តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា
គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ

សន្តិសុខ និង សង្គម

ការផ្ទុះជាច្រើនបានវាយប្រហារផ្លូវស្ពានរវាងតំបន់គ្រីម៉េ និងផ្នែកខ្លះនៃតំបន់ Kherson ដែលរុស្ស៊ីកាន់កាប់

2023/08/07 12:30:37 pm        298
រុស្ស៊ី៖ ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយថា ការបំផ្ទុះជាច្រើនបានដាក់គោលដៅវាយប្រហារលើផ្លូវស្ពានសំខាន់ៗ តភ្ជាប់តំបន់កាន់កាប់គ្រីម៉េដែលតភ្ជាប់ជាមួយផ្នែកខ្លះនៃតំបន់ Kherson ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ខណៈដែលអ៊ុយក្រែនបង្កើនគោលដៅរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធ និងទឹកដីរបស់រុស្ស៊ី។ការបំផ្ទុះនោះបានកើតឡើងនៅថ្ងៃដូចគ្នាដែលអភិបាលក្រុងមូស្គូ បាននិយាយថា យានដ្រូនមួយត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុងនេះ ហើយភ្លាមៗបន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារលើនាវាដឹកប្រេងដ៏ធំបំផុតរបស់រុស្ស៊ីដោយប្រើយានដ្រូនសមុទ្រ ក៏ដូចជាធ្វើការវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់មួយរបស់រុស្ស៊ីផងដែរ។ប្រមុខស្តីទីនៃតំបន់ Kherson ដែលតែងតាំងដោយរុស្ស៊ី លោក Vladimir Saldo និយាយថា មីស៊ីលដែលបានវាយប្រហារលើស្ពានចំនួនពីរនៅតំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ សុទ្ធតែជាមីស៊ីលស្រមោលព្យុះ ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយចក្រភពអង់គ្លេស។លោក Saldo បានបន្ថែមថា ស្ពានទាំងពីរនោះត្រូវបានប្រើប្រាស់ដោយជនស៊ីវិល និងមិនមែនជាចរាចរណ៍យោធាទេ។ ការបំផ្ទុះនោះបានប៉ះពាល់ដល់បំពង់បង្ហូរឧស្ម័នរាវដែលរត់តាមបណ្តោយស្ពាន ហើយបានកាត់ផ្តាច់ការផ្គត់ផ្គង់ដល់អ្នកស្រុកចំនួន២០.០០០នាក់នៃទីក្រុង Henichesk ក្នុងតំបន់ Kherson ផងដែរ៕

ទាហាន៤នាក់ស្លាប់ ក្នុងការវាយប្រហារនៅអ៊ីស្រាអែល ក្នុងទីក្រុងដាម៉ាស់

2023/08/07 12:28:33 pm        226
អ៊ីស្រាអែល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ទាហានស៊ីរី៤នាក់ ត្រូវបានសម្លាប់និង៤នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលកាលពីពេលយប់។ ទីភ្នាក់ងារសារព័ត៌មាន Sana បានដកស្រង់សម្តីពីប្រភពយោធាដោយនិយាយថា ការវាយប្រហារនៅជិតរដ្ឋធានីដាម៉ាស់ បានបណ្តាលឲ្យមានការបំផ្លាញសម្ភារៈមួយចំនួនផងដែរ។ ប្រភពបានអះអាងថា មីស៊ីលរបស់អ៊ីស្រអែលមួយចំនួន ត្រូវបានបាញ់ទម្លាក់។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលពុំទាន់បានធ្វើការអធិប្បាយណាមួយនៅឡើយ។ ជាញឹកញាប់អ៊ីស្រាអែលតែងតែដាក់គោលដៅមកលើទីតាំងយោធាក្នុងប្រទេសស៊ីរីដែលមានទំនាក់ទៅនឹងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន AFP និយាយថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួននៅក្នុងទីក្រុងដាម៉ាស់ បានរាយការណ័ថា បាលឺសំឡេងផ្ទុះជាច្រើន។ វីដេអូដែលបានផុសនៅលើបណ្តាញផ្សព្វផ្សាយសង្គមជាការអះអាងបង្ហាញពីពន្លឺដ៏ភ្លឺ នៅលើអាកាស នៅទីជិតខាងទីក្រុងដាម៉ាស់។ កាលពីខែកុម្ភៈ ប្រទេសស៊ីរី បានចោទប្រកាន់អ៊ីស្រាអែលពីការសម្លាប់ជនស៊ីវិល៤នាក់និងទាហានម្នាក់ ក្នុងការវាយប្រហារដោយមីស៊ីលលើទីក្រុងដាម៉ាស់។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលកម្រទទួលស្គាល់ការវាយប្រហារជាក់លាក់លើគោលដៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលឥទ្ធិពលរបស់អ៊ីរ៉ង់បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ការប្រុងប្រយ័ត្នត្រូវបានណែនាំ ចំពោះភ្លៀងធ្លាក់ខ្លាំង នៅប្រទេសជប៉ុន

2023/08/07 12:26:10 pm        261
ជប៉ុន៖ ព្យុះត្រូពិកដ៏មានឥទ្ធិពល Khanun កំពុងបក់ឆ្ពោះទៅកាន់ភាគខាងកើត ដោយកំពុងនៅព័ទ្ធជុំវិញតំបន់ Amami របស់ខេត្ត Kagoshima និងតំបន់ដ៏ទៃទៀតក្នុងតំបន់ព្យុះ។ មន្ត្រីអាកាសធាតុកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈក្រុមពពកភ្លៀងសកម្ម អាចវិវឌ្ឍទៅភាគខាងត្បូងតំបន់គ្យូស៊ូ(Kyushu) និងតំបន់ Amami រហូតដល់ព្រឹកថ្ងៃអង្គារ។ ភ្លៀងធ្លាក់ខ្លាំងពុំធ្លាប់មានក្នុងកំណត់ត្រា ដែលលើសខ្លាំងពីទឹកភ្លៀងធ្លាក់ជាប្រចាំកម្រិតមធ្យម អាចធ្លាក់នៅតំបន់ Kyushu និងតំបន់ជាច្រើនទៀតនៅផ្នែកសមុទ្រប៉ាស៊ីហ្វិកនៅប្រទេសជប៉ុនភាគខាងកើតនិងភាគខាងលិច រហូតដល់អំឡុងថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណា ពលរដ្ឋនៅក្នុងតំបន់ជាច្រើននៅឆ្ងាយពីព្យុះ ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នជាមុន ដូចជា ពិនិត្យមើលផែនទីនៃគ្រោះថ្នាក់។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះKhanun កំពុងបក់យឺតៗទៅភាគឦសាននៅលើទឹកមានចម្ងាយ១៨០គីឡូម៉ែត្រភាគអាគ្នេយ៍ ទីក្រុង Amami ក្នុងខេត្ត Kagoshima ខណៈនៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ ម៉ោងក្នុងតំបន់។ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិសដៅរបស់វាទៅភាគខាងជើង និងខិតទៅជិតខ្លាំងតំបន់ Kyushu នៅថ្ងៃពុធ។ ភ្លៀងធ្លាក់២៤ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ ត្រូវបានព្យាករណ៍ថា នឹងឈានដល់កម្រិត ៣០០មីលីម៉ែត្រ នៅទីក្រុង Amami និងតំបន់ Kyushu ភាគខាងត្បូង និង២៥០មីលីម៉ែត្រ នៅក្នុងតំបន់ Shikoku(ស៊ីកូគុ) និងតំបន់ Tokai៕

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនចាត់ទុកកិច្ចប្រជុំលើសំណើសន្តិភាពថាមានផ្លែផ្កា

2023/08/07 12:23:44 pm        275
អ៊ុយក្រែន៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកសន្និសីទអន្តរជាតិលើសំណើសន្តិភាពរបស់ប្រទេសនេះថា មានផ្លែផ្កាច្រើន។ កិច្ចពិភាក្សារយៈពេលពីរថ្ងៃបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។ មន្ត្រីជាន់ខ្ពស់នៃប្រទេសជាង ៤០ និងអង្គការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកចូលរួម រួមមានក្រុមប្រទេសG7 ព្រមទាំងប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសកំពុងអភិវឌ្ឍន៍សកលខាងផ្សេងទៀត ដែលគេហៅ Global South ។ ប្រទេសចិនក៏បានចូលរួមជាលើកដំបូងផងដែរ។ក្រុមអ្នកចូលរួមបានពិភាក្សាពីសំណើសន្តិភាពចំនួន១០ចំណុច រួមមានទាំងការដកខ្លួនចេញរបស់កងកម្លាំងរុស្ស៊ី និងការស្តារឡើងវិញទឹកដីអ៊ុយក្រែន។ កិច្ចប្រជុំដំបូងបានធ្វើឡើងកាលពីខែមិថុនា។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាចំនួនអ្នកចូលរួមដែលបានកើនឡើង បង្ហាញពីចំណាប់អារម្មណ៍ខ្លាំងរបស់ពិភពលោកក្នុងការបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពនិងយូរអង្វែង។ សេចក្តីថ្លែងការណ៍និយាយថា អ្នកចូលរួមទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសរបស់ពួកគេចំពោះគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងភាពមិនអាចរំលោភបំពានបាននៃបូរណភាពទឹកដីរបស់រដ្ឋនានា។លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងមានការពិគ្រោះយោបល់ប្រកបដោយផ្លែផ្កាច្រើន លើគោលការណ៍សំខាន់ៗដែលសន្តិភាពយូរអង្វែងគួរត្រូវបានបង្កើតឡើង៕

លោក ដូណាល់ ត្រាំ នឹងស្វែងរកចៅក្រមថ្មី នៅក្នុងការកាត់ក្តីពីបទឃុបឃិតក្នុងការបោះឆ្នោត

2023/08/07 12:21:02 pm        264
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ញត្តិសុំឱ្យមានចៅក្រមផ្សេងទៀត ពិនិត្យមើលការកាត់ក្តីបទឧក្រិដ្ឋ ជាប្រវត្តិសាស្ត្ររបស់លោក និងសម្រាប់សំណុំរឿងនេះដែលនឹងត្រូវផ្លាស់ចេញពីទីក្រុងវ៉ាស៊ីនតោន។ សមាជិកគណបក្សសាធារណរដ្ឋដែលត្រូវបានចោទប្រកាន់ចំនួនពីរលើករូបនេះ បានរៀបចំសកម្មភាពរិះគន់ជាបន្តបន្ទាប់ប្រឆាំងអ្នកទាំងឡាយណាដែលកាត់ទោសលោកឬកំពុងដំណើរការរឿងក្តី ដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ និងក្លែងបន្លំនៅសហរដ្ឋអាមេរិក។គោលដៅចុងក្រោយរបស់លោក ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី Tanya Chutkan ជាអ្នកដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Barack Obama ដែលត្រូវបានចាត់តាំងដោយចៃដន្យក្នុងសំណុំរឿងនៅទីក្រុងវ៉ាស៊ីនតោន។ លោក Trump ដោយប្រើអក្សរធំទាំងអស់បានបង្ហោះនៅលើបណ្តាញ Truth Social របស់លោកថា ពុំមានវិធីណាដែលខ្ញុំអាចទទួលបានការកាត់ក្តីដោយយុត្តិធម៌ជាមួយចៅក្រមដែលត្រូវបានចាត់តាំង ចំពោះករណីសេរីភាពនៃការបញ្ចេញមតិការបោះឆ្នោតដោយយុត្តិធម៌ដែលគួរឱ្យអស់សំណើចនោះទេ។ គេគ្រប់គ្នាដឹងពីបញ្ហានេះ ហើយលោកស្រីក៍ដឹងដែរ។ លោក Trump បាននិយាយបន្តថា យើងនឹងស្នើសុំឱ្យមានការបដិសេធភ្លាមៗពីចៅក្រមនេះ ដោយផ្អែកលើហេតុផលដ៏មានឥទ្ធិពល ហើយដូចគ្នានេះដែរសម្រាប់ការផ្លាស់ប្តូរទីកន្លែងចេញពីទីក្រុងវ៉ាស៊ីនតោន ជាទីក្រុងខ្មៅភាគច្រើនដែលមាននិន្នាការប្រជាធិបតេយ្យខ្លាំង។លោកស្រី Chutkan អាយុ ៦១ ឆ្នាំ គឺជាចៅក្រមម្នាក់ក្នុងចំណោមចៅក្រមជាង១០នាក់នៅលើកៅអីតុលាការសហព័ន្ធទីក្រុងវ៉ាស៊ីនតោន។ ការតែងតាំងរបស់លោកស្រីឡើងកាន់តួនាទីក្នុងឆ្នាំ២០១៤ ត្រូវបានព្រឹទ្ធសភាអនុម័តជាឯកច្ឆ័ន្ទ៕

ជនអន្តោប្រវេសន៍១០នាក់ដែលស្លាប់ អណ្តែតមកដល់ច្រាំងសមុទ្រនៅទុយនីស៊ី

2023/08/07 12:18:02 pm        69
ទុយនីស៊ី៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា សាកសពជនអន្តោប្រវេសន៍១០នាក់ ត្រូវបានរកឃើញនៅលើឆ្នេរមួយកន្លែងក្នុងប្រទេសទុយនីស៊ី ក្បែរទីក្រុង Sfax ដែលបានឃើញការកើនឡើងនៅឆ្នាំនេះក្នុងការឆ្លងកាត់សមុទ្រឆ្ពោះទៅអឺរ៉ុប។ ប្រទេសទុយនីស៊ី បានក្លាយជាច្រកផ្លូវដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់ និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាចម្បងមកពីផ្នែកផ្សេងៗនៃទ្វីបអាហ្រ្វិក ដោយប៉ុនប៉ងធ្វើដំណើរដោយគ្រោះថ្នាក់ជាញឹកញាប់តាមទូកគ្មានសុវត្ថិភាព ក្នុងក្តីសង្ឃឹមពីជីវិតកាន់តែប្រសើរ។ កងឆ្មាំជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសព១០នាក់ ត្រូវបានរកឃើញក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅនេះដោយអង្គភាពឆ្មាំឆ្នេរសមុទ្រ នៅភាគខាងជើងទីក្រុង Sfax នៅភាគខាងកើត ប្រទេសទុយនីស៊ី។ អ្នកនាំពាក្យតុលាការទីក្រុង Sfax លោក Faouzi Masmoudi បានប្រាប់សារព័ត៌មាន AFP ថា តុលាការត្រូវបានគេជូនដំណឹងអំពីការរកឃើញសាកសពប្រាំបីនាក់ ដែលជាក់ស្តែងជាជនជាតិអាហ្វ្រិកនៅអនុតំបន់សាហារ៉ាហើយក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពួកគេ។ លោក Masmoudi បាននិយាយថា ជនអន្តោប្រវេសន៍ដែលបានស្លាប់ត្រូវបានគេរកឃើញនៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងអំឡុងពេលមានព្យុះ ដែលអាចពន្លិចទូករបស់ពួកគេ ប៉ុន្តែបានកត់សម្គាល់ថាពុំមានការរាយការណ៍ពីបំណែកទូកលិចនៅជិតក្រុង Sfax នោះទេ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ពួកគេប្រហែលជាបានចាប់ផ្តើមចេញពីតំបន់ផ្សេងទៀតតាមបណ្តោយឆ្នេរប្រទេសទុយនីស៊ី។ យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្រ្វិកខាងជើងបានឲ្យដឹងថា សាកសពចំនួន ៩០១នាក់ ត្រូវបានរកឃើញនៅឆ្នាំនេះគិតត្រឹមថ្ងៃទី ២០ ខែកក្កដា បន្ទាប់ពីមានឧបទ្ទវហេតុ នៅសមុទ្រមេឌីទែរ៉ាណេ ហើយ ៣៤,២៩០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ឬត្រូវបានស្ទាក់ចាប់។ ក្រសួងនិយាយថាភាគច្រើននៃជនអន្តោប្រវេសន៍គឺមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិក។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជិត ៩០.០០០ នាក់បានមកដល់ប្រទេសអ៊ីតាលីនៅឆ្នាំនេះ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយថា ភាគច្រើននៃជនអន្តោប្រវេសន៍បានចាប់ផ្តើមពីប្រទេសទុយនីស៊ី ឬប្រទេសជិតខាងលីប៊ី៕

លោក Zelenskiy ពិនិត្យមីស៊ីល និងប្រព័ន្ធការពារដែនអាកាសផ្គត់ផ្គង់ដោយលោកខាងលិចនៅថ្ងៃទិវាកងទ័ពអាកាស

2023/08/07 12:15:36 pm        110
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើទស្សនកិច្ចនៅព្រលានយន្តហោះមួយកន្លែងនៅទីតាំងដែលពុំបានបញ្ជាក់ឈ្មោះកាលពីថ្ងៃអាទិត្យ ដើម្បីអបអរដល់អាកាសយានិកទាំងបុរសនិងស្ត្រីដែលកំពុងប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី និងដើម្បីពិនិត្យមើលយន្តហោះផលិតនៅសូវៀត បំពាក់នូវអ្វីដែលទំនងជាមីស៊ីល Anglo-French Storm Shadow ។ លោក Zelenskiy បានពិនិត្យមើលប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចចំនួនពីរគ្រឿងគឺប្រព័ន្ធដែនអាកាសប៉ាទ្រីយ៉ូតនិង Iris T-SLM ដែលត្រូវបានដាក់តាំងបង្ហាញនៅព្រលានយន្តហោះមួយកន្លែងដែលមិនបានបញ្ជាក់ឈ្មោះឱ្យដឹង។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្តីលោក Sergei Aksyonov ប្រធានតំបន់គ្រីម៉េដែលលើកបន្តុបដោយទីក្រុងមូស្គូបាននិយាយថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងខណៈរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនបានបំផ្លាញស្ពាននៅផ្លូវ Chonhar ដែលតភ្ជាប់ពីដីគោកអ៊ុយក្រែនទៅកាន់តំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ។ សារព័ត៌មាន RIA បានដកស្រង់សម្តីអភិបាលក្រុង Kherson ស្តីទី លោក Vladimir Saldo ជាអ្នកត្រូវបានលើកបន្តុបដោយទីក្រុងមូស្គូម្នាក់ទៀត ដោយនិយាយថា ការវាយប្រហារទៅលើស្ពាន ជាផ្លូវមួយក្នុងចំណោមផ្លូវតភ្ជាប់ទាំងបីរវាងតំបន់គ្រីម៉េនិងអ៊ុយក្រែនដីគោក ពាក់ព័ន្ធនឹងមីស៊ីល Anglo-French Storm Shadow ប៉ុន្តែលោកពុំបានផ្តល់ភស្តុតាងណាមួយឡើយ៕

មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសម៉ារ៉ុក

2023/08/07 12:12:50 pm        101
ម៉ារុក៖ មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿងបានក្រឡាប់នៅក្នុងប្រទេសម៉ារុក ក្នុងឧបទ្ទវហេតុមួយក្នុងចំណោមគ្រោះថ្នាក់សាហាវបំផុតជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសនេះ ។ ក្រុមអាជ្ញាធរបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MAP ថា រថយន្តក្រុងធន់តូចមួយគ្រឿងដែលធ្វើដំណើរទៅផ្សារប្រចាំសប្ដាហ៍នៅក្នុងទីប្រជុំជន ឌឹមណេត (Demnate) ក្នុងខេត្តអាហ្ស៊ីឡាល (Azilal) បានប្រឡាប់ ខណៈពេលកំពុងដឹកអ្នកដំណើរនៅតាមផ្លូវកាលពីថ្ងៃអាទិត្យ ។ ប្រភពខាងលើនិយាយថា ពេលទទួលបានដំណឹងភ្លាមៗ ក្រុមអាជ្ញាធរប្រចាំតំបន់  កងកម្លាំងអាវុធហត្ថ និងអង្គភាពការពារជនស៊ីវិល បានទៅដល់កន្លែងកើតហេតុដើម្បីចាត់វិធានការចាំបាច់នានា។ ប្រភពដដែលបន្ថែមថា ក្រុមអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុនាំឲ្យមានឧបទ្ទវហេតុនេះកើតឡើង។ ។ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃអាទិត្យ គឺជាឧបទ្ទវហេតុតាមផ្លូវដ៏ធ្ងន់ធ្ងរចុងក្រោយបំផុតជាច្រើននៅក្នុងប្រទេសនៅអាមេរិកខាងជើងមួយនេះ។  កាលពីរដូវក្ដៅឆ្នាំមុន មនុស្ស២៣នាក់ បានស្លាប់នៅពេលរថយន្តក្រុងមួយគ្រឿង បានក្រឡាប់នៅលើផ្លូវរថយន្តមួយនៅភាគខាងកើត រដ្ឋធានីសេដ្ឋកិច្ច កាសាប្លង់កា(Casablanca) របស់ប្រទេសនេះ ៕

ក្រុមប្រឆាំងនឹងលោក Lukashenko រួបរួមគ្នារៀបចំផែនការធ្វើលិខិតឆ្លងដែនបេឡារុសថ្មី

2023/08/07 12:10:06 pm        131
បេឡារុស៖ ក្រុមប្រឆាំងដែលនិរទេសខ្លួនរបស់ប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) បានជួបប្រជុំគ្នានៅប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យនៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការតវ៉ាក្រោយការបោះឆ្នោតដែលមិនបានជោគជ័យរបស់ពួកគេ ដើម្បីបង្ហាញពីការរួបរួម និងផែនការយុទ្ធសាស្រ្តរួមទាំងការចេញលិខិតឆ្លងដែន«បេឡារុសថ្មី»។ដោយត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០២២ ដោយលោក ស្រី ស្វីអាតឡាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) រដ្ឋាភិបាលស្វ័យប្រកាសដែលនិរទេសខ្លួន បានបើកស្ថានទូតជំនួសជាង២០ និងមជ្ឈមណ្ឌលព័ត៌មាន នៅបរទេស។លោកស្រី ទីខាណូស្កាយ៉ា មានវ័យ៤០ឆ្នាំ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ដែលបានរត់គេចខ្លួនបន្ទាប់ពីបានធ្វើការប្រឆាំងនឹងលោក លូកាសិនកូ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលក្រុមអ្នករិះគន់បានហៅថា មានការលួចបន្លំ បាននិយាយថា គណបក្សប្រឆាំងនឹងស្វែងរកការទទួលស្គាល់ពីអន្តរជាតិសម្រាប់លិខិតឆ្លងដែនជំនួសនោះ។ថ្លែងនៅឯសណ្ឋាគារមួយក្នុងទីក្រុងវ៉ាសូវី ( Warsaw ) ទៅកាន់សកម្មជនរាប់រយនាក់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមពលរដ្ឋ លោកស្រី ទីខាណូស្កាយ៉ា បានជំរុញឲ្យកងកម្លាំងប្រឆាំងនៅក្រៅប្រទេសរួបរួមគ្នា និងគាំទ្រការបង្កើតចលនា«បេឡារុសថ្មី»នេះ៕

ប្រទេសចិន បានចេញផ្សាយភាពយន្តឯកសារចំនួន៨ដែលបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារកោះតៃវ៉ាន់

2023/08/07 12:06:45 pm        139
តៃវ៉ាន់៖ ប្រទេសចិន បានចេញផ្សាយភាពយន្តឯកសារចំនួន៨អំពីការត្រៀមខ្លួនរបស់យោធារបស់ខ្លួន ក្នុងការវាយប្រហារកោះតៃវ៉ាន់ដែលបង្ហាញពីទាហានដែលសន្យាថានឹងស្លាប់ក្នុងការក្រសោបយកកោះនេះ ប្រសិនបើចាំបាច់។វគ្គដំបូងនៃភាពយន្តឯកសារឈ្មោះថា ការដេញតាមក្តីសុបិន «Chasing Dreams» ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបលើកទី៩៥នៃកងទ័ពរំដោះប្រជាជនចិនដែលជាយោធារបស់ប្រទេសចិន។ភាពយន្តឯកសារនោះ បង្ហាញពីរូបភាពវីដេអូនៃសមយុទ្ធយោធា ជាពិសេសនៅជុំវិញកោះតៃវ៉ាន់ និងការបញ្ជាក់យ៉ាងលាស់ពីទាហានរាប់សិបនាក់។អ្នកខ្លះនិយាយថា ពួកគេសុខចិត្តលះបង់ជីវិត ដើម្បីបុព្វហេតុដណ្តើមយកកោះនេះ។បុរសដែលត្រូវបានគេស្គាល់ថា លី ប៉េង (Li Peng) អ្នកបើកយន្តហោះពីក្រុមទ័ពសេះវ៉ាង ហៃ (Wang Hai)នៅក្រោមទីបញ្ជាការយុទ្ធសាស្ត្រភាគខាងកើតរបស់យោធាដែលទទួលខុសត្រូវក្នុងការធ្វើប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ បាននិយាយថា៖«យន្តហោះចម្បាំងរបស់ខ្ញុំ នឹងក្លាយជាមីស៊ីលចុងក្រោយរបស់ខ្ញុំ ដោយប្រញាប់ប្រញាល់រត់ឆ្ពោះទៅរកសត្រូវ ប្រសិនបើនៅក្នុងសមរភូមិពិត ខ្ញុំបានប្រើគ្រាប់ទាំងអស់ របស់ខ្ញុំ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបម្រើការក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បានទទួលអំណោយពីថ្នាក់ដឹកនាំ
04/23/2026 07:04 PM
លោក Duterte នឹងប្រឈមជាមួយការជំនុំជម្រះក្តី នៅ ICC បន្ទាប់ពីចៅក្រមអះអាងបទចោទប្រកាន់
04/23/2026 06:04 PM
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
04/23/2026 06:04 PM
ទឹកជំនន់ សម្លាប់មនុស្សយ៉ាងតិច ២៤នាក់ និងប៉ះពាល់ជាង ៣១.០០០គ្រួសារ នៅភាគនិរតីយេម៉ែន
04/23/2026 06:04 PM
មន្ត្រីអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ង់ទទួលបានប្រាក់ចំណូលដំបូងពីថ្លៃប្រើប្រាស់ច្រកសមុទ្រហ័រមូស
04/23/2026 06:04 PM
មន្ត្រីប៉ាគីស្ថាន បង្ហាញក្ដីសង្ឃឹមពីការមាន «វឌ្ឍនភាពជាវិជ្ជមាន» ពីអ៊ីរ៉ង់
04/23/2026 06:04 PM
រថភ្លើងបុកគ្នា នៅដាណឺម៉ាក បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះ ៤នាក់ធ្ងន់ធ្ងរ
04/23/2026 05:04 PM
ស្លូវ៉ាគីនិយាយថា ខ្លួនកំពុងទទួលបានប្រេងរបស់រុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេងអ៊ុយក្រែនដែលបានជួសជុលរួច
04/23/2026 05:04 PM
លីបង់ និងអ៊ីស្រាអែល នឹងបន្តកិច្ចចរចាផ្ទាល់ដ៏កម្រនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា
04/23/2026 05:04 PM
លីបង់ ត្រៀមជួបអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំការបន្តបទឈប់បាញ់
04/23/2026 05:04 PM