​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច

នយោបាយ​ និង ការអភិវឌ្ឍន៍

​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត

2026/05/16 09:39:12 am        415
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច នៅមិនទាន់អស់ចិត្តនោះទេ ចំពោះប្រធានសាខាក.ប.ប. ខេត្តបាត់ដំបង ដោយសម្តេចបានប្រសិទ្ធនាមឲ្យថាជាមន្រ្តីផ្លែទុរេន បើទោះបីជាបុគ្គលរូបនេះត្រូវបានបណ្តេញចេញពីក្របខណ្ឌរដ្ឋក្តី ប៉ុន្តែសម្រាប់សសម្តេចវិញថាការដកមន្ត្រីផ្លែទុរេននេះ ចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់នោះទេគួរបញ្ជូនទៅACUបន្ថែមទៀត។ក្នុងឱកាសសម្ពោធអគារ«៦មករា»សមិទ្ធផលនានានៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ- នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែនថ្លែងថា សម្តេចលែងហៅជាមន្ត្រីគ្រាប់ល្ពៅទៀតហើយ ចង់ហៅថាជាមន្ត្រីផ្លែទុរេនវិញ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ដោយប្តូរមកហៅ មន្រ្តីផ្លែទុរេនវិញហើយសម្តេចបានបញ្ជាក់ថារឿងនិទានមន្រ្តីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះ តែរឿងមន្រ្តីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ជាមួយគ្នានេះដែរសម្តេចតេជោក៏បានប្រកាសផងដែរថា សម្តេចនឹងធ្វើការតាមដានរឿងទុរេននេះរហូត ខណៈមន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតកុហកទូទាំងប្រទេស។ សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ សម្តេចនឹងបញ្ជូនមន្រ្តីទុរេននេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពីក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស៕

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

2026/05/16 07:17:55 am        189
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ៦ មករា សមិទ្ធផលនានានៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តព្រៃវែង សរុបចំនួន១៣១១នាក់ ។ ខេត្តព្រៃវែង មានចំនួន១៣ក្រុងស្រុក(១ក្រុង) ,១១៦ឃុំសង្កាត់(៤សង្កាត់) និង១១៦៨ភូមិ ។ចំនួនប្រជាជនសរុបនៅទូទាំងខេត្ត មាន១ ៣០៧ ៦៦៥ នាក់ (ស្រី ៦៧១ ៥១៤នាក់) និងមានចំនួនគ្រួសារ ៣១២ ៧៩៤ គ្រួសារ។ខេត្តមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០៣ គឺច្រកទ្វារអន្តរជាតិកោះរកា, ម៉ឺនជ័យ និងបន្ទាយចក្រី ច្រកទ្វារទ្វេភាគីចំនួន០១ គឺច្រកទ្វារកោះសំពៅ និងច្រកទ្វារតំបន់ព្រំដែនចំនួន ០២ គឺច្រកទ្វារស្វាយអាង៉ោង និងពាមមន្ទារ។ ខេត្តមានបន្ទាត់ព្រំដែនសរុប ៨៤,២០គីឡូម៉ែត្រ ក្នុងនោះបន្ទាត់ព្រំដែនជាមួយនឹងខេត្តដុងថាប់ មានខ្សែ បន្ទាត់ព្រំដែនប្រវែង ៥០,៧៨គីឡូម៉ែត្រ និងបន្ទាត់ព្រំដែនជាមួយនឹងខេត្តតៃនិញ មានខ្សែបន្ទាត់ព្រំដែន ប្រវែង ៣៣,៤២គីឡូម៉ែត្រ។ក្នុងខេត្តព្រៃវែងពលរដ្ឋប្រកបមុខរបរ៖ អ្នកមានមុខរបរចំបងផ្នែកកសិកម្ម ៥៨,៤០% អ្នកមានមុខរបរចំបងផ្នែកសិប្បកម្ម ០,១០% អ្នកមានមុខរបរចំបងផ្នែកសេវាកម្ម ៤១,៥០%។ ចំណែកចំនួណ មន្ត្រីរាជការសរុប ១២ ៤៩៥នាក់ ក្នុងនោះ ៖មន្ត្រីរាជការស៊ីវិល ២ ៥២៤នាក់ គ្រូបង្រៀនក្របខណ្ឌ៧ ០៧៩នាក់ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ១ ២៩៥នាក់ មន្ត្រីសុខាភិបាលក្របខណ្ឌ ១ ៥៤២នាក់ មន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ៥៥នាក់។ មុនឆ្នាំ២០១៧ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ២៥១ខ្នង ស្មើ ១ ២៦៩បន្ទប់។ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អគារចំនួន ៥១ខ្នង ស្មើនឹង ៧៣១បន្ទប់ និងនៅឆ្នាំ២០២៥ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ អគារសាលប្រជុំខ្នាតអន្តរជាតិ ឈ្មោះ សាលពហុបំណងតេជោសែន ចំណុះ ៣០០០នាក់ និងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដល់សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់អគារសិក្សា ចំនួនមួយខ្នងបីជាន់ មាន៣០បន្ទប់ នៅវិទ្យាល័យហ៊ុនសែនពោធិ៍រៀង ស្រុកពោធិ៍រៀង។ខេត្តព្រៃវែង មានសហគ្រាស សិប្បកម្ម គ្រឹះស្ថាន ចំនួន២១០កន្លែង មានកម្មករសរុប ៨ ៥១៩នាក់ ស្រី ៤ ៧៦៧នាក់ ក្នុងនោះវិស័យកាត់ដេរ មានចំនួន ១៣សហគ្រាស កម្មករនិយោជិត ៣ ៥២៨នាក់ (ស្រី ៣ ០២៤នាក់) និងរោងចក្រ សហគ្រាស ក្រៅពីវិស័យកាត់ដេរ មានចំនួន ១៩៧ រោងចក្រ សហគ្រាស, កម្មករ និយោជិតសរុប ៤ ៩៩១នាក់ (ស្រី ១ ៧៣៤នាក់)។ទាក់ទងនឹងអគារ៦ មករា និងសមិទ្ធផលនានា របស់គណបក្សប្រជាជនខេត្តព្រៃវែងដែលសម្ពោធនៅថ្ងៃនេះ ដោយស្ថិតក្នុងស្ថានភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាតម្រូវការនានារបស់គណបក្សខេត្តនៅឆ្នាំ២០២៤ គណបក្សខេត្តបានធ្វើការជួសជុល និងសាងសង់ជាថ្មីឡើងវិញ នូវអគារសាលប្រជុំចាស់ឲ្យប្រែក្លាយជាអគារថ្មីមានលក្ខណៈទំនើប និងបំពេញបានគ្រប់តម្រូវការការងារ របស់គណបក្សខេត្ត ដែលរួមមានកន្លែងប្រជុំធំអាចផ្ទុកសមាសភាពចូលរួមបានចំនួន១.២៣២នាក់ និងមាន សាលប្រជុំតូច កន្លែងទទួលភ្ញៀវជាតិ អន្តរជាតិ កន្លែងបំពេញការងាររបស់ថ្នាក់ដឹកនាំ ដែលអគារទាំងមូលមាន ទទឹង ៧៤ម៉ែត្រ បណ្តោយប្រវែង ៩៩ម៉ែត្រ។ក្រៅពីការជួសជុលរាល់សមិទ្ធផលនានាដែលមានពីមុនកន្លងមក និងការសាងសង់អគារសាលប្រជុំថ្មីនេះ ក៏មានបំពាក់ឧបករណ៍នានាសម្រាប់ការបណ្តុះបណ្តាលភាសាបរទេស វិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា ដល់មន្ត្រីរាជការ សមាជិកគណបក្ស ប្រជាពលរដ្ឋ អាជីវករ យុវជន សិស្សានុសិស្សដែលមានបំណងចង់សិក្សា ក៍ដូចជាការរៀបចំជាថ្មីឡើងវិញ ទីធ្លាក្នុងបរិវេណគណៈកម្មាធិការ គណបក្សខេត្ត ឲ្យកាន់តែមានភាពទូលាយ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់បម្រើឲ្យការប្រើប្រាស់ មានផ្លូវ បេតុងនិងអ៊ុតកៅស៊ូជាថ្មីឡើងវិញ ការរៀបចំរបងនិងក្លោងទ្វារជាថ្មី ចំណតយានយន្ត ដែលទាំងអស់នេះនឹងបម្រើដល់ក្នុងពេលយុទ្ធនាការ និងការប្រារព្ធនូវរាល់ព្រឹត្តិការណ៍ធំៗនានារបស់គណបក្សទៀតផង។ នេះបើយោងតាមរបាយការណ៍របស់របាយការណ៍របស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង៕

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

2026/05/13 05:21:11 pm        135
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន មានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនគណៈប្រតិភូរដ្ឋាភិបាលនិងសភាសហរដ្ឋអាម៉េរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា។ លោកស្រីបានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពី ពន្ធបដិការ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ។ ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរលោកស្រីភារធារីស្តីទី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ នៅកម្ពុជា និងថ្លែងអំណរគុណលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរ៉េក កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានថ្លែងអំណរគុណឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ, សេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។សម្ដេចធិបតី និងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សំដៅទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យកាន់តែកើនឡើង។ លោកស្រីបានបន្តថា វិនិយោគិនសហរដ្ឋអាម៉េរិក មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា។ សម្ដេចធិបតីបានជម្រាបជូនថា កម្ពុជាបាននិងកំពុងបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា៕

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច

2026/05/12 05:27:35 pm        133
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ។សេចក្តីព្រាងច្បាប់ទី១ គឺ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា ត្រូវបានអង្គសភាទាំងមូលបានអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ជាអ្នករាយការណ៍ជូនអង្គសភា ខណៈដែលឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ ដោយមានសមាជិករដ្ឋសភាចំនួន ៩ រូប រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឡើងមានមតិគាំទ្រយ៉ាងពេញទំហឹង។បន្ទាប់មក អង្គសភាបានបន្តពិភាក្សា និងឈានទៅសម្រេចអនុម័តឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ដូចគ្នាលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ សេចក្តីព្រាងច្បាប់ដែលមាន ៣ មាត្រានេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្បាប់នេះនឹងដើរតួជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ សកម្មភាពសង្គម និងការជំរុញផលិតកម្មអាជីវកម្មនានា។ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជាអ្នករាយការណ៍ជូនអង្គសភា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។ សម័យប្រជុំវិសាមញ្ញនេះ បានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង ១២:៣៤ នាទីថ្ងៃ ដដែល ហើយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានប្រកាសបិទសម័យប្រជុំជាផ្លូវការ បន្ទាប់ពីទទួលបានលទ្ធផលជាផ្លែផ្កាសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»

2026/05/12 05:19:10 pm        114
ក្នុងបទអន្តរាគមន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចបានមានប្រសានស៍បញ្ជាក់ថា ក្នុងរបទដែលសណ្ដាប់ធ្នាប់ពិភពលោក និងការគោរពច្បាប់ អន្តរជាតិមានការធ្លាក់ចុះ ក្នុងនាមជាប្រទេសតូចដូចកម្ពុជា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាឱ្យមកជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ពិភពលោកបច្ចុប្បន្ន បានឈានទៅដល់របត់ថ្មី ដែលកំពុងស្វែងរកសណ្ដាប់ធ្នាប់ថ្មី ដោយសារតែកំណើននៃទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម និងការប្រកួតប្រជែងយកឈ្នះលើសេដ្ឋកិច្ច ព្រមទាំងការប្រឡងប្រណាំងផ្នែកបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដែលជាសម្ពាធ និងជាការប្រឈម ព្រមទាំងជាវិញ្ញាសារ និងជាឱកាសផង។ កម្ពុជាមិនខុសពីបណ្ដាប្រទេសនៅលើសកលលោក ត្រូវតែពង្រឹងសមត្ថភាពដើម្បីអាចប្រែក្លាយបញ្ហាទាំងនេះឱ្យទៅជាឱកាស ជាពិសេសការរក្សាសន្ដិភាព ការការពារអធិបតេយ្យបូរណភាពទឹកដី និងមាតុភូមិជាទីស្រឡាញ់របស់យើង នៅក្នុងដំណើរការឆ្លងកាត់របត់ថ្មី និងសណ្ដាប់ធ្នាប់ថ្មីនេះប្រកបដោយភាពធន់ និងជោគជ័យ។ សម្ដេចធិបតី មានប្រសាសន៍ថា៖«សន្ដិភាពយើងមិនអាចសុំអង្វរពីគេទេ បទពិសោធន៍ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះបានប្រាប់ហើយៗក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងបានគ្រប់ពេលបាននោះទេ ក្រៅពីយើងរឹងមាំខ្លួនឯង នេះគឺជាអ្វីដែលកម្ពុជាត្រូវធ្វើ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក៏ជាផ្នែកមួយសំខាន់ ខណៈសម័យនេះមានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា «សន្ដិភាពដោយកម្លាំង» នេះគឺជារបត់ថ្មីដែលកម្ពុជា ទោះបីយើងស្រឡាញ់ ឬមិនស្រឡាញ់ តែយើងត្រូវទទួលស្គាល់ ព្រោះវាជាការពិត ហើយយើងត្រូវតែរឹងមាំខ្លួនឯង។សម្ដេចធិបតី បញ្ជាក់ជាថ្មីថា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។ បរិការណ៍នេះហើយដែលជំរុញដល់រដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាឧបករណ៍គតិយុត្តគ្រប់គ្រាន់ ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្រ្ដការពារជាតិប្រកបដោយសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយប្រសិទ្ធភាពសម្រាប់បច្ចុប្បន្ន និងអនាគត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានពន្យល់ថា ច្បាប់កាតព្វកិច្ចយោធានេះ មិនត្រឹមតែជាឧបករណ៍ ចាំបាច់ក្នុងការកសាង កម្លាំងទ័ពសម្រាប់ការពារជាតិ និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយវិន័យ សមត្ថភាព ឆន្ទៈបម្រើសង្គមជាតិ ដែលជាប្រភពនៃកម្លាំងត្រៀមបម្រុង និងជាធនធានដ៏រាំងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ សម្ដេចធិបតីលើកឡើងទៀតថា ស្ថិតនៅក្នុងគោលដៅនេះទើបរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើទំនើបកម្ម និងកំណែទម្រង់វិស័យយោធារបស់កម្ពុជា ដោយផ្ដោតជាសំខាន់លើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈគ្រឿងបំពាក់។ បន្ថែមលើនោះ ការពង្រឹងអភិបាលកិច្ចកងទ័ពគឺជាគន្លឹះដ៏សំខាន់មួយក្នុងការធានាប្រសិទ្ធភាពការពារជាតិរបស់កងទ័ពនាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០២៦នេះ គឺពិតជាចាំបាច់មិនអាចខ្វះបាន ក្នុងការរួមចំណែកធានាការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល ព្រោះវានឹងមិនត្រឹមតែជាការរួមចំណែកក្នុងការពង្រឹង និងបង្កើនសមត្ថភាពការពារសន្ដិភាព ការពារអធិបតេយ្យភាពបូរណភាពទឹកដី និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក្របកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងសុឆន្ទៈបម្រើជាតិ មាតុភូមិដែលជាមូលធនដ៏ពិសិដ្ឋសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។បើតាមសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ស្ថិតនៅក្នុងកាលៈទេសៈដែលការគោរពច្បាប់អន្តរជាតិកាន់តែថយចុះ បានធ្វើឱ្យប្រទេសតូចដូចកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ កាន់តែត្រូវបង្កើនសមត្ថភាព និងភាពធន់របស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើសន្ដិភាព សុវត្ថិភាព អព្យាក្រឹតភាព និងបូរណភាពទឹកដី ជាក់ស្ដែងការគំរាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានាពេលនេះ គឺជាឧទាហរណ៍មួយស្រាប់សម្រាប់យើងក្នុងការពង្រឹងខ្លួនឯង។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មយោធាបានជោគជ័យ គឺអាស្រ័យលើកម្លាំងកងទ័ពកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាសមស្រប និងទាន់សម័យ ដែលមានន័យថា យើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេង ដែលមានថាមពល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលអាចជាធនធានសម្រាប់យោធិនអាជីពផង និងសម្រាប់បម្រើដល់វិស័យស៊ីវិលផងតាមរយៈយន្តការច្បាប់កាតព្វកិច្ចយោធាថ្មីនេះ៕

សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

2026/05/12 05:09:29 pm        184
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា។ តាមរយៈបទអន្តរាគមន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី បានថ្លែងថា ស្ថិតនៅក្នុងបរិការណ៍ដែលស្ថានភាពនៅតាមតំបន់ និងពិភពលោក កាន់តែមានភាពតានតឹង ស្មុគស្មាញ និងប្រកបដោយភាពមិនប្រាកដប្រជា និងដោយសារការកើតឡើងនូវទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម ជាមួយនឹងការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដើម្បីយកឈ្នះគ្នាទៅវិញទៅមករហូតស្ទើតែលែងគោរពកិច្ចព្រមព្រៀង គួបផ្សំនឹងការធ្លាក់ចុះនៃពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ប្រទេសជាច្រើនបានកំពុងត្រឡប់មកអនុវត្តគោលនយោបាយគាំពារនិយម និងប្រកាន់យកជំហរអាត្មានិយម។ នៅក្នុងបរិបទនេះ កម្ពុជាពិតជាមានសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីការពារឱ្យបាននូវសន្ដិភាព អធិបតេយ្យជាតិ និងផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីកសាងប្រទេសមួយឱ្យរីកចម្រើនរឹងមាំ ពលរដ្ឋម្នាក់ៗត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់ជាតិ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន សិក្សាឈ្វេងយល់អំពី បទពិសោធន៍អន្តរជាតិក្នុងការកសាងកម្លាំងទ័ព ដើម្បីរក្សាសន្ដិភាព ការពារអធិបតេយ្យជាតិ និងផលប្រយោជន៍សង្គមជាតិតាមគំរូមួយចំនួន ក្នុងនោះមាន៖ ទីមួយគឺប្រព័ន្ធពលរដ្ឋម្នាក់ ជាយោធាម្នាក់ ដែលអនុវត្តនៅប្រទេសស្វីស និងអ៊ីស្រាអ៊ែល, តាមរយៈការបណ្ដុះបណ្ដាលជាប្រចាំទោះជាមិនពេញម៉ោង ប៉ុន្ដែបានរក្សាតុល្យភាពល្អរវាងជីវិតស៊ីវិល និងសន្ដិសុខជាតិ រក្សាអព្យាក្រឹត ប៉ុន្ដែត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុបម្រើជាតិ និងបណ្ដុះស្មារតីឱ្យប្រជាជនមានអារម្មស្រឡាញ់ និងទទួលខុសត្រូវ រួមចំពោះជាតិ។ គំរូទីពីរ គឺជាប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការ ដែលអនុវត្តនៅតាមប្រទេសមួយចំនួនដូចជាសិង្ហបុរី និងហ្វាងឡង់ តាមរយៈការកំណត់កាតព្វកិច្ចបម្រើជាតិ ចំពោះបុរស និងដោយស្ម័គចិត្តចំពោះស្រ្ដី ដោយលើការបណ្ដុះបណ្ដាលខ្លាំង និងត្រៀមកម្លាំងបម្រុង និងរក្សាកងយោធា ពេញម៉ោងតូចល្មម ប៉ុន្ដែអាចប្រមូលកម្លាំងបានលឿនក្នុងករណីមានតម្រូវការចាំបាច់ និងគំរូទីបី គឺជាប្រព័ន្ធស្ម័គ្រចិត្តដែលអនុវត្តនៅសហរដ្ឋអាមេរិកតាមរយៈការផ្ដោតលើការកសាងកម្លាំងយោធា ដែលមានជំនាញខ្ពស់, ការវិនិយោគលើបច្ចេកវិទ្យា និងបច្ចេកទេសជំនាញខ្ពស់ និងការបង្កើតឧស្សាហកម្មយោធាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននូវមានកម្រិត ប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការជាក់ស្ដែង វាជាជម្រើសដែលសមស្របក្នុងការពង្រឹង និងបង្កើនកងទ័ពពេញម៉ោង ឬយើងហៅថាទ័ពអាជីព និងបង្កើតកងទ័ពបម្រុងផងដើម្បីធានាដល់រដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿន គ្រប់គ្រាន់សម្រាប់បម្រើសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ នេះផ្អែកទៅលើបទពិសោធជាក់ស្ដែងដែលយើងប្រឈមនៅពេលថ្មីៗនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា៖«អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់ដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»៕

សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

2026/05/12 05:02:23 pm        135
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំនួន៣ នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា ដោយសម្តេចបញ្ជាក់ថា ច្បាប់នេះមានអត្ថប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា អត្ថប្រយោជន៍ ៣ចំណុច នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា រួមមាន៖ទី១៖ អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិ៖ បង្កើតជាប្រព័ន្ធ និងយន្តការមួយច្បាស់លាស់ដែលជាប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំ ប្រកបដោយសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាពឆ្លើយគ្រប់កម្រិត និងទាន់ពេលទៅនឹងសេចក្តីត្រូវការ ជាពិសេសការគំរាមកំហែងពីខាងក្រៅ ដោយភាពជឿជាក់ និងសក្តិសិទ្ធភាព។ទី២៖ អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ៖ បានក្លាយជាយុវជនដែលមានកាយសម្បទារឹងមាំ មានការអប់រំផ្លូវចិត្តប្រកបដោយសីលធម័ សុជីវធម៍ និងឥរិយាបថល្អ ទទួលបានការតម្រង់ទិសក្នុងការកំណត់គោលជំហរ និងអត្តសញ្ញាណច្បាស់លាស់ ភាពជឿជាក់ និងភាពម្ចាស់ការ និងទទួលបានការបំពាក់ស្មារតី ទម្លាប់រស់នៅ និងធ្វើការជាក្រុម ព្រមទាំងភាពពេញវ័យ និងចាស់ទុំ ប្រកបដោយការទទួលខុសត្រូវ និងគុណតម្លៃខ្ពស់។ ទី៣៖ អត្ថប្រយោជន៍សម្រាប់សង្គមជាតិ៖ ទទួលបានយុវជនដែលជាពលរដ្ឋល្អ និងជាកម្លាំងចលនករប្រកបដោយថាមពល, ទទួលបានយុវជនដែលជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍ និងការស្រលាញ់ការងារសង្គម និងដើម្បីទទួលបានជាពលរដ្ឋមានផ្នត់គំនិតបំរើជាតិ។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធា មានព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋ មិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

សម្ដេចធិបតី គូសរំលេចគោលការណ៍ចំនួន ៥ ក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាទៅដល់យុវជនខ្មែរ

2026/05/12 04:51:24 pm        377
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គូសរំលេចគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលការណ៍សំខាន់ៗចំនួន៥ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា រួមមាន៖ទី១៖ គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្ដែង ដែលអាចអនុវត្ដតាមការស្មោះចិត្ដ ឬការចាប់បង្ខំទៅតាមស្ថានភាពជាក់ស្ដែង ចំពោះពលរដ្ឋអាយុ១៨ឆ្នាំ ទៅ២៥ឆ្នាំ នឹងត្រូវក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ក្រោយបញ្ចប់កាតព្វកិច្ចយោធា រយៈពេល២៤ខែ។ទី២៖ គោលការណ៍កាតព្វកិច្ចចំពោះបុរស និងគោលការណ៍ស្មោះចិត្ដចំពោះស្ដ្រី។ទី៣៖ គោលការណ៍ហ្វឺកហ្វាត់ជាប្រចាំ ចំពោះយោធិនបម្រុងតាមកម្មវិធី និងការកំណត់ជាក់ស្ដែង។ទី៤៖ គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ ហើយវិលទៅបម្រើការនៅអង្គភាព និងស្ថាប័នក្នុងក្របខណ្ឌ និងមុខតំណែងដដែល។ទី៥៖ គោលការណ៍ត្រៀមចូលបេសកម្ម នៅពេលដែលប្រទេសជាតិមានតម្រូវការ ចំពោះយោធិនបម្រុង។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្ដតាមគោលការណ៍ទាំង៥នេះ ទើបអាចរួចចំណែកក្នុងការកសាងធនធានយុវជនខ្មែរ មានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬវិស័យស៊ីវិលឯកជន។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធា មានព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋ មិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

2026/05/11 09:28:27 pm        101
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ លោក Flavio Bonetti ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលនេះជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ ។ បន្ថែមលើនេះ លោក Flavio Bonetti បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្ស នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។ មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត

2026/05/11 08:35:46 pm        139
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវមោទនភាពដែលត្រូវបានរដ្ឋាភិបាលឡាវតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ ឯកឧត្តមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើគ្រប់វិស័យ រវាងឡាវ និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង" ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ និងជួយដល់ប្រទេសឡាវ កន្លងមក ជាពិសេសក្នុងពេលដែលឡាវធ្វើជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៤ ក៏ដូចជា ក្នុងគ្រាដែលប្រទេសឡាវស្ថិតក្នុងគ្រាលំបាកនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីថា ក្នុងខួបលើកទី៧០ នៃការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសទាំងពីរបានត្រៀមរៀបចំកម្មវិធីអបអរសាទរ ទាំងនៅទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ សម្ដេចធិបតីមានជំនឿជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅបន្ថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើគ្រប់វិស័យ។ សម្តេចធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពលអគ្គីសនី ការពារជាតិ និងសន្តិសុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM