សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

សន្តិសុខ និង សង្គម

រុស្ស៊ី ដណ្ដើមបានភូមិចំនួន៥ ក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែន ខណៈ លោក Zelenskyy អំពាវនាវរកជំនួយ

2024/05/12 11:01:27 pm        446
រុស្ស៊ីនិយាយកាលពីថ្ងៃសៅរ៍១១ឧសភាថាខ្លួនដណ្តើមបានភូមិចំនួន៥ក្នុងតំបន់ខាគីវ (Kharkiv)ភាគឦសានរបស់ប្រទេសអ៊ុយក្រែន អំឡុងការវាយលុកដីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានជំរុញឱ្យមានការជម្លៀសមនុស្សប្រមាណ១.៧៧៥នាក់ ដោយសារមានការវាយប្រហារគ្នាដ៏ខ្លាំងក្លា ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានធ្វើការអំពាវនាវរកជំនួយយោធាជាបន្ទាន់។ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូនិយាយថា កងទ័ពរបស់ខ្លួនបានរំដោះ ភូមិចំនួន៥នៅក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែននៅជិតព្រំដែនរុស្ស៊ីគឺភូមិ បូរីស៊ីវកា(Borysivka)ភូមិ អូហ្គើស្ទេវ (Ogirtseve) ភូមិ ផ្លេតេនីវកា (Pletenivka) ភូមិភីលណា (Pylna) និង ភូមិ ស្ទ្រីឡេចា (Strilecha) ព្រមទាំងដណ្តើមបានភូមិមួយ នៅក្នុងតំបន់ដូណេត (Donetsk) ផងដែរ ។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើតំបន់ខាគីវ ដែលជាការរុលទៅមុខតិចតួចចូលទៅក្នុងតំបន់ព្រំដែន ពីកន្លែងដែលខ្លួនត្រូវបានកងទ័ពអ៊ុយក្រែនរុញត្រឡប់ក្រោយវិញជិតពីរឆ្នាំមុន។ ក្រោយមកកាលពីថ្ងៃសៅរ៍ ទីបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពថ្មើរជើងរបស់រុស្ស៊ី មានការគាំទ្រពីការវាយប្រហារតាមអាកាស។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ុយក្រែន បាននិងកំពុងវាយប្រហារតបតនៅក្នុងភូមិនានាតាមព្រំដែនក្នុងតំបន់ខាគីវ ៕

ទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្ស ២៨នាក់ និង៤នាក់បាត់ខ្លួន

2024/05/12 09:51:31 pm        240
ក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃអាទិត្យទី១២ឧសភា ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និង ៤ នាក់ទៀតកំពុងបាត់ខ្លួន។លោក អាប់ឌុល ម៉ាលីក (Abdul Malik) ប្រធានក្រុមជួយសង្គ្រោះប្រចាំខេត្តនេះ បានប្រាប់សារព័ត៌មាន Reuters ថា មានមនុស្ស ២៨នាក់បានស្លាប់ ហើយយើងនៅតែកំពុងស្វែងរកមនុស្ស ៤ នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ចាប់តាំងពីយប់ថ្ងៃសៅរ៍ បាននាំបង្កឲ្យមានល្បាប់គ្របដណ្ដប់តំបន់ តាណា ដាតា (Tanah Datar) ដែលប៉ះពាល់ដល់អនុសង្កាត់ចំនួន៥។ BNPB បាននិយាយថាការវាយតម្លៃចុងក្រោយរបស់ខ្លួនបានបង្ហាញថាផ្ទះសម្បែងពលរដ្ឋចំនួន ៨៤ ខ្នងនិងស្ពានចំនួន១៥ខ្សែ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ ដោយបន្ថែមថាគ្រឿងចក្រធុនធ្ងន់ត្រូវបានដាក់ពង្រាយដើម្បីបង្កើនល្បឿននៃការសម្អាតផ្លូវ៕

អ៊ីស្រាអែល វាយប្រហារតំបន់ហ្កាហ្សា ខណៈបញ្ជាឲ្យពលរដ្ឋក្នុងទីក្រុងរ៉ាហ្វា ជម្លៀសចេញបន្ថែមទៀត

2024/05/12 09:36:17 pm        228
អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ១១ ឧសភា បានវាយប្រហារផ្នែកខ្លះនៃតំបន់ហ្កាហ្សា រួមទាំងទីក្រុង រ៉ាហ្វា (Rafah) ជាទីដែលខ្លួនបានពង្រីកបញ្ជាជម្លៀស ខណៈអង្គការសហប្រជាជាតិបានព្រមានថាការលុកលុយភ្លាមៗលើទីក្រុងនេះ ដែលជាជម្រកចុងក្រោយរបស់ពលរដ្ឋហ្កាហ្សា នឹងបណ្ដាលមនុស្សប្រឈមនឹងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ។អ្នកសារព័ត៌មាន AFP គ្រូពេទ្យ និងអ្នកឃើញហេតុការណ៍ បានរាយការណ៍ថាមានការវាយប្រហារនៅទូទាំងតំបន់ឆ្នេរ ដែលអង្គការសហប្រជាជាតិនិយាយថាការផ្តល់ជំនួយមនុស្សធម៌ត្រូវបានរារាំង បន្ទាប់ពីទាហានអ៊ីស្រាអែលបានផ្គើននឹងការប្រឆាំងជាអន្តរជាតិ និងបានចូលទៅកាន់ភាគខាងកើតក្រុងរ៉ាហ្វា ក្នុងសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារនៅកណ្តាលដែនដីហ្កាហ្សា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រ (Al-Aqsa Martyrs) ក្នុងទីក្រុង ឌៀរ អាល់ បាឡា (Deir al-Balah) ។អ៊ីស្រាអែល បានអំពាវនាវកាលពីយប់ថ្ងៃសៅរ៍ទី១១ឧសភា ឲ្យពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់នានានៃទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងរបស់ដែនដីហ្កាហ្សា ជម្លៀសខ្លួនចេញមុនអ្វីដែលខ្លួន បានហៅថា ជាការពង្រីកតំបន់មនុស្សធម៌ ក្នុងទីប្រជុំជន អាល់ ម៉ាវ៉ាស៊ី ( Al-Mawasi) ក្នុងការបង្ហាញបន្ថែមទៀតថាយោធាកំពុងដើរទៅមុខតាមផែនការសម្រាប់ការវាយប្រហារដោយថ្មើរជើងលើទីក្រុងរ៉ាហ្វា៕

ក្រុមបាតុករត្រឡប់ទៅតវ៉ាតាមដងផ្លូវទូទាំងប្រទេសអ៊ីស្រាអែលឡើងវិញ ទាមទារឲ្យដោះលែងចំណាប់ខ្មាំង

2024/05/12 09:19:49 pm        297
ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ាតាមផ្លូវនានា កាលពីថ្ងៃសៅរ៍ ១១ ឧសភា ដោយទាមទារឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើការងារបន្ថែមទៀតដើម្បីធានាឲ្យបានការដោះលែងចំណាប់ខ្មាំង ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប ។ នគរបាលអ៊ីស្រាអែល បានរុញក្រុមបាតុករ និងប្រើកាណុងបាញ់ទឹកទៅលើពួកគេ អំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងក្រុង Tel Aviv ។ សមាជិកគ្រួសារចំណាប់ខ្មាំង ដែលកាន់រូបថតមនុស្សជាទីស្រលាញ់របស់ពួកគេនៅតែជាប់ឃុំ បានចូលរួមជាមួយក្រុមមនុស្សដែលធ្វើបាតុកម្មនៅទីក្រុង Tel Aviv។យោងទៅតាមអាជ្ញាធរអ៊ីស្រាអែល ម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ា គឺ អ្នកស្រី ណាម៉ា វ៉េប៊ើក (Naama Weinberg) ដែលបងប្អូនជីដូនមួយរបស់អ្នកស្រី ឈ្មោះ អ៊ីតៃ ស្វីស្គី (Itai Svirsky) ត្រូវបានក្រុម ហាម៉ាស ចាប់យកទៅក្នុងអំឡុងការវាយលុកកាលពីថ្ងៃទី ៧ ខែតុលា នៅទីប្រជុំជនមួយក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការជាប់ឃុំឃាំង។ អ្នកស្រីបាននិយាយដោយយោងតាមវីដេអូមួយរបស់ក្រុមហាម៉ាសដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃសៅរ៍ ថាចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលម្នាក់ទៀតបានស្លាប់។ ខណៈពេលល្ងាចបានចូលមកដល់ ក្រុមអ្នកតវ៉ាមួយចំនួនបានបិទផ្លូវធំមួយក្នុងទីក្រុងនេះ មុនពេលត្រូវបានបំបែកដោយកម្លាំងនគរបាល ដែលបានប្រើកាណុងបាញ់ទឹកដើម្បីរុញក្រុមអ្នកតវ៉ាឲ្យថយក្រោយ ហើយយ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានចាប់ខ្លួន៕

ទឹកជំនន់បានឆក់យកជីវិតមនុស្សជាង៣០០នាក់ នៅប្រទេសអាហ្វហ្គានីស្ថាន

2024/05/12 08:17:57 pm        149
កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយកាលពីថ្ងៃសៅរ៍ ១១ ឧសភា ថា មនុស្សជាង ៣០០ នាក់បានស្លាប់ក្នុងទឹកជំនន់ដ៏គំហុក ដែលបានបំផ្លិចបំផ្លាញខេត្តជាច្រើនរបស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមអាជ្ញាធរបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នករងរបួស។ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ បានធ្វើឱ្យទឹកទន្លេហក់ឡើងហៀរប្រៀបច្រាំង ហើយល្បាប់ហូរកប់ភូមិនានា និងគ្របដណ្ដប់ពាសពេញដីកសិកម្មក្នុងខេត្តមួយចំនួន។អ្នកសារព័ត៌មាន AFP បានឃើញ អ្នកនៅរស់រានមានជីវិតកាលពីថ្ងៃសៅរ៍ នាំគ្នាសម្អាតផ្លូវផ្សេងៗដែលគ្របដណ្ដប់ដោយល្បាប់ កម្ទេចកម្ទី និងអគារដែលរងការខូចខាត ។ ស្របពេលក្រុមអាជ្ញាធរ និងក្រុមអង្គការមិនមែនរដ្ឋាភិបាល បានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះ និងផ្ដល់ជំនួយ ដោយព្រមានថា តំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់។យោងតាមអង្គការ WFP ខេត្ត បាឡាន (Baghlan) ភាគខាងជើង គឺជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមនុស្សជាង ៣០០ នាក់បានស្លាប់នៅក្នុងខេត្តនេះតែមួយគត់ ហើយផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង ត្រូវបានបំផ្លាញ ឬខូចខាត ។ លោក រ៉ាណា ឌើរ៉ាស់ (Rana Deraz) មន្ត្រីទំនាក់ទំនងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មាន AFP ថា តាមព័ត៌មានបច្ចុប្បន្ន នៅក្នុងខេត្ត បាឡាន មានអ្នកស្លាប់ចំនួន ៣១១នាក់ លំនៅឋានចំនួន២.០១១ ខ្នងត្រូវបានបំផ្លាញ និងផ្ទះចំនួន២.៨០០ ខ្នងត្រូវបានខូចខាត៕

កូរ៉េខាងត្បូង ងាកទៅជួលគ្រូពេទ្យបរទេស ខណៈកូដកម្មវេជ្ជសាស្ត្រអូសបន្លាយ

2024/05/10 08:44:35 pm        256
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ (១០ ឧសភា) នេះថា ប្រទេសនេះនឹងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបរទេសធ្វើការនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន បន្ទាប់ពីដំណើរការពិនិត្យយ៉ាងម៉ត់ចត់មួយ ខណៈដែលការធ្វើកូដកម្មរយៈពេលជាច្រើនខែដោយក្រុមគ្រូពេទ្យហាត់ការ មិនបង្ហាញសញ្ញាធូរស្រាល។ គ្រូពេទ្យរាប់ពាន់នាក់ បានឈប់ធ្វើការនៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីតវ៉ាចំពោះគម្រោងរបស់រដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតបន្ថែមទៀត ដែលបង្កឱ្យមានភាពចលាចលក្នុងមន្ទីរពេទ្យ។រដ្ឋាភិបាលដែលបានផ្តល់សម្បទានមួយចំនួនរួចហើយនៅក្នុងសំណើបញ្ចប់ការប្រឈមមុខដាក់គ្នានោះ បាននិយាយនៅសប្តាហ៍នេះថា វេជ្ជបណ្ឌិតដែលមានអាជ្ញាប័ណ្ណវេជ្ជសាស្ត្របរទេសនឹងត្រូវបានអនុញ្ញាតឱ្យអនុវត្តការងារនៅក្នុងប្រទេសនេះក្នុងគោលបំណងដើម្បីបន្ធូរបន្ថយការរំខានដល់សេវាកម្ម។រដ្ឋាភិបាលត្រូវបានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាជាមួយវេជ្ជបណ្ឌិតហាត់ការ ដែលបានបដិសេធមិនត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យរបស់ពួកគេវិញ បើទោះបីជាក្រសួងសុខាភិបាលកាលពីខែមុន បានយល់ព្រមកាត់បន្ថយផ្នែកខ្លះនៃកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត ដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៥ ក៏ដោយ។វេជ្ជបណ្ឌិតដែលធ្វើកូដកម្មបានច្រានចោលការផ្តល់ជូននេះ ដោយទាមទារឱ្យលុបចោលទាំងស្រុងនូវផែនការបង្កើនចំនួននិស្សិតពេទ្យបន្ថែមទៀត ដែលរដ្ឋាភិបាលនិយាយថាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងកង្វះខាត និងការថែទាំប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សនេះ៕

UNHCR៖ ជនភៀសខ្លួនស៊ូដង់ខាងត្បូង១,៣ លាននាក់ ត្រឡប់ទៅលំនៅឋានវិញ

2024/05/10 07:29:34 pm        198
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនភៀសខ្លួនស៊ូដង់ខាងត្បូង ប្រហែល ១,៣៣លាននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញដោយខ្លួនឯង ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលបានស្តារឡើងវិញក្នុងខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។អង្គការ UNHCR បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយនៅទីក្រុង Juba រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងថា ការវិលត្រឡប់ទៅវិញរបស់ប្រជាជនស៊ូដង់ខាងត្បូង ៤៥.៤២៩នាក់ ត្រូវបានផ្ទៀងផ្ទាត់ និងរាយការណ៍នៅក្នុងខែមីនា ដែលមាន១២ភាគរយច្រើនជាងកាលពីខែកុម្ភៈ។ អង្គការនេះ បានសន្មតថាមានការកើនឡើងចំពោះភាពអសន្តិសុខ នៅក្នុងប្រទេសទៅសុំសិទ្ធិជ្រកកោន ជាពិសេសនៅក្នុងប្រទេសស៊ូដង់ បានជួបអសន្តិសុខស្បៀង រួមទាំងការកាត់បន្ថយអាហារូបត្ថម្ភ និងកង្វះការងារ ព្រមទាំងឱកាសក្នុងការចិញ្ចឹមជីវិត។យោងតាមអង្គការ UNHCR បានឲ្យដឹងថា ភាគច្រើននៃអ្នកវិលត្រឡប់ទៅវិញកាលពីខែមីនា មកពីប្រទេសស៊ូដង់ និងប្រទេសអេត្យូពី។គិតត្រឹមថ្ងៃទី៣១ ខែមីនា អង្គការ UNHCR បានរាយការណ៍អំពីជនភៀសខ្លួនស៊ូដង់ខាងត្បូង ចំនួន២,២ លាននាក់ នៅក្នុងតំបន់ ដែលរួមមានប្រទេសកេនយ៉ា អ៊ុយហ្គង់ដា ស៊ូដង់ អេត្យូពី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

បុគ្គលិកនៅអាហ្សង់ទីន ធ្វើកូដកម្មប្រឆាំងកំណែទម្រង់របស់ប្រធានាធិបតី Milei

2024/05/10 07:26:23 pm        257
សហជីពនានានៅប្រទេសអាហ្សង់ទីន បានធ្វើកូដកម្មទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងវិធានការរឹតត្បិតថវិកាតឹងរ៉ឹង និងកំណែទម្រង់តាមផែនការធ្វើឡើងដោយប្រធានាធិបតីសេរីនិយមថ្មី លោក ចាវីអឺ មីឡេ(Javier Milei) ដែលជំរុញកាត់បន្ថយការចំណាយដើម្បីធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព ប៉ុន្តែបានរារាំងដល់សេដ្ឋកិច្ចពិតប្រាកដ។ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានឃើញការដឹកជញ្ជូនសាធារណៈ វិស័យកិនគ្រាប់ធញ្ញជាតិសំខាន់ៗ ផ្សារទំនើប អាកាសយានដ្ឋាន និងធនាគារ បានផ្អាក រយៈពេល២៤ម៉ោង ខណៈសហជីពធំៗភាគច្រើន បានចូលរួមក្នុងសកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាល។ កូដកម្មនេះ ត្រូវបានគេមើលឃើញថាជើងហោះហើរក៏ត្រូវបានផ្អាក កំពង់ផែមិនដំណើរការ ហើយសាលារៀននិងសាកលវិទ្យាល័យនៅបើកទ្វារមួយចំនួនប៉ុណ្ណោះ។ ទីផ្សារនានា បានកាត់បន្ថយសកម្មភាពកាលពីថ្ងៃព្រហស្បតិ៍ ខណៈធនាគារនៅតែបិទ ដោយសារបុគ្គលិករបស់ពួកគេធ្វើកូដកម្ម។រដ្ឋាភិបាល បានរិះគន់កូដកម្មនេះថាមិនសមហេតុផល និងបាននិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដែលចង់ធ្វើការ។លោក Milei ជាសេដ្ឋវិទូ និងជាអតីតអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីឆ្នាំមុន ដោយសន្យាថានឹងជួសជុលស្លាកស្នាមនៃវិបត្តិសេដ្ឋកិច្ច នៅក្រោមរដ្ឋាភិបាលមុនៗ ដែលនាំឱ្យអស់ទុនបម្រុង និងអតិផរណាកើនឡើងដល់តួលេខបីខ្ទង់។ មនុស្សជាច្រើននៅក្នុងប្រទេសអាហ្សង់ទីន នៅតែគាំទ្រផែនការរបស់លោក បន្ទាប់ពីមានភាពចលាចលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណា ជំហរគាំទ្រទីផ្សាររបស់លោក និងវិធានការរឹតត្បិតថវិកាដ៏តឹងរ៉ឹង បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ខែពិតប្រាកដរបស់ប្រជាជន ដោយបានជំរុញឱ្យមានកម្រិតនៃភាពក្រីក្រខ្ពស់ កើតមានរួចទៅហើយ។

អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេងដែលមានចម្ងាយ ៧៤៦ម៉ាយ ក្នុងប្រទេសរុស្ស៊ី

2024/05/10 07:16:13 pm        345
អ៊ុយក្រែន បានបំបែកឯកទក្តកម្មជាមួយនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដោយវាយចំគោលដៅចម្ងាយ ៧៤៦ ម៉ាយពីព្រំដែន។ប្រភពការពារជាតិអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយយានដ្រូនដែលបានត្រូវចំរោងចក្រចម្រាញ់ប្រេង នៅក្នុងសាធារណៈរដ្ឋ បាស្កត់តូស្ថាន ( Bashkortostan) របស់រុស្ស៊ី គឺជាការងាររបស់សេវាសន្តិសុខ SBU ហើយត្រូវបានអនុវត្តនៅក្នុង«កំណត់ត្រានៃការវាយប្រហាររយៈចម្ងាយឆ្ងាយ»នេះ។ប្រភពនោះ បានបន្ថែមថា យានដ្រូននឡ ហោះបានចម្ងាយសរុប ១.៥០០ គីឡូម៉ែត្រ។ប្រភពដដែល បានអះអាងថា សេវាសន្តិសុខ SBU បានបង្ហាញជាថ្មីម្តងទៀតថា ខ្លួនមានដំណោះស្រាយផ្នែកបច្ចេកវិជ្ជាដ៏សំខាន់ដែលជួយក្នុងការវាយលុកដ៏ខ្លាំងក្លាទៅលើសត្រូវ»។មុននេះ សេវាសន្តិសុខ បានរាយការណ៍ថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារឃ្លាំងស្តុកប្រេងចំនួនពីរ ក្នុងប្រទេសរុស្ស៊ី បណ្តាលឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។មន្ត្រីចារកម្មអ៊ុយក្រែនម្នាក់ បាននិយាយថា ឃ្លាំងស្តុកប្រេង ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលដឹកជញ្ជូន ដើម្បីផ្គត់ផ្គង់កងទ័ព នៅក្នុងឧបទ្វីបគ្រីម៉េដែលកាន់កាប់ដោយរុស្ស៊ី នៅក្បែរនោះ។

សហរដ្ឋអាមេរិក បារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពប្រឆាំងនឹងបាតុករនៅប្រទេសហ្ស៊កហ្ស៊ី

2024/05/10 06:36:32 pm        243
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) ថា សហរដ្ឋអាមេរិក មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះចំណាត់ការប្រឆាំងនឹងក្រុមបាតុករដែលតវ៉ានឹងសេចក្តីព្រាងច្បាប់នៅប្រទេសហ្ស៊កហ្ស៊ី ហើយរដ្ឋាភិបាលគួរតែផ្លាស់ប្តូរទិសដៅរបស់ខ្លួន ។លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយថា «យើងបានដឹងពីកំណើនរបាយការណ៍នៃការយាយី និងការវាយដំលើរាងកាយរបស់ក្រុមសង្គមស៊ីវិល និងសកម្មជន និងអ្នកសារព័ត៌មាននៅក្នុងការតវ៉ានោះ។ យើងថ្កោលទោសចំពោះរឿងនេះ ហើយយើងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យពេញលេញ និងទាន់ពេលវេលា»។កងកម្លាំងសន្តិសុខហ្ស៊កហ្ស៊ី បានប្រើប្រាស់ម្តងហើយម្តងទៀតនូវឧស្ម័នបង្ហូរទឹកភ្នែក ស្ព្រេយម្រេច និងកាណុងបាញ់ទឹកប្រឆាំងនឹងបាតុករ ដែលបានធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃអស់រយៈពេលប្រហែលមួយខែ ប្រឆាំងនឹងច្បាប់ «ភ្នាក់ងារបរទេស» របស់រដ្ឋាភិបាល។ក្រុមបាតុករនិយាយថា ច្បាប់នេះមានលក្ខណៈផ្តាច់ការ និងត្រូវបានបំផុសគំនិតដោយច្បាប់ស្រដៀងគ្នានៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានប្រើដើម្បីទប់ស្កាត់ការមិនពេញចិត្តនៅទីនោះ។ សេវាសន្តិសុខរដ្ឋរបស់ហ្ស៊កហ្ស៊ី កាលពីថ្ងៃពុធ បានចោទប្រកាន់អ្នករៀបចំការតវ៉ាថាព្យាយាមដណ្តើមអំណាចតាមរយៈអំពើហិង្សា ហើយបានព្រមានប្រជាជនមិនឱ្យចូលរួមក្នុងការតវ៉ា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារជាតិ ជួបសំណេះសំណាលសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
09/11/2026 07:09 PM
លោក Bessent៖ រដ្ឋបាលលោក Trump នឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ នៅថ្ងៃទី១៤ ខែកញ្ញា
09/11/2026 07:09 PM
អភិបាលក្រុង៖ ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើស្ថានីយប្រេងនៅក្រុងគីវ សម្លាប់មនុស្ស ២នាក់និង ៤នាក់ រងរបួស
09/11/2026 06:09 PM
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
09/11/2026 06:09 PM
កម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចនិងសេដ្ឋកិច្ចពីសំណល់គ្រាប់បែកចង្កោមនៃការឈ្លានពានថៃ
09/11/2026 06:09 PM
UN៖ មនុស្សយ៉ាងតិច ៤៦.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដែលកំពុងកើនឡើងខ្លាំងនៅយេម៉ែន
09/11/2026 06:09 PM
បេសកជនប៉ាគីស្ថាន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅខ្វះឆន្ទៈក្នុងការដោះស្រាយជម្លោះ
09/11/2026 06:09 PM
មេដឹកនាំ​រង​របស់​កោះតៃវ៉ាន់ ធ្វើ​ទស្សនកិច្ចដ៏កម្រ នៅ​អឺរ៉ុប ដើម្បីចូលរួមវេទិកាប្រជាធិបតេយ្យ នៅអ៊ីតាលី
09/11/2026 06:09 PM
សុន្ទរកថារបស់លោក Vance នៅ​ឯ​សន្និបាតគណ​បក្សសាធារណរដ្ឋ ត្រូវរំខានដោយការ​គ្រវីទង់ជាតិម៉ិកស៊ិក
09/11/2026 06:09 PM
ជប៉ុនទាមទារឱ្យកែប្រែផែនទីពិភពលោកថ្មីរបស់ UN ដែល​បង្ហាញកោះមានជម្លោះជា​ផ្នែក​របស់​រុស្ស៊ី​
09/11/2026 05:09 PM