ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ពុំមានសញ្ញានៃការតវ៉ាទ្រង់ទ្រាយធំក្នុងប្រទេសប៉ាគីស្ថានទេ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះត្រូវជាប់ពន្ធនាគារ

2023/08/07 09:42:16 pm        290
ប៉ាគីស្ថាន៖ ការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ពីបទប្រព្រឹត្តអំពើពុករលួយ បានជំរុញឱ្យមានការប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ប៉ុន្តែមិនមានសញ្ញានៃការបះបោរដ៏ធំណាមួយកាលពីថ្ងៃអាទិត្យ (៦ សីហា)នោះទេ បើទោះបីជាលោកអំពាវនាវឱ្យក្រុមអ្នកគាំទ្រធ្វើការតវ៉ាក៏ដោយ។ការជាប់ពន្ធនាគាររបស់លោក Khan បានធ្វើឱ្យមានកង្វល់ថ្មីៗអំពីអំពើហឹង្សានៅមុនការបោះឆ្នោតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ដោយបច្ចុប្បន្ននេះលោកត្រូវបានដកសិទ្ធិពីការប្រកួតប្រជែង ហើយបានធ្វើឱ្យមានការសង្ស័យលើភាពត្រឹមត្រូវនៃការបោះឆ្នោតដែលមិនរាប់បញ្ចូលរូបលោក។ កាលពីថ្ងៃអាទិត្យ ក្រុមមេធាវីរបស់លោក Imran Khan បានរិះគន់ថា ពួកគេត្រូវបានគេបដិសេធមិនឲ្យចូលជួបលោកសម្រាប់ការពិគ្រោះយោបល់ ដូច្នេះពួកគេអាចនឹងរៀបចំករណីផ្លូវច្បាប់ជាបន្ទាន់ប្រឆាំងនឹងការកាត់ទោសរបស់លោក Khan។ក្រុមមន្ត្រីមកពីគណបក្សចលនាយុត្តិធម៌សម្រាប់ប៉ាគីស្ថាន (PTI) របស់លោក Khan បាននិយាយថា ក្រុមអ្នកគាំទ្រប្រហែល៥០នាក់ត្រូវបានឃុំខ្លួនពេញមួយយប់ ខណៈដែលនគរបាលបានធ្វើប្រតិបត្តិការយ៉ាងឆាប់រហ័សប្រឆាំងនឹងការតវ៉ា បន្ទាប់ពីលោក Khan ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ។ នៅក្នុងសវនាការតុលាការដែលលោក Khan មិនបានចូលរួមកាលពីថ្ងៃសៅរ៍ ចៅក្រមមួយរូបបានរកឃើញថាលោកមានទោសពីបទពុករលួយ ទាក់ទងនឹងអំណោយដែលលោកបានទទួលកាលពីលោកនៅជានាយករដ្ឋមន្ត្រី ហើយបានកាត់ទោសលោក Khan ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ៕

ក្រុមវិចិត្រករប្តូរវេនមកធ្វើការនៅពេលយប់ក្នុងទីក្រុង Basra ប្រទេសអ៊ីរ៉ាក់ ដើម្បីជៀសផុតពីរលកកម្តៅ

2023/08/07 09:37:18 pm        138
អ៊ីរ៉ាក់៖  ក្រុមវិចិត្រករតាមផ្លូវអ៊ីរ៉ាក់ដែលពិបាកស៊ូទ្រាំនឹងរលកកម្តៅអូសបន្លាយពេល បានផ្លាស់វេនធ្វើការរបស់ពួកគេមកពេលយប់វិញ ដើម្បីទប់ទល់នឹងសីតុណ្ហភាពខ្ពស់បែបនេះ ។  លោក Ansam al-Attiyah វិចិត្រករម្នាក់ និយាយថា ពេលត្រូវដោយផ្ទាល់នឹងពន្លឺព្រះអាទិត្យ ហើយនិងសីតុណ្ហភាពដែលកើនឡើងដល់ ៥៣អង្សាសេ នឹងធ្វើឲ្យឆាប់ស្ងួតគំនូ ប៉ុន្តែវាក៏បណ្តាលឲ្យខ្សោយកម្លាំងរាងកាយ និងកម្លាំង ចិត្តផងដែរ ។  ដោយឡែក លោក Ahmed Magedគឺជាវិចិត្រករអ៊ីរ៉ាក់មួយរូបទៀត និយាយថា គំនូគឺជាប្រភពនៃការស់នៅចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកយើង នេះគឺជាការងារដែលធ្វើឲ្យពួកយើងអាចរស់បាន ។   លោកបន្តទៀតថា លោកបានផ្អាកការបញ្ជាទិញគំនូជាច្រើន ហើយបន្តផ្អាកបែបនេះតទៅទៀត ដោយសារតែលោកមិនអាចធ្វើការក្រោមសីតុណ្ហភាពក្តៅខ្លាំងបែបហ្នឹងនោះទេ ។ លោកនឹងបន្តពន្យាពេលរហូតដល់អាកាសធាតុត្រជាក់វិញហើយបន្ទាប់មក លោកនឹងចាប់ផ្តើមការងារម្តងទៀត ។ ជំនួសឲ្យការធ្វើការអំឡុងពេលថ្ងៃ ក្រុមវិចិត្រករតាមផ្លូវ បានចាប់ផ្តើមធ្វើការនៅពេលយប់វិញ ដោយប្រើប្រាស់សម្ភារៈមានគុណភាពខ្ពស់ជាងមុន ហើយនិងភ្លើងបាញ់ធំ ដើម្បីបំភ្លឺផ្ទាំងកំណាត់របស់ពួកគេ ។  យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីរ៉ាក់ គឺជាប្រទេសងាយរងគ្រោះបំផុតទី ៥នៅលើពិភពលោក ដោយសារតែវិបត្តិអាកាសធាតុ ។  គ្រោះរាំងស្ងួត និងសីតុណ្ហភាពក្តៅខ្លាំង បានធ្វើឲ្យតំបន់ជាច្រើនរបស់អ៊ីរ៉ាក់ស្ទើតែគ្មានមនុស្សរស់នៅ អំឡុងខែរដូវក្តៅ ៕

ភាពយន្ត Barbie រកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ នៅកន្លែងលក់សំបុត្រ Box Office ទូទាំងពិភពលោក

2023/08/07 09:34:14 pm        220
យោងតាមក្រុមហ៊ុនចែកចាយស្ទូឌីយោ Warner Bros បានឲ្យដឹងថា ខ្សែភាពយន្ត Barbie រកប្រាក់បានរាប់ពាន់លានដុល្លារត្រឹមរយៈពេលតែ១៧ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំង។ស្ទូឌីយោ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) ថា ភាពយន្តនេះនឹងបញ្ចប់នៅចុងសប្តាហ៍ជាមួយនឹង ១,០៣ពាន់លានដុល្លារ ក្នុងការលក់សំបុត្រនៅឯបញ្ជរលក់សំបុត្រ Box Office ទូទាំងពិភពលោក។ នេះមានន័យថា អ្នកដឹកនាំ Greta Gerwig បានក្លាយជាស្ត្រីដំបូងគេ ដែលសម្រេចបានបែបនេះ ក្នុងនាមជាអ្នកដឹកនាំរឿងទោល ហើយស្ទូដីយោ Warner Bros បានពណ៌នាការសម្រេចបាននេះថា ជា «ពេលវេលានៃប្រវត្តិសាស្ត្រ»។លោក Jeff Goldstein ប្រធានផ្នែកចែកចាយក្នុងស្រុក នៅសហរដ្ឋអាមេរិក បាននិយាយថា៖ «គ្មាននរណាម្នាក់នោះឡើយ ប៉ុន្តែលោកស្រី Greta Gerwig អាចនាំនិមិត្តរូបឆ្លងជំនាន់នេះ និងពិភពរបស់លោកស្រីទៅកាន់ជីវិតរស់រវើក តាមរយៈរឿងកំប្លែង រំជួលចិត្ត និងកម្សាន្ត ដោយប្រែក្លាយពិភពលោកទាំងមូលឲ្យទៅជាពណ៌ផ្កាឈូក»។ខ្សែភាពយន្តពណ៌ផ្កាឈូកនេះ ទទួលបានការសរសើរពីអ្នករិះគន់ និងនាំឲ្យមានការថតរូបសែលហ្វី (Selfie) ជាច្រើន នៅក្នុងប្រអប់តុក្កតា ដែលបានដំឡើងនៅក្នុងរោងកុន នៅទូទាំងប្រទេសអង់គ្លេសផងដែរ។ ភាពយន្តដែលសម្តែងដោយតារាស្រី Margot Robbie ជា Barbie និងតារាប្រុស Ryan Gosling ជា Ken រកចំណូលបាន ៤៥៩លានដុល្លារនៅអាមេរិក និង ៥៧២លានដុល្លារ ជាអន្តរជាតិ៕

