គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ផ្កាយរណបចិន-បារាំង ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថី

2024/06/22 05:39:58 pm        200
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ផ្កាយរណបមួយអភិវឌ្ឍដោយប្រទេសចិន និងបារាំង ដែលជាថាមពលខ្លាំងបំផុត សម្រាប់ការសិក្សាការផ្ទុះនៅផ្នែកឆ្ងាយបំផុតនៃពពួកផ្កាយ ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងតារាវិថីហើយ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ។ទូរទស្សន៍ CCTV បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ផ្កាយរណបដើម្បីសិក្សាបាតុភូត ក្នុងនោះរួមទាំងការផ្ទុះកាំរស្មីហ្គាម៉ា ត្រូវបានដាក់បញ្ចូលទៅក្នុងគន្លងតារាវិថីដោយយានចម្លងរបស់ចិន ដែលត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ដោយដកស្រង់សម្ដីរបស់រដ្ឋបាលអវកាសជាតិចិន ប្រព័ន្ធផ្សព្វផ្សាយនោះ បានរាយការណ៍ថា ការបាញ់បង្ហោះផ្កាយរណប Space Variable Objects Monitor នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងរបកគំហើញតារាសាស្ត្រ។គួរបញ្ជាក់ថា សារព័ត៌មាន China Daily បានចុះផ្សាយកាលពីខែមេសាថា នេះគឺជាផ្កាយរណបតារាសាស្ត្រដំបូងគេដែលត្រូវបានបង្កើតឡើងដោយប្រទេសចិន និងបារាំង ទោះបីជាប្រទេសទាំង២ បានបង្កើតផ្កាយរណបមហាសមុទ្រចិន-បារាំង ដែលបានបាញ់បង្ហោះក្នុងឆ្នាំ២០១៨ ក៏ដោយ៕

រដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុនមីនីបៀរ បន្តពង្រឹងកិច្ចសហការដើម្បីជំរុញផែនការ សាងសង់រោងចក្រដ៏ធំទី២ ក្នុងស្រុកក្រគរ

2024/06/22 05:13:22 pm        357
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនមីនីបៀ (Minebea) របស់ប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហការណ៍គ្នាទោវិញទៅមកដើម្បីជំរុញផែនការសាងសង់រោងចក្រដ៏ធំទី២របស់ក្រុមហ៊ុន នៅស្រុកក្រគរ ក្នុងខែកញ្ញា ខាងមុខនេះ ឱ្យមានដំណើរការល្អប្រសើរ ។ ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា ក៏ដូចជាប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមស្វាគមន៍​យ៉ាងកក់ក្តៅ ចំពោះវត្តមានគម្រោងសាងសង់រោងចក្រដ៏ធំរបស់ក្រុមហ៊ុនមីនីបៀរ របស់ប្រទេសជប៉ុន ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ហើយក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម ប្តេជ្ញា​ធ្វើការសម្របសម្រួល ​និងកិច្ចសហការគ្រប់យ៉ាងជាមួយក្រុមហ៊ុន​ ដើម្បីជម្រុញឱ្យដំណើរ​ការសាងសង់រោងចក្រដ៏ធំនេះដំណើរការដោយរលូន ។ក្នុងកិច្ចពិភាក្សានោះ លោក កាត់ស៊ូហ៊ីកូ យ៉ូស៊ីដា (Katsuhiko Yoshida )តំណាងក្រុមហ៊ុនមីនីបៀ Minebea បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់​ក្រុមហ៊ុន ធ្វើឱ្យអាជីវកម្មមានភាពរីកចម្រើនមកដល់សព្វថ្ងៃ ​និងសូមអរគុណដល់រដ្ឋបាល​ខេត្តពោធិ៍សាត់​ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ​ និងការគាំទ្រយ៉ាងពេញលេញ សម្រាប់​ការវិនិយោគ រោងចក្រទី២ ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុនមីនីបៀមីត្យូមី (Minebea Mitsumi) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បាន​វិនិយោគនៅកម្ពុជារយៈពេលប្រមាណ១០ឆ្នាំ ​ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ​ដោយផលិតជាម៉ូទ័រ អំពូល LED និងសម្ភារៈក្មេងលេង ជាដើមសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស ហើយក្រុមហ៊ុន​បានសម្រេចចិត្តបង្កើតរោងចក្រទី២ របស់ខ្លួនក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងពង្រីកខ្សែច្រវាក់​ផលិតកម្មរបស់ខ្លួន ថែមមួយកម្រិតទៀតដោយរោងចក្រទី២នេះ​ មានទំហំវិនិយោគសរុបជាង ៦៥០លានដុល្លារ ​នៅលើផ្ទៃដី៥០ហិកតា ស្ថិតស្រុកក្រគរ ​ខេត្តពោធិ៍សាត់ អាចបង្កើតការងារ​ជូនប្រជាពលរដ្ឋជាង​ ៨០០០កន្លែង ព្រោះតែបច្ចុប្បន្ន ខេត្តពោធិ៍សាត់​ មានហេដ្ឋារចនាសម្ព័ន្ធ និង​ប្រភពថាមពលគ្រប់គ្រាន់ ដែលអាចបង្កភាពងាយស្រួលក្នុងការដំណើរការខ្សែច្រវាក់ផលិតកម្ម ៕

ប្រមុខ UN៖ រុស្ស៊ីត្រូវតែអនុវត្តតាមការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

2024/06/22 04:17:52 pm        194
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែគោរពតាមការដាក់ទណ្ឌកម្មរបស់ UN លើកូរ៉េខាងជើង បន្ទាប់ពីប្រទេសទាំង២ ក្នុងសប្តាហ៍នេះ បានធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបានយល់ព្រមផ្តល់ជំនួយយោធាភ្លាមៗ ប្រសិនបើប្រទេសទាំង២ ប្រឈមនឹងការឈ្លានពានដោយប្រដាប់អាវុធ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៩ ខែមិថុនា កើតមានឡើងបន្ទាប់ពីមានការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ទីក្រុងព្យុងយ៉ាងបានផ្ទេរអាវុធទៅឲ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ដែលប្រទេសនេះបានលុកលុយកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នោះ។បណ្ដាអ្នកការទូតបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ UN នឹងជួបប្រជុំគ្នានៅថ្ងៃទី២៨ ខែមិថុនា ស្តីអំពីកូរ៉េខាងជើង តាមសំណើរបស់សហរដ្ឋអាមេរិក បារាំង អង់គ្លេស កូរ៉េខាងត្បូង និងជប៉ុន ដែលចង់ពិភាក្សាអំពីការផ្ទេរអាវុធរបស់ទីក្រុងព្យុងយ៉ាង ព្រោះបានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា។ដោយត្រូវបានគេស្គាល់ជាផ្លូវការថា ជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ UN ចាប់តាំងពីឆ្នាំ២០០៦ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន ហើយវិធានការទាំងនោះត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមានការជួយជ្រោមជ្រែងពីរុស្ស៊ី។កាលពីថ្ងៃទី២១ ខែមិថុនា លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា៖ «មានទណ្ឌកម្មដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខទាក់ទងនឹងកូរ៉េខាងជើង។ ដូច្នវ រាល់ទំនាក់ទំនងដែលប្រទេសណាមួយមានជាមួយកូរ៉េខាងជើង ក្នុងនោះរួមទាំងសហព័ន្ធរុស្ស៊ីផងដែរ ត្រូវតែគោរពទាំងស្រុងនូវទណ្ឌកម្មទាំងនោះ»។ បេសកកម្មរបស់រុស្ស៊ីប្រចាំ UN បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក Guterres នេះទេ៕

