សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ទីក្រុងអ៊ិនឈុន​សន្យា​នឹង​ជួយ​ផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា
ឧទ្យានជាតិគិរីរម្យ កំពុងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាដ៏ធំនៅកម្ពុជា និង​ជា​កន្លែង​ទេសចរណ៍​ដ៏មានសក្ដានុពល
ក្រសួងទេសចរណ៍ រៀបចំកម្មវិធីដាំដើមឈើអបអរបុណ្យទន្លេ លើកទី១០ និង​ដុត​ក្រឡាន​ដឹង​គុណ​វីរៈកងទ័ព
សមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍

វប្បធម៌ និងទេសចរណ៍

សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ទីក្រុងអ៊ិនឈុន​សន្យា​នឹង​ជួយ​ផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា

2026/03/31 01:51:08 pm        84
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​ទីក្រុង​អ៊ិន​ឈុន ​(ICCI) បានសន្យាថា នឹងជួយផ្សព្វ​ផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា​ទៅ​កាន់​ភ្ញៀវ​ទេសចរ​កូរ៉េ និងអ្នកវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុន និងទស្សនា​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងដូចនេះ ជំនួប​ជាមួយ​ដៃគូ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិលើកទី២០ ឆ្នាំ២០២៦ ជាមួយ លោក Joo-Bong Park ប្រធាន​សភា​ពាណិជ្ជ​កម្ម ​និងឧស្សាហកម្មទីក្រុងអ៊ិនឈុន(ICCI) និងគណៈប្រតិភូ​ជានាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ធំ​ៗ ​លើវិស័យផ្សេងៗ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្នុងជំនួបនេះ គណៈប្រតិភូកូរ៉េ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្ពស់​លើ​សក្ដា​នុពល​សេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ជាពិសេសពីកត្តា សន្តិភាព ស្ថិរភាពនយោបាយ សុខ​សុវត្ថិភាព និងការអភិវឌ្ឍនានា ហើយ ភាគីទាំងពីរ ក៏បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ស៊ី​ជម្រៅលើ​ការ​ជំរុញ​លំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ ការ​ផ្សព្វ​ផ្សាយ​រួម​ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍កម្ពុជា និងកូរ៉េ ព្រមទាំងការ​បង្កើត​កញ្ចប់​ទេស​ចរណ៍​​ថ្មី​​ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជនឱ្យកាន់តែច្រើន ដើម្បីលើក​កម្ពស់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកំណើនធុរជន និង​ភ្ញៀវទេសចរកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែល​ជា​ខួប​លើក​ទី៣០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សូមបញ្ជាក់ថា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុន (ICCI) បាន​បង្កើត​ឡើង​តាំង​ពីឆ្នាំ១៨៨៥ ហើយកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ ICCI បាន​ជួយគាំទ្រកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្មអន្តរជាតិ និង​ការ​រៀប​ចំ​ជំនួបអាជីវកម្ម (B2B) ផ្សេងៗ ដែលមានសមាជិកចូលរួមជាង ២៨ប្រទេស៕ អត្ថបទ៖ ធូ វិរៈ 

ឧទ្យានជាតិគិរីរម្យ កំពុងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាដ៏ធំនៅកម្ពុជា និង​ជា​កន្លែង​ទេសចរណ៍​ដ៏មានសក្ដានុពល

2026/03/30 02:41:36 pm        200
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា សមិទ្ធផល​នានា​​របស់​មជ្ឈ​មណ្ឌលវប្បធម៌​ និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិត​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គីរីរម្យ​ដែលគ្រប់គ្នាស្គាល់ថាជាឧទ្យានជាតិគិរីរម្យ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច កំពុង​ជួយ​លើក​កម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​កាន់​តែច្រើន។ ការលើកឡើងដូច្នេះ ធ្វើឡើងក្នុងឱកាស​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រា​ស់​ជាផ្លូ​វកា​រ​នូវ​សមិទ្ធ​ផលនានា ក្រោម​ការផ្តួចផ្តើមសាងសង់ដោយឧបាសិកា ឧកញ៉ា ញ៉ឹក ប៊ុនថា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម​អភិបាល​ខេត្ត​ ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា វិស័យទេសចរណ៍វត្ត​អារាម​នា​ពេល​បច្ចុប្បន្ន​កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងខ្លាំង ខណៈដែល​ចង់​ស្គាល់​ និង​ឈ្វេង​យល់​បាន​កាន់តែច្បាស់អំពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ជាមួយនឹង​វិស័យ​ទេសចរណ៍​វត្តអារាម មជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនា​ដែល​បាន​និង​កំពុង​សាង​សង់​លើ​ផ្ទៃ​ដី​ប្រមាណជាង ២០០ហិកតា ចំណាយទឹកប្រាក់អស់ប្រមាណជាង ១៤លានដុល្លារ ស្ថិត​ក្នុង​សួន​កុសមៈ​គីរីរម្យ​ក៏​បានក្លាយជាគោលដៅ ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ​បរទេសដែល​ច​ង់​ឈ្វេង​យល់​ពី​ព្រះពុទ្ធសាសនានេះផងដែរ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌល​នេះ​ក៏​នឹង​បន្ត​រួម​ចំណែក​មួយ​ក្នុង​ការ​ស្រូបទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​មុតមាំ និងអ្នកដែលមានវិបត្តិផ្លូវចិត្ត។ជាមួយនោះ​​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា ការរៀបចំមជ្ឈមណ្ឌលវប្បធម៌ និង​ព្រះពុទ្ធសាសនានៅលើខ្នងភ្នំគីរីរម្យដែលជាបម្រើឱ្យវិស័យទេសចរណ៍សាសនា មិន​មែន​សំដៅ​តែ​​លើ​ព្រះពុទ្ធសាសនាមួយមុខនោះទេ ប៉ុន្តែត្រូវបើកទូលាយដល់គ្រប់សាសនាទាំងអស់ ដែល​មាន​វត្ត​មាននៅកម្ពុជា។ឯកឧត្តម​ បាន​បញ្ជាក់​ថា ដូច្នេះការរំពឹងទុកសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត ភ្ញៀវ​ទេសចរនឹងអាចមានការកើនឡើងច្រើនបន្ថែមទៀត ខណៈនៅឆ្នាំ២០២៥ ខេត្ត​កំពង់ស្ពឺ​បាន​ទទួល​បាន​ភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាគោលដៅទេសចរទាំង២៩កន្លែង​ បាន​ប្រមាណ​ជិ​ត ២លាននាក់រួចមកហើយ ៕ អត្ថបទ៖ ​បាន​ សុខរិទ្ធិ​

ក្រសួងទេសចរណ៍ រៀបចំកម្មវិធីដាំដើមឈើអបអរបុណ្យទន្លេ លើកទី១០ និង​ដុត​ក្រឡាន​ដឹង​គុណ​វីរៈកងទ័ព

2026/03/29 01:09:07 pm        178
ក្រសួងទេសចរណ៍ គណៈកម្មការអន្ដរក្រសួងរៀបចំបុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនានេះ បានរៀបចំកម្មវិធីសំខាន់ៗ ចំនួន ២ ទៀត សម្រាប់ថ្ងៃទី៣ នៃ​ព្រឹត្តិការ​ណ៍​បុណ្យ​ទន្លេ លើកទី១០ ក្នុងនោះមានកម្មវិធីដាំដើមឈើ និងកម្មវិធីដុតក្រឡាន នៅសហគមន៍​ថ្មគ្រែ​។កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងវត្តមានគណៈប្រតិភូ ថ្នាក់​ដឹក​នាំ​ក្រសួង និងរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សា​នុសិស្សា​ចូល​រួម​ជា​ច្រើន​ផង​ដែរ​។ជាមួយគ្នា ឯកឧត្តមបានគូសរំលេចសម្រាប់កម្មវិធីដាំដើរឈរ ធ្វើឡើង​ដើម្បី​អបអរ​សាទរ​ព្រឹត្តិការណ៍​បុណ្យទន្លេ លើកទី១០ នៅតាមរបងទីលានាបាល់ទាត់ក្រុងក្រចេះ ដោយ​ក្រុម​ការងា​រ​បាន​រៀប​ចំ​នូវការដាំដើមធ្នង់ចំនួន ១០ដើម សម្រាប់ប​ន្សល់​ជា​អនុស្សាវរីយ៍​ក្នុង​ឱកាស​ខួប​លើក​ទី​១០ នៃព្រឹត្តិការណ៍បុណ្យទន្លេ ក៏ដូចជាការចូលរួមលើកកម្ពស់បរិស្ថាន និងធម្មជាតិ សម្រាប់​ប​ម្រើ​ជា​ប្រយោជន៍ជាតិទៅថ្ងៃអនាគត។ចំណែកកម្មវិធីដុតក្រឡានវិញ ឯកឧត្តមថ្នាក់ដឹកនាំ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដល់​សហគមន៍​ក្រឡា​ន​ថ្ម​គ្រែ ដោយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ហើយ​បាន​ចុះ​ពិនិត្យ​ផ្ទាល់ នូវរបៀបដុតក្រឡាន ដែលជាផលិតអត្តសញ្ញាណភូមិសាស្ដ្រមួយដ៏ល្បីល្បាញ ទាំងក្នុង និង​ក្រៅ​ប្រទេស ហើយឯកឧត្តមរដ្ឋមន្ដ្រី ក៏សង្ឃឹមថា ប្រជាពលរដ្ឋ នឹងរក្សាបាន​នូវ​ការ​ផលិត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ជានិរន្ដរ ដើម្បីជាផ្នែកមួយ ក្នុងការលើកស្ទួយ និងទាក់ទាញ​ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលបានយូរអង្វែងផងដែរ។គួរដឹងថា រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដែលរៀ​ប​ចំ​ឡើង​ក្រោម​ប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រសួង​ទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកម្មវិធីសំខាន់ៗចំនួន ១១ ដែល​គ្រប់​ដណ្ដប់​ស្ទើរ​គ្រប់​ទិដ្ឋភាពសង្គម ទាំងសាសនា ទេសចរណ៍ កសិកម្ម សប្បុរសធម៌ សិល្បៈ និងកីឡា​ជា​ដើម​ ដែលបានផ្ដល់នូវភាពអធិកអធម និងសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ ដែល​បាន​មក​លេងកម្សាន្ដក្នុងព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

សមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍

2026/03/29 12:56:43 pm        187
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ រៀបចំដោយសមាគមមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិន Peaceland ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច និងវប្បធម៌ តាមរយៈសកម្មភាពកីឡាទេសចរណ៍ដែលមិត្តភាពចំពោះបរិស្ថាន តាមរយៈសង្គមស៊ីវិលរបស់ចិនចំនួន ៨ស្ថាប័នដែលមកចូលរួម។លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញការចូលរួមសកម្មភាពកីឡា និងសុខភាពសាធារណៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រកបដោយគុណភាព និងរួមគ្នាថែរក្សាបរិស្ថាន និងផ្តល់គុណតម្លៃដល់វិស័យទេសចរណ៍ធម្មជាតិនិងវប្បធម៌។ ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍កម្ពុជា-ចិន នាថ្ងៃនេះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា និងលើកកម្ពស់សុខភាពតាមរយៈការជិះកង់ប៉ុណ្ណោះនោះទេ ព្រឹត្តិការណ៍នេះ ក៏ជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស្របតាមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលកំពុងឈានទៅដល់កម្រិតកំពូល ដែលថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរបានកំណត់ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន កាលពីឆ្នាំ២០២៥ កន្លងផុតទៅ» ដែលជាសក្ខីភាពដ៏អស្ចារ្យសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ព្រឹត្តិការណ៍នាពេលនេះ មិនត្រឹមតែមានតួនាទីសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ និងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមនៅក្នុងយុទ្ធនាការដោយលើកទឹកចិត្តឱ្យភ្ញៀវជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពីតំបន់ ទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ជនជាតិចិនឆ្លើយតបនឹងឆ្នាំទេសចរណ៍កម្ពុជា-ចិនថែមទៀត៕ 

ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ ដែលជាផ្នែក​នៃការ​អបអរ​សាទរ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​ទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ

2026/03/29 09:28:22 am        208
នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា បានរៀបចំឡើង ក្រោម​អធិបតី​ភាព​លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង​ឯកឧត្តម​ Anatoly Borovik ឯកឧត្តម​អគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​ព្រះរា​ជាណា​ចក្រកម្ពុជា នៅសាលសន្និសីទចតុម្មុខ។ព្រឹត្តិការណ៍​នេះមានការរៀបចំពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និងការ​សម្តែង​សិល្បៈ​ក្រោម​ប្រធាន​បទ "អ្នកបន្តវេនតំបន់ស៊ីបេរី"។ កម្មវិធីនេះ ជាឱកាសក្នុងការចែករំលែក ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ក៏ដូចជាការស្វែងយល់ពីប្រពៃណីវប្បធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។សូម​បញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់អតីតកាលនោះទេ ប៉ុន្តែ​គឺ​ជា​ការ​ផ្តល់​តម្លៃ​​ដល់ចំណងមិត្តភាពដ៏រឹងមាំ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់អនាគតមួយ ដែល​មាន​កិច្ច​សហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងស៊ីជម្រៅ។ ជាការពិតណាស់ វប្បធម៌គឺជា​ដួង​ព្រលឹង​របស់​ជាតិ ​ជាអត្តសញ្ញាណស្នូល និងជាធនធានដ៏មានតម្លៃមិនចេះរីងស្ងួត ហើយ​បាន​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី៕

យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជាចាប់ផ្តើមដោយមានក្រុមហ៊ុនទេសចរណ៍ជាច្រើនក្នុងតំបន់អាស៊ាន

2026/03/27 12:30:46 pm        196
យុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក រយៈពេលពេញមួយឆ្នាំ ដែលសហការរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា គាំទ្រដោយក្រសួងទេសចរណ៍ បានចាប់ផ្តើមដំណើរការ ដោយមានបណ្តាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកផ្សព្វផ្សាយមាតិទេសចរណ៍ដែលមានឥទ្ធិពលជាច្រើន នៅក្នុងតំបន់អាស៊ាន អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍CTM និងទស្សនាកម្ពុជា។បើតាមលោក ម៉េត សុជាតិ តំណាងសមាគមន៍ទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៧ ខែមីនានេះថា ដូចការគ្រោងទុក នៅថ្ងៃនេះ គ្រប់បណ្តាក្រុមហ៊ុនទេសចរណ៍ និងតំណាងបណ្តាញផ្សព្វផ្សាយមាតិការដ៏មានឥទ្ធិពល មកពីប្រទេសឥណ្ឌូនេស៊ី សឹង្ហបូរី និងម៉ាឡេស៊ី និងប្រទេសនានាទៀត នៅក្នុងតំបន់អាស៊ាន សរុបប្រមាណជាង៤០ ស្ថាប័ន បានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា CTM ២០២៦ អមដោយមានការធ្វើដំណើរតាមខែ្សទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពលវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុ ខេត្តសៀមរាប រយៈពេល ៦យប់ ៧ថ្ងៃ។លោក បណ្ឌិត ធួន ស៊ីណាន ប្រធានPATA ប្រចាំនៅកម្ពុជា បានថ្លែងថា យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក រយៈពេល១ឆ្នាំពេញដែលធ្វើឡើងជាសេរី អមដោយមានការរៀបចំព្រឹត្តិការណ៍ជំនួបធុរៈកិច្ចទេសចរណ៍កម្ពុជា CTM និងរៀបចំខ្សែទស្សនៈកិច្ចសិក្សាស្វែងយល់ក្នុងសក្តានុពលទេសចរណ៍កម្ពុជា នៅក្នុងដំណាក់កាលដំបូងនេះ គឺផ្តោតសហការអញ្ជើញបណ្តាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកផ្សព្វផ្សាយទេសចរណ៍ល្បីៗនៅតំបន់អាស៊ានអញ្ជើញចូលរួម ហើយដំណាក់កាលខែបន្តបន្ទាប់ទៀត សមាគម នឹងអញ្ជើញក្រុមហ៊ុនទេសចរណ៍អន្តរជាតិជាអ្នកទិញ និងតំណាងបណ្តាញផ្សព្វផ្សាយល្បីៗ តាមប្រទេសនានាទៀត នៅតំបន់អឺរ៉ុប អាមេរិច ចិន កូរ៉េ ឥណ្ឌា និងប្រទេសនានាទៀត អញ្ជើញមកកម្ពុជាចូលរួមព្រឹត្តិការណ៍ដូចគ្នានេះដែរ។លោកបណ្ឌិតថា យុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកនេះ គឺមានបំណងសំខាន់ជំរុញក្រុមហ៊ុនទេសចរណ៍អន្តរជាតិនានាដែលជាភាគីអ្នកទិញមកពីក្រៅប្រទេស និងក្រុមហ៊ុនទេសចរណ៍ដែលជាភាគីអ្នកលក់នៅក្នុងប្រទេស ទទួលបានឱកាសជួបគ្នា ពិភាក្សាគ្នាភ្ជាប់ដៃគូ ទំនាក់ទំនាក់អាជីវកម្មទេសចរណ៍ រួមគ្នាផ្សាយផ្សាយគោលដៅទេសចរណ៍កម្ពុជា សហការលក់កញ្ចប់ទេសចរណ៍កម្ពុជានៅក្រៅប្រទេស និងនាំគ្នាភ្ញៀវទេសចរអន្តរជាតិនានាមកទស្សនាកម្ពុជា នៅឆ្នាំក្រោយៗទៀត។លោកបណ្ឌិត ធួន ស៊ីណាន ថ្លែងថា បន្ទាប់ពីការរៀបចំយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានេះរួច ក្នុងរយៈពេល៦ខែបន្ទាប់ រំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិនៅក្នុងតំបន់អាស៊ានមកទស្សនាកម្ពុជាកាន់តែច្រើន ហើយក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំបន្ទាប់ រំពឹងមានភ្ញៀវទេសចរអន្តរជាតិ បណ្តាប្រទេសនៅតាមតំបន់អឺរ៉ុប អាមេរិក និងនៅកូរ៉េជាដើម នឹងមានទស្សនាកម្ពុជាកាន់តែច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា

កោះច្រែង គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងខេត្តក្រចេះ តាមដង​ទន្លេមេគង្គ​ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

2026/03/27 11:46:12 am        115
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាល​នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹក​នាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​នៅកោះ​ច្រែងខេត្តក្រចេះ ដើម្បីវាយតម្លៃសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួម​មានផ្លូវចូលទៅកាន់តំបន់ ទីតាំងសេវាកម្មទេសចរណ៍ និងបរិស្ថានធម្មជាតិជុំវិញកោះផងដែរ។ដំណើរចុះពិនិត្យនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការបង្កើនការយកចិត្តទុកដាក់លើតំបន់កោះច្រែង និងជំរុញឱ្យមានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗនៅតំបន់នេះ នាពេល​ខាង​មុខ​។

ភោជនីយដ្ឋាននានានៅតំបន់ផ្លូវបាសាក់ រាជធានីភ្នំពេញ ត្រៀមមុខម្ហូបជាច្រើន ដើម្បីទាក់ទាញ​ទេសចរ​ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»

2026/03/24 04:39:10 pm        216
ស្ថិតក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ភោជនីយដ្ឋាននៅតំបន់ផ្លូវបាសាក់ ក្នុងរាជធានីភ្នំពេញ បាន​តុប​តែង​លំអ និងត្រៀមមុខម្ហូបជាច្រើនប្រទភេទ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​ចូល​ទទួល​ទាន​អាហារ និងដើរកម្សាន្តនៅទីនេះ។អ្នកតំណាងម្ចាស់អាជីវកម្មនៅតំបន់ផ្លូវបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ បានប្រាប់BTVថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»​ នៅតំបន់ផ្លូវបាសាក់ នឹងអាចទាក់ទាញភ្លៀវទេសចរមកច្រើន ហើយចំណូល​ក៏​អាច​រក​បានច្រើនដែរ។ អ្នកទាំងអស់នោះបានបន្តថា នៅក្នុងភោជនីយដ្ឋានមានមុខម្ហូប​បរទេស​ជា​ច្រើន​ភេទសម្រាប់បម្រើសេវាជូនភ្ញៀវទេសេចរ ដែលក្នុងនោះមានដូចជាប្រទេស បារាំង អេស្បាញ និង​ឥណ្ឌា ជាដើម។ ក្រៅពីនេះ ក៏មានមុខម្ហូបខ្មែរផងដែរ។ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ជាលើកដំបូង ក្នុងរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ រហូតដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ត្រង់ចំណុចទីតាំងមួយចំនួនដូចជា៖ តំបន់​រមណីយ​ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរ ជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រី បរិវេណវត្តបុទុមវត្តី តំបន់ផ្លូវបាសាក់ និងផ្សារទួលទំពូង។ បច្ចុប្បន្ន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការជាមួយអង្គភាពពាក់ព័ន្ធនានា កំពុងរៀបចំ​តុបតែង​លំអ​ទីតាំង​ទាំង​នោះ​មុនព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឈានចូលមកដល់៕ អត្ថបទ៖ ទូច សោភ័ណ 

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយវិស័យឯកជន ជំរុញ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្រិត​ខ្ពស់ក្នុងខេត្តកោះកុង

2026/03/24 02:33:22 pm        193
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និង​អភិវឌ្ឍ​វិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់​ទាក់​ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍកោះទទឹងរីស្សតនេះ គឺជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុនខ្មែរ ស្នាដៃនិងគំនិត ព្រមទាំងការឆ្នៃប្រឌិតដោយវិនិយោគិនខ្មែរ ដោយ​រក្សា​នូវ​អត្តសញ្ញាណខ្មែរ ដែលនេះបានឆ្លុះបញ្ជាំងពីការរួមចំណែករបស់ប្រជាជនខ្មែរ ដែល​ចេះ​ស្រឡាញ់​ និង​រួបរួមគ្នាក្រោមទិសស្លោក “ខ្មែររួមគ្នា ខ្មែរខ្លាំង”។ ក្នុងបេសកកម្មនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រម​ទាំង​លោក​ជំទាវ​ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចុះ​ទស្សន​កិច្ច​សិក្សា ​និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅ “កោះ​ទទឹង​រីស្សត” ដែលជារ​មណីយ​ដ្ឋាន​ទេសចរណ៍​កម្រិតខ្ពស់ថ្មីមួយ ស្ថិតក្នុងទឹកដីខេត្តកោះកុង។ ដំណើរទស្សនកិច្ចនេះ មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តកោះកុង តំណា​ង​សមាគម​ក្នុង​ឧស្សាហ​កម្ម​ទេសចរណ៍​កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុប​ប្រមាណ ៦០នាក់។គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើកោះទទឹងរីស្សត រួមមាន វីឡា​លំហែ​ប្រណិត​ ផ្ទះឈើបែបខ្មែរបុរាណ បណ្ណាល័យ កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កន្លែង​មើល​ថ្ងៃ​លិច និងភោជនីយដ្ឋាន ដែលបានរៀបចំតាមស្តង់ដារខ្ពស់។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែន​នគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. ដែលបានវិនិយោគ និងអភិវឌ្ឍកោះទទឹងរីស្សត តាមរយៈ ឱ្យ​ក្លាយ​ជា​រមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពល​ខ្ពស់ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។ គួរបញ្ជាក់ថា “កោះទទឹងរីស្សត” បានបើកដំណើរការសាកល្បងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ ដោយមានវីឡាសរុបចំនួន ២៤ រចនាបែបបុរាណ និងសហសម័យ ព័ទ្ធ​ជុំវិញ​ដោយ​ធម្មជាតិ​ខៀវ​ស្រងាត់ និងមានឆ្នេរខ្សាច់សស្អាតប្រវែងប្រមាណ ២,០០០ ម៉ែត្រ ដែលផ្តល់​នូវ​បទ​ពិសោធន៍​លំហែ​កាយដ៏ប្រណិត និងឯកជនភាពខ្ពស់៕

ក្រសួងទេសចរណ៍ និងសុខាភិបាល​សហការ​រៀបចំ​ព្រឹត្តិការណ៍​ដំណើរ​ទស្សន​កិច្ច​តំបន់​អង្គរ​ក្នុង​យុទ្ធនា​ការ​រៃអង្គាសថវិកា «Walk for a Smile» បង្ហាញអំពីទឹកចិត្តសប្បុរសធម៌ខ្មែរជួយខ្មែរ

2026/03/23 02:42:32 pm        186
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល អញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ «Walk for a Smile» ដើម្បី​ទ្រទ្រង់​សកម្ម​ភាព​មនុស្សធម៌របស់អង្គការស្នាមញញឹមកម្ពុជា ដែលនេះគឺជាលើកទី១ សម្រាប់​ក្រសួង​ទេសចរណ៍ ​និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំ​ឡើង​នៅ​លើ​ទឹក​ដី​ដ៏​ពិសិដ្ឋ ​និងជាតំបន់វប្បធម៌បេតិកភណ្ឌនៃខេត្តសៀមរាប ស្របពេលដែល​ថ្ងៃ​នេះក៏​ជា​ថ្ងៃ​នៃ​ព្រឹត្តិ​ការណ៍​សម​រាត្រីអង្គរ។ក្នុងកម្មវិធីមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីលោក ចាន់ កុក ចយ នាយកប្រតិបត្តិ​អង្គការ​ស្នាម​ញញឹម​កម្ពុជា (smile Cambodia), ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល, ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោ​ភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី​អង្គការស្នាមញញឹមកម្ពុជា, ក្រុមគ្រូពេទ្យស័្មគ្រចិត្ត, តំណាងអាជ្ញាធរជាតិអប្សរា, មន្ទីរ​ពាក់​ព័ន្ធ​ជុំវិញ​ខេត្ត, សមាគមក្នុងឧស្សាហកម្មទេសចរណ៍, CATA, ធនាគារ, ក្រុមហ៊ុន- ដៃគូឧបត្ថម្ភ និង​វិស័យឯកជន សរុបប្រមាណ ៣០០នាក់។ជាមួយ​គ្នា​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា ព្រម​ទាំង​ការ​ជួយ​ជ្រោម​ជ្រែងសព្វគ្រប់បែបយ៉ាងពីក្រសួងសុខាភិបាល ក្រោមការដឹកនាំ​របស់​ឯកឧត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia​) បានបំពេញបេសកកម្មផ្ដល់សេវាវះកាត់ ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូម​មាត់​ឆែប រលាក ព្យាបាលមាត់ធ្មេញ និងពិការមុខមាត់ នៅទូទាំងប្រទេស។ សូមបញ្ជាក់ជូនថា អង្គការស្នាមញញឹមកម្ពុជា (smile Cambodia) ក៏បាន​អញ្ជើញ​ក្រុម​គ្រូពេទ្យ​ដែល​ស្ម័គ្រ​ចិត្តពីសាធារណរដ្ឋប្រជាមានិតចិន មកពីអង្គការចំនួន ២ គឺ Future Smile China និង​BEAM Hong Kong ដើម្បីចូលរួមកម្មវិធីខាងលើនេះផងដែរ។ ឯក​ឧត្តម​រដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពដែលផ្សារភ្ជាប់ ទេសចរណ៍ សុខ​ភាព និងមនុស្សធម៌ ដែលព្រឹត្តិការណ៍ដើរនៅថ្ងៃនេះ បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជា​មិន​ត្រឹម​តែ​មាន​ប្រាសាទ​បុរាណដ៏អស្ចារ្យ និងតំបន់ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែកម្ពុជាគឺជា “ព្រះរាជាណាចក្រ អច្ឆរិយៈដែលផ្តល់នូវភាពកក់ក្តៅ” តាមរយៈ​បេះដូង​សប្បុរស​ធ​ម៌​របស់ប្រជាជនយើង ជាមួយនឹងស្នាមញញឹម ដែលត្រូវបានពិភពលោក ប្រសិទ្ធ​នាម​ថា​ «ស្នាមញញឹមកម្ពុជា»។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សកម្មភាពនៅថ្ងៃនេះ ក៏បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកថា យើង​គឺ​ជា​ប្រជាជាតិមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចែករំលែក។តាមកម្ម​វិធីដែលបានគ្រោងទុក «Walk for a Smile» គណៈប្រតិភូក៏​បាន​ចូល​រួម​ទស្សនា​ប្រាសាទ​នានា​នៅតំបន់អង្គរ និងការទស្សនាព្រឹត្តិការណ៍ សមរាត្រីអង្គរ (Angkor Equinox) ដែល​ជាបាតុភូតធម្មជាតិដ៏​អស្ចារ្យ​ដែល​ព្រះ​អាទិត្យ​រះ​ចំកណ្តាល​កំពូល​ប្រាសាទ​អង្គរ​វត្ត​ចំនួន​២​ដង​ជា​រៀង​រាល់ឆ្នាំ គឺនៅរដូវប្រាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា, និងរដូវវស្សា ចាប់​ពី​ថ្ងៃ​ទី​២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ពោលគឺព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងតែបាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ ចូលរួមទស្សនានិងផ្តិតយករូបភាពនៃបាតុភូតពិសេសនេះ នៅប្រាសាទអង្គរវត្ត ជា​រៀងរាល់ឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហារនៅទីក្រុងបេរូត បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា
04/02/2026 08:04 AM
អ៊ីរ៉ង់បដិសេធការអះអាងរបស់លោក Trump ដែលថាប្រធានាធិបតីអ៊ីរ៉ង់ បានស្នើសុំបទឈប់បាញ់
04/02/2026 08:04 AM
លោក Trump បញ្ជាក់ជាថ្មីថា អាមេរិកនឹងចេញពីអ៊ីរ៉ង់ «ឆាប់ៗ» ហើយនឹងត្រឡប់ទៅវិញបើចាំបាច់
04/02/2026 08:04 AM
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងបង្កប់បទល្មើស Online Scams មួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ជនបរទេស២០នាក់
04/02/2026 07:04 AM
លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
04/01/2026 08:04 PM
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
04/01/2026 08:04 PM
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
04/01/2026 08:04 PM
មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
04/01/2026 08:04 PM
អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
04/01/2026 08:04 PM
មេដឹកនាំកំពូលអ៊ីរ៉ង់កោតសរសើរដល់ក្រុមហេសបូឡា និងសន្យាបន្តគាំទ្រពួកគេ
04/01/2026 08:04 PM