សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានរីកមុខមាត់​លើ​ឆាក​អន្តរជាតិ

2021/07/08 11:43:25 am        404
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា​ក្រោយចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ប្រាសាទសំបូរព្រៃគុកបានរីកមុខមាត់នៅ លើឆាកអន្តរជាតិ និងបានក្លាយ​ជា​តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។តាមរយៈសារ នៅលើទំព័រហ្វេសប៊ុក សម្តេចតេជោ បានថ្លែងអបអរសាទរ ខួប៤ឆ្នាំនៃ ការដាក់​បញ្ចូល​ប្រាសាទ សំបូរព្រៃគុក​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ ហើយសម្ដេច បានបញ្ជាក់ថានៅ​​ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២១នេះ ជាខួប៤ឆ្នាំហើយនៃការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)។សម្តេច បន្តថា ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារ​ជាអន្តរជាតិនោះទេ ​តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិផងដែរ។ ក្រោយចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។សម្តេច ក៏បាន​ផ្តាំផ្ញើ​សូមចូលរួមថែរក្សា​ការពារប្រាសាទ​បូរាណ​ទាំងអស់នៅទូទាំង​ប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។សូមរម្លឹកថា គ្រប់ប្រាសាទនានា​របស់ខ្មែរក៏ជាសក្តានុពល​ដ៏ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​វិស័យ​ទេសចរណ៍​ ត្រូវរាជរដ្ឋាភិបាល​ចាត់ទុកជា“ មាសបៃតង” បាន ចូលរួមចំណែកក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតការងារជាច្រើន​សម្រាប់ប្រជាជនកម្ពុជា​ការផ្តល់ប្រាក់​ចំណូល​ខ្ពស់​សម្រាប់ប្រទេសជាតិ ​លើសពីនេះទៀត វិស័យទេសចរណ៍​ក៏បានចូលរួមចំណែក​យ៉ាងច្រើន ​ដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជាផងដែរ៕អត្ថបទ ៖ មុត សុត 

អាជីវករខ្មែរ ចេញចូលលក់ដូរនៅផ្សារថៃ តាមច្រកអន្តរជាតិដូងប្រចាំថ្ងៃ​ទទួលការចាក់វ៉ាក់សាំង

2021/07/08 09:43:48 am        475
បាត់ដំបង៖ ដូចការគ្រោងទុក ក្រុមអាជីវករ រួមទាំងអ្នកបើកបររថយន្តដឹកទំនិញ ចេញចូលប្រចាំថ្ងៃ​ទៅ​លក់ដូរនៅក្នុងផ្សារថៃ ឬ ដឹកទំនិញផ្សេងៗក្នុងផ្សារថៃ ជាប់ព្រំដែនកម្ពុជា ឆ្លងកាត់តាម​ច្រកអន្តរជាតិដូង-ឡែម ទទួលបាន​ការវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទ Astrazeneca បន្ទាប់ពីមានការសម្របសម្រួល និងសហការពីអាជ្ញាធរខេត្តបាត់ដំបង ។លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់​ជាយ​ដែនកម្ពុជា-ថៃ ប្រចាំខេត្តច័ន្ទបុរី ​បានលើកឡើងថា ការ​ចាក់វ៉ាក់សាំងជូនអាជីវករ និង​អ្នកបើកបររថយន្តនេះ ​ក្នុងគោលបំណងកាត់បន្ថយការ​ព្រួយបារម្ភ​ ពី​ការឆ្លង​រាលដាលនៃជំងឺកូវីដ-១៩ ហើយវានឹងជួយឲ្យការ​ធ្វើ​ពាណិជ្ជកម្ម​នៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេស​នៅ​តាមច្រកទ្វារអន្តរជាតិដូង-ឡែម ​កាន់តែមានភាពល្អប្រសើរឡើងវិញ ​ខណៈអាជីវករថៃ លក់ដូរ​ក្នុង​ផ្សារ​ជាមួយគ្នា ក៏​ទទួលការចាក់វ៉ាក់សាំង ​ការពារជំងឺកូវីដ១៩នេះដូចគ្នា ។ លោកបណ្ឌិត បានបន្តថា ការចាក់វ៉ាក់សាំងជូនអាជីវករ​ និងអ្នកបើកបររថយន្តខ្មែរ រួមទាំង​អាជីវករថៃ ប្រកបរបរ​នៅផ្សារជាប់ច្រកអន្តរជាតិដូង សរុបចំនួន១១០៣នាក់​ ក្នុងនោះ ពលរដ្ឋខ្មែរ ៤៣៣នាក់ ​ហើយការចាក់វ៉ាក់សាំងលើកទី១ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ និងនៅលើកទី២ នៅអំឡុងខែកញ្ញាខាងមុខនេះ ។ គួរបញ្ជាក់ថា កាលចុងខែមិថុនា ឆ្នាំ២០២១ នៅក្នុងបរិវេណផ្សារបានឡែម ស្ថិតនៅ ស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង ​ដែលមានច្រកអន្តរជាតិដូង ឆ្លងកាត់​ដឹក​ទំនិញរួមគ្នា ​គឺមានសកម្មភាពក្រុមគ្រូពេទ្យថៃ ចុះពិនិត្យសុខភាព និងតេស្តយកវត្ថុសំណាក​ដល់​អាជីវករខ្មែរ-ថៃ និងអ្នកបើករថយន្តចេញចូលប្រចាំ ​នៅច្រកអន្តរជាតិដូង ដើម្បីត្រៀម​ទទួល​នូវការ​ចាក់វ៉ាក់សាំង​ការពារឆ្លងជំងឺកូវីដ១៩ ។សូមបញ្ជាក់ថា ថ្ងៃចាក់វ៉ាក់សាំងលើកទី១ ជូន​អាជីវករ ​និងអ្នកបើករថយន្តខ្មែរ ក៏មានការចូលរួម​ចុះ​ពិនិត្យ​មើល​ពីបណ្ឌិត សាធីត ពិទូតេឆាត ​អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃផងដែរ ៕

