អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

បណ្តឹងមួយមានបំណងបញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះ F-35 ទៅកាន់អ៊ីស្រាអែល

2023/12/05 06:19:40 pm        150
តុលាការនៅប្រទេសហូឡង់ កំពុងថ្លឹងថ្លែងលើបណ្តឹងដែលមានបំណងបញ្ឈប់ការនាំចេញពីប្រទេសផ្គត់ផ្គង់គ្រឿងបន្លាស់មានម្ចាស់ជាក្រុមហ៊ុនអាមេរិកសម្រាប់យន្តហោះចម្បាំង F-35 ដែលត្រូវកំណត់គោលដៅទៅកាន់ប្រទេសអ៊ីស្រាអែល។ បណ្តឹងត្រូវបានដាក់ដោយក្រុមសិទ្ធិមនុស្សជាច្រើនក្រុម រួមទាំងសាខាក្នុងតំបន់នៃអង្គការសប្បុរសធម៌ Oxfam ។ ពួកគេបាននិយាយថា ការអនុញ្ញាតឱ្យមានការនាំចេញបន្តទៅទៀត អាចធ្វើឲ្យប្រទេសនេះមានភាពស្មុគស្មាញក្នុងឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមានពីជម្លោះនៅហ្កាហ្សា។ នេះគឺជាការកោះប្រជុំរបស់តុលាការ នៅក្នុងទីក្រុងឡាអេ កាលពីថ្ងៃចន្ទ។ ប្រទេសហូឡង់ គឺជាទីតាំងសម្រាប់ឃ្លាំងគ្រឿងបន្លាស់យន្តហោះF-35 របស់អាមេរិក ដែលជាធម្មតាត្រូវបានដឹកជញ្ជូនបន្តទៅប្រទេសផ្សេងទៀតរួមទាំងប្រទេសអ៊ីស្រាអែល។លោក Liesbeth Zeggeld គឺជាមេធាវីតំណាងឱ្យក្រុមសិទ្ធិមនុស្ស និយាយថាយើងទាំងអស់គ្នាដឹងពីរបៀបដែលសង្រ្គាមត្រូវបានធ្វើឲ្យកើតឡើង។ វាមកពីលើអាកាស ហើយយន្តហោះ F-35 គឺជាឧបករណ៍យោធាទំនើបបំផុតដែលអ៊ីស្រាអែលមាន។ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលគេនិយាយថា «កើតមានរហូតដល់ចំណុចនេះ ហើយកុំបន្តទៅទៀត» ។មេធាវីរបស់រដ្ឋាភិបាលប្រទេសហូឡង់និយាយថា ការនាំចេញគឺជាផ្នែកនៃកាតព្វកិច្ចដ៏ទូលំទូលាយ និងជាបញ្ហាសន្តិសុខ រួមទាំងសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន។ អ៊ីស្រាអែល បដិសេធថា មិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងជម្លោះជាមួយក្រុមហាម៉ាសនោះទេ។សេចក្តីសម្រេចរបស់តុលាការ ត្រូវបានគេរំពឹងនឹងចេញក្នុងរយៈពេលពីរសប្តាហ៍ទៀត។

អ៊ីស្រាអែល បើកការវាយលុកថ្មើរជើងនៅភាគខាងត្បូងហ្កាហ្សា ខណៈការវាយប្រហារតាមអាកាសកាន់តែខ្លាំង

2023/12/05 06:09:40 pm        111
ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល បានវាយលុកលើភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) ដោយបានសម្លាប់ និងបង្ករបួសដល់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងនៅតំបន់ជាច្រើនដែលអ៊ីស្រាអែល បានប្រាប់ប្រជាជនឱ្យស្វែងរកទីជម្រកបណ្ដោះអាសន្ន នេះបើយោងតាមអ្នកស្រុក និងអ្នកសារព័ត៌មាន។ កងទ័ពអ៊ីស្រាអែល និងរថក្រោះក៏បានបង្កើនយុទ្ធនាការថ្មើរជើងរបស់ពួកគេប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងត្បូងនៃតំបន់ជុំវិញ បន្ទាប់ពីបានទទួលការគ្រប់គ្រងយ៉ាងទូលំទូលាយពីតំបន់ភាគខាងជើង ដែលរងការបំផ្លិចបំផ្លាញ។នៅអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានអំពាវនាវដល់អ៊ីស្រាអែល ឱ្យជៀសវាងសកម្មភាពជ្រុលហួសហេតុ ដែលនឹងធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏អាក្រក់រួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា នេះកាន់តែធ្ងន់ធ្ងរ និងដើម្បីការពារជនស៊ីវិលពីការរងគ្រោះបន្ថែមទៀត។សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកបានជំរុញម្តងហើយម្តងទៀតឱ្យការពារជនស៊ីវិល ហើយបាននិយាយថាការវាយលុករបស់អ៊ីស្រាអែលនៅភាគខាងត្បូងមិនគួរបង្កឲ្យមានការស្លាប់ជនស៊ីវិលដ៏ច្រើនលើសលប់ ដូចដែលខ្លួនបានធ្វើនៅភាគខាងជើងនោះទេ។ អាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយថា មនុស្សប្រហែល ៩០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់កាលពីថ្ងៃសុក្រមក។កាលពីថ្ងៃច័ន្ទ បណ្ដាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថា គេមិនទាន់អាចធ្វើការវាយតម្លៃច្បាស់លាស់បានទេថា តើអ៊ីស្រាអែល កំពុងធ្វើតាមការណែនាំរបស់សហរដ្ឋអាមេរិក ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីធានាការការពារជនស៊ីវិលឬយ៉ាងណានោះឡើយ ទោះបីជាអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូប បានហៅទិដ្ឋភាពខ្លះនៃការវាយលុកនៅតំបន់ហ្កាហ្សាភាគខាងត្បូង ថាមានការប្រសើរឡើងក៏ដោយ៕

សេតវិមាននិយាយថា ការវាយប្រហារលើនាវានៅសមុទ្រក្រហម ត្រូវបានជំរុញដោយប្រទេសអ៊ីរ៉ង់

2023/12/05 06:06:13 pm        129
សេតវិមានបាននិយាយកាលពីថ្ងៃចន្ទទី ៤ ខែធ្នូ ថា ការវាយប្រហារលើនាវាចំនួន៣គ្រឿង នៅសមុទ្រក្រហម កាលពីចុងសប្តាហ៍ បានបង្កើតជាភាពស្មុគស្មាញសម្រាប់សន្តិភាពនិងស្ថិរភាពអន្តរជាតិ។នៅក្នុងសន្និសីទសារព័ត៌មានទៅកាន់អ្នកសារព័ត៌មាន ​ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានគ្រប់ហេតុផលដើម្បីជឿចំពោះការវាយប្រហារទាំងនេះ ខណៈនាវាត្រូវបានវាយ​ប្រហារដោយក្រុមហួធី(Houthis) ក្នុងប្រទេសយេម៉ែន ត្រូវបានផ្តល់លទ្ធភាព​យ៉ាងពេញលេញដោយប្រទេសអ៊ីរ៉ង់។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា នាវាពិឃាតរបស់អាមេរិក បានបាញ់​ទម្លាក់​យានដ្រូនជាច្រើនគ្រឿងកាលពីថ្ងៃអាទិត្យ ខណៈកំពុងជួយដល់នាវាពាណិជ្ជកម្ម​នៅសមុទ្រក្រហម ដែលត្រូវបានកំណត់គោលដៅដោយការវាយប្រហារពីប្រទេសយេម៉ែន។ក្រុមឧទ្ទាមហួធី(Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន បាននិយាយថា ពួកគេបានកំណត់គោល​ដៅលើនាវាចំនួន២គ្រឿង បានប្រើប្រាស់យានដ្រូននិងមីស៊ីលជាបន្តបន្ទាប់ទៅលើ​ប្រទេស​អ៊ីស្រាអែល​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយរឹបអូសបាននាវាដឹកទំនិញមួយគ្រឿងកាល​ពីខែមុន ប៉ុន្តែការវាយប្រហារចុងក្រោយនេះ បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់​ក្នុងការគំរាមកំហែង​ដល់ការដឹកជញ្ជូននៅក្នុងតំបន់។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ថា មានការវាយ​ប្រហារចំនួនបួន​លើកទៅលើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដាច់ដោយឡែកពីគ្នា ដែល​នាវាកំពុងធ្វើប្រតិបត្តិការនៅក្នុងដែនទឹក​អន្តរជាតិនៅលើសមុទ្រក្រហមភាគខាងត្បូង។

របាយការណ៍៖ គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស បានធ្លាក់ចំមូលដ្ឋានអ៊ីស្រាអែល ដែលមានផ្ទុកមីស៊ីលនុយក្លេអ៊ែរ

2023/12/05 06:01:24 pm        181
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា មូលដ្ឋានយោធាអ៊ីស្រាអែលមួយកន្លែង ដែលអាវុធនុយក្លេអ៊ែរត្រូវបានគេនិយាយថា ត្រូវបានរក្សាទុក ត្រូវបានរងការវាយប្រហារពីមីស៊ីល ដែលបាញ់ដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។របាយការណ៍នោះ បាននិយាយថា ខណៈពេលដែលមីស៊ីលដែលមានសមត្ថភាពបញ្ជូននុយក្លេអ៊ែរដោយខ្លួនវា មិនត្រូវបានគេវាយប្រហារទេ ការវាយប្រហារនេះ បានបង្កឲ្យឆាបឆេះ នៅជិតកន្លែងផ្ទុក និងអាវុធ សំខាន់ៗផ្សេងទៀត។រហូតមកទល់ពេលនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអះអាង ដែលបានធ្វើឡើង នៅក្នុងរបាយការណ៍មួយដោយសារព័ត៌មាន New York Times ។របាយការណ៍ដដែល បាននិយាយថា គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស បានវាយប្រហារនៅខាងក្នុងបរិវេណនៃមូលដ្ឋាន Sdot Micha ដែលស្ថិតនៅចម្ងាយ ២៥ម៉ាយ (៤០ គីឡូម៉ែត្រ) ភាគឦសាននៃតំបន់ហ្កាហ្សា និង ១៥ម៉ាយ (២៤គីឡូម៉ែត្រ)ភាគខាងលិចនៃទីក្រុងហ្ស៊េរុយសាឡិម (Jerusalem)។ ការវាយប្រហារ នោះ ត្រូវបានធ្វើឡើង នៅម៉ោង១០ព្រឹក ហើយបានទំនងជាបានធ្លាក់នៅក្នុងជ្រោះតូចមួយ។ ការផ្ទុះ បានបង្កឲ្យឆេះ នៅក្នុងកន្លែងដាំបន្លែដែលស្វិតក្រៀម។ការអះអាង ដែលផ្អែកលើភ័ស្តុតាងជារូបថត កើតឡើង នៅពេលដែលយោធាអ៊ីស្រាអែល បន្តប្រតិបត្តិការរបស់ខ្លួន នៅទូទាំងតំបន់ហ្កាហ្សា និងជាមួយដៃគូដូចជាសហរដ្ឋអាមេរិក អំពាវនាវឲ្យអ៊ីស្រាអែលកាត់បន្ថយចំនួននៃការស្លាប់ជនស៊ីវិល។

នាយករដ្ឋមន្ត្រីតង់ហ្សានីនិយាយថា អ្នកស្លាប់ដោយសារទឹកជំនន់កើនឡើងដល់៦៣នាក់

2023/12/05 05:58:11 pm        88
នាយករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគខាងជើងប្រទេសតង់ហ្សានី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ បានកើនឡើងដល់ ៦៣ នាក់ ដោយបន្ថែមលើចំនួនអ្នកស្លាប់រាប់រយនាក់ផ្សេងទៀត ដែលបណ្តាលមកពីអាកាសធាតុមិនអំណោយផលខ្លាំងនៅអាហ្វ្រិកខាងកើត ចាប់តាំងពីភ្លៀងធ្លាក់តាមរដូវបានចាប់ផ្តើមកាលពីខែតុលា។ នាយករដ្ឋមន្ត្រីលោក Kassim Majaliwa បាននិយាយថា ចំនួនអ្នករងរបួសមានរហូតដល់ ១១៦ នាក់ ក្នុងអំឡុងពេលពិធីបុណ្យសពរបស់អ្នកស្លាប់នៅក្នុងស្រុក Hanang ភាគខាងជើងប្រទេសតង់ហ្សានី។ ប្រធានាធិបតី លោកស្រី Samia Suluhu Hassan បានកាត់បន្ថយរយៈពេលធ្វើដំណើររបស់លោកស្រីទៅកាន់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 នៅប្រទេសអារ៉ាប់រួម ដើម្បីពិនិត្យការឆ្លើយតបចំពោះឧបទ្ទវហេតុនេះ។ទឹកជំនន់ជន់លិចខ្លាំង បង្កឡើងដោយបាតុភូតអាកាសធាតុអែលនីញ៉ូ(El Nino) និងបាតុភូតអាកាសធាតុDipole នៅមហាសមុទ្រឥណ្ឌា បានបង្ខំមនុស្សរាប់សែននាក់ជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងប្រទេសកេនយ៉ា សូម៉ាលី អេត្យូពី និងតង់ហ្សានី ចាប់តាំងពីភ្លៀងបានចាប់ផ្តើមធ្លាក់។ ទឹកជំនន់កើតឡើង បន្ទាប់ពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ដែលបានវាយប្រហារតំបន់នេះក្នុងរយៈពេល ៤០ ឆ្នាំមកនេះ។

ប្រទេសកោះស៊ីប ជំរុញឲ្យមានគំនិតផ្តួចផ្តើមច្រករបៀង ដើម្បីជំនួយមនុស្សធម៌ ចូលទៅដល់តំបន់ហ្កាហ្សា

2023/12/05 05:34:19 pm        109
ប្រធានាធិបតីកោះស៊ីប លោក Nikos Christodoulides នឹងធ្វើទស្សនកិច្ចនៅអេហ្ស៊ីប និងហ្ស៊កដានី នៅថ្ងៃអង្គារនេះ ជាផ្នែកនៃគំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើតច្រករបៀងជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ដែលឡោមព័ទ្ធដោយអ៊ីស្រាអែល។ប្រទេសកោះស៊ីប ដែលជារដ្ឋសមាជិកសហភាពអឺរ៉ុបជិតបំផុត នៅមជ្ឈិមបូព៌ា បានយល់ព្រមផ្តល់ទីតាំង និងប្រតិបត្តិការកន្លែងផ្តល់ជំនួយប្រកបដោយនិរន្តរភាពដោយផ្ទាល់ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលអរិភាពរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបញ្ចប់។លោក Christodoulides គ្រោងនឹងជួបប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហា្វតា អាល់ស៊ីស៊ី ( Abdel Fattah al-Sisi) និងស្តេច អាប់ឌូឡា (Abdullah) នៃប្រទេសហ្ស៊កដានី។ មាន «ការពិភាក្សាពីបច្ចេកទេស» លើបញ្ហានេះរវាងមន្ត្រីកោះស៊ីប និងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។ផែនការរបស់ប្រទេសកោះស៊ីបនេះ មានគោលបំណងពង្រីកសមត្ថភាពសម្រាប់ជំនួយមនុស្សធម៌ដោយផ្ទាល់ទៅកាន់តំបន់ឆ្នេរហ្កាហ្សាស្ទ្រីប លើសពីការចែកចាយមានកំណត់ ដែលត្រូវបានធ្វើឡើង តាមរយៈ ច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងដែនដីប៉ាឡេស្ទីន។

ប្រធានមន្ទីរពេទ្យនៅទីក្រុង Rafah តំបន់ហ្កាហ្សា និយាយថា ស្ថានភាពពេលនេះគឺជាគ្រោះមហន្តរាយ

2023/12/05 05:22:32 pm        136
ប្រធានមន្ទីរពេទ្យ ម៉ាវ៉ាន់ អាល់ហាស៍(Marwan Alhams) បានប្រាប់សារព័ត៌មាន (Reuters) កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូថា មន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលនៅតែដំណើរការនៅទីក្រុង Rafah របស់តំបន់ហ្កាហ្សា កំពុងជួបការលំបាកខ្លាំងណាស់។លោកបានហៅស្ថានភាពនេះថាជាគ្រោះមហន្តរាយ ដោយសារតែការកើនឡើងភ្លាមៗនៃចំនួនប្រជាជនដែលមានវត្តមាននៅក្នុងទីក្រុង Rafah និងតម្រូវការយ៉ាងខ្លាំងសម្រាប់ថ្នាំពេទ្យ អាហារ និងទឹកជាដើម។កង្វះខាតនៃតម្រូវការជាមូលដ្ឋានដូចជាទឹក និងអាហារ កំពុងត្រូវបានរុញឲ្យកុមារដែលមានករណីជំងឺខ្វះជីវជាតិ និងភាពស្លេកស្លាំង ព្រមទាំងការខ្សោះជាតិទឹក បន្ថែមបន្ទុកទៅលើបុគ្គលិកពេទ្យ និងប្រព័ន្ធសុខាភិបាលដែលជួបការលំបាកស្រាប់។ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន១៥.៩៨៨នាក់ ៧០% ជាស្ត្រី និងកុមារបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា មក៕

សារព័ត៌មានWSJ៖ អ៊ីស្រាអែល ពិចារណាពីការបង្ហូរទឹកសមុទ្រចូលពន្លិចផ្លូវរូងក្រោមដី នៅតំបន់ហ្កាហ្សា

2023/12/05 05:18:44 pm        178
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកថា អ៊ីស្រាអែល បានប្រមូលផ្តុំប្រព័ន្ធបូមទឹកដ៏ធំមួយ ដែលអាចប្រើសម្រាប់បង្ហូរទឹកចូលផ្លូវរូងក្រោមដី ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្រោមតំបន់ហ្កាហ្សាស្ទ្រីប ក្នុងកិច្ចប្រឹងប្រែង ដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធចេញ។ របាយការណ៍នោះ បានឲ្យដឹងថា នៅពាក់កណ្តាលខែវិច្ឆិកា កងទ័ពអ៊ីស្រាអែល បានបញ្ចប់ការដំឡើងម៉ាស៊ីនបូមទឹកយ៉ាងហោចណាស់ ៥គ្រឿង មានចម្ងាយមួយម៉ាយ ភាគខាងជើងនៃជំរុំជនភៀសខ្លួន Al-Shati ដែលអាចបូមទឹករាប់ពាន់ម៉ែត្រគូប ក្នុងមួយម៉ោង ដោយអាចធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ពុំមិនច្បាស់ទេថា តើអ៊ីស្រាអែល នឹងពិចារណាប្រើប្រាស់ម៉ាស៊ីនបូមទឹក មុនពេលចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែងឬយ៉ាងណានោះទេ នេះបើយោងតាមដំណើររឿងនេះ។ ក្រុមហាម៉ាស ធ្លាប់បាននិយាយថា ខ្លួន បានលាក់ចំណាប់ថ្នូរនៅក្នុង «កន្លែងសុវត្ថិភាព និងផ្លូវរូងក្រោមដី»។សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃរបាយការណ៍កាលពីថ្ងៃចន្ទបានទេ។នៅពេលសួរអំពីរឿងនេះ មន្ត្រីអាមេរិកម្នាក់ បាននិយាយថា វាសមហេតុផលសម្រាប់អ៊ីស្រាអែល ក្នុងការធ្វើឲ្យផ្លូវរូងក្រោមដី មិនអាចដំណើរការបាន ហើយថា ប្រទេសនេះ កំពុងស្វែងរកវិធីជាច្រើន ដើម្បីធ្វើដូច្នេះ។ក្រសួងការពារជាតិអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ពលរដ្ឋហ្កាហ្សា៖ អ៊ីស្រាអែល ធ្លាប់ប្រាប់ពួកគេថា ទីក្រុងរ៉ាហ្វា គឺជាតំបន់សុវត្ថិភាពតែពេលនេះក្លាយជាគោលដៅវាយប្រហារ

2023/12/05 05:10:50 pm        84
ការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែល ត្រូវបានផ្ដោតទៅលើទីក្រុង Khan Younis និង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូជាទី ដែលអ្នកស្រុកបាននិយាយថាមន្ទីរពេទ្យនានា កំពុងតស៊ូទប់ទល់នឹងលំហូរអ្នករបួស។ មានរណ្ដៅធំៗជាច្រើនជាទីដែលអគារ និងផ្ទះលំនៅឋានធ្លាប់ឈរនៅក្នុងក្រុង Rafah បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយកាលពីថ្ងៃចន្ទ ហើយអ្នកស្រុកកំពុងទាញសាកសពក្មេងៗចេញពីគំនរកម្ទេចថ្មបាក់បែក។ អ្នកស្រុកបាននិយាយថា ពួកគេគិតថាផ្នែកនៃទីក្រុង Rafah នេះគឺជាតំបន់សុវត្ថិភាព ដែលបង្កើតឡើងដោយកងកម្លាំងអ៊ីស្រាអែល ប៉ុន្តែពួកគេនៅតែរងការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងបង្កើត តំបន់សុវត្ថិភាព សម្រាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ពួកគេ ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិ និងប្រជាជននៅតំបន់នេះ និយាយថា ពិតជាលំបាកណាស់ក្នុងការគោរពតាមបញ្ជាទាំងនេះក្នុងពេលវេលាជាក់ស្តែង ដែលបានផ្តល់ឱ្យ ពួកគេ នូវសេវាអ៊ីនធឺណិត និងអគ្គិសនី ដែលមិនគួរឱ្យទុកចិត្ត។ កាលពីព្រឹកថ្ងៃចន្ទ យោធាអ៊ីស្រាអែលបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X អមដោយការចេញបញ្ជាថ្មី ដល់ពលរដ្ឋហ្កាហ្សាឲ្យជម្លៀសចេញពីទីតាំង ឬប្លុកចំនួន២០កន្លែង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយមានសញ្ញាព្រួយចំនួន៣នៅលើផែនទីចង្អុលទៅកាន់ភាគខាងត្បូង ដែលពួកគេគួរតែទៅ។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល អ៊ីឡុនឡេវី (Eylon Levy)បាននិយាយថា យោធាបានវាយប្រហារគោលដៅជាង ៤០០កន្លែង កាលពីចុងសប្តាហ៍ រួមទាំងការវាយប្រហារតាមអាកាសយ៉ាងច្រើន នៅក្នុងទីក្រុង Khan Younis ហើយថែមទាំងបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេនៅទីក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) នៅភាគខាងជើងតំបន់ហ្កាហ្សា៕

បេសកកម្មជួយសង្គ្រោះនៅតែបន្ត ខណៈផ្ទុះភ្នំភ្លើងសម្លាប់មនុស្ស ១១ នាក់ និង១២ នាក់នៅតែបាត់ខ្លួន នៅឥណ្ឌូនេស៊ី

2023/12/05 05:04:09 pm        230
អ្នកឡើងភ្នំយ៉ាងហោចណាស់ ១១នាក់ ត្រូវបានគេប្រទះឃើញស្លាប់ កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូ ហើយ ១២នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីភ្នំភ្លើងមួយ បានផ្ទុះឡើងក្នុងប្រទេសឥណ្ឌូនេស៊ី ដោយក្រុមអ្នកជួយសង្គ្រោះកំពុងប្រឹងប្រែងសែងអ្នកនៅរស់រានមានជីវិត មានរបួស និងរលាកភ្លើងចុះពីលើភ្នំដោយថ្មើរជើង។ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយយប់ ដើម្បីស្វែងរកអ្នកឡើងភ្នំរាប់សិបនាក់ ដែលជាប់ខ្លួននៅលើភ្នំ ម៉ារ៉ាពី (Marapi) នៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើងនេះបានព្រួសកម្ទេចផេះឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យ។ យោងតាមមន្ត្រីជួយសង្គ្រោះក្នុងតំបន់ អ្នកឡើងភ្នំដែលបានស្លាប់ ត្រូវបានរកឃើញនៅជិតមាត់រណ្ដៅភ្នំភ្លើង ម៉ារ៉ាពី ក្រោយភ្នំភ្លើងកម្ពស់២.៨៩១ ម៉ែត្រ បានព្រួសកម្ទេចផេះគ្របដណ្ដប់លើភូមិឋាននានាក្បែរៗនោះ ។មន្ត្រីបាននិយាយថា មនុស្ស ១២ នាក់បានបាត់ខ្លួន បីនាក់ទៀតត្រូវបានរកឃើញនៅរស់រានមានជីវិត និង៤៩នាក់បានចាកចេញពីតំបន់ក្បែរមាត់រណ្ដៅដោយសុវត្ថិភាព ដោយខ្លះរលាកភ្លើង និងបាក់ឆ្អឹង។ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក លោក អាប់ឌុល ម៉ាលីគ (Abdul Malik) បាននិយាយថាក្រុមអ្នកសង្រ្គោះកំពុងនាយកអ្នករបួសទាំងនោះចុះមកក្រោមជាបន្តបន្ទាប់។យើងមកអាចប្រើឧទ្ធម្ភាចក្រស្វែងរកនៅលើអកាសបានទេ ព្រោះភ្នំភ្លើងកំពុងផ្ទុះនៅឡើយ ដោយបន្ថែមថា មានក្រុមអ្នកសង្រ្គោះចំនួន១២០នាក់ក្នុងចូលរួមក្នុងបេសកកម្មសង្គ្រោះនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM