អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ
ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ
ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥

វប្បធម៌ និងទេសចរណ៍

កម្ពុជា-ជប៉ុន រួមគ្នាបើកសិក្ខាសាលា ស្តីពីប្រពៃណីផលិតកុលាលភាជន៍ ក្នុងប្រទេសកម្ពុជា

2024/03/12 01:58:10 pm        376
សិក្ខាសាលា និងពិព័រណ៍ ស្តីពី ប្រពៃណីផលិតកុលាលភាជន៍ក្នុងប្រទេសកម្ពុជា រៀបចំ​ឡើង​ដោយ​មានកិច្ចសហការរវាងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា សាកលវិទ្យាល័យ​វាសេដា នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅទីតាំង​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ។ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​ថ្លែង​ថា ការរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើង ក្រៅពីក្នុងគោលបំណងបំផុសគំនិតលើកស្ទួយ ផ្សព្វផ្សាយ និងអភិរក្សប្រពៃណីនៃការផលិតកុលាលភាជន៍នាពេលបច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា​ជូន​ដល់​សាធារណជនទូទៅ អ្នកស្រាវជ្រាវ ពិសេសប្អូនៗនិស្សិត យើងក៏រំពឹងថា​អ្នក​ចូលរួម​ទាំង​អស់​ក៏​នឹងបានឃើញនិងបានសិក្សាស្វែងយល់ ប្រៀបធៀបអំពីភាពដូចគ្នា ឬខុសគ្នា ការវិវត្តន៍​នៃ​ទំនៀមទំលាប់ក្នុងការផលិតកុលាលភាជន៍រវាងសម័យបុរាណ និងសម័យបច្ចុប្បន្នផងដែរ។ សិក្ខាសាលានេះផ្តោតលើប្រធានបទពីរសំខាន់ (១) គឺការស្វែងយល់អំពីប្រពៃណី និង​បច្ចេក​ទេស ​នៃការផលិតកុលាភាជន៍នាសម័យមុនអង្គរ និង(២) ការបង្ហាញពីការផលិត ក្អម​ឆ្នាំង​តាម​បែប​ប្រពៃណី​ដែលមាននៅសេសសល់រហូតមកដល់បច្ចុប្បន្ន។ ចំពោះប្រធាទទី១៖ ទាក់ទងទៅ​នឹង​ប្រពៃណី នៃ​ការផលិតកុលាលភាជន៍នាសម័យបុរាណក្នុងប្រទេសកម្ពុជា ដែលតាមរយៈ​ការ​ស្រាវជ្រាវ​បុរាណវិទ្យាកន្លងមកយើងបានដឹងថា មានភស្តុតាង នៃការផលិត និងប្រើប្រាស់​កុលាល​ភាជន៍​តាំង​សម័យបុរេប្រវត្តិសាស្រ្តមកម៉្លេះ ជាក់ស្តែងស្ថានីយល្អាងស្ពាន ក្នុងខេត្តបាត់ដំបង ស្ថានីយ​សំរោងសែន និងស្ថានីយម្លូព្រៃជាដើម។ ប៉ុន្តែសម្រាប់សិក្ខាសាលានេះ កំណត់យក​តែ​ត្រឹម​សម័យ​មុន​អង្គរប៉ុណ្ណោះ ដែលមានវាគ្មិនចំនួន៤រូប នឹងធ្វើបទ​បង្ហាញ​អំពី​ប្រភេទ​កុលាល​ភាជន៍​មក​ពី​ស្ថានីយសំខាន់ៗរួមមាន ស្ថានីយអូរកែវ អង្គរបុរី វត្តភូ ថាឡាបរិវ៉ាត់ និងសំបូរព្រៃគុក។ ចំពោះ​ប្រធានបទទី២៖ គឺផ្តោតលើមរតកនៃការផលិតកុលាលភាជន៍នាសម័យបច្ចុប្បន្ន គឺ​សំដៅ​លើ​ការ​ផលិត​ក្អម ឆ្នាំងប្រើដោយឧបករណ៍ភ្លើង និងល្អ ឬ ទ្រនៈ និងទ្រនិល ដែលមានស្មូនឆ្នាំង ភាគ​ច្រើន​ជាស្ត្រី រៀនចេះតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ពីម្តាយ ទៅកូន ពីមីងក្មួយ ពីបងស្រី ទៅ​ប្អូន​ស្រីជាដើម។ កន្លងមកតាមការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត រ៉ូឡង់ ម៉ូរ៉េ នៅ​ឆ្នាំ​១៩៨៦ មានកន្លែងផលិតក្អម ឆ្នាំងតាមបែបប្រពៃណីច្រើនកន្លែងក្នុងប្រទេសកម្ពុជា ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ កន្លែងមួយចំនួនឈប់ផលិតក្អមឆ្នាំងបែបប្រពៃណីនេះជាស្ថាពរ ឧទាហរណ៍ខេត្តបាត់ដំបង កំពង់ចាម (ផ្អាវ) តាកែវ (ភ្នំជីសូរ)ជាដើម។ បច្ចុប្បន្ន ខេត្តដែលបន្តធ្វើមានចំនួន៤ប៉ុណ្ណោះ មាន​ដូច​ជា៖ ខេត្តកំពង់ឆ្នាំង ក្នុងស្រុករលាប្អៀរ ៖ ការផលិតក្អមឆ្នាំង នៅក្នុងភូមិទ្រា ភូមិអណ្តូងឫស្សី ភូមិ​ត្រពាំង ស្បូវ ភូមិត្រោក ភូមិត្រពាំងអន ភូមិត្រពាំងគរ ភូមិពន្លឺថ្មី ភូមិបាំងឆួល។ ខេត្តកំពង់ស្ពឺ ស្រុក​បរសេដ្ឋ៖ ការផលិតក្អមឆ្នាំង មាននៅក្នុងភូមិដំដែក ភូមិត្រពាំងក្រឡាញ់ និងភូមិ ផ្សេង​ទៀត​។ ខេត្តកំពត ក្នុងស្រុកបន្ទាយមាស៖ ការផលិតក្អមឆ្នាំង នៅមានតែភូមិដំណាក់ចំបក់មួយគត់ និង​ខេត្តព្រៃវែង ក្នុងស្រុកពារាំង៖ ការផលិតក្អមឆ្នាំង នៅមានតែភូមិ ឫស្សីជុក និងភូមិ​ព្រៃព្រហ្ម​ប៉ុណ្ណោះ​។សូមបញ្ជាក់ផងដែរថា សិក្ខាសាលា និងពិព័រណ៌នាពេលនេះ មានវាគ្មិនចំនួន៦រូប ស្ម័គ្រ​ចិត្ត​ចូល​រួម​ធ្វើ​បទបង្ហាញអំពី កុលាលភាជន៍សម័យបុរាណ(សម័យមុនអង្គរ) កុលាលភាជន៍​មក​ពី​ស្ថានីយ​អូរកែរ, កុលាលភាជន៍មកពីស្ថានីយអង្គរបុរី, កុលាលភាជន៍មកពីស្ថានីយថាឡាបរិវ៉ាត់, កុលាលភាជន៍​មកពីស្ថានីយវត្តភូ និងកុលាលភាជន៍មកពីស្ថានីយសំបូរព្រៃគុក និងកុលាលភាជន៍​ប្រពៃណី​សម័យបច្ចុប្បន្ន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងលទ្ធផលស្រាវជ្រាវ​ថ្មី​ៗ​ដល់​អង្គសិក្ខាសាលាផងដែរ៕ អត្ថបទ រដ្ឋា

សាលាមធ្យមវិចិត្រសិល្បៈនឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ

2024/03/12 01:41:07 pm        164
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ នៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង​ដើម្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ និងការ​យល់​ដឹង​ពី​សិល្បៈ​វប្បធម៌​ជូន​សាធារណជន​ទូទៅ​ក៏​ដូច​ជា​ដើម្បី​បង្ហាញ​អំពី​ការ​បង្ហាត់​បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។ ក្នុងកម្មវិធីនេះគឺមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមាន​ការ​ចូលរួម​ពី​ខាង​សិប្បកម្ម​ផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមាន​ការ​សម្តែង​សិល្បៈ​ទស្សនីយ​ភាពគ្រ​ប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗ​ដែល​ជា​អតីត​សិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ) ដើម្បី​ប​ង្ហាញជូននូវសិល្បៈវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ (ការថែរក្សា អភិរក្ស បេតិក​ភណ្ឌ​វប្បធម៌ (រូបី និងអរូបី) គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប)។ កម្មវិធីនេះប្រព្រឹត្តទៅបានគឺដោយមានការអញ្ជើញចូលរួមពីសាធារណជន ទស្សនិកជន សប្បុរស​ជន​ពី​គ្រប់ទិសទី៕

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជិត ១០០០នាក់ ចូលចតធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ

2024/03/11 12:35:11 pm        125
ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវា​ទេសចរណ៍បរទេសខ្នាតយក្ស ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុក​អ្នក​ដំណើរ​ចម្រុះជាតិសាសន៍ ៨៨៥នាក់ ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ចនៅខេត្ដព្រះសីហនុ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ លោកវរសេនីយ៍ បន្ដថា បន្ទាប់ពីវិបត្ដិជំងឺកូវីដ-១៩ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុក​អ្នក​ដំណើរ​រាប់រយ រាប់ពាន់នាក់ ចូលចតជាបន្ដបន្ទាប់នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ធ្វើ​ទស្សនកិច្ចក្នុងខេត្ដព្រះសីហនុនិងក្នុងព្រះរាជាណាចក្រកម្ពុជា។ នាវាដែលចូលចតថ្ងៃនេះ (លើកទី៤) បានធ្វើដំណើរមកពីប្រទេសវៀតណាម ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៨៨៥​នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ៤៦៣ និងនាវិកសរុបចំនូន ៤២២នាក់ ជាតិ​សាសន៍​ដែល​ច្រើន​ជាង​គេបង្អស់ គឺសញ្ជាតិអាមេរិក និងអូស្រ្ដាលី។  លោក បន្ដថា ការចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកា​សឱ្យភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ទស្សនា​ពី​វឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយ​និងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ។ ទាំងនេះ បានបញ្ជាក់​យ៉ាង​ច្បាស់​ថា សេដ្ឋកិច្ចពិភពលោកបានដំណើរការឡើងវិញ ក្រោមដំបូល​សុខសន្ដិភា​ព​នៅ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៍ដូចជាប្រទេសកម្ពុជា ក្នុងការ​ទាក់​ទាញ​ភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការ​ចូល​ចត​នេះ បានផ្ដល់អត្ថប្រយោជន៍មួយចំនួន ដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នក​លក់​ផលិត​ទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។   

រទេះគោខ្មែរ ក្លាយជាយាន្តជំនិះដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរអន្តរជាតិនាពេលបច្ចុប្បន្ន

2024/03/11 12:01:17 pm        308
កំពង់ឆ្នាំង៖ រទេះគោខ្មែរដឹកភ្ញៀវបរទេស ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន និងកំពុងក្លាយជាយាន្តជំនិះដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិនាពេលបច្ចុប្បន្ន ។ ការ​ដឹកភ្ញៀវទេសចរអន្តរជាតិនេះ បានចាប់ផ្តើមពេញនិយមឡើងវិញ ក្រោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទប់​ស្កាត់​ជំងឺ​កូវីដ១៩បាន១០០%ក្នុងប្រទេស និងនាំអោយភ្ញៀវ​អន្តរជាតិ​បាន​ចូល​មក​ជិះ​រទេះគោ​ខ្មែរ រួមនិងការទស្សនាផ្ទាំងគំនូរបុរាណអាយុជាង៣០០ឆ្នាំ ក្នុងព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅ​វត្តកំពង់ត្រឡាចលើ និងការទស្សនាវាលស្រែ រួមនិងភូមិឋានខ្មែរតាមជនបទ។ប្រជាសហគមន៍អ្នកតាហាង ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាចក្រោមបានអោយដឹងថា រទេះ​គោ​ខ្មែរ មាននៅក្នុងសហគមន៍ចំនួន២គឺ សហគមន៍អ្នកតាហាង និងសហគមន៍​កំពង់​ត្រឡាច​លើ ហើយសមាជិកក្នុងសហគមន៍មាន៤៨នាក់ ។ សព្វថ្ងៃក្នុង១ថ្ងៃ​ៗ​សមាជិកអាច​ដឹក​ភ្ញៀវ​អន្តរ​ជាតិបានចន្លោះពី២ ទៅ៣ជើង ដោយក្នុង១រទេះគោអាចផ្ទុកភ្ញៀវបាន២នាក់ ជិះ​មើល​តាម​ភូមិ​ឋានរបស់ប្រជាពលរដ្ឋរស់នៅជនបទ ទស្សនាវាលស្រែវាលស្រូវ និងបាន​ចូល​ទៅ​ទស្សនា​ផ្ទាំង​គំនូរ​បុរាណអាយុជាង៣០០ឆ្នាំ ក្នុងព្រះវិហារវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ។ សមាជិកនៅក្នុងសមាគមន៍ទាំងអស់សុទ្ធតែមានរទេះ និងគោខ្លួនឯងផ្ទាល់ ហើយ​សេវា​ដឹក​ក្នុង​ភ្ញៀវ​ម្នាក់​៧ដុល្លារ ក្នុង១ថ្ងៃៗ ពួកគាត់អាចរកកម្រៃបានចន្លោះពី៣ម៉ឺនរៀល ទៅ៨ម៉ឺនរៀល សម្រាប់​ផ្គត់ផ្គង់គ្រួសារ។ ប្រជាសហគមន៍ទាំងអស់បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច​បាន​ខិតខំ​ការពារ​ថែ​រក្សា​អាយុ​ជីវិ​ត​ប្រជាពលរដ្ឋ​ទាំង​អស់​តាម​រយៈ​ការ​ខិតខំ​ស្វែងរ​ក​វ៉ាក់សាំងការពារជម្ងឺកូវីត១៩ និងការពារប្រជាពលរដ្ឋរហូតអាចទប់ស្កាត់បានទាំងស្រុង។លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាចបានអោយដឹងថា៖ កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ មិន​មាន​ភ្ញៀវ​អន្តរជាតិមកជិះរទេះគោខ្មែរក្នុងឃុំរបស់លោកឡើយ ព្រោះកំពុង​ជួប​វិបត្តិ​ជា​សកល​ចំពោះ​ជំងឺ​កូវីដ១៩ ។ លុះក្រោយមកជម្ងឺនេះត្រូវបានទប់ស្កាត់បាត់ទៅវិញ ហើយភ្ញៀវ​អ​ន្តរ​ជាតិ​បា​នម​កជិះ​រទេះគោខ្មែរ និងទស្សនាគំនូរបុរាណ និងជីវភាពប្រជាពលរដ្ឋ​តាម​ជន​បទ​របស់​ខ្មែរ​យើង​បន្ត​ទៀត​ ។ តាមរយៈរូមគំនូរបុរាណ និងការធ្វើដំណើរកម្សាន្តបែបប្រពៃណីខ្មែរជិះរទេះគោ របស់​ភ្ញៀវ​ទេសចរអន្តរជាតិនេះ បានផ្តល់ឱកាសការងារ និងចំណូល​ដល់​ប្រជា​សហគមន៍​រស់​នៅ​ក្នុង​តំបន់​ជន​បទ ក្នុងឃុំកំពង់ត្រឡាច មានជីវភាពធូរធារមួយកម្រឹត ។ ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​ទាំងនេះ មិនត្រឹមតែបានកម្រៃផ្គត់ផ្គង់គ្រួសារក្នុងសហគមន៍នោះទេ ថែមទាំងបង្កើន​ការ​អភិរក្សរូបគំនូរទឹកថ្នាំបុរាណរបស់ខ្មែរ និងសត្វគោ រទេះគោខ្មែរថែមទៀតផង ។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មកកទស្សនាកំសាន្តនេះ ភាគច្រើនមកពី អាមេរិក បារាំង ជប៉ុន និងតំបន់អឺរ៉ុប ដើម្បី​មើល​រូបគំនូរពីសម័យបុរាណរបស់ខ្មែរ ការជិះរទេះគោខ្មែរ និងបាន​ទស្សនា​តំ​បន់​វាល​ស្រែ​វាល​ស្រូវ​ខ្មែរ និងការរស់នៅបែបជនបទរបស់ប្រជាពលរដ្ឋខ្មែរផងដែរ ។ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកកំសាន្តទីនោះ គឺធ្វើដំណើរ​តាម​កប៉ាល់​មក​ចត​នៅ​មាត់​កំពង់​ក្នុង​ឃុំ​កំពង់​ត្រឡាចក្រោម ហើយប្រជាសហគមន៍​បាន​យក​រទេះគោខ្មែរ​ទៅ​ទទួល​ពួក​គាត់​ពី​ទីនោះ បន្ទាប់មកដឹកពួកគាត់ទៅទស្សនារូបគំនូរបុរាណ នៅព្រះវិហារក្នុងវត្តពោធិ៍រុក្ខារាម ដែលមាន​ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់វាលស្រែ និងភូមិឋាន​ប្រជាពលរដ្ឋ​ផង​ដែរ​៕ កាំង ហុងវាស្នា

មន្ត្រីវប្បធម៌ប្រឹងប្រែងសិក្សាស្រាវជ្រាវតឹកតាងប្រវតិ្តសាស្រ្ត របកគំហើញថ្មីៗ ជូនដល់មហាជន ពីសម្បតិ្តវប្បធម៌

2024/03/09 10:35:55 am        108
លោក ឡេង វិទូ ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា តាម​រយៈ​BTVព័ត៌មាន នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះបានលើកឡើងថា មន្ត្រីជំនាញវប្បធម៌ ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​តឹកតាងប្រវតិ្តសាស្រ្ត របកគំហើញថ្មីៗ ជូនដល់មហាជន ពី​សារៈសំខាន់​សម្បតិ្ត​វប្បធម៌​។លោក ឡេង វិទូ លើកឡើងថា នៅដើមខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នាយកដ្ឋាន​សហការ​ជាមួយ​សាកលវិទ្យាល័យ ហាវៃ សហរដ្ឋអាមេរិក និងបើកការសិក្សាស្រាវជ្រាវបុរាណវិទ្យា នៅក្នុង​ខេត្ត​បាត់ដំបង ទាក់ទងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ប្រាសាទបាសែត ស្ថិតក្នុង​ស្រុក​សង្កែ​ ក្រោយពីការធ្វើកំណាយ យើងនឹងធ្វើការសិក្សាអភិរក្ស ផ្សព្វផ្សាយ​វត្ថុ​សិល្បៈ​ដែល​យើង​រក​ឃើញ​។ ហើយនាយកដ្ឋានក៏មានកិច្ចសហការជាមួយសាកលវិទ្យាល័យ ប្រទេសអូស្រ្តាលី ដែល​ដឹកនាំ​ដោយ​លោកបណ្ឌិត ម៉ាទីន ដោយធ្វើការសិក្សាស្រាវជ្រាវបុរាណ នៅតំបន់​រាជធានី​សម័យ​កណ្តាល​។សូមបញ្ជាក់ផងដែរថា៖ តាំងពីឆ្នាំ២០០៧ ដែលបានបង្កើតនាយកដ្ឋានបុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា​រួច​មក នាយកដ្ឋានបានធ្វើប្រតិបត្តិការដោយផ្ទាល់ខ្លួនឯងផង និងធ្វើការសហប្រតិបត្តិការ ជា​មួយ​ដៃគូរជាតិ និងដៃគូរអន្តរជាតិមួយចំនួនធំ ក្នុងនោះមានការចូលរួមពីបណ្តាល៩ប្រទេស ស្មើ​នឹង​២១​ស្ថាប័នស្រាវជ្រាវ។ ការគ្រប់គ្រង និងការស្រាវជ្រាវទាំងនេះផ្តោតលើ សម័យបុរេ​ប្រវត្តិ​សាស្ត្រ សម័យប្រវត្តិសាស្ត្រ រហូតដល់សម័យមុន-ក្រោយអង្គរ។ មកទល់នឹងពេលនេះក្រសួង ក៏​ដូចជានាយកដ្ឋានបានចុះបញ្ជី និងគ្រប់គ្រងស្ថានីយបុរាណវិទ្យាទាំងអស់ចំនួន ៩៣១៧ទីតាំង ក្នុង​នោះមានបុរាណដ្ឋានជា ប្រព័ន្ធធារាសាស្ត្របុរាណ ប្រាសាទមានរូបរាង ទួលមានគ្រឹះប្រាសាទ ទួល​មនុស្សរស់នៅ ទួលកប់សព ទីតាំងឡស្លរដែក និងទីតាំងឡដុតកុលាលភាជន៍បុរាណ៕ អត្ថបទ រដ្ឋា

ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ចំពោះការគ្រប់គ្រង​ធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត

2024/03/08 12:44:06 pm        147
ភ្នំពេញ៖ «ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែល​មិន​អាច​កាត់ថ្លៃបាន ជាពិសេស ធានាការ​គ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅ​មុខទៀត» នេះ​ជាការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៤ ដែលជាថ្ងៃដែលពិភពលោក ក៏ដូចជានៅកម្ពុជា បាននិងកំពុងប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា​។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្នុងចំណោមមន្រ្តីឧទ្យានុរក្សសរុប ១០៦៩នាក់ មាន​ស្រ្តីប្រមាណ៣០% បាននិងកំពុងបំពេញបេសកកម្មជាមន្រ្តីឧទ្យានុរក្ស ដែល​បាន​បំពេញ​តួនាទី​សំខាន់ ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយ​កា​រ​ទទួលខុសត្រូវខ្ពស់ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តចំនួន១៥ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្សទាំងអស់ បានលះបង់ពេលវេលា​ជាមួយ​ក្រុម​គ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាស្មារតី ដើរល្បាតនៅតាមព្រៃ ភ្នំ ជ្រលងដងអូរ ទន្លេ​នានា ទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ប្រឈមជំងឺដង្កាត់នានា វង្វេងផ្លូវ ដាច់បាយ ផ្លូវលំបាក ទឹកជំនន់ ការប្រឈមនឹងបទល្មើស ជួបគ្រោះថ្នាក់ដោយប្រការណាមួយ ក៏​ប៉ុន្តែ​មន្រ្តី​ឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានឈរជើង និង​ចុះ​ល្បាត​បង្កាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ជាប់ជាប្រចាំ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ ដែលមានផ្ទៃដីជាង៧លានហិចតា ស្មើនឹង​ប្រមាណ៤០% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។«មន្ត្រីឧទ្យានុរក្សរបស់យើង បាននិងកំពុងបំពេញភារកិច្ច ជាក់ស្តែងនៅពេលនេះ គឺដូចជាឪពុក ម្តាយ ឬអ្នកអាណាព្យាបាល ដែលជួយឃ្លាំមើល ការពារ ថែរក្សា មរតកធនធាន​ធម្មជាតិ​ដ៏​សម្បូណ៌​បែប​សម្រាប់កូនចៅ តទៅមុខទៀត» បញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងបរិស្ថាន។ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មន្រ្តី​ឧទ្យានុរក្ស​ត្រូវបានទទួលការថែទាំ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ដូច​ជា​ការថែទាំសុខភាព ការការពារជំងឺ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព របៀប​នៃ​ការចុះល្បាត និងបង្កាបបទល្មើស មធ្យោបាយ សម្ភារៈ ការប្រើប្រាស់ឧបករណ៍ ស្រប​នឹង​ការ​វិវត្តថ្មី​នៃការជឿនលឿន នៃបច្ចេកវិទ្យា និងការអភិវឌ្ឍប្រទេស។ លើសពីនេះ ក្រសួង​បរសិស្ថាន បានពង្រឹងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការគ្រប់​គ្រង​ធន​ធាន​ធម្មជាតិ ដែលជាការផ្តល់លទ្ធភាព ក្នុងការលើកកម្ពស់សមត្ថភាព លទ្ធភាព និង​ប្រសិទ្ធ​ភាព​ការងារ​ស្រ្តី ក្នុងការបំពេញភារកិច្ច ក៏ដូចជាការបង្កើនឱ្យមានការចូលរួម កាន់តែប្រសើរថែមទៀត រវាង​ស្រ្តី កុមារ ក្មេងស្រី ក្នុងវិស័យបរិស្ថាន។ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការបន្ត​ថែ​រក្សា​ធន​ធានធម្មជាតិ និងគិតគូរចូលរួមលើកស្ទួយជីវភាព ប្រជាសហគមន៍មូលដ្ឋាន តាមរយៈ​កម្ម​វិធី​អភិវឌ្ឍន៍​វិស័យគោលដៅកម្សាន្តបៃតង និងបន្តអប់រំផ្សព្វផ្សាយ ដល់មហាជន​ទូទៅ​ពី​សារៈ​សំខាន់​នៃ​យុទ្ធសាស្រ្តចក្រា ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន ៣ គឺភាព ស្ងាត បៃតង និងចីរភាព ឆ្ពោះ​ទៅ​ការសម្រេចទស្សនវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានការអភិវឌ្ឍន៍ជឿនលឿន និង​ជា​ប្រទេស​អព្យាក្រឹតកាបូន។អ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ ជា​ពិសេស​ចំពោះមន្ត្រីឧទ្យានុរក្សជានារី ដែលមានភាពអង់អាចក្លាហាន មាន​ស្មារតី​ស្នេហា​ជាតិ​មាតុ​ភូមិ មានការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិ ដែល​កម្ពុជា​មាន​សម្រាប់​មនុស្សរាប់ជំនាន់ទៀត៕

កម្ពុជាពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ នៅតាមតំបន់ការពារធម្មជាតិ

2024/03/04 11:29:31 am        145
ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី ៣ មិនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ។ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន ៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតា ស្មើនឹង៤០%នៃផ្ទៃដីប្រទេស។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា បានរកឃើញថា សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២០៨៥ ប្រភេទ (ថនិកសត្វ=១៤៧ បក្សី=៥៤៣ ល្មូន=១៤៥ ថលជលិគ=៥៩ ត្រី=១០៩៣ និងសត្វល្អិត=៩៨)។ ឯកឧត្តម ខ្វៃ អាទិត្យា បានអះអាងថា ក្រសួងបរិស្ថាន និងអង្គការដៃគូធ្វើការអភិរក្សដោយផ្តោតសំខាន់ទៅលើប្រភេទសត្វដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងចំនួនប្រមាណ ១២៣ប្រភេទ (ថនិកសត្វ=២៥ បក្សី=៣៣ ល្មូន=២១ ថលជលិគ=៩ និងត្រី=៣៥) ជាមួយគ្នានេះ ប្រភេទសត្វជិតផុតពូជដែលមានច្រើនជាងគេនៅកម្ពុជារួមមាន៖ ថនិកសត្វមាន៖ ទន្សោង បក្សីមាន៖ក្ងរ (ត្រយ៉ង) យក្ស ចាបតេតកម្ពុជា និងត្រយ៉ងចំកកសជាដើម។ ឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រទេសកម្ពុជាក៏ចាត់ទុកជាប្រទេស ដែលមានវត្តមានប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងច្រើនដូចជា៖ ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចំកកស និងចាបតេតកម្ពុជាជាដើម មានវត្តមានតិចជាងប្រទេសជិតខាងដូចជា ដំរីអាស៊ី និងខ្ទីងជាដើម។ឯកឧត្តម ខ្វៃអាទិត្យា បានលើកឡើងបន្ថែមថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ការពារមរតកធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃនិង ជិវៈចម្រុះ ដើម្បីបន្តទុកដល់កូនចៅជំនាន់ក្រោយ និងជាពិសេសធានាដល់ថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅសម្រេចទស្សនវិស័យប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០។ឯកឧត្តមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ដៃគូសហការ ជាពិសេសប្រជាសហគមន៍តំបន់ការពារធម្មជាតិ ពង្រឹងការចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀត ជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការពារអភិរក្សធនធានធម្មជាតិ។ នៅក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការ អនុវត្តច្បាប់លើវិធាន៤ចំណុច ក្នុងនោះដោយអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះ។ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា ចំពោះការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាវិធានការជាក់ស្តែង ដើម្បីការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្ស ដូចជាការដាំដុះដើមឈើ គឺ«ដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍គោលដៅកម្សាន្តបៃតង ៕

MedCREATE សហការជាមួយមន្ទីរពេទ្យនៅម៉ាឡេស៊ី ផ្តល់សេវាដល់ពលរដ្ឋកម្ពុជា ដែលចង់ទៅព្យាបាលជំងឺនៅក្រៅប្រទេស

2024/02/25 06:24:57 pm        127
ភ្នំពេញ​៖ ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា  MedCREATE នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យថ្មីមួយទៀត នៅក្នុងប្រទេសម៉ាឡេស៊ី ឈ្មោះ «Subang Jaya Medical Centre» ដើម្បីផ្តល់ភាពកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលមាន បំណងស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស។ការចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាង Med CREATE និងមន្ទីរពេទ្យ Subang Jaya Medical Centre ខាងលើនេះ គឺប្រព្រឹត្តឡើងនៅសណ្ឋាគារ សាន់និងម៉ូន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបើកសិក្ខាសាលាចែក រំលែកចំណេះដឹងពីបញ្ហា «ជំងឺមហារីកសុដន់» ពីសំណាក់លោកស្រីវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់ពីវិធីសាស្ដ្រស្វែងរករោគសញ្ញា និងការព្យាបាលដ៏មាន ប្រសិទ្ធភាពជូនដល់អ្នកចូលរួមដែលចំនួនប្រមាណជិត ១០០ នាក់ នាវេលាថ្ងៃទី២៥ខែកុម្ភះ ២០២៤ នេះ។ខណះ ជំងឺមហារីកសុដន់ដែលចាត់ទុកជាប្រភេទមហារីកជាទូទៅច្រើនកើតលើស្តី្រ រីឯ បុរសក៏អាចវិវត្តទៅជាមហារីកសុដន់នេះដែរ បើទោះបីជាការកើតនៃជំងឺនេះកើតឡើងដោយកម្រក៏ដោយ ។ហើយការធ្វើរោគវិនិច្ឆ័យរកឃើញឆាប់រហ័សនៃមហារីក បង្កើនឱកាសច្រើនក្នុងការទទួលបានការព្យាបាលបានជោគជ័យ។នៅក្នុងឱកាសនោះលោក រ័ត្ន សុចាន់ នាយកប្រតិបត្តិផ្នែក ទីផ្សារ និងអាជីវកម្ម នៃMedCREATE ក៏ថ្លែងប្រាប់អ្នកចូលរួមឲ្យបានដឹងផងដែរថា MedCREATE គឺជាការិយាល័យតំណាងមន្ទីរពេទ្យអន្ដរជាតិឈានមុនគេ ក្នុងប្រទេសកម្ពុជា ចាប់ពីតាំងពីឆ្នាំ២០១៦ កន្លងមក តែងតែសិប្រឹក្សាយ៉ាងល្អិតល្អន់ និងស្វែងរកនូវដៃគូ មន្ទីរពេទ្យ ដែលមានគុណភាព និងសេវាកម្មល្អ សម្រាប់ផ្តល់ការព្យាបាលនូវប្រភេទជំងឺទាំងធ្ងន់ និងស្រាល និងការសង្រ្គោះបន្ទាន់ដល់អ្នកជំងឺ ។ លោក រ័ត្ន សុចាន់ បន្តឲ្យដឹងថា សម្រាប់អ្នកជំងឺសង្រ្គោះបន្ទាន់វិញ ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា នឹងផ្តល់នូវសេវារថយន្ត និងយន្តហោះសង្រ្គោះបន្ទាន់ទៅកាន់79ប្រទេសផងដែរ ខណះ MedCREATE បានធ្វើការសហការដោយផ្ទាល់ជាមួយមន្ទីរពេទ្យល្បីៗជា ច្រើន នៅក្នុងប្រទេសចំនួន៤ រួមមាន ប្រទេសថៃ, ប្រទេសឥណ្ឌា, ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការលើកិច្ចការរដ្ឋបាល សម្រាប់មន្រ្តីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣

2024/02/20 01:37:00 pm        167
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ​២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ លើកិច្ច​ការ​រដ្ឋបាល សម្រាប់​​មន្រ្តីថ្មី​ក្របខ័ណ្ឌឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងចាប់​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយក្នុ​ង​វគ្គ​នេះ​សាលា​បាន​កំណត់​ជ្រើសយក​មន្រ្តី​ក្រប​ខ័ណ្ឌ​ថ្មី​ឆ្នាំ​២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពី​អាជ្ញាធរជាតិ​សំបូរ​ព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលា​មធ្យម​វិចិត្រ​សិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។ ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងផ្តល់​ចំណេះ​ដឹង​ជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខ័ណ្ឌថ្មី ដើម្បី​យក​ទៅ​អនុវត្ត​នៅ​តាម​អង្គភាព​រៀងៗខ្លួនឱ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បី​ជា​គុណ​ប្រយោជន៍​ក្នុង​ការ​ចូលរួម​ដល់ការអភិវឌ្ឍប្រទេសជាតិ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា កិច្ចការរដ្ឋបាលនេះ គឺ​ជា​កិច្ចកា​រងារ​ថ្មី​សម្រាប់​ប្អូនៗទាំងអស់ជាសិក្ខាកាមនៅពេលនេះ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ទើប​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះលេចចេញជារូបរាងឡើង។ នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាលនេះ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានអញ្ជើញនូវវាគ្មិន ក៏ដូច​ជា​សាស្រ្តា​ចារ្យ​ដែលមានចំណេះ ជំនាញច្បាស់លាស់លើកិច្ចការរដ្ឋបាលនេះធ្វើជាគ្រូឧទ្ទេស។ ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺជាលទ្ធផល​ថ្មី​មួយ​ទៀត​ដែល​ថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ចំណេះ​ដឹង​ដល់​មន្រ្តី​រាជការ ឱ្យបានដឹងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការងាររបស់ខ្លួន ដែលនេះ​គឺ​ជា​កាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់រូបត្រូវអនុវត្តដើម្បីបម្រើផលប្រយោជន៍ជាតិ និងជំរុញឱ្យ​វិស័យ​វប្បធម៌​កាន់តែរីកចម្រើន និងប្រសើរឡើងថែមមួយកម្រិតទៀត ស្របតាមបញ្ចកោណទី១៖ ការ​អភិវឌ្ឍ​មូល​ធនមនុស្សនៃយុទ្ធសាស្រ្តបញ្ចកោណ ដែលជាផែនការ​យុទ្ធសាស្រ្ត​ជាតិ​របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។ចំណែកឯ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បាន​ឱ្យ​ដឹង​ថា ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល សាលាបណ្តុះ បណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជា​អង្គភាព​ចំណុះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់​តែ​សំខាន់​ឡើង​ក្នុង​មុខងារ​ជា​អ្នក​ផ្តល់​ការ​គាំទ្រ​លើ​វិស័យ​បណ្តុះបណ្តាលធនធនមនុស្ស ដល់អង្គភាពមន្រ្តីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ​ក្នុង​បរិបទ​នៃ​ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់សង្គមកម្ពុជានិងតំបន់ ការប្រកួតប្រជែង និងសេចក្តី​ត្រូវ​ការ​នៃសេវាសាធារណៈ និងកិច្ចការរដ្ឋបាលដែលមានការវិវត្ត និងការ​កើន​ឡើង​ជា​លំដាប់​នោះ​។ក្នុងន័យនេះ ការកែលម្អ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​សេវា​បណ្តុះ​បណ្តាល​ផ្តល់​ដោយ​អង្គភាព​ចំណុះក្រ​សួងមួយនេះ ត្រូវបានកំណត់​ចូល​ក្នុង​របៀប​វារៈ​ជា​អាទិភាព​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ លោកបន្តថា វគ្គនេះគឺជាលទ្ធផលថ្មីមួយដ៏ល្អ ដែលថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់​ចំណេះ​ដឹង​ដល់មន្រ្តីរាជការទាំងអស់ ឱ្យមានការទទួលខុសត្រូវក្នុងការងារ។ នេះគឺជា​កាតព្វកិច្ច​របស់​មន្រ្តី​រាជការក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ជាតិ ជំរុញឱ្យការងារ​ក្នុង​វិស័យ​វប្បធម៌ និងវិចិត្រសិល្បៈកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។ ដូច​នេះ​មន្រ្តី​គ្រប់​រូប​ក្នុង​ក្រប​ខណ្ឌ​ក្រសួង ត្រូវមានកាតព្វកិច្ចចាំបាច់ពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដោយ​ខិតខំ​សិក្សា​រៀន​សូត្រ បំពាក់នូវចំណេះដឹងផ្ទាល់ខ្លួនបន្ថែម ដើម្បីក្លាយ​ខ្លួន​ជា​មន្រ្តី​ដែល​មាន​សមត្ថ​ភាព​ចេះ​ទទួល​ខុស​ត្រូវ​ក្នុងភារកិច្ចដែលក្រសួងផ្តល់ឱ្យ៕

គិតត្រឹមឆ្នាំ២០២៣ មនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ ចុះកំណត់តំបន់ស្ថានីយបុរាណ បានចំនួនជាង ៥០០ទីតាំង

2024/02/19 01:00:48 pm        127
លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា គិតត្រឹមឆ្នាំ២០២៣មកនេះ មន្ត្រី​ជំនាញ​បាន​ចុះ​កំណត់​តំបន់​ស្ថានីបុរាណ(ដីរដ្ឋ) នៅតាមបណ្តាស្រុកនានា ដើម្បីថែរក្សា​ការពារ​សម្បតិ្ត​បេតិក​ភណ្ឌ​ជាតិ​បានចំនួន៥០៩ទីតាំង។លោក ស៊ុន មានជ័យ បានបន្តថា មនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ ការចុះប​ញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ គឺសំដៅទៅលើទីទួលបុរាណ(ស្ថានីយបុរាណ) ក្នុងនោះមានដូចជា ទួលអង្គ ទួល​ប្រាសាទ ទួលគ្រឹះប្រាសាទ បឹងបុរាណ ស្រះទឹកបុរាណ ជាដើម ទៅតាមកាល​កំណត់​នៅ​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលមនី្ទរវប្បធម៌ បានអនុវត្តកន្លងមក។ លទ្ធផលដែលយើងសម្រេចបាន ក្នុងការចុះកំណត់តំបន់ស្ថានីបុរាណ(ដីរដ្ឋ) នៅតាម​បណ្តា​ស្រុក​នានា សរុប ៥០៩ ទីតាំង រួមមាន៖ ស្រុកសំរោងទង ២០០ទីតាំង, ស្រុកគងពិសី ៨៣ទីតាំង, ស្រុក​បសេដ្ឋ ៨៤ទីតាំង, ក្រុងច្បាមន ២១ទីតាំង, ស្រុកសាមគ្គីមុនីជ័យ ៤១ទីតាំង, ក្រុង​ឧដុង្គម៉ែជ័យ ២៨ទីតាំង, ស្រុកភ្នំស្រួច ២៤ទីតាំង, ស្រុកថ្ពង ២២ទីតាំង, ស្រុកឱរ៉ាល់ ៦ទីតាំង និង​បា​ន​កំណត់និយាមការសរុប ៣១៤ទីតាំង និងបានចុះធ្វើបណ្ណកម្មសិទ្ធសរុបចំនួន ៥៥ទីតាំង ក្នុង​នោះរួមមាន៖ បង្កាន់ដៃសម្រាប់ទទួលប្លង់រឹង ៤៧ និងប្លង់រឹងចំនួន ៨ និងបាន​បោះបង្គោល​ព្រំ​ការពារ​ចំនួន ៦៦ ទីតាំង។លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ «ចង់ជម្រាបជូនថា នៅ​ឆ្នាំ២០១៨ នៅពេលដែលលោកទទួលបន្ទុកជាប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ គឺ​ស្ថានីយបុរាណ មានទិន្នន័យចំនួន៤២៣។ ដូច្នេះចាប់ពីឆ្នាំ២០១៨ រហូតមក​ដល់​ឆ្នាំ​២០២៤​នេះ ក្រុមការងាររបស់មនី្ទរ បានរកឃើញទីតាំងថ្មី រហូតដល់ទៅ៥០៩ទីតាំង នេះ​បើ​យើង​គិត​ពី​បច្ចុប្ប​ន្នភាពក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការកើនឡើង។ ការកើនឡើង និងរកឃើញ​ស្ថានីយ​បុរាណ​នេះ ​គឺដោយសារតែយុទ្ធការ នៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ទើបយើងរកឃើញថ្មី។ ពី​មុន​មក​យើង​ចុះ​ធ្វើការងារនេះជារៀងរាល់ឆ្នាំ ដើម្បីទៅពិនិត្យទីទួល ទីតាំងដែលមានស្រាប់ និងចុះ​ធ្វើ​និយាម​ការ ដើម្បីការពារទីតាំងទាំងនោះ រួមមានទាំងការបោះបង្គោលផងដែរ។ជាចុងក្រោយលោក ស៊ុន មានជ័យ បានបញ្ជាក់ថា តួនាទី និងភារកិច្ចរបស់មនី្ទរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្តកំពង់ស្ពឺ ឈរលើកិច្ចការចំនួន២ចម្បង គឺទី១៖ កិច្ចការបេតិកភណ្ឌរូបី និងទី២៖​កិច្ច​ការ​វប្បធម៌​អរូបី។ ដូច្នេះទាំងរូបី និងអរូបី មន្រី្តជំនាញ​របស់​យើង​បាន​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​ទៅ​តាម​ផែនការ នូវអ្វីដែលយើងទទួលការងារបន្ថែមពីការណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​រដ្ឋបាលខេត្តកំពង់ស្ពឺ គ្រប់សកម្មភាព​ទាំង​អស់​យើង​តែងតែ​សហការ​ជានិច្ច​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​(ប្រជាពលរដ្ឋ-មេភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុង)ជាប់ជាប្រចាំ៕ អត្ថបទ៖ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីលីបង់ជំរុញឲ្យប្រធាន UNHCR រៀបចំបញ្ជូនជនភៀសខ្លួនស៊ីរីត្រឡប់ទៅប្រទេសវិញ
01/24/2025 03:01 PM
ប្រធានអង្គការសហប្រជាជាតិ ថ្កោលទោសក្រុមឧទ្ទាម ជុំវិញការរុលចូលទៅកុងហ្គោភាគខាងកើត
01/24/2025 03:01 PM
លោក ត្រាំ ប្រាប់WEFថា បទឈប់បាញ់នៅហ្កាហ្សា មិនបានកើតឡើងទេ ប្រសិនគ្មានអាមេរិកទេ
01/24/2025 03:01 PM
អ៊ីរ៉ង់ថ្កោលទោសការសម្រេចរបស់អាមេរិកប្រឆាំងគុយបា និងក្រុមហ៊ួទី នៅប្រទេសយេម៉ែន
01/24/2025 03:01 PM
Bruno Fernandes ស៊ុតគ្រាប់ចុងម៉ោងឱ្យ Manchester United ឈ្នះ Rangers នៅ Europa League
01/24/2025 02:01 PM
កូរ៉េខាងត្បូង សង្ស័យថាកូរ៉េខាងជើង នឹងត្រៀមបញ្ជូនកងទ័ពបន្ថែមទៅប្រទេសរុស្ស៊ី
01/24/2025 02:01 PM
ភ្នាក់ងារអាមេរិក ឆ្មក់ចូលកន្លែងធ្វើការនៅរដ្ឋ New Jersey ក្នុងការបង្ក្រាបជនអន្តោប្រវេសន៍
01/24/2025 02:01 PM
មេដឹកនាំថ្មីរបស់ស៊ីរី ងាកទៅរកច្បាប់ឥស្លាម ក្នុងកិច្ចប្រឹងប្រែងកសាងកម្លាំងនគរបាលឡើងវិញ
01/24/2025 02:01 PM
ចៅក្រមអាមេរិក រារាំងបទបញ្ជាលោក Trump ក្នុងការរឹតបន្តឹងសិទ្ធិទទួលបានសញ្ជាតិពីកំណើត
01/24/2025 02:01 PM
អាមេរិក-ចិន អាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ខណៈលោក Trump ហៅកិច្ចពិភាក្សាជាមួយលោក Xi ថា “រួសរាយ”
01/24/2025 02:01 PM