ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ក្រើនរំឭក​ឱ្យ​មន្ត្រី​ជំនាញ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការវិភាគ​រក​មេរោគ​កូ​វីដ​-១៩

2021/05/18 02:59:50 pm        555
ព្រះសីហនុ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ អមដំណើរ​ដោយ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ​និង​សមត្ថកិច្ច​ ស្ថាប័ន​ពាក់ព័ន្ធ បាន​អញ្ជើញ​ត្រួតពិនិត្យ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​រក​មេរោគ​កូ​វីដ​-១៩ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ​ដែលមាន​ទីតាំង ​នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ដ ​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ អង្គារ ​៧​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​។នៅក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ផ្នែក​មន្ទីរពិសោធន៍ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែលមាន​ហានិភ័យ​ខ្ពស់ និង​ត្រូវតែ​មានការ ប្រុងប្រយ័ត្ន ដោយ​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ កុំ​ធ្វេសប្រហែស​នាំ​ឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មក​ខ្លួនឯង​។ ជាមួយគ្នា​នោះ លោក​វេជ្ជបណ្ឌិត ផេង សេ​ច័ន្ទ​គ្រឹះ​ស្នា អ្នក​សម្របសម្រួល​រួម នៃ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ ប្រាប់ថា ​មន្ទីរពិសោធន៍ ​មាន​បុគ្គលិក​ចំនួន ១០​នាក់ ដើម្បី​បំរើ​សេវា​ពិសោធន៍​ជំងឺ​ទូទៅ ពិសេស​ជំងឺ​កូ​វីដ​-១៩ ​ប្រសិនបើ​មាន​សម្ភារៈ ​គ្រប់គ្រាន់ គឺ​ក្រុម ការងារ អាច​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ចន្លោះ​ពី ៣០០ ​ទៅ ៤០០​នាក់ ក្នុង​មួយថ្ងៃ​។ នេះ ជា​ការ​បញ្ជាក់​ប្រាប់​ឱ្យដឹង​ពី​លោក ​ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ ​នា​រសៀល​ថ្ងៃទី​១៨ ខែឧសភា​នេះ​។លោក បន្ដថា ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ ជួរ​ក្រោយ និង​ក្រុម គ្រូពេទ្យ​ផ្នែក​មន្ទីរពិសោធន៍ ​ដែល​បាន​ខិតខំ​បំពេញការងារ​មិន​ខ្លាច​នឿយហត់​ទាំង​ថ្ងៃទាំងយប់ មិន​ថា​ភ្លៀង ឬ​ថ្ងៃ​ក្តៅ ​ដោយ មិនបាន​សម្រាក​គ្រប់គ្រាន់​ក្នុង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ សូម​បន្ដ​រួមគ្នា​កាត់ផ្តាច់​ប្រភព​ចម្លង​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​សហគមន៍ ឱ្យ​បាន​ជោគជ័យ​។ មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ បើក​ដំណើរការ​ដំបូង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ម៉ាស៊ីន​ពិសោធន៍ និង​សម្ភារៈ​ពិសោធន៍​សម្រាប់​ពិសោធន៍ ២.០០០​សំណាក តែប៉ុណ្ណោះ​។ ខេត្ត​ព្រះសីហនុ មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩ ទំហំ​ធំ តម្រូវការ​សម្ភារៈ​វិភា​គ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ចំនួន​ច្រើន ​បានធ្វើ ឱ្យ​មន្ទីរ​ពិសោធន៍ មានការ​ខ្វះខាត​សម្ភារៈ វិភា​គនេះ ទើប​រដ្ឋបាល​ខេត្ដ ​បាន​និងកំពុង​បញ្ជា​ទិញ​សម្ភារៈ​បន្ថែម​។ ទន្ទឹមនឹងនោះ​ ក្រសួងសុខាភិបាល បាន​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ធ្វើ​តេស្ដ​លឿន (Rapid Test) និង​ការ​បញ្ជាទិញ​របស់​រដ្ឋ​បាល​ខេត្ត ដើម្បី ពន្លឿន​ការ​យក​សំណាក​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ (​តំបន់​ក្រហម​) ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃទី​១៣ ​ខែឧសភា ឆ្នាំ​២០២១ កន្លងមក ​បានធ្វើឱ្យ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មានការ​ថយចុះ​។ លោក បញ្ជាក់​បន្ថែមថា ​បើតាម​ការណែនាំ​របស់ អង្គការ​សុខភាព​ពិភពលោក​ ត្រូវ​តាមដាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ចំនួន ២១​ថ្ងៃ ម្យ៉ាងទៀត ការព្យា​បាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិតធ្ងន់​ ត្រូវ​តេស្ត​ម៉ាស៊ីន​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ (PCR) ​ដោយ​ទទួល លទ្ធផល​អវិជ្ជមាន​ពីរដង ​ទើប​ឱ្យ​ចេញពី​មន្ទីរពេទ្យ និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ​១៤​ថ្ងៃ​បន្តទៀត​។ ​ដោយឡែក អ្នកជំងឺ​កូ​វីដ​-១៩​ កម្រិត​ស្រាល ត្រូវ​ធ្វើ​តេស្ត​ម៉ាស៊ីន​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ (PCR) ទទួល​លទ្ធផល​អវិជ្ជមាន​មួយដង អាច​ឱ្យ​ចេញពី​មន្ទីរ ពេទ្យ​បាន ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ​រយៈពេល១៤​ថ្ងៃ​បន្តទៀត​ដូចគ្នា​ដែរ​៕អត្ថបទ ​៖ គង់ ប៊ុន​ថា

អំណោយ​ និង​សម្ភារៈ​មួយ​ចំនួន​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ត្រូវ​បាន​ប្រគល់ជូន​មន្ទីរពេទ្យ​ហ្លួង​ម៉ែ

2021/05/18 07:00:08 am        622
ភ្នំពេញ ៖ ​ឯកឧត្តម ប៉េង ពោធិ៍នា ​តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ​និងអធិការកិច្ច និង​ជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាន​នាំ​យកថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ប៉េង ពោធិ៍​នា ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ជូន​ដល់​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ និង​បងប្អូន​ទាំងអស់​នៅ​មន្ទីរពេទ្យ​នេះ ​ដោយ​ក្តី​នឹករលឹក ​និង​ការ​គិតគូរ​អំពី​សុខុមាលភាព​។ ដូច្នេះ​ដើម្បី​រួមចំណែក​នៅ​ក្នុង​ស្ថានការណ៍​ការ​លំបាក​ជាមួយ​រាជរដ្ឋាភិបាល ​និង​ការ​លំបាក​របស់​ក្រុម​គ្រួ​ពេទ្យ​ជួរមុខ​របស់​សម្តេច​តេ​ជោ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ក៏បាន​ចាត់​តំណាង​នាំយក ​នូវ​ស្បៀង អាហារ​ទំនុកបម្រុង​ និង​សម្ភារៈ​វេជ្ជសាស្ត្រ ​មួយ​ចំនួនទៀត​ជា​បន្តបន្ទាប់ ​ដែល​បម្រើ​ឱ្យ​សកម្មភាព​យុទ្ធនាការ បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​មន្ទី​រពេទ្យ​នាពេលនេះ ។លោក​ឧ​ត្ត​ម​សេនី​យ៍ទោ វេជ្ជបណ្ឌិត សោម សោ​ភណ្ឌ ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុមការងារ​ទាំងអស់ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការ​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​។ ​សកម្មភាព​ទាំងនេះ ​បាន​បង្ហាញ​អំពី​ការចូលរួម​របស់​សប្បុរសជន​ ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង​ការ​យកចិត្តទុកដាក់ រួម​ដៃគ្នា​ជាមួយ​វិស័យ​សុខាភិបាល​ ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព ​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩​ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​សស្រាក់សស្រាំ​។ឯកឧត្តម ប៉េង ពោធិ៍​នា ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រូពេទ្យ សូម​បន្ត​ការ​ខិតខំ​យកចិត្តទុកដាក់​ បន្ថែមទៀត ដើម្បី​ធ្វើយ៉ាង​ណា​រួមគ្នា ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​សូម​ជម្រាប​ផង​ដែរ​ថា ​អំណោយ​ដែល​នាំមក​នៅពេលនេះ​ រួមមាន ៖ ១.​ម៉ាស់​ពេទ្យ ៤៥.០០០​ម៉ាស់ ២.​អង្ករ ៥០០​គីឡូក្រាម ៣.​ទឹក​សុទ្ធ ២០​កេស ៤.​មី ២០​កេស​តូច ៥.​ទឹកស៊ីអ៊ីវ ​២៤០​ដប ៦.​ទឹកត្រី ២៤០​ដប ៧.​អាល់កុល ៥​កាន និង​ថវិកា​មួយ​ចំនួន​ផងដែរ​៕

អាជ្ញាធរខណ្ឌទួលគោក​ អនុញ្ញាត​បើក​ទីតាំង​ធ្វើចត្តាឡីស័ក ​ឲ្យ​ដំណើរការឡើងវិញចំនួន ៣ទីតាំង

2021/05/18 01:32:04 pm        135
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក ឯក ឃុនដឿន អភិបាល ​នៃគណៈអភិបាល ខណ្ឌទួលគោក​ បានណែនាំអោយ រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដឹកនាំ​ដោយលោក ជា ឃាង ចៅសង្កាត់ ​ចុះធ្វើកំណត់ហេតុ ​អនុញ្ញាត​បើកទីតាំងធ្វើចត្តាឡីស័ក ​អោយដំណើរការឡើងវិញចំនួន ៣ទីតាំង ​នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។យោង​តាមរបាយការណ៍ របស់រដ្ឋសង្កាត់ទឹកល្អក់ទី៣ ​ បានបញ្ជាក់ថា ​ទីតាំង១.ផ្ទះលេខ១៣៥B ផ្លូវលេខ១៩២ ភូមិ៩ ។ ទីតាំងទី២.ផ្ទះលេខ៣៥KB ផ្លូវលេខ២៦៥ ភូមិ១៣។ និង​ទីតាំងទី៣.ផ្ទះលេខ១M ផ្លូវលេខ២៦៥ ភូមិ១៣ ​បានអនុវត្តវិធាន​ របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ​របស់រដ្ឋាភិបាល ​បានត្រឹមត្រូវផងដែរ។ក្នុងឱកាសនោះ លោក ជា ឃាង ចៅសង្កាត់ទឹកល្អក់ទី៣​ បានណែនាំអោយម្ចាស់ផ្ទះអនុវត្ត តាម​វិធានការណ៍​របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តតាមការ ​ណែនាំរបស់ក្រសួងសុខាភិបាល ​ដាក់ខ្លួនដាច់​ដោយឡែក ចំពោះអ្នក​ដែល​បាន​ជា​សះស្បើយពីជំងឺ៕អត្ថបទ ៖ កុម្ភះ

កម្លាំងអាវុធហត្ថរាជធានី ដែលចូលរួមអនុវត្តវិធានការបិទខ្ទប់​ ១,៤៤៧នាក់ ​ទទួល​បាន​អំណោយ ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2021/05/18 11:19:02 am        400
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែឧសភា​ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានផ្តល់នូវអំណោយ​ ជូនដល់ កម្លាំង​អាវុធ​ហត្ថ​រាជធានីភ្នំពេញ ​ដែល​បាន​ចូលរួមអនុវត្តវិធានការបិទខ្ទប់ ក្នុងរយៈកាលកន្លងមក ចំនួន​១,៤៤៧នាក់​ ទុក​ជាការលើកទឹកចិត្ត ​និងបំ​ពេញបន្ថែម​តម្រូវ​ការប្រើប្រាស់​​ក្នុង​ក្រុម​គ្រួសាររៀងៗខ្លួន។ ក្នុងឱកាសបែងចែកអំណោយនេះផងដែរ ​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយ​​ទាហាន​ ដែលជាតំណាង ​តាមបណ្តាអង្គភាពចំណុះ ​កងរាជអាវុធហត្ថ ​រាជធានីភ្នំពេញ ឲ្យក្រើន​រំលឹក​​ដល់សមាជិករបស់ខ្លួនគ្រប់រូប ​បន្តរួមចំណែកអនុវត្ត ​បេសកកម្ម ប្រយុទ្ធប្រឆាំងការ​រីក​រាលដាល​ នៃជំងឺកូវីដ-១៩ តទៅមុខទៀត ដោយឥតរុញរា ​ក្នុងស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ​ ក៏ដូចជាការណែនាំនានា ​របស់ក្រសួងសុខាភិបាល ​និង អនុវត្តឲ្យបាន​ម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

គ្រូពេទ្យ​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​តាម​ការកំណត់​

2021/05/17 03:06:14 pm        27
ភ្នំពេញ ៖ ដើម្បី​ប្រសិទ្ធភាព នៃ​វ៉ាក់សាំង អាច​ប្រឆាំង​ការ​វាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​បាន គ្រូពេទ្យ​ចាក់​វ៉ាក់សាំង ​បានស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យជួយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ​ឱ្យមក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​គ្រប់ៗ​គ្នា តាម ការកំណត់​។លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សាវុធ ប្រធាន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រចាំការ នៅ​សាលាបឋមសិក្សា​ចាក់អង្រែលើ ​បាន​ប្រាប់​BTV នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែឧសភា​នេះ​ថា សម្រាប់​ដូ​ស​ទី​១ នៅ​តាំង​នេះ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៣​ ខែឧសភា​នេះ ​ដោយមាន​ពលរដ្ឋ​ជាង​២​ម៉ឺន នាក់ ​បានមក​ចាក់ គឺ​លើស​ផែនការ​ចំនួន​ជាង​៣​ពាន់​នាក់ ​ដែល​មាន​ទាំង​កម្មករ កម្មការិនី និង​ជនបរទេស ផងដែរ​។ សម្រាប់​ដូ​ស​ទី​២ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៦ ខែឧសភា​នេះ​តទៅ​។ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផល​ប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​។គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដូ​ស​ទី​១ បាន​ជាង​២​លាន​នាក់ និង​ដូ​ស​ទី​២ ​បាន​ចំនួន ជាង​១​លាន ១​សែន​នាក់​។បច្ចុប្បន្ន កម្ពុជា មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​ជាង​៥​លាន​ដូ​ស​ហើយ ដែល​បាន​នឹង កំពុង​ប្រើប្រាស់ ក្នុងនោះ ១​លាន ៧០​ម៉ឺន​ដូ​ស ប្រភេទ Sinopham ​ជា​ជំនួយ​របស់​ចិន ៣២​ម៉ឺន​៤​ពាន់​ដូ​ស ប្រភេទ COVI-Shield ជា​ជំនួយ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ក្រោម​កិច្ច​សម្របសម្រួល​ពី​អង្គការ​សុខភាព ពិភពលោក និង​វ៉ាក់សាំង​ប្រភេទ Sinovac ​ចំនួន​៣​លាន​ដូ​ស ជា​ការ​បញ្ជាទិញ​របស់​រដ្ឋាភិបាល​កម្ពុជា ពី ប្រទេស​ចិន​៕​អត្ថបទ​៖ ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ​និងវៀតណាម ចំនួន២២ខេត្ត

2021/05/17 02:24:54 pm        355
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ឧបត្ថម្ភថវិកា​បន្ថែមចំនួន ២៤៩០លានរៀល (២,៤៩០,០០០,០០០រៀល) ​ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និង​វៀតណាម ចំនួន២២ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ​ចាប់ពីថ្ងៃទី១៦ ​រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​ និង​ជាប្រធាន​ក្រុមការងារប្រតិបត្តិការបច្ចេកទេស និង​ផ្គត់ផ្គង់​នៃគណៈកម្មការ​អន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា ​ ដោយ​ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និង​ទទួល​បាន​ការឧ​បត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២២​ ដូចខាងក្រោម១.ខេត្តបាត់ដំបង ទទួលបានថវិកា២៨០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា២៧០លានរៀល៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល៤.ខេត្តប៉ៃលិន ទទួលបានថវិកា ៥០លានរៀល៥.ខេត្តកោះកុង ទទួលបានថវិកា ១០លានរៀល៦.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ៣៥០លានរៀល៧.ខេត្តព្រះវិហារ ទទួលបានថវិកា ៣០លានរៀល៨.ខេត្តកណ្តាល ទទួលបានថវិកា ១៨០លានរៀល៩.ខេត្តស្វាយរៀង ទទួលបានថវិកា ៥០លានរៀល១០.ខេត្តព្រៃវែង ទទួលបានថវិកា ១៥០លានរៀល១១.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៦០លានរៀល១២.ខេត្តក្រចេះ ទទួលបានថវិកា ១០លានរៀល១៣.ខេត្តរតនគិរី ទទួលបានថវិកា ៣០លានរៀល១៤.ខេត្តតាកែវ ទទួលបានថវិកា ៨០លានរៀល១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ១៥០លានរៀល១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៣០លានរៀល១៧.ខេត្តកែប ទទួលបានថវិកា ១០លានរៀល១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ២៧០លានរៀល១៩.ខេត្តកំពង់ធំ ទទួលបានថវិកា ១០០លានរៀល២០.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល២១.ខេត្តព្រះសីហនុ ទទួលបានថវិកា ១០០លានរៀល២២.ខេត្តសៀមរាប ទទួលបានថវិកា ១២០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២២ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប ៦៦៨៨៨នាក់៕អត្ថបទ ៖ អត្ថបទ រដ្ឋា

តំបន់​ក្រហម​នៅ​ភ្នំពេញ​ នឹង​រួម​តូច​បន្ថែមទៀត ​មក​ត្រឹម​បិទ​ខ្នង​ផ្ទះ ឬ​អគារ​

2021/05/17 06:49:49 am        497
ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ នឹង​បង្រួម​តំបន់​ក្រហម​ឱ្យ​កាន់តែ​នៅ​តូច​បន្ថែមទៀត​ រហូត​តាម​ខ្នង​ផ្ទះ តាម​អគារ ​ឬ​នៅតាម​ខុន​ដូរ នៅ​ថ្ងៃ​១៩​ ខែឧសភា​នេះ ដើម្បី​ផ្តាច់​ ឬសគល់​នៃ​ជំងឺ​កូ​វីដ​-១៩​។អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្រួម​តំបន់​ក្រហម​ ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ មក​នៅ​ទំហំ​តូច​ជាង​មុន​ រហូតដល់​តាម​ខ្នង​ផ្ទះ​ អគារ ​ឬ​នៅ​តាម​ខុន​ដូរ ​ហើយ​ការងារ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​១៩​ ខែឧសភា ខាងមុខនេះ ​ដើម្បី​ផ្តាច់​ឬ​សគល់​កូ​វីដ​-១៩ ។ ទោះបីជា​យ៉ាង​ណាក្តី​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ ពិសេស​ការអនុវត្ត​៣​កុំ និង​៣​ការពារ ត្រូវតែ​បន្ត​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ តាមរយៈ video conference ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នា​ព្រឹក​ថ្ងៃទី​១៧​ ខែឧសភា ឆ្នាំ​២០២១ ​ដើម្បី​ពិនិត្យ ពិភាក្សា ​និង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការ​បង្រួម​តំបន់​ក្រហម​ឱ្យនៅ​តូច​រហូត​នៅត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅតាម​ខុន​ដូរ ក្រោយ​ការអនុវត្ត​សេចក្ដីសម្រេច​នៅ​ថ្ងៃ​១៩ ខែឧសភា​ខាងមុខនេះ​។ឯកឧត្ដម ឃួ​ង ស្រេង មានប្រសាសន៍ថា ​ទីតាំង​តំបន់​ក្រហម ម្ចាស់​មូលដ្ឋាន​ត្រូវតែ​ទទួលខុសត្រូវ អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ជៀសវាង​ការ​នាំ​ជំងឺ​កូ​វីដ​-១៩​ពី​តំបន់​ក្រហម​នេះ ​ទៅ​ទីតាំង​គេ​ផ្សេងទៀត សុខចិត្ត​ឈឺចាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង ​កុំឱ្យ​បន្ត​ការឈឺចាប់​ទៅ​មូលដ្ឋាន​គេ​ផ្សេង​។ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ចំពោះ​ទីតាំង​ដែល​បិទ​ខ្ទប់ អាជ្ញាធរ​ខណ្ឌ​ត្រូវ​មើល​ការខុសត្រូវ​ឱ្យ​បាន​ម៉ត់ចត់​បំផុត ទាំង​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ និង​ស្បៀងអាហារ ព្រោះថា​ស្បៀង​មាន​គ្រប់គ្រាន់ មិន​ខ្វះ​ចែក​ជូន​ប្រជាពលរដ្ឋ​នោះទេ​។ ​ចំពោះ​ការងារ​ដែល​ត្រូវអនុវត្ត​នៅ​ថ្ងៃទី​១៩ ខែឧសភា​ ខាងមុខ គឺ​ការ​បង្រួម​តំបន់​ក្រហម​មក​នៅ​តូច​ជាង​មុន មក​នៅ​ត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅ​តាម​ខុន​ដូ ដូច្នេះ​សូម​តាម​មូលដ្ឋាន​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ​ពិសេស​គឺ​ការអនុវត្ត​ ៣​កុំ និង​៣​ការពារ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​​

សម្តេច សាយ ឈុំ​ ផ្ដល់​អំណោយ​ដល់​សមាគម​ចលនា​វប្បធម៌​​ជាតិ​ដើម្បី​កុមារ​កំព្រា​កុមារក្រីក្រ​ក្នុង​វិបត្តិកូវីដ

2021/05/17 12:32:06 pm        113
ភ្នំពេញ ៖ អំណោយជាថវិកា និង​ស្បៀងអាហារ​មួយចំនួន​របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសភា​ និងលោកជំទាវ ​បាន​ប្រគល់ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បី​កុមារ​កំព្រា​ កុមារក្រីក្រ ​ដើម្បី​ជួយ​សម្រួល​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេល​នៃ​វិបត្តិការ​រាតត្បាត​​ជំងឺកូវីដ១៩ ។ពិធី​ប្រគល់​ និង​ទទួល​ នាព្រឹកថ្ងៃទី១៧ខែឧសភានេះ នៅវិមានព្រឹទ្ធសភា​ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន​នាំ​មក​នូវ​ប្រសាសន៍​ផ្ញើផ្សាំ​ការ​សួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​និងសមាជិក ​សមាជិកាព្រឹទ្ធសភា ​ផ្ញើជូនបងប្អូន និងក្មួយរស់នៅក្នុង​សមាគម​ចលនាវប្បធម៌ជាតិ ​ដើម្បីកុមារកំព្រា ​កុមារក្រីក្រ ប្រកបដោយក្តីនឹករលឹក។ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​មិនគួរធ្វេសប្រហែសឡើយ ​ពីព្រោះថា​ជំងឺកូវីដ-១៩ នៅតែបង្ក​ហានិភ័យខ្ពស់​ដដែល​នៅ​កម្ពុជា​ក៏ដូចជាពិភពលោកទំាងមូល បើទោះបី​ជាពេលនេះ រាជរដ្ឋាភិបាល​បាន​បញ្ចប់​វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ​ខេត្តកណ្តាល យ៉ាងណាក្តី។ ដូច្នេះ ត្រូវប្រកាន់​ខ្ជាប់​នូវវិធាន ៣ការពារ ៣កុំ និង២ចូលរួម ​ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ”។ អំណោយដែលផ្តល់ជូននាឱកាសនោះរួមមាន ៖ មី២០កេស ត្រីខកំប៉ុង​ ០២កេសធំ ទឹកត្រី១០យូរ ​ទឹកស៊ីអ៊ីវ១០យូរ អង្ករ៥០០គីឡូក្រាម និងថវិកា​មួយលានរៀល៕

រយះពេល២៥ថ្ងៃ អាជ្ញាធរសង្កាត់វាលវង់ ចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនពលរដ្ឋចំនួន២០៧៤គ្រួសារ

2021/05/16 06:46:49 am        37
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ជាប់ប្រចាំជានិច្ច ជាពិសេសបន្ថែមទៀតនោះ គឺបងប្អូនពលរដ្ឋដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់ និងរីករាលដាលខ្លាំងនៅជំងឺកូវីដ១៩ ត្រូវការជំនួយ និងស្បៀងអាហារ។ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៦ ខែ ឧសភានេះ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលសង្កាត់វាលវង់ ប្រគល់ជូនបងប្អូន​ប្រជាពលរដ្ឋ​ចំនួន១០០គ្រួសារបន្ថែមទៀត ដែលរងការខ្វះខាត ក្នុងមួយគ្រួសារទទួលបាន អង្ករ១បាវ ២៥គីឡូ ត្រីខ ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរ។សូមបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធរមូលដ្ឋានសង្កាត់វាលវង់បានចែក ស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតជីវភាពក្នុង កំឡុងកូវិត១៩ ចំនួន ២០៧៤គ្រួសារហើយ នៅភូមិ៩+១០+១១ ក្នុងសង្កាត់វាលវង់។ ដោយឡែកចំពោះ ប្រជាពលរដ្ឋនៅ ភូមិ១២(តំបន់បូរីកីឡា) ចាប់ចែក​ពីអគារ A B C D E F G H គឺបានចែកជូនរួចទាំង៨អគារ ប្រជាពលរដ្ឋដែលទទួល បានទាំង៨ អគារមានចំនួនសរុប ១១៧៦គ្រួសារ។ក្នុងឱកាសនេះដែរ អាជ្ញាធរមូលដ្ឋានសង្កាត់វាលវង់ ​បានណែនាំ​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ នឹងចេះអនាម័យផ្ទាល់ខ្លួន ឱ្យលាងដៃ និងទឹកសាប៊ូ ឬទឹកអាកុលឲ្យបានជាប្រចាំ ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លង​រីករាល​ដាលនូវជំងឺ covid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជោគជ័យ នាពេលដ៏ខ្លីខាងមុខនេះ៕អត្ថបទ ៖ កុម្ភះ

អាជ្ញាធរដាំស្តារព្រៃឡើងវិញ ក្រោយមានការទន្រ្ទានក្នុងតំបន់ការពារនៅស្រុកថ្មបាំង

2021/05/15 01:31:31 pm        324
កោះកុង ៖ អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកោះកុង បាននាំគ្នាដាំស្តារកូនឈើឡើងវិញ លើផ្ទៃដីជិត២ហិកតា បន្ទាប់ពីមានការទន្រ្ទានបំពានយកដីក្នុងតំបន់ការពារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងស្រុកថ្មបាំង។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍កាលពីថ្ងៃទី១៤ ឧសភាថា ការដាំស្តារកូនព្រៃឈើ២១០ដើមនេះ នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ជាសារមួយផ្ញើដល់ពលរដ្ឋ និងសាធារណជនបញ្ឈប់ការរុករាលយកដីព្រៃការពារធម្មជាតិបន្តទៅទៀត ព្រោះថាព្រៃឈើផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សលោក ហើយក៏ត្រូវឱ្យមនុស្សការពារព្រៃឈើវិញដែរ។លោកជំទាវអភិបាលខេត្ត បញ្ជាក់ទៀតថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានវាស់វែងធ្វើទិន្នន័យ ជាក់លាក់រួចរាល់អំពីតំបន់អភិរក្សការពារដែលពលរដ្ឋរស់នៅអាស្រ័យជាក់ស្តែង ដើម្បីកាត់​ឆ្វៀលជូនពលរដ្ឋ ដូច្នេះសុំចិត្តបងប្អូនពលរដ្ឋមួយចំនួនតូចកុំបន្តកាប់ទន្រ្ទានព្រៃឈើខុសច្បាប់។លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លើកឡើងថា កូនឈើដែលបានដាំស្តារឡើងវិញមានជាប្រភេទកូនឈើក្រញូង ផ្ទឹតឧត្តម កកោះ ដួងថែម និងស្តៅព្រៃ។ កូនឈើទាំងនោះដាំនៅលើផ្ទៃដីជីត២ហិកតា ក្នុងចំណោមទំហំផ្ទៃដីរងផលប៉ះពាល់ជាង២០ហិចតាស្ថិតនៅតំបន់ការពារអភិរក្ស។ក្រោយដាំស្តារព្រៃនៅចំណុចខាងលើ ត្រូវបានលោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ថ្លែងឱ្យដឹងដែរថា រូបលោក នឹងសហការជាមួយក្រុមមន្រ្តីបរិស្ថាន អង្គការវ៉ាយអេត តាមដានឃ្លាំមើលបន្តការពារកូនឈើដែលបានដាំរួចរាល់ ខ្លាចក្រែងមានពលរដ្ឋខិលខូចលួចដកចេញ។ បើតាមលោកអភិបាលស្រុកថ្មបាំង កន្លងទៅ អាជ្ញាធរស្រុក ព្រមទាំងមន្រ្តីបរិស្ថាន ធ្លាប់ឃាត់ខ្លួនមនុស្សភ្លាមៗ ដោយបញ្ជូន​ទៅតុលាការ ក្រោយពេលធ្វើសកម្មភាពទន្រ្ទានកាប់ព្រៃយកដី​ការពារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គ្រាបុគ្គលសង្ស័យមានដីធ្លីអាស្រ័យគ្រប់គ្រាន់ហើយ៕អត្តបទ ៖ ឈឹម មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM