សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច

សន្តិសុខ និង សង្គម

មនុស្សជាង ១០០ នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំង RSF នៅភាគកណ្តាលស៊ូដង់

2024/06/07 09:08:41 am        124
ក្រុមអ្នកស្រុកក្នុងតំបន់ដែលមានឈ្មោះ «គណៈកម្មាធិការតស៊ូ» បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ថា មនុស្សជាង ១០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) លើភូមិមួយនៅភាគកណ្តាលរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) នៃប្រទេសស៊ូដង់។កងទ័ពស៊ូដង់ (SAF) ប្តេជ្ញាថានឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហាររបស់កងកម្លាំង RSF នេះ ដែលធំបំផុតក្នុងចំណោមការវាយប្រហាររាប់សិបលើកដោយទាហាន RSF លើភូមិតូចៗនៅទូទាំងរដ្ឋកសិកម្មមួយនេះ បន្ទាប់ពីខ្លួនបានកាន់កាប់រដ្ឋធានី វ៉ាដ ម៉ាដានី (Wad Madani) របស់រដ្ឋនេះ ក្នុងខែធ្នូ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីស (Stephane Dujarric) បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេត។ គណៈកម្មាធិការតស៊ូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់អាចកើនឡើង «ដោយសារមានអ្នករបួសជាច្រើន ដោយខ្លះទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ» នៅក្នុងការវាយប្រហារដែលបានកើតឡើងនៅក្នុងភូមិ វ៉ាដ អាល់-នួរ៉ា (Wad Al-Noura)។ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងទ័ពស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័ស RSF នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ការប៉ះទង្គិចគ្នាទាំងនេះបានឆក់យកជីវិតមនុស្សជាង ១៥.៥០០នាក់ និងមនុស្សជាង ៨,៨ លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃ កិច្ចការមនុស្សធម៌ (UNOCHA) ដោយមិនរាប់បញ្ជូលការវាយប្រហារថ្មីនេះ៕

យោធា៖ អ៊ុយក្រែន បានបាញ់ទម្លាក់ ២២គ្រឿងក្នុងចំណោមយានដ្រូនចំនួន ២៧គ្រឿងរបស់រុស្ស៊ី

2024/06/06 12:08:23 pm        108
កងកម្លាំងអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនប្រភេទ Shahed ចំនួន ២២ គ្រឿងក្នុងចំណោមយានដ្រូន ២៧គ្រឿង ដែលបានបាញ់បង្ហោះពីលើតំបន់ចំនួន ៥របស់អ៊ុយក្រែន ក្នុងការវាយប្រហារ នៅពេលយប់របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ។អភិបាលតំបន់លោក Filip Pronin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនេះបានបំផ្លាញរោងចក្រឧស្សាហកម្មមួយ និងធ្វើឲ្យមនុស្សម្នាក់ រងរបួស នៅក្នុងតំបន់Poltava។ លោកបាននិយាយថា យោធាអ៊ុយក្រែន បានកម្ទេចយានដ្រូន ចំនួន៦គ្រឿង ពីខាងលើតំបន់ភាគខាងត្បូងនៃក្រុង Mykolaiv។ លោកបានបន្ថែមថា បំណែករបស់យានដ្រូនមួយគ្រឿង បានបំផ្លាញផ្ទះឯកជនមួយខ្នង និងបានបណ្តាលឲ្យខូចខាតផ្ទះប្រហែល ១០ខ្នងផ្សេងទៀត ប៉ុន្តែមិនមានអ្នករងរបួសណាម្នាក់ ត្រូវបានគេរាយការណ៍ឡើយ។អភិបាលតំបន់ បាននិយាយថា យានដ្រូនចំនួន ៤គ្រឿង ត្រូវបានគេបាញ់ទម្លាក់ នៅពីខាងលើតំបន់ (Kherson) ភាគខាងត្បូង និង ៤គ្រឿងទៀត នៅកណ្តាលតំបន់ Dnipropetrovsk។ការវាយប្រហារនោះ ក៏បានកំណត់គោលដៅទៅលើតំបន់Sumyភាគខាងជើង ដោយមិនមានព័ត៌មានលម្អិតអំពីការខូចខាតដែលត្រូវបានរាយការណ៍ដោយអាជ្ញាធរក្នុងតំបន់នោះទេ។

ក្រុមហេសបូឡា និយាយថា ត្រៀមជាស្រេចសម្រាប់សង្រ្គាមពេញលេញជាមួយអ៊ីស្រាអែល

2024/06/05 01:57:45 pm        394
គេហទំព័រព័ត៌មានក្នុងស្រុក អែលណាស្រា(Elnashra) បានរាយការណ៍ថា អគ្គលេខាធិការរងរបស់ក្រុមហេសបូឡា លោក ស្សេក ណៃ ហ្កាសេម(Sheikh Naim Qassem) បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមប្រដាប់អាវុធលីបង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខទៅនឹងសង្រ្គាមពេញលេញជាមួយអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលពង្រីកការវាយប្រហាររបស់ខ្លួន មកលើប្រទេសលីបង់។លោក Qassem បាននិយាយថា ប្រសិនបើអ៊ីស្រាអែល មានបំណងធ្វើសង្រ្គាមពេញលេញ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមនោះ ហើយរាល់ការពង្រីកសង្រ្គាមរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ នឹងត្រូវជួបការបំផ្លាញ មហន្តរាយ និងការជម្លៀសប្រជាជននៅអ៊ីស្រាអែល។លោកនិយាយថា ការទប់ទល់គឺបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ ហើយនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ទទួលបានជ័យជំនះណាមួយឡើយ ហើយការសម្រេចចិត្តរបស់យើង គឺពុំមែនដើម្បីពង្រីកសង្រ្គាមនោះទេ ប៉ុន្តែយើងនឹងប្រយុទ្ធ ប្រសិនបើវាត្រូវធ្លាក់មកលើយើង។ មន្ត្រីរបស់ក្រុមហេសបូឡា និយាយថា ការនិយាយអំពីការដកកងកម្លាំង Radwan ដែលជាអង្គភាពកងកម្លាំងប្រតិបត្តិការពិសេសរបស់ក្រុមហេសបូឡា ពីព្រំដែនប្រទេសលីបង់ជាមួយអ៊ីស្រាអែល គឺមិនពិតនោះទេ ហើយក្រុមនេះបានប្រើតែផ្នែកតូចមួយនៃសមត្ថភាពរបស់ពួកគេប៉ុណ្ណោះ ក្នុងអំឡុងពេលប៉ះទង្គិចនៅព្រំដែន ជាមួយអ៊ីស្រាអែល។ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រាំងគ្រាប់រ៉ុក្កែត ធ្លាក់ចូលទៅប្រទេសអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល។ ក្រោយមក អ៊ីស្រាអែលបានសងសឹកវិញ ដោយការបាញ់កាំភ្លើងធំយ៉ាងខ្លាំង ចូលទៅភាគអាគ្នេយ៍ប្រទេសលីបង់។

អ្នកបើករថយន្តដឹកទំនិញ នៅបូលីវី បិទផ្លូវ ជុំវិញបញ្ហាកង្វះប្រេងឥន្ធនៈ

2024/06/05 01:54:07 pm        465
អ្នកបើកបររថយន្តដឹកទំនិញនៅប្រទេសបូលីវី បានបិទផ្លូវហាយវ៉េ El Alto ដើម្បីតវ៉ាពីបញ្ហាកង្វះប្រាក់ដុល្លារ និងកង្វះប្រេងឥន្ធនៈ បណ្តាលឱ្យរថយន្តដឹកទំនិញរាប់រយគ្រឿង បានជាប់គាំង។រូបភាពពីយានដ្រូន បានបង្ហាញពីជួររថយន្តដឹកទំនិញដែលជាប់គាំងដំណើរនៅលើដងផ្លូវមួយកន្លែងខណៈអ្នកបើកបរកំពុងតវ៉ា បានបង្កើតរបាំងមានដុតភ្លើងដើម្បីរាំងផ្លូវ។ នគរបាល បានធ្វើអន្តរាគមន៍ដោយបាញ់គ្រាប់កាំភ្លើងជ័រ និងសម្អាតការរាំងផ្លូវ ដោយធ្វើឲ្យក្រុមបាតុករបំបែកគ្នា និងបានគប់ដុំថ្មទៅលើរថយន្តដឹកទំនិញដែលកំពុងឆ្លងកាត់។កាលពីថ្ងៃអង្គារ ជួររថយន្តដ៏វែង ត្រូវបានគេមើលឃើញនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុង La Paz រដ្ឋធានីរបស់ប្រទេសបូលីវី ហើយអ្នកប្រើប្រាស់ជាច្រើន បានត្អូញត្អែរអំពីកង្វះប្រេងម៉ាស៊ូត។ ក្រុមអ្នកបើកបររថយន្តនៅប្រទេសបូលីវី បានប្រកាសពីការបិទផ្លូវរយៈពេល៤៨ ម៉ោង ដោយទាមទារការផ្គត់ផ្គង់ប្រេងម៉ាស៊ូតឲ្យបានជាប់លាប់ និងលំហូរនៃប្រាក់ដុល្លារជាប្រចាំ។រដ្ឋាភិបាលប្រទេសបូលីវី បានច្រានចោលការតវ៉ានេះថាពុំមែនជាភាពចាំបាច់ និងបានព្រមានពីការខាតបង់ប្រាក់រាប់លាន។ ប្រទេសបូលីវី បានទទួលរងពីកង្វះសាច់ប្រាក់ដុល្លារ ចាប់តាំងពីដើមឆ្នាំ ២០២៣មក។

រុស្ស៊ី បានបំផ្លាញរោងចក្រផលិតថាមពលដែលមានសមត្ថភាពជាង ៩ជីហ្គាវ៉ាត់ នៅអ៊ុយក្រែន

2024/06/05 01:27:54 pm        388
អ៊ុយក្រែន បានអះអាងថា ចុងក្រោយនេះ ខ្លួនបានបាត់បង់រោងចក្រថាមពលដែលមានសមត្ថភាពជាង ៩ជីហ្គាវ៉ាត់ នៅទូទាំងប្រទេស ដោយសារការវាយប្រហារដោយមីស៊ីល និងយានដ្រូន បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២។នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអង្គារថា៖«ស្ថានភាព គឺធ្ងន់ធ្ងរណាស់»។ ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo ត្រូវបានបង្ខំឲ្យអនុវត្តការដាច់ចរន្តអគ្គិសនីតាមកាលវិភាគ ដោយសារកង្វះថាមពល។នៅទីក្រុងគីវ អគ្គិសនីត្រូវបានបិទនៅតាមបណ្តាក្រុងមួយចំនួន នៅពេលរសៀល ដោយសារការប្រើប្រាស់អតិបរមាដែលអាចអនុញ្ញាតបានលើស។លោក Shmyhal បានបញ្ជាក់ថា ភារកិច្ចចម្បងរបស់រដ្ឋាភិបាលនៅពេលនេះ គឺការការពារដែនអាកាស និងការងារជួសជុលកាន់តែប្រសើរឡើងលើរោងចក្រដែលរងការខូចខាត។ លោកបានបន្ថែមថា ប្រព័ន្ធថាមពល ត្រូវតែរៀបចំឡើងវិញ និងធ្វើឲ្យការប្រើប្រាស់ថាមពល កាន់តែមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តី បាននិយាយទៀតថា៖«គោលដៅរបស់យើង គឺដើម្បីសន្សំនៅគ្រប់កម្រិត ពីក្រុមហ៊ុនធំទៅផ្ទះតូច និងផ្ទះល្វែង» ។ការនាំចូលម៉ាស៊ីនភ្លើង បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ និងរោងចក្រថាមពលតូចៗ ត្រូវបានឧបត្ថម្ភ ធន។ ទីក្រុងគីវ ក៏កំពុងពឹងផ្អែកលើជំនួយកាន់តែច្រើនពីដៃគូអន្តរជាតិ។ លោក Shmyhal បាននិយាយថា៖« យើងកំពុងធ្វើការលើការពង្រីកការនាំចូលពីអឺរ៉ុបដល់ ២,២ជីហ្គាវ៉ាត់»។

មនុស្ស៤នាក់ ត្រូវចាប់ខ្លួននៅក្រុងហុងកុង ក្នុងខួបទី៣៥ នៃការបង្ក្រាបនៅទីលានធានអានមឹន

2024/06/05 11:38:21 am        191
អាជ្ញាធរក្នុងទីក្រុងហុងកុង បានចាប់ខ្លួនមនុស្សបួននាក់នៅក្នុងខួបលើកទី៣៥នៃការបង្ក្រាបដ៏បង្ហូរឈាមលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានកើតឡើងនៅទីលានធានអានមឹន( Tiananmen) ទីក្រុងប៉េកាំង ប្រទេសចិន។ការចាប់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ។ សន្តិសុខត្រូវបានរឹតបន្តឹង នៅទីកន្លែងជុំវិញសួនឧទ្យានមួយកន្លែង ដែលប្រជាជននៅទីក្រុងហុងកុង ធ្លាប់ប្រមូលផ្តុំគ្នាដើម្បីបន់ស្រន់ប្រចាំឆ្នាំកាលពីថ្ងៃទី ៤ ខែមិថុនា។ ព្រឹត្តិការណ៍នេះ ពុំត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៩ ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាល។មន្រ្តីនគរបាលនៅទីក្រុងហុងកុង បាននិយាយថាពួកគេបានចាប់ខ្លួនមនុស្សបួននាក់ ដែលមានអាយុចន្លោះពី ២៣ ទៅ៦៩ ឆ្នាំ។ ពួកគេនិយាយថា ស្ត្រីអាយុ ៦៨ ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួនដោយសង្ស័យថាបានបំពានលើច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ដែលបានចូលជាធរមានកាលពីខែមីនា។ពួកគេនិយាយថា ស្ត្រីរូបនេះ បានស្រែកពាក្យស្លោកនៅតាមផ្លូវក្នុងគោលបំណងញុះញង់ឱ្យមានការស្អប់ខ្ពើម មកលើអាជ្ញាធរ រួមទាំងរដ្ឋាភិបាលចិនផងដែរ។អាជ្ញាធរ បានបញ្ជូនមនុស្ស៥នាក់ផ្សេងទៀត ក្នុងនោះមានបុរសជនជាតិជប៉ុនម្នាក់ ទៅកាន់នាយកដ្ឋាននគរបាល។ ប៉ុន្តែតាមសេចក្តីរាយការណ៍ថាត្រូវបានបានដោះលែងមនុស្សទាំងនោះ នៅពេលក្រោយមក។

ប៉ាពួ នូវ៉ែលហ្គីណេ បញ្ចប់កិច្ចប្រឹងប្រែងស្វែងរកសាកសពនៅទីតាំងបំណាក់ដី

2024/06/05 11:16:40 am        184
អាជ្ញាធរប៉ាពួ នូវ៉ែលហ្គីណេ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីស្វែងរកសាកសពត្រូវបានបញ្ចប់ដោយសារតែគ្រោះថ្នាក់នៃបំណាក់ដីដែលនឹងមានបន្ថែមទៀត ។ លោក Joe Aku មន្ត្រីយោធាឈានមុខគេមួយរូប ទទួលខុសត្រូវលើទីតាំងនោះ បានប្រកាសតំបន់ខ្ពង់រាបនេះ ថាជា "តំបន់គ្មានការធ្វើដំណើរ" ដែលនឹងត្រូវបិទសហគមន៍នេះ រហូតដល់មានការជូនដំណឹងបន្ថែមពីក្រុមអាជ្ញាធរ។ លោកបាននិយាយថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅទីនេះអំឡុងដំណាក់កាលនេះ។ នេះគឺជាបំណាក់ដីដ៏ធំ និងធ្ងន់ធ្ងរបំផុត មិនដែលជួបប្រទះ។ ប្រទេសនៅទ្វីប អូសេអានី មួយនេះ ជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ជាច្រើន ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតរបស់ពិភពលោក ហើយបំណាក់ដីគឺជារឿងធម្មតាបំផុតហើយនៅក្នុងតំបន់ខ្ពង់រាបរបស់ប្រទេសនេះ។ការប៉ាន់ប្រមាណដំបូងរបស់រដ្ឋាភិបាលប៉ាពួ នូវ៉ែលហ្គីណេ បាននិយាយថាមនុស្សរហូតដល់ ២.០០០នាក់អាចត្រូវបានកប់នៅក្នុងបំណាក់ដីកាលពីថ្ងៃទី ២៤ ខែឧសភា ទោះបីជា លោក Aku បាននិយាយថាចំនួននេះអាចជិតដល់ ៦៥០នាក់ ក៏ដោយ ខណៈមានរបាយការណ៍ស្ដីពីមនុស្សបានស្លាប់ចំនួន៦៧០នាក់។ ក្រុមអាជ្ញាធរក្នុងតំបន់ប៉ាន់ប្រមាណថាមនុស្សចំនួន៧.៨៤៩នាក់រស់នៅក្នុងតំបន់ពីរដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។ លោក Aku បាននិយាយថា ភាគច្រើននៃមនុស្សទាំងនេះ ត្រូវបានជម្លៀសចេញ ហើយកំពុងពឹងផ្អែកលើជំនួយពីភ្នាក់ងារផ្ដល់ជំនួយ ឬប្រទេសដៃគូដើម្បីរស់៕

ជនអន្តោប្រវេសន៍វេណេស៊ុយអេឡានៅម៉ិកស៊ិក ដាក់ក្តីសង្ឃឹមលើប្រធានាធិបតីជាប់ឆ្នោតថ្មីលោកស្រី Sheinbaum

2024/06/05 11:00:29 am        180
ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលជាប់គាំងដំណើរនៅក្នុងប្រទេសម៉ិកស៊ិក មានក្តីសង្ឃឹម ដែល ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេមបូម(Claudia Sheinbaum) នឹងផ្តល់នូវវិធីសាស្រ្តប្រកបដោយក្តីមេត្តាចំពោះជីវិត និងផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់របស់ពួកគេ។លោកស្រី Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសម៉ិកស៊ិក ក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី កាលពីថ្ងៃអាទិត្យ ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី ១ ខែតុលា។ សម្រាប់ជនអន្តោប្រវេសន៍វេណេហ្ស៊ុយអេឡាជាច្រើននាក់ ដែលរស់នៅក្នុងជំរំបណ្ដោះអាសន្ននៅភាគខាងជើងទីក្រុង Mexico City ជ័យជំនះរបស់លោកស្រី Sheinbaum បង្ហាញក្តីសង្ឃឹមក្នុងពេលពួកគេជួបស្ថានភាពធ្ងន់ធ្ងរ។លោកស្រី Kimberly Yepez ជាម្តាយជនជាតិវ៉េណេស៊ុយអេឡា ដែលធ្វើដំណើរជាមួយកូនពីរនាក់របស់នាង សង្ឃឹមថារដ្ឋបាលរបស់លោកស្រី Sheinbaum នឹងអនុញ្ញាតឱ្យជនអន្តោប្រវេសន៍បន្តការធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីបានទៅដល់សហរដ្ឋអាមេរិក។ ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា លោក Yasmin Salcedo ជឿជាក់ថា នៅពេលដែល លោកស្រី Sheinbaum ក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសម៉ិកស៊ិក លោកស្រីនឹងកាន់តែមានចិត្តមេត្តា និងភាពអត់ធ្មត់ចំពោះជនអន្តោប្រវេសន៍។ចំនួនជនអន្តោរប្រវេសន៍ជាច្រើន បានធ្វើដំណើរឆ្លងកាត់ប្រទេសអាមេរិកកណ្តាល និងម៉ិកស៊ិក ក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងទៅកាន់សហរដ្ឋអាមេរិក ដោយគេចចេញពីភាពក្រីក្រ អំពើហិង្សា បម្រែបម្រួលអាកាសធាតុ និងជម្លោះ។

ខ្យល់ព្យុះបោកបក់កាត់ខេត្តតំបន់ឆ្នេររបស់អាហ្វ្រិកខាងត្បូង សម្លាប់មនុស្ស ១១ នាក់

2024/06/05 10:09:14 am        232
មន្ត្រីក្នុងតំបន់បាននិយាយថា ខ្យល់ព្យុះបានបោកបក់កាត់ខេត្តឆ្នេរសមុទ្រ ក្វាហ្ស៊ូលូ-ណាតាល់ (KwaZulu-Natal) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃចន្ទ (០៣ មិថុនា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ វីដេអូដែលថតដោយយានដ្រូនកាលពីថ្ងៃអង្គារ (០៤ មិថុនា) នៅភូមិ តុងហ្កាត (Tongaat) នៃប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញអ្នកស្រុកកំពុងរុះរើកំទេចកំទីដែលរាយប៉ាយជុំវិញលំនៅឋានដែលរងការខូចខាត ដោយព្យាយាមរើសយករបស់របរដែលនៅសេសសល់។អ្នកស្រុកម្នាក់នៅក្នុងភូមិនេះ ថតបាននូវសកម្មភាពពពកវិលដ៏ខ្មៅងងឹតដែលស្រដៀងនឹងព្យុះកួច ហើយបាននិយាយថាវាកំពុងរំកិលទៅលើភូមិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប្រមុខខេត្ត ក្វាហ្ស៊ូលូ-ណាតាល់ លោក ណូមូសា ឌូបេ-ឃូបេ (Nomusa Dube-Ncube) ដោយនិយាយថាចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត ហើយមានអ្នកស្លាប់ចំនួន ១១ នាក់ ត្រូវបានរាយការណ៍មកទល់ពេលនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សេវាអាកាសធាតុជាតិបានចេញការព្រមានកម្រិតទី៤ សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់។ សេវាសង្គ្រោះបាននិយាយថា បាតុភូតអាកាសធាតុដ៏អាក្រក់នេះបានបណ្តាលឱ្យលំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លាញ ហើយមនុស្សម្នាត្រូវផ្លាស់ទៅកន្លែងសុវត្ថិភាព៕

ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុធ្ងន់ធ្ងរនៅស្រីលង្កា បានឡើងដល់២៦នាក់

2024/06/05 09:44:44 am        242
យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ប្រាមីថា បានដារ៉ា តេនណាគុន (Pramitha Bandara Tennakoon) បានឱ្យដឹងថា ចំនួនអ្នកស្លាប់សរុប ដែលត្រូវបានរាយការណ៍ដោយសារតែស្ថានភាពអាកាសធាតុដ៏ធ្ងន់ធ្ងរ នៅទូទាំងប្រទេសកោះនេះ បានកើនឡើងដល់ ២៦ នាក់ហើយ។ ទន្ទឹមនឹងនេះដែរ មនុស្សចំនួន ៤១ នាក់បានរងរបួសដោយសារឧបទ្ទវហេតុផ្សេងៗដែលបង្កឡើងដោយអាកាសធាតុធ្ងន់ធ្ងរ នេះបើតាមរដ្ឋមន្ត្រី ដែលបានប្រាប់សភាកាលពីថ្ងៃអង្គារ ទី៤ឧសភា ។ ជាងនេះទៅទៀត រដ្ឋមន្ដ្រីរូបនេះ បានបង្ហើបឱ្យដឹងថា មនុស្សសរុបចំនួន ១៣០.០២១ នាក់ មកពី ៣៣.៤២២ គ្រួសារក្នុងស្រុកចំនួន ២៣ នៃកោះនេះ ត្រូវបានរងផលប៉ះពាល់ដោយស្ថានភាពគ្រោះមហន្តរាយដែលកំពុងបន្តនៅឡើយ។រដ្ឋមន្រ្ដីប្រចាំរដ្ឋ រូបនេះ បានបញ្ជាក់បន្ថែមទៀតថា មនុស្សចំនួន៩.២៤៨នាក់ ក្នុងចំណោមមនុស្សមកពី២.៣៦៨ គ្រួសារ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះក្នុងតំបន់ចំនួន ១១៦ ដែលបានបង្កើតឡើងនៅទូទាំងកោះនេះ។ យ៉ាងណា សាលារៀនក្នុងប្រទេសនេះ បានបើកឡើងវិញកាលពីថ្ងៃអង្គារទី៤ខែមិថុនាសប្ដាហ៍នេះ ប៉ុន្តែ សាលារៀនមួយចំនួននៅក្នុងទីក្រុង ហ្គាំផាហា និង ទីក្រុង ម៉ាតារ៉ា ដែលរងគ្រោះខ្លាំងជាងគេ នៅតែបន្តបិទទ្វាររហូតដល់ស្ថានភាពប្រសើរឡើងវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM