កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច និង កសិកម្ម

កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង

2026/05/15 03:32:25 pm        197
ភ្នំពេញ៖ ម្ចាស់ចម្ការ ទុរេន និងប្រធានសហគមន៍ទុរេនបែកអន្លូង បានលើកឡើងថា ទុរេន​របស់​ខ្មែរ​កំពុង​មានទីផ្សារ និង​តម្លៃល្អ ហើយទិន្នផលទុរេនឆ្នាំនេះ គឺផ្តល់បានល្អ ដែលមាន​កំណើន​ប្រមាណ ​៣០%​ បើធៀបនឹងឆ្នាំមុន​ ខណៈប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ និង​បន្ត​ពហិកា​ផលិត​ផល​នាំចូល​។​ ពួកគេ ​គាំទ្រចំណាត់ការ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​ទុរេន​ពី​ថៃ​។ម្ចាស់ចម្ការទុរេន រិទ្ធិដានី ស្ថិតនៅខេត្តកោះកុង​ ប្រាប់ BTV ថា សព្វថ្ងៃ ទីផ្សារទុរេនខ្មែរ​ មាន​ការ​គាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ ដោយសារ​ ពួកគេមានទំនុកចិត្តថាជាទុរេនរបស់ខ្មែរ។ អ្នកស្រីថា សព្វថ្ងៃ ទុរេនលក់អស់ប្រមាណ ២ ទៅ ៣ តោនក្នុងមួយថ្ងៃ និងមួយចំនួនទៀតលក់នៅក្នុងផ្សារទំនើប ជីប ម៉ុង។​អ្នកស្រី សប្បាយចិត្ត​ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​នាំចូល​ទុរេន​ពី​ថៃក្នុ​ងអំឡុងពេល​នេះ។ការណ៍នឹងជួយឱ្យទីផ្សារទុរេនក្នុងស្រុកកាន់តែរីកចម្រើន ហើយ​ប្រជា​ពលរដ្ឋក៏ទទួលបាន​ទុរេនរបស់ខ្មែរពិតៗ។​ សម្រាប់​ចម្ការ​ទុរេន​នៅ​ខេត្តកោះកុង​នឹង​ប្រមូល​អស់​នៅ​ចុង​ខែឧសភានេះ ដែលរំពឹងថា នឹងផ្តល់ផលប្រមាណ​ចន្លោះពី៧០ ទៅ ៨០ តោន​។​ដោយឡែក លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្ថិតខេត្តកំពង់ចាម​ ប្រាប់ BTV ថា ទិន្នផលទុរេន​របស់សហគមលោកឆ្នាំនេះ គឺទទួលបានផលល្អ ដែលមានចំនួន ៤ ០០០ តោន កើនឡើងប្រមាណ ៣០% បើធៀបនឹងឆ្នាំមុន​។ សម្រាប់ទុរេនបែកអន្លូង បានចាប់ផ្តើមប្រមូលផលជាបណ្តើៗហើយ តែប្រមូលផល​ពេញលេញគឺចាប់ពីចុងខែឧសភានេះតទៅ។ សហគមន៍ទុរេនបែកអន្លូង មានផ្ទៃដីទុរេនប្រមូលផលប្រមាណ​ ៣២០ ហិកតា។របាយការណ៍ក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា​មានផ្ទៃដីដាំដុះទុរេនមានចំនួន ១៦ ១៩៣ហិកតា និងផ្តល់ផលទុរេនប្រមាណ ១៣៥ ៥៤៦តោន​។​ បើតាម ប្រធានសហគមន៍ទុរេនបែកអន្លូង ក្រៅពីទុរេនផ្គត់ផ្គង់ក្នុងស្រុក ទុរេនសហគមន៍បែកអន្លូង ក៏បាននាំចេញទៅទីផ្សារប្រទេសចិនប្រមាណ២ ទូរកុងតឺន័រ ស្មើនឹងប្រមាណ ៤០ ទៅ ៦០ តោន​ កាលពីថ្មីៗនេះ៕ អត្ថបទ៖ ធូ វិរៈ

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %

2026/05/15 03:00:12 pm        3581
ការដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារអា មេរិក កើនឡើងជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ និងការនាំចូលជាង ១,៣ ពាន់លានដុល្លារ។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសទីផ្សារវៀតណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជា ឈរក្នុងលំដាប់ទី៣ បន្ទាបពីការនំាចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ, បើយោងតាមរយបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ៤ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារវៀតណាម មានទឹកប្រាក់ជិត ២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ខណៈការនាំចូលទំនិញពីប្រទេសវៀតណាមមកកម្ពុជា មានទឹកប្រាក់ជាង ១,៣ លានដុល្លារអាមេរិក ថយចុះជាង ៤ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅប្រទេសវៀតណាមរួមមាន៖ គ្រឿងអេឡិចត្រូនិច, ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង, គ្រឿង បន្លាស់រថយន្តនិងម៉ូតូ។ ចំណែកកសិផលកម្ពុជាបាននាំចេញមាន៖ ស្រូវ​ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ ចំណែកការនាំចូលពី​វៀតណាម​មានដូចជា សម្ភារៈ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ-ផ្លែឈើជាដើម​។​សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រដល់យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច

2026/05/14 11:50:13 am        540
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិចំនួន ២០ ប្រភេទ ក្នុងរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៦ ដែលមានកំណើនខ្ពស់ជាងគេ មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែលទំនិញទាំងនេះបាន គាំទ្រដល់កំណើននៃសេដ្ឋកិច្ចជាតិ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ការនាំចេញមុខទំនិញរបស់កម្ពុជា ក្នុងងរយៈពេល ៤ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ សរុបជាង ១១ ពាន់លានដុល្លារអាមេរិក មានកំណើនកើនឡើងជាង ២១ ភាគរយ ខណៈការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចេញទំនិញរបស់នេះ បានគាំទ្រដោយទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហរដ្ឋ អាមេរិក, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, កាដាណា, អេស្បាញ និងអង់គ្លេសជាដើម។ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នពិភពលោកមិនទាន់មានភាពប្រាកដប្រជា នៅឡើយដូចជា ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមនូវមជ្ឈឹមបូព៌ា (ធ្វើឱ្យហក់ឡើងថ្លៃនៃប្រេងឥន្ធនៈ បានប៉ះពាល់ដល់ វិស័យដឹកជញ្ជូន ប្រតិបត្តិការអាជីវកម្ម និងាការហក់ឡើងអតិផរណា), បញ្ហាព្រំដែនកម្ពុជា-ថៃ (មិនទាន់មានភាពច្បាស់លាស់) និង បញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ាជាដើម ទោះបីមានផលប៉ះពាល់ខាងលើ ក៏ការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុង បន្ត កំណើននាំចេញល្អប្រសើរ, ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដាក់ចេញ នូវគោលនយោបាយ, យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។សូមបញ្ជាក់ថា ទំនិញដែលគាំទ្រដល់ការនាំចេញ ដែលមានកំណើនខ្ពស់ជាងគេនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦ មានចំនួន ២០ ប្រភេទរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ, ស្បែកជើងជាង ៧០០ លានដុល្លារ, វត្ថុធ្វើពី ស្បែកនិងរោម ៧២៣ លានដុល្លារ, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ៥០០ លានដុល្លារ, ផ្លែឈើនិងគ្រាប់ផ្លែឈើជាង ១ ពាន់លាន ដុល្លារ, កៅស៊ូនិងផលិតផលពីកៅស៊ូ ៨៤៤ លានដុល្លារ, ធញ្ញជាតិជាង ៥០០ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើន ទៀត ដែលជួយគាំទ្រដល់ការនាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ

2026/05/14 11:36:40 am        917
កម្ពុជាបា​នដាក់ចេញនូវផែនការសកម្មភាព សំដៅធានាលើការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវ​រាល់​វិធាន​ការ​គន្លឹះ ជំរុញប្រែក្លាយ វិស័យសក្តានុពល សហគ្រាសធុនតូច និងមធ្យម, រ៉ែ និង​ថាមពល​, ​ការអភិវឌ្ឍវិស័យទេសចរណ៍, កសិកម្ម, ឱ្យទៅជាថាមពលរុញច្រាន កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែរឹងមាំ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បានដឹក​នាំ​កិច្ច​ពិភា​ក្សា​ពិគ្រោះ​យោបល់​ជាមួយ គណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម (SMEs), ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​, កសិកម្ម, រ៉ែ និងថាមពល ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងស្មារតី​បុរេស​ក​ម្ម ក្នុងនោះអង្គប្រជុំបានឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរ មតិយោបល់យ៉ាងផុលផុស និង​ស៊ី​ជម្រៅ ​ដោយផ្អែកលើមូលដ្ឋាននៃកិច្ចសហការអន្តរស្ថាប័ន និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះ ឧត្តម​ប្រយោជន៍ជាតិ។ ជាលទ្ធផល, អង្គប្រជុំបានដាក់ចេញនូវផែនការសកម្មភាព និងទិសដៅ​ការងារបន្ត​យ៉ាងច្បាស់​លាស់​ សំដៅធានាឱ្យបាននូវការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់វិធានការគន្លឹះ ដែល​នឹង​ប្រែ​ក្លាយ​វិស័យសក្តានុពលទាំងនោះ ឱ្យទៅជាថាមពលរុញច្រានកំណើន សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់​តែ​រឹ​ងមាំ​ ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពយូរអង្វែង។ សូមបញ្ជាក់ថា កិច្ចពិភាក្សា និងពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅដោយមានវត្តមាន ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕ អត្ថបទ៖ សុន រ៉ាឌី

ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធបាគងគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល

2026/05/13 02:28:53 pm        199
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើង​ពី​អត្ថ​ប្រយោជន៍​នៃ​កិច្ច​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​បាគង ​បាននិងកំពុងគាំទ្រដល់ការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការ​អភិវឌ្ឍ​វិស័យ​ទេសចរ​ណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៦ ​ម្សិលមិញនេះ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា, ក្នុងជំនួបនេះភាគីទាំងពីរ បានលើកឡើងពីកិច្ចសហ- ប្រតិបត្តិ​ការ​ល្អ ​ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុដូចជា គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និង​កិច្ច​សហ​ប្រតិបត្តិការរវាង ការិយាល័យឥណទាននៃប្រទេសទាំងពីរជាដើម។ ភាគីទាំងពី​រ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបញ្ហាប្រឈម និងស្ថានភាព​សេដ្ឋ​កិច្ច​កម្ពុជា​ផង​ដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃប្រព័ន្ធ​ទូទាត់​ឌីជីថល​នៅ​​កម្ពុជា និងភាពងាយ ស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។ ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បាន​លើកឡើ​ង​ពី​វឌ្ឍនភាព​នៃ​ដំណើរកា​រ​ប្រព័ន្ធ​ទូទាត់​បាគង ​និងអត្ថប្រយោជន៍នៃ ដំណើរការប្រព័ន្ធទូទាត់នេះ ក្នុងការគាំទ្រដល់​ការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើ ប្រាស់ប្រាក់រៀល។ ជាមួ​យ​គ្នា​នេះ ​ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង​ការ​ចែក​រំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធ​ប្រឆាំង​ការឆបោ​ក​តាមអនឡាញ និងបទល្មើសហិរញ្ញវត្ថុ ឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ទុរេនសំឡូតប្រមូលផលពេញលេញ ចាប់ពីពាក់កណ្ដាលខែមិថុនា ខណៈម្ចាស់ចំការទទូចឱ្យទប់ស្កាត់ការនាំចូល

2026/05/13 01:21:05 pm        140
បាត់ដំបង៖ ម្ចាស់ចំការទុរេននៅស្រុកសំឡូត ខេត្តបាត់ដំបង បានអះអាងថា ទុរេនសំឡូតអាចប្រមូលផលបានពេញលេញបានចាប់ពីចន្លោះពាក់កណ្ដាលខែមិថុនា ឬដើមខែកក្កដា ហើយបច្ចុប្បន្ននេះមានតិចតួចបំផុតដែលអាចប្រមូលផលបាន។លោក តុល សូនី ម្ចាស់ចំការទុរេន បានបង្ហាញពីលក្ខណៈពិសេសនៃទុរេនសំឡូត គឺមានសាច់ទឹកដោះគោខ្ទិះផ្អែមរមួត និងមានទងពីរតង់ដែលខុសពីទុរេននាំចូលមានទងតែមួយតង់ប៉ុណ្ណោះ។ លោក តុល សូនី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកសម្រាកលម្ហែកម្សាន្តនៅស្រុកសំឡូត ភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសារនៃទុរេនសំឡូត និងផ្លែឈើផ្សេងៗទៀតដ៏សំបូរបែប។ជាមួយគ្នានេះ ក្នុងនាមម្ចាស់ចំការ លោក តុល សូនី ប្ដេជ្ញាលក់តែទុរេនដែលដាំដុះផ្ទាល់ដៃដោយកសិករខ្មែរនៅស្រុកសំឡូតជូនដល់បងប្អូនអ្នកបរិភោគដោយមិនលក់ជាដាច់ខាតនូវទុរេននាំចូលដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះទុរេនសំឡូត និងអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ម្ចាស់ចំការរូបនេះ ទទូចឱ្យអាជីវករកុំលក់ទុរេននាំចូលហើយក្លែងបន្លំជាទុរេនសំឡូត និងសំណូមពរដល់អាជ្ញាធរ និងមន្រ្តីជំនាញពង្រឹងទប់ស្កាត់ការនាំចូលផ្លែទុរេនពីក្រៅប្រទេសដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករខ្មែរដែលជាអ្នកដាំដុះក្នុងស្រុក។ សូមជម្រាបថា ជាអតីតតំបន់សមរភូមិក្ដៅ ស្រុកសំឡូត គឺជាស្រុកមួយនៅតំបន់ជាយដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ស្រុកសំឡូតមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម និងទេសចរណ៍។កាលណាគេនិយាយដល់ស្រុកសំឡូតគេតែងនឹកឃើញភ្លាមដល់ទុរេនសំឡូតដែលមានរសជាតិឆ្ងាញ់ពិសារ។ក្រៅពីទុរេន ស្រុកសំឡូតមានសក្ដានុពលខ្ពស់ផងដែរលើដំណាំផ្សេងៗទៀតរួមមានដូចជា សាវម៉ាវ ប័រ មង្ឃុត និងដំណាំកសិផលមួយចំនួនទៀត៕

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

2026/05/13 11:26:32 am        164
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងថ្នាក់ដឹកនាំក្រសួង តំណាងសហគមន៍កសិកម្មទំនើប និងតំណាងធនាគារARDB ដើម្បីពិភាក្សាការគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា នៅកិច្ចពិភាក្សាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦បានផ្តោតលើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ តាមរយៈយន្តការសម្របសម្រួលដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាព និងការរៀបចំផលិតកម្មតាមកិច្ចសន្យាដើម្បីធានាទំនុកចិត្តនិងស្ថិរភាពតម្លៃ។ ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ក្នុងបរិបទវិបត្តិសកលនាពេលបច្ចុប្បន្ន ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់បែបនេះ គឺផ្ដល់ភាពច្បាស់លាស់និងប្រាកដប្រជាសម្រាប់ការផលិតរបស់ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀង៕ អត្ថបទ៖ ឈិត បូរ៉ាវី

អនុប្រធានទី១ CDC៖ ទំនាក់ទំនងកម្ពុជា-អឺរ៉ុប នឹងបន្តរីកចម្រើន ដើម្បីផលប្រយោជន៍ រួមប្រជាជាតិទាំងពីរ

2026/05/13 10:16:52 am        149
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់តែ រឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់កិត្តិយសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរក្នុងឱកាសដែល ស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះ រាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day) និងពិភពលោក, ទិវានេះត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ "សេចក្តីថ្លែងការណ៍ស៊ូម៉ាន" ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ច សហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយ សង្គ្រាមលោកលើកទី២។ ទិវានេះមិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុប ក្នុងការបង្ហាញនូវតម្លៃរួមសេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើ សកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះប្រជាជន និងបណ្តាប្រទេសសមាជិក សហភាពអឺរ៉ុបទាំងអស់ និងបានរំលឹកពីសារៈសំខាន់នៃ "សេចក្តីថ្លែងការណ៍ស៊ូម៉ាន ដែលជាគ្រឹះស្ថាននៃសន្តិភាព ស្ថិរភាព និងវិបុល ភាព សម្រាប់អឺរ៉ុប និងជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ កម្ពុជា, កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ Global Gateway និងកម្មវិធីជំនួយនានា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដល់ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង និងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿ យ៉ាងមុតមាំ ថា ផ្អែកលើមូលដ្ឋាននៃមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់ តែរឹងមាំ ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទីផ្សារសហភាពអឺរ៉ុបបានស្រូបយកទំនិញកម្ពុជា មានទំហំទឹកប្រាក់ជិត ១.២០០ លាន ដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាឆ្នាំមុន គាំទ្រដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង កង់ សំបកកង់រថយន្ត អង្ករ ស្វាយចន្ទី ម្រេច និងផលិតផលផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញ៖ វិស័យកសិកម្មកំពុងគាំទ្រសន្តិសុខស្បៀង និងការនាំចេញ នៅក្នុង​ស្ថាន​ភាព​មិន​ប្រាកដ​ប្រជា

2026/05/12 02:46:23 pm        133
វិស័យឯកជនមើលឃើញភាពធន់នៅក្នុងវិស័យកសិកម្ម ដែល​បាន​និង​កំពុង​ជួយ​ជ្រោម​ជ្រែង​ដល់​សន្តិ​សុខ​ស្បៀង និងការនាំចេញ របស់កម្ពុជា ខណៈដែលវិស័យ​មួយ​ចំនួន​ផ្សេង​ៗ​អាច​នឹង​មាន​កំណើន​ថ​មថយ ក្នុងស្ថានភាពមិនប្រាកដប្រជានៅលើសកលលោក និងស្ថានភាពក្នុងស្រុក។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយ BTV ស្តីពីវិស័យដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងការនំាចេញទំនិញរបស់កម្ពុជា នេះថា ជុំវិញ​បញ្ហា​ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្រ្គាមនៅ មជ្ឈឹមបូព៌ា បានធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ពឹងផ្អែកប្រេងដូចជា៖ ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម។ ចំណែក​កម្មវិបាក និង ឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃដូចជា ការបង្វែរប្រាក់ឯកជន ទេស​ចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំ ចេញកសិផលកម្ពុជាជាដើម និង​ការ​បង្ក្រាប​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះពាល់ខ្លីទៅលើវិស័យមួយចំនួន។ អ្នកឧកញ៉ា បន្តថា ទោះបីវិស័យមួយចំនួនមានការប៉ះពាល់ ចំណែក​វិស័យ​កសិកម្ម​វិញ​ក៏​អាច​ថម​ថយ​ខ្លះ​ៗ​នៅ​លើអនុវិស័យ មួយចំនួនផងដែរ ក៏ប៉ុន្តែនៅក្នុងស្ថានភាពមិន​ប្រាកដ​ប្រជា​នៅ​លើ​សកល​លោក ​ក៏ដូចឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ, វិស័យកសិកម្ម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ជំនួសការនាំចូលផលិតផលពីខាងក្រៅបានជាអតិបរមា ជាពិសេសការ​ជួយ​ជ្រោម​ជែង នៃ​តម្រូវការសន្តិសុខស្បៀង និងការនាំចេញផងដែរ។ជុំវិញវិស័យដែលគាំទ្រសេដ្ឋកិច្ច, បើយោងក្រប​ខណ្ឌ​ហិរញ្ញ​វត្ថុ​សាធារណៈ​រយៈ​ពេល​មធ្យម​ឆ្នាំ​២០២៧​-២០២៩ របស់រាជរដ្ឋាភិបាល​បាន​ធ្វើកា​រ​វាយ​តម្លៃ​សារ​ជាថ្មី​លើ​វិស័យ​ចម្បង​ៗ​ដែល​ទ្រទ្រ​ង់​កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦រួមមាន៖ វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៦ បានទម្លាក់​ការ​វាយ​តម្លៃ​មក​នៅ​ត្រឹមប្រមាណ ៦,៧% ខណៈដែលវិស័យនេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%​។ វិស័យ សេវាកម្មត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុងអត្រា​កំណើន​ ២,៦% ខណៈនៅដើមឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%, ដោយឡែក​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ​២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយបន្តិចបន្ទួចផងដែរ អាចក្នុងអត្រា ០,៧% ដោយ​សារនិន្នាការថមថយនៃគ្រប់អនុវិស័យគាំទ្រកំណើន ស្របពេលនៅ​ដើម​ឆ្នាំ​វិស័យ​នេះ​ត្រូវ​បាន​រំ​ពឹងថា ០,៩%៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ដើម្បីនាំចេញ

2026/05/12 12:45:40 pm        226
ជាសមិទ្ធផលថ្មី នៅដើមឆ្នាំ២០២៦នេះ ដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussion) ស្តីពីគម្រោង “លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា” ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ ហើយគម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃ​សាធារណ​​រដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំង​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី រវាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ និងលោកបណ្ឌិត ឆយ ចាន់វ៉ុន (Choi Chan Won) នាយកការិយាល័យគម្រោងសកល នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូបអាហារអន្តរជាតិនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ។          ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតសំខាន់លើការបង្កើនផលិតភាព និងការនាំចេញ ដើម្បីពង្រឹងនូវសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា គម្រោងនេះ នឹងរួមចំណែកដល់នូវការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា ហើយមានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូល សម្រាប់កសិករខ្នាតតូច និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងនូវសមត្ថភាពគ្រប់គ្រង ក្រោយពេលប្រមូលផល ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ និងការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រប់ស្វាយចន្ទី ហើយវាក៏ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនៅលើពិភពលោក ។ លោកបណ្ឌិត ឆយ ចាន់វ៉ុន បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដើម្បីធានាការអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យ ហើយពិធីចុះហត្ថលេខានេះ បានបង្ហាញយ៉ាងច្បាស់អំពីមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិសេសក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ។ ភាគីទាំងពីរ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជួយលើកកម្ពស់ខ្សែច្រវ់ាក់តម្លៃគ្រាប់ស្វាយចន្ទី ដែលមានភាពធន់ សមត្ថភាពប្រកួតប្រជែងខ្ពស់ និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុតនៅលើពិភពលោក ខណៈមួយឆ្នាំកម្ពុជា បានផលិតគ្រាប់ស្វាយចន្ទីបានរាប់ម៉ឺនតោន ប៉ុន្តែការកែច្នៃក្នុងស្រុកមានតិចតួចនៅឡើយ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM
កម្ពុជា​បញ្ជាក់ជំហរច្បាស់លាស់​ដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្តិវិធី និងច្បាប់​អន្តរជាតិ
05/17/2026 11:05 AM
រុស្ស៊ីបញ្ជូនគ្រឿងផ្គង់ផ្គង់ស្បៀងអាហារសង្រ្គោះបន្ទាន់ដល់សូម៉ាលី ស្របពេលកើតមានវិបត្តិអត់ឃ្លាន
05/17/2026 11:05 AM
លោក Trumpនិយាយពីដំណើរទស្សនកិច្ចទៅកាន់ចិនថា វាគឺជាជោគជ័យដ៏អស្ចារ្យមួយ
05/17/2026 11:05 AM
មន្ទីរអប់រំរាជធានីធ្វើពិធីបោះជំរំក្រុមប្រឹក្សាយុវជនថ្នាក់រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦
05/17/2026 11:05 AM
អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដឹកនាំកិច្ចប្រជុំលើបច្ចុប្បន្នភាពសមាជិកស្នើសុំដី ផ្ទះ និងការរៀបចំដីសម្បទានសង្គមកិច្ច
05/17/2026 11:05 AM