមានម្តងហើយម្តងទៀតថា គ្មានកន្លែងសុវត្ថិភាពនោះទេនៅក្នុងតំបន់ហ្កាហ្សា។ អង្គការគ្រូពេទ្យគ្មានព្រំដែន ជាអង្គការក្រៅរដ្ឋាភិបាល បាននិយាយនៅលើបណ្តាញ X ថា ជនស៊ីវិលត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនទៅភាគខាងត្បូង ប៉ុន្តែគ្មានកន្លែងណានៅក្នុងតំបន់ហ្កាហ្សា Gaza មានសុវត្ថិភាពនោះទេ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខ ហើយការប្រយុទ្ធនៅបន្ត ដោយបានអំពាវនាវឲ្យកងទ័ពអ៊ីស្រាអែល លុបចោលបទបញ្ជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
04/21/2026 03:04 PM
ថវិកាជាង ៧១ពាន់លានដុល្លារ នឹងត្រូវការ ក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខ ដើម្បីកសាងហ្កាហ្សាឡើងវិញ
04/21/2026 03:04 PM
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
04/21/2026 03:04 PM
ក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការសម្លាប់អ្នករក្សាសន្តិភាពបារាំងនៅប្រទេសលីបង់
04/21/2026 03:04 PM
UN៖ ការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-អ៊ីស្រាអែល គឺជា«តម្រូវការអប្បបរមា» ក្រោមច្បាប់អន្តរជាតិ
04/21/2026 03:04 PM
ប្រទេសស៊ីរី និងអ៊ីរ៉ាក់បានបើកច្រកព្រំដែន RABIA ឡើងវិញ បន្ទាប់ពីបិទជិត ១៣ឆ្នាំ
04/21/2026 02:04 PM
រដ្ឋសភាកម្ពុជាបើកដំណើរការកម្មវិធី «សភាត្រាប់» ដើម្បីបណ្ដុះស្មារតីយុវជនជាខឿនការពារជាតិ និង​ជំរុញសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំ
04/21/2026 02:04 PM
គុយបាបញ្ជាក់ពីកិច្ចពិភាក្សាថ្មីៗជាមួយគណៈប្រតិភូអាមេរិកដែលកំពុងទស្សនកិច្ចប្រទេសនេះ
04/21/2026 02:04 PM
អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែលបិទច្រកឆ្លងកាត់រ៉ាហ្វា ដោយបញ្ឈប់បញ្ជូនអ្នកជំងឺចេញពីហ្កាហ្សា
04/21/2026 02:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សកម្មភាពរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ការបន្តកិច្ចចរចាសន្តិភាព
04/21/2026 02:04 PM