ខួប៤ឆ្នាំនៃការដាក់​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក

2021/07/08 09:17:29 am        1391
កំពង់ធំ ៖ ថ្ងៃនេះ កាលពី៤ឆ្នាំមុន គឺជាថ្ងៃដែលប្រជាជាតិខ្មែរអបអរសាទរ និងមានមោទនភាពបំផុត ដែល រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​អង្គការយូណេស្កូ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ការសម្រេចដាក់បញ្ចូលក្រុមប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានធ្វើឡើង​ក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក គឺជាតំបន់ប្រវត្តិសាស្រ្តទី៣ហើយ​ដែលបានដាក់​បញ្ចូល​ជាសម្បត្តិ បេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។ តំបន់ប្រាសាទសំបូរព្រៃគុក​ គឺជាអតីតរាជធានី​នៃអាណាចក្រចេនឡា ដែលមានឈ្មោះថា ឦសានបុរៈ នាសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា​ព្រាហ្មណ៍​សម្រាប់​ឧទ្ទិសថ្វាយដល់ព្រះសិវៈ។ អតីត​រាជធានីនេះ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១នាពីស.វ ទី ៧។ បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក ​មានទីតាំងស្ថិតក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ មានចំងាយប្រមាណ២៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ស្ថិតនៅតាមបណ្ដោយស្ទឹងសែន។ ជាប្រភេទ រមណីយដ្ឋាន​វប្បធម៌ និងប្រវត្តិសាស្រ្ត រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ត្រូវបានសាងសង់ឡើង លើវាលទំនាបដែលមានទំហំ ៣០០០ហិកតា។ ដោយសារសង្គ្រាមរាំងជល់ ក្រុមប្រាសាទនេះត្រូវបានគេបោះបង់ចោលកាលពីឆ្នាំ ១៩៧១ និងត្រូវ រៀបចំឡើងវិញនៅឆ្នាំ ១៩៨០។ អ្នកសិក្សាស្រាវជ្រាវបានរកឃើញ និងចុះបញ្ជីប្រាសាទ និងរចនា សម្ព័ន្ធ​សំណង់ប្រាសាទចំនួន ២៩១ និងត្រូវបានចែកចេញជា៤ក្រុមធំៗគឺ ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្ដាល ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទរបងរមាស។ ចាប់តាំងពីដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកមក បានប្រែ ក្លាយទីនេះទៅជាទីតាំងទេសចរណ៍ដ៏ល្បីឈ្មោះមួយប្រចាំខេត្តកំពង់ធំ។ ក្រៅពីការទស្សនាភ្ញៀវ ទេសចរចម្រុះជាតិសាសន៍ក៏បានមកសិក្សាស្វែងយល់បន្ថែមពីវប្បធម៌ ​និងប្រវត្តិសាស្រ្តនៅទីនេះ ដែលធ្វើឱ្យប្រាង្គប្រាសាទលែងឯកា និងស្ងាត់ជ្រងំដូចមុនទៀតឡើយ។ ជាង៤០ឆ្នាំមកនេះ ក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យប្រទេសជាតិមានសេចក្ដីសុខក្សេមក្សាន្តពេញ បរិបូរណ៌ ហើយកត្តាសន្តិភាពនេះក៏ជាបុព្វហេតុ ជួយលើកតម្កើង​នូវតម្លៃ​មរតកវប្បធម៌​ជាតិ​ក៏ដូចជាការ ការពារ​អធិបតេយ្យភាព​ជាតិឱ្យបានគង់វង្សដូចសព្វថ្ងៃនេះ៕

កម្ពុជាអបអរខួប៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2021/07/07 09:58:31 am        653
ភ្នំពេញ ៖ ថ្ងៃទី៨ខែកក្កដា គឺជាខួបគម្រប់៤ឆ្នាំហើយដែលកម្ពុជា​បានដាក់​បញ្ចូល​ប្រាសាទ​សំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។គួរម្លឹក​ថា គ្រប់ប្រាសាទនានារបស់ខ្មែរក៏ជាសក្តានុពលដ៏ទាក់ទាញ ដល់វិស័យទេសចរណ៍​កម្ពុជា​ដែល​វិស័យទេសចរណ៍ត្រូវរាជរដ្ឋាភិបាលចាត់ទុកជា“ មាសបៃតង” បានចូលរួមចំណែកក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​តាមរយៈការបង្កើតការងារ​ជាច្រើនសម្រាប់ប្រជាជនកម្ពុជា​ការផ្តល់​ប្រាក់​ចំណូលខ្ពស់សម្រាប់ប្រទេសជាតិការលើកទឹកចិត្តនៃការវិនិយោគ និងការកាត់បន្ថយផលប៉ះពាល់​របស់ពួកគេហើយ លើសពីនេះទៀត វិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងច្រើន ដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជាផងដែរ។ដោយសារថ្ងៃ៨កក្កដា ជាខួប៤ឆ្នាំនៃការដាក់ប្រាសាទសំបូរព្រៃគុក​ទៅក្នុងបញ្ជី​បេតិកភណ្ឌពិភព​លោក សំដៅអភិរក្សថែរក្សា​ឲ្យ​គង់វង្សសំរាប់កូនចៅគ្រប់ជំនាន់ ផេកហ្វេសប៊ុក​ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈក៏បានលើកយកឯកសារវីដេអូ ដែលមានរយៈពេលជាង៦​នាទី​មកផុស​រម្លឹក​ឡើងវិញ​ផងដែរ។ទាក់ទងនឹងប្រាសាទបុរាណនានាជិត២ឆ្នាំមកនេះ ទោះជាមានការបាត់បង់នូវចំនួនភ្ញៀវទេសចរណ៍​ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ប៉ុន្តែតាមរយៈ ការខិតខំប្រឹងប្រែងប្រកបដោយវីរភាព​របស់​រាជ​រដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជា​មិនបានភ្លេចពីការខិតខំថែរក្សាអភិរក្សបណ្តុះស្មារតីកូនខ្មែរឲ្យ​ស្រលាញ់​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី​ និង​អរូបីយ​ដែលត្រូវបានចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។តំបន់ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ត ឬ២០៦គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញ។ តំបន់នេះគ្របដណ្តប់លើផ្ទៃដី២៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ទំនាបដែលមានទន្លេ​ទឹកហូរ​វាលភក់ទំនប់វារីអគ្គិសនី ​និងអាងស្តុកទឹក​ដែលមានដំណាំកសិកម្ម។តំបន់សំបូរព្រៃគុកត្រូវបានគេស្គាល់ថា“ ឥសានបុរៈ” ដែលជារាជធានី​នៃនគរចេនឡា​រវាង​ចុង​សតវត្សទី៦ និងដើមសតវត្សរ៍ទី៧ ។ប្រាសាទសំបូរព្រៃគុក​ត្រូវបានរាជរដ្ឋាភិបាល​ចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក ​ជា​សម្បត្តិបេតិកភណ្ឌរូបី​ នៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧៕អត្ថបទ មុត សុទ្ធ 

ផ្លូវចូលទៅវត្តសាក់សំពៅ ដែលខូចខាត​ដោយសារ​រថយន្តធុនធំ​បំផ្លាញ​ត្រូវបាន​អាជ្ញាធរខណ្ឌដង្កោ​ស្ថាបនា​ជា​ផ្លូវបេតុង​រួចហើយ

2021/07/07 04:25:32 pm        453
ភ្នំពេញ ៖ ផ្លូវចូលទៅកាន់វត្តសាក់សំពៅ ចាប់ពីចំណុចផ្លូវលេខ១០៤ ( ផ្លូវ ២០អា ) សង្កាត់គងនយ ឆ្លងកាត់ក្លោងទ្វារ វត្តសាក់សំពៅ ស្ថិតក្នុងសង្កាត់សាក់សំពៅ ដែល​រងការខូចខាតយ៉ាងខ្លាំង ដោយឡែកក្លោងទ្វារវត្តសាក់សំពៅ ក៏ស្ទើរបាក់បែកធ្លាក់ផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ ក៏ដូចជា រថយន្តធុនធំផ្សេងៗទៀតជាអ្នកបំផ្លាញ ។បញ្ហានេះដោយមានការសំណូមពរជាច្រើនលើកច្រើនសារ ពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់​​នៅ​តំបន់នោះ ឥឡូវផ្លូវដែលរងការខូចខាតនោះ ត្រូវបានអាជ្ញាធរខណ្ឌដង្កោ ស្ថាបនាជាផ្លូវបេតុង បានល្អប្រសើរ​ហើយ ។ដោយឡែក ក្លោងទ្វារវត្តសាក់សំពៅ ដែលរងការបុកប៉ះ ពីសំណាក់ក្រុមរថយន្តធុនធំទាំងនោះ គឺនៅ​មិនទាន់មាន​ការកសាង ឬ ស្ថាបនា ជួសជុល ឲ្យ​បានស្អាតនៅឡើយនោះទេ ដែលបញ្ហានេះ នៅតែជាកង្វល់​របស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ហើយ​ពួកគាត់​ព្រួយបារម្ភ​នៃ​ការបាក់ធ្លាក់​នៅថ្ងៃណាមួយមិនខាន ។ពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ ​ធ្លាប់ប្រាប់​​ឲ្យដឹងថា បញ្ហាផ្លូវ គឺមិនបាច់និយាយទេ ខូចចង់អស់ហើយ ដោយឡែកក្លោងទ្វារចូលទៅកាន់ វត្តសាក់សំពៅ ក៏ស្ទើរបាក់បែកធ្លាក់ផងដែរ ដោយសារក្រុមរថយន្តដឹកដី ដឹកខ្សាច់ ក៏ដូចជា រថយន្តធុនធំផ្សេងៗទៀត ជាអ្នកបំផ្លាញ ។ ចំណែក​រឿងផ្លូវវិញ ពេលខែប្រាំងដីហុយ ពេលភ្លៀងបែកភក់ជ្រាំ ធ្វើដំណើរទៅមកសឹងតែមិនចង់កើត បញ្ហានេះ កើតមានរាប់ឆ្នាំមកហើយ ដែលធ្វើអោយពួកគាត់រស់នៅតំបន់នេះ ពិបាកខ្លាំងណាស់ ហូបបាយមិនចង់កើតនោះទេ ដោយសារដីហុយ ។ ពេលស្រែកទើបគេស្រោចទឹកអោយម្តងម្កាល​ទៅ ប៉ុន្តែបើមិនស្រែកវិញ ក៏គេមិនខ្វល់នោះដែរ ។ពលរដ្ឋបានបន្ដទៀតថា អ្វីដែលពួកគាត់ចង់បាននោះ គឺសំណូមពរ សូម​ឲ្យ​អាជ្ញាធរ​ជួយស្ថាបនា​ជាផ្លូវបេតុង និង ជួសជុល កសាងក្លោងទ្វារ វត្តសាក់សំពៅ ឲ្យ​បានល្អស្អាតឡើងវិញ ពីព្រោះថា ផ្លូវក៏លំបាក និងជាពិសេស ណាមួយខ្លាចក្លោងទ្វារ វត្តសាក់សំពៅ បាក់រលំទៀតផង ។ចំពោះបញ្ហារឿងក្រុមរថយន្តដឹកដី ដឹកខ្សាច់នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ កាលពីកន្លងទៅ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ពួកគាត់ក៏បានប្រតិកម្មសម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ដឹកខ្សាច់បើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់ ៕តារាវុទ្ធី

សត្វកែះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះ និងកម្រលើពិភពលោក

2021/07/07 09:10:50 am        709
ភ្នំពេញ ៖ សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទ​សត្វងាយ​រងគ្រោះ​ថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១​របស់អនុសញ្ញាសាយតេស។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់​ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វកែះ​នៅក្នុងតំបន់ការពារធម្មជាតិ​ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ស្ថិតក្នុងក្របខណ្ឌនៃការសិក្សាចងក្រង​ទិន្នន័យ​ប្រភេទសត្វកម្រៗ នៅកម្ពុជា។បើតាមឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ត្រូវបានកត់ សម្គាល់ថា មានវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវ​ទិន្នន័យ​មួយយ៉ាងសំខាន់ សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់​ពិភព​លោកទាំងមូល។ គេមិនទាន់មានទិន្នន័យពិតប្រាកដថាមានសត្វកែះប៉ុន្មានក្បាលរស់នៅក្នុងប្រទេសកម្ពុជាទេ តែបើ តាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រភេទសត្វកែះនេះ មានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។បច្ចុប្បន្ននេះ សត្វកែះកំពុង ប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់​និង​ការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំង​ដោយសារ​តែការប្រមាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹងក្នុងការជួញដូរ ដោយសារតែជំនឿ។យោងតាមការសិក្សា កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើ​ពំនូល​ក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែល មានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាងចំណាប់ក្នុងការដើរ ឡើងតាមផ្ទាំងថ្មចោទៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្ត យករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមាន​វាដោយសារ​គំនរលាមក។ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រក ស្ងាត់ ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើត បានកូន ១ ជូនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញ មួយឆ្នាំ ទើបចាកចេញ៕

មន្រ្តីនគរបាល ​ចេញ​ចូល​អគ្គស្នងការដ្ឋាននគរបាលជាតិ ​និង​ត្រូវធ្វើ​តេស្តិ៍រហ័ស (Rapid Test)

2021/07/07 03:44:17 pm        389
ភ្នំពេញ ៖ ចាប់ពីសប្ដាហ៍នេះតទៅ រាល់មន្ត្រីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុង​បរិវេណ​អគ្គស្នងការដ្ឋាននគរបាលជាតិ ​នឹងត្រូវយកសំណាកធ្វើតេស្តរហ័ស​ (Rapid Test) មួយ​សប្តាហ៍ម្តង ​ដើម្បីចូលរួមបង្ការ ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ការអនុវត្តរៀងរាល់មួយសប្តាហ៍ម្តង ទៅលើមន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូល​បំពេញ​ភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្តេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការយកចិត្តទុកដាក់ចំពោះ​សុខុមាលភាព​របស់​មន្រ្តី​នគរបាលជាតិ ​ដូចជា​ការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​ និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍ ។នៅកន្លែង​បញ្ជរ​យកសំណាកធ្វើតេស្តិ៍ នៅព្រឹកថ្ងៃទី៧ កក្កដានេះ នៅក្នុងបរិវេណអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើន​រំលឹក និង​ជំរុញ​ស្មារតី​ចំពោះ​កងកម្លាំងនគរបាលជាតិ​ដែលមានភារកិច្ចបំពេញការងារប្រចាំ​ថ្ងៃ​តាមការចាត់តាំងរបស់អង្គភាព ត្រូវចូលរួមគោរព​ និងអនុវត្តការយកសំណាកធ្វើតេស្តរហ័សនេះ តាម​គោលការណ៍​ណែនាំ​របស់ថ្នាក់ដឹកនាំ​អគ្គស្នងដ្ឋានការនគរបាលជាតិ និងសូមកុំមាន​ការ​ព្រួយ​បារម្ភភ័យ​ខ្លាច​ចំពោះការយក​សំណាក​ធ្វើតេស្តនេះ ​ឯកឧត្តម បានថ្លែងថា បើ​ចៃដន្យ​មន្ត្រីណាម្នាក់​វិជ្ជមានកូវីដ-១៩ អង្គភាព​អាចពិនិត្យលទ្ធភាពជួយអន្តរាគមន៍​ដោះស្រាយ ​បញ្ជូនទៅសង្គ្រោះ និង​ពិនិត្យព្យាបាល​បានទាន់ពេលវេលា​ ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលពីមន្ត្រី​ម្នាក់​ទៅ​មន្ត្រី​ម្នាក់​ទៀត​នៅកន្លែងធ្វើការបានទាន់ពេលវេលាផងដែរ។ ​ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានរំលឹក​ដល់មន្ត្រីនគរបាលទាំងអស់ ដែលមានភារកិច្ចមក​បំពេញការងារនៅតាមអង្គភាព សូមម្ចាស់ការខ្ពស់ក្នុងការ​អនុវត្តវិធានការ​ណែនាំ​នានា​របស់ក្រសួងសុខាភិបាល និង​ចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹម​សារណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ ៣ការពារ និង ៣កុំ។សូមជម្រាបថា ចំពោះមន្ត្រីនគរបាលដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយក​សំណាក់​ធ្វើតេស្ត​រហ័សនេះ ត្រូវបាន​បញ្ជូនទៅធ្វើ PCR តេស្ត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល និងបញ្ជូនទៅ​សម្រាក​ព្យាបាលនៅទីកន្លែងដែលបានកំណត់៕អត្ថបទ បាន ចក់ 

មន្ដ្រីជំនាញ ចុះត្រួតពិនិត្យប្រព័ន្ធលូក្រោមដី ដែលមានទំហំធំ​អាច​មនុស្សដើរបាន ដើម្បី​ឈាន​ទៅរំដោះទឹក​ចេញពីភ្នំពេញ

2021/07/06 03:36:46 pm        685
​ភ្នំពេញ ៖ ក្រុមការងារអង្គការចៃកា និងមន្ទីរសាធារណការរាជធានីភ្នំពេញ ​បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីប្រវែងប្រមាណ៤០០ម៉ែត្រ​នៅតំបន់វត្តភ្នំ ដែលជាប្រព័ន្ធលូខ្នាតធំក្រោមដីជម្រៅ៤ទៅ៦ម៉ែត្រ មនុស្សអាចចេញចូលបាន។ក្រុមការងារនៃគម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ និង​មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បាន​ចុះពិនិត្យប្រព័ន្ធលូក្រោមដីប្រវែង​ប្រមាណបួន​រយម៉ែត្រ ។ ជាមួយគ្នានោះ​ក៏មានការចុះពិនិត្យ​មើលការ​សាងសង់​ស្ថានីយបូមទឹកខាងមុខCDC ​ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ដែលជា​ជំនួយ​ឥតសំណង​របស់ប្រទេសជប៉ុនតារយៈចៃកា ។លោក អេច មីដា (H.MeaDA) ទីប្រឹក្សាត្រួតពិនិត្យចៃការ​​ របស់ក្រុមហ៊ុនCTI បានឱ្យដឹងថា ការជីក​ដាក់​លូ​ក្រោមដីទំហំធំ ​ដែលអាចឱ្យមនុស្សចេញចូលបាននេះ ជាប្រព័ន្ធលូ ស្ថិតក្នុងគម្រោង​ការពារ​ទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូ​ជំហានទី៤ របស់ចៃកា ដោយចាប់ផ្ដើមពីផ្លូវលេខ៤៧ ដល់​វង្វេង់​មូលគួចកាណុង ពីវង្វេង់មូលគួចកាណុង​ ដល់ផ្លូវលេខ៨៨ តំបន់នោះ គឺដាក់​លូ​ទំហំ១,៨ម៉ែត្រ។ ចាប់ពីផ្លូវលេខ៤៧ ដល់​មហាវិថីព្រះស៊ីសុវត្ថិ គឺដាក់លូទំហំ២,៣០ម៉ែត្រ និង​មួយខ្សែ​ទៀត​ពីផ្លូវលេខ៤៧ ដល់ផ្លូវលេខ៨៨ រហូតមកដល់ស្ថានីយបូមទឹកខាងមុខCDC ទន្លេសាប គឺដាក់លូទំហំ១,៨ម៉ែត្រ។ លោក អេច មីដា បន្តថា ក្នុងគម្រោងនេះ ក៏មានការកសាងអាងស្តុបទឹក ដែលមានទំហំ​បណ្តោយ​១៣៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ម៉ែត្រគូប។ ស្ថានីយបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាមផងដែរ ។ គម្រោងនេះ​គ្រោង​និង​ភ្ជាប់លូផ្សេងៗទៀត ចូលមកប្រព័ន្ធលូមេថ្មីនេះ ​នៅក្នុងអំឡុងខែតុលាខាងមុខ ។ ក្រោយបញ្ចប់​គម្រោង​នេះហើយ វាអាចរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែក​ខាងជើងវត្តភ្នំ និង​ខាងកើត​មហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា និងមួយផ្នែកខ្លះទៀតនៅខណ្ឌទួលគោក។គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤​ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ​ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ គម្រោងការពារទឹកជំនន់ ​និងកែលម្អប្រព័ន្ធប្រឡាយ​លូ​ក្នុងរាជធានីភ្នំពេញ​ជំហានទី០៤​របស់​ចៃកា​នេះ ​មានទឹកប្រាក់​សរុបប្រមាណ៣៦លានដុល្លារ​សហរដ្ឋអាមេរិក ​ដែល​ជាជំនួយឥតសំណង​របស់​រដ្ឋាភិបាលជប៉ុន ​ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ​ស្ថានីយ​បូមទឹក​របារ ត្រង សំរាម​មេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹក៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្ដេចតេជោ រម្លឹក​ដាស់តឿន​ថា​ កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ ជាភារកិច្ច​របស់កូនខ្មែរគ្រប់ៗគ្នា!

2021/07/06 02:57:38 pm        2046
​ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ បានរម្លឹកដាស់តឿន​ពលរដ្ឋ​ទាំង​អស់គ្នាថា កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅរសៀលទី៦ កក្កដា នេះ​ ​សម្តេច​បាន​សរសេរ​ថា​ នៅ​ថ្ងៃ​ស្អែក​ទី៧​កក្កដានេះ ​គឺ​ជាខួប១៣ឆ្នាំហើយ នៃ​ការដាក់​បញ្ចូលប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌពិភព​លោក នាកិច្ចប្រជុំទី៣២​របស់​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​​​របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។សម្តេច ក៏បានរម្លឹកថា សូមចូលរួម​​ថែរក្សា​ការពារប្រាសាទ​បូរាណ​ទាំងអស់​នៅទូទាំង​ប្រទេស​ឲ្យ​បានគង់វង្ស ​ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕

វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនចំនួន១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

2021/07/06 12:49:26 pm        329
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីណូហ្វាម ហើយ៣លានដូសជាស៊ីណូវ៉ាក់។ ដោយឡែកនៅខែសីហាខាងមុខនេះ កម្ពុជា​នឹង​ទទួលបានវ៉ាក់សាំងចំនួន៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំង​គម្រប់​២០លានដូស ដែលបានកំណត់ក្នុងផែនការ​របស់​រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារ​សុខភាព​របស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ គិតត្រឹមថ្ងៃទី០៤ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៥លាននាក់ហើយ ស្មើនឹងជាង ៤៥ភាគរយ នៃចំនួន​ប្រជាពលរដ្ឋ​ត្រូវចាក់ក្នុងផែនការ៕អត្ថបទ ៖ ចក 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM