BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាបន្តគាំទ្រយ៉ាងជានិច្ចចំពោះយន្តការរួមការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងតំបន់ត្រីកោណមាស

2021/09/09 03:20:28 pm        443
ភ្នំពេញ ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើក​ឡើងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បន្តគាំទ្រជានិច្ចចំពោះយន្តការរួមគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ត្រីកោណមាស ខណៈបញ្ហាគ្រឿងញៀនសកល​ស្ថិតនៅកម្រិត​ព្រួយបារម្ភខ្លាំងនៅឡើយ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញ​ជាអធិបបតីភាព​បើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ១៩៩៣ ស្តីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន» នៅព្រឹក​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ ដោយកិច្ចប្រជុំនេះ មានការចូលរួម​ពីប្រទេសចំនួន៦ មានប្រទេសកម្ពុជា ចិន ឡាវ សហភាពម៉ីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម​រួមទាំង​តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន​ និងឧក្រិដ្ឋកម្ម​UNODCផងដែរនោះ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាសូមគាំទ្រពេញទំហឹង ក្នុងការរួមគ្នាប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ក្នុងតំបន់ត្រីកោណមាស ក៏ដូចជាពិភពលោក ហើយការរៀបចំ និងពង្រឹង​នូវយន្តការ និងចាត់វិធានការយ៉ាងតឹងរឹងក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុងតំបន់មេគង្គលើ និងតំបន់មេគង្គក្រោម រួមជាមួយតំបន់ពាក់ព័ន្ធដទៃទៀត សំដៅទប់ស្កាត់ឱ្យមាន​ប្រសិទ្ធភាពខ្ពស់​ក្នុងការនាំសារធាតុគីមីផ្សំចូល និងការចរាចរគ្រឿងញៀន ចេញពីតំបន់ត្រីកោណ​មាស​ជាដើម​នោះ។ឯកឧត្តម បានបន្តទៀតថា«កម្ពុជាឯកភាព និងវាយតម្លៃខ្ពស់ចំពោះការយល់ឃើញថា «គ្មាន​សារធាតុ​គីមីផ្សំ គ្មានគ្រឿងញៀន» ហើយកម្ពុជា ក៏បាននឹងកំពុងដាក់ចេញនូវវិធានការ និង​សកម្មភាពជាក់ស្តែងមួយចំនួនក្នុងការចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត ក្នុងការ​បង្វែរ​សារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទាំងក្នុងផ្ទៃប្រទេស និងនាំទៅកាន់តំបន់ផ្សេងៗ ក៏ដូចជា​ការចូលរួមអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពអនុតំបន់១១ ដែលបានដាក់ចេញ​កន្លងមកផងដែរ»។ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានស្នើសុំកិច្ចបប្រជុំទាំងមូល ជា​ពិសេសអង្គការ យូ អិន អូ ឌី ស៊ី ពិនិត្យពិភាក្សាលើការកែសម្រួល និងរៀបចំផែនការសកម្មភាព​អនុតំបន់​ឱ្យមានភាពសមស្រប និងឆ្លើយតបផ្តោតលើទិដ្ឋភាពនៃបច្ចុប្បន្នភាពដូចជា ការ​បន្តឆ្លង​រាតត្បាត​នៃជំងឺកូវីដ១៩ គួរបង្វែរសកម្មភាពជាទ្រឹស្តី មកជាការអនុវត្តជាក់ស្តែង តាមរយៈការ​ផ្តល់​ថវិកា មធ្យោបាយ សម្ភារៈ និងការត្រួតពិនិត្យវាយតម្លៃ។ ពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែង ដែលនៅតែអាចផ្តល់​ឱកាសឱ្យក្រុមឧក្រិដ្ឋជន អាចបង្វែរ និងនាំសាធារគីមីទៅកាន់តំបន់​ត្រីកោណ​មាស និងធ្វើការផលិតគ្រឿងញៀនបានទៅតាមតំបន់នានា។ និងបញ្ហាជាក់ស្តែង និងបច្ចុប្បន្នភាព​បំផុត គឺការផលិត ការកែច្នៃ និងការប្រើប្រាស់គ្រឿងញៀន ក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូល​មានការកើនឡើង។ ដូច្នេះ តើយើងត្រូវរៀបចំ កែសម្រួលផែនការសកម្មភាព​អនុតំបន់របស់យើង​បែបណា? ទាំងនេះ គឺជាបញ្ហាខ្លះៗ ដែលខ្ញុំស្នើកិច្ចប្រជុំរបស់យើងគួរពិនិត្យ ពិភាក្សា និង​ពិចារណាជាដើមនោះ។តាមរយៈកិច្ចប្រជុំវិដេអូពីចម្ងាយនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងស្នើដល់​សហគមន៍អន្តរជាតិ អង្គការ យូអិនអូឌីស៊ី និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេស​ពាក់ព័ន្ធ​ទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការចូលរួម និងគាំទ្រដំណើរការអនុវត្តន៍ផែនការ​សកម្មភាពអនុតំបន់របស់យើងឱ្យដំណើរការបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រោះថាការរួមចំណែក និងការគាំទ្រពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ក្នុងការ​អនុវត្តន៍ផែនការ​សកម្មភាពនេះ ​គឺមិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយនូវការគំរាមកំហែង​ពីគ្រឿងញៀន​សម្រាប់​តែប្រទេសក្នុងតំបន់នេះប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានទប់ស្កាត់នូវការចរាចរ និងការផលិតគ្រឿងញៀន​ពី​តំបន់ត្រី​កោណមាស ទៅកាន់តំបន់ផ្សេងៗ ក្នុងពិភពលោក ស្របតាមស្មារតីនៃការប្តេជ្ញាចិត្តរបស់​យើង​ទាំងអស់គ្នា ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ យូ អិន ហ្គាស កន្លងមក និងឈានទៅ​សម្រេចគោល​ដៅអភិវឌ្ឍន៍ សហស្សវត្ស​ប្រកបដោយចីរភាពផងដែរ៕អត្ថបទ ៖ បាន ចក់

មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ ដឹកនាំក្រុមការងារចុះចែកកាតចាក់វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅស្រុកព្រះនេត្រព្រះ

2021/09/09 08:23:30 am        466
បន្ទាយមានជ័យ ៖ ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ រួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន បានប្រគល់កាតចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ដុសទាំងទី២ រួចរាល់ ប្រគេនព្រះសង្ឃ ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ។សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានកាតចាក់វ៉ាក់សាំងគឺបានចាក់វ៉ាក់សាំងដុសទី១ នៅថ្ងៃទី១៤ ខែកក្កដា និងដុសទី២ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ​ប្រជា​ពលរដ្ឋមួយ​ចំនួន បានទទួលកាតចាក់វ៉ាក់សាំង​ដើម្បីប្រើប្រាស់​ក្នុងកិច្ចការងារ​ប្រចាំថ្ងៃ​មួយចំនួន។លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានបញ្ជាក់ផងដែលថា កងពលគឺបានផ្តល់​នៅសេវាពេល​ដែល​ទទួល​បានកាតគឺយើងបានជ្រើសរើសបែងចែកទៅតាមភូមិ ឃុំ ដែលជាក់ស្តែង​ហើយ​និងបាន​ចាត់តាំងក្រុមការងារចុះផ្តល់សេវាឲ្យបានគៀកប្រជាពលរដ្ឋ ងាយស្រួល​ក្នុងការទទួល​បាន​នៅ​កាត។នាឱកាសនោះផងដែល លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់បងប្អុនដែលបានមកទទួលកាត​នាពេលនេះ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់តាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស​អនុវត្តតាមអនុសាសន៍​របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជា នូវវិធានការ ៣កុំ ៣ការពារ ជាប់ជាប្រចាំទោសបីជាបានទទួលវ៉ាក់សាំង​ទាំង២ដុស រួចហើយក៏ដោយ។ក្នុងនោះដែរលោកមេបញ្ជាការ សុំការ​អធ្យាស្រ័យ​ចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និង កម្មករ និយោជិក ក្នុងស្រុកព្រះនេត្រព្រះទាំងអស់ ដែលពុំទាន់មកទទួលកាតចាក់វ៉ាក់សាំងកូវីដ១៩ ក្រុមការងារចាក់វ៉ាក់សាំង និងធ្វើការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ ឬ អាជ្ញាធរដែលមាននៅក្នុង​កាត​ចាកវ៉ាក់សាំងកន្លងមក ៕

ប្រធានមន្ទីរពេទ្យមង្គលបុរី ត្រូវដកតំណែង បន្ទាប់មានប្រតិកម្មពីអភិបាលខេត្តបន្ទាយមានជ័យ

2021/09/08 01:22:17 pm        473
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ច័ន្ទ វុឌ្ឍីណាវុធ ត្រូវបានដកតំណែងពីប្រធាមន្ទីរពេទ្យមិត្តភាពកម្ពុជា -ជប៉ុន ស្រុកមង្គលបុរី បន្ទាប់ពីមានប្រតិកម្មរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការគ្រប់គ្រងមន្ទីរពេទ្យខេត្តមួយនេះមិនបានល្អ និងមានការរិះគន់ពីមហាជន ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ នេះ ដោយសារខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រង​របស់លោកជាប្រធាន​មន្ទីរ​ពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយរឿងនេះក៏ដឹងដល់សម្តេចតេជោផងដែរ។លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមានរឿងក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមក ក្រុមប្រឹក្សាវិន័យ បានបើកកិច្ចប្រជុំ ហើយបានសម្រេចផ្តល់​ទំនុក​ចិត្តដល់លោកបណ្ឌិត ទុ បារាំង អនុប្រធានឱ្យឡើងជាបេក្ខជនប្រធានថ្មី»។លោកវេជ្ជបណ្ឌិត បានបន្តថា «ឥឡូវរដ្ឋបាលខេត្ត បានសម្រេចតែងតាំងលោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ»។សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា- ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅ​បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោម្នាក់​ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀន កម្រិតធ្ងន់ហើយត្រូវវះកាត់ ដោយសារក្នុង​ឃ្លាំងឈាម នៃមន្ទីរពេទ្យគ្មានឈាម។នាឱកាសបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបានសរសេរបង្ហោះក្នុងគណនី Facebook ផ្លូវការរបស់លោកថា «កាលពីយប់ ម៉ោង១០ ៖ ០៥នាទី បានទៅបរិច្ចាគឈាម ដើម្បីជួយ​សង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវា ជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវ​សម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំ​លើការ​ផ្តល់​សេវា​របស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ»៕

ឯកឧត្តម គន់ គីម អំពាវនាវអ្នកពាក់ព័ន្ធផ្ដល់ព័ត៌មានពីគ្រោះមហន្តរាយឲ្យជាក់លាក់ឆាប់រហ័ស

2021/09/08 06:41:48 am        554
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយផ្ដល់ព័ត៌មានពីបានបញ្ហាគ្រោះមហន្តរាយ ជាពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័ស ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះ ។នៅក្នុងសិក្ខាសាលាស្តីពី ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ បង្កដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ និងឆ្នាំខាងមុខ គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រើប្រាស់អភិក្រមសកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការជំរុញឲ្យប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយ និង​បង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។ឯកឧត្តម បានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការត្រៀមរៀបចំផែនការត្រៀមបម្រុង ក៏ត្រូវគិតគូរសំខាន់នៅពេលមានគ្រោះមហន្តរាយនៅមូលដ្ឋាន ដែលត្រូវឆ្លើយតបមុន ដូចនេះ​សហគមន៍ គឺជាបណ្ដាញដ៏មានប្រសិទ្ធភាព ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ដែលចាំបាច់ត្រូវ​ជួយ​ពួកគេឲ្យមានសមត្ថភាពត្រៀមបង្ការ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងស្ដារឡើងវិញ​ពីគ្រោះមហន្តរាយ ។ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនានា ចូលរួមចែករំលែកព័ត៌មាន អំពីស្ថានភាពប៉ះពាល់សង្គមដោយគ្រោះមហន្តរាយ ជាក់លាក់ និងទាន់ពេលវេលា សម្រាប់​ការ​ឆ្លើយ​សង្គ្រោះបន្ទាន់ ឲ្យស្របទៅនឹងតម្រូវការរបស់ជនរងគ្រោះ ។ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅ​អនុវត្ត​ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការ​ពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់​ទឹកភ្លៀង​ក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ ។របាយការណ៍បានបន្តថា ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់តំបន់ភូមិសាស្រ្ត តាមដងទន្លេមេគង្គ​សម្រាប់ការត្រៀមលក្ខណៈ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់​ទន្លេមេគង្គ ហើយនឹងពង្រឹង និងពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ១២៩៤ និងប្រព័ន្ធ PRISM ដោយមានកិច្ចសហការជាមួយអង្គការដៃគូ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះ ។គួរបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយ ដោយ​ជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរាជធានី និងខេត្តទាំង២៤ ក្នុងនោះខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះធ្ងន់ បង្កឲ្យមានមនុស្សស្លាប់ចំនួន ៥៨នាក់ ពលរដ្ឋរងផល​ប៉ះពាល់​ចំនួន ២២២ ៨៩២គ្រួសារ និងពលរដ្ឋ​ជម្លៀស​រុបចំនួន ១៧ ៥១៧គ្រួសារ ៕ អ​ត្ថបទ ៖ បាន សុខរិទ្ធរូបភាព ឯកសាររូបភាព ឯកសាររូបភាព ឯកសារ

១សប្ដាហ៍ដើមខែកញ្ញា ពលករខ្មែរមកពីថៃ ចូលតាមច្រកខេត្តបាត់ដំបង មានជាង៤០០នាក់ រកឃើញវិជ្ជមានកូវីដ១៩ ជាង២០នាក់

2021/09/08 10:27:30 am        608
បាត់ដំបង៖ ក្នុងរយៈពេល១សប្ដាហ៍ ដើមខែកញ្ញា ឆ្នាំ ២០២១នេះ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែននានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានចំនួន៤១០នាក់ ក្នុងនោះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់ផងដែរ។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងថា ពលករខ្មែរទាំងអស់ដែលវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកខេត្តបាត់ដំបង ត្រូវបាន ក្រុមគ្រូពេទ្យ យកសំណាក និងធ្វើតេស្តរហ័សនៅចំណុចព្រំដែន ក្នុងករណីមានលទ្ធផលវិជ្ជមាន ក្រុមការងារនឹងរៀបចំដាក់ព្យាបាលក្នុងមណ្ឌលនៅតាមព្រំដែន.។ចំណែកអ្នកអវិជ្ជមាន នឹងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលនានា​តាមបណ្ដោយ​ព្រំដែន​ចំនួន១៤ថ្ងៃ រួចផ្ទេរបន្តមកធ្វើចត្តាឡីស័កនៅជិតទីរួមខេត្ត ចំនួន៧ថ្ងៃបន្ថែមទៀត មុននឹងធ្វើការ​ដឹក​ជញ្ជូនពួកគាត់​ទៅកាន់បណ្ដាស្រុក ឬខេត្តកំណើតរៀងៗខ្លួន ។គួរកត់សម្គាល់ថា ទោះបីជាមានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់ ប៉ុន្តែស្រប​ពេល​ជាមួយគ្នានេះ ជារឿយៗក៏មានមេខ្យល់មួយចំនួននៅបន្តលួចនាំពលរដ្ឋខ្មែរឆ្លងដែន​ចូលទៅ​ធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ខណៈមេខ្យល់ទាំងនោះត្រូវបានកម្លាំង​សមត្ថកិច្ចឈរ​ជើង​ប្រចាំការនៅតាមបន្ទាត់ព្រំដែន ធ្វើការបង្រ្កាប និងអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ ចំណែក​ពលរដ្ឋ​ត្រូវបាន​ធ្វើការ អប់រំណែនាំ និងបញ្ជូនត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ ពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា ក្នុងខេត្តបាត់ដំបងភាគច្រើនជាពលករ​ដែលត្រូវបានផ្ទេរមកពីបណ្ដាខេត្តផ្សេងៗ ជាពិសេសខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យជាដើម ខណៈមណ្ឌលស្ទើរទាំងអស់មានសភាពធូរស្រាល មិនចង្អៀតណែននោះទេ ហើយមណ្ឌលខ្លះទៀត​នៅទំនេរទៀតផង។អត្រាឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងខេត្តបាត់ដំបង នាប៉ុន្មានថ្ងៃចុងក្រោយនេះ មានចំនួនកើនឡើងបន្តិចវិញ ប៉ុន្តែស្ថិតក្នុងសភាពមួយធូរស្រាលមិនគួរឲ្យព្រួយបារម្ភនោះទេ។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦ ៣០៦នាក់ ក្នុងនោះបានព្យាបាល​ជាសះស្បើយចំនួន ៥ ២២១នាក់ កំពុងសម្រាកព្យាបាល៩៩៨នាក់ និងស្លាប់ចំនួន៨៧នាក់៕

មន្ត្រីជំនាញធនធានទឹកបើកទ្វារអាងស្តុកទឹក៣ទីតាំង បង្ការទប់ស្កាត់ទឹកជំនន់ ខណៈតំបន់ផ្នែកខាង​លើ​​បន្ត​មានភ្លៀងធ្លាក់ច្រើន

2021/09/08 09:14:14 am        255
ឧត្តរមានជ័យ ៖ មន្រ្តីជំនាញមន្ទីរធនធានទឹក​ខេត្តឧត្ដរមានជ័យ ចុះបើកទ្វារទឹកបញ្ចេញពីអាងស្តុកទឹកចំនួន៣ទីតាំង ទី១ គឺទំនប់អាងស្តុកទឹក០៥ (សូន្យប្រាំ) ក្នុងស្រុកត្រពាំងប្រាសាទ ទី២ ទំនប់អាងស្តុកទឹកបឹងតាម៉ុក និងទី៣ ទំនប់អាងស្តុកទឹកទំនប់ថ្មី ក្នុងស្រុកអន្លង់វែង ដើម្បីរំដោះប្រភពទឹកបន្ថែម ដែលកំពុងហូរកាត់លើខ្នងទំនប់បង្ហៀរទាំងបី ទីតាំងខាងលើនេះ ក្នុងការ បង្ការទប់ស្កាត់ការកើតបណ្តាលឲ្យមានទឹកជំនន់ ខណ:តំបន់ផ្នែកខាងលើជួរភ្នំ នៃទំនប់អាងស្តុកទឹកទាំងបីនោះនៅបន្តមានទឹកភ្លៀងធ្លាក់ខ្លាំង។លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន ប្រភពទឹក នៅក្នុងទំនប់អាងស្តុបទឹកទាំងបីទីតាំងខាងលើនោះ មានប្រភពទឹកចាស់ នឹងប្រភព ទឹកភ្លៀងថ្មី បានហក់ឡើងជាបណ្តើរៗ ក៏ប៉ុន្តែវាមិនទាន់​បណ្តាល​មានករណី​ជំនន់​គម្រាមកំហែង​ជន់​លិច ​ឬក៏ហូរបាក់ច្រោះបណ្តាលឲ្យមានការខូចខាតលើខ្នងទំនប់ ឬក៏​ដំណាំស្រូវ បន្លែ ផ្លូវ និងផ្ទះសម្បែងរបស់ពលរដ្ឋនោះឡើយ។លោកបញ្ជាក់ទៀតថា ប្រភពទឹកដែលក្រុមការងារបានបើកបញ្ចេញ ដើម្បីបញ្ជៀសការ​គម្រាម​កំហែង ចេញពីទំនប់អាងស្តុកទឹកនៅប៉ែកខាងលើទាំងបីនោះ គឺបានហូរចុះចូលតាមស្ទឹង អូរ ព្រែក ប្រឡាយ បន្តធ្លាក់ចូលតាមបណ្តាអាងរក្សាប្រភពទឹកនៅផ្នែកខាងក្រោម ធំៗដើម្បី​បញ្ចៀស​ការ​ជន់លិច រួមមាន អាងទឹកស្ទឹងស្រែងទី២ និងអាងទឹកស្ទឹងស្រែងទី១ ដែលបច្ចុប្បន្នអាស្តុកទឹកទាំងពីរ នៅមិនទាន់មានប្រភពទឹកពេញគ្រប់គ្រាន់ចូល​នៅឡើយ​ ដូច្នេះសូមប្រជាកសិករកុំមានការ​បារម្មណ៍​ចំពោះការជន់លិចឲ្យសោះ៕អត្ថបទ ៖ ឃិន សារិទ្ធ

គ.ជ.ប អនុញ្ញាត​ឲ្យអ្នកសង្កេតការណ៍ជាតិអន្តរជាតិ និងភ្នាក់ងារបក្ស​នយោបាយ​ចុះពិនិត្យ​ការ​ចុះឈ្មោះ​បោះឆ្នោត​ ឆ្នាំ២០២១

2021/09/07 12:27:17 pm        270
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប.បាន​សម្រេចអនុញ្ញាត​ឲ្យអ្នក​សង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយទាំងអស់ ក្នុងការ​ចុះបញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ដែលគ្រោងនឹងប្រព្រឹត្តិ​ទៅ នាពាក់កណ្តាល​ខែតុលា រហូតដល់ចុងខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែភាគីដែលមានបំណងចុះត្រួតពិនិត្យទាំងអស់ ត្រូវធ្វើការដាក់ពាក្យស្នើសុំជាមុនទៅកាន់ គ.ជ.ប.សិន។យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប.នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ស្តីពីការដាក់ និង​ការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិអន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បានឲ្យដឹងថា យោងច្បាប់​ស្តីពីការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ។យោងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងយោងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​បានអំពាវនាវ​ដល់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ-អន្តរជាតិ ​និងគណបក្សនយោបាយទាំងអស់ ដែលមានបំណងចុះសង្កេតការណ៍នោះ គប្បី​ទៅ​ដាក់ពាក្យស្នើសុំនៅទីស្តីការ គ.ជ.ប. ដោយនឹងចាប់ផ្តើមពីថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។សេចក្តីជូនដំណឹងរបស់គ.ជ.ប.ក៏បានបញ្ជាក់ផងដែរថា គំរូពាក្យសុំចុះឈ្មោះអ្នក​សង្កេតការណ៍​អន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប តាមរយៈ(www.nec.gov.kh)។ ក្រោយពី បាន​ទទួលស្គាល់ និងអនុញ្ញាត​ជាផ្លូវការ ហើយទទួលប័ណ្ណ សម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយនោះភាគីទាំងអស់​មាន​សិទ្ធិសង្កេត​មើល​ដំណើរ​ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលក្នុង ព្រះរាជាណាចក្រកម្ពុជា​ដូចបាន​កំណត់តាមពេលវេលា ដែលបានជូនដំណឹងនាពេលកន្លងទៅនេះ។សូមបញ្ជាក់ថា ប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ របស់ខ្លួននៅឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយជាច្រើន ដែលបានចុះបញ្ជី​ជាផ្លូវការនៅក្រសួងមហាផ្ទៃនឹងចូលរួមប្រកួតប្រជែង ស្របទៅតាមប្រទេសលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សផងដែរ៕អត្ថបទ បាន ចក់

ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ស្ម័គ្រចិត្ត​រុះរើស​សំយាប​ចេញ​មក​លើ​ចិញ្ចើមផ្លូវ នៅ​តាម​បណ្ដោយ​ផ្លូវលេខ៥

2021/09/07 11:07:19 am        788
ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម លើកំណាត់ផ្លូវលេខ០៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ដែលបានតសំយាបគ្រប់ប្រភេទចេញមកលើចិញ្ចើមផ្លូវដោយទុករយៈពេល០៧ថ្ងៃ ដើម្បីឲ្យរុះរើស និងកាត់ចេញដោយខ្លួនឯងនោះ ឃើញថា បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម បានស្ម័គ្រចិត្តដោយខ្លួនឯង រុះរើសកាត់សំយាបដែលលយ មកលើចិញ្ជើមផ្លូវ ព្រមទាំងតុ កៅអី ថូផ្កា ជាដើម បានមួយចំនួនធំហើយ និងបន្តរុះរើសបន្តទៀត។សូមបញ្ជាក់ផងដែរកន្លងមក ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យមន្រ្តីក្រោមឱវាទចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីឲ្យមានរបៀបរៀប​រយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើក​សោភ័ណភាព​ទីក្រុង កាត់​បន្ថយ​ការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរ​ថ្មើជើង ឬ ជនពិការភាព ធ្វើដំណើរ។គួរបញ្ជាក់ផងដែរ នៅថ្ងៃទី​៣១​ ខែសីហា​ ឆ្នាំ​២០២១កន្លងមក​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ អញ្ជើញ​ជាប្រធានគណៈអធិបតីក្នុងកិច្ច​ប្រជុំស្តីពី​"ការរៀបចំ​សណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈតាមបណ្តោយកំណាត់ផ្លូវលេខ៥​ ចាប់ពីផ្លូវលេខ​ ១១០​ ដល់ផ្លូវលេខ​ ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយទុករយៈពេល០៧ថ្ងៃ ដើម្បី​ធ្វើការ​រុះរើសំណង់ហ្វែមដែកបិទបាំងរំលោភចិញ្ចើមផ្លូវ និងសំយាប ព្រមទាំងតុ កៅអី សំភារៈលក់ដូរ​ផ្សេងៗ ចេញអោយអស់ដោយស្ម័គ្រចិត្តក្នុងរយៈពេល០៧ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិង។ ក្នុងករណី​រឹងរូស​មិនព្រមអនុវត្តទេនោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលយ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយមិនទទួលខុសត្រូវរាល់ការខូតខាតទ្រព្យសម្បត្តិ សំភារៈដែលល្មើសនោះឡើយ៕អត្ថបទ ៖ កុម្ភះ

ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារកូវីដ-១៩ ចំនួន១២៩​ទទួលអំណោយ​កាក​បាទ​ក្រហម

2021/09/07 10:39:50 am        330
ភ្នំពេញ ៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន​១២៩​គ្រួសារ​រស់នៅស្រុកឈូក ​ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា​ ដើម្បីសម្រួលជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ។នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពត បានចុះទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយ​សារ​ជំងឺកូវីដ-១៩ ចំនួន១២៩គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកឈូក ពិធីនេះរៀបចំធ្វើឡើង​នៅក្នុង​បរិវេណវត្តដីក្រហម ស្រុកឈូក ខេត្តកំពត ។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ​បងប្អូនប្រជាពលរដ្ឋមកទទួល​អំណោយ​ទាំងអស់​ដោយក្តី​នឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់​បងប្អូន​ប្រជាពលរដ្ឋ​ជួបការ​លំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន​ប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ​ឬ​និន្នាការ​នយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ឯកឧត្តម ប្រធានបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់យកអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ ឯកឧត្តម ក៏​បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកឈូក ទោះបានចាក់វាក់សាំងរួចរាល់ទាំងអស់គ្នា​ហើយក៏ដោយ ក៏ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ពិសេសគោរពតាមការ​ណែនាំ​របស់ក្រសួងសុខាភិបាល និងគោរពតាមវិធាននានារបស់ប្រមុខរាជរដ្ឋាភិបាល ។ អំណោយផ្តល់ជូនពលរដ្ឋម្នាក់ៗ រួមមាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស ម៉ាស់១ប្រអប់ និងថវិកាមួយចំនួនផងដែរ៕អត្ថបទ ៖ អាន សារីម

សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព​ ប្រគល់ថវិកាមូលនិធិសង្គ្រោះ ជូន​ក្រុម​គ្រួសារសមាជិក ដែលទទួលមរណភាពចំនួន០៧គ្រួសារ

2021/09/07 09:06:54 am        528
ភ្នំពេញ ៖ សមាគម អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព ដែលមានលោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូលជាប្រធានកិត្តិយស និងដឹកនាំដោយលោក ហ៊ាង វិទ្យា ជាប្រធាន ​បាន​រៀបចំ​កម្មវិធីប្រគល់ថវិកាមូលនិធិសង្គ្រោះ ជូនក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាព​កន្លងមក​សរុប៧គ្រួសារ ។កម្មវិធីនេះ ធ្វើឡើង​នៅថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញនេះ នៅស្នាក់ការកណ្តាលមូលដ្ឋានសង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។នាឱកាសនោះ លោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូល​ជាប្រធានកិត្តិយស​បានពាំនាំ​នូវ​ការ​ផ្តាំ​សាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ច​ចំពោះសុខទុក្ខបងប្អូន​អ្នក​រត់កង់បី​គ្រប់គ្នាៗផងដែរ។ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី ទាំងអស់ខិតខំ​យកចិត្តទុកដាក់​គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួម​អនុវត្តវិធាន​ការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវវិធានការ ៣ការពារ និង ៣កុំ ក៏ដូចជាសារអប់រំនានា​របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍នាពេលនេះ ។ម្យ៉ាងទៀតសូមកុំប្រមូលផ្តុំ ជួបជុំគ្នា ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញ​ក្រៅផ្ទះ​ឲ្យ​សោះដើម្បី ជៀសវាងការរីករាលដាលឆ្លងកីវីដ-១៩។សូមបញ្ជាក់ដែរថា ថវិកាដែលប្រមូលបានពីបងប្អូនសាជិក-សមាជិកា​ទាំងអស់គឺទទួលបាន ១៩.១៧៥.០០០រៀល ដែលថវិកាទាំងអស់នេះ​ គឺសុទ្ធ​តែជាការចូលរួម​និងទឹកចិត្តរបស់​សមាជិក​ក្នុង​​សមាគម​ទាំងអស់តែម្តង៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ផ្ដោតលើរបៀបវារៈចំនួន៤
12/15/2025 09:12 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
12/15/2025 09:12 PM
សីតុណ្ហភាពធ្លាក់ចុះដល់-៤៥អង្សាសេនៅទីក្រុង Yakutsk របស់រុស្ស៊ីដែលជាទីក្រុងត្រជាក់ជាងគេបំផុតនៅលើពិភពលោក
12/15/2025 09:12 PM
ក្រុមអ្នករត់សាន់តាក្លូសបង្កើតទស្សនីយភាពថ្ងៃឈប់សម្រាកដ៏អស្ចារ្យនៅទីក្រុង Mexico City
12/15/2025 09:12 PM
ប្រធានាធិបតីឆេកតែងតាំងរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Babis
12/15/2025 09:12 PM
ក្រុម M23៖ ទាហានប៊ូរុនឌីរាប់រយនាក់ ត្រូវបានចាប់ខ្លួន អំឡុងការវាយលុកចុងក្រោយ នៅកុងហ្គោ
12/15/2025 08:12 PM
តូបលក់ដុំរាប់រយ ត្រូវបានអគ្គិភ័យឆាបឆេះនៅផ្សារ Kramat Jati ក្នុងទីក្រុងហ្សាការតារបស់ឥណ្ឌូនេស៊ី
12/15/2025 08:12 PM
EU ពង្រីកទណ្ឌកម្មលើបេឡារុស ដើម្បីរួមបញ្ចូលទាំងសកម្មភាពកូនកាត់
12/15/2025 08:12 PM
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ
12/15/2025 08:12 PM
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
12/15/2025 07:12 PM