ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

2025/09/28 06:52:25 pm        236
ក្រោយថ្ងៃទី១ ខែតុលា ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បីបន្តការងារបន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូAC,ការងារគូសគំនូសចរាចរណ៍, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,២៥%។គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ចំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ៕

គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%

2025/09/11 01:36:23 pm        246
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូចុះពិនិត្យវឌ្ឍនភាព​គម្រោង​ស្ពាន​ឆ្លង​កាត់​ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការចូលរួម​ពី​ថ្នាក់​ដឹកនាំ​គ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ។

សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស

2025/09/09 02:20:42 pm        229
ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួម​ទាំង​ការ​ចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គល​ខ្លះ​យក​ទៅ​ធ្វើ​អាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី៩ ខែកញ្ញានេះ បានបញ្ជាក់ដោយសង្ខេបនូវចំណុចមួយចំនួនថា÷ ១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? - បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។ នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿននិងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំអោយមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយពត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងពត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន អោយប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។ ២. តើរាជរដ្ឋាភិបាលបានបញ្ជារអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់? - ចម្លើយខ្លី គឺគ្មានទេ។ រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។ ៣. តើការចរចារនានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ? - ចម្លើយខ្លី គឺគ្មានទេ។ ការចរចារបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចារទ្វេភាគីកន្លងមកដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង កិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចារសំងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។ ចំពោះកិច្ចការចរចារព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។ ៤. តើរដ្ឋាភិបាល ក្រសួងការពារជាតិអត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ? - ចម្លើយខ្លី រាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។ សូមបងប្អូនមេត្តាយោគយល់ ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈ អំពីរាល់ការងារធានានិងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថារាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។ បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ពនិងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង។ ជាមួយគ្នានេះ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើងតាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធកាលពីថ្ងៃទី ២៤ កក្កដា មកម្ល៉េះ។ ពេលនេះជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា។ ខ្ញុំសង្ឃឹមថាការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើនិងអាចដោះស្រាយចម្ងល់មួយចំនួនដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ។ ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាអោយបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ។

សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

2025/09/08 10:34:27 am        186
ភ្នំពេញ៖ ក្នុងឱកាស ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល» នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បានផ្ដល់អនុសាសន៍ចំនួន ៧ ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធនិង ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍បែបនេះ តាមរយៈសារលិខិត អបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។សម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពលរដ្ឋល្អ និង ស្មារតីស្នេហាជាតិ។ សម្ដេចបានថ្លែងថា ក្រសួងអប់រំ បានបន្តធ្វើការកែទម្រង់លើអាទិភាពមួយចំនួនក្នុងវិស័យអប់រំ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំ តាមរយៈជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ ការសិក្សា មុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅមធ្យមសិក្សាចំណេះទូទៅការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅឧត្តមសិក្សា ការលើកកម្ពស់ការសិក្សាភាសាបរទេស ការបណ្តុះបណ្តាលជំនាញសតវត្សរ៍ទី២១ ការអប់រំឌីជីថល ការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងការលើកកម្ពស់ឱកាសសិក្សា ពេញមួយជីវិត។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំនិងអក្ខរកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ការអនុវត្តកម្មវិធីសិក្សាផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ បញ្ញាសិប្បនិម្មិត ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បណ្តាញសាកលវិទ្យាល័យសាយប័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងសាកលវិទ្យាល័យ សាលាឌីជីថល ថ្នាលអប់រំ សម្រាប់គាំទ្រដល់ការបង្រៀន និងរៀន និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយចំនួនសម្រាប់ការងារគ្រប់គ្រង។ជាមួយគ្នានឹងការគាំទ្រចំពោះប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» សម្ដេចនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និង ប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធនិង ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។ សម្ដេចធិបតី អំពាវនាវ និងដាក់ចេញនូវអនុសាសន៍ចំនួន ៧ ចំណុចក្នុងឱកាស ទិវាអក្ខរកម្មអន្តរជាតិនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងនោះមាន៖ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បី ពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ដើម្បី ក្លាយទៅជាពលរដ្ឋឌីជីថល និងចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យាព្រមទាំងចូលរួម យ៉ាងសកម្មក្នុងសង្គមឌីជីថល។ទី២- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលតាមគ្រប់រូបភាពលើផ្នែកឌីជីថល សម្រាប់ប្រជាជន កម្ពុជាគ្រប់វ័យ ក្នុងគោលបំណងជួយដល់ពួកគាត់ឱ្យមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ ឌីជីថល សម្រាប់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ទី៣- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ មានពិការភាព ឬជនមានតម្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត្រប្រកបដោយសមធម៌និងបរិយាបន្ន។ទី៤- ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញការបើក ថ្នាក់អក្ខរកម្ម និងភ្ជាប់ជាមួយនូវការប្រើប្រាស់បច្ចេកវិទ្យា គួបផ្សំជាមួយនឹងការបណ្តុះបណ្តាលមុខជំនាញ វិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក ជនជាប់ឃុំជាដើម ដើម្បីជាប្រយោជន៍របស់ពួកគាត់ ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។ទី៥- វត្តអារាម និងវិហារសាសនា ត្រូវបំផុសចលនាព្រះសង្ឃ បព្វជិតសាសនា ចូលរួមជំរុញ និងលើកកម្ពស់កម្មវិធី អក្ខរកម្មវិជ្ជាជីវៈ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការផ្សព្វផ្សាយអប់រំ អំពីសារប្រយោជន៍នៃការប្រើប្រាស់ឌីជីថល ដែលបម្រើដល់ការសិក្សារៀនសូត្រ តម្លៃសីលធម៌ ចរិយាធម៌ និងលើកកម្ពស់ការរស់នៅជាពលរដ្ឋឌីជីថលក្នុងសង្គម។ទី៦- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធី អក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃអក្ខរកម្ម ជាពិសេស អក្ខរកម្មឌីជីថល ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត ចេះប្រើប្រាស់ គ្រប់គ្រង និងចែករំលែកព័ត៌មាន តាមអនឡាញ យល់ដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងចែករំលែកព័ត៌មានប្រកបដោយក្រមសីលធម៌ និង សុក្រឹតភាព។ទី៧- ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីកៀរគរប្រមូលផ្តុំធនធាននិងចែករំលែកបទពិសោធ ក្នុងការលើកកម្ពស់កម្មវិធី អក្ខរកម្មក្នុងយុគសម័យឌីជីថលនិងបច្ចេកវិទ្យាព័ត៌មាន ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ជាថ្មីម្តងទៀត សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការងារអក្ខរកម្មនាពេលកន្លងមក និង សូមបន្តជួយឧបត្ថម្ភគាំទ្រផ្តល់កិច្ចសហការល្អបន្តទៀត ដើម្បីបុព្វហេតុអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលមូលធនមនុស្ស និងការអភិវឌ្ឍសង្គមពុទ្ធិនៅកម្ពុជា៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

2025/09/08 10:19:15 am        230
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ការងារអក្ខរកម្ម ដោយមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋ គ្រប់រូបមានសមត្ថភាពអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ តាមរយៈ សារលិខិត អបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។តាមរយៈសារលិខិត សម្តេចធិបតី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រការកំណត់យកប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ដែលជាប្រធានបទដ៏សំខាន់មួយ សំដៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្មនិងការជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមគាំទ្រក្នុងការលើកកម្ពស់កម្មវិធី អក្ខរកម្មក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍសមត្ថភាព ជាពិសេសជនបាត់បង់ឱកាស ជនងាយរងគ្រោះ យុវជន ក្រៅសាលា កម្មករ កម្មការិនីរោងចក្រ កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកប ដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល និងចូលរួមចំណែកដល់ការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា ប្រធានបទឆ្នាំនេះក៏ស្របទៅនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ពោលគឺកសាងបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ដូចនេះហើយយើងទាំង អស់គ្នាត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់កម្មវិធីអក្ខរកម្ម ជាពិសេសអក្ខរកម្មឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុង ការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ក្នុងគោលដៅស្វែងរក ប្រើប្រាស់ គ្រប់គ្រង វាយតម្លៃ បង្កើត និងចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព ភាពជឿទុកចិត្ត និងមានភាពត្រឹមត្រូវ។ សម្រាប់ពេលអនាគតការធ្វើបរិវត្តកម្មឌីជីថលគឺជាការចាំបាច់ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល ឆ្ពោះទៅបង្កើនផលិតភាព ការប្រកួតប្រជែង ប្រសិទ្ធភាពសេដ្ឋកិច្ច និងកសាងសង្គមទំនើប។នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាអក្ខរកម្មជាតិ និងចូលរួមអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ ជាកត្តាដ៏សំខាន់ដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះបានពង្រីកវិសាលភាពហួសពីការអាន និងការសរសេរតាមបែបប្រពៃណី ព្រមទាំងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្ម ដែលរួមបញ្ចូលនូវភាពជា ពលរដ្ឋសកល ពលរដ្ឋឌីជីថល ការយល់ដឹងតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ការងារអក្ខរកម្ម ដោយមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋ គ្រប់រូបមានសមត្ថភាពអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និង វិទ្យាសាស្ត្រជឿនលឿន»៕

ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

2025/09/05 01:01:54 pm        200
ប្រជាពលរដ្ឋកម្ពុជា បង្ហាញនូវក្ដីត្រេកអរជាខ្លាំង ដែលកម្ពុជា​នឹង​មាន​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ ​ត្រៀមបើកដំណើរការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ខាងមុខនេះ។ ពួកគាត់ម្នាក់ៗ មាន​មោទន​ភាពជាខ្លាំងចំពោះសមិទ្ធផលដ៏ធំនេះ។អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាសមិទ្ធផលថ្មីដ៏ធំសម្រាប់ជាតិ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស។ អាកាសយានដ្ឋានដ៏ធំអស្ចារ្យនេះ នឹងបើកដំណើរការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលចូលមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែល​នឹង​ត្រូវ​បិទ​ដំណើរ​ការ​ទាំង​ស្រុង​។ប្រជាពលរដ្ឋម្នាក់ៗ សុទ្ធតែបង្ហាញនូវសេចក្ដីត្រកអរចំពោះសមិទ្ធផលជាតិដ៏ធំមួយនេះ។ សម្រាប់​ពលរដ្ឋ​រស់​នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលរស់នៅក្បែរ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ កាន់តែមានក្ដីរំភើប​រីករាយ​នៅ​ពេល​វត្ត​មាន​ព្រលាន​យន្តហោះ​ថ្មី​នៅ​ក្បែរ​ផ្ទះរ​បស់​ពួក​គាត់​។ ពួកគាត់ចង់ទៅទស្សនាផ្ទាល់ មើលពីភាពអស្ចារ្យនៃអាកាសយានដ្ឋានថ្មី។ទន្ទឹមនឹងមោទនភាពចំពោះសមិទ្ធផលដ៏ធំនេះ ពួកគាត់មើលឃើញដំណើរវិជ្ជមានរបស់កម្ពុជា ក្រោយ​អាកាសយានដ្ឋានថ្មីបើកដំណើរការផងដែរ។ ពួកគាត់ដាក់ក្ដីរំពឹងថា អាកាសយានដ្ឋានថ្មី នឹង​ជួយ​សម្រួលពិសេសស្រូបទាញភ្ញៀវទេសចរមកកម្សាន្តកម្ពុជាកាន់តែច្រើន។ ពួកគាត់​ក៏​ដាក់​ក្ដី​រំពឹង​ដែរថា អាជីវកម្មរបស់ពួកគាត់ដែលនៅក្បែរអាកាសយានដ្ឋានថ្មី ក៏នឹងកាន់តែ​រីក​លូត​លាស់​ផង​ដែរ។អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅ​ចម្ងាយ​ប្រមាណ ​២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់ឡើង​លើ​ទឹក​ដី​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល និងមួយផ្នែកក្នុងស្រុកបាទី ខេត្តតាកែវ។អាកាសយានដ្ឋាននេះ ត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F។ អាកាសយានដ្ឋាន 4F គឺ​ជា​អាកាស​យានដ្ឋានធំដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរឆ្លងទ្វីប ដែលអាចឲ្យ​ប្រភេទ​យន្ត​ហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះ​ចតបាន៕ អត្ថបទ៖គឹមហុក

ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ

2025/09/05 12:09:19 pm        295
អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី៥ ខែកញ្ញានេះ នឹងរៀបចំពិធីក្រុងពលី និង​ពុទ្ធាភិសេក​ព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់ដែលមានទម្ងន់ ៩ តោនកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់​ទុក​ជា​កេតន​ភណ្ឌ​ដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជា​ឧត្តម​ប្រយោជន៍​ក្នុង​ការ​គោរព​របស់​បណ្តាភ្ញៀវជាតិ និងអន្តរជាតិ។អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក មាន​ប្រសាសន៍​ឱ្យដឹ​ងថា ពិធីក្រុងពលី និងពុទ្ធាភិសេកព្រះពុទ្ធបដិមានេះរៀបចំដោយក្រសួងធម្មការ និង​សាសនា និងបានអញ្ជើញនិមន្តសម្ដេចព្រះសង្ឃ ១៨ អង្គ ដើម្បីប្រារព្ធកម្មវិធីដ៏ធំមួយនេះ ខណៈ​អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅដើម​សប្តាហ៍​ខាង​មុខ​។អ្នកឧកញ៉ាបានបញ្ជាក់ថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជាកាន់ព្រះពុទ្ធសាសនា ដូច្នេះ​ហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះគឺរំពឹងថា នៅក្នុងរាល់រចនាបថ ការរៀប​ចំ​ទាំង​អស់​ក្នុង​ព្រលាននេះគឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ ដើម្បីតម្កល់​ក្នុង​ព្រលាន​ថ្មី​នេះគឺដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវ​ទេសចរ​ទាំង​អស់បានមើលឃើញថាជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់គឺបង្ហាញ​វប្បធម៌​របស់​កម្ពុជា​​។នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីព្រះពុទ្ធបដិមា ក៏មាន​ដាក់​តាំង​បន្ថែម​អំពី​រូប​ចម្លាក់​រច​នាប​ទ​បែបខ្មែរផ្សេងៗជាច្រើនទៀត ដែលភាគច្រើននាំមកពីខេត្តសៀមរាប។ សូមបញ្ជាក់ថា ព្រលាន​យន្តហោះថ្មីនេះសាងសង់លើផ្ទៃដីសរុប ២ ៦០០ ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និង​អាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ តាម​ការ​គ្រោង​ទុក ព្រលានយន្តហោះថ្មីនេះនឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា និងថ្ងៃទី២០ ខែតុលា​ ឆ្នាំនេះនឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ

2025/08/29 03:56:45 pm        517
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ជា​ថ្មីទៅកាន់ឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​អាស៊ាន​ប្តូរវេន ឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង គឺកម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាពសុខដុមរមនាក្នុងតំបន់ និងបន្ត​សម្រេច​ឱ្យ​បាននូវដំណោះស្រាយតាមរយៈមធ្យោបាយសន្តិភាព និងការគោរព​ច្បាប់​អន្ត​រជាតិ​យ៉ាង​ពេញលេញ។តាមរយៈសារលិខិតរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ញើជូន ឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រា​ហ៊ីម​ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិលើកទី៦៨ របស់ប្រទេស​ម៉ាឡេស៊ី ​ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៩ ខែសីហានេះ សម្ដេចធិបតី បាន​សម្តែង​នូវ​ការ​អបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជន​ម៉ាឡេស៊ី​ក្នុង​ឱកាស​នេះ​។ សម្ដេចធិបតីបានថ្លែងថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសគំរូក្នុងការបង្រួបបង្រួមជាតិ និង​មាន​ភាព​សុខដុម​រមនា​ដ៏ត្រចះត្រចង់ក្នុងតំបន់របស់យើង កំពុងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និង​លើ​វេទិកា​អន្តរជាតិ។សម្ដេចធិបតីបានថ្លែងថា កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើង​ដែល​បាន​កើត​ចេញ​ពី​ការ​គោរ​ព​គ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណីដ៏​យូរអង្វែង​បាន​បន្ត​លូត​លាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់យើង។ សម្ដេចធិបតីបានថ្លែងថា ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និង​ម៉ាឡេស៊ី​នឹងបន្តរីក ចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍​ដ៏​ធំ​សម្បើម​សម្រាប់​ប្រជាជន​ប្រទេស​ទាំង​ពីរ ថែមទាំងរួម ចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះការគាំទ្រ និងការចូលរួម យ៉ាងបុរសកម្ម ជាបន្តបន្ទាប់ របស់​ម៉ាឡេស៊ីក្នុ​ងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង ឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ​២០២៥។ ក្រោមការួមចំណែកដ៏ថ្លៃថ្លារបស់ឯកឧត្តម កិច្ចប្រជុំ វិសាមញ្ញ​នៃ​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ ដែលបានរៀបចំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ បាន​នាំ​មក​នូវក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់របស់យើង»។សម្ដេចបាន​បន្តថា៖«កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាព​សុខដុម​រមនាក្នុងតំបន់ និងបន្តសម្រេចឱ្យបាន​នូវដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ជម្លោះ​ព្រំដែន​ទាំង​អស់​ជា​មួយ​ប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព និងការគោរព​ច្បាប់​អន្ត​រ​ជាតិ​យ៉ាង​ពេញ​លេញ​»៕

គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់

2025/08/28 03:09:23 pm        339
ពោធិ៍សាត់៖ លោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​ឯកឧត្តម​ ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម ​នា​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន​ក្រសួង​អភិវឌ្ឍន៍​ជន​បទ និងក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារ​ស្ថាបនា​ផ្លូវ​ក្រាល​ដី​ល្បាយក្រួសចំនួន១ខ្សែ ស្ថិតនៅភូមិអូរតាប៉ោង ទៅភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ស្ថាបនាដោយអង្គភាពវិស្វកម្ម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ (ឧត្តមសេនីយ៍ឯក ធន វិមានច័ន្ទ) ដោយ​ប្រើ​ប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្លូវ១ខ្សែ​នេះ​ត្រូវ​បាន​បើក​ការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្លូវនេះ​មាន​ប្រវែង​៧៣០០​ម៉ែត្រ ទទឹង៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខ​មួយ​ចំនួន​១​កន្លែង ​លូមូលមុខបីចំនួន១កន្លែង លូមូលមុខពីរចំនួន៤កន្លែង លូមូល មុខមួយចំនួន៦កន្លែង និ​ង​មាន​ដំឡើងស្លាកចរាចរណ៍ និងស្លាកឈ្មោះផ្លូវចំនួន២កន្លែងផងដែរ ។ ជាមួយគ្នានោះអាជ្ញាធរ និងប្រជាពលរដ្ឋឃុំអូរតាប៉ោង បានសម្ដែងនូវសេចក្ដីសាទរ ដោយ​ទទួល​បាន​ផ្លូវ​ថ្មីធំទូលាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាល ដែល​ជា​និច្ចការ​តែង​តែ​យក​ចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបាន​ដោះ​ស្រាយ​ការ​លំបាក​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់ប្រជាពលរដ្ឋ បានគ្រប់កាលៈទេសៈ។ ដោយផ្លូវស្ថាបនាថ្មីនេះមានទទឹង៨ម៉ែត្រ បន្ថែម​លើផ្លូវលំចាស់ដែលមានទទឹងត្រឹមតែ៤ម៉ែត្រពិបាកធ្វើដំណើរ ចាប់​ពី​ចំនុច​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ ភូមិអូរតាប៉ោង ភ្ជាប់ទៅកាន់ភូមិជាច្រើនទៀតក្នុងឃុំអូរតាប៉ោង រហូតដល់ព្រំប្រទលឃុំមេទឹក ហើយផ្លូវនេះជាផ្លូវមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមកកាន់ទីរួមស្រុកបាកាន មក​មន្ទីរ​ពេទ្យ មកផ្សារ មកសាលារៀន ជាពិសេស​គឺ​ដឹក​ក​សិ​ផល​ដែល​ប្រជា​ពលរដ្ឋ​តាម​ភូមិ​ដាំ​ដុះ​ផលិត​បាន។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឯក សុគន្ធវារី រួមនិងគណៈកម្មាធិការអន្តរក្រសួង បានជួប​សំណេះ​សំ​ណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំអូរតាប៉ោង ដោយបានលើក​ឡើង​ថា​ក្នុង​នាម​ជា​សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុង​ជំរុញ​ការងារ​សា​ងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​កសិផល និងទំនិញផ្សេងៗនៅជនបទ។ដោយក្រសួង រួមនិងភាគីពាក់ព័ន្ធ កំពុងយកចិត្ត​ទុក​ដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាព​ផ្លូវ​ជន​បទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច​នៅ​ជនប​ទ​ជា​ពិសេស​ការ​កាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ ។ លោកជំទាវ ឯក គន្ធវារី ក៏បានស្នើ​ដល់​អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលជាអ្នកទទួលផល សូមចូលរួមក្នុងការថែទាំផ្លូវ និងលូ ឱ្យ​បានល្អ​ប្រសើរ ដើម្បីរក្សាគុណភាពផ្លូវអោយបានគង់វង្សយូរអង្វែង ហាមដឹក​ជញ្ជូន​ទំនិញ​ធន់​ធ្ងន់​លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងការខូតខាត ហើយត្រូវចាត់ទុកថាផ្លូវនេះ ជារបស់​យើង​ទាំងអស់គ្នា៕

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់

2025/08/25 09:23:40 am        323
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ​បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ ចំនួន១ខ្សែ ស្ថិតនៅ​ក្នុង​ឃុំតា​លោ ស្រុកតាលោសែនជ័យ និងកាដ្ឋានសា​ង​សង់​ស្ពាន​បេតុង​មួយក​ន្លែង​ស្ថិត​ក្នុង​ស្រុកភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់។ខ្សែផ្លូវទី១ នេះមានឈ្មោះ ព្រៃវាំង-ដំណាក់ទ្រព្យ មានប្រវែងសរុប ៨,៣៥គ.ម. ទទឹងប្រវែង ៦​ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨ គ.ម និង​ក្រាល​បេតុង (RC) ០,៣៦គ.ម មានសំណង់សិល្បការ្យជាលូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ១៧ កន្លែង តភ្ជាប់ពីភូមិបួជ្រេស ទៅដល់ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ វឌ្ឍន​ភាពសម្រេចលទ្ធផលបាន ៩៥% ដោយមាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​ផល​ដោយ​ផ្ទាល់​ចំនួ​ន ១ ០៩៦គ្រួសារ ស្មើនឹង ៤ ៦៤២ នាក់ និងទទួលផលប្រយោជន៍ដោយប្រយោលចំនួន ៥ ២៣០​គ្រួសារ ស្មើនឹង ២៣ ១៦៧នាក់។ ខ្សែផ្លូវនេះស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គម្រោង​គាំទ្រ​និរន្តរ​ភាព​ហេដ្ឋា​រចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ។ បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវខាងលើរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បាន​អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែល​ត​ភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍​សាត់ មានប្រវែង ១៤៤ម៉ែត្រ ទទឹង ១០ម៉ែត្រ អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន​សម្រេចបានប្រមាណ ១៧% ដែលនឹងត្រូវជំនួ​ស​ស្ពាន​ដែក​បេឡេតិ៍​ចាស់​ទ្រុឌ​ទ្រោម​ប្រវែង​ ១៣៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលរងការ​ខូចខាត​យ៉ា​ង​ខ្លាំង​នៅ​ផ្នែក​សសរ​គ្រឹះ​ខា​ង​ក្រោម​ដែល​អាច​បង្ក​ជាគ្រោះថ្នាក់ជាយថាហេតុ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី បានសម្រេចឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើ​ការ​សាង​សង់ស្ពានបេតុងថ្មីជូនប្រជាពលរដ្ឋប្រើប្រាស់ជំនួស។ នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យកាដ្ឋានសាងសង់ផ្លូវ និងស្ពានទាំងពីរកន្លែងនោះ អាជ្ញាធរ ប្រជា​ពលរដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ បានសម្ដែងនូវសេចក្ដីសាទររីករាយ ដោយ​ទទួលបានសមិទ្ធិផលថ្មីគឺផ្លូវក្រាលកៅស៊ូមួយខ្សែ និង ស្ពានបេតុងថ្មី និងថ្លែង​អំណរ​គុណ​ជា​ពន់​ពេក​ចំពោះ​រាជរដ្ឋាភិបាល ដែលជានិច្ចការតែង​តែ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ និងបានដោះស្រាយការលំបាកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានគ្រប់​កាលៈ​ទេសៈ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន១៣ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០៥គ្រួសារ​ នៅខេត្តកំពង់ឆ្នាំង
09/28/2025 08:09 PM
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ដំណាក់កាលវិញ្ញាសាសរសេរ
09/28/2025 07:09 PM
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
09/28/2025 06:09 PM
ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
09/28/2025 05:09 PM
អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យសួរសុខទុក្ខដល់ពលរដ្ឋភៀសខ្លួនយប់មិញ
09/28/2025 04:09 PM
ការផ្ទុះឡើងនៃជំងឺ Ebola បានសម្លាប់មនុស្សជាង៤០ នាក់នៅកុងហ្គោ ខណៈ UN អំពាវនាវឱ្យមានការប្រុងប្រយ័ត្នជាសកល
09/28/2025 03:09 PM
មនុស្សរាប់ម៉ឺននាក់ចូលរួមការជួបជុំ សម្លឹងមើលដែនដីហ្កាហ្សា ក្នុងក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់
09/28/2025 03:09 PM
ប្រតិភូក្រុមហ៊ុនចិន ចង់បំណងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយកម្ពុជា
09/28/2025 02:09 PM
[UPDATE] មនុស្ស៤នាក់ស្លាប់និង១០នាក់របួសក្នុងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីលើអ៊ុយក្រែន
09/28/2025 02:09 PM
យន្តហោះបានបង្វែរទិសដៅបន្ទាប់ពីដែនអាកាសជិតទីក្រុង២របស់ប៉ូឡូញបានបិទព្រោះសកម្មភាពយោធាគ្មានការគ្រោងទុក
09/28/2025 02:09 PM