ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅក្នុងការដើរក្បួនរំលឹកដល់ជនរងគ្រោះដោយរដ្ឋប្រហារនៅឈីលី

2023/09/11 06:13:23 pm        172
ឈីលី៖កាលពីថ្ងៃអាទិត្យ ការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ានិងនគរបាល បានផ្ទុះឡើង នៅក្នុងការដើរក្បួនរំលឹកខួបទី៥០ នៃរដ្ឋប្រហារនៅប្រទេសឈីលី។ ក្នុងការប្រឈមមុខដាក់គ្នាដ៏តានតឹងនៅទីបញ្ចុះសពមួយកន្លែង ដោយក្រុមអ្នកតវ៉ារាប់សិបនាក់ដែលភាគច្រើនស្លៀកពាក់ក្នុងសំលៀកបំពាក់ពណ៌ខ្មៅ ដោយមុខរបស់ពួកគេត្រូវបានបិទបាំង បានចូលរួមក្នុងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងនគរបាលដោយមានគប់ដុំថ្ម និងគ្រាប់បែកភ្លើង។ ជាការឆ្លើយតប នគរបាល បានដាក់ពង្រាយការណុងបាញ់ទឹក និងនគរបាលបង្ក្រាបកុបកម្មដើម្បីបំបែកក្រុមអ្នកតវ៉ា។ ទន្ទឹមនឹងនេះ សមាជិកក្រុមគ្រួសារនៃអ្នកដែលត្រូវបានឃុំខ្លួន បានបាត់ខ្លួនឬត្រូវបានប្រហាជីវិត អំឡុងអំណាចផ្តាច់ការ បានទៅកាន់ទីបញ្ចុះសព ជាកន្លែងដែលព្រឹត្តិការណ៍ ត្រូវបានស្នើសុំឲ្យបញ្ចប់។ខណៈជាមេបញ្ជាការយោធាម្នាក់ លោក Pinochet បានដឹកនាំការផ្តួលរំលំប្រដាប់អាវុធប្រធានាធិបតីសង្គមនិយមដែលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបរតេយ្យ លោក Salvador Allende នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៣ ដែលអំឡុងពេលនោះមនុស្សជាង៣.០០០នាក់ត្រួវបានសម្លាប់ និង២៨.០០០ នាក់ត្រូវបានធ្វើទារុណកម្មក្នុងអំពើហិង្សានយោបាយ អំឡុងរបបផ្តាច់ការយោធាឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៩០ របស់លោក Pinochet៕

ជំនួបកំពូលក្រុមប្រទេសG20 បិទបញ្ចប់ដោយឥណ្ឌា ប្រេស៊ីលនិងរុស្ស៊ីពោលសរសើរពីជោគជ័យ

2023/09/11 06:10:39 pm        133
ឥណ្ឌា៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌាណារិន្ទ្រមូឌី (Narendra Modi)បានបិទបញ្ចប់ជំនួបកំពូល G20 កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញា ដែលបានសម្រាលការបែកបាក់គ្នាយ៉ាងខ្លាំងជុំវិញសង្រ្គាមអ៊ុយក្រែន និងបម្រែបម្រួលអាកាសធាតុ ប៉ុន្តែបានផ្ដល់ឱកាសដល់រូបលោកក្នុងការដោះស្រាយបញ្ហាការទូត។ក្រុមប្រទេស G20 ត្រូវបានខ្វែងគំនិតគ្នាជុំវិញសង្រ្គាមអ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់ទីក្រុងមូស្គូកាលពីឆ្នាំមុន ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ពុំបានចូលរួមកិច្ចប្រជុំកំពូលនេះឡើយជាការគេចពីបញ្ហានយោបាយ។ បណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំង ២០ ដែលនាំឲ្យរុស្ស៊ី និងចិនជួបគ្នា ក៏ដូចជាក្រុមអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន នាពេលថ្មីៗនេះ បានជួបការលំបាកក្នុងការឯកភាពលើបញ្ហាជាច្រើន ជាពិសេសអំពីការលុកលុយរយៈពេល ១៨ ខែមកនេះ ។ដោយប្រឈមនឹងភាពអាម៉ាស់ផ្នែកការទូត ម្ចាស់ផ្ទះឥណ្ឌាបានជំរុញសមាជិកទាំងអស់យល់ព្រមលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍ដែលបានរិះគន់ការប្រើប្រាស់កម្លាំងដណ្ដើមយកទឹកដី ប៉ុន្តែបានគេចចេញពីការរិះគន់ចំៗទៅលើរុស្ស៊ី។ ក្រុង Kyiv បាននិយាយថា ក្រុមប្រទេស G20 គ្មានអ្វីគួរឲ្យមានមោទនភាពឡើយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកហ្សឺហ្គេ ឡារ៉ូហ្វ (Sergei Lavrov) ដែលឈរពាំងលោក Putin ក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ បានអះអាងទទួលជ័យជម្នះខាងការទូត។ អ្នកការទូតជើងចាស់រូបនេះ បាននិយាយថា យើងអាចទប់ស្កាត់ការប៉ុនប៉ងរបស់បស្ចិមប្រទេសដើម្បីការពារអ៊ុយក្រែនដែលជា របៀបវារៈនៃកិច្ចប្រជុំកំពូលនេះ ដោយហៅការជួបជុំគ្នារយៈពេលពីរថ្ងៃមកនេះថា ជាជោគជ័យ។ កាលពីថ្ងៃអាទិត្យ លោក Modi បានបិទបញ្ចប់ជំនួបនេះដោយប្រគល់ការរៀបចំឲ្យទៅប្រធានាធិបតីប្រេស៊ីល លោក លូស អ៊ីណាស៊ីយ៉ូ លូឡា ដាស៊ីលវ៉ា(Luiz Inacio Lula da Silva)  ដែលប្រទេសរបស់លោកនឹងធ្វើជម្ចាស់ផ្ទះជំនួប G20 នៅខែធ្នូ ឆ្នាំក្រោយ។លោកលើកឡើងថា យើងមិនអាចបណ្ដោយឲ្យជម្លោះភូមិសាស្ត្រនយោបាយក្លាយជារបៀបវារៈនៃកិច្ចពិភាក្សាក្នុងជំនួប G20 នោះទេ៕

អ៊ីរ៉ង់ និងអាមេរិក ជិតឈានដល់ការដោះដូរអ្នកទោស ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយប្រទេសកាតា

2023/09/11 06:08:22 pm        138
កាតា៖ នៅពេលដែលមូលនិធិអ៊ីរ៉ង់ចំនួន ៦ពាន់លានដុល្លារ ត្រូវបានភ្ជាប់ទៅធនាគារមួយចំនួននៅក្នុងប្រទេសកាតា នៅដើមសប្តាហ៍ក្រោយ វានឹងធ្វើឲ្យមានដំណើរការតាមលំដាប់លំដោយយ៉ាងប្រុងប្រយ័ត្ន ដែលនឹងឃើញជនជាតិអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំឃាំង ចាកចេញពីប្រទេសអ៊ីរ៉ង់ និងអ្នកទោសអ៊ីរ៉ង់ចំនួនដូចគ្នា ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ហោះទៅត្រឡប់ទៅប្រទេសមកវិញ នេះបើយោងតាមប្រភពជនជាតិអ៊ីរ៉ង់៨រូប និងប្រភពផ្សេងទៀតដែលដឹងច្បាស់អំពីការចរចា ដែលបាននិយាយជាមួយសារព័ត៌មានរ៉យទ័រ។ជាជំហានដំបូង ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១០ ខែសីហា បានដោះលែងពលរដ្ឋអាមេរិក៤នាក់ពីពន្ធនាគារ Evin នៃទីក្រុងតេអេរ៉ង់ ឲ្យទៅឃុំខ្លួននៅក្នុងផ្ទះ ជាកន្លែងដែលពួកគេចូលរួមជាមួយអ្នកទី៥នាក់ ដែលស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ។ ក្រោយមក នៅថ្ងៃនោះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប៊្លីនខិន (Antony Blinken) បានហៅចំណាត់ការនេះថា ជាជំហានដំបូងនៃដំណើរការដែលនឹងនាំទៅដល់ការវិលត្រឡប់របស់ពួកគេទៅកាន់ប្រទេសកំណើតវិញ។រដ្ឋបាលសហរដ្ឋអាមេរិក បាននិយាយថា ពួកគេរួមមានពាណិជ្ជករជាច្រើនរូប ដូចជាលោក Siamak Namazi មានវ័យ ៥១ ឆ្នាំ និងលោក Emad Sharqi មានវ័យ៥៩ ឆ្នាំ ក៏ដូចជាអ្នកបរិស្ថាន លោក Morad Tahbaz មានវ័យ៦៧ឆ្នាំ ដែលមានសញ្ជាតិអង់គ្លេសផងដែរ។ គ្រួសាររបស់លោក Tahbaz និង លោក Shargi ពុំបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ មេធាវីរបស់គ្រួសារលោក Namazi បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ៕

មនុស្ស៤នាក់ បានស្លាប់ក្នុងការបំផ្ទុះនៅកន្លែងជីកយកថ្មក្នុងប្រទេសហ្គាណា

2023/09/11 05:36:35 pm        151
ហ្គាណា៖ មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ថា មនុស្សយ៉ាងហោចណាស់៤នាក់ ត្រូវបានស្លាប់ ក្នុងនោះមានជនជាតិចិនម្នាក់ ក្នុងការផ្ទុះមួយកាលពីល្ងាចថ្ងៃសៅរ៍ (៩ កញ្ញា) នៅកន្លែងជីកយកថ្មក្រានីត នៅភាគខាងលិចប្រទេសហ្គាណា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Omni Quarries។មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ លោក Michael Nyah បាននិយាយថា គេមិនច្បាស់ភ្លាមៗទេថា តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការផ្ទុះ ដែលបានបំផ្លាញអគារនៅជិតការដ្ឋានយកថ្មនៅក្នុងស្រុក Shama និងបានបន្សល់ទុកនូវគំនរបាក់បែកនៅពាសពេញផ្ទៃដីកសិកម្មនេះ។ លោក Nyah បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មនុស្ស៤នាក់ទៀតនៅតែបាត់ខ្លួន ខណៈមនុស្ស២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់៕

ប្រធានាធិបតីប្រេស៊ីល៖ លោកពូទីន នឹងមិនត្រូវចាប់ខ្លួននៅក្នុងកិច្ចប្រជុំ G20 របស់ប្រេស៊ីលនៅឆ្នាំ២០២៤ នោះទេ

2023/09/11 05:34:07 pm        134
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយកាលពីថ្ងៃសៅរ៍ (៩ កញ្ញា) ថា មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសប្រេស៊ីលទេ ប្រសិនបើលោកចូលរួមកិច្ចប្រជុំក្រុមប្រទេសទាំង២០ នៅទីក្រុង Rio de Janeiro នៅឆ្នាំក្រោយនេះ។ដោយត្រូវបានសម្ភាសនៅខាងក្រៅកិច្ចប្រជុំ G20 នៅទីក្រុងដេលី្ល ក្នុងកម្មវិធីព័ត៌មាន Firstpost លោក Lula បាននិយាយថា លោកពូទីន នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ G20 នៅឆ្នាំក្រោយដោយបន្ថែមថា ខ្លួនលោកផ្ទាល់គ្រោងនឹងចូលរួមកិច្ចប្រជុំ BRICS នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលនឹងកំណត់នៅប្រទេសរុស្ស៊ីមុនពេលកិច្ចប្រជុំនៅទីក្រុង Rio ផងដែរ។តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីខែមីនា ដោយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ រុស្ស៊ីបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម ឬបានបង្ខំកុមារអ៊ុយក្រែននោះទេ។លោកពូទីន បានរំលងការជួបជុំអន្តរជាតិម្តងហើយម្តងទៀត ហើយមិនមានវត្តមាននៅឯកិច្ចប្រជុំ G20 នៅទីក្រុងដេលី្លនោះទេ ដោយបានបញ្ជូនរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov ជំនួសវិញ។ ប្រទេសប្រេស៊ីល គឺជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលនាំឱ្យមានការបង្កើតតុលាការឧក្រិដ្ឋកម្ម ICC ។ ការិយាល័យប្រធានាធិបតីរបស់លោក Lula មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះនោះទេ៕

មានការព្រួយបារម្ភជាច្រើនពីបរទេស រួមទាំងការផ្ដល់ជំនួយ ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីនៅម៉ារ៉ុក

2023/09/11 05:29:21 pm        147
ម៉ារ៉ុក៖ មានការផ្តល់ជំនួយ និងប្រតិកម្មជាច្រើនផ្សេងទៀតពីរដ្ឋាភិបាលបរទេស ចំពោះការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសម៉ារ៉ុកកាលពីល្ងាចថ្ងៃសុក្រ (៨ កញ្ញា) ដោយបានសម្លាប់មនុស្សជាង២.១០០នាក់ និងបំផ្លាញអគារជាច្រើន នៅក្នុងការរញ្ជួយដ៏មហន្តរាយបំផុត ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មក។ប្រទេសអាល់ហ្សេរី ដែលបានផ្តាច់ទំនាក់ទំនងជាមួយប្រទេសម៉ារ៉ុកកាលពីពីរឆ្នាំមុនបាននិយាយថា ខ្លួននឹងបើកដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្តទៅកាន់ប្រទេសម៉ារ៉ុក។ ក្រសួងការបរទេសទួរគីបាននិយាយថា ទីក្រុងអង់ការ៉ាបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រគ្រប់ប្រភេទ «ដើម្បីព្យាបាលអ្នករបួសពីការរញ្ជួយដីនៅប្រទេសម៉ារ៉ុក»។លើសពីនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ពួកយើងកំពុងស្ថិតក្នុងដំណើរការរៀបចំការគាំទ្រសម្រាប់ម៉ារុក។ សហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ណាមួយ ខណៈប្រទេសម៉ារ៉ុក កំពុងឆ្លើយតបនឹងសោកនាដកម្មនេះផងដែរ។ បន្ថែមពីលើនេះ ប្រទេសបារាំង បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយរបស់ខ្លួនភ្លាមៗសម្រាប់ការជួយសង្គ្រោះ និងជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ។ជាមួយគ្នានេះដែរ ប្រទេសជាច្រើនទៀត រួមមាន អេស្បាញ អ៊ីស្រាអែល ទុយនេស៊ី គុយវ៉ែត រូម៉ានី អារ៉ាប់រួម ឥណ្ឌា រុស្ស៊ី កោះតៃវ៉ាន់ និងស្ថាប័នរបិយវត្ថុអន្តរជាតិ (IMF) ក៏បានសម្តែងការរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុក ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រណាមួយដែលត្រូវការដល់ប្រទេសនេះផងដែរ៕

មនុស្សយ៉ាងហោចណាស់២៦នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុលិចសាឡាងនៅនីហ្ស៊េរីយ៉ា

2023/09/11 05:26:53 pm        180
នីហ្ស៊េរីយ៉ា៖ យ៉ាងហោចណាស់មនុស្ស២៦នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងមួយបានក្រឡាប់នៅលើអាងស្តុកទឹកមួយ នៅភាគខាងជើង កណ្តាលប្រទេសនីហ្ស៊េរីយ៉ា កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ជាឧបទ្ទវហេតុដ៏ធំលើកទីពីរ ដែលបានវាយប្រហារតំបន់នេះក្នុងរយៈពេលបីខែ។លោក Bologi Ibrahim អ្នកនាំពាក្យរបស់អភិបាលរដ្ឋនីហ្ស៊េ ប្រទេសនីហ្ស៊េរីយ៉ា បាននិយាយថា សាឡាងនោះបានដឹកមនុស្សជាង១០០នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ នៅក្នុងតំបន់រដ្ឋាភិបាល Mokwa នៃរដ្ឋនេះ។ លោក Ibrahim បាននិយាយថា ជនរងគ្រោះទាំងនោះ កំពុងធ្វើដំណើរទៅកសិដ្ឋានរបស់ពួកគេ ដោយឆ្លងកាត់ទំនប់ដ៏ធំមួយ។គួររម្លឹកផងដែរថា កាលពីខែកក្កដា មនុស្សជាង១០០នាក់ បានស្លាប់នៅពេលដែលទូកផ្ទុកលើសទម្ងន់បានក្រឡាប់នៅតំបន់ដាច់ស្រយាលនៃរដ្ឋនីហ្សេ ក្នុងប្រទេសនីហ្ស៊េរីយ៉ា ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការផ្ទុកមនុស្សច្រើនលើសកំណត់ និងការថែទាំមិនល្អ គឺជាមូលហេតុចំពោះគ្រោះថ្នាក់ទូកភាគច្រើននៅលើផ្លូវទឹករបស់នីហ្ស៊េរីយ៉ា៕

ពួកតាលីបង់អាហ្វហ្គានីស្ថាន រិះគន់ការបិទច្រកព្រំដែនដ៏សំខាន់ជាមួយប៉ាគីស្ថាន

2023/09/11 05:16:22 pm        148
អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់អាហ្វហ្គានីស្ថាន បានរិះគន់ការបិទច្រកព្រំដែនដ៏សំខាន់របស់ខ្លួនជាមួយប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ ដោយនិយាយថា ការផ្អាកពាណិជ្ជកម្ម នឹងធ្វើឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់អាជីវកម្ម។ច្រកព្រំដែន Torkham ដ៏មមាញឹក ដែលត្រូវបានបិទកាលពីថ្ងៃពុធ បន្ទាប់ពីកងកម្លាំងតាលីបង់ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបាញ់ប្រហារគ្នាទៅវិញទៅមក នេះបើយោងតាមក្រុមមន្ត្រីក្នុងតំបន់។ ក្រសួងការបរទេសរបស់រដ្ឋបាលតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា៖«ប្រទេសឥស្លាមអេមីរ៉ាតនៃប្រទេសអាហ្វហ្គានីស្ថាន ចាត់ទុកថា ការបិទច្រកព្រំដែន Torkham និងការបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដោយភាគីប៉ាគីស្ថានផ្ទុយពីភាពអ្នកជិតខាងដ៏ល្អ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ឧប្បត្តិហេតុនេះ បានចាប់ផ្តើម បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបាញ់ទៅលើកងកម្លាំងតាលីបង់អាហ្វហ្គានីស្ថាន ដែលកំពុងជួសជុលប៉ុស្តិ៍សន្តិសុខចាស់មួយ នៅជិតព្រំដែន។ ការិយាល័យកិច្ចការបរទេសប៉ាគីស្ថាន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

សហរដ្ឋអាមេរិក និងវៀតណាមយល់ព្រមពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈក្ដីបារម្ភពីចិនកើនឡើង

2023/09/11 05:13:17 pm        135
វៀតណាម៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសាទរចំពោះទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសវៀតណាម ស្របពេលមានក្ដីបារម្ភពីប្រទេសចិនកាន់តែខ្លាំងឡើង ខណៈដែលប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងលើឧបករណ៍បច្ចេកវិទ្យាបន្ទះអេឡិចត្រូនិក ប៉ុន្តែលោកបៃដិន បាននិយាយថាលោកមិនមានគោលបំណងទប់ស្កាត់ប្រទេសចិននោះទេ។ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺជាផ្នែកមួយនៃការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការប្រឈមមុខនឹងកំណើនឥទ្ធិពលរបស់ទីក្រុងប៉េកាំង។ខណៈមានភាពច្របូកច្របល់រវាងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទីក្រុងវ៉ាស៊ីនតោន បានវិនិយោគដ៏ច្រើនសម្បើម ក្នុងការកសាងសម្ព័ន្ធភាពជាផ្នែកនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន រួមទាំងកិច្ចសន្ទនាសន្តិសុខចតុភាគីប្រទេសឬ Quad ជាមួយឥណ្ឌា អូស្ត្រាលី និងជប៉ុន ព្រមទាំងសន្ធិសញ្ញា AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ផងដែរ។ លោក បៃដិន បាននិយាយថា លោកចង់បង្កើតច្បាប់មូលដ្ឋានច្បាស់លាស់សម្រាប់ទំនាក់ទំនងរវាងបណ្ដាប្រទេស។ លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 ដែលមិនមានការព្រមយល់ព្រមលើដំណាក់កាលនៃបញ្ហាឥន្ធនៈហ្វូស៊ីល ហើយបានគូសបញ្ជាក់ពីការខ្វែងគំនិតយ៉ាងស៊ីជម្រៅ រវាងបណ្ដាប្រទេសជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕

របបសឹកនីហ្សេ ចោទបារាំងថាបានពង្រាយទ័ពសម្រាប់អន្តរាគមន៍ដែលអាចកើតមាន

2023/09/11 05:06:25 pm        196
នីហ្សេ៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) របបយោធានីហ្សេ បានចោទប្រកាន់បារាំងពីបទដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយចំនួន ដែលជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់អន្តរាគមន៍យោធាដែលអាចកើតមានជាមួយប្លុកក្នុងតំបន់ ECOWAS ប្រឆាំងនឹងនីហ្សេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ របបយោធាក៏បានធ្វើការអំពាវនាវរបស់ខ្លួនម្តងទៀត សម្រាប់ការចាកចេញរបស់កងទ័ពបារាំងពីទឹកដីរបស់ខ្លួន ដែលជាប្រភពសំខាន់នៃភាពតានតឹងរវាងភាគីទាំងពីរ ចាប់តាំងពីការទម្លាក់តំណែងលោកប្រធានាធិបតី Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា មក។ សេចក្តីថ្លែងការណ៍នេះបានអំពាវនាវដល់ «មតិជាតិ និងអន្តរជាតិ ដើម្បីធ្វើជាសាក្សីអំពីផលវិបាកនៃទង្វើឈ្លានពាន ការបំពាន និងការមើលងាយ ដែលបានធ្វើឡើងដោយប្រទេសបារាំង»។ទំនាក់ទំនងរវាងនីហ្សេ និងអតីតអាណានិគមបារាំងរបស់ខ្លួន កាន់តែមានភាំពប្រេះស្រាំឡើងចាប់តាំងពីទីក្រុងប៉ារីសបានប្រកាសថា របបសឹកក្នុងប្រទេសនេះជាក្រុមខុសច្បាប់។ ស្របពេលមានរលកនៃមនោសញ្ចេតនាប្រឆាំងបារាំង ក្រុមមេដឹកនាំនៃរដ្ឋប្រហារនីហ្សេ ក៏បានធ្វើតាមយុទ្ធសាស្ត្ររបស់របបយោធានៅក្នុងប្រទេសជិតខាងម៉ាលី និងបួរគីណា ហ្វាសូ ក្នុងការស្វះស្វែងបញ្ចប់ទំនាក់ទំនងយោធា ដែលមានរយៈពេលយូរជាមួយប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោរអ៊ីស្លាមនិយមដ៏ព្រៃផ្សៃ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកផ្តល់កិច្ចសន្យាទឹកប្រាក់ ២៤,៤ ពាន់លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីជំរុញការផលិតមីស៊ីល SM-6
10/02/2026 11:10 AM
លោក Trump៖ អ៊ីរ៉ង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏យុត្តិធម៌ ឬក៏ត្រូវរលាយបាត់ពីផែនដីក្រោយបដិសេធសំណើ
10/02/2026 11:10 AM
តម្លៃប្រេងកើនឡើងបន្តិច ខណៈអាមេរិកបញ្ជូននាវាដឹកយន្តហោះនិងទ័ពបន្ថែមទៀតទៅកាន់ មជ្ឈិមបូព៌ា
10/02/2026 11:10 AM
លោក Trump ប្តេជ្ញាវាយប្រហារអ៊ីរ៉ង់ដ៏ខ្លាំងក្លា បើរកឃើញថាជាប់ពាក់ព័ន្ធការវាយប្រហារជើងហោះហើរក្រុមហ៊ុន flydubai
10/02/2026 11:10 AM
​ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
10/02/2026 10:10 AM
អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​
10/02/2026 08:10 AM
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន
10/02/2026 07:10 AM
ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM