សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប រំលឹកពលរដ្ឋដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឱ្យរួសរាន់ទៅចុះឈ្មោះ

2021/11/23 03:58:03 pm        887
ភ្នំពេញ ៖ ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវបិទបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ទៀត អ្នកនាំពាក្យគ.ជ.ប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលមានអាយុពី១៨ឆ្នាំឡើង ឱ្យរួសរាន់ទៅចុះ ឈ្មោះឲ្យបានគ្រប់ៗគ្នា។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៣ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា គិតចាប់ពីថ្ងៃដំណើរការចុះឈ្មោះបោះឆ្នោត រហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកានេះ ពលរដ្ឋជាង៤សែននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ហើយឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋ ដែលមានអាយុពី១៨ឆ្នាំឡើង ត្រូវរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ខណៈមួយសប្តាហ៍ ទៀតប៉ុណ្ណោះ ដំណើរការចុះឈ្មោះ នឹងត្រូវបិទបញ្ចប់។នៅឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរការនេះ​ ធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ​ពេលព្រឹកចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនទៀតក្នុងឃុំ-សង្កាត់។តាមការប៉ាន់ស្មានរបស់គ.ជ.ប ពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ មិនទាន់មានឈ្មោះក្នុង បញ្ជីបោះឆ្នោតថ្មី ​មានចំនួនជាង១លាននាក់។ ដំណើការការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕អត្ថបទ៖ ទូច សោភ័ណ

សិល្បករចំនួន៣៧រូប បង្ហាញស្នាដៃក្នុងពិព័រណ៍សិល្បៈ នៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប២០២១

2021/11/23 01:19:58 pm        598
ភ្នំពេញ ៖ សិល្បករចំនួន៣៧រូបមកពីទ្វីបអាស៊ី និងអឺរ៉ុប បាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗ ចំនួន៦ គឺ Happy Head, Sahaka playground, Encoutering Culture, The longest voyage, Thing that count, ll Nodo: A Sketch of hope នៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប២០២១ នៅសារមនី្ទរជាតិ។នៅក្នុងពិធីសម្ពោធពិព័រណ៍សិល្បៈ នៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ នៅសារ​មនី្ទរ​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ជាមួយឯកឧត្តមតំណាងក្រសួងការបរទេស និងសហ​ប្រតិបតិ្ត​ការអន្តរជាតិ លោកជំទាវ ឯកអគ្គរដ្ឋទូត Carmen Moreno ប្រមុខបេសកកម្ម នៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដោយមានការសហការរវាងភាគីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ សហភាពអឺរ៉ុប និងមូលនិធិអាស៊ី អឺរ៉ុប ដើម្បីរៀបចំមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ដែលបង្ហាញពី​ភាពចម្រុះ នៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរ បានឲ្យដឹងថា សារមនី្ទរជាតិកម្ពុជា ពិតជាទទួល​បាន​នូវកិតិ្តយស​ខ្លាំង​ណាស់​ដែលគណៈកម្មាធិការរៀបចំព្រឹតិ្តការណ៍របស់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងក្រុមការងារ ASEM បាន​សម្រេច​ជ្រើស​យកទីតាំងសារមនី្ទរជាតិ ​នៃកម្ពុជា សម្រាប់​ការរៀបចំ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​អបអរ​កិច្ចប្រជុំកំពូលអាស៊ី ​និងអឺរ៉ុប លើកទី១៣។ក្នុងនាមលោក ជានាយកសារមនី្ទរជាតិ យល់ឃើញថា ទីតាំងនេះពិតជា​ស័កិ្តសម​ណាស់​សម្រាប់​ការ​រៀប​ចំព្រឹតិ្តការណ៍ពិព័រណ៍​មិនអចិន្ត្រៃយ៍នេះ ​ព្រោះសារមនី្ទរជាតិ ជាទីតាំងអនុស្សាវរីយ៍មួយ​សតវត្សរ៍ នៃកេរ្តិ៍ដំណែល​ជាតិ ​ដ៏មហាសាលមួយ​ដែលបាន​បន្សល់​ទុកតាំងពីសម័យ​អាណានិគមបារាំងមក។លោក បានបញ្ជាក់ទៀតថា បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពុំទាន់បាន​គ្រប់​គ្រងទាំងស្រុង ប៉ុន្តែ​ឥទិ្ធពលនៃជំងឺនេះពុំបានធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការរៀបចំ​ព្រឹតិ្តការណ៍​នានា នៃកិច្ចប្រជុំកំពូលអាស៊ី និងអឺរ៉ុប លើកទី១៣នេះឡើយ។ ជាក់ស្តែងការរៀបចំពិព័រណ៍បង្ហាញស្នាដៃ​សិល្បៈអបអរកិច្ចប្រជុំនេះ បានធ្វើឡើងក្នុងបរិបទពីរ គឺ​តាម​រយៈអនឡាញ ​និងការតាំង​ផ្ទាល់នៅក្នុង​សារមនី្ទរ​ជាតិកម្ពុជា។ ​ការរៀបចំពិព័រណ៍ផ្ទាល់នេះ មាន​ការ​ចូលរួមពីសិល្បករ​ ចំនួន​៣៧រូប ​មកពីទ្វីប​អាស៊ី និងអឺរ៉ុប​ បាននាំយក​ស្នាដៃមក​បង្ហាញតាមរយៈ​ប្រធាន​បទធំៗ ​ចំនួន៦។ ស្នាដៃ​សិល្បៈ​ទាំង​អស់​នេះជា​ស្នា​ដៃ​ចម្លាក់ រូបថត រូបគំនូរ​ ឬគ្រឿងអលង្ការ វីដេអូខ្លី​ ដែល​ឆ្លុះបង្ហាញ​បទពិសោធន៍នៃ​ការ​ធ្វើដំណើរ​ឆ្លងទ្វីប ​ស្ថានភាពរស់នៅប្រចាំថ្ងៃ និង​ការ​ទទួល​ឥទិ្ធពលគំនិតរវាងសិល្បករ ​នៃទ្វីបទាំងពីរ។ ជារួមខ្លឹមសារ នៃពិព័រណ៍នេះ បានបង្ហាញ​ពី​សាមគ្គីភាព ​និងចំណងមិត្តភាពលើវិស័យវប្បធម៌​ នៃបណ្តាប្រទេស​ក្នុងទ្វីបអាស៊ី និងអឺរ៉ុប៕អត្ថបទ៖ រដ្ឋា 

អាជ្ញាធរខេត្តកំពង់ធំ ប្រារព្ធទិវាបរិស្ថានជាតិ ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងកាកសំណល់រឹង

2021/11/23 12:42:04 pm        449
កំពង់ធំ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ធំ រួមជាមួយមន្ទីរបរិស្ថានខេត្ត ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងកាកសំណល់រឹង នៅតាមទីប្រជុំជន និងបង្កើនអនាម័យជនបទ។ក្នុងពិធីនេះ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ទិវាអនាម័យបរិស្ថានជាតិ គឺជាទិវាមួយដែលយើងទាំងអស់គ្នាត្រូវមានការយល់ដឹងពីភាពស្រស់ស្អាតនៃបរិស្ថាន គ្មានសំរាម ដែលផ្តោតលើការគ្រប់គ្រង និងប្រើប្រាស់កាកសំណល់រឹង រួមជាមួយការទុកដាក់ឲ្យបានត្រឹមត្រូវ ដែលប្រែក្លាយខេត្តកំពង់ធំទាំងមូល ជាពិសេសទីក្រុង និងទីប្រជុំជននៅតាមបណ្តាស្រុក ឃុំ ទាំង អស់ ក្លាយជាភូមិស្អាត គ្មានសំរាម។ ទិវានេះមិនមែនជាឱកាសសម្រាប់តែការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាពេលដែលត្រូវផ្លាស់ប្តូរ ឥរិយាបថ​នៃការស្ដាប់​ ការណែនាំឱ្យទៅជាការអនុវត្តជាក់ស្ដែងក្នុងការគ្រប់គ្រងសំរាម និង សំណល់រឹង នៅគ្រប់ទីកន្លែងដែលយើងរស់នៅ។ បង្កើនការអនុវត្តការគ្រប់គ្រងសំរាម និងសំណល់រឹងជាប្រចាំដោយភាពម្ចាស់ការនៅក្នុងសង្គម គ្រប់ស្រទាប់វ័យ (កុមារ យុវវ័យ វ័យកណ្តាល និងមនុស្សចាស់) នៅតាមទីសាធារណៈ ទីផ្សារ ទីប្រជុំជន មន្ទីរ អង្គភាព ផ្ទះសម្បែង រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម មណ្ឌលកំសាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អីវ៉ាន់ផ្សេងៗ។ ការគ្រប់គ្រងសំរាម និងសំណល់រឹង​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់ជាសកលក្នុងការកាត់បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅ ក្នុងបរិយាកាស។ ជាមួយគ្នានេះ អាជ្ញាធរខេត្តនឹងលើកទឹកចិត្ត និងគាំទ្រដល់ស្ថាប័នឯកជន សហគ្រាស និង​អាជីវកម្មណា​ដែល​មានបំណង​ចង់បង្កើតជាសិប្បកម្ម ឬ រោងចក្រ​កែច្នៃ​សំណល់រឹង​ឱ្យទៅ​ជា​ឧបករណ៍ ប្រើប្រាស់ ឬថាមពល បម្រើសេចក្តីត្រូវការនៅក្នុងសង្គមផងដែរ។ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លើកឡើងដែរថា ការប្រមូលសំរាម និង​កាកសំណល់​រឹង គឺជាកិច្ចការងារស្នូលសំខាន់របស់មន្ទីរបរិស្ថានដែលត្រូវអនុវត្តន៍​ទូលំទូលាយ​ទូទាំងខេត្ត ប៉ុន្តែដោយមន្រ្តីរបស់មន្ទីរបរិស្ថានមានចំនួនតិច ​ក្រសួងបរិស្ថានបានចេញអនុវក្រឹត្យស្តីពី ការគ្រប់គ្រងសំរាម និងសំណលរឹងតាមទីប្រជុំជន ព្រមទាំងប្រកាសស្តីពីការផ្ទេរមុខងារ​តាម​បែបប្រតិភូកម្ម​ប្រគល់មុខងារ ​គ្រប់គ្រងសំរាម​ និងសំណល់រឹងទីប្រជុំជនជូនរដ្ឋបាលក្រុង ស្រុក ជាស្ថាប័នគ្រប់គ្រងអនុវត្តផ្ទាល់​ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសោភ័ណភាពបរិស្ថានល្អ។ លោកបន្ដថា ចំពោះស្ថាប័ន (នីតិបុគ្គល) ណាដែលមានស្នាដៃល្អ ជាគម្រូក្នុងការគ្រប់គ្រងសំរាម និង សំណល់រឹងទីប្រជុំជន រក្សាអាម័យបរិស្ថានបានល្អ! មន្ទីរបរិស្ថាននឹងស្នើសុំក្រសួងបរិស្ថាន​ចេញ​ជាប័ណ្ណ ​សរសើរជូនបុគ្គល (រូបវន្តបុគ្គល) របស់ស្ថាប័ននានាក្នុងខេត្តកំពង់ធំ ដែលមានស្នាដៃ​ឆ្នើម​ក្នុងការគ្រប់គ្រង​សម្រាម​ និងសំណល់​រឹងទីប្រជុំជន តាមរយៈការស្នើសុំរបស់​ប្រធាន​អង្គភាពសាមី​ផងដែរ៕

សម្ដេច​តេជោ ហ៊ុន សែន៖ មិត្ត​ចិន​ផ្ដល់​ឥណទាន​ដោយ​គោរព​នូវ​ការ​ចង់​បាន​របស់​កម្ពុជា

2021/11/23 12:28:51 pm        310
កំពង់ចាម៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​ចិន​តែង​តែ​ផ្ដល់​ឥណទាន​ទៅ​តាម​គម្រោង​ដែល​កម្ពុជា​បាន​ស្នើ​ឡើង ដែល​សម្ដេច​ចាត់​ទុក​ថា ​ជា​ចំណុច​ពិសេស​ខុស​ពី​ប្រភព​ទុន​ដទៃ​ទៀត។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «អ៊ីចឹង​ធ្វើ​ឱ្យ​យើង​ត្រូវ​បន្ត​ស្នើ​សុំ​មិត្ត​ចិន​ជួយ​បន្ត​ទៀត ហើយ​មិត្ត​ចិន​នឹង​បន្ត​ជួយ​ទៅ​តាម​គម្រោង​ដែល​យើង​បាន​ដាក់។ ចំណុច​ល្អ​ពិសេស​របស់​មិត្ត​ចិន គឺ​នៅ​ត្រង់​ថា កន្លែង​ណា​ជា​អាទិភាព​របស់​កម្ពុជា កម្ពុជា​សុំ​ដាក់​គម្រោង​ហ្នឹង​ទៅ ដោយ​មាន​ការ​សិក្សា​ហ្មត់​ចត់»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ថ្លែង​បន្ត​ថា​៖ «មិត្ត​ចិន​ផ្ដល់​ឥណទាន​ដោយ​គោរព​នូវ​ការ​ចង់​បាន​របស់​កម្ពុជា។ នេះ​ជា​ចំណុច​ពិសេស​ដែល​ខុស​ប្លែក​ពី​ប្រភព​ទុន​ដទៃ ដែល​យើង​ថា ចង់​ទៅ​នេះ គេ​ថា ចង់​ទៅ​នោះ។ ចំណុច​ខុស​គ្នា​គឺ​នៅ​កន្លែង​ហ្នឹង។ យើង​ចង់​បាន​នៅ​ហ្នឹង មិត្ត​ចិន​ដាក់​នៅ​ហ្នឹង»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ការ​ទុន ឬ​ឥណទាន​បន្ថែម​ទៀត​ពី​ប្រទេស​ចិន ដើម្បី​គាំ​ទ្រ​ដល់​គម្រោង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ពេល​ខាង​មុខ បន្ទាប់​ពី​កម្ពុជា​ចំណាយ​ថវិកា​អស់​ខ្ទង់ ២ ៣០០​លាន​ដុល្លារ​ទៅ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ចំណាយ​ថវិកា​ទៅ​លើ​ការ​ដោះ​ស្រាយ​​វិបត្តិ​កូវីដ-១៩​កន្លង​មក​នេះ បាន​​ធ្វើ​ឱ្យ​ខក​ខាន​ដល់​គម្រោង​សាង​សង់​ស្ពាន​ជាង ២០​ទៀត ដែល​សម្ដេច​​គ្រោង​សាង​សង់​ឱ្យ​បាន​កាន់​តែ​ឆ្លង​កាត់​ទន្លេ ឬ​ស្ទឹង​នានា៕

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា កម្ពុជា​ចំណាយ​ជាង ២ ៣០០​លាន​ដុល្លារ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ជំងឺ​កូវីដ-១៩

2021/11/23 11:56:25 am        389
កំពង់ចាម៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រហូត​ដល់​ជាង ២ ៣០០​លាន​ដុល្លារ​​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​រយៈ​ពេល​ជិត២​ឆ្នាំ​កន្លង​មក​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែប​នេះ​នៅ​អំឡុង​ពេល​សម្ដេច​​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ ស្ទឹង​ត្រង់-ក្រូចឆ្មារ នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សោក​ស្ដាយ​ណាស់​នៅ​ត្រង់​ថា អា​កូវីដ-១៩​នេះ វា​បាន​ស៊ី​ស្ពាន​របស់​ខ្ញុំ​ប្រហែល​ជា ២០​ស្ពាន។ អា​ហ្នឹង​គិត​តម្លៃ​ខ្ពស់​ផង»។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ប៉ុន្តែ អត់​នឹក​ស្មាន​ថា អា​កូវីដ​វា​ទទួល​ទាន​អស់ ២៣០០​លាន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូវីដ។ អីចឹងធ្វើ​ឱ្យ​យើង​ត្រូវ​បន្ត​ស្នើ​សុំ​មិត្ត​ចិន​ជួយ​បន្ត​ទៀត ហើយ​មិត្ត​ចិន​នឹង​បន្ត​ជួយ​ទៅ​តាម​គម្រោង​ដែល​យើង​បាន​ដាក់»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា នៅ​មុន​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ សម្ដេច​គ្រោង​សាង​សង់​ស្ពាន​ជាច្រើន​ឆ្លង​កាត់​ទន្លេ និង​ស្ទឹង​នានា​នៅ​ទូទាំង​ប្រទេស​ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ប្រាក់​សន្សំ​ច្រើន៕

កម្ពុជាចំណាយថវិកា ៨០លានដុល្លារអាមេរិក សាងសង់មនី្ទរពេទ្យកម្រិតអន្តរជាតិនៅតំបន់កប់ស្រូវ

2021/11/23 11:50:19 am        1172
ភ្នំពេញ ៖ កម្ពុជាចំណាយថវិកា ៨០លានដុល្លារ ដើម្បីសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល កម្រិតអន្តរជាតិដំបូងគេ នៅតំបន់កប់ស្រូវ ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារ នៃសាធារណរដ្ឋកូរ៉េ។នាទីសី្តការក្រសួងរសៀលថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យលោក គឹម ហ៊ុន (Kim Hoon) តំណាងសម្ព័ន្ធក្រុមហ៊ុន Inje (Inje Joint Venture) ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃគម្រោង​សាងសង់​មនី្ទរពេទ្យ​សាកល​វិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការ​អនុវត្តន៍គម្រោងមនី្ទរពេទ្យសាកលវិទ្យាល័យ​ វិទ្យាសាស្រ្តសុខាភិបាល ក្រោមហិរញ្ញប្បទាន​កម្ចី​ពី​ធនាគារ ​នៃសាធារណរដ្ឋកូរ៉េ។ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើការងារសាងសង់មនី្ទរពេទ្យសាកល​វិទ្យាល័យ ​វិទ្យាសាស្រ្តសុខាភិបាល​ ដែលជាមនី្ទរពេទ្យមួយធំ ​ដំបូងគេក្នុងប្រទេសកម្ពុជា ក្រោម​ហិរញ្ញប្បទាន​កម្ចីពីធនាគារកូរ៉េ និងការចូលរួមថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ​ក៏ជាមនី្ទរពេទ្យមួយ សម្រាប់​បម្រើ​ការ​ដល់និសិ្សត ​និងផ្តល់នូវសេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ ​និងជនបរទេស។ សម្រាប់គម្រោងសាងសង់មន្ទីរពេទ្យនេះ ទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតក្នុងតំបន់កប់ស្រូវ ​មានទំហំផ្ទៃដីជាង ២ហិកតា និងចំណាយទឹកប្រាក់៨០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ៦៦លានដុល្លារអាមេរិក គឺជាប្រាក់កម្ចីធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ​ចំនួន១៤លានដុល្លារអាមេរិក​ សរុប​ថវិកាសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ​ចំនួន៨០លានដុល្លារអាមេរិក។ក្រោយជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធលើការងារ​បច្ចេកទេស ក្នុងរយៈពេលដែលប្រតិភូកូរ៉េ ​បានអញ្ជើញមកទស្សនកិច្ច​ និងសិក្សាទីតាំងជាក់ស្តែង និងស្នើខាងភាគីកូរ៉េ អញ្ជើញពិនិត្យមើលស្ថានភាពមនី្ទរពេទ្យនានាក្នុងប្រទេសកម្ពុជា ​ដើម្បី​ផ្គត់ផ្គង់​ការងារសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដំណើរការ​ស្រប​តាម​បរិបទ​របស់ព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ ៖ ភ័ណ្ឌ រដ្ឋា

កម្ពុជា និងឡាវប្ដេជ្ញាបន្តសហការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន

2021/11/23 11:39:12 am        458
ភ្នំពេញ ៖ អាជ្ញាធរនៃប្រទេសកម្ពុជា និងប្រទេសឡាវ បានប្ដេជ្ញាបន្តសហការគ្នា ក្នុងកាបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ខណៈបទល្មើសប្រភេទនេះ តែងតែត្រូវបានសមត្ថកិច្ចព្រំដែនបង្ក្រាបបាន និងរឹបអូសគ្រឿងញៀនបានជាច្រើនគីឡូក្រាម ។បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ​ឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុ ​នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ​រវាងក្រសួង​មហាផ្ទៃកម្ពុជា​ និងក្រសួងសន្តិសុខសាធារណៈឡាវ ​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា​ តាមរយៈការបង្ក្រាបបទល្មើសគ្រឿងញៀន ​ឲ្យបានជោគជ័យនោះ ​ភាគីទាំងពីរ ត្រូវ​ពង្រីកវិសាលភាពការ ផ្លាស់ប្ដូរព័ត៌មាន​ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពគ្រឿងញៀន ដឹកជញ្ជូន​គ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន ។ក្នុងកិច្ចព្រមព្រៀងគ្នាដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និងឯកឧត្តម វីល័យ ឡាំខាំហ្វង ​រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នោះ​ ក៏បានប្ដេជ្ញាបន្តបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក្នុងដែន​សមត្ថកិច្ច​រៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ​ជាពិសេសការ ​លួចឆ្លងដែនខុសច្បាប់ ​និងសកម្មភាពផ្សេងទៀត ដែលផ្ទុយ​នឹង​បទប្បញ្ញត្តិ​ព្រំដែន ។ ក្រៅពីនោះ ភាគីទាំងពីរ បានបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូល តាមច្រក ទ្វារអន្តរជាតិ ស្របតាមនីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ ការ​ពិនិត្យព្យាបាល ជំងឺ ការសួរសុខទុក្ខបងប្អូន ​និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំង​សហការ​ដោះស្រាយបាតុភាពនានា តាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ។ក្នុងឱកាសនោះ សម្ដេចក្រឡាហោម និងឯកឧត្តម វីល័យ ឡាំខាំហ្វង បានសម្ដែងនូវការកោត សរសើរ ​និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាខេត្តជាប់ព្រំដែន និងកងកម្លាំង​អនុវត្តច្បាប់ ​នៃប្រទេសទាំងពីរ ​ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏​ស្មុគស្មាញ បង្កឡើង​ដោយ​ជំងឺកូវីដ១៩ ​យ៉ាងណាក្តី ​ក៏នៅតែបន្តកិច្ចសហការ​ជិតស្និទ ក្នុងការថែរក្សា​បរិយាកាស​សន្តិសុខ​តាមបន្ទាត់ព្រំដែន​បាយយ៉ាងល្អ ប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយ​ផលដល់ការ​ប្រកប​ជីវភាព​រស់នៅរបស់ប្រជាជន ​និងការយក ចិត្តទុកដាក់ខ្ពស់ ក្នុងការកិច្ចសហការបង្ការ​ ទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ៕អត្ថបទ៖ បាន សុខរិទ្ធ

សម្តេចតេជោ៖ មិត្តចិន បានរួមចំណែកយ៉ាងច្រើនជួយកម្ពុជា ក្នុងការកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់

2021/11/23 11:28:00 am        375
កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា មិត្តចិន បានរួមចំ ណែកយ៉ាងច្រើនជួយដល់កម្ពុជា ក្នុងការកសាងសមិទ្ធផលជាច្រើន ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១Cផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិនបានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ ហើយនៅមានគម្រោងជាច្រើនទៀត ដែលគាំទ្រថវិកាដោយប្រទេសចិន។សម្តេចតេជោ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) នេះជាស្ពានទី១០ ហើយ ដែលបានកើតឡើងក្រោមជំនួយហិរញ្ញប្បទានសម្បទានពីមិត្ត-ចិន។ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ដែលត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ នេះ គឺជាមិទ្ធផលថ្មីមួយ តភ្ជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដើម្បីសម្រួលដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែលធ្លាប់តែឆ្លងដរ។ ស្ពាននេះ មានប្រវែងជាងមួយពាន់ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ បានបើកការដ្ឋាន កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ​និងត្រូវបានស្ថាបនារួចរាល់ក្នុងរយៈពេល៤២ខែ សាងសង់​ដោយក្រុមហ៊ុនសំណង់សៀងហៃ (SG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាងចូវវ៉ានអាន ​ដោយចំណាយថវិកា​អស់ជាង ៥៦លានដុល្លារ។ចំណែកផ្លូវជាតិលេខ៧១C ដែលត្រូវបើកការដ្ឋានស្ថាបនានៅថ្ងៃនេះដែរ ​មានប្រវែងជាង១១៤គី ឡូម៉ែត្រ ភ្ជាប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅស្រុកចំការលើ ខេត្តកំពង់ចាម។ គម្រោងសាងសង់ ភាគច្រើនក្រាលកៅស៊ូបេតុងAC កម្រាស់៧សង់ទីម៉ែត្រនោះ នឹងប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន៤២ខែ​ សាងសង់​ដោយក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) និង​ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលគ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២៩,៩៨លានដុល្លារ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ មិនថាកាលៈទេសៈណាទេ សម្តេចមិនឱនក្បាល​ទទួលយកការ​គាបសង្កត់​ពី​ប្រទេស​ណា​នោះ​ឡើយ​

2021/11/23 11:02:06 am        293
កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា មិនថាក្នុងកាលៈទេសៈណានោះឡើយ សម្តេចមិនឱនក្បាលទទួលយកការគាបសង្កត់ ឬគំនាបពីប្រទេសណាមួយនោះទេ ខណៈការកាន់តំណែងនាយករដ្ឋមន្រ្តីរបស់សម្តេច នាពេលបច្ចុប្បន្ន និងអនាគតគឺកើតចេញពីការបោះឆ្នោតពីបងប្អូនប្រជាពលរដ្ឋទាំងអស់។ថ្លែងនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មា) ឬស្ពានភ្ជាប់និស្ស័យ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង​ ដើម្បី​កសាង​សុខសន្តិភាព ​និងការអភិវឌ្ឍជូនប្រជាពលរដ្ឋក៏ដូចជាប្រទេសទំាងមូល ​ហើយប្រសិនបើមានគំនាប ឬ​ការគាបសង្កត់​ណាមួយពីខាងក្រៅ ខណៈដែលប្រទេសកម្ពុជា កំពុងមាន​សុខសន្តិភាពនោះ គឺ​មិនអាច​ទៅ​រួចនោះឡើយ។សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានចំអកឲ្យទណ្ឌិត សម រង្ស៊ី ថាមិនទាន់បានកាន់អំណាច​ផង​មានចិត្ត និង​សម្តី​ផ្តាច់ការ​ទៅហើយ ​ខណៈដែល​ទណ្ឌិត​រត់ចោលស្រុករូបនេះ ព្រមាន​ដក​សញ្ជាតិ​អាមេរិក​របស់​ពលរដ្ឋខ្មែរ​ដែល​កំពុងរស់នៅអាមេរិក ដោយសារតែបងប្អូនខ្មែរ​ទាំងនោះ​ មាន​និន្នាការ​ប្រឆាំង​នឹងពួកគេជាដើមនោះ។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅអាមេរិក​ ហើយគាំទ្រសម្តេចនោះនាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ីនេះ ហើយ​នាំគ្នា​ទៅសួរដល់វិមានកាពីតូល ឬក៏ព្រឹទ្ធសភារបស់អាមេរិកថា ការធ្វើរបស់បងប្អូន (គាំទ្ររាជរដ្ឋាភិបាលកម្ពុជា)នេះខុស ឬក៏ត្រូវ ហើយគប្បីប្រទេសអាមេរិក ដែល​ជា​ប្រទេស​បិតាប្រជាធិបតេយ្យ​នោះ ត្រូវដកសញ្ជាតិដែរ ឬទេ? ៕អត្ថបទ ៖ បាន ចក់

ក្រោយបើកប្រទេសពេញលេញ អាជីវករផ្នែកទេសចរណ៍ផ្តើមកើនចំណូល ពិសេសអំឡុងបុណ្យអុំទូក

2021/11/22 02:28:41 pm        545
ភ្នំពេញ ៖ បណ្តាអាជីវករ ឬអ្នកប្រកបរបរផ្នែកសេវាទេសចរណ៍ បានចាប់ផ្តើមរកបានចំណូលល្អប្រសើរឡើងវិញ ក្រោយរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសពេញលេញ ជាពិសេសនៅក្រោយថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ។អាជីវករប្រកបរបរលក់ដូរអាហារ និងជួលគ្រែទឹក ដើម្បីបម្រើសេវាទេសចរណ៍ នៅក្នុងរមណីយដ្ឋាន​គ្រៀនស្វាយ បានប្រាប់ BTV នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះថា នៅក្នុងអំឡុងពេលកម្ពុជា ជួបវិបត្តិការ​រាតត្បាតជំងឺកូវីដ១៩ជាង១ឆ្នាំកន្លះកន្លងមកនេះ រមណីយដ្ឋានគៀនស្វាយ ពុំសូវមានភ្ញៀវច្រើន​មកលេងក​ម្សាន្តនោះទេ ប៉ុន្តែក្រោយ​ពេល​រាជរដ្ឋាភិបាល​ប្រកាស​បើកប្រទេសពេញលេញឡើងវិញ ​ទេសចរក្នុងស្រុក បានសម្រុកមកលេង​កម្សាន្តច្រើន ដោយបានធ្វើចំណូលរបស់ពួកគាត់ មាន​ការកើន​ឡើងប្រមាណពី៦០ទៅ៧០% ក្នុងអំឡុងពេលអុំទូក ដែលទើបបញ្ចប់ទៅថ្មីៗនេះ។លោក លូ ម៉េង ប្រធានសហភាពសហព័ន្ធទេសចរណ៍កម្ពុជា ថ្លែងថា នៅក្នុងអំឡុងថ្ងៃឈប់សំរាក​បុណ្យអុំទូកនេះ ទេសចរក្នុងស្រុកបានចេញដើរកម្សាន្ត ពោលគឺ​បានប្រើប្រាស់សេវានៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋានពេញពេញ​ ហើយបន្ទប់ស្នាក់តាមសណ្ឋាគារ ផ្ទះសំណាក់ និងតាម​ផ្ទះស្នាក់​នានា ក៏ត្រូវបានគេជួលស្នាក់នៅពេញផងដែរ ដែលនេះ គឺជាចំណុចចាប់ផ្តើមធ្វើ​អោយ​បណ្តាអាជីវកម្មដ្ឋានទេសចរណ៍ មានចំណូលល្អឡើងវិញ។ជារួមគ្នានៅថ្ងៃឈប់សំរាកបុណ្យអុំទូក លោក លូ ម៉េង បានវាយតំលៃថា សម្រាប់ភ្ញៀវទេសចរ​ដែល​ចេញ​កម្សាន្ត​នៅតាមគោលដៅទេសចរណ៍នៅជិតៗផ្ទះ គឺបានចំណាយថវិកា​ដើរកម្សាន្ត​ជា​មធ្យមជាង ១០ម៉ឺនរៀលម្នាក់ក្នុងមួយថ្ងៃ ដោយឡែកសម្រាប់ភ្ញៀវទេសចរដែលចេញដើរកម្សាន្ត​ តាមគោលដៅ​ទេសចរណ៍តាមបណ្តាខេត្តរាជធានីឆ្ងាយៗពីផ្ទះ ជាមធ្យមគេចំណាយថវិកា​ដើរ​កម្សាន្ត​ប្រមាណពី ៥០ម៉ឺនទៅ ៧០ម៉ឺនរៀលក្នុង១ក្រុមតូចៗ​ ដោយ​មិនគិតបូក​បញ្ចូល​ថ្លៃធ្វើដំណើរ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ​អំឡុងថ្ងៃឈប់សំរាកបុណ្យអុំទូក៣ថ្ងៃ​បូកនឹងថ្ងៃអាទិត្យមួយថ្ងៃទៀតនេះ ​មានភ្ញៀវទេសចរជាង ១លាន ១សែននាក់ ​ចេញដើរកម្សាន្ត ដោយ​កើនឡើង ២៥.៨% បើធៀប​នឹងរយៈពេលដូចគ្នា នៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១៕អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy ទៅ​ដល់ប្រទេសស៊ុយអែត ដើម្បីពិភាក្សាអំពីកញ្ចប់ការពារជាតិ សម្រាប់អ៊ុយក្រែន
05/28/2026 07:05 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នឹងមិនមាន​វត្តមាន​នៅ​កិច្ចប្រជុំ Shangri-La ជា​ឆ្នាំទី២
05/28/2026 06:05 PM
ប្រមុខ WHO កំពុងធ្វើដំណើរទៅកុងហ្គោដែលរងផលប៉ះពាល់ដោយជំងឺ Ebola
05/28/2026 06:05 PM
ចិន៖ ​តៃវ៉ាន់មិនគួរ «រំខាន​» បេសកកម្មកងទ័ពអាកាសរបស់ទីក្រុង​ប៉េកាំង នៅជុំវិញកោះនេះ​
05/28/2026 06:05 PM
ហាម៉ាស៖ អ៊ីស្រាអែលចង់វិល​​ទៅ​​សង្គ្រាមប្រល័យពូជសាសន៍នៅហ្កាហ្សា ក្រោយ​សម្លាប់​មនុស្សជាង ២០នាក់ ត្រឹម​ ៤៨ម៉ោង
05/28/2026 06:05 PM
ភ្ញៀវទេសចរងាកទៅរកប្រភពទឹកនៅទីក្រុងរ៉ូម ខណៈរលកកម្តៅមុនរដូវក្តៅវាយប្រហារប្រទេសអ៊ីតាលី
05/28/2026 06:05 PM
ប្រធានាធិបតីរុស្ស៊ីមាននូវជំនួបកម្រិតខ្ពស់ជាមួយសមភាគីកាហ្សាក់ស្ថាននៅទីក្រុង Astana
05/28/2026 06:05 PM
អវកាសយានិករុស្ស៊ីនៅ ISS ដើរលើលំហរអាកាសជាលើកដំបូងក្នុងឆ្នាំ ២០២៦នេះ
05/28/2026 06:05 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio អះអាងថា គុយបានមានបញ្ហាច្រើនណាស់
05/28/2026 06:05 PM
អ៊ូហ្គង់ដា បិទព្រំដែនជាមួយកុងហ្គោ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា
05/28/2026 06:05 PM