សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

សន្តិសុខ និង សង្គម

រលកកម្តៅវាយប្រហារប្រទេសបង់ក្លាដែស ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩

2024/05/02 06:13:26 pm        131
ប្រទេសបង់ក្លាដែស បានបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួននៅឆ្នាំនេះ ខណៈដែលរលកកម្ដៅបានបោកបក់ផ្នែកធំៗជាច្រើននៃប្រទេសអាស៊ីខាងត្បូងមួយនេះ។ យោងតាមនាយកដ្ឋានឧតុនិយមបង់ក្លាដែស (BMD) បានឱ្យដឹងថា សីតុណ្ហភាពបានកើនឡើងដល់ ៤៣,៨ អង្សាសេកាលពីថ្ងៃអង្គារ នៅក្នុងសង្កាត់ ជេសស័រ (Jessore) ភាគនិរតីរបស់ប្រទេស ដែលជាកំណត់ត្រាមួយចាប់តាំងពីឆ្នាំ១៩៨៩ មក។សីតុណ្ហភាពនៅក្រុងដាកា បានឡើងដល់ ៤០,៥ អង្សាសេ សម្រាប់ថ្ងៃទី២ ជាប់គ្នាកាលពីថ្ងៃអង្គារ។ យោងតាមទិន្នន័យនាយកដ្ឋានឧតុនិយម BMD សីតុណ្ហភាពអតិបរិមានៅក្រុងដាកា មានប្រហែល ៤០ អង្សាសេក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។ក្រុង ដាកា បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមួយនៅកម្រិត ៤០,៦ អង្សាសេកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរដ្ឋធានីបង់ក្លាដែស មួយនេះក្នុងរយៈពេល ៥៨ ឆ្នាំ។ យ៉ាងហោចណាស់មនុស្ស ១០ នាក់ រួមមានបុរស ៨ នាក់ និងស្ត្រី ២ នាក់ បានស្លាប់ក្នុងពេលត្រឹមតែមួយសប្តាហ៍នៅក្នុងប្រទេសនេះ ដោយសារតែកម្ដៅដ៏ក្តៅគគុក នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដោយបង្ហាញពីផលប៉ះពាល់នៃលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំងជាបន្តបន្ទាប់។បច្ចុប្បន្នប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងរលកកម្ដៅដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈសាលាបឋមសិក្សា និងមធ្យមសិក្សាត្រូវបានបញ្ជាឱ្យបិទរហូតដល់ថ្ងៃព្រហស្បតិ៍ (០២ ឧសភា) នេះ ដែលក៏អាចបន្តបិទទៀតបើអាកាសធាតុមិនបានធូរស្រាល៕

អង្គការ UNICEF បានព្រមានពីស្ថានភាពដ៏មហន្តរាយ បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា

2024/05/02 06:09:29 pm        85
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបានព្រមានថា ការវាយប្រហារដោយថ្មើរជើងរបស់កងទ័ពអ៊ីស្រាអែល ដែលបានគ្រោងទុកទៅលើតំបន់ រ៉ាហ្វា ភាគខាងត្បូងរបស់ដែនដីហ្កាហ្សា នឹងក្លាយជាមហន្តរាយ។នៅក្នុងអត្ថបទមួយចេញផ្សាយដោយសារព័ត៌មានប្រចាំថ្ងៃរបស់អង់គ្លេស The Guardian អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក ជែមស៍ អេលឌ័រ (James Elder)បាននិយាយថា លោកបានមើលឃើញ ទីបញ្ចុះសពថ្មីសុទ្ធតែក្មេងៗ នៅក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ លោកក៏បានថ្កោលទោសផងដែរចំពោះការដាក់គោលដៅរបស់អ៊ីស្រាអែលទៅលើបុគ្គលិកជំនួយមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីន។ លោកបាននិយាយថា កាលពីប៉ុន្មានសប្តាហ៍មុន ពិភពលោកបានថ្កោលទោសចំពោះការសម្លាប់បុគ្គលិកជំនួយ៧នាក់ក្នុងការវាយប្រហារតាមអាកាសលើក្បួនរថយន្តដឹកជំនួយផ្ទះបាយកណ្តាលពិភពលោក( World Central Kitchen )។ លោក អែលឌ័រ បាននិយាយថា តំបន់រ៉ាហ្វា ដែលអ៊ីស្រាអែលធ្លាប់បានអះអាងថា មានសុវត្ថិភាព និងជាទីដែលជនស៊ីវិលប្រហែល ១លាន៥សែននាក់ បានស្វែងរកកន្លែងជ្រកកោននោះ នឹងដួលរលំប្រសិនបើយោធាបើកការលុកលុយ។ ក្រោយមកលោកបានព្រមានក្រុមអាជ្ញាធរអ៊ីស្រាអែល កុំឲ្យឈ្លានពានដែលអាចបណ្ដាលឲ្យស្លាប់ជីវិតជនស៊ីជាច្រើនអ្នកទៀត។ លោកក៏បានចង្អុលបង្ហាញផងដែរ ថាកុមារប្រហែល ៦០០.០០០នាក់ កំពុងរស់នៅក្នុងទីក្រុងរ៉ាហ្វា ហើយថាទីនោះគឺជាផ្ទះដែលឥឡូវនេះជាមន្ទីរពេទ្យធំបំផុតបំផុតដែលនៅសេសសល់ ៕

មនុស្ស៦៣នាក់ ត្រូវបានចាប់ខ្លួននៅហ្ស៊កហ្ស៊ី អំឡុងការតវ៉ាប្រឆាំងសំណើច្បាប់ភ្នាក់ងារបរទេស

2024/05/02 06:06:38 pm        181
ក្រសួងមហាផ្ទៃរបស់ប្រទេសហ្ស៊កហ្ស៊ីបាននិយាយកាលពីថ្ងៃពុធទី១ឧសភាសប្ដាហ៍នេះ ថាមនុស្សជាង៦០នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ អំឡុងការប្រមូលផ្តុំមួយកាលពីយប់ថ្ងៃអង្គារនៅក្នុងរដ្ឋធានី ប៊ីលីស៊ី (Tbilisi) ប្រឆាំងនឹងសេចក្ដីស្នើច្បាប់ស្ដីពី ភ្នាក់ងារបរទេស ដ៏ចម្រូងចម្រាស។ សភាហ្ស៊កហ្ស៊ី កាលពីថ្ងៃពុធទី១ឧសភា បានអនុម័ត អំណានទី២នៃសេចក្ដីស្នើច្បាប់ស្ដីពីភ្នាក់ងារបរទេស ដែលត្រូវបានរិះគន់ថាជាគំនិតរបស់រុស្ស៊ី ខណៈនគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបោសសម្អាតក្រុមបាតុករប្រឆាំងសំណើច្បាប់នេះ។ ដោយនិយាយថា ក្រុមអ្នកតវ៉ាបានចាប់ផ្តើមប្រមូលផ្តុំនៅមុខសភាហ្ស៊កហ្ស៊ីនៅម៉ោង ៦ ល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក សេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើបាននិយាយថា ក្រុមអ្នកតវ៉ា បានចាប់ផ្តើមបិទផ្លូវចូល និងចេញក្រៅអគារសភា បន្ទាប់ពីម៉ោងប្រហែល ៩ យប់ម៉ោងក្នុងស្រុក ។ទោះបីជាមានការអំពាវនាវជាច្រើនដងដោយកងកម្លាំងនគរបាល ក៏ដូចជាសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ មិនឱ្យបិទអគាររដ្ឋបាល និងបន្តការតវ៉ាក្នុងក្របខ័ណ្ឌដែលបានកំណត់ដោយច្បាប់ក៏ដោយ ក៏ក្រុមបាតុករទាំងនោះ ពុំបានគោរពតាមការណែនាំរបស់មន្ត្រីអនុវត្តច្បាប់ និងបន្តបិទច្រកចេញចូលដដែល។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការប្រឈមដាក់គ្នាបានកើតឡើងរវាងនគរបាល និងក្រុមបាតុករ ដែលបានវាយដំលើមន្ត្រីនគរបាលទាំងផ្លូវកាយ និងការតេះដៀល ព្រមទាំងបានគប់វត្ថុធ្ងន់ៗ ដូចជាដុំថ្ម នឹងដបទឹកទៅលើកងកម្លាំងនគរបាល។ គួរម្លឹកថា ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងកាលពីខែមុនក្នុងប្រទេសហ្ស៊កហ្ស៊ី បន្ទាប់ពីសភាបានចាប់ផ្តើមពិចារណាឡើងវិញលើសំណើច្បាប់ស្ដីពីភ្នាក់ងារបរទេស ដែលដាក់ចេញដោយគណបក្ស កាន់អំណាច ក្ដីស្រមៃហ្ស៊កហ្ស៊ី (Georgian Dream) ។ សំណើរនេះតម្រូវឱ្យអង្គការ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលបានច្រើនជាង ២០% នៃមូលនិធិរបស់ពួកគេពីបរទេស ចុះបញ្ជីជាមួយរដ្ឋ ហើយក៏តម្រូវឱ្យពួកគេចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំផងដែរ៕

ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅកេនយ៉ា កើនឡើងដល់១៨១នាក់

2024/05/02 06:02:37 pm        90
រដ្ឋាភិបាល និងកាកបាទក្រហម បាននិយាយកាលពីថ្ងៃពុធថា ទឹកជំនន់ និងបំណាក់ដី នៅទូទាំងប្រទេសកេនយ៉ា បានបណ្តាលឲ្យមនុស្ស១៨១នាក់ស្លាប់ ចាប់តាំងពីខែមីនា ដោយរាប់សែននាក់ ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ពួកគេ ខណៈមនុស្សច្រើននាក់ទៀត បានស្លាប់នៅក្នុងប្រទេសតង់ហ្សានី និងប៊ូរុនឌី ដែលនៅជិតខាង។ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានបំផ្លាញលំនៅឋានជាច្រើនខ្នង បំផ្លាញផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅទូទាំងតំបន់។ចំនួនអ្នកស្លាប់នៅក្នុងប្រទេសកេនយ៉ា បានកើនលើសពីចំនួនអ្នកស្លាប់ដោយទឹកជំនន់ បង្កឡើងដោយបាតុភូតអាកាសធាតុ អែលនីញ៉ូ(El Nino) កាលពីចុងឆ្នាំមុន។នៅទីក្រុង Mai Mahiu ភាគកណ្តាលប្រទេសកេនយ៉ា ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ៤៨ នាក់បានស្លាប់ ក្នុងទឹកជំនន់ដ៏គំហុកកាលពីថ្ងៃចន្ទ សាកសពពីរនាក់ ត្រូវបានរកឃើញពីកម្ទេចកម្ទីកាលពីថ្ងៃពុធ។ បុគ្គលិកយោធា ដែលអមដោយសត្វសុនខហិតក្លិន បានចូលរួមក្នុងការស្វែងរកនេះ។កាកបាទក្រហមប្រទេសកេនយ៉ា បាននិយាយនៅលើបណ្តាញX ថា នៅទីក្រុង គីតេនជែលឡា(Kitengela) ដែលមានចម្ងាយ៣៣គីឡូម៉ែត្រ ពីទីក្រុង Nairobi បុគ្គលិកកាកបាទក្រហមប្រទេស កេនយ៉ា កំពុងជួយជួយសង្គ្រោះប្រជាជនដែលលំនៅឋានរបស់ពួកគេត្រូវបានជន់លិចដោយទឹកជំនន់។ ពួកគេ ក៏កំពុងព្យាយាមជួយសង្គ្រោះអ្នកទេសចរដែលជាប់ខ្លួននៅក្នុងជំរំ នៅតំបន់ Narok មានចម្ងាយ២១៥គីឡូម៉ែត្រ ពីទីក្រុង Nairobi។ អាជ្ញាធរផ្លូវជាតិរបស់ប្រទេសកេនយ៉ា បាននិយាយថា ពួកគេបានបិទកំណាត់ផ្លូវហាយវ៉េមួយចំនួន ចូលទៅកាន់ទីក្រុង ហើយយ៉ាងហោចណាស់ផ្លូវបីខ្សែផ្សេងទៀតនៅក្នុងប្រទេស អាចនឹងត្រូវទឹកជន់លិច និងមានកម្ទេចកម្ទី។

ជនភៀសខ្លួននៅក្នុងជំរំនិយាយថា ប្រទេសហៃទី ផ្តល់ឲ្យពួកគេតែដំបង និងគ្រាប់កាំភ្លើងប៉ុណ្ណោះ

2024/05/02 05:51:43 pm        95
គ្រួសារជនជាតិហៃទីរាប់សិបនាក់ បានរកឃើញទីជម្រកនៅសាលារៀនក្នុងទីក្រុងព័រអូប្រាំង ដែលបានប្រែក្លាយទៅជាជំរំមួយ ខណៈពួកគេរង់ចាំឲ្យអំពើហិង្សារបស់ក្រុមជនអន្ធពាលថយចុះ។ ក្រុមប្រឹក្សាប្រធានាធិបតីបណ្តោះអាសន្នមួយត្រូវបានតែងតាំងនៅក្នុងប្រទេសហៃទី ជាមួយនឹងបេសកកម្មនាំមកនូវសន្តិភាពដល់ប្រទេស និងដើម្បីអំពាវនាវសម្រាប់ការបោះឆ្នោតមុនឆ្នាំ ២០២៦ នៅពេលដែលអាណត្តិរបស់ក្រុមប្រឹក្សាផុតកំណត់។នៅក្នុងសាលា លីសេ ហ្វីមេម(Lycee Fimem) ជាសាលារៀនមួយនៅជាយរដ្ឋធានី ប្រទេសហៃទី ក្រុមគ្រួសារជាច្រើនបានមកដល់ បន្ទាប់ពីបានភៀសខ្លួនចេញពីអំពើហិង្សារបស់ក្រុមជនអន្ធពាល និងបានបាត់បង់លំនៅឋានរបស់ពួកគេ។ នាង វេនីថា អាន់តញ(Venitha Antoine) បានមកដល់ជាមួយកូនចំនួនប្រាំនាក់ និងស្វាមីរបស់នាង នៅពេលដែលក្រុមជនអន្ធពាលបានដុតលំនៅឋានរបស់ពួកគេ។ លោក អង់សេ ហ្សង់ ប៉ាទ្រីក(Ence Jean Patrique) អាយុ៣១ឆ្នាំ បានមកដល់ទីជម្រកជាមួយគ្រួសាររបស់គាត់ បន្ទាប់ពីត្រូវបាននិរទេសពីសាធារណរដ្ឋដូមីនីក នៅពេលដែលអំពើហិង្សាបានផ្ទុះឡើង។យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មនុស្សច្រើនជាងម្នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហឹង្សារបស់ក្រុមជនអន្ធពាលនៅប្រទេសហៃទីនៅក្នុងមួយម៉ោង ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ជាមួយគ្នានេះ ក៏មានរបាយការណ៍នៃក្រុមជនអន្ធពាលដែលប្រើអំពើហិង្សាផ្លូវភេទ ការចាប់ជំរិតទាមទារប្រាក់លោះ និងការធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ពីប្រជាជន។ប្រទេសហៃទី បានជួបប្រទះការកើនឡើងអំពើហិង្សារបស់ក្រុមជនអន្ធពាលចាប់តាំងពីខែកុម្ភៈ។ ស្ថានភាពសន្តិសុខបានជម្លៀសមនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានភាពអត់ឃ្លានដ៏មហន្តរាយ។កាលពីសប្តាហ៍មុន បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Ariel Henry បានលាលែងពីតំណែង ក្រុមប្រឹក្សាប្រធានាធិបតីមួយ ត្រូវបានតែងតាំងជាផ្លូវការ ដែលត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់ក្នុងការបង្កើតសន្តិសុខឡើងវិញ បន្ទាប់ពីអំពើហិង្សាក្រុមជនអន្ធពាលជាច្រើនឆ្នាំ ដែលបានកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ។

កម្មករអាមេរិកឡាទីន រាប់ម៉ឺននាក់ចេញតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃទិវាពលកម្មអន្តរជាតិ

2024/05/02 05:48:57 pm        82
ទិវាពលកម្មអន្តរជាតិនៅអាមេរិកឡាទីន កាលពីថ្ងៃពុធ (០១ ឧសភា) បានមើលឃើញកម្មកររាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីធំៗ ដើម្បីបន្តការតស៊ូទាមទារសិទ្ធិការងារ និងការគាំទ្ររបស់ពួកគេ។ នៅរដ្ឋធានី ប៊ុយណូស៊ែរ របស់អាហ្សង់ទីន គេឃើញមនុស្សម្នារាប់ពាន់នាក់ដើរកាន់បដា និងផ្ទាំងអក្សរ ហើយក្រុមបាតុករ និងសហជីពបានស្រែករិះគន់រដ្ឋាភិបាលចំពោះភាពក្រីក្ររបស់កម្មករ ខណៈដែលអតិផរណាជិតឈានដល់កម្រិត ៣០០ ភាគរយ។នៅរដ្ឋធានី បូហ្គោតា របស់កូឡុំប៊ី មនុស្សរាប់ម៉ឺននាក់បានដើរដង្ហែក្បួនគាំទ្រកំណែទម្រង់ដែលស្នើឡើងដោយលោកប្រធានាធិបតី ហ្គាស្តូវ៉ូ ផេត្រូ (Gustavo Petro) ដែលនិយាយថានឹងដោះស្រាយវិសមភាព ប៉ុន្តែពិបាកឈ្នះការអនុម័តពីសភា។បាតុកម្មនេះ គឺជាបាតុកម្មចុងក្រោយបង្អស់នៃការប្រមូលផ្តុំគ្នាប្រឆាំងទៅមកជាបន្តបន្ទាប់ ដែលមួយចំនួនធ្វើឡើងដោយក្រុមប្រឆាំងនឹងកំណែទម្រង់នេះ ដែលពួកគេនិយាយថា នឹងធ្វើឱ្យខូចសេដ្ឋកិច្ច ហើយមួយចំនួនទៀតធ្វើឡើងដោយលោកប្រធានាធិបតី ផេត្រូ ដែលគាំទ្រកំណែទម្រង់។ជាមួយគ្នានេះ នៅក្នុងរដ្ឋធានីប្រទេសប៉េរូ ក្រុមអ្នកតវ៉ាបានរិះគន់ «ការកេងប្រវ័ញ្ច» «អសន្តិសុខការងារ» និង «ភាពមិនផ្លូវការ» នៅក្នុងប្រព័ន្ធការងាររបស់ប្រទេសអាមេរិកឡាទីនមួយនេះ៕

អាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ក្រោយបាញ់គំរាមចំនួន០៥គ្រាប់ ដោយសារទំនាស់ជាមួយអ្នកជិតខាង

2024/05/02 05:46:23 pm        256
ភ្នំពេញ៖ មន្ត្រីយោធាម្នាក់បាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07 រួចប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌចាត់ការបន្ត។ប្រភពព័ត៌មានបានឲ្យដឹងថា មន្រ្តីយោធាដែលបានបាញ់គំរាមនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។តាមការបំភ្លឺរបស់ ជនបង្កបានឲ្យដឹងថា ឆ្លៀតពេលពីការងារ ខ្លួនបានទៅបម្រើការងារផ្នែកសន្តិសុខនៅកន្លែងកំសាន្តយីហោ នឹកX នៅពេលយប់ អស់រយៈពេលប្រហែល០២ខែមកហើយ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ០៤នាក់ រត់ចេញពីផ្លូវច្រកតូច សំដៅមករកខ្លួនមិនដឹងជាមានបំណងអ្វី ខ្លួនក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន០៥គ្រាប់ មិនបណ្តាលឲ្យមានរបួសអ្នកណាម្នាក់ឡើយ ពេលនោះក្រុមក្មេងបានរត់បាត់អស់ រួចចាក់សោរទ្វាចូលផ្ទះសំរាក។យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានលឺសម្លេងផ្ទុះចំនួន៥គ្រាប់ ចេញពីម្តុំផ្លូវលេខ២៣២ ដោយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមិនហ៊ានចុះពីលើផ្ទះទៅមើលនោះទេ ទើបគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន។ ភ្លាមៗនោះសម្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថខណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋរាយការណ៍ ក៏ប្រទះឃើញសំបកគ្រាប់ចំនួន០៥គ្រាប់ ប្រភេទអាវុធខ្លីម៉ាកCZ P07 ដែលគ្រាប់ទាំងនេះស្ថិតនៅចន្លោះផ្លូវ ក្បែរសំយ៉ាបផ្ទះ។ក្រោយកើតហេតុ សមត្ថកិច្ចបានយកសំបកគ្រាប់នោះទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើបើកការស្រាវជ្រាវរកជនបង្ក និងក្រោយមកក៏បាននាំខ្លួនជនបង្កអនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ

ចំនួនអ្នកស្លាប់ដោយសារការបាក់ផ្លូវនៅប្រទេសចិនភាគខាងត្បូង កើនឡើងដល់៣៦នាក់

2024/05/02 05:45:56 pm        84
ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua) បាននិយាយថា គិតត្រឹមម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី២ ឧសភា មនុស្ស ៣៦ នាក់បានស្លាប់ និង ៣០ នាក់បានរងរបួស ដោយបន្ថែមថា របួសពុំបានគំរាមកំហែងដល់អាយុជីវិតទេ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋដដែលនេះបាននិយាយថា ផ្លូវមួយខ្សែលាតសន្ធឹងរវាងទីក្រុង មីចូវ (Meizhou) និងស្រុក តាពូ (Dabu) ក្នុងខេត្ត ខ្វាងទុង (Guangdong) បានបាក់នៅម៉ោងប្រហែល ២និង១០នាទីព្រឹកថ្ងៃពុធទី១ឧសភា សប្ដាហ៍នេះ ។ ឧបទ្ទវហេតុនេះបានបណ្តាលឱ្យរថយន្តជាង ២០ គ្រឿងបានជាប់ក្នុងបំណាក់ផ្លូវ រួមទាំងមនុស្សសរុបចំនួន៥៤ នាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ការបាក់ផ្លូវនេះគឺជា គ្រោះមហន្តរាយភូគព្ភសាស្ត្រធម្មជាតិ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ខេត្តខ្វាងទុង ជារោងចក្រថាមពលឧស្សាហកម្មដែលមានប្រជាជនរស់នៅយ៉ាងច្រើន បានរងការវាយប្រហារដោយព្យុះភ្លៀងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន។មានភ្លៀងធ្លាក់ខ្លាំងហួសពីការរំពឹងទុកជាធម្មតានៃឆ្នាំនេះ ហើយក៏ដោយសារតែសន្ទុះយ៉ាងលឿននៃបម្រែបម្រួលអាកាសធាតុដែរ ៕

អ៊ីស្រាអែល អនុញ្ញាតឱ្យរថយន្តដឹកជំនួយពីច្រកឆ្លងកាត់ Erez ដែលបើកឡើងវិញ ចូលតំបន់ហ្កាហ្សា

2024/05/02 05:32:48 pm        138
ប្រទេសអ៊ីស្រាអែល បានបើកច្រកឆ្លងកាត់ដែលមានតែមួយគត់នៅផ្នែកភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ដោយអនុញ្ញាតឱ្យរថយន្តដឹកជំនួយឆ្លងកាត់ច្រក Erez បន្ទាប់ពីការទាមទាររបស់សហរដ្ឋអាមេរិក ឱ្យធ្វើការបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង។ការបើកច្រកឆ្លងកាត់ Erez ឡើងវិញ គឺជាការអង្វរសុំរបស់របស់ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ រយៈពេលជាច្រើនខែមកហើយដើម្បីកាត់បន្ថយភាពអត់ឃ្លានដែលត្រូវបានគេជឿថាធ្ងន់ធ្ងរបំផុត ក្នុងចំណោមជនស៊ីវិលរាប់សែននាក់ នៅតំបន់ភាគខាងជើងតំបន់នោះ។រដ្ឋាភិបាលអ៊ីស្រាអែល បានបើកច្រកឆ្លងកាត់នៅថ្ងៃនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងបានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងដែនដីនេះ។ ច្រកផ្លូវកាត់ Erez ត្រូវបានប្រើជាចម្បងសម្រាប់ចរាចរណ៍ផ្លូវគោក នៅតែបិទចាប់តាំងពីច្រកនេះត្រូវបានបំផ្លាញអំឡុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបណ្តាលឱ្យមានសង្គ្រាម។ទីភ្នាក់ងារផ្តល់ជំនួយនិយាយថា ពួកគេបានប្រឈមមុខទៅនឹងការលំបាកក្នុងការចូលទៅដល់តំបន់នេះជាមួយនឹងអាហារ និងថ្នាំពេទ្យ ដែលត្រូវដឹកជញ្ជូនពីផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សា ឆ្លងកាត់តំបន់សង្រ្គាម។អ៊ីស្រាអែល បានប្រកាសថា ខ្លួននឹងបើកច្រកឆ្លងកាត់ Erez ឡើងវិញ កាលពីខែមុន ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមបុគ្គលិកមនុស្សធម៌ ដែលផ្តល់ជំនួយស្បៀងអាហារនៅតំបន់ហ្កាហ្សា ក្នុងការវាយប្រហារតាមអាកាសដែលនាំឲ្យមានការថ្កោលទោសពីអន្តរជាតិ។ អ៊ីស្រាអែល បានសុំអភ័យទោស ចំពោះការវាយប្រហារតាមអាកាសទាំងនោះ។ ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បាននិយាយថា ការគាំទ្របន្ថែមទៀតសម្រាប់សង្គ្រាមនឹងពឹងផ្អែកលើការធ្វើឲ្យប្រសើរលទ្ធភាពទទួលបានជំនួយ។

ក្រុមហាម៉ាស គំរាមបញ្ឈប់ការចរចាបទឈប់បាញ់ហ្កាហ្សា បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា

2024/05/02 03:44:30 pm        223
ចលនាអ៊ីស្លាមប៉ាឡេស្ទីន ឬហៅថាក្រុមហាម៉ាស កាលពីថ្ងៃពុធ (០១ ឧសភា) បានព្រមានថា ការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលនឹងត្រូវផ្អាក ប្រសិនបើអ៊ីស្រាអែល វាយប្រហារថ្មើជើងលើទីក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។លោក អូសាម៉ា ហាមដាន (Osama Hamdan) មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់ម៉ាណា (al-Manar) ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ថា ក្រុមហាម៉ាស នឹងបញ្ឈប់រាល់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនបើកប្រតិបត្តិការយោធាជើងគោកប្រឆាំងនឹងក្រុងរ៉ាហ្វា។ដោយចោទអ៊ីស្រាអែល ថាកំពុង «គំរាមគ្រប់ភាគីដោយប្រើការវាយប្រហាររបស់ខ្លួនលើក្រុង រ៉ាហ្វា» មន្ត្រីហាម៉ាសរូបនេះបានសង្កត់ធ្ងន់ថា «ចលនាតស៊ូនៅតែមានអំណាចដើម្បីការពារប្រជាជនហ្កាហ្សា»។ មេដឹកនាំក្រុមហាម៉ាស និងកងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស បានរក្សាទំនាក់ទំនងជាមួយក្រុមនយោបាយរបស់ខ្លួន ហើយបន្តពង្រឹងជំហរនៅខ្សែប្រយុទ្ធ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលនឹងវាយចូលទៅក្នុងទីក្រុង រ៉ាហ្វា និងលុបបំបាត់កងវរសេនាតូចហាម៉ាស នៅទីនោះ ទោះជា «មាន ឬមិនមាន» កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
09/11/2026 10:09 PM
ទេសាភិបាលធនាគារជាតិ ជួបសំណេះសំណាលសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
09/11/2026 07:09 PM
លោក Bessent៖ រដ្ឋបាលលោក Trump នឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ នៅថ្ងៃទី១៤ ខែកញ្ញា
09/11/2026 07:09 PM
អភិបាលក្រុង៖ ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើស្ថានីយប្រេងនៅក្រុងគីវ សម្លាប់មនុស្ស ២នាក់និង ៤នាក់ រងរបួស
09/11/2026 06:09 PM
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
09/11/2026 06:09 PM
កម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចនិងសេដ្ឋកិច្ចពីសំណល់គ្រាប់បែកចង្កោមនៃការឈ្លានពានថៃ
09/11/2026 06:09 PM
UN៖ មនុស្សយ៉ាងតិច ៤៦.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដែលកំពុងកើនឡើងខ្លាំងនៅយេម៉ែន
09/11/2026 06:09 PM
បេសកជនប៉ាគីស្ថាន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅខ្វះឆន្ទៈក្នុងការដោះស្រាយជម្លោះ
09/11/2026 06:09 PM
មេដឹកនាំ​រង​របស់​កោះតៃវ៉ាន់ ធ្វើ​ទស្សនកិច្ចដ៏កម្រ នៅ​អឺរ៉ុប ដើម្បីចូលរួមវេទិកាប្រជាធិបតេយ្យ នៅអ៊ីតាលី
09/11/2026 06:09 PM
សុន្ទរកថារបស់លោក Vance នៅ​ឯ​សន្និបាតគណ​បក្សសាធារណរដ្ឋ ត្រូវរំខានដោយការ​គ្រវីទង់ជាតិម៉ិកស៊ិក
09/11/2026 06:09 PM