តៃវ៉ាន់ប្រទះឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង នៅជុំវិញកោះ

2024/06/22 03:31:25 pm        214
អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង នៅជុំវិញកោះនេះ នៅរយៈ ២៤ម៉ោង ពោលគឺ ១ថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថា ក្រុមគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ អាចប្រឈមនឹងទោសប្រហារជីវិត។ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងតាមបែបប្រជាធិបតេយ្យ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងនោះឡើយ។ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោកមួយនេះ បានបង្កើនសម្ពាធលើទីក្រុងតៃប៉ិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានធ្វើសមយុទ្ធ នៅជុំវិញកោះនេះ បន្ទាប់ពីពិធីឡើងកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te។នៅថ្ងៃទី២២ ខែមិថុនានេះ អាជ្ញាធរការពារជាតិរបស់ទីក្រុងតៃប៉ិ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿង ដែលកំពុងប្រតិបត្តិការ នៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង ដោយមានវត្តមានរហូតដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក)។ដោយនិយាយសំដៅទៅលើខ្សែបន្ទាត់ដែលខណ្ឌចែកផ្លូវទឹកប្រវែង ១៨០គីឡូម៉ែត្រដែលកាត់ផ្ដាច់កោះតៃវ៉ាន់ពីប្រទេសចិន អាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យន្តហោះចំនួន ៣២គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់»។ ក្រសួងបានបន្ថែមថា ខ្លួនបាន «តាមដានស្ថានការណ៍នេះ ហើយឆ្លើយតបទៅតាមនោះ»៕

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់៖ ការដំឡើងពន្ធរបស់ EU លើប្រទេសចិន មិនមែនជា «ទណ្ឌកម្ម» ទេ

2024/06/22 02:30:23 pm        188
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បានប្រាប់មន្ត្រីចិនក្នុងទីក្រុងប៉េកាំងថា ការដំឡើងពន្ធរបស់សហភាពអឺរ៉ុប (EU) លើទំនិញរបស់ប្រទេសចិន មិនមែនជាការដាក់ទណ្ឌកម្មនោះឡើយ។គួរញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Habeck ទៅកាន់ប្រទេសចិននេះ គឺជាលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់អឺរ៉ុប ចាប់តាំងពីទីក្រុងប្រ៊ុចសែល បានស្នើឡើងនូវកាតព្វកិច្ចបង់ពន្ធខ្ពស់លើការនាំចូលរថយន្តអគ្គិសនី (EV) ដែលផលិតដោយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែល EU ចាត់ទុកការឧបត្ថម្ភធនហួសកម្រិត។ហើយនៅមុនការធ្វើដំណើរទៅដល់របស់លោក ប្រទេសចិន កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បានព្រមានថា ការកើនឡើងនូវជម្លោះជាមួយ EU ជុំវិញរថយន្ត EV អាចបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម។នៅក្នុងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចសន្ទនាស្តីពីអាកាសធាតុ និងការផ្លាស់ប្តូរ លោក Habeck បាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការយល់ថា ទាំងនេះមិនមែនជាពន្ធដាក់ទណ្ឌកម្មនោះឡើយ»។ រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះបានកត់សម្គាល់ថា ប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិក ប្រេស៊ីល និងទួរគី បានប្រើប្រាស់ការដំឡើងពន្ធដាក់ទណ្ឌកម្ម ប៉ុន្តែមិនមែន EU នោះទេ។ លោកបានសង្កត់ធ្ងន់ថា៖ «អឺរ៉ុបធ្វើខុសគ្នាពីនោះ»។លោកបានបន្តថា វិធានការប្រឆាំងនឹងកាតព្វកិច្ចណាមួយ ដែលកើតចេញពីការពិនិត្យយ៉ាងល្អិតល្អន់របស់ EU «មិនមែនជាការដាក់ទណ្ឌកម្មនោះទេ» ដោយលោកបានបន្ថែមថា វិធានការបែបនេះ គឺមានគោលបំណងប៉ះប៉ូវអត្ថប្រយោជន៍ដែលទីក្រុងប៉េកាំងបានផ្ដល់ដល់បណ្ដាក្រុមហ៊ុនទាំងនោះ៕

នាវាផ្ទុកយន្តហោះអាមេរិក ទៅដល់កូរ៉េខាងត្បូង ដើម្បីត្រៀមសម្រាប់សមយុទ្ធយោធា

2024/06/22 02:28:00 pm        144
កងទ័ពជើងទឹកកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក Theodore Roosevelt បានទៅដល់ទីក្រុងកំពង់ផែ Busan របស់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ ដើម្បីត្រៀមសម្រាប់សមយុទ្ធយោធារួមគ្នា ក្នុងខែមិថុនានេះ ជាមួយប្រទេសម្ចាស់ផ្ទះ និងប្រទេសជប៉ុន។គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំកំពូល នៅឯកន្លែងសម្រាកកាយ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីខែសីហា ឆ្នាំ២០២៣ មេដឹកនាំនៃប្រទេសទាំង៣ បានព្រមព្រៀងគ្នាធ្វើសមយុទ្ធហ្វឹកហ្វឺនយោធាប្រចាំឆ្នាំ ហើយបានថ្កោលទោសចំពោះ «សកម្មភាពគ្រោះថ្នាក់ និងបង្កហេតុ» របស់ចិន នៅផ្លូវទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ការទៅដល់របស់នាវានេះកើតមានឡើងក្នុងពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទើបបានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង កាលថ្ងៃទី១៩ ខែមិថុនា ដែលជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ ដោយនៅទីនោះលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន ដែលរួមមានការសន្យាការពារគ្នាទៅវិញទៅមក។ នេះគឺជាការផ្លាស់ប្ដូរដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ជាមួយគ្នានេះ ការទៅដល់នេះកើតមានឡើងរយៈពេល ៧ខែបន្ទាប់ពីដំណើរទៅដល់កូរ៉េខាងត្បូងរបស់នាវាផ្ទុកយន្តហោះអាមេរិកមួយផ្សេងទៀត គឺ Carl Vinson ដោយនេះគឺការបង្ហាញពីការពង្រីកការរារាំងប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕

រុស្ស៊ីប្រាប់អាមេរិកថា យើងចាំបាច់ត្រូវពិភាក្សា ប៉ុន្តែអ៊ុយក្រែន ត្រូវតែស្ថិតក្នុងរបៀបវារៈ

2024/06/22 11:53:49 am        209
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី មើលឃើញពីសម្ពាធតម្រូវការចាំបាច់សម្រាប់កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិក ប៉ុន្តែវាត្រូវតែទូលំទូលាយ និងរួមបញ្ចូលប្រធានបទអ៊ុយក្រែនផងដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា យើងបើកចំហសម្រាប់ការសន្ទនា ប៉ុន្តែចំពោះកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយដ៏ទូលំទូលាយ គ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងបញ្ហាបច្ចុប្បន្នទាក់ទងទៅនឹងជម្លោះនៅអ៊ុយក្រែនដែលចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះនេះ។ សហរដ្ឋអាមេរិក បានច្រានចោលការអះអាងរបស់រុស្ស៊ីដែលថា ដោយបានផ្តល់អាវុធទៅឲ្យអ៊ុយក្រែន ខ្លួនបានក្លាយជាតួអង្គផ្ទាល់នៅក្នុងសង្រ្គាមនេះ។ សហរដ្ឋអាមេរិក និយាយថា ការចរចាណាមួយ ជុំវិញសង្គ្រាម គឺជាបញ្ហាសម្រាប់អ៊ុយក្រែន។ជំហររបស់រុស្ស៊ី ដូចដែលបានលើកឡើងដោយ លោក Peskov ពុំមែនជារឿងថ្មីទេ។ ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានថា បញ្ជីប្រធានបទដែលរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវការពិភាក្សាកំពុងកើនឡើង ហើយសរុបមក ការសន្ទនានេះគឺត្រូវការយ៉ាងខ្លាំង។ វាត្រូវការ ព្រោះតែបញ្ហាកំពុងកើនឡើង ហើយមានបញ្ហាជាច្រើនជាប់ទាក់ទងទៅនឹងស្ថាបត្យកម្មសន្តិសុខពិភពលោក។តាមទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោន គឺលោកពូទីន ដែលក្នុងឆ្នាំទី៣នៃសង្រ្គាមនៅអ៊ុយក្រែន កំពុងបន្ថែមចូលទៅក្នុងបញ្ជីនៃការព្រួយបារម្ភផ្នែកសន្តិសុខ។ ក្នុងសប្តាហ៍នេះ លោក ពូទីន បានទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមកជាមួយមេដឹកនាំ លោក Kim Jong Un និងបាននិយាយថា លោកអាចនឹងផ្គត់ផ្គង់អាវុធរបស់រុស្ស៊ីដល់ប្រទេសកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការផ្តល់អាវុធរបស់លោកខាងលិច ទៅឲ្យអ៊ុយក្រែន។លោក ពូទីន បានបញ្ជាក់ជាថ្មីថា លោកកំពុងពិចារណាការពិនិត្យឡើងវិញនូវគោលលទ្ធិរបស់រុស្ស៊ី ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាគ្រប់គ្រងអាវុធដែលនៅសេសសល់ចុងក្រោយ កំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលរុស្ស៊ី និងអាមេរិក អាចដាក់ពង្រាយ នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៦។

អភិបាលខេត្តប៉ៃលិនជំរុញអាជ្ញធរដាំដើមក្ងោកតាមដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពក្រុង

2024/06/22 11:37:16 am        233
ប៉ៃលិន៖ នៅក្នុងឱកាសចុះពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវបណ្ទិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្ត្រីក្រោម ឱវាទទាំងអស់ ត្រូវបង្កើនការដាំដើមក្ងោក ដើម្បីលើកកម្ពស់សោភ័ណភាពដងផ្លូវ ដែលជាចំណែករួមផ្សំ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។លោកជំទាវ បានបញ្ជាក់ដែរថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ និង ដើម្បីលើកកម្ពស់សោភ័ណភាពរមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវ បាន​ណែនាំឱ្យយុវ ជន ស.ស.យ.ក ខេត្ត សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម័ន្ធថ្មី ​សម្រាប់ទទួលភ្ញៀវទេសចរ ចូលកម្សាន្តនៅលើទឹកដីខេត្តត្បូង ពេជ្រដ៏តូចច្រឡឹងមួយនេះ។លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលចូលកម្សាន្តតាមរម ណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់​សំរាម និងទុកដាក់ឱ្យបានត្រឹមត្រូវ ​ចៀសវាងបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សោភ័ណភាព និងអនាម័យសាធារណៈ។ ចំណែក អាជីវករលក់ដូរម្ហូបអាហារនៅ​តាមរមណីយដ្ឋាននានា ត្រូវ មានអនាម័យ ​និងតម្លៃសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើនផងដែរ៕

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅខេត្តបន្ទាយមានជ័យ នឹងផ្តល់ផលដល់ពលរដ្ឋប្រមាណ ៤២ ២១៣គ្រួសារ នៅ​ថ្ងៃអនាគត

2024/06/22 11:31:37 am        144
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៤នេះ បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់ សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារអាងទឹកចំនួន ៣ កន្លែង ( អាងពង្រ អាងវាំងហែង និង អាងកន្សែង) ព្រមទាំងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន ។ គម្រោងនេះ មានលទ្ធភាពស្រោចស្រព ផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០ ០០០ហិកតា និងរដូវប្រាំង ៣៥០០ ហិកតាហើយប្រជាកសិករ ដែលអាចទទួលផលមានចំនួន ៤២ ២១៣ គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ។គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះ​មហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការ​ផ្គត់ផ្គង់​ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែល​នឹងក្លាយ​ជាផ្នែកមួយដ៏សំខាន់ជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

កម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជាជាច្រើននាក់ មិនទាន់ទទួលបានរបបសន្តិសុខសង្គម

2024/06/22 11:08:41 am        188
អង្គការអុកស្វាម កាលពីរសៀលថ្ងៃទី២១ មិថុនា ឆ្នាំ២០២៤ បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី កិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» ដែលប្រព្រឹត្តិទៅ ក្រោមវត្តមានរបស់ ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម បានមានប្រសាសន៍ថា បន្ទាប់ពីបើកការ​ស្រាវជ្រាវកន្លងមក បានឲ្យឃើញពីចំណុចមួយចំនួនដែលខ្វះខាត ទើបអង្គការត្រូវបន្តសហការ​ជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបញ្ជាទិញ អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្តទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍របប​សន្តិសុខ​សង្គម​ដូចគ្នាទៅនឹងកម្មករនិយោជិតធ្វើការនៅតាមរោងចក្រសហគ្រាស​ដែលបាន​ចុះបញ្ជីរការដែរ។ ខណៈរោងចក្រកាត់ដេរបន្ត ដើរតួនាទីមួយផ្នែកក្នុងឧស្សាហកម្ម​កាត់ដេរ​នៅកម្ពុជា ដែលផ្តល់ឱកាសការងារដល់កម្មករនិយោជិត (ស្រ្តី) ជាច្រើននាក់នៅទូទាំងប្រទេស។ លោកស្រី បន្តថា រោងចក្រទាំងនេះ ភាគច្រើនជាខ្នាតតូច ដែលមានជំនាញជាក់លាក់ទៅ​លើផ្នែកនានា​នៃចង្វាក់ផលិតកម្មកាត់ដេរ ចាប់ពីការដេររហូតដល់ការតុបតែងដើម្បីបំពេញ​តម្រូវការផ្សេងៗ របស់អតិថិជនជាសកល។នៅក្នុងវេទិកា ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន​ប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាល នឹងពិនិត្យមើលលើរបាយការណ៍គោលនយោបាយ និងផ្សព្វផ្សាយ​របាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោម​កម្មការិនី​រោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» ដើម្បីជាធាតុចូលសម្រាប់ការសម្រេចចិត្តលើ​គោលនយោបាយពាក់ព័ន្ធ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ មានកម្មករនិយោជិតចំនួនប្រមាណ ៩៥ម៉ឺននាក់ នៅតាមរោង​ចក្រទូទាំងប្រទេស។ ក្នុងអំឡុង ៥ខែ ឆ្នាំ២០២៤នេះ ការនាំចេញពីវិស័យកាត់ដេរ​ស្បែកជើង និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ប្រមាណ ៥,៥ពាន់លានដុល្លារ ដែលកើនឡើងក្នុងអត្រា ២៤% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣កន្លងទៅ។សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់វេទិកាកិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍​ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រ​ម៉ៅការ​ដេរបន្តនៅកម្ពុជា» អង្គការ អុកស្វាម នឹងផលិតរបាយការណ៍ រួចដាក់ជូនរាជរដ្ឋាភិបាល​កម្ពុជាតាមរយៈក្រសួងជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិចារណាស្វែងរកកិច្ចអន្តរាគមន៍ផ្នែកគោល​នយោបាយ និងការកែលម្អលទ្ធភាពនានា ​ដើម្បីធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខ​សង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅក្នុងរោងចក្រម៉ៅការដេរ​បន្តនៅកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរអាមេរិក បញ្ជាឱ្យប្រជាជនជម្លៀសខ្លួន ខណៈចំហេះព្រៃរាលដាលនៅភាគខាងត្បូងរដ្ឋ California
04/04/2026 02:04 PM
កូរ៉េខាងត្បូង ប្រកាសស្ថានភាពសេដ្ឋកិច្ច «សម័យសង្គ្រាម» និងជំរុញកញ្ចប់ថវិកាគ្រាអាសន្ន
04/04/2026 02:04 PM
អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការចំនួន១៤៨ រូប នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
04/04/2026 02:04 PM
WFP ព្រមានពីអសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗនៅឆ្នាំនេះ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត
04/04/2026 01:04 PM
ប្រភព៖ ចារកម្មអាមេរិកព្រមានថា អ៊ីរ៉ង់ទំនងជាមិនបន្ធូរបន្ថយការបិទខ្ទប់ច្រកសមុទ្រហ័រមូសឆាប់ៗនេះទេ
04/04/2026 01:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម​ សួស កាណាន នៅគេហដ្ឋាន
04/04/2026 01:04 PM
ពលរដ្ឋអាល្លឺម៉ង់កាន់តែច្រើនចាប់អារម្មណ៍ទិញរថយន្តអគ្គិសនី(EVs) ដោយសារតែតម្លៃប្រេងខ្ពស់
04/04/2026 12:04 PM
អ្នកគាំទ្រក្រុមហ៊ូទីរាប់ពាន់នាក់នៅទីក្រុងសាណា បានប្រមូលផ្តុំគ្នាក្នុងសាមគ្គីភាពជាមួយអ៊ីរ៉ង់
04/04/2026 12:04 PM
អង្គការWHO ព្រមានអំពីការវាយប្រហារលើមណ្ឌលសុខភាពអ៊ីរ៉ង់ និងការគំរាមកំហែងក្នុងតំបន់
04/04/2026 12:04 PM
មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិកជាង៣៦០នាក់ រងរបួសក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
04/04/2026 12:04 PM