ក្រុមគ្រូពេទ្យវះកាត់អាមេរិកធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សាដើម្បីវះកាត់អ្នកជំងឺ និងបង្វឹកគ្រូពេទ្យ

2023/08/07 09:18:47 pm        177
អាមេរិក៖  ក្រុមគ្រូពេទ្យវះកាត់ឆ្អឹងសហរដ្ឋអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់តំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ដើម្បីជួយកាត់បន្ថយបញ្ជីឈ្មោះរង់ចាំជាយូរសម្រាប់ការវះគាត់ឆ្អឹងសន្លាក់ ដែលកំពុងធ្វើឲ្យមនុស្សរាប់រយនាក់មានពិភាការភាព ហើយនិងផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យក្នុងស្រុក ។  លោក Khaled Salehដែលជាប្រធានក្រុមវិទ្យាសាស្រ្តមិនរកប្រាក់ចំណេញ Fajrដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និយាយថា ដំណើរទស្សនកិច្ចនេះ នឹងជួយអ្នកជំងឺដែលមានបញ្ហាឆ្អឹងសន្លាក់ធ្ងន់ធ្ងរ និងការឈឺចាប់ដ៏រ៉ាំរ៉ៃ ក៏ដូចជាអ្នកដែលអង្គុយលើរទេះរុញ ឬអ្នកដែលប្រើប្រាស់ឈើច្រត់សម្រាប់ដើរ ។  បេសកកម្មនេះ នឹងវះកាត់អ្នកជំងឺ ១៥០នាក់ អំឡុងរយៈពេល ៥ថ្ងៃ ស្របពេលដែលបង្វឹកក្រុមគ្រូពេទ្យក្នុងស្រុក ហើយនិងបរិច្ចាគសម្ភារៈវេជ្ជសាស្រ្តចាំបាច់តម្លៃ ៤លានដុល្លារ ។  គួរឲ្យដឹងថា ទណ្ឌកម្មសេដ្ឋកិច្ច និងការបិទច្រករយៈពេលច្រើនឆ្នាំ បានធ្វើឲ្យទន់ខ្សោយសេដ្ឋកិច្ចនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ដែលជាដែនដីជាប់មាត់សមុទ្រគ្រប់គ្រងដោយក្រុមចលនាអ៊ីស្លាមហាម៉ាស់ ហើយនិងធ្វើឲ្យមានចន្លោះប្រហោងធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធសុខភាព ក្នុងនោះមានបញ្ជីឈ្មោះអ្នកជំងឺយ៉ាងច្រើន ដែលរង់កចាំការវះកាត់ឆ្អឹង ។  អ្នកស្រី Halima Abu Hayyaវ័យ ៥៧ឆ្នាំ និយាយថា អ្នកស្រីបានរង់ចាំអស់រយៈពេល ៣ឆ្នាំមកហើយ ដើម្បីវះកាត់ឆ្អឹងសន្លាក់ ដោយសារតែអ្នកស្រីគ្មានប្រាក់ព្យាបាលថ្លៃនោះទេ នៅក្រៅតំបន់ហ្គាហ្សា ។ ក្រោយការវះកាត់រួច ស្រ្តីមានកូន ៤នាក់រូបនេះ និយាយថា អ្នកស្រីទន្ទឹងរង់ចាំការដើរដោយគ្មានការឈឺចាប់នាពេលដ៏ខ្លីខាងមុខនេះ ៕

ពលរដ្ឋឆាដដឹកជនភៀសខ្លួនស៊ូដង់តាមរទេះសេះដោយឥតគិតថ្លៃ នៅតាមតំបន់ព្រំដែន

2023/08/07 09:15:00 pm        120
ស៊ូដង់៖  ក្រុមម្ចាស់រទេះសេះឆាដ កំពុងដឹកជនភៀសខ្លួនស៊ូដង់ និងឥវ៉ាន់របស់ពួកគេដោយឥតគិតថ្លៃនៅតាមព្រំដែនចូលទៅក្នុងប្រទេសឆាដ ស្របពេលដែលជម្លោះនៅស៊ូដង់ នៅតែបន្តបង្ខំឲ្យមនុស្សកាន់តែជ្រើនចាកចេញពីប្រទេសរបស់ខ្លួន ។  មិនសំខាន់ថាជនភៀសខ្លួនមានប្រាក់ ឬគ្មានប្រាក់នោះទេ ម្ចាស់រទេះសេះទាំងអស់នេះ និយាយថា ពួកគេនៅតែជួយដឹកពួកគេដដែលចេញពីប្រទេសស៊ូដង់ ចូលទៅកាន់ប្រទេសឆាដ ពោលគឺភាគច្រើននៃការដឹកនេះ ពុំគិតប្រាក់នោះឡើយ ។  រទេះសេះខ្លះប្រតិបត្តការផងដែរដោយព្រំដែន ដោយដឹកជញ្ជូនជាច្រើនជើងក្នុង១ថ្ងៃ ដោយដឹកអ្នកដំណើរ ៤នាក់ក្នុង១ជើង ។  សូមបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចូលទៅក្នុងប្រទេសឆាដ ចាប់តាំងពីជម្លោះចាប់ផ្តើមកាលពីខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ស្របពេលមានជម្លោះជុំវិញផែនការគាំទ្រដោយអន្តរជាតិសម្រាប់ការផ្លាស់ប្តូរទៅរកការគ្រប់គ្រងដោយស៊ីវិល ។  លោក Ismailដែលជាជនភៀសខ្លួនស៊ូដង់មួយរូប និយាយថា ពេលដែលពួកយើងត្រូវបានបង្ខំចិត្តចាកចេញដោយសារសង្រ្គាម ពួកយើងក៏បានធ្វើដំណើរមកទីនេះដោយគ្មានអ្វីនោះឡើយ ប៉ុន្តែបងប្រុស Yasser បានមកជួយខ្ញុំ ដើម្បីឲ្យខ្ញុំមកកាន់ជំរំនេះ ។ ខ្ញុំអរគុណគាត់ ពីព្រោះថាខ្ញុំគ្មានប្រាក់នោះទេ ហើយគាត់នៅតែដឹកខ្ញុំដដែល ។  ដោយឡែក លោក Mustafaដែលជាម្ចាស់រទេះសេះឆាដ និយាយថា ពួកគេមួយចំនួនមកគ្មានប្រាក់ជាប់ខ្លួននោះទេ ហើយពួកគេមួយចំនួនតូច បានប្រាក់ស្តួចស្តើងប៉ុណ្ណោះ ហើយពួកយើងជួយពួកគេដោយមិនគិតអ្វីទាំងអស់ ។ ពួកយើងតែងតែដឹកទាំងអ្នកមានប្រាក់ និងអ្នកដែលគ្មានប្រាក់ ។   លោកបន្តថា ពួកយើងដឹកពួកគេពីច្រកព្រំដែន រួចមកទម្លាក់ពួកគេនៅទីនេះនៅជំរំ ។ ពួកយើងជួយពួកគេ ដោយសារតែពួកគេគ្មានរថយន្ត ហើយនិងជួយឲ្យពួកគេជិះរទេះសេះរបស់ពួកយើង ៕

ក្រុមអ្នកភូមិយាមប៉ុស្តិ៍នៅលេណដ្ឋានធ្វើឡើងខ្លួនឯង នៅរដ្ឋញំាំញីដោយអំពើហិង្សា Manipur ប្រទេសឥណ្ឌា

2023/08/07 09:10:26 pm        131
 ឥណ្ឌា៖  ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Phayengស្ថិតនៅរដ្ឋភាឦសាន Manipurប្រទេសឥណ្ឌា ដែលភាគច្រើនមកពីសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Meitei បានធ្វើលេណដ្ឋានដើម្បីការពារក្រុមគ្រួសាររបស់ពួកគេ ស្របពេលដែលមនុស្សរាប់ពាន់នាក់ រស់នៅដោយការភ័យខ្លាច ក្រោយតំបន់មួយនេះ រងភាពរង្គោះរង្គើរដោយសារការប៉ះទង្គិចគ្នាជនជាតិដើមភាគតិចស្លាប់មនុស្សជាបន្តបន្ទាប់ ។  ភូមិ Phayengដែលស្ថិតនៅក្នុងស្រុក West Imphal គឺជាភូមិព្រំប្រទល់សម្រាប់សហគមន៍ជម្លោះទាំង ២ ដែលរួមមានសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Meitei និងសហគមន៍កុលសម្ព័ន្ធជនជាតិដើមភាគតិច Kuki ។  ក្រុមអ្នកភូមិ បានរៀបចំលេណដ្ឋាន ហើយនិងការពារភូមិរបស់ពួកគេនៅគ្រប់ម៉ោងនៃវេនយាមកាមរបស់ពួកគេ ។  គួរឲ្យដឹងថា អំពើហិង្សា បានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែឧសភា នៅរដ្ឋ Manipurក្រោយតុលាការបញ្ជាឲ្យរដ្ឋមួយនេះ ពិចារណាលើការបន្តអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេសដល់សហគមន៍ Meitei និងកូតាការងាររដ្ឋ និងការអប់រំ ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ ត្រូវបានគេបម្រុងទុកសម្រាប់កុលសម្ព័ន្ធ Kuki ។  មនុស្សជាង ១៨០នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីអំពើហិង្សាចាប់ផ្តើមនៅរដ្ឋ Manipur ដែលជារដ្ឋមានពលរដ្ឋ ៣,២លាននាក់ ជាប់ព្រំដែនសហភាពមីយ៉ាន់ម៉ា ។  លោក Devinដែលជាឆ្មាំលេណដ្ឋានម្នាក់ និយាយថា កុលសម្ព័ន្ធផ្សេងទៀត ចាប់ផ្តើមវាយប្រហារមកលើសហគមន៍កុលសម្ព័ន្ធ Meiteiរបស់ពួកយើង ហើយក្រោយមកពួកយើងក៏ចាប់ផ្តើមការពារខ្លួន ពួកយើងការពារភូមិរបស់ពួកយើង ពួកយើងធ្វើលេណដ្ឋាននៅលើដីព្រៃ ដើម្បីសុវត្ថិភាពរបស់ពួកយើង ៕

អគ្គិភ័យនៅរោងចក្រកែច្នៃប្លាស្ទិកនៅរដ្ឋ New Mexico សហរដ្ឋអាមេរិក បង្ខំឲ្យមានការប្រកាសអាសន្នពីបញ្ហាសុខភាព

2023/08/07 08:45:49 pm        296
 អាមេរិក៖ អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងនៅរោងចក្រកែឆ្នៃប្លាស្ទិក ស្ថិតក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃអាទិត្យ ក្នុងនោះក្រុមឆ្លើយតបសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយក្រុមមន្រ្តី បានចេញការព្រមានពីបញ្ហាសុខភាព ។  ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ មកពីក្រុមជួយសង្រ្គោះអគ្គិភ័យក្រុង Albuquerque ( អាល់ប៊ូគើគី)ក្រុមជួយសង្រ្គោះអគ្គិភ័យស្រុក Bernalillo និងកងកម្លាំងរបស់មូលដ្ឋានកងទ័ពអាកាស Kirtland កំពុងព្យាយាមពន្លត់អណ្តាតភ្លើងនៅតំបន់ភាគខាងត្បូងទីក្រុង Albuquerque ស្របពេលដែលស្ថានភាពប្រែក្លាយឧបទ្ទេវហេតុអាសន្នជាច្រើន ។  រូបភាពវីដេអូឃ្លីបពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង ឃើញរោងចក្រហ៊ុព័ទ្ធដោយអណ្តាតភ្លើង និងផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក ។  គ្មានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ ប៉ុន្តែក្រុមមន្រ្តីក្រុង បានចេញសេចក្តីប្រកាសអាសន្នពីបញ្ហាសុខភាព នៅក្នុងតំបន់ ដោយសារតែការកខ្វក់ខ្យល់ដ៏គ្រោះថ្នាក់បង្កឡើងពីផ្សែងភ្លើងឆេះប្លាស្ទិក ។  ដោយឡែក ខ្យល់បក់ខ្លាំង បាននាំផ្សែងទៅកាន់តំបន់ជាច្រើននៅភាគអាគ្នេយ៍ទីក្រុង Albuquerque និងជ្រលងភ្នំខាងត្បូង ជាទីដែលក្រុមមន្រ្តីណែនាំឲ្យរឹតត្បិតសកម្មភាពខាងក្រៅ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ៕

យ៉ាងហោចណាស់ ២នាក់ បានស្លាប់ និងជាង ៣០នាក់ បាត់ខ្លួន បន្ទាប់ពីទូកជនអន្តោប្រវេសន៍ លិចនៅសមុទ្រម្ដុំកោះ Lampedusa របស់អ៊ីតាលី

2023/08/07 08:43:22 pm        295
អ៊ីតាលី៖ សាកសពស្ត្រីម្នាក់ និងកុមារម្នាក់ត្រូវបានស្រង់ឡើងដោយឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសអ៊ីតាលី បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍ចំនួន២ បានលិចនៅសមុទ្រម្ដុំកោះ Lampedusa ភាគខាងត្បូងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) ហើយជាមួយគ្នានេះ ឆ្មាំល្បាតឆ្នេរ បាននិយាយថា មនុស្សប្រមាណជា ៥៧នាក់ ត្រូវបានជួយសង្គ្រោះ ហើយជាង ៣០នាក់ត្រូវបានគេជឿថា បានបាត់ខ្លួន ក្នុងសមុទ្រ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីមានហេតុការណ៍លិចទូកនោះ។ដោយឡែក សេវាសង្គ្រោះតាមតំបន់ភ្នំ នៅអ៊ីតាលី បាននិយាយថា ក្នុងប្រតិបត្តិការមួយ ជនអន្តោប្រវេសន៍ ៣៤នាក់ ត្រូវបានយោងឡើងដោយឧទ្ធម្ភាគចក្រពីច្រាំងថ្មចោទនៅកោះ Lampedusa ដែលពួកគេបានជាប់នៅទីនោះ តាំងពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានការលិចកប៉ាល់មួយទៀត។ សេវាសង្គ្រោះបានបន្ថែមទៀតថា កុមារម្នាក់ និងស្ត្រីមានផ្ទៃពោះ ២នាក់ ក៏ស្ថិតក្នុងចំណោមអ្នកត្រូវបានជួយសង្គ្រោះនោះដែរ។សារព័ត៌មាន Guardian បានរាយការណ៍ថា ដោយដកស្រង់ការរៀបរាប់ដំណើររឿងពីអ្នកនៅរស់រានមានជីវិត ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទូកទាំង ២នេះ បានចាកចេញពីទីក្រុង Sfax ក្នុងប្រទេសទុយនីស៊ី ហើយបានលិចនៅក្នុងសមុទ្រ ដែលមានការលំបាក ក្នុងការធ្វើដំណើរ។ក្រសួងមហាផ្ទៃអ៊ីតាលី បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ប្រទេសនេះកំពុងជួបប្រទះការកើនឡើងនៃការធ្វើដំណើររបស់ជនអន្តោប្រវេសន៍តាមសមុទ្រ ដោយមានអ្នកចូលមកដល់ជិត ៩២.០០០នាក់មកទល់ពេលនេះ នៅឆ្នាំនេះ ធៀបនឹងចំនួនប្រហែល ៤៣.០០០នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ របាយការណ៍មួយ បានឲ្យដឹងថា មនុស្សជាង ២.០០០នាក់ បានមកដល់កោះ Lampedusa ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

ព័រទុយហ្គាល់ប្រឹងប្រយុទ្ធនឹងចំហេះព្រៃ ក្នុងពេលដែលកម្ដៅក្ដៅកាន់តែខ្លាំងឡើងៗ

2023/08/07 08:40:17 pm        250
ព័រទុយហ្គាល់៖ អ្នកពន្លត់អគ្គិភ័យជាង ១.០០០នាក់ កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) បាន និងកំពុងប្រឹងប្រយុទ្ធនឹងចំហេះព្រៃ នៅកណ្តាលប្រទេសព័រទុយហ្គាល់ ដែលបានបំផ្លាញផ្ទៃដីចំនួន ៧.០០០ហិកតា និងបណ្ដាលឲ្យមនុស្ស ១១នាក់ រងរបួសស្រាល។សីតុណ្ហភាពបានឡើងលើសពី ៤០អង្សារសេ នៅក្នុងតំបន់មួយចំនួននៃប្រទេសព័រទុយហ្គាល់ ហើយអាជ្ញាធរ បាននិយាយថា ហានិភ័យពីចំហេះព្រៃ នឹងនៅតែ «ខ្ពស់ខ្លាំង ឬក្នុងកម្រិតអតិបរមា នៅទូទាំងប្រទេស» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ផ្ទៃដីប្រហែល ៧.០០០ហិកតា ត្រូវបានបំផ្លាញក្នុងតំបន់ Castelo Branco នៅភាគកណ្តាលនៃប្រទេស ប៉ុន្តែមេបញ្ជាការប្រតិបត្តិការពន្លត់អគ្គិភ័យលោក Jose Gulherme បាននិយាយថា ហានិភ័យដែលអាចកើតមានពីការឆាបឆេះនេះ អាចមានដល់ទៅ «ជាង ២០.០០០ហិកតា»។ លោក Gulherme បានប្រាប់អ្នកសារព័ត៌មានថា វាជាតំបន់ធំល្វឹងល្វើយដែលមានផ្ទះ និងភូមិដាច់ស្រយាលជាច្រើន ដោយបន្ថែមថា បរិវេណភ្លើងឆេះ បានលាតសន្ធឹងរួចហើយចម្ងាយ ៦០គីឡូម៉ែត្រ។ផ្សែង និងផេះពីភ្លើង ដែលបានចាប់ផ្តើមឆេះ កាលពីថ្ងៃសុក្រ បានរាលដាលជាង ១៣០គីឡូម៉ែត្រ នៅភាគខាងកើត កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) ទៅកាន់ទីប្រជុំជន Fatima។ ជាមួយគ្នានេះ អ្នកពន្លត់អគ្គិភ័យ ៤០០នាក់បន្ថែមទៀត ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធនឹងចំហេះព្រៃដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុង Odemira ក្បែរឆ្នេរសមុទ្រភាគនិរតី។មន្ត្រីសន្តិសុខស៊ីវិល លោក Tiago Bugio បាននិយាយថា អណ្តាតភ្លើងនៅក្រុង Odemira ត្រូវឆាបឆេះឡើងវិញ កាលពីថ្ងៃអាទិត្យ។ ការឆេះ ២កន្លែង នៅតែសកម្ម ប៉ុន្តែមួយភាគបីនៃចំហេះដែលធ្វើដំណើរឆ្ពោះទៅរកទីក្រុងទេសចរណ៍ភាគខាងត្បូងនៃទីក្រុង Algarve ឥឡូវនេះ ស្ថិតក្នុងការគ្រប់គ្រងហើយ។ តែយ៉ាងណាក្ដី អាជ្ញាធរបានព្រមានថា ហានិភ័យនៃចំហេះព្រៃ នៅតែមានកម្រិតខ្ពស់បំផុតទូទាំងប្រទេស៕

អ៊ីស្រាអែលបញ្ចុះសពទាហានល្បាតម្នាក់ ដែលត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារនៅទីក្រុង Tel Aviv

2023/08/07 08:37:37 pm        329
អ៊ីស្រាអែល៖ ប្រជាជនអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៦ ខែសីហា) បានធ្វើពិធីបញ្ចុះសពអ្នកល្បាតក្រុង ដែលត្រូវបានសម្លាប់ ដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីនកាលពីថ្ងៃមុន។មិត្តភ័ក្តិ និងក្រុមគ្រួសារ បានកាន់ទុក្ខសពលោក Chen Amir ដែលបានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ ដោយជនជាតិប៉ាឡេស្ទីន នៅលើផ្លូវមួយ នាកណ្តាលទីក្រុង Tel Aviv។ ហើយបន្ទាប់មកអភិបាលក្រុង Tel Aviv បាននិយាយថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើងនោះ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីល្បាតក្រុង។សេចក្តីថ្លែងការណ៍របស់នគរបាលអ៊ីស្រាអែលបានឲ្យដឹងថា អ្នកបាញ់ប្រហារនោះ គឺជាអ្នកស្រុកវ័យ ២៧ឆ្នាំម្នាក់ នៅទីក្រុង Jenin របស់ប៉ាឡេស្ទីន ក្នុងតំបន់កាន់កាប់ West Bank។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានសរសើរពីភាពក្លាហាននៃការវាយប្រហារនេះ ប៉ុន្តែមិនទទួលខុសត្រូវចំពោះហេតុការណ៍នេះឡើយ។សូមបញ្ជាក់ថា ការបាញ់ប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីក្មេងជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយជនស៊ីវិលអ៊ីស្រាអែលលើភូមិប៉ាឡេស្ទីនមួយនៅតំបន់ West Bank ហើយទីក្រុងវ៉ាស៊ីនតោនបានសម្តែងកង្វល់ពីការកើនឡើងនៃការវាយប្រហារ ដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វលើភូមិប៉ាឡេស្ទីននៅតំបន់ West Bank ជាកន្លែងដែលអំពើហិង្សាមានសភាពកាន់តែអាក្រក់ទៅៗ ចាប់តាំងពីឆ្នាំមុន ដោយការវាយឆ្មក់របស់អ៊ីស្រាអែលកាន់តែកើនឡើង ក្នុងពេលដែលការវាយប្រហារតាមដងផ្លូវពីសំណាក់ប៉ាឡេស្ទីនលើជនជាតិអ៊ីស្រាអែលក៏កាន់តែកើតមានដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត
10/07/2026 08:10 PM
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
10/07/2026 06:10 PM
លោក Rubio៖ អ៊ីរ៉ង់បាន​បាត់បង់ការគ្រប់គ្រងទាំងស្រុង លើ​ច្រកសមុទ្រ Hormuz ខណៈ​សេដ្ឋកិច្ច​ធ្លាក់ចុះខ្លាំង​​
10/07/2026 06:10 PM
នគរបាល៖ មនុស្ស ៧នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយកាំបិត ក្នុង​សាលារៀន នៅ​ប៉ូឡូញ
10/07/2026 06:10 PM
ភាពអត់ឃ្លានកំពុងបង្កវិនាសកម្មដល់កុមារនៅប្រទេសយេម៉ែនដែលហែកហួរដោយភ្លើងសង្រ្គាម
10/07/2026 06:10 PM
នគរបាល​បែលហ្ស៊ិកចាប់ខ្លួនមនុស្ស ១០៧នាក់ អំឡុងការតវ៉ារបស់សិស្ស នៅទីក្រុង Liege
10/07/2026 06:10 PM
បារាំងផ្អាកប្រើគ្រាប់បែកផ្សែង​ធ្វើ​ឱ្យ​ភាំង​ស្មារតី​ លើ​​ការ​តវ៉ារបស់សិស្ស មុននាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថា
10/07/2026 06:10 PM
មន្ត្រីមូលដ្ឋាន និងពលរដ្ឋ៖ កងទ័ពអេរីត្រេ ត្រូវបានដាក់ពង្រាយនៅតំបន់ Tigray នៃប្រទេសអេត្យូពី
10/07/2026 06:10 PM
ប្រភព៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២២
10/07/2026 06:10 PM
លោក Rubio៖ សហរដ្ឋអាមេរិក និងក្រិក នឹងរួមគ្នាប្រយុទ្ធប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខ
10/07/2026 06:10 PM