ក្នុងខែដំបូងឆ្នាំ២០២៦ កម្ពុជាបន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ
កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ​បន្ត​បណ្តេញ​ជន​បរទេស ១ពាន់នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា និងស្នាក់​នៅ​ធ្វើ​ការ​ងារ​ខុសច្បាប់
នគរបាលបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅ ដើម្បីទប់ស្កាត់បទល្មើស​ឆបោក​តាម​អនឡាញ
កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា

សន្តិសុខ និង សង្គម

មនុស្សជាង៥០០ នាក់បានស្លាប់ក្នុងរយៈពេល ៦ ថ្ងៃ ខណៈប៉ាគីស្ថានកំពុងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំង

2024/06/27 11:42:37 am        86
ស្របពេលសីតុណ្ហភាពក្ដៅហក់ឡើងខ្ពស់ នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន សាកសពជាបន្តបន្ទាប់ក៏ត្រូវបានរាប់ផងដែរ។សេវារថយន្តគិលានសង្គ្រោះបន្ទាន់អ៊ីឌី (Edhi) និយាយថា ជាធម្មតាសេវានេះ បានដឹកសាកសពប្រហែលពី ៣០ ទៅ ៤០ នាក់ទៅកាន់កន្លែងតម្កល់សពក្នុងទីក្រុង ការ៉ាជី (Karachi) ជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្នុងរយៈពេលប្រាំមួយថ្ងៃចុងក្រោយនេះ សេវានេះ បានប្រមូលសាកសពបានចំនួន ៥៦៨ នាក់ដោយក្នុងនោះមាន ១៤១ នាក់ ស្លាប់កាលពីថ្ងៃអង្គារតែមួយថ្ងៃប៉ុណ្ណោះ។ ហាក់ដូចជាលឿនពេកក្នុងការនិយាយឱ្យបានច្បាស់ថា តើមូលហេតុអ្វីដែលបណ្ដាលឱ្យមនុស្សស្លាប់នៅគ្រប់ករណីទាំងអស់ ។របាយការណ៍និយាយថា ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃចំនួនអ្នកស្លាប់បានកើតឡើងនៅពេលសីតុណ្ហភាពក្ដៅនៅទីក្រុង ការ៉ាជី បានហក់ឡើងលើសពី ៤០អង្សាសេ អំឡុងមានសំណើមខ្ពស់ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ក្តៅ ខណៈកម្ដៅឡើងរហូតដល់ ៤៩អង្សាសេ។ លោកវេជ្ជបណ្ឌិត អ៊ីរ៉ាន សាវ៉ា សេក (Imran Sarwar Sheikh) ប្រធានផ្នែកសង្គ្រោះបន្ទាន់បាននិយាយថា មន្ទីរពេទ្យស៊ីវិល ការ៉ាជី បានទទួលមនុស្ស ២៦៧ នាក់ដែលធ្លាក់ខ្លួនឈឺដោយក្ដៅខ្លាំងពេក ឬហៅថាជំងឺសុរិយរោគ នៅចន្លោះថ្ងៃអាទិត្យដល់ថ្ងៃពុធសប្ដាហ៍នេះ ។ ក្នុងនោះមាន១២នាក់បានស្លាប់។វេជ្ជបណ្ឌិត រូបនេះបានប្រាប់ទូរទស្សន៍ BBC ថា ភាគច្រើននៃមនុស្សដែលយើងបានមើលឃើញចូលមកក្នុងមន្ទីរពេទ្យគឺមានអាយុចន្លោះពី៦០ឬ៧០ឆ្នាំ មួយចំនួនមានវ័យ៤៥ឆ្នាំ និង២នាក់ មានវ័យ២០ឆ្នាំផងដែរ ។ រោគសញ្ញារួមមាន ក្អួត រាគ និងក្តៅខ្លួនខ្លាំង៕

ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់រយៈពេលពីរថ្ងៃ ក្នុងពេលមានបំណាក់ដី និងរន្ទះបាញ់

2024/06/27 11:08:26 am        56
មន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់ដ៏គំហុក នៅក្នុងប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១១នាក់ស្លាប់ និង៩នាក់ផ្សេងទៀតបានស្លាប់ដោយសាររន្ទះបាញ់ ក្នុងរយៈពេលពីរថ្ងៃ កន្លងទៅនេះ។រដ្ឋបាលស្រុក លោក ប៊ូដា បាហាឌូ ហ្គូរុង(Buddha Bahadur Gurung) បាននិយាយថា បំណាក់ដីបានបំផ្លាញលំនៅឋានចំនួនបីខ្នង កាលពីពេលយប់ នៅក្នុងស្រុក ឡាំជុង(Lamjung) មានចម្ងាយប្រហែល១២៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង កាតម៉ាន់ឌូ(Kathmandu) បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ រួមមានទាំងកុមារពីរនាក់។មន្ត្រីស្រុក តេក គូម៉ា រ៉េកមី(Tek Kumar Regmi) បាននិយាយថា នៅក្នុងស្រុក Morang ប្រហែល ៥០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីប្រទេសនេប៉ាល់ ទឹកជំនន់បានឆក់យកជីវិតមនុស្ស៤នាក់ ចាប់តាំងពីថ្ងៃអង្គារមក ខណៈមនុស្ស៣នាក់ផ្សេងទៀត បានស្លាប់ដោយបំណាក់ដីនៅភាគខាងលិច និងភាគខាងកើតប្រទេសនេប៉ាល់។មនុស្សរាប់រយនាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារទឹកជំនន់ និងបំណាក់ដី ដែលជាទូទៅភាគច្រើននៅតំបន់ភ្នំ ក្នុងប្រទេសនេប៉ាល់ ក្នុងពេលរដូវមូសុងចាប់ពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែកញ្ញា។

បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះពលរដ្ឋ នៅសង្កាត់ទឹកល្អក់ទី៣

2024/06/26 06:54:01 pm        120
ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសង់ពីថ្មក្រោមឈើលើយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យបុរសវ័យ៥៦ឆ្នាំម្នាក់ស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ។ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងក្រោយសាលាវិទ្យាល័យ ជាសុីម សាមគ្គី សិ្ថតនៅតាមបណ្តោយផ្លូវលេខ៦៥៦ ភូមិ១២ ក្នុងសង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនរងគ្រោះម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆេះស្លាប់ មានឈ្មោះ សំ សារិន ភេទ ប្រុស អាយុ៥៦ឆ្នាំ នឹងធ្លាប់មានជម្ងឺប្រចាំកាយ ផងដែរ។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាគេឃើញមាន ផ្សែងហុយហ៊ុយឃ្មួលឃ្មាញ់ ចេញពីជាន់ខាងលើរួមជាមួយនឹង អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កអោយមានការឆោរឡោរ ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ ជួុយរើសឥវ៉ានចេញ។ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ ព្រមទាំងកូនចៅ បានអង្គុយលេងនៅខាងក្រោមផ្ទះ ក្រោយមកជនរងគ្រោះក៏បានឡើងទៅលើផ្ទះតែម្នាក់ឯង ស្រាប់តែផ្សែងខ្មៅលាយជាអណ្ដាតភ្លើងបានឆាបឆេះ បណ្តាលអោយជាប់ជនរងគ្រោះឆេះស្លាប់។ក្រោយទទួលបានព័ត៌មានភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជារថយន្តពន្លត់អគ្គីភ័យគ្រប់គោលដៅចេញជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីបង្ការកុំអោយមានការរាលដាលដល់ផ្ទះអ្នកជិតខាង ។ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១៨គ្រឿងបានទើបគ្រប់គ្រងអោយរលត់ទៅវិញទាំងស្រុង ។ ចំពោះមូលហេតុបណ្តាលអោយមានការឆាបឆេះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យកំពុងស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុច្បាស់លាស៕ អត្ថបទ៖ កុម្ភះ

សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់មនុស្ស៥នាក់ពីបទជួញដូរ រក្សាទុក ដឹកជញ្ជូន និង​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់

2024/06/26 01:18:41 pm        218
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់មនុស្ស ៥នាក់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ វត្ថុតាង​គ្រឿង​ញៀន​ជិត ១៤៨គីឡូក្រាម ។អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា មនុស្ស ៥នាក់ វត្ថុតាង​គ្រឿង​ញៀន​ជិត ១៤៨គីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ​ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង និងផ្តន្ទាទោសតាមមាត្រា ៤០ មាត្រា ៤៥ និងមាត្រា ៤៨ នៃច្បាប់ ស្តីពី ការត្រួត​ពិនិត្យ​គ្រឿង​ញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន​ភេរវកម្ម​។សូមជម្រាបឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បើក​ប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​តៃវ៉ាន់​ម្នាក់​ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀន ប្រភេទ កេតាមីន ចំនួន ៣ដុំ ស្មើនឹង ៣គីឡូក្រាម។បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យ ចំនួន ៤នាក់បន្ថែមទៀត ជនជាតិតៃវ៉ាន់ ៣នាក់ និងជនជាតិជប៉ុន ១នាក់ នៅចំណុច បុរី អ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រមទាំងបានបន្តឆែកឆេរទីតាំងស្នាក់នៅ និង​ទីតាំងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចំនួន ៣ទីតាំងផ្សេងគ្នា រក​ឃើញថ្នាំញៀន ប្រភេទ កេតាមីន ចំនួន ១៤២ដុំ ស្មើនឹង ១៤២គីឡូក្រាម, ម្សៅសារ​ធាតុ​ផ្សំ​គ្រឿង​ញៀន ចំនួន ២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង , ឧបករណ៍​សម្ភារៈ​សម្រាប់​វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត ១គីឡូក្រាម) ចំនួន ២០០កញ្ចប់។សមត្ថកិច្ចបញ្ជាក់ថា ឧក្រិដ្ឋគ្រឿងញៀនទាំង ៥នាក់ ទី១៖ឈ្មោះ ស៊ូ ឈិនហៅ អាយុ២៣ឆ្នាំ,ទី២៖ឈ្មោះ ហ័ង ហឺជៀន អាយុ៣៥ឆ្នាំ,ទី៣៖ឈ្មោះ ហ្វាង ចឹងជីន អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ ណូមូរ៉ា សូគីជី អាយុ៧៦ឆ្នាំ និង ទី៥៖ ឈ្មោះ ហ្វាន យានគួយ អាយុ២៦ឆ្នាំ ។ ក្រោយបញ្ចប់ការសួរនាំ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋទាំង៥នាក់ និងវត្ថុតាងគ្រឿង​ញៀន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ កាលពៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៕ តារាវុទ្ធី

UN៖ ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រេស៊ីល ជាការព្រមានពីអាកាសធាតុប្រាប់ដល់ពិភពលោក

2024/06/26 12:58:30 pm        92
មន្ត្រីម្នាក់នៅទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៥ មិថុនា) ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានសម្លាប់មនុស្សជាង ១៧០ នាក់ និងកន្លះលាននាក់បានផ្លាស់ទីលំនៅនៅភាគខាងត្បូងប្រទេសប្រេស៊ីល គឺជាសញ្ញាព្រមាននៃគ្រោះមហន្តរាយបន្ថែមទៀតដែលនឹងកើតឡើងនៅទូទាំងទ្វីបអាមេរិក ដោយសារតែបម្រែបម្រួលអាកាសធាតុ។មនុស្សប្រហែល ៣៨៩.០០០ នាក់នៅក្នុងរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) នៅតែត្រូវជម្លៀសចេញពីផ្ទះសម្បែងដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលមន្ត្រីក្នុងតំបន់និយាយថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃតំបន់នេះ។ អ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទឹកជំនន់ ទំនងជាកើតឡើងទ្វេដងខុសពីធម្មតា។លោក អាន់ឌ្រូ ហាភឺ (Andrew Harper) ទីប្រឹក្សាពិសេសស្តីពីសកម្មភាពអាកាសធាតុដល់ទីភ្នាក់ងារជនភៀសខ្លួន UNHCR បានទៅពិនិត្យតំបន់ប្រជុំជនដែលប៉ះពាល់ដោយទឹកជំនន់ក្នុងរដ្ឋធានី ព័រតូ អាលេហ្ក្រេ (Porto Alegre) របស់រដ្ឋកាលពីចុងសប្តាហ៍ ហើយបាននិយាយថា គ្រោះទឹកជំនន់លើសពីការរំពឹងទុកទាំងអស់ដែលអាជ្ញាធរមូលដ្ឋានមាន ចំពោះគ្រោះមហន្តរាយអាកាសធាតុ ហើយរដ្ឋាភិបាលត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីត្រៀមទប់ទល់ព្រឹត្តិការណ៍អាក្រក់ទាំងនេះ។ទោះបន្ទាប់ពីទឹកជំនន់បានស្រកហើយក៏ដោយ ក៏អ្នកស្រុកមិនអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបានទេ ដោយសារផ្លូវពោរពេញដោយសំរាម និងកំទេចកំទី។ មនុស្សជាច្រើននៅតែរស់នៅក្នុងជម្រក រួមទាំងក្រុមជនភៀសខ្លួនវេណេស៊ុយអេឡា ដែលទើបបានតាំងទីលំនៅថ្មីនៅទីក្រុងដែលរងគ្រោះដោយទឹកជំនន់មួយនេះ៕

កូរ៉េខាងត្បូង បញ្ជាឱ្យក្រុមហ៊ុនផលិតអាគុយបញ្ឈប់ប្រតិបត្តិការ ក្រោយអគ្គិភ័យសម្លាប់មនុស្សរាប់សិបនាក់

2024/06/26 12:55:36 pm        79
អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃពុធ (២៦ មិថុនា) នេះបានបញ្ជាឱ្យក្រុមហ៊ុនផលិតអាគុយលីចូមមួយកន្លែង បញ្ឈប់ប្រតិបត្តិការរោងចក្ររបស់ខ្លួនដោយគ្មានកំណត់ បន្ទាប់ពីអគ្គិភ័យបានសម្លាប់មនុស្ស ២៣ នាក់ ហើយបាននិយាយថាបុគ្គលិកក្រុមហ៊ុននេះបីនាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើការសង្ស័យថាបានបំពានច្បាប់សុវត្ថិភាពឧស្សាហកម្ម។អគ្គិភ័យនៅក្រុមហ៊ុនផលិតអាគុយដែលមិនបានចុះបញ្ជី ឈ្មោះ អារីសែល (Aricell) កាលពីថ្ងៃចន្ទ គឺជាឧបទ្ទវហេតុឧស្សាហកម្មដែលមានមនុស្សស្លាប់ច្រើនបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជារៀងរាល់ឆ្នាំ កម្មកររាប់សិបនាក់នៅកូរ៉េខាងត្បូង បានបាត់បង់ជីវិតដោយសារការងារ បើទោះបីជាមានច្បាប់តឹងរ៉ឹង និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីបង្កើនសុវត្ថិភាពក៏ដោយ។ក្រុមហ៊ុន ដែលមានទីតាំងនៅមជ្ឈមណ្ឌលឧស្សាហកម្មនៅភាគនិរតីនៃទីក្រុងសេអ៊ូល គឺទីក្រុង ហ្វាសុង (Hwaseong) ត្រូវបានបញ្ជាឱ្យបិទរោងចក្រតែមួយគត់របស់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ នេះបើតាមមន្ត្រីក្រសួងការងារ លោក មីន ហ្គីល-សូ (Min Gil-soo) បានប្រាប់សន្និសីទសារព័ត៌មាន។ឈ្មោះ និងឋានន្តរស័ក្តិរបស់បុគ្គលិកក្រុមហ៊ុន អារីសែល ដែលស្ថិតនៅក្រោមការស៊ើបអង្កេតនោះមិនត្រូវបានបង្ហាញឱ្យដឹងទេ។ ការបំពានលើក្រមសុវត្ថិភាពឧស្សាហកម្មឆ្នាំ២០២២ អាចបណ្តាលឱ្យមានការជាប់ពន្ធនាគារសម្រាប់គ្រោះថ្នាក់ធ្ងន់ធ្ងរ។ នាយកប្រតិបត្តិ អារីសែល លោក ផាក សុនខ្វាន់ )Park Soon-kwan) បានសូមអភ័យទោសកាលពីថ្ងៃអង្គារ ចំពោះអគ្គិភ័យនេះ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុនបានគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព និងតម្រូវការបណ្តុះបណ្តាលទាំងអស់៕

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនជនសង្ស័យម្នាក់«គ្រូផេះគ្រូអង្កាម» ទៅកាន់តុលាការ​ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់

2024/06/26 12:48:59 pm        1083
នគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ ម្នាក់ ដែលគេស្គាល់ថាជា គ្រូផេះ​គ្រូអង្កាម​ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នាព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ ។សូមបញ្ជាក់ថានៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធ​សកម្មភាពប្រើប្រាស់អាវុធដើម្បីយកមកបាញ់ ខ្លួនឯងផ្ទាល់ ដោយសារ​ចង់​បញ្ជាក់​អំពី​ក្បួន​វេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ ។ បន្ទាប់ពីឃើញ​ការ​ផ្សព្វផ្សាយ​ពត៌​មាន​នេះ​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និ​ង​កោះ​ហៅ​គ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្គាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ សង្កាត់​ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញ​ការ​ប្រើ​ប្រាស់​អាវុធក្រោយពីកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅសាកសួរ។បន្ទាប់ពីសាកសួររួច ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​បញ្ជា​ឲ្យ​ឃាត់​ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់ ជាមួយគ្នានោះបើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យគឺអាវុធខ្លីនោះគាត់រើសបាន ជាប្រភេទអាវុធខ្លីម៉ាកlock ហើយគាត់​ប្រើ​ប្រាស់​បាញ់ មកលើខ្លួនឯងចំនួន០៤គ្រាប់ដើម្បីអួតអ្នកភូមិពីមហិទ្ធិប្ញទ្ធិខ្លាំងពូកែបាញ់មិនមុត ក្នុង​ពិធី​ឡើង​អាស្រម​បារមីនៅផ្ទះរបស់គាត់កាលពីខែមេសាឆ្នាំ២០២២ ។ជនសង្ស័យបានបញ្ជាក់ថា អាវុធខ្លីដែលខ្លួនរើសបាននោះ ក្រោយធ្វើការបាញ់រួច គាត់យកទៅ​បោះចោល​នៅ​ក្នុងជ្រោះមួយកន្លែងក្នុងខេត្តក្រចេះ៕ អត្ថបទ៖ កុម្ភះ

សំឡេងភាគច្រើននៅតុលាការកំពូលប្រេស៊ីល និយាយថា ការកាន់កាប់កញ្ឆាពុំមែនជារឿងព្រហ្មទណ្ឌទេ

2024/06/26 10:06:41 am        202
សំឡេងភាគច្រើននៃយុត្តិធម៌ នៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល កំពុងគាំទ្រការផ្តល់ភាពស្របច្បាប់ចំពោះការកាន់កាប់កញ្ឆាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន បន្ទាប់ពីការបោះឆ្នោតដ៏សំខាន់មួយ កាលពីថ្ងៃអង្គារ ទី២៥ មិថុនា។ ចៅក្រម លោក ឌៀស តូហ្វូលី(Dias Toffoli) ជា ចៅក្រមទីប្រាំមួយនៅតុលាការកំពូលដែលមានសមាជិក១១រូប ក្នុងការបោះឆ្នោតផ្តល់ភាពស្របច្បាប់ចំពោះកញ្ឆាបាននិយាយថា «ជំហរគឺច្បាស់ណាស់ថា គ្មានអ្នកប្រើប្រាស់គ្រឿងញៀនណាម្នាក់អាចត្រូវបានចាត់ទុកថាជាឧក្រិដ្ឋជននោះទេ»។រហូតមកដល់ពេលនេះ ចៅក្រមបីរូប បានជំទាស់ទៅនឹងសេចក្តីសម្រេច ចំពោះការកាន់កាប់កញ្ឆាថាលែងជាករណីព្រហ្មទណ្ឌ រួមទាំងសមាជិកថ្មីបំផុតរបស់ខ្លួនគឺលោក គ្រីសៀណូ ហ្សានីន(Cristiano Zanin) ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីឆ្វេងនិយម លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva)។ការប្រើប្រាស់កញ្ឆាជាសាធារណៈនឹងបន្តត្រូវបានហាមឃាត់ ហើយកញ្ឆានៅតែខុសច្បាប់នៅក្នុងប្រទេសប្រេស៊ីល។ ការផ្តល់ភាពច្បាប់នៃការប្រើប្រាស់ ត្រូវបានពិភាក្សាដោយតុលាការកំពូលចាប់តាំងពីឆ្នាំ២០១៥ ហើយចៅក្រម បានឈានដល់សំឡេងភាគច្រើន នៅពេលដែលអ្នកនយោបាយកំពុងស្នើបម្រាមតាមរដ្ឋធម្មនុញ្ញ លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។សេចក្តីស្នើច្បាប់ដែលកំពុងពន្លឿននៅក្នុងសភា ដោយមានការគាំទ្រពីសមាជិកសភាគណបក្សអភិរក្សនិយម និងសមាជិកនៃក្រុមសាសនា បានស្នើសុំវិសោធនកម្មរដ្ឋធម្មនុញ្ញ សម្រាប់ការប្រើប្រាស់ និង កាន់កាប់គ្រឿងញៀនប្រភេទណាមួយ ជាបទល្មើសព្រហ្មទណ្ឌ។

មនុស្ស១០នាក់បានស្លាប់ក្នុងរដ្ឋធានីកេនយ៉ា ក្នុងការបាញ់ប្រហាររបស់នគរបាលទៅលើក្រុមបាតុករសម្រុកចូលសភា

2024/06/26 07:56:03 am        84
មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារទី២៥សប្ដាហ៍នេះ នៅពេលនគរបាលបានបើកការបាញ់ប្រហារទៅលើក្រុមបាតុកររាប់រយនាក់ ដែលបានសម្រុកចូលបរិវេណសភាក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា តវ៉ាប្រឆាំងច្បាប់ថ្មីៗនេះដែលអនុម័តដោយសមាជិកសភាក្នុងការដំឡើងពន្ធ។ អ្នកស្ម័គ្រចិត្ដកាកបាទក្រហមម្នាក់ ដែលបាននិយាយសុំមិនបញ្ចេញឈ្មោះទៅកាន់សារព័ត៌មាន អាណាដូលូ (Anadolu) បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់និងរបួសទំនងជាកើនឡើង ស្របពេលអ្នករងរបួសជាច្រើននាក់កំពុងត្រូវបានព្យាបាលរបួសដោយគ្រាប់កាំភ្លើង។ លោកបានបន្ថែមថា ស្ថានភាពធ្ងន់ធ្ងរណាស់ ហើយយើងកំពុងប្រឹងប្រែងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដឲ្យបានគ្រប់គ្រាន់ ខណៈស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅ។ក្នុងស្ថានភាពចលាចល គេបានមើលឃើញក្រុមអ្នកតវ៉ា នៅខាងក្នុងអគារសភា ដោយឈរនៅលើកៅអីសមាជិកសភា ខណៈស្នូរគ្រាប់ភ្លើងកំពុងលាន់លឺនៅខាងក្រៅ និងរបស់របរមួយចំនួនបានឆេះ រួមទាំងរថយន្តនគរបាលផងដែរ។ ក្រុមយុវជនដែលខឹងសម្បារទៅនឹងការដំឡើងពន្ធរបស់រដ្ឋាភិបាលក៏បានដុតបំផ្លាញផ្នែកខ្លះនៃសភា និងការិយាល័យអភិបាលក្រុងណៃរ៉ូប៊ី ក្នុងបរិវេណរដ្ឋធានីនេះផងដែរ៕

កូរ៉េខាងត្បូង ចាប់ផ្តើមស្វែងរកចម្លើយ បន្ទាប់ពីអគ្គិភ័យឆេះរោងចក្រអាគុយសម្លាប់មនុស្ស ២២ នាក់

2024/06/25 12:41:21 pm        100
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (២៥ មិថុនា) នេះ បានបញ្ជាឱ្យមានការត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៅទីតាំងឧស្សាហកម្មនានាដែលមានហានិភ័យខ្ពស់ មួយថ្ងៃបន្ទាប់ពីអគ្គិភ័យនៅរោងចក្រផលិតអាគុយមានសារធាតុលីចូម បានសម្លាប់កម្មករ ២២ នាក់ និងមនុស្សម្នាក់នៅតែបន្តបាត់ខ្លួន។ ក្រុមមន្ត្រីមកពីភ្នាក់ងារជាច្រើន រួមទាំងសេវាកោសល្យវិច្ច័យជាតិ នគរបាល និងនាយកដ្ឋានពន្លត់អគ្គិភ័យ បានចូលទៅក្នុងរោងចក្រនេះ ជាផ្នែកមួយនៃការស៊ើបអង្កេតរួមគ្នា។ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះនៅខាងក្នុងឃ្លាំងមួយកន្លែងដែលមានអាគុយលីចូមចំនួន ៣៥.០០០ គ្រឿង បានបង្កើតជាផ្សែងពុល ហើយកម្មករទំនងជាបាត់បង់ស្មារតី និងស្លាប់ក្នុងរយៈពេលប៉ុន្មានវិនាទី។ អគ្គិភ័យនេះគឺជាឧបទ្ទវហេតុឧស្សាហកម្មចុងក្រោយបង្អស់ នៅក្នុងប្រទេសដែលកម្មកររោងចក្ររាប់សិបនាក់បាត់បង់ជីវិតលើការងារជារៀងរាល់ឆ្នាំ បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតដើម្បីកែលម្អសុវត្ថិភាពនៅកន្លែងធ្វើការក៏ដោយ។ កម្មករ ១៧ នាក់ក្នុងចំណោមកម្មករ ២២ នាក់ដែលបានស្លាប់នោះជាជនជាតិចិន និងម្នាក់ជាជនជាតិឡាវ។ ពួកគេភាគច្រើនត្រូវបានជួលឱ្យធ្វើការជាបណ្ដោះអាសន្ននៅរោងចក្រវេចខ្ចប់អាគុយលីចូមមួយនោះ ដែលដំណើរការដោយក្រុមហ៊ុន អារីសែល (Aricell) ដែលមិនចុះបញ្ជី។ រោងចក្រនេះស្ថិតនៅក្នុងទីក្រុង ហ្វាសុង (Hwaseong) ដែលជាតំបន់ចង្កោមឧស្សាហកម្មនៅភាគនិរតីនៃរដ្ឋធានីសេអ៊ូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកចោទប្រកាន់ចិនថាបានសាកល្បងនុយក្លេអ៊ែរដោយសម្ងាត់ ខណៈពួកគេអំពាវនាវឲ្យមានសន្ធិសញ្ញាអាវុធថ្មី
02/06/2026 09:02 PM
ភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្រ្តនៅឧបទ្វីបអ៊ីបេរីរបស់អេស្ប៉ាញ ធ្វើឲ្យអ្នកព្យាករឧតុនិយមភ្លាក់ផ្អើលយ៉ាងខ្លាំង
02/06/2026 08:02 PM
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកជួបប្រជុំនៅអូម៉ង់ ក្រោយការគំរាមកំហែងផ្នែកយោធារបស់លោក Trump
02/06/2026 08:02 PM
ប្រេស៊ីលផ្ដល់សញ្ញាបើកចំហរដល់ការចរចា រវាងប្លុក Mercosur និងចិន ខណៈក្រុងប៉េកាំងស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅ
02/06/2026 08:02 PM
កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខា ដើម្បីផ្ទេរអ្នកទោសស៊ីរី នៅលីបង់ ទៅប្រទេសកំណើត
02/06/2026 08:02 PM
ឥណ្ឌូនេស៊ីអាចនឹងចាកចេញពីក្រុមប្រឹក្សាសន្តិភាពរបស់លោក Trumpបើសិនជាគោលដៅឯករាជ្យប៉ាឡេស្ទីនមិនឈានដល់ទេនោះ
02/06/2026 08:02 PM
គុយបាត្រៀមខ្លួនរួចជាស្រេចដើម្បីជជែកជាមួយអាមេរិក ប៉ុន្តែមិនមែនជជែកពីការផ្លាស់ប្តូររបបនោះទេ
02/06/2026 07:02 PM
បាតុករប្រមូលផ្តុំគ្នានៅក្រុង Milan ប្រឆាំងវត្តមាន ICE របស់អាមេរិក និងការបិទសាលារៀន មុនពិធីបើកព្រឹត្តិការណ៍អូឡាំពិក
02/06/2026 07:02 PM
UN៖ អំពើហិង្សាអ្នកតាំងលំនៅនិគមន៍ជំរុញឲ្យការជម្លៀសខ្លួននៅវ៉េសប៊ែងឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា
02/06/2026 07:02 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចោទអ៊ុយក្រែនថា បានប៉ុនប៉ងធ្វើឃាតឧត្តមសេនីយ៍ជាន់ខ្ពស់ នៅទីក្រុងមូស្គូ
02/06/2026 07:02 PM