ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរា​ បញ្ចប់​គម្រោង​ជួសជុល​បណ្ណាល័យ​ខាងត្បូង​ប្រាសាទព្រះខ័ន

2021/06/10 08:04:14 am        669
សៀមរាប ៖ បណ្ណាល័យ​ខាងត្បូង​ នៃ​ប្រាសាទព្រះខ័ន ​បាន​បញ្ចប់​ការ​ជួសជុល​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២១កន្លងទៅ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​លោក ជា សារិទ្ធ បុរាណ​វិទូ ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​នៅថ្ងៃនេះ​។លោក​ បានឱ្យដឹងទៀត​ថា​ បណ្ណាល័យ​នេះ ​មាន​សភាព​ទ្រុឌទ្រោម ហើយ​ទ្រេត​ខ្លាំង​ទៅ​ជ្រុង​ខាងត្បូង​ ដោយសារ​គ្រឹះ​ចុះខ្សោយ ​និង​ដើម​ស្ពង់​ធំ​ដុះ​ពីលើ​ដំបូល​ធ្វើឱ្យ​ប្រេះស្រាំ​ បើក​ចំហរ​ធំ​ចាប់ពី​ផ្នែក​ដំបូល​រហូតដល់​ខឿន ​ដែល​អាច​ប្រឈម​នឹង​ការ​ដួលរលំ​។បុរាណ​វិទូ​រូបនេះ ​បញ្ជាក់ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២០ រហូតដល់​ខែឧសភា ​ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក ​World Monuments Fund (WMF) ធ្វើ​សម្រង់​ប្លង់​និង​សិក្សា​យ៉ាង​ម៉ត់ចត់​ពី​ស្ថានភាព​គ្រោះថ្នាក់​ រួមទាំង​ការធ្វើ​កំណាយ​បុរាណវិទ្យា ​ដើម្បី​ពិនិត្យ​ស្ថានភាព​គ្រឹះ​របស់​ប្រាសាទ​។ គម្រោងនេះ​ ប្រើ​រយៈពេល​ប្រហែល​១៥​ខែ ត្រូវ​រុះរើ​ថ្ម ជួសជុល​ពង្រឹង​គ្រឹះ ​និង​រៀប​ផ្គុំ​តាម​ផ្នែក​ដែល​ខូចខាត​ឡើងវិញ​។ក្រោយពេល​បញ្ចប់​ការ​ជួសជុល​បណ្ណាល័យ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះខ័ន​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​អគារ​ព្រះ​ឥសូរ ​និង​ជួសជុល​កំពង់ទឹក​នៅ​ខាងកើត​ព្រះខ័ន​។ ក្រៅពីនោះ​ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​លើ​គម្រោង​ធ្វើ​ផែនទី​ហានិភ័យ ​ដើម្បី​កំណត់​ទីតាំង​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ​និង​កំណត់​គោលដៅ​ជួសជុល​នៅ​កន្លែង​អាទិភាព​៕អ​ត្ថបទ ៖ ឈិត សាវី

កម្ពុជា​-​ហ្វីលីពីន ​បង្ហាញ​កិច្ចសហការ​អភិវឌ្ឍន៍​ទេសចរណ៍​រួមគ្នា​ ក្រោយ​ស្ថានការណ៍​​កូ​វីដ-​១៩ បាន​ធូរស្រាល

2021/06/10 01:53:24 pm        442
ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​៩​ខែមិថុនា ម្សិលមិញ​​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ទទួល​ជួប​សវនាការ​ជាមួយ​លោកជំទាវ​ Maria Amelita C. Aquino ​ឯកអគ្គរដ្ឋទូត​វិសមញ្ញ និង​ពេញ​សមត្ថភាព​ប្រទេស​ហ្វីលីពីន​ថ្មី ប្រចាំ​នៅ​កម្ពុជា ។ ​ភាគី​ទាំង​ពីរ​បាន​ដោះដូរ​យោបល់​គ្នា អំពី​ស្ថានការណ៍​ទេសចរណ៍​ដ៏​លំបាក​ក្នុង​អំឡុង​កូ​វីដ-​១៩ និង កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ទេសចរណ៍ ក្នុង​តំបន់​អាស៊ាន​។ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បាន​ជម្រាប​ជំទាវ​អគ្គរដ្ឋទូត​ហ្វីលីពីន​ថ្មី​ថា​ វិស័យ​ទេសចរណ៍​ក្នុង​អំឡុង​រង​ការ​ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ-១៩ ​ចុងក្រោយ​នេះ ​ក្រសួងទេសចរណ៍ ​កំពុង​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ គិតគូរ​រៀបចំ​បើក​ទេសចរណ៍​ឡើងវិញ ​នៅពេល​ស្ថានការណ៍​កូ​វីដ-១៩ អនុញ្ញាត​។នៅក្រោយ​ជំនួប​នេះ ឯកឧត្តម ទ្រី ឈី​វ ទីប្រឹក្សា​ក្រសួងទេសចរណ៍ ក៏បាន​ថ្លែងថា ​ជាការ​គិតគូរ​បើក​វិស័យ​ទេសចរណ៍​ឡើងវិញ​នេះ ​ស្របតាម​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ការលើកស្ទួយ​ និង​ស្ដារឡើងវិញ​ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ​ក្នុងអំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ-១៩ ​ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត នោះ​ជំ​ហ៊ាន​ទី​១ ជំរុញ​បើក​ដំណើរការ​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ ​ស្របតាម​ស្ថានការណ៍​កូ​វីដ-១៩ ​និង​ជំ​ហ៊ានទី​២ ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល បើក​ទទួលយក​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ​ពី​ប្រទេស​ដែល​មាន​ហានិភ័យ​ទាម​នៃ​ការ​ចម្លង​កូ​វីដ-១៩ មក​កម្សាន្ត​​តំបន់​គោលដៅ​ទេសចរណ៍​កម្ពុជា​ ដែលមាន​សុវត្ថិភាព​។ទោះយ៉ាងណា​ក៏ដោយ ឯកឧត្តម ទ្រី ឈី​វ បន្តថា ការ​ទទួលយក​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​មក​ទស្សនា​កម្ពុជា​នោះ ​គឺ​អាស្រ័យ​លើ​ស្ថានការណ៍​កូ​វីដ-១៩​។ ​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន ឯកឧត្ដម ថោង ខុន ​ក៏បាន​ជម្រាប​ជូន​លោកជំទាវ​អគ្គរដ្ឋទូត​ផងដែរ​ថា ៖ តាមរយៈ​កិច្ចប្រជុំ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ Video Conference នានា​ដែល​កម្ពុជា ​បានធ្វើ​ប្រធាន​នៃ​កិច្ចប្រជុំ​កន្លងមក គឺ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ​ក៏បាន​គាំទ្រ​ការ​បើក​ទទួល​ទេសចរ​ចាក់​វ៉ាក់សាំង​មក​ទស្សនា​ក្នុង​តំបន់​ផងដែរ​។លោកជំទាវ Maria Amelita C. Aquino ក៏បាន​គាំទ្រ​កម្ពុជា លើ​គំនិត​ផ្ដួចផ្ដើម​បើក​វិស័យ​ទេសចរណ៍​ឡើងវិញ ដោយមាន​ផែនទី ​ចង្អុល​ផ្លូវ​ច្បាស់លាស់​។ ​លោកជំទាវ ​ក៏បាន​គាំទ្រ​គំនិត​ និង​ការ​គិតគូរ របស់​កម្ពុជា​ ក្នុងការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ ​និង​បន្ត​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅលើ​ការ​ជំរុញ ចលនា​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង ​និង​ទាក់ទាញ​ទេសចរ​ហ្វីលីពីន​មក​ទស្សនា​កម្ពុជា ខណៈ​ទេសចរ​ធ្លាប់​មក​ទស្សនា​កម្ពុជា​ ក៏​កោតសរសើរ​កម្ពុជា​ពិតជា​មាន​តំបន់​ទេសចរណ៍ ប្រកប​ដោយ​ភាព​ទាក់ទាញ​ដ៏​ច្រើន ​និង​មាន​ភាព​សម្បូរ បែប​ ហើយ​លោកជំទាវ​នឹង​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទេស​ចរណ៍​តទៅទៀត​៕​​អត្ថបទ ស៊ុម សុខ​ជា

ពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ​អរគុណ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ចាក់​ជូន​ពលរដ្ឋ​គ្រប់ៗ​គ្នា

2021/06/10 01:41:06 pm        369
ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ទូទៅ ចាស់ជរា យុវជន រស់នៅ​ខណ្ឌ​ជ្រោយចង្វារ ថ្លែងអំណរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល និង​លោកគ្រូ​ពេទ្យ ​អ្នកគ្រូ​ពេទ្យ បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ និង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ​ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ការលើកឡើង​យ៉ាង​ដូច្នេះ​របស់ ប្រជាពលរដ្ឋ​ចាស់ជរា យុវជន នាឱកាស​ដែល​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ជាមួយ​លោកស្រី លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​(WHO)​ ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី​ Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ ​(UNICEF)​ប្រចាំ​នៅ​កម្ពុជា ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ក្នុង​ថ្ងៃ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុង​វិទ្យាល័យ ជា ស៊ីម​ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​ប្រជាពលរដ្ឋ​ចាស់ជរា និង​យុវជន មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​មណ្ឌល​ចាក់​វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ​បានលើកឡើង​ស្រដៀង​គ្នា​ទៀតថា​ ពួកគាត់​បានមក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រភេទ​ស៊ី​ណូ​វ៉ា​ក ដូ​ស​ទី​១ តាម​ការកំណត់ ដើម្បី​ការពារ​សុខភាព និង​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល និង​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ជូន​គាត់ និង​ប្រជាពលរដ្ឋ​ទាំងអស់ ​ដើម្បី​ប្រឆាំង​មេរោគ​កូ​វីដ​-១៩​។ជាមួយគ្នា​នោះដែរ​លោក​វេជ្ជបណ្ឌិត ពិន ពន្លាក់ អនុប្រធាន​ដឹកនាំ​រួម​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម ​ជ្រោយចង្វារ​ បាន​ឲ្យ​ដឹងថា ​នេះ​ជា​ថ្ងៃ​ដំបូង នៃ​យុទ្ធ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១ សម្រាប់​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​២៥ ​ខែមិថុនា ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​។ សម្រាប់​មណ្ឌល​នេះ មាន​សមាជិក​ប្រចាំ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ​មាន​ចំនួន​០២​ក្រុម ដោយ​ក្នុង​១​ក្រុម មាន​សមាជិក​ចំនួន​១០​នាក់ សរុប​២០​នាក់​។ ដោយឡែក​សម្រាប់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វារ​ទាំងមូល មាន​ទីតាំង​ចំនួន​៥ ​សម្រាប់​ទទួលរង​ចាំ​ការ​អញ្ជើញ​របស់​ម​ន្រី្ត​រាជការ និង​ប្រជាពលរដ្ឋ ​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ទៀតថា បើទោះបី​បងប្អូន​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ហើយ​កី្ត និង​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ហើយ​កី្ត គឺ​វិធានការ​៣​កុំ ៣​ការពារ និង​២​ចូលរួម ជា​វិធីសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​បុគ្គល​គ្រប់រូប​អាច​ធ្វើ​បាន​គ្រប់គ្នា ​ដែលជា​វិធី​សាស្ត្រ កំពុង​ប្រើប្រាស់​នៅ​ទូទាំង​សកលលោក អាច​ទប់ស្កាត់ ការពារ ការ​ចម្លង​មេរោគ​កូ​វីដ​-១៩​យ៉ាង​មាន​ប្រសិទ្ធភាព​៕អត្ថបទ រដ្ឋា

លោកជំទាវ ឱ វណ្ណឌី​ន ​៖ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នឹង​ថមថយ​តាមរយៈ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង

2021/06/10 06:44:12 am        751
ភ្នំពេញ ៖ ​លោកជំទាវ ឱ វណ្ណឌី​ន ​បាន​សម្ដែង​នូវ​ក្ដី​រំពឹងថា តាមរយៈ​យុទ្ធនា​ការចាក់ ​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ នឹង​ជួយ​កាត់បន្ថយ​អត្រា​ចម្លង​ឱ្យ​នៅ​កម្រិត​ទាប ដូច្នេះ​នាពេលខាងមុខ កម្ពុជា នឹង​មាន​ការ​ថមថយ​នៃ​ជំងឺ​នេះ​។លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ក្រប ខណ្ឌ​ទូទាំងប្រទេស តំណាង​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការ​យូ​នី​សែ​ហ្វ​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃនេះ ​បាន​ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​នៅ​មណ្ឌល​សុខភាព​សំរោង ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​សំរោង ​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​។លោកជំទាវ បាន​លើកឡើងថា ​តាមរយៈ​ការ​ខិតខំ​ខ្នះខ្នែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​រិះរក គ្រប់​មធ្យោបាយ ​ទាំង​ការ​ស្នើសុំ​រក​ជំនួយ ក៏ដូចជា​ ការបញ្ជាទិញ​វ៉ាក់សាំង ​ដើម្បី​ផ្តល់ជូន​បងប្អូន​ប្រជា​ពល រដ្ឋ​ដោយ​ឥតគិតថ្លៃ ស្របតាម​គោលដៅ​១០​លាន​នាក់ ។យោងតាម​របាយការណ៍​របស់​អនុគណៈកម្មការ​តាមដាន និង​វាយតម្លៃ នៃ​គណៈ​កម្មករ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ ​Covid-19 ក្របខណ្ឌ​ទូទាំងប្រទេស ​បានបង្ហាញ​អោយដឹងថា​ ចាប់តាំងពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី​៧​ ខែមិថុនា ឆ្នាំ​២០២១ ទាំង​ក្របខណ្ឌ​ក្រសួង​សុខាភិបាល និង ក្រសួងការពារជាតិ ​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​បាន​ចំនួន​ជាង​២​លាន​៨​សែន​នាក់ ​ស្មើ​ហ្នឹង​ប្រមាណ​ជាង​២៧​ភាគរយ បើ​ធៀប​នឹង​គោលដៅ​១០ លាន​នាក់​៕​អត្ថបទ​៖ ជៀប សម្បត្តិ

រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង៤​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់

2021/06/10 01:08:12 pm        304
ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ជាង៤​លាន​ដុល្លារ​អាមេរិក ​សម្រាប់​បើក​ជូន​ដល់​គ្រួសារ​ទទួល​ផល​ចំនួន៦១៦៧៨​គ្រួសារ​ ក្នុង​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ជំ​ហ៊ាន​ដំបូង​នេះ​។ ​ការបើក​ជូន​សាច់ប្រាក់ គឺ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី១០ ខែមិថុនា​នេះ ​ដោយ​គ្រួសារ​ទទួល​ផល អាច​ទៅ​បើក​បាន​នៅ​គ្រប់​ភ្នាក់ងារវី​ង ដោយ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​អត្តសញ្ញាណ​ប័ណ្ណ និង​លេខ​ទូរស័ព្ទ​ដែល​បាន​កត់ត្រា​ពេល​សម្ភាសន៍​។ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​នេះ ក្រោម​អធិបតីភាព​ ឯកឧត្តម រដ្ឋមន្ត្រី វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ​កម្ម​បើក​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់ គឺ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី១០ ខែមិថុនា​នេះ​តទៅ​។ ជាក់ស្ដែង​សម្រាប់​ជំ​ហ៊ាន​ដំបូង​នេះ គឺ​រាជ​រដ្ឋា​ភិបាលនឹង​ចំណាយ​ថវិកា ជាង​លាន​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ ​ចំនួន ៦១៦៧៨ ​គ្រួសារ ​ដែល​ជាប់​ក្នុង​ការ​សម្ភាសន៍​។ នេះ​ជា​ការ​លើកឡើង​របស់ លោក ឈួ​រ សុ​បញ្ញា ​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច​។លោក បញ្ជាក់​បន្ថែមថា សម្រាប់​កម្មវិធី​នេះ គឺ​រាប់​គ្របដណ្ដប់​លើ​គ្រួសារ​គោលដៅ​ ៣​ប្រភេទ គឺ​សម្រាប់​អ្នកមាន​ជីវភាព ​ខ្វះខាត​ក្នុងកំឡុងពេល​បិទ​ខ្ទប់​ ក្នុង​ទីតាំង​រាជធានី​ភ្នំពេញ​ ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ ​និង​សម្រាប់​គ្រួសារ​ដែលមាន ​សមាជិក​ឆ្លង​ជំងឺ​កូ​វីដ​ ដែលមាន​ជីវភាព​ខ្វះខាត និង​សម្រាប់​គ្រួសារ​ដែល​សមាជិក​ស្លាប់​ដោយសារ ​ជំងឺ​កូ​វីដ​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។សម្រាប់​ការ​បើក​សាច់ប្រាក់​នាពេល​នេះ ​លោក​បញ្ជាក់ថា ​គ្រួសារ​ទទួល​ផល​អាច​ទៅ​បើក​ថវិកា​បាន​នៅ​គ្រប់​ភ្នាក់ងារ វី​ង ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​ អត្តសញ្ញាណ​ប័ណ្ណ ​និង​លេខ​ទូរស័ព្ទ​ដែល​បាន​ផ្ដល់​ជូន កំឡុង​ពេល​សម្ភាសន៍​។ លោក​ ​បាន​បន្តថា ចំពោះ​គ្រួសារ​ដែលមាន​សមាជិក​បាត់បង់​ជីវិត ​ដោយ​កូ​វីដ​-១៩ គឺ​មន្ត្រី​ជំនាញ​នឹង​បើក​សាច់ប្រាក់​ជូន​ដល់​គេហដ្ឋាន​ដោយ​ផ្ទាល់​។សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ ​គឺជា​កម្មវិធី​អនុវត្ត​តែ​មួយដង​តែប៉ុណ្ណោះ ពុំ​មាន​ការបើក​សាច់ប្រាក់​ជូន​រាល់​ខែ​នោះទេ​។ ​សម្រាប់​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ក្រោយពេល​បិទ​ខ្ទប់ ហើយ​ចង់​ដាក់ពាក្យ​ស្នើសុំ​ការ​សម្ភាសន៍ ​នៅតែ​អាច​បន្ត​ដាក់ពាក្យ​ស្នើសុំ​ទៅ​ឃុំ​-​សង្កាត់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ​បន្ថែមទៀត​។ ​នេះ​ជា​ការ​បញ្ជាក់​របស់​ ឯក​ឧ​ត្ត​ម ថេ​ង បញ្ញា​ធន តំណាង​មកពី​ក្រសួងផែនការ ​ជា​ក្រសួង​សាមី ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួលផល​។គួរ​បញ្ជាក់ថា ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ ​គឺមាន​ផ្ដោត​សំខាន់​លើ​ចំណុច​សំខាន់​ចំនួន ៣ រួមមាន ​ថ្លៃ​ស្បៀងអាហារ ថ្លៃ​ទឹកស្អាត ​និង​ថ្លៃ​អគ្គិសនី ដោយ​គ្រួសារ​ទទួល​ផល អាច​ទទួល​បាន​សាច់ប្រាក់​ខុសគ្នា ទៅតាម​ចំនួន​សមាជិក​នៃ​គ្រួសារ​នីមួយៗ​៕​​អត្ថបទ​៖ គឹម​ហុក  

អាស៊ាន​-​ចិន ប្ដេជ្ញា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត

2021/06/10 12:57:16 pm        304
ភ្នំពេញ ៖ ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៦ ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ​ខែមិថុនា នេះ នៅ​ទីក្រុង​ឆុង​ឈី​ង ប្រទេស​ចិន​។ ជំនួបនេះ​ បាន​បង្កើតឡើង​នូវ​ការ​ប្ដេជ្ញា​បន្ថែមទៀត ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​-​ចិន ​ឱ្យ​កាន់តែ​ល្អ ប្រសើរឡើង​ថែមទៀត​។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស មេគង្គ​-​ឡាន​ឆាង លើក​ទី​៦ ​នៅក្នុង​ប្រទេស​ចិន បានឱ្យដឹងថា ​រដ្ឋមន្ត្រីការបរទេស​ចិន ឯកឧត្តម Wang Yi បាន​សន្យាថា​ នឹង​គាំទ្រ​ដល់​ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​ (ACRF) ខណៈ ពាណិជ្ជកម្ម រវាង​ចិន និង​អាស៊ាន បាន​កើនឡើង​ពី​ចំនួន​តិច​ជាង​៨​ពាន់​លាន​ដុល្លារ​ ទៅ​ជាង​៦៨៤​ពាន់​ លាន​ដុល្លារ ហើយ​ភាគី​ទាំងពីរ ក៏បាន​ផ្លាស់ប្ដូរ​កម្មករ​ជាង​៦​ម៉ឺន​៥​ពាន់​នាក់​ ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុង ក្រោយនេះ​។ក្នុងអំឡុង​ចូលរួម​កិច្ចប្រជុំ​នេះ ឯកឧត្ដម ប្រាក់ សុខុន ក៏បាន​ជួប​ពិភាក្សា​គ្នា​ដាច់ដោយឡែក​ជាមួយ ប្រមុខ​ការទូត​ចិន ថៃ និង​វៀតណាម ដោយ​ក្នុង​កិច្ច​ជំនួប​នោះ ​បាន​សន្យា​បន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិការ ​ទ្វេភាគី​ជាមួយគ្នា ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ និង​រួមគ្នា​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩ ដែល​ប្រទេស​ផង​ខ្លួន ​កំពុង​កើតឡើង ​នាពេល​បច្ចុប្បន្ននេះ​។កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ត្រូវ​បាន​ធ្វើឡើង ​ក៏​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣០ ​នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​ចិន​។ជំនួប​ទ្វេភាគី រវាង​ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ​បាន ផ្លាស់ប្ដូរ​ទស្សនៈ ​ស្ដីពី​ការលើកតម្កើង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​។ ភាគី​ទាំងពីរ បាន វាយតម្លៃ​ខ្ពស់​«​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន និង ​បានបញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង ​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណងមិត្តភាព​ដូច ​ដែកថែប ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បន្ថែមទៀត​» ៕​អត្ថបទ​៖ បាន ចក់

ខែមិថុនា​ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង ទទួលបាន​ទឹកភ្លៀង​ច្រើនជាង​ឆ្នាំមុន កសិករ​កំពុង​ចាប់ផ្តើម​បន្ត​បង្កបង្កើនផល​

2021/06/09 03:16:50 pm        27
កំពង់ឆ្នាំង ៖ គិត​មកដល់​ថ្ងៃទី​០៨ ខែមិថុនា នេះ ខេត្តកំពង់ឆ្នាំង ទទួលបាន​របប​ទឹកភ្លៀង​ច្រើនជាង​ដើមខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​រយៈពេល​២​សប្តាហ៍​នេះ ​ទឹកភ្លៀង​បាន​បង្អុរ​មកជា​បន្តបន្ទាប់​ ធ្វើឱ្យ​ប្រជាកសិករ​ទាំងអស់​​ ចាប់ផ្តើម​បង្ក បង្កើន​ផល​នៅ​ស្ទើរ​​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត ​ដើម្បី​ធ្វើស្រែ​ឱ្យទាន់​ដើមរដូវ​។លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គិត​មកដល់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១​នេះ របប​ទឹកភ្លៀង​ទទួលបាន​ចំនួន​៦៩,២៩​ម​ម ​បូក​យោង​ពី​ដើមរដូវ​ សរុប​ជា​មធ្យម​បាន​ចំនួន​៣៣៥,៩២​ម​ម ​ប្រៀបធៀប ​ជាមួយ​ឆ្នាំ​២០២០ ​មាន​កម្រិត​ច្រើនជាង​ចំនួន​៦១,៦៧​ម​ម​។ ​ដោយសារ​ស្ថានភាព​ទឹកភ្លៀង​បាន​អំណោយផល ប្រជា កសិករ កំពុងតែ​ខំប្រឹង​ប្រែង​ក្នុងការ​បង្កបង្កើនផល នាំឱ្យ​សាប​រួច ចំនួន​៣២២​ហិកតា​ ផ្ទៃដី​ដាំ​ដុះ (​ព្រោះ​)​ បាន​ចំនួន​ជាង​១០​ម៉ឺន​ហិកតា ​ស្មើនឹង​៨៩% លើ​ផែនការ​១២​ម៉ឺន​២០០០​ហិកតា​។ចំណែក​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម អនុវត្តបាន​ជាង​៤​ពាន់​ហិកតា ស្មើនឹង​៧,៩៧% លើ​ផែនការ ៧៨០០​ហិកតា​ រួមមាន ពោត ស ដំឡូងជ្វា បន្លែ​គ្រប់មុខ ដំឡូងឈើ ​សណ្តែកបាយ អំពៅ ល្ង ថ្នាំជក់ ក្រចៅ ឪឡឹក និង សណ្តែកដី​។​ ចំពោះ​តម្លៃ​ស្រូវ​ក្នុង​សប្តាហ៍​នេះ​ គឺ​ស្រូវ​ស្ងួត ជា​មធ្យម​១១០០​រៀល​ ក្នុង​១​គីឡូក្រាម មានតម្លៃ​ខ្ពស់​ជាង ឆ្នាំ​២០២០ ​ចំនួន​៥០​រៀល​ ក្នុង​១​គីឡូក្រាម ស្រូវ​ក្រអូប តម្លៃ​១៣០០​រៀល ក្នុង​១​គីឡូក្រាម ខ្ពស់​ជាង​ឆ្នាំ​២០២០ ចំនួន ១០​រៀល ក្នុង​១​គីឡូក្រាម​។នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១​នេះ ពុំ​មាន​សត្វ​គោក្របី​ឈឺ​ធ្ងន់ធ្ងរ​នោះទេ​ ដោយ​បច្ចុប្បន្ន ខាង​មន្ត្រី​បសុពេទ្យ​កំពុងជួយ​ពិនិត្យ​គ្រប់​ទីកន្លែង​ផងដែរ​។ទោះបី​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់ និង​ស្ថិតក្នុង​បរិបទ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-​១៩ ​ក្នុង​សហគមន៍​ក៏ពិតមែន តែ​ប្រជា​កសិករ ​កំពុង​សស្រាក់សស្រាំ​ខិតខំ​បង្កបង្កើនផល​នៅ​គ្រប់​ទីកន្លែង​។ ​មន្ទីរ​កសិកម្ម និង​មន្ទីរ​ធនធានទឹក​ កំពុង​ត្រៀម​ចុះ ​ជួយ​ប្រជាពលរដ្ឋ​ណា ​ដែល​ជួប​នូវ​ការ​ខ្វះខាត​ទឹក នៅ​គ្រប់​ទីកន្លែង ​តាម​គោលការណ៍ ​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី ឡើយ​៕​អត្ថបទ​៖ ហុង វាស្នា

ខេត្តកណ្តាល​ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​១ ជូន​ពលរដ្ឋ​ទូទៅ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា​តទៅ

2021/06/09 03:03:38 pm        259
កណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្តាល ប្រកាស​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​នៅ​ទូទាំង​ខេត្ត ចាប់ពី​ថ្ងៃទី​១០​ ខែមិថុនា ​ស្អែក​នេះ​តទៅ ។ សម្រាប់​ការ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ គេ​សង្កេតឃើញថា ​អាជ្ញាធរ​នៅតាម​ឃុំ​សង្កាត់​ទូទាំង​ខេត្តកណ្តាល បាន​នឹង​កំពុង​មមាញឹក ចុះ​ចែក​លិខិត​ ឬ​ប័ណ្ណ​អញ្ជើញ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ទៅតាម​ពេលវេលា ​និង​ទីតាំង​ដែល​បាន​កំណត់​ទៅតាម​ការណែនាំ​ពី​ក្រុម​ពេទ្យ​ចាក់​វ៉ាក់សាំង​។បើតាម​លោក យ៉ាវ ឡេង ចៅសង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បាន​ថ្លែងថា ​មកដល់​ថ្ងៃនេះ​សង្កាត់​កំពង់​សំណាញ់ ​ក៏​ដូច​ឃុំ​សង្កាត់​នានា​ទៀត ​នៅ​ទូទាំង​ខេត្តកណ្តាល ​គឺ​បាន​និងកំពុង​ចុះ​ចែក​លិខិត​អញ្ជើញ​ពលរដ្ឋ​នៅតាម​បណ្តា​ភូមិ​មកចាក់​វ៉ាក់សាំង​នៅ​ថ្ងៃស្អែក​នេះ​រួចហើយ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះដែរ អាជ្ញាធរ​ក៏​កំពុង​រៀបចំ​ទីតាំង​ចាក់​នៅ​អនុវិទ្យាល័យ ហ៊ុន សែន ខ្ពប​វែង ក៏​ជិត​រួចរាល់​ដែរ ។លោក យ៉ាវ ឡេង បន្តថា សម្រាប់​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នេះ​គឺ​យើង​បានរៀបចំ​តាម​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង ចៀសវាង​ការ​ប្រជ្រៀត​គ្នា ​ត្រូវ​រ​ក្សា​គ​ន្លាត​ត្រឹមត្រូវ ហើយ​សម្រាប់​ការចាក់​នេះ ​គឺ​យើង​ចាក់​ជូន​ចំពោះ​ពលរដ្ឋ​ណា​ដែល​មាន​លិខិត ​ឬ​ប័ណ្ណ​អញ្ជើញ​នៅក្នុង​ដៃ​តែប៉ុណ្ណោះ ​ហើយ​សម្រាប់​ពលរដ្ឋ​មិន​ទាន់មាន​ប័ណ្ណ​អញ្ជើញ​ ឬ​មិនទាន់​ដល់​ថ្ងៃ​ណាត់​ គឺ​ត្រូវ​រង់ចាំ​ចាក់​នៅពេល​ក្រោយ​។ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល​ បាន​ថ្លែង​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​នេះ ​គឺ​យើង​គ្រោង​នឹង​បើក​ការ​ចាក់​ទៅ​មនុស្ស​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​ដែលមាន​ពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តកណ្តាល ​និង​បណ្តា​ក​ម្មករ ក​ម្មការិនី​រោងចក្រ​នៅ​ខេត្តកណ្តាល ​ហើយ​ក​ម្មករ​ក​ម្មការិនី​មកពី​បណ្តា​ខេត្ត​រាជធានី​នានា ​មក​ធ្វើ​ការងារ​នៅក្នុង​ខេត្តកណ្តាល​ ក៏​អាច​អញ្ជើញ​ទៅ​ចាក់​បានដែរ ​តែ​ត្រូវ​មាន​លិខិត ឬ​ប័ណ្ណ​អញ្ជើញ​ពី​អាជ្ញាធរ​។ឯកឧត្តម បន្តថា កាលពីមុន​យើង​មាន​គំរោង​ចាក់​តែ​នៅក្នុង​ក្រុង​តាខ្មៅ​មួយ​ទេ ​ប៉ុន្តែ​ដោយសារ​មុននេះ ​យើង​ទទួល​ដំណឹង​ថា​ ខេត្តកណ្តាល​ ទទួលបាន​វ៉ាក់សាំង​ច្រើន​លើសលប់​ពី​ស​ម្តេច​តេ​ជោ ទើប​នៅថ្ងៃនេះ​យើង​ជំរុញ​អោយ​អាជ្ញាធរ​គ្រប់​ក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្តកណ្តាល ​រៀបចំ​មណ្ឌល​ចាក់​ជាច្រើន​ ដោយ​ក្នុង​១​ស្រុក​ក្រុង​ត្រូវ​រៀបចំ​មណ្ឌល​ចាក់​ប្រមាណ​៨​ទៅ​១០​កន្លែង ​ហើយ​ការចាក់​នេះ​នៅ​ថ្ងៃ​ដំបូង​អាច​មាន​ភាពរអាក់​រអួល​បន្តិច​។បន្ថែម​ពីនេះ បើតាម​ការបញ្ជា​ក់​រប​ស់ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាលខេត្ត​កណ្តាល បាន​លើកឡើង​ដែរ​ថា ៖ នៅពេលនេះ​ ខេត្តកណ្តាល ​បាន​ត្រៀម​រួចរាល់​ហើយ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខេត្តកណ្តាល​ទ្រង់ទ្រាយ​ធំ​នេះ​ សម្រាប់​ការ​ចាក់​នេះ​ ក្រៅពី​ចាក់​នៅតាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក ខេត្ត​ក៏បាន​រៀបចំ​អោយ​មាន​ការ​ចាក់​នៅតាម​សាលារៀន និង​វត្ត​អា​រ៉ា​ម​តាម​ក្រុង​ស្រុក​ឃុំ​សង្កាត់​នានា​ទូទាំង​ខេត្តកណ្តាល​ ដែល​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​អញ្ជើញ ​ខណៈ​ការ​ចាក់​យើង​រៀបចំ​ក្រុមគ្រូពេទ្យ​ចំនួន ៧០០​នាក់ ​ស្មើនឹង ៧០​ក្រុម ហើយ​រដ្ឋបាលខេត្ត​ គ្រោង​នឹង​បន្ថែម​គ្រូពេទ្យ​ចំនួន ១៨០០ នាក់​ទៀតផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​យុទ្ធនាការ​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​រលូន និង​អាច​ចាក់​វ៉ាក់សាំង​បាន​ឆាប់​រ​ហ័​ស​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល​៕ ​អត្ថបទ សុខ​ជា

សាលា​រាជ​ធានី​ភ្នំពេញ ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន​៤​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ក្រោយ​មើល​ឃើញ​កំណើន​ករណី​ឆ្លង​ឡើង​វិញ

2021/06/09 01:34:30 pm        174
ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ បាន​បិទ​ខ្ទប់​​ផ្នែក​ខ្លះ​នៃ​ភូមិ​​ចំនួន​៤​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាន​កំណត់​ជា​តំបន់​លឿង​ទុំ​នូវ​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោមចៅ​៣ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំងពោធិ៍ ភូមិ​ព្រៃព្រីង​ខាង​ជើង​២ និង​ភូមិ​ជម្ពូវ័ន​២ នៅ​ក្នុង​សង្កាត់​ចោមចៅទី​៣ ជា​«តំបន់​លឿង​ទុំ»។បើ​តាម​សេចក្ដី​សម្រេច​នេះ វិធានការ​បិទ​ខ្ទប់​នេះ​ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ស្អែក​នេះ រហូត​ដល់​ថ្ងៃទី​២៣ ខែ​មិថុនា​ខាង​មុខ​នេះ។នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទី​ស្នាក់​អាស្រ័យ​របស់​ប្រជា​ពលរដ្ឋ។ចំណែក​ឯ​សកម្មភាព​ខាង​មុខ​របរ ការងារ និង​អាជីវកម្ម ដែល​មិន​មែន​ជា​តម្រូវការ​ចាំ​បាច់ ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ។ទោះជាយ៉ាងណា​ សាលា​រាជ​ធានី​ភ្នំពេញ​ក៏​បាន​ផ្ដល់​ការ​លើក​លែង​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន និង​សកម្មភាព​អាជីវកម្ម ការងារ ឬ​មុខ​របរ​មួយ​ចំនួន​ផង​ដែរ។សាលា​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​នោះ​ថា វិធានការ​នេះ ​គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ខណ្ឌ​ពោធិ៍សែនជ័យ​ បាន​មើល​ឃើញ​កំណើន​ឡើង​វិញ​នៃ​ចំនួន​ពលរដ្ឋ​ឆ្លង​មេរោគ​កូវីដ-១៩​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ៕

អាជ្ញាធរខេត្ត​បាត់ដំបង ​ពង្រីក​ទីតាំង​ព្យាបាល ខណៈ​មាន​កំណើន​អ្នកជំងឺ​កូ​វីដ​-១៩

2021/06/09 01:08:23 pm        79
បាត់ដំបង ៖​ មន្ទីរ​សុខាភិបាល​ខេត្ត បានសម្រេច​រៀបចំ​ពង្រីក​ទីតាំង​ព្យាបាល​បន្ថែមទៀត ​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ខណៈ​មានការ​រក​ឃើញ​អ្នក​វិជ្ជមាន​ ជំងឺ​កូ​វី​-១៩ ចាប់​តាំងពី​ដើមខែ​មិថុនា​នេះ​មក ​ជា​បន្តបន្ទាប់​ ពិសេស​នៅ​ក្នុង​ស្រុក​កំរៀង​។ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាក​ព្យាបាល​ថ្មី នៃ​អ្នកជំងឺ​កូ​វីដ​-១៩ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិ បាល​រង​ខេត្តបាត់ដំបង ​បានឱ្យដឹងថា សម្រាប់​ទីតាំង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​បន្ថែម​ថ្មី ​មាន​ចំនួន​២​កន្លែង គឺ វិទ្យាល័យ​កំរៀង ​ស្ថិតនៅ​ឃុំ​អូរ​ដា ស្រុក​កំរៀង ​និង​ត្រៀម​១​កន្លែង​ទៀត នៅ​សាលា​បឋម​សិក្សា​សម្តេចតេ​ជោ ហ៊ុន សែន ជ្រៃ​សីមា​ ស្ថិតនៅ​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ។លោក ​បាន​បន្តថា​ សម្រាប់​អ្នកជំងឺ​កូ​វីដ-​១៩ ​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​ទីតាំង​បន្ថែម​នេះ​ គឺជា អ្នក​កម្រិត​ស្រាល​ប៉ុណ្ណោះ​ ខណៈ​អ្នកមាន​សភាព​ធ្ងន់ធ្ងរ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យបង្អែកខេត្ត​។ បច្ចុប្បន្ន ​នៅតាម​ស្រុក​ជាប់​ព្រំដែន មាន​អ្នកជំងឺ​កូ​វីដ​-១៩ ជាង​១០០​នាក់​ហើយ ។​​លោក សុខ គឹម​ខុន​ អភិបាលស្រុក​កំរៀង ​បាន​ឲ្យ​ដឹងថា ​នៅ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩ ក្នុង​វិទ្យាល័យ​កំរៀង ​គិត​ត្រឹម​ថ្ងៃទី​៧ ខែមិថុនា នេះ​ មាន​អ្នកជំងឺ ចំនួន​១០៧​នាក់ ​ភាគច្រើន​អ្នក​ជាប់​ពាក់ ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ មកពី​ខេត្ត​ប៉ៃលិន ​ខណៈ​វិទ្យាល័យ​នេះ អាច​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩​ បាន​ចំនួន​ជិត ២០០​នាក់ ។បន្ទាប់​មានការ​រៀបចំ​នូវ​ទីតាំង​កន្លែង​សម្រាក​ព្យាបាល ​នៃ​អ្នកជំងឺ​កូ​វីដ​-១៩​ បន្ថែម​នេះ​ អាជ្ញាធរ​ថៃ ក៏ បាន​ផ្ដល់​សម្ភារ​បរិក្ខារៈ ទប់ទល់​ជំងឺ​កូ​វីដ​-១៩​មួយចំនួន មាន​ដូចជា ៖ ម៉ាស់ អាវ​ពេទ្យ អាល់កុល និង​ស្រោម ជើង​ពេទ្យ ​ដែល​សម្ភារ​បរិក្ខារ​ពេទ្យ​ទាំងនេះ​ ត្រូវបាន​លោក​ សឿ​ម ប៊ុន​រិ​ទ្ធ ​ប្រគល់​ជូន​ដល់​ទៅ​មន្ទីរពេទ្យ ​បង្អែក​ស្រុក​កំរៀង​ ដើម្បី​ទុក​ប្រើប្រាស់​ចាំបាច់​នៅ​ក្នុង​អង្គភាព​របស់ខ្លួន​។​ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ​សម្រាប់​ខេត្តបាត់ដំបង​ មាន​អ្នក​ឆ្លង ចំនួន​៤៤៣​នាក់ ​តែ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ចំនួន​១៦២​នាក់ ​ស្លាប់​ចំនួន​២​នាក់ ​និង​កំពុង​ព្យាបាល ចំនួន​២៧៩​នាក់​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក
05/29/2026 08:05 PM
UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
05/29/2026 08:05 PM
មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
05/29/2026 08:05 PM
ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល
05/29/2026 08:05 PM
ឥណ្ឌារំពឹងថា ភ្លៀងធ្លាក់អំឡុងរដូវវស្សាឆ្នាំ ២០២៦ ទាបជាងកម្រិតមធ្យមរាល់ដង
05/29/2026 08:05 PM
ប្រធានាធិបតី៖ រ៉ូម៉ានីបិទស្ថានកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង Constanta
05/29/2026 07:05 PM
ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
05/29/2026 07:05 PM
លោក Zelenskyy៖ រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី លើអ៊ុយក្រែន
05/29/2026 07:05 PM
ប្រទេស​ជប៉ុនចូលរួមបេសកកម្មគាំទ្រអ៊ុយក្រែនរបស់​អង្គការ​ណាតូ ជាលើកដំបូង
05/29/2026 07:05 PM
លោក Rutte ៖ អង្គការណាតូ ត្រៀមខ្លួនការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្ត
05/29/2026 07:05 PM