​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន

2026/05/11 08:23:56 pm        130
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះ។ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ សម្តេចក៏បានកត់សម្គាល់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនានាលើសកលលោក។ សម្តេចធិបតី និងឯកឧត្តមតំណាងប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន​ ប្រទេសទាំងពីរ តាមរយៈ​ការរៀបចំឱ្យមានជំនួបធុរជន និងធុរជន​ និងវេទិកាធុរកិច្ចជាដេីម​ ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត៕

ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

2026/05/10 03:02:22 pm        213
កំពង់ចាម៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមបានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” ចំនួន ១ ៥៩៧នាក់ (ស្រី ៨១៧នាក់) មកពីឃុំចំនួន ៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្តិភាព ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិក សមាជិកា អនុប្រធាននៃក្រុមការងារនិងគណៈកម្មាធិការគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងគណៈកម្មាធិការគណបក្សខេត្តជិត ១ ៦០០នាក់។ នាឱកាសនេះ ឯកឧត្តមបានអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗជាសមាជិកថ្មី និងជាទំពាំងថ្មីរបស់បក្ស ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលរួមកសាងជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។ ការណ៍នេះជាការឆ្លុះបញ្ចាំងនិងមើលឃើញនូវសច្ចធម៌ជាប្រវត្តិសាស្ត្ររបស់គណបក្ស តាមរយៈការបំពេញកិច្ចការប្រកបដោយស្មារតីបុរេសកម្ម ការគោរពនិងប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សពីសំណាក់គណៈកម្មាធិការ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសការរួមសុខរួមទុក្ខ ការពង្រឹងការងារមូលដ្ឋាន ការផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋពីសច្ចភាព ប្រវត្តិស្នាដៃ កម្មវិធីគោលនយោបាយ ក៏ដូចជាអត្តចរិតដ៏គួរឱ្យគោរពស្រឡាញ់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានដ៏ខ្ពង់ខ្ពស់។ ជាមួយនឹងការរំលឹកពីប្រវត្តិរបស់គណបក្ស ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាប្រៀបដូចជា «សសរថ្មមួយដែលមានឆ្អឹងដែកនៅខាងក្នុងដ៏រឹងមាំដែលមិនងាយនឹងដួលរលំ» ដែលជាបក្សមានប្រវត្តិដឹកនាំ កំពុងកាន់អំណាច និងបន្តកាន់អំណាច, មានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់, សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពោរពេញដោយសមត្ថភាព និងមានការគោរពស្រឡាញ់ទាំងក្នុងនិងក្រៅប្រទេស រហូតដល់មានការជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសទើបអាចរក្សាបាននូវ «សន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈរ»។ ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជាបានតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គ្រោះជាតិឡើងវិញ ការពារជាតិ និងស្តារកសាងប្រទេស ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី កសាងនិងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលធ្វើឱ្យកម្ពុជារុងរឿងក្នុងប្រវតិ្តសាស្ត្រ។ ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលបានបំពេញការងាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនសមាជិកបក្សកើនឡើងជាលំដាប់ តាមរយៈការអនុវត្តអភិក្រម «រក្សាចាស់បង្កើនថ្មី» ដូចដែល សម្តេចតេជោ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាបានរំលឹកជារឿយៗ។ ឯកឧត្តមបានរំលេចប្រាប់សមាជិកថ្មីពីប្រវត្តិស្នាដៃ ស្លាកសញ្ញាបក្ស សមិទ្ធផលដ៏ថ្លៃថ្លា រចនាសម្ព័ន្ធ កម្មវិធីនយោបាយ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងទាំងលក្ខន្តិកៈ ទស្សនៈគោលជំហរគណបក្ស និងទាំងបទបញ្ជាផ្ទៃក្នុងគណបក្សដែលមានបំណងប្រមូលកម្លាំងជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ សមិទ្ធផលសង្គមជាតិ និងកសាងកម្ពុជាមួយប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ឯកឧត្តម ហេង សួរ ក៏បានស្នើឱ្យសមាជិកបក្សទាំងអស់ត្រូវយល់ដឹងឱ្យច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គណបក្សដូចមានចែងក្នុងបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដែលពាក្យនីមួយៗឆ្លុះបញ្ចាំងពីស្នូលសម្រាប់ដឹកនាំប្រទេសឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្តរហូតទទួលជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ។ ឯកឧត្តមបានផ្តែផ្តាំដល់ក្មួយៗឱ្យគោរពតាមការប្តេជ្ញាចិត្ត លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងបក្ស រួមសាមគ្គីគ្នាជាធ្លុងមួយ និងប្រកាន់ខ្ជាប់នូវអត្តចរិតនិងសីលធម៌ល្អ។ ជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងគណបក្ស សមាជិកគណបក្សថ្មីបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលប្រជាពលរដ្ឋគាំទ្រដ៏ច្រើនលើសលប់ មានគោលនយោបាយល្អច្បាស់លាស់ បានរំដោះជាតិនិងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយនាំមកនូវសិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ ហេតុនេះ ទើបពួកគាត់បានសម្រេចដោយស្មោះស្ម័គ្រចូលជាសមាជិកគណបក្សដើម្បីរួមជាកម្លាំងបន្តការអភិវឌ្ឍប្រទេសជាតិ៕

ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2026/05/08 08:40:24 pm        144
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធានបានគោរពជម្រាបជូនសម្តេចធិបតីអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) តាមរយៈការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពធុរកិច្ចនានាប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ បន្ថែមលើនេះ, លោកប្រធាន ក៏បានជម្រាបជូន សម្តេចធិបតី អំពីផែនការបន្តពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការអាជីវកម្ម រវាងសភាពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចធុរកិច្ច កាន់តែសកម្មបន្ថែមទៀត។ លោកប្រធានបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកំណើនទ្វេដងនៃទំហំពាណិជ្ជកម្ម ហ្វីលីពីន-កម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦។ លោកប្រធានបានគោរពជម្រាបជូនសម្ដេចធិបតីថា នៅក្នុងឆ្នាំ២០២៦ នេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀត។ លោកប្រធាន ក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលសំខាន់ៗមួយចំនួន រួមមាន៖ វិស័យវេចខ្ចប់ និងការកែច្នៃចំណីអាហារ, វិស័យកសិ-ទេសចរណ៍, និងវិស័យអាកាសចរណ៍ ជាពិសេសការអភិវឌ្ឍតំបន់រមណីយដ្ឋាននៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជាដើម។ លោកប្រធាន ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបង្កើតនូវសកម្មភាពធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មប្រកបដោយថាមវ័ន្តបន្ថែមទៀត រវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពថ្មីៗទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច​ ក្នុងការគាំទ្រទៅដល់វិស័យឯកជន។ ពាក់ព័ន្ធទៅនឹងវិស័យកសិ-ទេសចរណ៍, សម្ដេចធិបតីបានគូសបញ្ជាក់អំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជាកាលានុវត្តភាពដែលប្រទេសទាំងពីរអាចចាប់យកក្នុងការតភ្ជាប់វិស័យកសិ-ទេសចរណ៍ជាមួយគ្នា តាមរយៈការតភ្ជាប់ទីផ្សារទេសចរណ៍ជាមួយគ្នា រវាងកោះសេប៊ូ និងខេត្តសៀមរាប ក៏ដូចជាខេត្តព្រះសីហនុ។ ក្នុងន័យនេះ, សម្ដេចធិបតីលើកទឹកចិត្តឱ្យកោះសេប៊ូបន្តពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំឱ្យមានជើងហោះហើរត្រង់រវាងកោះសេប៊ូ និងខេត្តសៀមរាប។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ ក៏ដូចជាការថែរក្សាបរិស្ថានវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់, ភាពទាក់ទាញ និង សុខសុវត្ថិភាព។ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីស្វែងរក កាលានុវត្តភាពថ្មីៗ ក្នុងការពង្រីកការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត

2026/05/08 07:46:27 pm        130
រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តម Anwar Ibrahim បានបង្ហាញនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី សាជាថ្មីម្ដងទៀត ដោយឯកឧត្តមបានបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងឯកឧត្តមនិងសម្ដេចធិបតី ឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងម៉ាឡេស៊ី និង កម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តម Anwar Ibrahim បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី និងបានគូសបញ្ជាក់អំពីការប្ដេជ្ញាបន្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន ទូលំទូលាយ និង រឹងមាំបន្ថែមទៀត ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្តម Anwar Ibrahim ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ចំនួន ២ លើក, ២៨ កក្កដា និង ២៧ ធ្នូ ឆ្នាំ២០២៥។ សម្ដេចធិបតី បានគូសបញ្ជាក់ថា តួនាទីរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់រដ្ឋជាសមាជិកអាស៊ាន ដែលបានបំពេញតួនាទីដ៏សំខាន់ ក្នុងការធានាស្ថិរភាព វិបុលភាព និងចីរភាព នៅក្នុងតំបន់អាស៊ាន។ បន្ថែមលើនេះ, សម្ដេចធិបតី ក៏បានពិភាក្សាជាមួយឯកឧត្តម Anwar Ibrahim អំពីការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស ការផ្ដោតលើឧស្សាហកម្មហាឡាល់ (Halal Industry) ដែលជាឧស្សាហកម្មមួយមានសក្ដានុពលខ្ពស់ចំពោះកម្ពុជា ក្នុងកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយម៉ាឡេស៊ី។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្រកម្ពុជា និងបានបញ្ជូនអ្នកបច្ចេកទេសផ្នែកអាហារហាឡាល់មកកាន់កម្ពុជា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង វេទិកាគាំទ្រ សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសដែលទទួលបានសិទ្ធិក្នុងការនាំចេញអាហារហាឡាល់។មុននឹងបញ្ចប់, ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាស្ថិរភាព និង សន្តិភាព ក្នុងតំបន់ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី លើវិស័យការពារជាតិ និងសន្តិសុខ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

2026/05/08 07:07:35 pm        27
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Jude Aguilar ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

2026/05/08 05:26:21 pm        130
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនៃជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃជំនួបអាអាហារពេលព្រឹកជាប្រពៃណី រវាងនាយករដ្ឋមន្ត្រីទាំងបី ដែលជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំក៏បានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍ដែលស្ថានភាពតំបន់ និងពិភពលោកបន្តប្រែប្រួលប្រកបដោយភាពស្មុគស្មាញ ការបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីកាន់តែមានសារៈសំខាន់។ ថ្នាក់ដឹកនាំទាំងបី​ ក៏បានពិភាក្សាអំពីអាទិភាព និងគំនិតផ្តួចផ្តើមសំដៅជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ, សន្តិសុខ និងការពារជាតិ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការវិនិយោគ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការតភ្ជាប់ថាមពល និងការតភ្ជាប់ទេសចរណ៍ រួមទាំងការបង្កើនជើងហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសទាំងបី។ ក្នុងឱកាសនោះ សម្តេចធិបតីបានសង្កត់ធ្ងន់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយផ្អែកលើឧត្តមភាពរៀងៗខ្លួននៃប្រទេសទាំងបី។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តជំរុញការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញ។ ជាមួយប្រទេសឡាវ សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា) - ទន្លេសេឡាំផាវ (ឡាវ) ។ ជាមួយប្រទេសវៀតណាម សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងតភ្ជាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានផ្តួចផ្តើមឱ្យមានការពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍគម្រោងតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងបី តាមរយ:ការប្រើប្រាស់បណ្តាញបញ្ជូនអគ្គីសនីដែលមានស្រាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងបី ពិនិត្យលទ្ធភាពរៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម។ មុននឹងបញ្ចប់ សម្តេចធិបតីបានអញ្ជើញថ្នាក់ដឹកនាំឡាវ និងវៀតណាម ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំនេះ៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយរដ្ឋមន្រ្តីថៃ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង

2026/05/07 08:40:05 pm        268
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា និងថៃ បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថា «ថ្ងៃនេះ ខ្ញុំនិងនាយករដ្ឋមន្ត្រី Anutin ទើបតែបានជួបប្រជុំគ្នាដោយមានការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។ ការពិភាក្សារបស់យើងផ្តោតលើភាពតានតឹង និងវិធានការកសាងទំនុកចិត្ត ដើម្បីស្តារ និងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែង និងធ្វើឱ្យទំនាក់ទំនងប្រែមកធម្មតា។ យើងបានពិភាក្សាអំពីការបន្តឡើងវិញនូវយន្តការដែលមានស្រាប់ទាំងអស់ពោលគឺ JBC, GBC និង RBC ខណៈដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញ»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់រដ្ឋជាសមាជិកអាស៊ានចំពោះការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់របស់ពួកគេ។ កម្ពុជាស្វាគមន៍ចំពោះការទទួលយកភាពជាអ្នកដឹកនាំរបស់ប្រទេសហ្វីលីពីនពីប្រទេសម៉ាឡេស៊ី។ កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់។យើងក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំងតាមរយៈសមាគមមិត្តភាពកម្ពុជា-ថៃ ដែលជាសសរស្តម្ភបំពេញបន្ថែមក្នុងការកសាងទំនុកចិត្តឡើងវិញ និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ នាពេលខាងមុខយើងបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសទាំងពីររបស់យើងចូលរួមក្នុងការពិភាក្សាលម្អិតបន្ថែមទៀត និងអនុវត្តវាទៅមុខតាមរបៀបជាក់ស្តែង និងផ្តោតលើលទ្ធផល ដូចដែលប្រធានាធិបតីបានលើកឡើង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា ព្រំដែនមិនអាចផ្លាស់ប្តូរ ឬកំណត់ដោយកម្លាំង ឬតាមរយៈ «fait accompli» បានទេ។សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ដែរ កម្ពុជាក៏អំពាវនាវឱ្យមានការអនុវត្តពេញលេញ និងជាបន្ទាន់នៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការបន្តការងារស្ទង់មតិដោយ JBC និងកំណត់ព្រំដែនឡើងវិញជាបន្ទាន់ដោយ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមិនមានការពន្យារពេលបន្ថែមទៀត។ យើងជឿជាក់ថាយន្តការនេះនឹងមានសារៈសំខាន់ដើម្បីធានាបាននូវការបញ្ចប់នៃការអនុវត្ត «fait accompli» នៅលើដី និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិត្រូវបានគោរព និងស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយហេតុនេះលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។យើងក៏ពិភាក្សាអំពីមាគ៌ានាពេលអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រដែលត្រួតស៊ីគ្នា ដែលកម្ពុជាបានសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សាដោយបង្ខំក្រោម UNCLOS បន្ទាប់ពីថៃដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១។កម្ពុជាជឿជាក់ថា នេះជាមាគ៌ាសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ភាគីទាំងពីរ។ ជាចុងក្រោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ៕

ក្រសួងអភិវឌ្ឍន៍ជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធ ជួយសម្រួលជីវភាពពលរដ្ឋ​នៅគម្រោងដី​សម្បទាន​សង្គមកិច្ច​ក្នុងភូមិសាស្ត្រាស្រុកចន្ទ្រា ខេត្តស្វាយរៀង

2026/05/07 02:47:06 pm        161
ស្វាយរៀង៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិសាស្ត្រានៃស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ។សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ គឺជាផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤ ៥០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ជាមួយនឹងការដាក់នូវប្រព័ន្ធលូ ហើយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងគម្រោងនេះ មានទាំងគ្រួសារកងទ័ព គ្រួសារនៅនគរបាលការពារព្រំដែន អតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ។ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃ លើគម្រោងការស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការសម្រេចទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ប្រជាពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាន នូវការកសាងផ្លូវគមនាគមន៍ ឲ្យមានភាពល្អ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ ។ឯកឧត្តមបានបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន គឺកំពុងប្រឹងប្រែងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកិច្ចការងារអភិវឌ្ឍន៍ និងថែទាំផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់យ៉ាងខ្លំាង និងតែងតែចុះពិនិត្យនៅតាមបណ្តាខេត្តនានា លើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទ ឱ្យកាន់តែមានភាពរីកចម្រើន ។ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគន្លឹះដ៏សំខាន់ គាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដូច្នេះហើយ បានជារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍនៅតាមជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួង ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ នូវការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត ហើយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង ហើយក៏ជំរុញទៅកាន់ក្រុមហ៊ុនទទួលបានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ត្រូវថែទាំជាប្រចាំ៕ អត្ថបទ បាន សុខរិទ្ធិ

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2026/05/01 03:03:10 pm        158
ខេត្តកំពង់ធំ៖ ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុម​ការងារ​គណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បាន​អញ្ជើញ​បើកការដ្ឋានសាង​សង់ផ្លូវ​លំ​ថ្មី​មួយ​ខ្សែប្រវែង ៥.៧០០ម៉ែត្រ ស្ថិតក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត តាមរយៈ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដើម្បីឆ្លើ​យតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ ក្នុងការធ្វើដំណើរ​ប្រចាំថ្ងៃរបស់​បងប្អូន​ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន។ក្នុងប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកអ្នកឧកញ៉ា បណ្ឌិត បានគូសបញ្ជាក់យ៉ាង​សង្កត់​ធ្ងន់ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ សមិទ្ធផលនេះនឹងជួយសម្រួលដល់ការ​ធ្វើដំណើរ​ប្រកបដោយសុវត្ថិភាព និងក្លាយជាចលករជំរុញសេដ្ឋកិច្ចមូលដ្ឋានយ៉ាងរឹងមាំ តាមរយៈ​ការ​ផ្តល់​ភាពងាយស្រួលដល់កសិករក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស ជួយ​កាត់បន្ថយការចំណាយ និងរួមចំណែកលើកស្ទួយជីវ​ភាព​រស់​នៅរ​បស់​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​មួយកម្រិតទៀត។គួរបញ្ជាក់ផងដែរថា នេះគឺជាសមិទ្ធផលធំទី២ហើយ បន្ទាប់ពីគម្រោងទី១ ដែលលោកអ្នក​ឧកញ៉ា​បណ្ឌិត​បាន​ផ្តល់ជូនកាលពីពេលកន្លងមក គឺការឈូសឆាយ និងក្រាលគ្រួសក្រហមលើផ្លូវលំចំនួន ១០៦ខ្សែ សរុបប្រវែង ២១៥គីឡូម៉ែត្រ នៅក្នុងឃុំសាលាវិស័យ។ ដោយឡែក បន្ទាប់ពី​បញ្ចប់​ពិធី​បើក​ការ​ដ្ឋានលោកអ្នកឧកញ៉ាបណ្ឌិត ក៏បានបន្តដំណើរចុះពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាង​សង់​អគារ​ស្នាក់​ការ​គណបក្សស្រុកប្រាសាទបល្ល័ង្កថ្មី ដើម្បីធានាឱ្យបាននូវគុណភាព និងសោភ័ណភាព ត្រៀម​បម្រើកា​រងារជូនប្រជាពលរដ្ឋ និងគណបក្សនាពេលខាងមុខ។ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ាបណ្ឌិត និងលោកជំទាវ ក៏បាននាំយក​នូវ​អំណោយ​ចែក​ជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និង​ប្រជា​ពលរដ្ឋដែលបានចូលរួមសរុបប្រមាណ ៤.០០០នាក់ ដោយមានជាថវិកា និងអង្ករចំនួន ១០តោន ដែលសរុបការចំណាយអស់ប្រមាណ ២៥៥លានរៀល៕

សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា

2026/04/30 05:36:58 pm        142
សម្តេចតេជោ ហ៊ុន សែន ចាត់ទុក ឯកឧត្តម ផាម វ៉ាន់ចា (Pham Van Tra) អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជា អតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមិត្តចាស់របស់កម្ពុជា។នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលសម្ដេចបានជួបជាមួយនឹង ឯកឧត្តម Pham Van Tra ។ សម្ដេចបានចាត់ទុកឯកឧត្តមគឺជាមិត្តចាស់របស់កម្ពុជា ជាពិសេសឯកឧត្តមបានចូលរួមចំណែកកន្លងមកក្នុងបេសកកម្មរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងអនុស្សាវរីយ៍ជាច្រើន។ ក្នុងឱកាសនោះ ឯកឧត្តម Pham Van Tra បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសាជាថ្មី បន្ទាប់ពីបែកគ្នាអស់រយៈពេល១០ឆ្នាំ មកហើយ។ ឯកឧត្តមបានលើកឡើងថា ដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺមានពីរសំខាន់៖ទី១. គឺថាចង់មកជួបសួរសុខទុក្ខសម្ដេចតេជោតែម្ដងដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមកនិងធ្លាប់ធ្វើកិច្ចការងារដ៏ច្រើនជាមួយគ្នា ទី២. ឯកឧត្តមចង់មើលនូវទីតាំងមួយចំនួនដែលជាអនុស្សាវរីយ៍ដែលឯកឧត្តមធ្លាប់សហការជាមួយនឹងកម្ពុជានៅក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។  នាឱកាសនេះ សម្ដេចតេជោ ក៏បានអញ្ជើញ ឯកឧត្តម Pham Van Tra ទទួលទានអាហារថ្ងៃត្រង់មួយពេលក្នុងបរិយាកាសរីករាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM