ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ

សន្តិសុខ និង សង្គម

តុលាការក្រុងហុងកុង ហាមប្រាមចម្រៀងតវ៉ា ដោយនិយាយថា វាអាចប្រើជាអាវុធ

2024/05/09 07:03:03 pm        104
សាលាឧទ្ធរណ៍ទីក្រុងហុងកុង កាលពីថ្ងៃពុធ (០៨ ឧសភា) បានអនុម័តលើការស្នើសុំដោយរដ្ឋាភិបាលដើម្បីហាមឃាត់បទភ្លេង ឬចម្រៀងនៃការតវ៉ា ដែលហៅថា «សិរីល្អដល់ហុងកុង» (Glory to Hong Kong) ដោយលុបចោលសាលក្រមរបស់តុលាការជាន់ទាប ដែលបានច្រានចោលការហាមឃាត់បែបនេះ ដោយសារតែ «ឥទ្ធិពលមិនល្អ» លើសិទ្ធិបញ្ចេញមតិដោយសេរី។សេចក្តីសម្រេចនេះ កើតឡើងស្របពេលដែលក្រុមអ្នករិះគន់និយាយថា ជាការធ្លាក់ចុះនៃនីតិរដ្ឋរបស់ហុងកុង និងសិទ្ធិបុគ្គល ក្នុងពេលមានការបង្ក្រាបផ្នែកសន្តិសុខដោយទីក្រុងប៉េកាំង ដែលបានមើលឃើញអ្នកប្រជាធិបតេយ្យប្រឆាំងជាច្រើននាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ និងបិទប្រព័ន្ធផ្សព្វផ្សាយសេរី។ករណីនេះមានផលប៉ះពាល់ដល់សេរីភាពអ៊ីនធឺណិត និងប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងប្រតិបត្តិករវេទិកាអ៊ីនធឺណិត (IPO) និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា ហ្គូលហ្គល (Google) ជាដើម។ បណ្ដាចៅក្រមសាលាឧទ្ធរណ៍ដូចជា លោក ចេរ៉េមី ភូន (Jeremy Poon) លោកស្រី ខាលី ឆូ (Carlye Chu) និងលោកស្រី អាន់ធា ផាង (Anthea Pang) បានសម្រេចថា អ្នកនិពន្ធបទចម្រៀងតវ៉ានេះ មានគោលបំណងប្រើវាជាអាវុធ ដើម្បីដាស់មនោសញ្ចេតនាប្រឆាំងនឹងការបង្កើតឡើងនៃក្រុងហុងកុង។ទីក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភជុំវិញការលុបបំបាត់សិទ្ធិមនុស្សនៅហុងកុង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃដដែលនោះថា បម្រាមនេះគឺជា «ការវាយប្រហារចុងក្រោយបំផុតចំពោះកេរ្តិ៍ឈ្មោះអន្តរជាតិនៃទីក្រុងដែលពីមុនមានមោទនភាពចំពោះការបង្កើតតុលាការឯករាជ្យរបស់ខ្លួន»៕

បណ្តាញអគ្គិសនីរបស់អ៊ុយក្រែន រងការវាយប្រហារតាមអាកាសដ៏ធំបំផុតពីរុស្ស៊ី

2024/05/09 06:45:14 pm        164
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ជាង ១០ ទីតាំងកាលពីថ្ងៃពុធ (០៨ ឧសភា) ដោយបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅរោងចក្រថាមពលកម្ដៅសម័យសូវៀត ចំនួនបីកន្លែង និងមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន។កងទ័ពអាកាសរបស់អ៊ុយក្រែន និយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ៣៩ គ្រាប់ក្នុងចំណោម ៥៥ គ្រាប់ និងយានដ្រូនចំនួន ២០ គ្រឿងក្នុងចំណោម ២១ គ្រឿងដែលប្រើសម្រាប់ការវាយប្រហារ ដែលដាក់សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធថាមពលអ៊ុយក្រែន រយៈពេលជាង ២ ឆ្នាំ បន្ទាប់ពីរុស្ស៊ី បានបើកការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួន។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ គ្លីមិនខូ (Ihor Klymenko) បាននិយាយថា មនុស្សពីរនាក់ បានរងរបួសនៅក្នុងតំបន់នៃរដ្ឋធានីគីវ និងម្នាក់ទៀតរងរបួសនៅក្នុងតំបន់ គីរ៉ូវ៉ូរ៉ាដ (Kirovohrad) ហើយក្រុមជួយសង្គ្រោះប្រហែល ៣៥០ នាក់បានខិតខំកាត់បន្ថយទំហំនៃការខូចខាតដល់បរិក្ខារថាមពល លំនៅឋាន រថយន្តដឹកជញ្ជូនសាធារណៈ រថយន្ត និងស្ថានីយ៍ពន្លត់អគ្គិភ័យជាដើម។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានវាយប្រហារលើអគារឧស្សាហកម្មយោធា និងឧស្សាហកម្មថាមពលរបស់អ៊ុយក្រែន ជាការសងសឹកចំពោះការវាយប្រហាររបស់ទីក្រុងគីវ ទៅលើរោងចក្រថាមពលរុស្ស៊ី៕

ភ្លៀងធ្លាក់ខ្លាំងរំខានដល់ការជួយសង្គ្រោះក្នុងទឹកជំនន់ប្រេស៊ីល ខណៈអ្នកស្លាប់ឡើងដល់ ១០០ នាក់

2024/05/09 03:18:17 pm        110
អាជ្ញាធរបានបង្អាក់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅភាគខាងត្បូងប្រទេសប្រេស៊ីល ដែលរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃពុធ (០៨ ឧសភា) ស្របពេលមានភ្លៀងធ្លាក់កាន់តែច្រើន និងហានិភ័យនៃរន្ទះ និងខ្យល់បក់ខ្លាំងដែលគំរាមកំហែងដល់គ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០ នាក់រួចមកហើយ និងធ្វើឱ្យមនុស្សជាង ១៦៣.០០០ នាក់មិនមានផ្ទះសម្បែង ហើយកំពុងស្វែងរកទីជម្រក។ទឹកជំនន់ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បានបំផ្លាញផ្លូវហាយវេ និងស្ពាននៅក្នុងរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន។ អាជ្ញាធរការពារស៊ីវិលរបស់រដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២៨ នាក់នៅតែបាត់ខ្លួន ដោយបានជំរុញឱ្យប្រជាជនដែលរស់នៅជិតបឹង ប៉ាទូស (Patos) ភាគខាងត្បូងនៃទីក្រុង ព័រតូ អាលេហ្ក្រេ (Porto Alegre) ចាកចេញពីលំនៅឋានរបស់ពួកគេជាបន្ទាន់។ទាហានបានប្រើរថពាសដែកដើម្បីជួយសង្គ្រោះប្រជាជនពីការជន់លិចក្នុងតំបន់ កាណូអាស (Canoas) ភាគខាងជើងនៃទីក្រុង ជាទីដែលទឹកបានឈានដល់ជម្រៅប្រហែល ៣ ម៉ែត្រ ហើយផ្លូវថ្នល់អាចធ្វើដំណើរបានដោយប្រើទូកប៉ុណ្ណោះ។មជ្ឈមណ្ឌលជាតិសម្រាប់គ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសប្រេស៊ីល បានព្រមានថាតំបន់ភាគខាងត្បូងនៃរដ្ឋ រីអូ ក្រានដេ ដូស៊ុល ស្ថិតនៅក្រោម «ហានិភ័យខ្ពស់» នៃទឹកជំនន់បន្ថែមទៀត ដោយភ្លៀងធ្លាក់ខ្លាំងរំពឹងថានឹងចាប់ផ្តើមឡើងវិញបន្ទាប់ពីការផ្អាកមួយរយៈ៕

តំបន់ Midwest ជាប់គាំង ដោយសារព្យុះ ខណៈព្យុះគួច វាយបោកបក់លើរដ្ឋ Michigan

2024/05/08 09:08:05 pm        101
ព្យុះកម្លាំងខ្លាំង បានវាយបោកបក់ឆ្លងកាត់រដ្ឋនានា នៅតំបន់ Midwest កាលពីថ្ងៃអង្គារ បង្កឲ្យមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងសន្ទុះខ្យល់ខ្លាំង ព្រមទាំងព្យុះកួច វាយបោកបក់លើតំបន់នេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថាព្យុះកួចជាច្រើន បានវាយបោកបក់នៅភាគខាងត្បូងរដ្ឋ Michigan សហរដ្ឋអាមេរិកពេញមួយថ្ងៃ បណ្តាលឱ្យខូចខាតដល់អគារជាច្រើនខ្នង ប៉ុន្តែពុំមានអ្នកស្លាប់ ឬរងរបួស ត្រូវបានរាយការណ៍នោះទេ។រលកនៃអាកាសធាតុមិនអំណោយផលខ្លាំងនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះកួច បានវាយបោកបក់ទៅលើរដ្ឋអូក្លាហូម៉ា កាលពីថ្ងៃមុន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់បបានស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស។របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានពិពណ៌នាអំពីការខូចខាតយ៉ាងខ្លាំងដល់លំនៅឋាន និងព្យុះរំលើងដើមឈើ នៅផ្នែកភាគឦសានរបស់រដ្ឋនេះ។

ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅកេនយ៉ា ឡើងដល់ ២៣៨នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅបន្ត

2024/05/08 07:55:33 pm        110
រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនមនុស្សដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី ដ៏មហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសកេនយ៉ា ចាប់តាំងពីខែមីនាមក បានកើនឡើងដល់២៣៨នាក់ ហើយ៧៥នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។អ្នកនាំពាក្យរដ្ឋាភិបាល លោក អ៊ីសាក វ៉ាវរ៉ា(Isaac Mwaura) បាននិយាយថា មនុស្សប្រាំបីនាក់ បានបាត់បង់ជីវិតនៅក្នុងទឹកជំនន់ ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។លោក Mwaura បាននិយាយថា គ្រួសារចំនួន ៤៧.០០០គ្រួសារ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន ខណៈមនុស្សសរុបចំនួន ២៨៦.០១១នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងប្រទេស។ លោក និយាយថា រដ្ឋាភិបាលបានប្ដេជ្ញាការពារអាយុជីវិត អ្នកទាំងឡាយណាដែលរងផលប៉ះពាល់ ហើយកំពុងស្ថិតក្នុងដំណើរការរៀបចំទីកន្លែងស្នាក់នៅដើម្បីទទួលប្រជាជនភៀសខ្លួន។ទន្ទឹមនឹងនេះ ផ្នែកខ្លះរបស់ប្រទេសកេនយ៉ា នៅតែត្រូវបានកាត់ផ្តាច់ និងមិនអាចចូលទៅដល់បាន បន្ទាប់ពីផ្លូវ និងស្ពាន ត្រូវបានទឹកជំនន់បំផ្លាញ បណ្តាលឱ្យប្រជាជនរាប់ពាន់នាក់ ទទួលរងផលប៉ះពាល់ដល់អាជីវកម្មនៅទូទាំងប្រទេស និងកំពុងបង្ខំឱ្យមានការពន្យារពេលមិនកំណត់នៃការបើកសាលារៀនឡើងវិញ។លោក Mwaura បានណែនាំដល់ពលរដ្ឋទាំងអស់ដែលរស់នៅតាមច្រករបៀងមាត់ទន្លេ និងក្នុងរង្វង់ ៣០ ម៉ែត្រនៃទន្លេនៅទូទាំងប្រទេស ឱ្យចាកចេញជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវឲ្យជម្លៀសដោយបង្ខំ។មន្ត្រីរូបនេះ បាននិយាយឡើងវិញថា ក្រុមទីភ្នាក់ងារចម្រុះ ត្រូវបានដាក់ពង្រាយ និងកំពុងជួយសង្គ្រោះ និងចែកចាយស្បៀងអាហារ។

មេសា ជាខែក្តៅបំផុតក្នុងកំណត់ត្រា ខណៈបម្រែបម្រួលអាកាសធាតុរុញឱ្យមានរលកកម្ដៅខ្លាំងរយៈពេល១១ខែ

2024/05/08 07:36:57 pm        83
សេវាតាមដានបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ខូភើនីកាស (Copernicus)(C3S) បាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំខែមួយថា ពិភពលោកទើបតែជួបប្រទះខែមេសាដែលជាខែមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា ដោយបន្តរយៈពេល១១ខែ ដែលខែនិមួយៗ ត្រូវបានកត់ត្រាជាខែក្តៅបំផុតក្នុងកំណត់ត្រា។ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចមកហើយថា បម្រែបម្រួលអាកាសធាតុ បានបណ្តាលឱ្យមានអាកាសធាតុក្ដៅជាក់លាក់មួយនៅក្នុងខែមេសា រួមទាំងរលកកម្ដៅនៅតំបន់ហ្សាហេល (Sahel) របស់អាហ្វ្រិក ដែលពាក់ព័ន្ធទៅនឹងការស្លាប់មនុស្សរាប់ពាន់នាក់។រលកកម្ដៅទាំងនោះ ក៏បានជះឥទ្ធិពលដល់បណ្ដាប្រទេសនៅអាស៊ីផងដែរ ដោយរដ្ឋាភិបាលសម្រេចបិទសាលារៀននៅក្នុងប្រទេសហ្វីលីពីន និងកម្ពុជា ដើម្បីការពារសុខភាពសិស្ស ខណៈកម្ដៅក៏បានហក់ឡើងដល់កម្រិតដ៏គ្រោះថ្នាក់នៅទូទាំងប្រទេសឥណ្ឌា និងបង់ក្លាដែសក៏ដូចជាប្រទេសច្រើននៅអាស៊ី។ក្នុងរយៈពេល១២ ខែដែលកំណត់ថាខែមេសាជាខែក្ដៅបំផុត សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកគឺខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រយៈពេល ១២ ខែ គឺ១,៦១ អង្សាសេលើសពីកម្រិតមធ្យមភាគក្នុងសម័យមុនឧស្សាហកម្មឆ្នាំ ១៨៥០ ដល់ ១៩០០ ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដុតឥន្ធនៈហ្វូស៊ីលគឺជាមូលហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បាតុភូតអាកាសធាតុ អេល នីញ៉ូ (El Nino) ដែលធ្វើឲ្យផ្ទៃទឹកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតក្តៅខ្លាំង ក៏បានបង្កើនសីតុណ្ហភាពផងដែរ៕

ការប៉ះទង្គិចគ្នានិងការចាប់ខ្លួនអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន រីករាលដាលពាសពេញសាកលវិទ្យាល័យនៅអឺរ៉ុប

2024/05/08 06:29:58 pm        224
នគរបាល ក្នុងតំបន់ បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅក្នុងរដ្ឋធានីអាំស្ទែដាំ (Amsterdam) កាលពីថ្ងៃទី៧ខែឧសភា បន្ទាប់ពីនគរបាលបង្រ្កាបកុបកម្ម បានបំបែកហ្វូងមនុស្សដោយហិង្សា លើជំរំមួយនៅក្នុងសាកលវិទ្យាល័យមួយកន្លែង ។ នគរបាលបានប្រើដំបងទប់ទល់នឹងការកញ្ជ្រោលរបស់ក្រុមអ្នកតវ៉ា កំពុងបិទផ្លូវជុំវិញបរិវេណរបស់សាកលវិទ្យាល័យនោះ ដែលព្យាយាមរុលទៅជិតវិមានរបបប្រល័យពូជសាសន៍ហូឡូកូស(Holocaust Monumen) របស់អឺរ៉ុប ។កាលពីព្រឹកថ្ងៃអង្គារ ហ្វូងមនុស្សប់រយនាក់ បានប្រមូលផ្ដុំគ្នា ស្រែកពាក្យស្លោក ប្រឆាំងនឹងសង្គ្រាម នៅក្នុងដែនដីហ្កាហ្សា និងថ្កោលទោសប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលនៅតែបន្ត។ នគរបាល បានប្រើគ្រឿងចក្រឈូសឆាយរនាំងនៅសាកាលវិទ្យាល័យអាំស្ទែដាំ កាលពីព្រឹកថ្ងៃអង្គារ និងបានចាប់ឃុំខ្លួនមនុស្សចំនួន១៤០នាក់ដែលពេលខ្លះមានការប៉ះទង្គិចគ្នាដោយហឹង្សា ទៀតផង ។ នៅក្នុងប្រទេសបារាំងវិញ បាតុករជានិសិ្សតជាច្រើន ចេញតវ៉ានៅមុខសាកលវិទ្យា Sciences Po University ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី៧ខែឧសភា រិះគន់ការវាយប្រហារនាពេលថ្មីៗរបស់អ៊ីស្រាអែល និងការកាត់ផ្ដាច់ផ្លូវនាំជំនួយមនុស្សធម៌ដ៏សំខាន់ចូលទៅក្នុងទីក្រុងរ៉ាហ្វា។ ចំណែកនៅចក្រភពអង់គ្លេសវិញ ក្រុមនិស្សិតនៅសាកលវិទ្យាល័យ Oxford បានបោះជំរំនៅក្នុងបរិវេណសាកលវិទ្យាល័យនេះជាការបង្ហាញការគាំទ្រចំពោះពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារសម្លាប់មនុស្សរាប់ម៉ឺននាក់នៅហ្កាហ្សាក្រោមស្នាដៃរបស់អ៊ីស្រាអែល។ ការតវ៉ារបស់និស្សិតប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែល និងការទាមទារឲ្យសាកលវិទ្យានានា កាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល បានចាប់ផ្ដើម រីកសាយទូទាំងអឺរ៉ុប ហើយបច្ចុប្បន្នចលនានិស្សិតតវ៉ា នៅតែបន្តទូទាំងសហរដ្ឋអាមេរិក៕

បុរសបីនាក់ ដែលត្រូវចោទពីបទឃាតកម្មមេដឹកនាំសាសនាស៊ីក បង្ហាញខ្លួននៅតុលាការកាណាដា

2024/05/08 06:05:38 pm        206
បុរសបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតមេដឹកនាំសាសនាស៊ីក សញ្ជាតិកាណាដា លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) កាលពីឆ្នាំមុន នៅក្នុងហេតុការណ៍ដែលបង្កឱ្យមានវិបត្តិការទូតរវាងកាណាដា និងឥណ្ឌា បានបង្ហាញខ្លួននៅក្នុងបន្ទប់សវនាការនៅខេត្តប្រ៊ីដធីស កូឡំប៊ី (British Columbia) កាលពីថ្ងៃអង្គារ (០៧ ឧសភា)។ជនជាប់ចោទទីមួយឈ្មោះ ខារ៉ានព្រីត ស៊ីញ (Karanpreet Singh) វ័យ ២៨ ឆ្នាំ ជនល្មើសទីពីរឈ្មោះ ខាម៉ាលព្រីត ស៊ីញ (Kamalpreet Singh) វ័យ ២២ ឆ្នាំ និងទីបីឈ្មោះ ខារ៉ាន ប្រា (Karan Brar) វ័យ ២២ ឆ្នាំ ដែលជាជនជាតិឥណ្ឌាទាំងអស់ ប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ និងការសមគំនិតក្នុងអំពើឃាតកម្ម។ អ្នកទាំងបីបានបង្ហាញខ្លួនតាមវីដេអូពាក់ឯកសណ្ឋានពន្ធនាគារពណ៌ទឹកលឿងទុំ។អតីតមេដឹកនាំសាសនាស៊ីក លោក នីចា វ័យ ៤៥ ឆ្នាំត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា នៅខាងក្រៅវិហារស៊ីក ក្នុងតំបន់ សើរ៉េយ (Surrey) ជាយក្រុង វេនខូវើ (Vancouver) ដែលមានប្រជាជនកាន់សាសនាស៊ីកជាច្រើន។ ប៉ុន្មានខែក្រោយមក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានធ្វើឱ្យមានវិបត្តិការទូតជាមួយទីក្រុង ញូវដេលី នៅពេលដែលលោកបានលើកឡើងពីភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការស្លាប់របស់លោក នីចា។នគរបាលកាណាដា បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតថាតើជនជាប់ចោទទាំងបីនាក់នោះមានទំនាក់ទំនងនឹងរដ្ឋាភិបាលឥណ្ឌា ដែរឬយ៉ាងណា ខណៈឥណ្ឌា បានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់នោះទេ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar) បាននិយាយថា ឥណ្ឌានឹងរង់ចាំនគរបាលកាណាដា ចែករំលែកព័ត៌មានអំពីជនជាប់ចោទទាំងបីនាក់នោះ៕

ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការប្រមូលផ្ដុំតវ៉ាគាំទ្រប៉ាឡេស្ទីន នៅប្រទេសក្រិក

2024/05/08 06:00:45 pm        271
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាល និងក្រុមបាតុករអំឡុងពេលបាតុកម្មគាំទ្រប៉ាឡេស្ទីន នៅកណ្តាលក្រុងអាថែន កាលពីថ្ងៃអង្គារ (០៧ ឧសភា) មួយថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការជើងគោក និងផ្លូវអាកាសនៅក្នុងផ្នែកភាគខាងកើតក្រុង រ៉ាហ្វា ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។មនុស្សជាង ៣០០ នាក់ ដែលកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលសរសេរថា «កុំប៉ះពាល់ក្រុងរ៉ាហ្វា!» បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភាក្នុងរដ្ឋធានីក្រិក។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករមួយក្រុមតូចដែលបានឡើងតាមទ្វារស្ថានទូតអេហ្ស៊ីប ទល់មុខសភា ហើយការប៉ះទង្គិចគ្នានេះមានរយៈពេលខ្លីប៉ុណ្ណោះ។អ្នកតវ៉ាម្នាក់បាននិយាយថា «ពួកយើងនៅទីនេះក្នុងសាមគ្គីភាពជាមួយអ្នកស្រុកហ្កាហ្សា ហើយយើងនឹងឆ្លើយតបគ្រប់ពេលដែលប៉ាឡេស្ទីនអំពាវនាវសម្រាប់សាមគ្គីភាព»។ ក្រសួងសុខាភិបាលរបស់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ ថាយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៣៤.៧៨៩ នាក់ត្រូវបានសម្លាប់ និងមនុស្ស ៧៨.២០៤ នាក់បានរងរបួសនៅក្នុងសង្គ្រាមរយៈពេលប្រាំពីរខែ។សង្គ្រាមដ៏បង្ហូរឈាមនេះបានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់មនុស្សប្រហែល ២៥០ នាក់ទៀត ដែលក្នុងនោះមនុស្ស ១៣៣ នាក់ត្រូវបានគេជឿថានៅតែជាប់ជាចំណាប់ថ្នូររបស់ក្រុមហាម៉ាស៕

ក្រុមហាម៉ាស ព្រមានមិនធ្វើកិច្ចព្រមព្រៀងឈប់បាញ់ បើអ៊ីស្រាអែល បន្តវាយប្រហារលើហ្កាហ្សា

2024/05/08 05:42:41 pm        275
មន្ត្រីក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បានព្រមានកាលពីថ្ងៃអង្គារ (០៧ ឧសភា) ថាប្រសិនបើការឈ្លានពានយោធារបស់អ៊ីស្រាអែល នៅតែបន្តនៅក្នុងទីក្រុង រ៉ាហ្វា (Rafah) នោះនឹងមិនមានកិច្ចព្រមព្រៀងឈប់បាញ់ទេ។ការអត្ថាធិប្បាយរបស់លោក ហាមដាន ត្រូវបានធ្វើឡើងក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងទីក្រុងបេរ៉ូត ខណៈគណៈប្រតិភូមកពីក្រុមហាម៉ាស ដែលជាក្រុមគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានទៅដល់ទីក្រុងគែរ ពីទីក្រុងដូហា ដើម្បីបន្តការចរចាបទឈប់បាញ់ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហាម៉ាស។លោក ហាមដាន បាននិយាយថា «យើងបញ្ជាក់ថា ប្រសិនបើអ៊ីស្រាអែល អនុវត្តប្រតិបត្តិការយោធានៅក្រុងរ៉ាហ្វា នោះនឹងជារឿងអាក្រក់សម្រាប់កងទ័ពអ៊ីស្រាអែល»។ លោកបានបន្ថែមថា «គ្រប់យ៉ាងគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក ណេតាន់យ៉ាហ៊ូ ហើយសំណើបទឈប់បាញ់ចុងក្រោយដែលក្រុមហាម៉ាសបានយល់ព្រម តំណាងឱ្យភាពអប្បបរមាដែលឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជនប៉ាឡេស្ទីន និងក្រុមហាម៉ាស»។កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធកាន់កាប់ច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់រវាងអេហ្ស៊ីប និងភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ ដោយបានបិទផ្លូវជំនួយដ៏សំខាន់មួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលប្រជាជនជាង ១ លាននាក់កំពុងស្ថិតក្នុងភាពអត់ឃ្លានរួចទៅហើយនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា
10/28/2026 12:10 PM
លោកTrump៖ លោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកប្រសិនបើមានភាពត្រឹមត្រូវ
10/28/2026 12:10 PM
លោក Netanyahu៖ ក្រុមចម្រុះរបស់លោកទទួលបានសំឡេងភាគច្រើនដាច់ខាត ហើយអំពាវនាវឱ្យ បង្កើតរដ្ឋាភិបាលជាតិស្តាំនិយម
10/28/2026 12:10 PM
អ្នកបោះឆ្នោតបក្សប្រឆាំង នឹងមិនអត់ទោសឱ្យលោក Eisenkot ឡើយប្រសិនបើលោកចូលរួមជាមួយបក្ស Likud
10/28/2026 12:10 PM
លោកTrump មានចំណាត់ការលុបចោលនិយ័តកម្មឧស្ម័នមេតានសម្រាប់ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នអាមេរិក
10/28/2026 12:10 PM
ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
10/28/2026 12:10 PM
យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង ត្រៀម​ខ្លួន​ចូល​ហ្វឹកហ្វឺន​នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ
10/28/2026 11:10 AM
ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង
10/28/2026 11:10 AM
កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
10/28/2026 10:10 AM
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
10/28/2026 10:10 AM