គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden ហាមឃាត់ការលក់កម្មវិធី Kaspersky នៅសហរដ្ឋអាមេរិក ជុំវិញទំនាក់ទំនងរុស្ស៊ី

2024/06/21 11:50:34 am        91
រដ្ឋបាលសហរដ្ឋអាមេរិក របស់លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីផែនការដើម្បីរារាំងការលក់កម្មវិធីកំចាត់មេរោគដែលផលិតដោយមន្ទីពិសោធ កាសភឺស្គី ឡេប(Kaspersky Lab) របស់រុស្ស៊ី នៅសហរដ្ឋអាមេរិក ដោយនិយាយយោងទៅរកអតិថិជនធំៗនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននេះ រួមទាំងក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលតំបន់។លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ឥទ្ធិពលរបស់ទីក្រុងមូស្គូលើក្រុមហ៊ុន ត្រូវបានគេរកឃើញថាបង្កឱ្យមានហានិភ័យគួរឱ្យកត់សម្គាល់។ ប្រភពព័ត៌មានមួយបាននិយាយថា ដំណើរការដែលមានឯកសិទ្ធិរបស់កម្មវិធី ទៅកាន់ប្រព័ន្ធកុំព្យូទ័រ អាចអនុញ្ញាតឱ្យក្រុមហ៊ុនលួចយកព័ត៌មានរសើបពីកុំព្យូទ័ររបស់អាមេរិក ឬដំឡើងកម្មវិធីមេរោគ និងរក្សាការធ្វើបច្ចុប្បន្នភាពសំខាន់ៗ ដែលនឹងបង្កើនការគំរាមកំហែង។មន្ទីរពិសោធន៍ Kaspersky Lab និងស្ថានទូតរុស្ស៊ី ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ កន្លងមកក្រុមហ៊ុន កាសភឺស្គី(Kaspersky) ធ្លាប់បាននិយាយថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនគ្រប់គ្រងដោយឯកជនសុទ្ធសាធ ពុំមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ីទេ។ចំណាត់ការនានាបង្ហាញថា រដ្ឋបាលរបស់លោក Biden កំពុងព្យាយាមបំបាត់ហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី ដែលកើតចេញពីកម្មវិធីកំចាត់មេរោគ Kaspersky និងរក្សាការប្រជ្រៀតចូលរបស់ទីក្រុងមូស្គូ ខណៈកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ទទួលបានសន្ទុះឡើងវិញ។

ប្រទេសចិន ថ្កោលទោសការលក់អាវុធរបស់សហរដ្ឋអាមេរិក ឲ្យទៅកោះតៃវ៉ាន់

2024/06/21 11:35:30 am        62
ទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងដាច់អហង្ការ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពោះការលក់អាវុធលើកទីពីររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងខែនេះទៅឱ្យតំបន់តៃវ៉ាន់ ដោយនិយាយថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺដើម្បីជួយដល់ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿនក្នុងការស្វែងរកឯករាជ្យតាមរយៈការកសាងកម្លាំងយោធា ដែលនឹងទទួលបានការវាយប្រហារត្រលប់ទៅវិញតែប៉ុណ្ណោះ។ ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើង ស្របពេលក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃអង្គារលើការលក់យានដ្រូន និងមីស៊ីលទៅឱ្យតៃវ៉ាន់ក្នុងតម្លៃប្រមាណ ៣៦០ លានដុល្លារអាមេរិក។កាប្រកាសនេះបានកើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលអាមេរិកបានសម្រេចចិត្តលក់គ្រឿងបន្លាស់ និងជួសជុលយន្តហោះចម្បាំង F-16 ក្នុងតម្លៃ ៨០លានដុល្លារទៅឱ្យកោះនេះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បាននិយាយថា ការលក់អាវុធរបស់អាមេរិកទៅកាន់តំបន់តៃវ៉ាន់ ដោយមិនគិតពីការប្រឆាំងរបស់ចិន គឺបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៨២។ លោកបាននិយាយថា ការលក់បែបនេះធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក សន្តិភាព ព្រមទាំងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយផ្ញើសារខុសដ៏ធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនទាមទារឯករាជ្យតៃវ៉ាន់៕

អាមេរិក និងចិន ធ្វើកិច្ចចរចានុយក្លេអ៊ែរក្រៅផ្លូវការលើកដំបូងក្នុងពេល ៥ ឆ្នាំ ដោយផ្ដោតលើកោះតៃវ៉ាន់

2024/06/21 11:17:19 am        123
សហរដ្ឋអាមេរិក និងប្រទេសចិន បានបន្តកិច្ចចរចាអាវុធនុយក្លេអ៊ែរពាក់កណ្តាលផ្លូវការក្នុងខែមីនា ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដោយតំណាងរបស់ទីក្រុងប៉េកាំង ប្រាប់សមភាគីអាមេរិក ថាពួកគេនឹងមិនងាកទៅរកការគំរាមកំហែងនុយក្លេអ៊ែរលើកោះតៃវ៉ាន់ នោះទេ នេះបើយោងតាមប្រតិភូអាមេរិកពីរនាក់ដែលបានចូលរួមកិច្ចចរចានោះ។តំណាងចិន បានផ្តល់ការធានាឡើងវិញបន្ទាប់ពីអន្តរការីអាមេរិក បានលើកឡើងពីការព្រួយបារម្ភដែលថាចិន អាចនឹងប្រើ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនប្រឈមនឹងការបរាជ័យក្នុងជម្លោះលើកោះតៃវ៉ាន់ ដែលចិន ចាត់ទុកថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលទីក្រុងតៃប៉ិ បដិសេធ។ទីក្រុងវ៉ាស៊ីនតោន ត្រូវបានតំណាងដោយគណៈប្រតិភូប្រហែល ៦ នាក់ រួមទាំងអតីតមន្ត្រី និងអ្នកប្រាជ្ញនៅឯការពិភាក្សារយៈពេលពីរថ្ងៃនោះ ដែលបានធ្វើឡើងនៅក្នុងបន្ទប់សន្និសីទសណ្ឋាគារក្រុងសៀងហៃ (Shanghai)។ ចំណែកទីក្រុងប៉េកាំង បានបញ្ជូនគណៈប្រតិភូអ្នកប្រាជ្ញ និងអ្នកវិភាគ ដែលរួមមានអតីតមន្ត្រីកងទ័ពរំដោះប្រជាជនចិនមួយចំនួន។ សូមបញ្ជាក់ថា អ្នកចូលរួមក្នុងកិច្ចពិភាក្សា កម្រិតពីរ (Track Two) ជាទូទៅគឺជាអតីតមន្ត្រី និងក្រុមអ្នកសិក្សាដែលអាចនិយាយជាមួយអាជ្ញាធរលើមុខតំណែងរដ្ឋាភិបាលរបស់ពួកគេ ទោះបីជាខ្លួនមិនពាក់ព័ន្ធដោយផ្ទាល់ក្នុងប្រធានបទក៏ដោយ ហើយការចរចារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលត្រូវបានគេស្គាល់ថាជា កម្រិតមួយ (Track One)។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានរ៉យទ័រថា កិច្ចពិភាក្សា កម្រិតពីរ នេះអាចនឹង «មានប្រយោជន៍» ដោយបន្ថែមថា ក្រសួងបានដឹងលឺពីកិច្ចចរចានោះ ប៉ុន្តែមិនបានចូលរួមនោះទេ៕

ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា ចោទរបបសឹក ថាបានបំពានបទឈប់បាញ់ដែលចិនសម្របសម្រួល

2024/06/21 11:12:59 am        87
សម្ព័ន្ធភាពនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានចោទប្រកាន់របបយោធាថាបានរំលោភលើបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសចិន ម្តងហើយម្តងទៀតនៅភាគខាងជើងនៃប្រទេសក្នុងខែនេះ ព្រមទាំងបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើន។ ទីក្រុងប៉េកាំង បានសម្របសម្រួលបទឈប់បាញ់មួយរវាងរបបសឹក និងសម្ព័ន្ធក្រុមប្រដាប់អាវុធ ឈ្មោះថា «សម្ព័ន្ធភាតរភាពត្រីភាគី» នៅក្នុងខែមករាបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ ដែលបានជម្លៀសប្រជាជនជាងកន្លះលាននាក់នៅជិតព្រំដែនភាគខាងត្បូងរបស់ចិន។បទឈប់បាញ់នោះ បានអនុញ្ញាតឱ្យសម្ព័ន្ធភាពដែលបង្កើតឡើងដោយកងទ័ពរំដោះជាតិតាអាំង (TNLA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពអារ៉ាកាន (AA) កាន់កាប់ទឹកដីជាច្រើនដែលខ្លួនវាយដណ្តើមបាននៅភាគខាងជើងរដ្ឋសាន (Shan)។សម្ព័ន្ធនេះបាននិយាយថា កងទ័ពរបបសឹក កាលពីថ្ងៃពុធ (១៩ មិថុនា) បានបើកការវាយប្រហារតាមអាកាសលើទឹកដីដែលកងទ័ពតាអាំង TNLA កាន់កាប់នៅជិតមជ្ឈមណ្ឌលរុករករ៉ែត្បូងទទឹម នៅភូមិម៉ូកូក (Mogok) ដោយសម្លាប់ជនស៊ីវិលម្នាក់ ហើយបន្ថែមថា កាលពីថ្ងៃអង្គារ កងទ័ពរបបសឹកក៏បានធ្វើការវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់សមាជិកកងទ័ពតាអាំង ម្នាក់ និងរងរបួសយ៉ាងធ្ងន់ធ្ងរ ៤ នាក់ផ្សេងទៀត។កងទ័ពតាអាំង TNLA បាននិយាយថា ការវាយប្រហារនេះគឺជាការរំលោភចុងក្រោយបំផុតក្នុងខែនេះដោយរបបយោធា ដែលបានបាញ់ផ្លោងលើទីតាំងកងទ័ពប្រដាប់អាវុធជនជាតិភាគតិចមួយនេះ ហើយកាត់ផ្ដាច់ផ្លូវ និងរឹតបន្តឹងលំហូរទំនិញទៅកាន់ភូមិនានាដែលគ្រប់គ្រងដោយកងទ័ព TNLA ដែលបំពានបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ៕

អាមេរិក៖ ការលើកឡើងរបស់លោក ពូទីន ពីការបញ្ជូនអាវុធឱ្យកូរ៉េខាងជើង ជារឿងគួរឱ្យបារម្ភ

2024/06/21 11:09:02 am        114
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ ដែលថាទីក្រុងមូស្គូ អាចផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងព្យុងយ៉ាង គឺជារឿង «គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។លោក ពូទីន បានលើកឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះថា ការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសផ្ដាច់ខ្លួនប្រដាច់ដោយអាវុធនុយក្លេអ៊ែរមួយនេះ នឹងក្លាយជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះការបំពាក់អាវុធរបស់លោកខាងលិច ដល់អ៊ុយក្រែន។ លោក មីលឡឺ បានប្រាប់សន្និសីទព័ត៌មានមួយនៅពេលត្រូវសាកសួរអំពីការលើកឡើងរបស់លោក ពូទីន អំពីលទ្ធភាពនៃការផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង នេះថា «វាជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។លោកបន្ថែមថា «ប្រាកដណាស់ វានឹងធ្វើឱ្យឧបទ្វីបកូរ៉េអស្ថិរភាព ហើយអាចនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីខ្លួនឯងបានគាំទ្រ ប៉ុន្តែក៏អាស្រ័យលើប្រភេទអាវុធដែលពួកគេផ្តល់»។ កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃពុធសប្ដាហ៍នេះ ភាគីនីមួយៗនឹងផ្តល់ជំនួយយោធាភ្លាមៗដល់ភាគីម្ខាងទៀត ក្នុងករណីមានការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងភាគីណាមួយក្នុងចំណោមពួកគេ។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បានហៅកិច្ចព្រមព្រៀងនោះថាជាមូលហេតុនៃការព្រួយបារម្ភ ប៉ុន្តែគ្មានអ្វីភ្ញាក់ផ្អើលឡើយ ហើយតម្រូវការរបស់រុស្ស៊ី សម្រាប់ជំនួយបរទេសបែបនេះ គឺជាសញ្ញានៃភាពអស់សង្ឃឹមរបស់ខ្លួន៕

លោក ពូទីន៖ កូរ៉េខាងត្បូងនឹងបង្កើត «កំហុសឆ្គងដ៏ធំមួយ» បើខ្លួនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

2024/06/21 10:58:58 am        125
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា កូរ៉េខាងត្បូងនឹងបង្កើត «កំហុសដ៏ធំមួយ» ប្រសិនបើខ្លួនសម្រេចចិត្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយថាទីក្រុងមូស្គូ នឹងឆ្លើយតបចំពោះទង្វើបែបនេះ តាមរបៀបមួយដែលជាការឈឺចាប់សម្រាប់ទីក្រុងសេអ៊ូល។លោក ពូទីន ដែលលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅប្រទេសវៀតណាម បានកំពុងប្រតិកម្មតបទៅនឹងរបាយការណ៍ពីសារព័ត៌មានយ៉ុនហាប់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបាននិយាយថា កូរ៉េខាងត្បូង នឹងពិនិត្យមើលលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការការពារគ្នាទៅវិញទៅមកមួយថ្ងៃមុននោះ។លោក ពូទីន បាននិយាយថា ទីក្រុងសេអ៊ូល មិនមានអ្វីដែលត្រូវព្រួយបារម្ភទេ ចំពោះកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងកូរ៉េខាងជើង។ លោកបានព្រមានក្រុងសេអ៊ូល ប្រឆាំងនឹងការបញ្ជូនអាវុធឱ្យទីក្រុងគីវ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា «កូរ៉េខាងត្បូង មិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ ពីព្រោះជំនួយយោធារបស់យើងក្រោមសន្ធិសញ្ញាដែលបានចុះហត្ថលេខានោះ កើតឡើងបានលុះត្រាតែការឈ្លានពានត្រូវបានអនុវត្តប្រឆាំងនឹងប្រទេសហត្ថលេខីណាមួយប៉ុណ្ណោះ»។លោកបន្តថា៖ «ចំពោះការផ្គត់ផ្គង់អាវុធដែលអាចបង្កគ្រោះថ្នាក់ដល់តំបន់សង្គ្រាមអ៊ុយក្រែន នោះនឹងជាកំហុសឆ្គងដ៏ធេងធំណាស់»។ លោកបន្ថែមថា «ខ្ញុំសង្ឃឹមថារឿងនេះនឹងមិនកើតឡើងទេ។ ហើយប្រសិនបើវាកើតឡើងនោះ យើងក៏នឹងធ្វើការសម្រេចចិត្តសមស្រប ដែលទំនងជាមិនពេញចិត្តដល់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះទេ»៕

ស្ថានទូតចិន៖ ជប៉ុន គ្មានសិទ្ធិជ្រៀតជ្រែកនៅក្នុងបញ្ហាដែនសមុទ្ររវាងចិន និងហ្វីលីពីនទេ

2024/06/21 10:55:26 am        101
អ្នកនាំពាក្យស្ថានទូតចិន ប្រចាំប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ (២១ មិថុនា) នេះថា ប្រទេសជប៉ុនមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយមិនមានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាដែនសមុទ្រចិន-ហ្វីលីពីនឡើយ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា «យើងបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងដាច់ខាត ចំពោះការពិតដែលថាភាគីជប៉ុន បានធ្វើការអត្ថាធិប្បាយខុសម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូង ដែលបំភាន់ត្រូវ ទៅជាខុស ហើយធ្វើការចោទប្រកាន់មិនសមហេតុផលប្រឆាំងនឹងប្រទេសចិន»។ក្រសួងការបរទេសជប៉ុន បាននិយាយនៅសប្តាហ៍នេះថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងលើសកម្មភាពម្តងហើយម្តងទៀតដែលរារាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងបង្កើនភាពតានតឹងក្នុងតំបន់ រួមទាំងសកម្មភាពគ្រោះថ្នាក់នាពេលថ្មីៗនេះ ដែលបានធ្វើឱ្យខូចខាតនាវាហ្វីលីពីន និងធ្វើឱ្យប្រជាជនហ្វីលីពីនរងរបួសនៅលើនាវា។ក្រសួងការបរទេសហ្វីលីពីន បានថ្កោលទោសទង្វើរបស់ចិន ថាជារឿង «ខុសច្បាប់ និងកម្រោល» ក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញតាមទម្លាប់កាលពីថ្ងៃចន្ទ ដែលយោធាហ្វីលីពីនបាននិយាយថា ទាហានជើងទឹកម្នាក់បានរងរបួសធ្ងន់ធ្ងរ និងធ្វើឱ្យនាវាទីក្រុងម៉ានីល បានខូចខាត។ប្រទេសចិន បានបដិសេធការចោទប្រកាន់នោះ ខណៈប្រទេសទាំងពីរបានប៉ះទង្គិចគ្នាម្ដងហើយម្ដងទៀតជុំវិញតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកជម្លោះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូងដ៏ធំល្វឹងល្វើយ៕

សហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំង ចំពោះការរិះគន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu

2024/06/21 10:49:13 am        107
សេតវិមានបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការរិះគន់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លើសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២០ ខែមិថុនា ខណៈមានភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំងពីរជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ការឆ្លើយតបរបស់សេតវិមានបានកើតឡើង ស្របពេលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបជាមួយមន្ត្រីជំនិតជាន់ខ្ពស់ពីររូបរបស់លោក Netanyahu ដើម្បីពិភាក្សាពីជម្លោះ ក្នុងដែនដីហ្កាហ្សា និងបញ្ហាផ្សេងៗទៀត។ កិច្ចពិភាក្សាស្រដៀងគ្នានេះត្រូវបានរំពឹងទុករវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងមន្ត្រីអ៊ីស្រាអែល។ លោក Netanyahu កាលពីថ្ងៃអង្គារបានចេញវីដេអូជាភាសាអង់គ្លេសដែលលោកបាននិយាយថា លោក Blinken បានធានាដល់រូបលោកថារដ្ឋបាលលោក Biden កំពុងធ្វើការដើម្បីដកការរិតត្បិត លើការផ្តល់អាវុធដល់អ៊ីស្រាអែល ដែលអ្នកទូតជាន់ខ្ពស់អាមេរិករូបនេះ បានបដិសេធមិនបញ្ជាក់។ក្នុងការរិះគន់ដ៏កម្រមួយនៃការសន្ទនាការទូតជាលក្ខណៈឯកជនជាធម្មតា លោក Netanyahu ក៏បាននិយាយផងដែរថា លោកបានប្រាប់លោក Blinken ថាវាជារឿងនឹកស្មានមិនដល់ ដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុងវ៉ាស៊ីនតោន បានផ្អាកការផ្ដល់អាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន ដោយនិយាយថា សហរដ្ឋអាមេរិក បានសម្តែងការមិនពេញចិត្តដោយផ្ទាល់ចំពោះអ៊ីស្រាអែល៕

លោក Putin ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយវៀតណាម បំណងពង្រឹងទំនាក់ទំនងរបស់រុស្ស៊ីនៅអាស៊ី

2024/06/21 09:29:23 am        125
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងហោចណាស់១២ ជាមួយសមភាគីវៀតណាមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយបានផ្តល់ជូនការផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីល រួមទាំងឧស្ម័នធម្មជាតិ ដល់ប្រទេសវៀតណាម ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលធ្វើឡើង ខណៈទីក្រុងមូស្គូកំពុងស្វែងរកការពង្រឹងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីដើម្បីគេចចេញពីភាពឯកោជាអន្តរជាតិ ដែលកំពុងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ លោក Putin និងលោកប្រធានាធិបតី ថូ ឡាំ (To Lam) បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការរុករកប្រេង និងឧស្ម័ន និងថាមពលស្អាត។ ប្រទេសទាំងពីរក៏បានឯកភាពធ្វើការលើផែនទីបង្ហាញផ្លូវសម្រាប់ បច្ចេកវិទ្យានុយក្លេអ៊ែរ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនៅប្រទេសវៀតណាម។ក្នុងចំណោមកិច្ចព្រមព្រៀងទាំង ១២ ដែលបានប្រកាសជាសាធារណៈនោះ មិនមានអ្វីពាក់ព័ន្ធទាំងស្រុងទៅនឹងផ្នែកការពារជាតិទេ ប៉ុន្តែលោក ឡាំ បាននិយាយថា មានកិច្ចព្រមព្រៀងផ្សេងទៀតដែលមិនត្រូវបានបង្ហាញជាសាធារណៈ។ លោក Putin បានលើកឡើងថា ប្រទេសទាំងពីរចែករំលែកផលប្រយោជន៍ក្នុងការអភិវឌ្ឍស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយគ្មានកន្លែងសម្រាប់ ប្លុកនយោបាយ-យោធាបិទជិត។ លោកឡាំ បានបន្ថែមថា ទាំងរុស្ស៊ី ទាំងវៀតណាមចង់សហការបន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី៕

លោក ពូទីន និយាយថា រុស្ស៊ី អាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង

2024/06/21 08:12:44 am        165
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាងលិច ដែលបានឱ្យដល់អ៊ុយក្រែន។ លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ថាជាក្តីបារម្ភយ៉ាងខ្លាំង។លោក ពូទីន បានគំរាមកាលពីដើមខែនេះថា រុស្ស៊ីអាចផ្គត់ផ្គង់អាវុធដល់សត្រូវរបស់លោកខាងលិច ដោយសារតែលោកខាងលិចកំពុងផ្តល់អាវុធដែលមានភាពជាក់លាក់ខ្ពស់ដល់អ៊ុយក្រែន និងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធទាំងនោះទៅកាន់គោលដៅនៅក្នុងប្រទេសរុស្ស៊ី។នៅក្នុងការអត្ថាធិប្បាយចុងក្រោយរបស់ខ្លួន លោក ពូទីន បាននិយាយថា កូរ៉េខាងជើងអាចជាអ្នកទទួលអាវុធរុស្ស៊ីបែបនេះ។ លោកនិយាយថា ទីក្រុងមូស្គូ រំពឹងថាកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើងនឹងបម្រើជាការរារាំងដល់លោកខាងលិច ប៉ុន្តែថាមិនចាំបាច់ប្រើប្រាស់ទាហានកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែននោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារលើកទឹកចិត្តអ្នកស្វែងរកការងាររៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ
04/04/2026 11:04 AM
ក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
04/04/2026 11:04 AM
អាហ្វហ្គានីស្ថាន រងការវាយប្រហារដោយរញ្ជួយដីកម្រិត ៥,៩ រ៉ិចទ័រ បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់
04/04/2026 11:04 AM
ការវាយប្រហារនៅពេលថ្ងៃថ្មីរបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
04/04/2026 10:04 AM
តំណាងរដ្ឋមន្រ្តីការពារជាតិ ចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ នៅទិសទី២ យោធភូមិភាគទី៤
04/04/2026 09:04 AM
សេតវិមានស្វែងរកថវិកាការពារជាតិ១,៥សែនកោដ៍ដុល្លារអាមេរិក ខណៈសង្គ្រាមនៅអ៊ីរ៉ង់ជំរុញការចំណាយ
04/04/2026 09:04 AM
យន្តហោះដែលត្រូវបានបាញ់ទម្លាក់ បង្កើនហានិភ័យថ្មីសម្រាប់លោកTrump ខណៈទីក្រុងតេអេរ៉ង់ ស្វែងរកអាកាសយានិកអាមេរិកដែលបាត់ខ្លួន
04/04/2026 09:04 AM
ប្រមុខការពារជាតិកម្ពុជាចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដីនៅសមរភូមិ
04/04/2026 09:04 AM
រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព
04/04/2026 09:04 AM
ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
04/04/2026 09:04 AM