អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ
នាវាទេសចរណ៍មួយដឹកភ្ញៀវទេសចរសរុបជាង៦០០នាក់ ចូលចតនៅកំពង់ផែ​ក្រុង​ព្រះសីហនុ
សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ទីក្រុងអ៊ិនឈុន​សន្យា​នឹង​ជួយ​ផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា
ឧទ្យានជាតិគិរីរម្យ កំពុងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាដ៏ធំនៅកម្ពុជា និង​ជា​កន្លែង​ទេសចរណ៍​ដ៏មានសក្ដានុពល

វប្បធម៌ និងទេសចរណ៍

MedCREATE សហការជាមួយមន្ទីរពេទ្យនៅម៉ាឡេស៊ី ផ្តល់សេវាដល់ពលរដ្ឋកម្ពុជា ដែលចង់ទៅព្យាបាលជំងឺនៅក្រៅប្រទេស

2024/02/25 06:24:57 pm        137
ភ្នំពេញ​៖ ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា  MedCREATE នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យថ្មីមួយទៀត នៅក្នុងប្រទេសម៉ាឡេស៊ី ឈ្មោះ «Subang Jaya Medical Centre» ដើម្បីផ្តល់ភាពកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលមាន បំណងស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស។ការចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាង Med CREATE និងមន្ទីរពេទ្យ Subang Jaya Medical Centre ខាងលើនេះ គឺប្រព្រឹត្តឡើងនៅសណ្ឋាគារ សាន់និងម៉ូន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបើកសិក្ខាសាលាចែក រំលែកចំណេះដឹងពីបញ្ហា «ជំងឺមហារីកសុដន់» ពីសំណាក់លោកស្រីវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់ពីវិធីសាស្ដ្រស្វែងរករោគសញ្ញា និងការព្យាបាលដ៏មាន ប្រសិទ្ធភាពជូនដល់អ្នកចូលរួមដែលចំនួនប្រមាណជិត ១០០ នាក់ នាវេលាថ្ងៃទី២៥ខែកុម្ភះ ២០២៤ នេះ។ខណះ ជំងឺមហារីកសុដន់ដែលចាត់ទុកជាប្រភេទមហារីកជាទូទៅច្រើនកើតលើស្តី្រ រីឯ បុរសក៏អាចវិវត្តទៅជាមហារីកសុដន់នេះដែរ បើទោះបីជាការកើតនៃជំងឺនេះកើតឡើងដោយកម្រក៏ដោយ ។ហើយការធ្វើរោគវិនិច្ឆ័យរកឃើញឆាប់រហ័សនៃមហារីក បង្កើនឱកាសច្រើនក្នុងការទទួលបានការព្យាបាលបានជោគជ័យ។នៅក្នុងឱកាសនោះលោក រ័ត្ន សុចាន់ នាយកប្រតិបត្តិផ្នែក ទីផ្សារ និងអាជីវកម្ម នៃMedCREATE ក៏ថ្លែងប្រាប់អ្នកចូលរួមឲ្យបានដឹងផងដែរថា MedCREATE គឺជាការិយាល័យតំណាងមន្ទីរពេទ្យអន្ដរជាតិឈានមុនគេ ក្នុងប្រទេសកម្ពុជា ចាប់ពីតាំងពីឆ្នាំ២០១៦ កន្លងមក តែងតែសិប្រឹក្សាយ៉ាងល្អិតល្អន់ និងស្វែងរកនូវដៃគូ មន្ទីរពេទ្យ ដែលមានគុណភាព និងសេវាកម្មល្អ សម្រាប់ផ្តល់ការព្យាបាលនូវប្រភេទជំងឺទាំងធ្ងន់ និងស្រាល និងការសង្រ្គោះបន្ទាន់ដល់អ្នកជំងឺ ។ លោក រ័ត្ន សុចាន់ បន្តឲ្យដឹងថា សម្រាប់អ្នកជំងឺសង្រ្គោះបន្ទាន់វិញ ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា នឹងផ្តល់នូវសេវារថយន្ត និងយន្តហោះសង្រ្គោះបន្ទាន់ទៅកាន់79ប្រទេសផងដែរ ខណះ MedCREATE បានធ្វើការសហការដោយផ្ទាល់ជាមួយមន្ទីរពេទ្យល្បីៗជា ច្រើន នៅក្នុងប្រទេសចំនួន៤ រួមមាន ប្រទេសថៃ, ប្រទេសឥណ្ឌា, ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការលើកិច្ចការរដ្ឋបាល សម្រាប់មន្រ្តីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣

2024/02/20 01:37:00 pm        199
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ​២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ លើកិច្ច​ការ​រដ្ឋបាល សម្រាប់​​មន្រ្តីថ្មី​ក្របខ័ណ្ឌឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងចាប់​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយក្នុ​ង​វគ្គ​នេះ​សាលា​បាន​កំណត់​ជ្រើសយក​មន្រ្តី​ក្រប​ខ័ណ្ឌ​ថ្មី​ឆ្នាំ​២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពី​អាជ្ញាធរជាតិ​សំបូរ​ព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលា​មធ្យម​វិចិត្រ​សិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។ ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងផ្តល់​ចំណេះ​ដឹង​ជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខ័ណ្ឌថ្មី ដើម្បី​យក​ទៅ​អនុវត្ត​នៅ​តាម​អង្គភាព​រៀងៗខ្លួនឱ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បី​ជា​គុណ​ប្រយោជន៍​ក្នុង​ការ​ចូលរួម​ដល់ការអភិវឌ្ឍប្រទេសជាតិ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា កិច្ចការរដ្ឋបាលនេះ គឺ​ជា​កិច្ចកា​រងារ​ថ្មី​សម្រាប់​ប្អូនៗទាំងអស់ជាសិក្ខាកាមនៅពេលនេះ ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ទើប​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះលេចចេញជារូបរាងឡើង។ នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាលនេះ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានអញ្ជើញនូវវាគ្មិន ក៏ដូច​ជា​សាស្រ្តា​ចារ្យ​ដែលមានចំណេះ ជំនាញច្បាស់លាស់លើកិច្ចការរដ្ឋបាលនេះធ្វើជាគ្រូឧទ្ទេស។ ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺជាលទ្ធផល​ថ្មី​មួយ​ទៀត​ដែល​ថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ចំណេះ​ដឹង​ដល់​មន្រ្តី​រាជការ ឱ្យបានដឹងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការងាររបស់ខ្លួន ដែលនេះ​គឺ​ជា​កាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់រូបត្រូវអនុវត្តដើម្បីបម្រើផលប្រយោជន៍ជាតិ និងជំរុញឱ្យ​វិស័យ​វប្បធម៌​កាន់តែរីកចម្រើន និងប្រសើរឡើងថែមមួយកម្រិតទៀត ស្របតាមបញ្ចកោណទី១៖ ការ​អភិវឌ្ឍ​មូល​ធនមនុស្សនៃយុទ្ធសាស្រ្តបញ្ចកោណ ដែលជាផែនការ​យុទ្ធសាស្រ្ត​ជាតិ​របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។ចំណែកឯ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បាន​ឱ្យ​ដឹង​ថា ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល សាលាបណ្តុះ បណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជា​អង្គភាព​ចំណុះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់​តែ​សំខាន់​ឡើង​ក្នុង​មុខងារ​ជា​អ្នក​ផ្តល់​ការ​គាំទ្រ​លើ​វិស័យ​បណ្តុះបណ្តាលធនធនមនុស្ស ដល់អង្គភាពមន្រ្តីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ​ក្នុង​បរិបទ​នៃ​ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់សង្គមកម្ពុជានិងតំបន់ ការប្រកួតប្រជែង និងសេចក្តី​ត្រូវ​ការ​នៃសេវាសាធារណៈ និងកិច្ចការរដ្ឋបាលដែលមានការវិវត្ត និងការ​កើន​ឡើង​ជា​លំដាប់​នោះ​។ក្នុងន័យនេះ ការកែលម្អ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​សេវា​បណ្តុះ​បណ្តាល​ផ្តល់​ដោយ​អង្គភាព​ចំណុះក្រ​សួងមួយនេះ ត្រូវបានកំណត់​ចូល​ក្នុង​របៀប​វារៈ​ជា​អាទិភាព​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ លោកបន្តថា វគ្គនេះគឺជាលទ្ធផលថ្មីមួយដ៏ល្អ ដែលថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់​ចំណេះ​ដឹង​ដល់មន្រ្តីរាជការទាំងអស់ ឱ្យមានការទទួលខុសត្រូវក្នុងការងារ។ នេះគឺជា​កាតព្វកិច្ច​របស់​មន្រ្តី​រាជការក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ជាតិ ជំរុញឱ្យការងារ​ក្នុង​វិស័យ​វប្បធម៌ និងវិចិត្រសិល្បៈកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។ ដូច​នេះ​មន្រ្តី​គ្រប់​រូប​ក្នុង​ក្រប​ខណ្ឌ​ក្រសួង ត្រូវមានកាតព្វកិច្ចចាំបាច់ពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដោយ​ខិតខំ​សិក្សា​រៀន​សូត្រ បំពាក់នូវចំណេះដឹងផ្ទាល់ខ្លួនបន្ថែម ដើម្បីក្លាយ​ខ្លួន​ជា​មន្រ្តី​ដែល​មាន​សមត្ថ​ភាព​ចេះ​ទទួល​ខុស​ត្រូវ​ក្នុងភារកិច្ចដែលក្រសួងផ្តល់ឱ្យ៕

គិតត្រឹមឆ្នាំ២០២៣ មនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ ចុះកំណត់តំបន់ស្ថានីយបុរាណ បានចំនួនជាង ៥០០ទីតាំង

2024/02/19 01:00:48 pm        195
លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា គិតត្រឹមឆ្នាំ២០២៣មកនេះ មន្ត្រី​ជំនាញ​បាន​ចុះ​កំណត់​តំបន់​ស្ថានីបុរាណ(ដីរដ្ឋ) នៅតាមបណ្តាស្រុកនានា ដើម្បីថែរក្សា​ការពារ​សម្បតិ្ត​បេតិក​ភណ្ឌ​ជាតិ​បានចំនួន៥០៩ទីតាំង។លោក ស៊ុន មានជ័យ បានបន្តថា មនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ ការចុះប​ញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ គឺសំដៅទៅលើទីទួលបុរាណ(ស្ថានីយបុរាណ) ក្នុងនោះមានដូចជា ទួលអង្គ ទួល​ប្រាសាទ ទួលគ្រឹះប្រាសាទ បឹងបុរាណ ស្រះទឹកបុរាណ ជាដើម ទៅតាមកាល​កំណត់​នៅ​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលមនី្ទរវប្បធម៌ បានអនុវត្តកន្លងមក។ លទ្ធផលដែលយើងសម្រេចបាន ក្នុងការចុះកំណត់តំបន់ស្ថានីបុរាណ(ដីរដ្ឋ) នៅតាម​បណ្តា​ស្រុក​នានា សរុប ៥០៩ ទីតាំង រួមមាន៖ ស្រុកសំរោងទង ២០០ទីតាំង, ស្រុកគងពិសី ៨៣ទីតាំង, ស្រុក​បសេដ្ឋ ៨៤ទីតាំង, ក្រុងច្បាមន ២១ទីតាំង, ស្រុកសាមគ្គីមុនីជ័យ ៤១ទីតាំង, ក្រុង​ឧដុង្គម៉ែជ័យ ២៨ទីតាំង, ស្រុកភ្នំស្រួច ២៤ទីតាំង, ស្រុកថ្ពង ២២ទីតាំង, ស្រុកឱរ៉ាល់ ៦ទីតាំង និង​បា​ន​កំណត់និយាមការសរុប ៣១៤ទីតាំង និងបានចុះធ្វើបណ្ណកម្មសិទ្ធសរុបចំនួន ៥៥ទីតាំង ក្នុង​នោះរួមមាន៖ បង្កាន់ដៃសម្រាប់ទទួលប្លង់រឹង ៤៧ និងប្លង់រឹងចំនួន ៨ និងបាន​បោះបង្គោល​ព្រំ​ការពារ​ចំនួន ៦៦ ទីតាំង។លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ «ចង់ជម្រាបជូនថា នៅ​ឆ្នាំ២០១៨ នៅពេលដែលលោកទទួលបន្ទុកជាប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ គឺ​ស្ថានីយបុរាណ មានទិន្នន័យចំនួន៤២៣។ ដូច្នេះចាប់ពីឆ្នាំ២០១៨ រហូតមក​ដល់​ឆ្នាំ​២០២៤​នេះ ក្រុមការងាររបស់មនី្ទរ បានរកឃើញទីតាំងថ្មី រហូតដល់ទៅ៥០៩ទីតាំង នេះ​បើ​យើង​គិត​ពី​បច្ចុប្ប​ន្នភាពក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការកើនឡើង។ ការកើនឡើង និងរកឃើញ​ស្ថានីយ​បុរាណ​នេះ ​គឺដោយសារតែយុទ្ធការ នៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ទើបយើងរកឃើញថ្មី។ ពី​មុន​មក​យើង​ចុះ​ធ្វើការងារនេះជារៀងរាល់ឆ្នាំ ដើម្បីទៅពិនិត្យទីទួល ទីតាំងដែលមានស្រាប់ និងចុះ​ធ្វើ​និយាម​ការ ដើម្បីការពារទីតាំងទាំងនោះ រួមមានទាំងការបោះបង្គោលផងដែរ។ជាចុងក្រោយលោក ស៊ុន មានជ័យ បានបញ្ជាក់ថា តួនាទី និងភារកិច្ចរបស់មនី្ទរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្តកំពង់ស្ពឺ ឈរលើកិច្ចការចំនួន២ចម្បង គឺទី១៖ កិច្ចការបេតិកភណ្ឌរូបី និងទី២៖​កិច្ច​ការ​វប្បធម៌​អរូបី។ ដូច្នេះទាំងរូបី និងអរូបី មន្រី្តជំនាញ​របស់​យើង​បាន​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​ទៅ​តាម​ផែនការ នូវអ្វីដែលយើងទទួលការងារបន្ថែមពីការណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​រដ្ឋបាលខេត្តកំពង់ស្ពឺ គ្រប់សកម្មភាព​ទាំង​អស់​យើង​តែងតែ​សហការ​ជានិច្ច​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​(ប្រជាពលរដ្ឋ-មេភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុង)ជាប់ជាប្រចាំ៕ អត្ថបទ៖ រដ្ឋា 

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះសិក្សាស្វែងយល់ព័ត៌មាន ជាមូលដ្ឋាន សម្រាប់ការរៀបចំ អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»

2024/02/17 02:07:37 pm        441
ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចុះសិក្សា​ស្វែងយល់​ពី​សក្តានុពលទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុង​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» នៅថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិផងដែរ។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យលើគោលដៅសំខាន់ចំនួនរួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពើងថ្មជ្រួញ ទីតាំងបោះតង់អូរតាចក់ ពិនិត្យទីតាំងវត្តចាស់ ជាទីដែលមានភាពទាក់ទាញនៃធម្មជាតិ ទឹកជ្រោះ ល្អាងថ្ម និងពើងធម្មជាតិបង្កប់នូវរូបចម្លាក់បុរាណ ជាពិសេស​ចម្លាក់បាតស្ទឹងជាស្នាដៃសល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបង្កប់នូវអត្ថន័យសំខាន់ៗ ខាងជំនឿសាសនា ធ្វើឱ្យមានការចាប់អារម្មណ៍ទាំងមជ្ឈដ្ឋានជាតិ និងអន្តជាតិ។នៅក្នុងវេទិកាលើកទី១៩ នៃរាជរដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ។ និងអនុលោមតាម«យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្រសួងបរិស្ថានបានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ក្រោមការគាំទ្ររបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បាននឹងកំពុងជួយលើការរៀបចំផែនការ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ (ពង្រឹងការអនុវត្តច្បាប់ សាងសង់ស្នាក់ការ) សាងសងហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ រួមមាន សាងសង់ផ្លូវកៅស៊ូប្រវែង ១៤ គ.ម អគារពហុបំណង​ (អាហារដ្ឋាននិងសាលប្រជុំ) ទីលានបោះជំរុំ ការរៀបចំប្រព័ន្ធផ្លូវទស្សនាចរណ៍​​ ក្លោងទ្វា ចំណតយានយន្ត កញ្ចុះលំហែកាយ តូបលក់អាហារ ។ល។) និងជួយរួមទាំងជួយ ពង្រឹងខ្សែច្រវ៉ាក់តម្លៃជ្រូកគូលែន នៅសហគមន៍តំបន់ការពារធម្មជាតិចំនួន ៥ (សហគមន៍ព្រៃធំអន្លង់ធំ ព្រៃភ្នំម្នាស់ ជប់តាសុខ ព្រៃភ្នំក្តួច ព្រៃធំពពេល)និង ទឹកស្អាត និងអនាម័យនៅសហគមន៍ព្រៃធំអន្លង់ធំ។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ជាតំបន់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ ដែលបានរក្សាទុកនូវសំណង់ ប្រវត្តិសាស្រ្តជាច្រើនកន្លែងមានដូចជា ប្រាសាទបុរាណ ស្ថានីយ៍បុរាណ ធនធានធម្មជាតិ និងប្រព័ន្ធជីវៈចម្រុះដ៏សំបូរបែប ជាពិសេសជាតំបន់ដែលបង្កប់ទៅដោយជំនឿ ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីបុរាណកាលមក៕

រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថាប័នពាក់ព័ន្ធផ្តល់ការសម្របសម្រួលល្អជូនទេសចរអន្តរជាតិ

2024/02/15 02:34:08 pm        189
នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ច​ប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នក​ដំណើរ​អន្តរជាតិ នៅតាមច្រកទ្វារព្រំដែនជាតិ អន្តរជាតិ ទូទាំងប្រទេស ដែលក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្ត្រី ស្នើស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញផ្តល់ការសម្របសម្រួលល្អ បដិសណ្ឋារកិច្ច​ល្អ​ជូន​អ្នកដំណើរ និងទេសចរអន្តរជាតិ។ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ថ្លែងថា នៅក្នុងឆ្នាំ២០២៤ ការធ្វើដំណើរអ្នកដំណើរ និង​ទេសចរ​អន្តរជាតិ​ចូល​មកកម្ពុជា នឹងមានកំណើនល្អប្រសើរឡើងវិញ ស្របពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពគ្នាជាមួយ នាយករដ្ឋមន្ត្រីថៃ ផ្តល់​ការ​លើក​លែង​ទិដ្ឋាការ​រវាង​ប្រជាជនទាំងពីរពេញមួយខែមេសា ដើម្បីជាកាដូអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និ​ង​ស្រប​ពេល​កម្ពុជា អនុវត្តយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ និងការអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ខ្នាត​ធំនៅខេត្តសៀមរាបជាដើម។ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងថា ការស្នើរស្ថាប័ន និងអង្គភាពជំនាញ​បង្កើន​ផ្តល់​ការ​សម្រួល​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ល្អ ផ្តល់បដិសណ្ឋារកិច្ចល្អជូនអ្នកដំណើរ និងទេសចរអន្តរជាតិនោះ នឹងផ្តល់​ការ​លើក​កម្ពស់​កិត្តិនាម​កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់អនុស្សាវរីយ៍ល្អជូនទេសចរអន្តរជាតិ ស្របតាម​ផែន​ការ​យុទ្ធសាស្ត្រ​បង្កើន៥ អភិវឌ្ឍន៍៣របស់ក្រសួងទេសចរណ៍។តាមរបាយការណ៍គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរនោះ បានឲ្យដឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​អញ្ជើញ​មក​ទស្សនា​មាន​ប្រមាណ​៥លាន​៤៥​ម៉ឺននាក់​ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរចូលមកកម្ពុជា តាមច្រកទ្វារ​ព្រំដែន​គោក​មាន​ប្រមាណ​ជិត​៦៥% ច្រកទ្វារព្រំដែនផ្លូវអាកាសមានជាង៣៤% និងច្រកទ្វារព្រំដែន​ផ្លូវ​ទឹក​១.២%​។នៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅក្នុងដំណើរការសម្រួលល្អជូនអ្នកដំណើរ និង​ទេសចរ​អន្តរជាតិ​​បច្ចុប្បន្ន គឺរាជរដ្ឋាភិបាល បានពង្រីកដាក់ដំណើរការ Cambodia E-Arrival បំពេញ​ឯកសារ​អន្តោប្រវេសន៍ចូលកម្ពុជាពីចំងាយ នៅខេត្តសៀមរាប និងបន្តអនុវត្តនៅខេត្តព្រះសីហនុ ជំរុញ​ការ​លុបចោលបាតុភាពមិនល្អ និងភាពអសកម្មនានាទៀត ដែលប៉ះពាលដល់កិត្តិនាមកម្ពុជា និង​ជំរុញការអនុវត្តគោលការណ៍បដិសណ្ឋារកិច្ចល្អ ទេសចរណ៍​មាន​សុវត្ថិភាព​នៅ​គ្រប់​ច្រក​ទ្វារ​ទាំងអស់៕ អត្ថបទ៖ ស៊ុម សុខជា

អ្នកប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញទទួលបានភ្ញៀវទេសចរបរទេសដឹកជាប្រចាំ

2024/02/13 12:07:44 pm        428
បច្ចុប្បន្នក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ នៅតែ​មាន​ភាព​ញញឹក​ដឹកភ្ញៀវ​ទេសចរ​បរទេស​ជា​ប្រចាំ។ ពួកគេតែងតែទៅទទួលភ្ញៀវចុះពីកាប៉ាល់នៅចំណុចផែស្ងួត ក្បែរ​ស្ពាន​ជ្រោយ​ចង្វារ និងនៅតាមសណ្ឋាគារ។ ការទទទួលបានភ្ញៀវទេសចរបរទេសដឹកជាប្រចាំនេះ បាន​ចូល​រួម​ផ្ដល់​កម្រៃ ប្រាក់ឧបត្ថម្ភ ដល់ក្រុមអ្នកប្រកបរបរនេះ។ ជារៀងរាល់ព្រឹកក្រុមអ្នកធាក់ស៊ីក្លូជាច្រើន តែងមកជួបជុំគ្នាចាំទទួលភ្ញៀវទេសចរបរទេស ចុះ​ពី​កាប៉ាល់​នៅ​ចំណុចផែស្ងួត ក្បែរស្ពានជ្រោយចង្វារ។ រីឯអ្នកធាក់ស៊ីក្លូខ្លះ ទៅរង់ចាំ​ភ្ញៀវ​ទេសចរ​បរទេស នៅតាមសណ្ឋាគារ ដោយពួកគេទទួលបានការដឹកជាប្រចាំ។ ថ្ងៃខ្លះទទួលបានការដឹក ទាំង​ព្រឹក ទាំងល្ងាចថែមទៀតផង។ នេះជាការលើកឡើង របស់អ្នកធាក់ស៊ីក្លូ ដែល​មក​ទទួល​ភ្ញៀវ​ចុះ​ពី​កាប៉ាល់។ក្រុមអ្នកធាក់ស៊ីក្លូលើកឡើងថា ការទទួលបានភ្ញៀវបរទេសដឹកជាប្រចាំថ្ងៃនេះ ជួយ​សម្រួល​ពួក​គាត់​បាន​ច្រើន​លើជីវភាព។ ពួកគាត់ទទួលបានថវិកាពីតម្លៃសេវា ថែមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ថែម​ពី​ភ្ញៀវទៀតផង។ ពួកគាត់ពិតជា​សប្បាយ​ចិត្ត​ដែល​មាន​វត្ត​មាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​បន្ត​ប្រើ​ប្រាស់​សេវា​ស៊ីក្លូបែបនេះ។សម្រាប់ការដឹកភ្ញៀវទេសចរបរទេសជាប្រចាំនេះ ក៏មានការជួយរៀបចំដោយសមាគមអភិរក្សស៊ីក្លូ និង​មុខ​របរក្រៅប្រព័ន្ធផងដែរ។ លោក អ៊ឹម សម្បត្តិ ប្រធានសមាគម លើកឡើងថា សមាគមតែង​រៀបចំ​ឱ្យ​អ្នកធាក់ស៊ីក្លូ ឆ្លាស់វេនគ្នា ដឹកភ្ញៀវបរទេស។ លោកថា ចំនួនភ្ញៀវទេសចរបរទេសជិះស៊ីក្លូ មាន​ជា​ប្រចាំថ្ងៃ ហើយថ្ងៃខ្លះមានចំនួនរហូតដល់ប្រមាណ ១០០នាក់។ លោកបន្តថា ចំនួន​ភ្ញៀវ​ទេសចរ​ចុះ​ពីកាប៉ាល់នេះនឹងបន្តមានរហូតដល់ខែ មីនា ទើបមានភាពស្ងប់ស្ងាត់។សូមជម្រាបថា អ្នកប្រកបរ​បរ​ធាក់​ស៊ីក្លូ​ក៏ជាក្រុមគោលដៅ​ដែល​ទទួល​បាន​ការ​ជួយឧ​បត្ថម្ភ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បាន​បង្កើតមូលនិធិស៊ីក្លូ កាលពីឆ្នាំ ២០១៨កន្លងទៅ។ មូលនិធិនេះ បានផ្ដល់ថវិកា ២១ ម៉ឺន​រៀល ក្នុងមួយខែ ជូនអ្នកប្រកបរបរធាក់ស៊ីក្លូ។ លើសពីនេះ រាល់អ្នកធាក់ស៊ីក្លូទាំងអស់ ក៏​ទទួល​បាន បណ្ណ ប ស ស សម្រាប់ការទៅទទួលសេវាពិនិត្យ ព្យាបាលដោយមិនគិតថ្លៃផងដែរ៕ អត្ថបទ៖ គឹមហុក 

នាវាទេសចរណ៍មួយគ្រឿងទៀតដឹកភ្ញៀវទេសចរជាង ៧០០ នាក់ ចូលទស្សនាកម្សាន្ត នៅខេត្តព្រះសីហនុ

2024/02/12 03:19:51 pm        232
ព្រះសីហនុ៖ នាវាទេសចរណ៍ ឈ្មោះ SEVEN SEA EXPLORER សញ្ជាតិ MARSHALL ISLAND នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ បានដឹកភ្ញៀវទេសចរជាង ៧០០ នាក់ ចូលទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ។យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ SEVEN SEA EXPLORER សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២២៣.៧៤ ម៉ែត្រ ទទឹង ៣១ម៉ែត្រ ជម្រៅ៧ ម៉ែត្រ ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ដើម្បីនាំយកភ្ញៀវទេសចរមកទស្សនា កម្សាន្តតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ នាវាទេសចរណ៍នេះមាននាវិកសរុបចំនួន៥៤៨នាក់ ស្រី ១១១នាក់ មាន ៤៣សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ៧២៦នាក់ ស្រី ៣៧៣នាក់ មាន ២៩សញ្ជាតិ (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ អាមេរិក ៤៨៣នាក់ កាណាដា៦៦នាក់ និង អង់គ្លេស ៦៥នាក់ ) ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ (ក្នុងខេត្តព្រះសីហនុ ) នាវានេះនឹងចាកចេញទៅវិញ វេលាម៉ោង ១៩.៤០នាទី នៅថ្ងៃ ខែ ឆ្នាំដដែល ឆ្ពោះទៅប្រទេសវៀតណាម៕

ទេសចរ ១ម៉ឺន៦ពាន់នាក់មកលេងខេត្តកោះកុង អំឡុងបុណ្យចូលឆ្នាំចិន៣ថ្ងៃ

2024/02/12 12:44:50 pm        144
មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា ៣ថ្ងៃអំឡុងពិធីបុណ្យចូលឆ្នាំចិនវៀតណាម មាន​អ្នក​ទេសចរសរុបប្រមាណ១ម៉ឺន៦ពាន់នាក់ មានមកលេងលំហែនៅតាមរមណីយដ្ឋានក្នុងខេត្ត។គិតចាប់​ពី​ថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តកោះកុងបានស្វាគមន៍ទទួលភ្ញៀវទេសចរសរុប១៦.៣៩៩នាក់ ដោយតួលេខ​នេះ​បាន​កើន​ឡើង​ ៥.៧៦៣នាក់ ស្មើនឹង៥៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះ​ភ្ញៀវ​បរទេស​ចំនួន៣៥៥នាក់។លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មាន និងផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បាន​ឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាន​សម្រុក​ទៅ​លេង​ឆ្នេរ​សមុទ្រនៅរមណីយដ្ឋានកោះស្តេច ដែលស្ថិតនៅក្នុងស្រុកគិរីសារគរ គឺមាន​ចំនួន​ច្រើន​ជាង​គេ ព្រោះទីនោះមានសក្តានុពលទេសចរធម្មជាតិទាក់ទាញខ្លាំង។លោក សាគុណ ភក្តី បន្ថែមថា ក្រៅពីតំបន់ទេសចរណ៍កោះស្តេច ពលរដ្ឋ និងអ្នក​ទេសចរ​មក​ពី​បណ្តា​រាជ​ធានីខេត្ត ក៏ទៅលេងកម្សាន្តឆ្នេរនេសាទ ស្រុកស្រែអំបិល ឆ្នេរប៉ាក់​ខ្លង​ស្ថិត​នៅ​ស្រុក​មណ្ឌល​សីមា និងតំបន់ធម្មជាតិនៅស្រុកថ្មបាំងផងដែរ។ ដោយឡែកតម្លៃចំណីអាហារ និង​សេវា​កម្ម​ស្នាក់​នៅមួយចំនួន បានតម្លើងថ្លៃសេវារបស់ខ្លួន ទោះបីជា​មាន​ការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ពី​មន្រ្តី​ជំនាញ ព្រមទាំងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានក៏ដោយ។លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ ថ្លែងថា ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនវៀតណាម លំហូ​ភ្ញៀវ​ទេសចរ​គ្រប់មជ្ឈដ្ឋានបានសម្រុកចូលមកលេងកម្សាន្តច្រើនខ្លាំងមែនទែន ធៀបនឹង​ឆ្នាំ​កន្លង​ទៅ​។ ទន្ទឹមនោះ តាមផែនការបទបញ្ជារបស់លោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគិរីសាគរ គឺលោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បាន​ចាត់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចុះ​ល្បាត​ការ​ពារ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់​ធ្នាប់​តាម​គោល​ដៅ​ទេសចរណ៍​នានា​ក្នុង​ដែន​គ្រប់​គ្រង​របស់​ខ្លួន​ផងដែរ ដោយមិនបាតុភាពបញ្ហាអ្វីកើតមានឡើងនោះទេ។បន្ថែម​លើនេះ លោកអភិបាលរងស្រុក ក៏ពន្យល់ណែនាំដល់អ្នកទេសចរទាំងអស់ ចូលរួមថែ​រក្សា​បរិស្ថាន​អនាម័យ​សោភ័ណ្ឌភាព ក្រោយស្នាក់នៅ ឬបរិភោគចំណី​រួច​រាល់​ត្រូវ​វេច​ខ្ចប់​ដាក់​ធុង​សំរាម​ឱ្យ​ត្រឹម​ត្រូវ ដើម្បីរមណីយដ្ឋានស្រស់ស្អាត៕

អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន ៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលសុវត្ថិភាពភ្ញៀវទេសចរ

2024/02/09 01:34:10 pm        196
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​វប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅ​ប្រាសាទ​អង្គរ​វត្ត​ក្នុង​គោល​បំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាព​ផង​។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅ​ចំណុច​កណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួត​បាកាណ​(កំពូល​កណ្ដាល) របស់​ប្រាសាទ​អង្គរវត្ត។ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យ​ដឹង​ថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុងគោល​បំណង​ជួយ​សម្រួល​ដល់​ការ​ឡើង​ចុះ​របស់​ភ្ញៀវទេសចរផង និងក៏ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាច​នឹង​កើត​ឡើង​ជាយ​ថា​ហេតុ​ណាមួយផង។ ប្រការទី២ គឺជួយបង្ការកុំឱ្យភ្ញៀវទេសចរចាប់តោង ឬក៏ប៉ះ​ផ្ទាល់​ទៅ​លើ​ថ្ម​ប្រាសាទ ដែលអាចនាំឱ្យសឹករឹករិលក្បាច់ចម្លាក់ជាដើម ជាពិសេស​ជួយ​សម្រួល​បាន​ច្រើន​ដល់​ភ្ញៀវ​ទេសចរ​នៅរដូវធ្លាក់ភ្លៀងបង្ការកុំឱ្យរអិលទៀតផង។ លោក ផានេត បន្ថែមទៀតថា ការ​ដំឡើង​បង្កាន់ដៃនេះ បានប្រើឆ្អឹងដែកស្រោបឈើលើដើម្បីការពារកុំឱ្យច្រេះ និង​មិន​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាពនៃប្រាសាទនោះទេ។ ក្រុមទេសចរចម្រុះជាតិសាសន៍ ព្រមទាំង​មគ្គទេសក៍​ទេសចរណ៍​ជា​ច្រើន បានសម្តែង​ការ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​អាជ្ញាធរ​ជាតិ​អប្សរា​ដំឡើង​បង្កាន់​ដៃ​ជណ្ដើរទាំងនេះ។មគ្គទេសក៍ទេសចរណ៍ ភាសាជប៉ុន លោក យ៉ែម រ៉ូហ្សា បានបង្ហាញក្តីរំភើប នៅពេលដែល​រូប​លោក​បាន​នាំ​ភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត ចំពេលដែលក្រុមការងារ នៃអាជ្ញាធរជាតិ​អប្សរា​បាន​រៀបចំ​ដំឡើងបង្កាន់ដៃជណ្ដើរនេះរួចរាល់ហើយ។ មគ្គទេសក៍រូបនេះនិយាយថា កាល​ពី​មុន​ជណ្ដើរ​ទាំង​នោះ ពិបាកឡើងចុះ ហើយនៅកន្លែងខ្លះដែលងងឹតបន្តិចផងនោះ តែងធ្វើឱ្យ​ភ្ញៀវ​ទេសចរ​មួយចំនួន ដែលមានវ័យចាស់ៗ ពិតជាពិបាកឡើងចុះ ប៉ុន្តែពេលនេះ វាពិត​មាន​ភាព​ងាយ​ស្រួល​ជាង​កាលពីមុនឆ្ងាយណាស់។ លោក យ៉ែម រ៉ូហ្សា គិតថា នេះជាគំនិតល្អ ដែលអាជ្ញាធរ​ជាតិ​អប្សរា​បាន​គិតគូរដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរជាចម្បង ពីព្រោះតែប្រាសាទខ្ពស់ៗ ជណ្តើរ​ក៏​ច្រើន​ហើយ​កន្លែងខ្លះក៏ងងឹតថែមទៀតនោះ៕

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជិត ១០០០នាក់ ចូលចតធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ

2024/02/09 11:45:52 am        120
ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកអ្នកដំណើរបម្រុះជាតិសាសន៍ ៩៨៥នាក់ ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ដ​ព្រះសីហនុ រយៈពេល ១ថ្ងៃ រួចបន្ដទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែល។ លោកវរសេនីយ៍ បន្ដថា បន្ទាប់ពីវិបត្ដិជំងឺកូវីដ-១៩ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុក​អ្នក​ដំណើររាប់រយ រាប់ពាន់នាក់ បាន​ចូល​ចត​ជា​បន្ដ​បន្ទាប់​នៅ​កំពង់ផែ​ស្វយ័ត​អន្ដរជាតិ​ក្រុង​ព្រះសីហនុ ធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុនិងក្នុងព្រះរាជាណាចក្រកម្ពុជា។ នាវាដែល​ចូល​ចត​ថ្ងៃ​នេះ បានធ្វើដំណើរមកពីប្រទេសថៃ ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៩៧៧​នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ៥៦០ និងនាវិកសរុបចំនូន ៤២៥នាក់ ជាតិសាសន៍​ដែល​ច្រើន​ជាង​គេបង្អស់ គឺសញ្ជាតិអាមេរិក និងអង់គ្លេស។ ការចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរចម្រុះជាតិសាសន៍បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបាន​ស្វែង​យល់​ពី​វប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិង​ធនធាន​ធម្មជា​តិដ៏​សម្បូរបែប​របស់​ខេត្ដ​ព្រះសីហនុ​។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចពិភពលោកបានដំណើរការឡើងវិញ ក្រោម​ដំបូលសុខសន្ដិភាពនៅព្រះរាជាណាចក្រកម្ពុជា នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វ​ផ្សាយ​ពី​ខេត្ដ​ព្រះសីហនុ ក៍ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍មួយចំនួន ដល់​ប្រជា​ពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូ​កង់បី និងម៉ូតូឌុប ។ល។  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត
04/07/2026 08:04 PM
អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
04/07/2026 08:04 PM
ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
04/07/2026 08:04 PM
លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
04/07/2026 08:04 PM
[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង
04/07/2026 08:04 PM
ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងសង្រ្គាមអ៊ីរ៉ង់អាចក្តាប់ឱកាស ដើម្បីសន្តិភាព និងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ
04/07/2026 08:04 PM
អ៊ីរ៉ង់គំរាមរំខានការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្នុងតំបន់ «ជាច្រើនឆ្នាំ» បើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ
04/07/2026 08:04 PM
WHO ៖ ការជម្លៀសផ្នែកវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សា បានផ្អាក ក្រោយកម្មករជាប់កិច្ចសន្យាម្នាក់ត្រូវបានសម្លាប់
04/07/2026 08:04 PM
BREAKING NEWS ៖ សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
04/07/2026 08:04 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
04/07/2026 08:04 PM